កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
សំណួរទី១៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ?
លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងនោះលោកបានជួបសមភាគីរបស់លោក ដែលប្រធានបានលើកយកមកពិភាក្សាមានដូចជាសមុទ្រចិនខាងកើត ការដោះលែងអ្នកទោសរបស់ជប៉ុនដែលបានជាប់ឃុំឃាំង ជាក់ស្តែងក៏បានពិភាក្សាលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម CHIPS។
ហើយចំណុចចុងក្រោយនោះគឺចិនបានទទូចឱ្យជប៉ុនគោរពនូវគោល ការណ៍ចិនតែមួយ ទៅលើបញ្ហារបស់កោះតែវ៉ាន់។ ហើយបន្ទាប់ពីកិច្ចពិភាក្សាគឺទទួល បានជាផ្លែផ្កាគឺការរក្សាបាននូវទំនាក់ទំនងផ្នែកការទូតជាមួយគ្នាក្នុងនាមជារដ្ឋមន្រ្តីការបរទេសនៃជំនួបរយៈពេល២ថ្ងៃ ហើយចំណុចមួយទៀតដែលសំខាន់នោះគឺជប៉ុនបាន ស្នើឱ្យមានការដោះលែងអ្នកទោស ដោយមានការឆ្លើយតបពីខាងប្រទេសចិនវិញគឺ នឹងមានការសិក្សាស្រាវជ្រាវបន្ថែមទៅលើលទ្ធភាពនៃការប្រកាសដោះលែង ឬយ៉ាងណា ហើយសិក្សាទៅលើការរំលោភបំពានច្បាប់របស់ប្រទេសចិនដោយ អ្នកទោសជប៉ុន។ ជារួម ភាគីទាំង២ បានពិភាក្សាទីលើប្រធានបទដូចជា បញ្ហាសមុទ្រ ខាងកើត បញ្ហាដោះលែងអ្នកទោស បញ្ហានៅកោះតៃវ៉ាន់ ក៏ដូចជាបញ្ហាសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធដែលជាបញ្ហាកង្វល់ ដោយប្រទេសទាំង២ កំពុងតែព្យាយាមស្វែងរកនូវដំណោះស្រាយ។
សំណួរទី២៖ ជាក់ស្ដែង នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនទៅកាន់ប្រទេសចិនក្នុងរយៈពេលជាង ៣ឆ្នាំ ហើយកើតឡើង បន្ទាប់ពីទីក្រុងតូក្យូបានប្រកាសពីផែនការរឹតបន្តឹង នៃការនាំចេញមួយចំនួនដែលពាក់ព័ន្ធទៅនឹងផលិតផលបន្ទះឈីបកុំព្យូទ័រ។ នៅក្នុងជំនួបទ្វេភាគីនេះផងដែរ តើជប៉ុនមានការសម្រេចយ៉ាងដូចម្ដេចខ្លះក្នុងការសហការជាមួយប្រទេសចិនពាក់ព័ន្ធទៅនឹងផលិតផលបន្ទះឈីប និងរក្សាគោលជំហដូចម្តេចក្នុងការរកដំណោះស្រាយចំពោះបញ្ហាចំពោះមុខ?
លោក វុន ផានិត៖ ពាក់ព័ន្ធនឹងបញ្ហានៃការនាំចេញឈីបទៅកាន់ចិន បើតាមខ្ញុំក្រឡេកមើលឃើញ វាអាចប៉ះពាល់ទាំង២ភាគី ទាំងចិន និងជប៉ុន។ ក្នុងករណីនេះ យើងមើលឃើញថាក្នុងរដ្ឋបាលលោក ចូ បៃឌិន បានរឹតបន្តឹងការនាំចេញឈីបទៅផ្គត់ផ្គង់ទីផ្សារផលិតផល ដែលធ្វើឱ្យមានការរីក ចម្រើនផ្នែកបច្ចេកវិទ្យាអាចវិវត្តទៅរកការអភិវឌ្ឍអាវុធជាដើម នៅក្នុករណីនេះក្តីបារម្ភ របស់សហរដ្ឋអាមេរិកបានន័យថាតាមរយៈការនាំចេញឈីបរបស់ខ្លួនទៅឱ្យចិន ចិនអាចមានសមត្ថភាពប្រើប្រាស់ឈីបក្នុងការបង្កើតជាំអាវុធសម័យទំនើប។
