Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

រយៈពេលមួយឆមាសនៃឆ្នាំ២០២២នេះ យើងសង្កេតឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏មានសកត្តានុពលរបស់កម្ពុជា ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-China FTA)។ លើសពីនេះ យើងក៏ឃើញនូវវឌ្ឍនភាពដ៏ល្អប្រសើរទៅលើខ្សែចង្វាក់នៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៏នេះ លោកបណ្ឌិត ឆេង គឹមឡុង បានពន្យល់បកស្រាយលម្អិតទាក់ទងទៅនឹងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ដូចជាទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

សំណួរទី ១៖ ជាបឋម ចាប់តាំងពីការដាក់ចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីដើមឆ្នាំ២០២២រហូតមកដល់ពេលបច្ចុប្បន្ន តើយើងសង្កេតឃើញថាមាននូវការផ្លាស់ប្តូរអ្វីខ្លះទៅលើសកម្មភាពពាណិជ្ជកម្មក៏ដូចជាការនាំចេញឬនាំចូលផលិតផលរវាងប្រទេសកម្ពុជានិងប្រទេសចិនដែរ? 

ចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ចិន គឺយើងហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាហើយបានធ្វើសច្ចាប័នចូលជាធរមានចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកនេះ។ យើងឃើញថាល្បឿននិងកំណើននៃការផ្តោះប្តូរពាណិជ្ជកម្មទ្វេភាគីនេះ ហាក់ដូចជាមានសន្ទុះកើនឡើង នេះប្រហែលជាដោយសារតែការធូរស្បើយនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងពីរអនុវត្តនូវផែនការសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផង និងមួយផ្នែកទៀតបានមកដោយសារតែការខិតខំប្រឹងប្រែង ដែលបានសម្របសម្រួលដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូចជាមានការកែសម្រួល និងការបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ការលុបបំបាត់នូវការយកពន្ធត្រួតគ្នាជាដើម ក៏ដូចជាការសម្រួលទៅដល់ការអនុវត្តនូវកម្មវិធីគោរពទៅតាមស្តង់ដារដែលផលិតផលកម្ពុជាអាចនាំទៅប្រទេសចិនបាន។ ដូច្នេះនៅក្នុងរយៈពេលថ្មីៗនេះ ជាពិសេសគឺ៤ខែ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន យើងឃើញថាកំណើននៃការនាំចេញនាំចូល ដែលយើងហៅថាជាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនោះ កើនឡើងប្រមាណប្រហែលជិត៤០ភាគរយ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ 

សំណួរទី ២៖ កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចធំមួយរបស់ប្រទេសចិនផងដែរ ដែលត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិន តើកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះបានចូលរួមចំណែកអ្វីខ្លះទៅដល់ការអនុវត្តន៍ ក៏ដូចជាសម្រេចទៅលើផែនការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ? 

តាមពិតទៅយើងឃើញថា គំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលយើងហៅថា «Belt and Road Initiative» ដែលចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១៣កន្លងមក ហើយដែលប្រទេសទាំងពីររវាងកម្ពុជានិងចិននេះបានចុះហត្ថលេខាផែនការសកម្មភាពមួយកាលឆ្នាំ២០១៩ ដើម្បីសម្រេចឱ្យបាន ការកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ពេលនោះមកយើងឃើញថាគម្រោងដែលស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយនេះបានបន្តអនុវត្តយ៉ាងរលូន ហើយនឹងមានការរីកដុះដាល ទោះបីជាស្ថិតនៅក្រោមបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានការអាក់ខានខ្លះក៏ពិតមែន ក៏ប៉ុន្តែការអនុវត្តគម្រោងដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានផ្លូវថ្នល់ មានផ្លូវគមនាគមន៍តភ្ជាប់ផ្សេងទៀត មានព្រលានយន្តហោះថ្មីជាដើម រួមទាំងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើនូវវិស័យវប្បធម៌និងសិល្បៈ ដែលយើងហៅថាជាគម្រោងកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសគឺការកសាងនូវ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្រោមកម្មវិធីនៃជំនួយនិងការកម្ចីពីប្រទេសចិន ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើម ផ្លូវមួយខ្សែក្រវាត់មួយនេះបានបោះជំហានទៅមុខនេះគឺជាសញ្ញាមួយ ដែលយើងអាចនិយាយបានថា ក្រៅតែពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្មវិធីអនុវត្តផ្សេងៗទៀតស្ថិតនៅក្រោមគម្រោងនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយនេះបានបង្កលក្ខណៈងាយស្រួលឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅលើគ្រប់វិស័យរួមទាំងវិស័យវប្បធម៌ ទេសចរណ៍ រួមទាំងវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងផ្លូវរបៀងសេដ្ឋកិច្ចក្រោមរូបភាពនៃការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ លើសពីនេះទៅទៀត យើងឃើញមានគំនិតផ្ដួចផ្ដើមនិងផែនការសកម្មភាព សម្រាប់ជំរុញឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានការជួយគាំទ្រ ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយនេះ និងការចូលរួមទៅដល់ការការពារបរិស្ថានជាដើម។