ក្នុងនេះជប៉ុនក៏មានក្តីបារម្ភស្រដៀងអាមេរិកផងដែរ ហើយបានប្រកាសថ្មីថ្មោងក្នុងការ រឹតបន្តឹងការនាំចេញប្រហែលជាំ ២៣មុខនៃផលិតផលដែលពាក់ព័ន្ធជាមួយនឹងការ ផ្គត់ផ្គង់ឈីបនៅលើទីផ្សារ។ នៅក្នុងនេះយើងឃើញថានបន្ទាប់ពិមានការរឹតបន្តឹងពី សហរដ្ឋអាមេរិកក៏ដូចជាជប៉ុន ក៏ការបកស្រាយរបស់ជប៉ុនទៅកាន់ភាគីចិនមាន លក្ខណៈមិនដោយផ្ទាល់ទេគឺដោយប្រយោល ដោយជប៉ុនបានលើកឡើងថាគឺដើម្បី កាត់បន្ថយ និងត្រូវការពេលវេលាដើម្បីសិក្សាលើប្រទេសដែលត្រូវការឈីប ដែលស្ថិត ក្នុងការចរចារ វាអាចចំណាយពេល នោះបានធ្វើឱ្យជប៉ុនយកហេតុផលមួយនេះបិទ ជាមួយនឹងការនាំចេញឈីបរបស់ខ្លួនទៅផ្គត់ផ្គង់លើរោងចក្រ ក៏ដូចជាផលិតផល ដែលធ្វើឡើងនៅចិន ដោយនៅក្នុងន័យនេះគឺជប៉ុនមិនបាននិយាយចំៗទេថាខ្លួននឹង បិទការនាំចេញទៅកាន់ចិនទេ ប៉ុន្តែសកម្មភាពដែលខ្លួនបានធ្វើគឺស្ថិតក្នុងគោលដៅ រឹតត្បិតការនាំចេញឈីបទៅកាន់ទីផ្សាររបស់ចិន។ បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការ បរទេសទាំង២ នៅក្រុងប៉េកាំងដែលបញ្ហានេះក៏បានលើកឡើងដោយចិន ហើយចិនក៏បានសង្កត់ធ្ងន់ថាជប៉ុនគួរតែព្យាយាមយល់ពីខ្លួន ថាចិនគឺជាប្រទេសមួយដែលរីកចម្រើនក្នុងតំបន់អាស៊ីបូព៌ា ហើយលើសពីនោះទៀតសោត ចិនបានទទូចឱ្យជប៉ុនកុំធ្វើតាមអ្វីដែលសហរដ្ឋអាមេ រិកបានធ្វើដាក់ខ្លួន ដែលនេះគឺជាចំណុចមួយដែលភាគីខាងចិនបានលើកប្រាប់ទៅ ភាគីខាងជប៉ុន ហើយក្នុងនេះទៀតចិនក៏បានបន្តទៀតថាប្រសិនបើមានការរឹតត្បិត ណាមួយដែលមានការជួយពីជប៉ុន ចិននឹងមានការរើបម្រាស់ ដែលការរឹតត្បិតទាំងអស់នោះ នឹងធ្វើឱ្យចិនកាន់តែខ្លាំង។
ដូចនេះ ការបកស្រាយបន្ថែមរបស់ភាគីចិនទៅលើចំណុចនេះគឺមិនមានភាពច្បាស់លាស់នោះទេ ប៉ុន្តែជារួមជប៉ុនបានបកស្រាយទៅវិញថានៅក្នុងការសិក្សាលើសង្គ្រាមឈីបនេះ គឺជប៉ុននឹងសិក្សាបន្ថែមទៀត ថាតើគួរមានលទ្ធភាពបែបណាដើម្បីឆ្លើយតបទៅនឹង ការកង្វល់ដែលលើកឡើង។ នេះបើតាមអ្វីដែលខ្ញុំសម្លឹងមើលឃើញបញ្ហាទាំង២នេះ មិនមែនជាបញ្ហាដែលភាគីទាំង២នឹងអាចរកដំណោះស្រាយក្នុងរយៈពេលភ្លាមៗបានទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវពីភាគីជប៉ុន ក៏ដូចជាភាគីចិន នៅក្នុង បញ្ហាដែលទាក់ទងជាមួយឈីបនេះផ្ទាល់ ប៉ុន្តែជាការក្រឡេកមើលរួម ជប៉ុនគឺទំនងជារឹតត្បិត តែការនាំចេញឈីបមួយចំនួនខ្លះទេ ដោយសារតែទីផ្សារចិន និងទីផ្សារជប៉ុន ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២នេះ គឺជប៉ុនមានការនាំ ចេញទៅកាន់ចិនច្រើន ហើយក្នុងនោះជប៉ុនគឺចំណេញពីចិនច្រើនមែនទែន ដូចនេះ ទង្វើជាលក្ខណៈរឹតត្បិត ឬ បញ្ហាណាមួយគឺជប៉ុនក៏គិតថាវានឹងប៉ះពាល់ទៅលើការនាំ ចេញលើផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិនផងដែរ។ នៅក្នុងន័យនេះ គឺគោលនយោបាយការបរទេសដែលរឹតត្បិតនៃការនាំឈីបទៅកាន់ប្រទេសចិនហ្នឹង គឺប្រាកដជាមានភាពស្រទន់ ហើយបត់បែន មិនដូចជាអ្វីដែលសហរដ្ឋអាមេរិកបានធ្វើទៅលើចិននោះទេ។ បន្ទាប់ពីកិច្ចប្រជុំនេះ ខ្ញុំគិតថា ជប៉ុន និងចិន នឹងសិក្សាបន្ថែមទៀតថាខ្លួនគួរតែធ្វើយ៉ាងណាដើម្បីធ្វើឱ្យ ប្រសើរឡើងលើការនាំចេញឈីបពីជប៉ុនទៅកាន់ចិន។
សំណួរទី៣៖ នៅក្នុងពេលជំនួបពិភាក្សានេះផងដែរ គឺមានការលើកឡើងនូវការស្នើសុំដោយលោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបានទាមទារឱ្យមានការដោះលែងពលរដ្ឋជប៉ុនម្នាក់ដែលទើបត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិន។ ពាកព័ន្ធទៅនឹងចំនុចនេះ តើ (វាគ្មិន) អាចបង្ហាញអំពីសាវតានៃការចាប់ខ្លួននៃពលរដ្ឋជប៉ុនម្នាក់នេះបន្តិចបានទេ? តើអ្វីដែលជាការឆ្លើយតបរបស់ភាគីចិនទៅលើការស្នើមួយនេះ? ផ្ជាប់ជាមួយគ្នានេះផងដែរ តើការចាប់ខ្លួនពលរដ្ឋជប៉ុនមួយរូបនេះផ្ដល់នូវផលប៉ះពាល់អ្វីខ្លះដល់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ?
លោក វុន ផានិត៖ ជាក់ស្តែង យើងក្រឡេកមើលទៅលើជនជាតិជប៉ុនដែលរស់នៅលើទឹកដីចិន គឺមិនមែនជារោះងដែលថ្មីទេ ដោយតាំងពីឆ្នាំ២០១៥មក ចិនបានឃុំខ្លួនជនជាតិជប៉ុនដែលសង្ស័យលើបញ្ហាចារកម្មនោះយ៉ាងតិច ៦នាក់មកហើយ ពាក់ព័ន្ធជាមួយនឹងការស៊ើបអង្កេតក៏មិនមានការបកស្រាយច្បាស់ ដោយភាគីជប៉ុនក៏បានសហ្នើឱ្យមានការបកស្រាយពីសំណាក់ភាគីចិនអំពីបុព្វហេតុ និងសម្អាងផ្លូវច្បាប់ ប៉ុន្តែអ្វីដែលចិនផ្តល់ទៅកាន់ភាគីជប៉ុនបានគឺជនសង្ស័យទាំងនោះ គឺត្រូវបានសិក្សាថាគាត់មានទោសបំពានលើច្បាប់ក្នុងស្រុករបស់ចិន ជាពិសេសគឺពាក់ ព័ន្ធនឹងចារកម្ម។ ស្រដៀងគ្នាផងដែរនៅក្នុងឆ្នាំ២០១៨ គឺចិនបានឃុំខ្លួនជនជាតិ កាណាដា២នាក់ ដោយបានចោទប្រកាន់ពីបទចារកម្មដូចគ្នា។ ថ្មីថ្មោងនេះយើងឃើញថា នៅក្នុងខែមីនាកន្លងទៅគឺចិនបានចាប់ខ្លួនជនជាតិជប៉ុន ម្នាក់ទៀតដែលជនជាតិជប៉ុននោះគឺបម្រើការងារនៅក្នុងគ្រឹះស្ថានឱសថ ដោយនៅក្នុងបញ្ហាហ្នឹង សូម្បីតែម្ចាស់គ្រឹះស្ថានក៏មិនអាចបកស្រាយឱ្យបានលម្អិត អំពីសាវតារបស់បុគ្គលោករបស់គាត់ដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរនោះទេ។
តែអ្វីដែលយើងបានដឹងពីភាគីចិនមកវិញថា ជនសង្ស័យដែលបានឃាត់ខ្លួននៅលើទឹកដីចិននោះគឺ ត្រូវបានចូលរួមសកម្មភាពចារកម្មដោយបំពានច្បាប់ព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ដោយទាក់ទិននឹងបញ្ហានេះ គឺមិនមាននូវការបកស្រាយច្បាស់ណាមួយពីសំណាក់ភាគីចិននោះទេ ហើយមានការ ទាមទារពីសំណាក់ភាគីជប៉ុនជាច្រើនដងមកហើយក្នុងការដោះលែងអ្នកទោសជន ជាតិជប៉ុននៅប្រទេសចិនហើយមានការឆ្លើយតបពីខាងភាគីចិនមកវិញគឺខ្លួន នឹងសិក្សាបន្ថែមថាតើមានហេតុ ផលអ្វីខ្លះដែលអ្នកជាប់ទោសនៅលើទឹកដីចិនហ្នឹងគួរតែត្រូវបានដោះលែង។ ប៉ុន្តែជប៉ុនក៏ទទូចឱ្យចិនផ្តល់សិទ្ធិឱ្យបុគ្គលនោះ បើសិនជាជាប់ឃុំឃាំងអាចមានការ ពិភាក្សាជាមួយនឹងកុងស៊ុលរបស់ជប៉ុននៅក្នុងប្រទេសចិន ជាជាងការនាំយកជនជាប់ចោទនោះទៅឃុំខ្លួននៅក្នុងប្រទេសចិន។
សរុបមកវិញការពិភាក្សាទៅលើបញ្ហានេះ គឺភាគីចិនបានផ្តល់ឱ្យភាគីជប៉ុនថាខ្លួននឹងសិក្សាបន្ថែម ថាតើបុគ្គលនោះមានទោសអ្វី ឬ អាចសម្រួលទោសបែបណា ប៉ុន្តែចិនបានលើកឡើងកាលពីឆ្នាំ២០១៥ម្តងរួច ហើយតែចិននៅបន្តឃុំខ្លួនមិនថាជប៉ុននោះទេ គឺរួមទាំងជនជាតិផ្សេងទៀតគឺត្រូវតែ គោរពច្បាប់ចិន ហើយបើមានការសង្ស័យណាមួយថាប្រឆាំងច្បាប់ចារកម្ម គឺត្រូវបានជាប់ទោស។ ដូចនេះ យើងនឹងចាំមើលទាំងអស់គ្នាថាតើនឹងមានការដោះ ស្រាយបែបណាទៀតក្នុងការដោះស្រាយ លើការដោះលែង ឬ បញ្ជូនជនដែលត្រូវចោទនេះទៅកាន់ប្រទេសជប៉ុនដើម្បីកាត់ទោស។ បន្ថែមពីនេះ បើជាមើលឃើញពីផលប៉ះពាល់ សម្រាប់ខ្ញុំវាមិនមែនជាទ្រង់ទ្រាយធំដែលប៉ះពាល់ ដល់ទំនាក់ទំនងចិន ជាមួយនឹងជប៉ុនទេ ដែលនេះគ្រាន់តែជាការចាប់ខ្លួនជនជាតិ ជប៉ុនប៉ុន្មាននាក់ដែលនៅលើទឹកដីចិន ហើយនិយាយជាប់សង្ស័យពីការរំលោភ ច្បាប់ប្រឆាំងចារកម្មរបស់ចិន ហើយក្នុងករណីនេះមិនមែនតែអាជ្ញាធររបស់ចិនទេ ប្រទេសណាក៏ដោយបើសិនជារកឃើញជនបរទេសដែលរំលោភច្បាប់របស់ខ្លួន ឬ មានការសង្ស័យដោយមានការស៊ើបអង្កេតសម្ងាត់ណាមួយដើម្បីយកព័ត៌មានពីរដ្ឋាភិបាលរបស់ខ្លួន សម្រាប់រដ្ឋាភិបាលប្រទេសដទៃ ក្នុងន័យនោះនឹងត្រូវប្រឈមមុខនឹង ការផ្តន្ទាទោសពីច្បាប់ព្រហ្មទណ្ឌផ្ទៃក្នុងរបស់ប្រទេសសាមី។