សំណួរទី ៣៖ ប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់កម្ពុជាក្នុងចំណោមប្រទេសជាដៃគូដទៃទៀត ម្យ៉ាងវិញជំងឺកូវីដ-១៩ ក៏បានផ្តល់នូវផលអវិជ្ជមានជាច្រើនទៅដល់ដំណើរការទីផ្សារពាណិជ្ជកម្មនិងផលិតផលរវាងប្រទេសទាំងពីរ ពាក់ព័ន្ធទៅនឹងបញ្ហានេះថា តើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានជួយសម្រួល ឬក៏ធ្វើពិពិធកម្មអ្វីខ្លះទៅដល់ដំណើរការនៃទីផ្សាររវាងប្រទេសទាំងពីរ? 

ស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលកូវីដ-១៩នេះ មានការប៉ះពាល់ទៅដល់ដំណើរការនៃការជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីមួយចំនួន ដូចជាការប៉ះពាល់ទៅលើវិស័យសំណង់ ការប៉ះពាល់ទៅលើវិស័យទេសចរណ៍ជាដើម។ ក៏ប៉ុន្តែថ្មីៗនេះ បន្ទាប់ពីការដាក់អនុវត្តន៍នូវផែនការសកម្មភាពជំរុញឱ្យមានការអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមកនេះ យើងឃើញថាកំណើននៃការនាំចេញផលិតផលកសិកម្មទៅប្រទេសចិននេះមានសន្ទុះកំណើនឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះមួយចំនួនដែលអាក់ខានដោយការរឹតត្បិតក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។ ការនាំចេញអង្ករ ការនាំចេញផលិតផលកសិកម្មផ្សេងទៀត មានជ័រកៅស៊ូ មានដំឡូងមីជាដើម ទៅប្រទេសចិន ក៏ដូចជាការនាំចេញនូវ ផ្លែចេកទៅប្រទេសចិននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយនេះគឺជាសញ្ញាមួយដែលអាចបញ្ជាក់ថា នៅក្រោយវិបត្តិកូវីដ សន្ទុះនៃកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិននឹងហក់ឡើងវិញ។ ដូចគ្នានេះដែរ យើងឃើញថានាំចេញរបស់ចិនមកកម្ពុជានេះ ក៏មានសន្ទុះកើនឡើងខ្លាំងក្លាណាស់ដែរ ដែលអាចនិយាយបានថាប្រហែលជាក្នុងឆ្នាំ២០២២-២០២៣នេះ សន្ទុះកំណើនទ្វេភាគីរវាងកម្ពុជា-ចិននេះអាចនឹងហក់ឡើងប្រហែលជាខ្លាំងជាងក្នុងឆ្នាំមុនៗទៅទៀត។

សំណួរទី ៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន គឺផ្ដោតទៅលើការជំរុញនូវលំហូរវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាលំហូរនៃទំនើបកម្មបច្ចេកវិទ្យាពីប្រទេសចិនមកប្រទេសកម្ពុជាផ្ទាល់។ បើគិតត្រឹមឆមាសទីមួយនេះថា តើកិច្ចព្រមព្រៀងនេះបាននាំយកនូវលំហូរវិនិយោគផ្ទាល់ពីបរទេសឬក៏ហៅថាFDIនេះចូលមកកម្ពុជាបានកម្រិតណា? ហើយមានការផ្លាស់ប្តូរទៅលើវិស័យបច្ចេកវិទ្យាមួយដែលជាវិស័យអាទិភាពរបស់កម្ពុជានោះផងដែរក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលផងដែរ ដូចម្ដេចខ្លះ? 