បញ្ហានេះទំនាក់ទំនង រវាងចិន និងជប៉ុនគឺជាទំនាក់ទំនងមួយដែលផ្អែកទៅលើទំនាក់ទំនងប្រវត្តិសាស្ត្រ ដែលទំនាក់ទំនងនេះគឺមានភាពស៊ីជម្រៅណាស់ ហើយរហូតមកដល់ពេលនេះទំនាក់ ទំនងនោះគឺផ្អែកទៅលើឯកសារផ្លូវការជា៤ ដែលយើងហៅថា China-Japan Joint Statement ឆ្នាំ១៩៧២, China-Japan Treaty of Peace ឆ្នាំ១៩៧៨, China-Japan Joint Declaration ឆ្នាំ១៩៩៨ និង Joint Statement to Promote ទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើយុទ្ធសាស្ត្រឆ្នាំ២០០៨។ ដូច្នេះ ឯកសារនេះគឺជាឯកសារគ្រឹះមួយដែល រក្សាទំនាក់ទំនងប្រទេសទាំង២នេះ ទោះបីជាយើងក្រឡេកមើលឃើញថាចិន និងជប៉ុនមានបញ្ហាលើបូរណភាពទឹកដី ទាក់ទងនឹងសន្តិសុខសមុទ្រ ដែលមានការ បកស្រាយជាន់គ្នាទៅលើបញ្ហាសមុទ្រចិនខាងកើត ជាពិសេសចិនបានបកស្រាយផ្សេង ជប៉ុនបានបកស្រាយផ្សេង ហើយក្នុងនោះក៏មានការប្រឈមមុខដាក់គ្នាផងដែរ ទោះបីជាយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរ នៅតែរក្សានូវទំនាក់ទំនងរបស់ខ្លួន ហើយប្រទេសទាំង២ មានទំហំធំមែនទែន ដែលការនាំចេញរបស់ជប៉ុនទៅកាន់ចិន គឺមានចំនួន ២០០ ពាន់លាន ក្នុងន័យនេះទីផ្សាររបស់ចិន គឺសំខានសម្រាប់ជប៉ុនមែនទែន ព្រោះជប៉ុនអាចនាំចេញច្រើនជាងចិននាំចូលជប៉ុន។
ពាក់ព័ន្ធនឹងការចាប់ខ្លួនគឺមិនអាចបង្កឱ្យមានការប៉ះពាល់ដល់ប្រទេសទាំង២ទេ ដោយមូលហេតុខ្ញុំយកកត្តាប្រជាជន ដែលការចាប់ខ្លួនប៉ុន្មានអ្នកហ្នឹងគឺមិនមានការ ប៉ះពាល់ទេ អាជ្ញាធរចិន និងជប៉ុននឹងស្វេងរកដំណោះស្រាយក្នុងការសម្រួលទោស ប្រសិនបើមានភាពធ្ងន់ធ្ងរ ឬ មានការដោះដូរពីការជាប់ឃុំឃាំងនៅចិន ទៅជាប់ឃុំឃាំងនៅជប៉ុនវិញ ដូចនេះហើយទើបខ្ញុំគិតថាមិនអាចមានការប៉ះពាល់ បានទេព្រោះទីផ្សារ ជាពិសេសទំនាក់ទំនងរវាងថ្នាក់ដឹកនាំគឺមានភាពស៊ីជម្រៅច្រើន ដែលចំណុចជាបញ្ហាគឺគួរតែមានការដោះស្រាយរវាងប្រទេសនិងប្រទេស។
សំណួរទី៤៖ តាមការយល់ឃើញរបស់ លោក ផានិត ផ្ទាល់ តើមានការប្រឈមមុខដាក់គ្នាដែរឬទេពាក់ព័ន្ធទៅនឹងជម្លោះនៅសមុទ្រចិនខាងកើត នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីប្រទេសទាំងពីរកាលពីសប្ដាហ៍មុននេះ?
លោក វុន ផានិត៖ តាមពិតពាក់ព័ន្ធនឹងជម្លោះមួយនេះ ខ្ញុំគិតថាមានការឆ្លើយច្រើនទាក់ទិននឹង បញ្ហាខាងលើ បើគិតទៅសមុទ្ឬចិនខាងកើតគឺកើតឡើងជាយូរណាស់មកហើយ ដែលជាជម្លោះមួយដែលកើតឡើងរាប់ទស្សវត្សន៍មកហើយ សមុទ្រចិនខាងកើតគឺ សម្បូរទៅដោយធនធានធម្មជាតិ និងភូមិសាស្រ្តនយោបាយដ៏ទាក់ទាញ ជាពិសេសការលើកឡើងរបស់ចិនមកលើជប៉ុន គឺជាការលើកឡើងមួយដោយផ្អែកទៅ លើថាខ្លួនធ្លាប់បានឈរលើទីតាំងមួយជាយូរមកហើយ ប៉ុន្តែការលើកឡើងដោយជប៉ុនគឺបានបដិសេដដោយចិន ដែលតាមការឆ្លើយតបរបស់ភាគីចិន គឺមិនមាននូវឯកសារបញ្ជាក់ថាខ្លួនបានកាន់ កាប់នៅលើសមុទ្រចិនខាងកើតនោះទេ។ បញ្ហាសមុទ្រចិនខាងកើតជាជាក់ស្តែងវា អាចនឹងឈានដល់ភាពស្មុគស្មាញឬអត់ គឺអាស្រ័យទៅលើភាគីទាំង២ មានន័យថា ត្រូវចរចារដើម្បីស្វែងរកនូវដំណោះស្រាយនៅក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំង២ បានបញ្ជាក់ថាភាគីទាំង២ បានយល់ស្របគ្នាក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលអាចកើតឡើងជាយថាហេតុណាមួយ ឬ ព្យាយាមបន្ធូរបន្ថយលើ បញ្ហាដែលមានស្រាប់នៅលើសមុទ្រចិនខាងកើតដោយសិក្សាស្វែងយល់ពីរបៀបនៃ ការកាត់បន្ថយជម្លោះ។
ជាក់ស្តែង នៅពេលថ្មីៗនេះយើងឃើញថាមានការលើកឡើង ភាគីចិនដែលបានផ្សព្វផ្សាយថាខ្លួនបានបង្កើតខ្សែទូរស័ព្ទរវាងយោធារបស់ចិន និងយោធារបស់ជប៉ុន ពាក់ព័ន្ធជាមួយនឹងការដោះស្រាយវិវាទដែលអាចកើតឡើងជា យថាហេតុណាមួយ ដែលកំពុងតែដាក់ដំណើរការដោយយោងតាមភាគីជប៉ុន។ ប្រសិនបើមានការផ្ទុះឡើងណាមួយនោះភាគីទាំង២ អាចដោះស្រាយគ្នាតាមរយៈការ ប្រើយន្តការនេះ ដែលនេះគឺជាអ្វីដែលភាគីទាំង២បានសិក្សា និងបង្កើតយន្តការហៅ ថា Military Hotline ក្នុងគោលបំណងដើម្បីជំនឿទុកចិត្តរវាងប្រទេសទាំង២។
ចំណុចមួយទៀតគឺបញ្ហានៅសមុទ្រចិនខាងកើតនេះ គឺមានភាពស្មុគស្មាញដែលជប៉ុន បានចោទពីចិនថានាវាចម្បាំងរបស់ចិនបរកាត់ចំណុចដែលរំលោភបំពានលើអធិបតេយ្យភាពរបស់ជប៉ុន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ការបកស្រាយពីខាងភាគីចិន គឺក្នុងរូបភាពមួយថាខ្លួនគ្រាន់តែធ្វើប្រតិបត្តិការដើម្បីសិក្សាស្វែងយល់ពីអ្វីមួយដែលអាចជាផលចំណេញដល់ប្រទេសទាំង២ ហើយសូមបញ្ជាក់ថាប្រទេសទាំង២ បានសិក្សា ជាមួយគ្នាកន្លងមកថាគួរធ្វើយ៉ាងណាដើម្បីស្វែងរកធនធានធម្មជាតិក្នុងលក្ខណៈជា រួម រវាងប្រទេសចិនក៏ដូចជាប្រទេសជប៉ុនទៅលើសមុទ្រចិនខាងកើត ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយក៏នៅតែមានការរំខានពីភាគីចិនមួយចំនួនដែលជប៉ុនបានស្វែងរកឃើញ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនអាចរយៈពេលទៅមុខពិបាកទស្សន៍ទាយថាតើអាចឈាន ទៅដល់ការផ្ទុះអាវុធ ក៏ដូចជាការដាក់សម្ពាធទៅលើបញ្ហាសមុទ្រចិនខាងកើតរវាង ប្រទេសទាំង២ដែរ ក្នុងករណីនេះភាគីទាំង២ បានស្វែងរកការដោះស្រាយជាលក្ខណៈ ផ្លូវការទូតជាលក្ខណៈផ្លូវពិភាក្សាណាមួយជាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងជប៉ុន ចិន និងកូរ៉េខាងត្បូងពាក់ព័ន្ធជាមួយនឹងបញ្ហាជាបន្តបន្ទាប់។
សំណួរទី៥៖ ជារួម បន្ទាប់ពីមាននូវវឌ្ឍនភាពអំពីកិច្ចពិភាក្សាទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី តើប្រទេសទាំងពីរ មាននូវគោលដៅ ក៏ដូចជាចក្ខុវិស័យយ៉ាងដូចម្តេច ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរតទៅមុខទៀត?