យើងពុំមានតួលេខសរុបទាំងអស់អំពីប្រភេទនៃទំនិញនិងសេវាកម្ម ដែលស្ថិតនៅក្រោមគម្រោងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះទេ ក៏ប៉ុន្តែយើងឃើញថានៅក្នុងរយៈពេល៤ខែបន្ទាប់ពីការដាក់អនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ យើងឃើញថាកំណើនវិនិយោគ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបានកើនឡើង គឺកើនឡើងប្រហែលជាប្រមាណ៣៥ភាគរយ ដែលជាការវិនិយោគផ្ទាល់មិនមែនផ្នែកហិរញ្ញវត្ថុមកពីប្រទេសចិនបើប្រៀបទៅនឹងកាលពីឆ្នាំ២០២១កន្លងទៅ។ ហើយការវិនិយោគរបស់កម្ពុជានៅក្នុងប្រទេសចិនក៏បានកើនឡើងប្រមាណជាង២៥០ភាគរយ ក្នុងទឹកប្រាក់ប្រមាណជាជិត២៥លានដុល្លារ ចំនួនតិចក៏ពិតមែនក៏ប៉ុន្តែកំណើនដែលកើនឡើងខ្លាំងជាងមុននេះ ក៏អាចបញ្ជាក់បានថាប្រទេសទាំងពីរនេះបានអនុវត្តនិងជួយសម្រួលឱ្យមានការលំហូរនៃពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក។ យើងមើលទៅលើការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទៅលើការទំនើបកម្ម ផ្នែកកសិកម្ម កសិ-ឧស្សាហកម្មកែច្នៃ នៅក្នុងប្រទេសកម្ពុជាពីប្រទេសចិននេះក៏បានកើនឡើងដែរ ទន្ទឹមនឹងការជំរុញឱ្យមានការជួយសម្រួលបន្ថែមទៀតទៅដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចឌីជីថល (Digital Economy) ពីប្រទេសចិន។ ការកើនឡើងនៃសកម្មភាពវិនិយោគផ្នែកសេដ្ឋកិច្ចឌីជីថល យើងហៅថាជាសេដ្ឋកិច្ចមួយសម័យថ្មីដែលជួយដោយបច្ចេកវិទ្យាឌីជីថលនេះនឹងជួយឱ្យកម្ពុជាយើងបានសម្រេចនូវផែនការនៃការជំរុញនិងប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចសង្គមឌីជីថលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតនេះ។

សំណួរទី ៥៖ ជាចុងក្រោយ ចំពោះការសង្កេតឃើញរបស់លោកបណ្ឌិតផ្ទាល់ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះមាគ៌ាអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងសក្ដានុពលសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ? 

ខ្ញុំយល់ឃើញថា ប្រទេសទាំងពីរនឹងបានទទួលផលចំណេញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ហើយ ប្រទេសកម្ពុជានិងប្រទេសចិនគួរបន្តពង្រឹង និងពង្រីកនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះ ទាំងគ្រប់កម្រិត កម្រិតរដ្ឋាភិបាល កម្រិតរវាងប្រទេសនិងប្រទេស ហើយក៏ដូចជាកម្រិតរវាងតំបន់ ឬក៏ទីក្រុងនិងខេត្ត។ កិច្ចសហប្រតិបត្តិការរវាងក្រុងនិងក្រុង ខេត្តនិងខេត្តនៅកម្ពុជា ឬក៏តំបន់អភិវឌ្ឍន៍ផ្សេងទៀតនៅប្រទេសចិនតាមរូបភាពដើម្បីបំពេញនូវតម្រូវការគ្នាទៅវិញទៅមក ផ្នែកខាងការនាំចេញនាំចូលទំនិញ ដែលផ្សារភ្ជាប់ទៅដនឹងការវិនិយោគ ការផ្តោះប្តូរបច្ចេកវិទ្យា ការផ្តោះប្តូរផ្នែកវប្បធម៌រវាងគ្នានិងគ្នា ហើយធ្វើយ៉ាងណាបំពេញបង្គ្រប់នូវតម្រូវការទាំងអស់នោះ។ ខ្ញុំយល់ឃើញថាសេដ្ឋកិច្ចកម្ពុជាអាចនឹងទាញយកប្រយោជន៍ ក្រៅតែពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏អាចជួយបំពេញបំពេញបង្គ្រប់គ្នាទៅវិញទៅមកនៅក្នុងកម្មវិធីនៃការអនុវត្ត ដើម្បីបានផលចំណេញពីគំនិតផ្ដួចផ្ដើម និង «ភាពជាដៃគូសេដ្ឋកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់» យើងហៅថា  RCEPផ្សេងៗទៀត និងការអនុវត្តនូវការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានដែលចិនក៏បានដើរតួនាទីសំខាន់។ ជាសរុបមកគឺទាំងគំនិតផ្ដួចផ្ដើម «ផ្លូវមួយខ្សែក្រវាត់មួយ» ទាំងផែនការសកម្មភាពរួមដើម្បីជំរុញឱ្យមានការអនុវត្ត និងការសម្រេចបាននូវសហគមន៍មានជោគវាសនារួមគ្នារវាងកម្ពុជានិងចិន ដែលបានចុះហត្ថលេខាឆ្នាំ២០១៩ ក៏ដូចជាការអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងជួយសម្រួលឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសចិនបានសម្រេចនូវគោលដៅនូវកាត់បន្ថយបាននូវហានិភ័យ ដែលអាចបង្កឡើងដោយការអស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ចនៅលើពិភពលោក ដោយការបម្រែបម្រួលធាតុអាកាស ដោយការគំរាមកំហែងផ្នែកអសន្តិសុខនៅក្នុងតំបន់ផ្សេងទៀត ដែលធ្វើឱ្យប្រទេសទាំងពីរអាចសម្រេចនូវគោលដៅនៃការកសាងសហគមន៍មួយដែលមានជោគវាសនារួម ដែលជួយឱ្យប្រទេសកម្ពុជា និងប្រទេសចិននេះសម្រេចគោលដៅនៃការកសាងបាននូវសហគមន៍ដែលមានជោគវាសនារួមគ្នាក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031