លោក វុន ផានិត៖ ដោយយោងតាមអ្វីដែលខ្ញុំក្រឡេកមើលឃើញបានន័យថា នៅក្នុងសករាជថ្មី នេះជាពិសេសបន្ទាប់ប្រធានាធិបតី ស៊ី បានបន្តការកាន់អំណាចរបស់គាត់ នៅក្នុងន័យនោះគោលនយោបាយរបស់ចិនគឺមានភាពខ្លាំងខ្លាជាងមុន បើប្រៀប ជាមួយនឹងគោលនយោបាយពីមុនដែលខ្លួនបានអនុវត្ត ហើយអ្វីដែលខ្ញុំបានកត់សម្គាល់មួយទៀតគឺការរីកចម្រើនរបស់ចិន ពេលខ្លះអាចឧបសគ្គជាមួយបណ្តាប្រទេសមួយចំនួនដែលអាចជាការពង្រឹងលើសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយនៅក្នុងន័យនេះទៀតសោត ដើម្បីជាការឆ្លើយតបពីការរីកនៃសមត្ថភាពយោធារបស់ចិន ជប៉ុនក៏បានបន្ថែមការពង្រីកនូវសមត្ថភាពយោធារបស់ខ្លួនដូចគ្នា ហើយយើងសង្កេតឃើញថាឆ្នាំ២០២២ បានបន្ថែមទៅលើវិស័យយោធាទៅដល់ ២% ទៅលើ GDP របស់ខ្លួន រហូតដល់ឆ្នាំ២០២៧ ក្នុងគោលបំណងមួយពង្រឹងសមត្ថភាព យោធារបស់ខ្លួនដែលមានការឆ្លើយតបណាមួយទោកាន់ចិនក្នុងការគំរាមកំហែងណាមួយពាក់ព័ន្ធជាមួយនឹងសមុទ្រចិនខាងកើត។
ប៉ុន្តែទោះបីជាមានការពង្រឹងសមត្ថ ភាពយោធាទាំង២ នេះក៏ដោយអ្វីដែលខ្ញុំឃើញ គឺប្រទេសទាំង២មិនអាចឈានទៅរក ការប្រឈមមុខដាក់គ្នា ឬ សព្វាវុធណាមួយឡើយ ដោយសារតែទីផ្សារ និងទំហំប្រជាជនគឺមានចំនួនច្រើនមែនទែន ដែលនៅក្នុងន័យនេះ បើសិនជាមានការ បង្ករសង្គ្រាមណាមួយកើតឡើងរវាងប្រទេសទាំង២ ពាក់ព័ន្ធនឹងបញ្ហារវាងសមុទ្រចិន ខាងកើត ការប្រឈមមុខដាក់គ្នានឹងមិនមានផលចំណេញចំពោះភាគីទាំង២ ឡើយ។ ផ្ទុយមកវិញ ទាំងជប៉ុនទាំងចិនគឺខាតក្នុងធ្វើពាណិជ្ជកម្មរវាងគ្នា ហើយអ្វីដែលសំខាន់ទំនាក់ទំនងរបស់ប្រទេសចិន និងជប៉ុនគឺពិភពលោកទាំងអស់ ក្រឡេកទៅមើលការរីកចម្រើនរបស់ចិន ប៉ុន្តែអ្វីដែលជាផលប៉ះពាល់ដល់ជប៉ុនគឺការ រីកចម្រើនផ្នែកយោធារបស់ប្រទេសចិន ប៉ុន្តែបើការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននឹង មានផលប្រយោជន៍ដល់ប្រទេសជប៉ុន។
កិច្ចសហប្រតិបត្តិការនៅពេលអនាគត អ្វីដែលខ្ញុំមើលឃើញបន្ថែមមួយទៀតគឺ ភាគីទាំង២ នឹងបបន្តចាប់ដៃគ្នា មានន័យថាជំហរបស់ជប៉ុននៅក្នុងបញ្ហារបស់អាស៊ីបូព៌ាគឺមានភាពស្រទន់ និងដោះស្រាយនយោបាយការបរទេសរបស់ខ្លួន។ ចំណុចមួយទៀតគឺកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង ប្រជាជន ដែលកន្លងមកប្រទេសទាំង២ មានវប្បធម៌រួមគ្នា ហើយភាសាស្រដៀងគ្នាដែរ ព្រមទាំងជំនឿសាសនាផងដែរ ដូចនេះហើយបើសិនជាមានជម្លោះណាមួយគឺមិនត្រឹមតែមានផលប៉ះពាល់ដល់ថ្នាក់ ដឹកនាំនោះទេ ប៉ុន្តែក៏អាចមានការប៉ះពាល់រវាងប្រជាជននិងប្រជាជនផងដែរ។ ដូចនេះ ដើម្បីឱ្យរក្សាបាននូវស្ថេរភាពផ្នែកនយោបាយ ផ្នែកសន្តិសុខ ក៏ដូចជាធានាឱ្យ បាននូវសុខដុមរមនា និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំង២នោះ ជម្លោះនឹងមិនអាចកើតឡើងបានទេ។
ហើយកិច្ចសហប្រតិបត្តិការនៅតែបន្ត ដើម្បីផលប្រយោជន៍ប្រជាជនជាធំ។ ចំណុចចុងក្រោយដែលខ្ញុំគិតថាបន្ទាប់ពីប្រជុំ នៅទីក្រុងប៉េកាំង គឺប្រទេសទាំង២ នឹងសិក្សាស្វែងយល់ពីគ្នាបន្ថែមទៀត និងដោះស្រាយជម្លោះក៏ដូចជាការបន្ទិលសង្ស័យដែលកើតឡើងរវាងភាគីទាំង២ លើបូរណភាពដែនដីឱ្យកាន់តែប្រសើរក្នុងនោះមានបញ្ហាសមុទ្រចិនខាងកើត ហើយក្នុងនោះសម្រួលភាពតានតឹងរវាងប្រទេសទាំង២ លើបញ្ហាកោះតៃវ៉ាន់ ដូចជាការបន្ថែមកិច្ចសហប្រតិបត្តិការ បើសិនជាមានបញ្ហាពាក់ព័ន្ធនឹងការចាប់ឃុំឃាំងអ្នកទោសជនជាតិជប៉ុនលើទឹកដីចិន គឺអាចនឹងមានភាពធូរស្រាលជាងមុន ដែលលើកនេះមិនមែនតាមរយៈទូតទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចដោយផ្ទាល់ ហើយបានលើកបញ្ហានេះ ឡើង ខ្ញុំគិតថាអ្វីដែលខ្ញបានលើកឡើងកន្លងមកនេះការចាប់ជនជាតិជប៉ុន នឹងអាចមានការបកស្រាយបន្ថែម និងមានការយោគយល់ពីចិន។
ជាសរុប កិច្ចសហប្រតិបត្តិការតាមរយៈជំនួបរបស់រដ្ឋមន្រ្តីការបរទេសចិនទាំង២ នឹងមានភាពល្អប្រសើរ អាចធ្វើឱ្យប្រទេសទាំង២ នៅតែជាប្រទេសដែលមើលមុខគ្នា ដោយមិនយោងតាមលោកខាងលិចពេកនោះទេ ដែលជប៉ុនមានគោលនយោបាយបត់បែន និងស្រទន់ជាមួយនឹងចិន។ ជាក់ស្តែង សង្គ្រាមបន្ទះឈីប ជប៉ុនមិនបានលើកឡើងផ្ទាល់ថាជប៉ុនមានគោលដៅគាបសង្កត់ការនាំចេញទៅចិនទេ ប៉ុន្តែគឺជប៉ុននិយាយដោយប្រយោលថា ដោយត្រូវការពីប្រទេសទាំងអស់ក្នុងការនាំចេញឈីប ក្នុងន័យនេះជប៉ុនដឹងថាប្រសិន ជាខ្លួនធ្វើជាលក្ខណៈប្រឆាំង ឬ បិទការនាំចេញទៅចិន នោះអ្នកដែលប៉ះពាល់គឺជប៉ុន ដូចនេះ យើងនឹងចាំមើលទាំងអស់គ្នាទៀតថាប្រទេសទាំង២ មានការវិវត្តផ្នែកភូមិ សាស្រ្តនយោបាយ ការឈ្លោះគ្នាក្នុងបូរណភាពដែនដីដល់កម្រិតណា និងមានយន្តការអ្វីទៀតក្នុងការដោះស្រាយគ្នា ហើយអាចនឹងមានទស្សនកិច្ចទៅកាន់ គ្នាជាបន្តបន្ទាប់នាពេលអនាគត ក្រោយពីទស្សនកិច្ចលើកនេះបានបញ្ចប់។
វាគ្មិនកិត្តិយស៖ លោក វុន ផានិត អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