Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ វឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

AVI Voiceវឌ្ឍនភាពនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមគំនិតផ្ដួចផ្ដើមរាជរដ្ឋាភិបាលកម្ពុជា

គិតត្រឹមពេលវេលានេះ កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលជោគជ័យមួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្ដួចផ្ដើមនានានិងការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់។ ជោគជ័យនេះបាននឹងកំពុងនាំកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពថ្មី និងជម្នះនូវឧបសគ្គដ៏លំបាកមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៃជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា ក៏ដូចជាលើកឡើងពីសកម្មភាពនានាដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ជាពិសេសការបោះជំហានរបស់រាជរដ្ឋាភិបាលកម្ពុជាទៅរកស្ថានការណ៍វិជ្ជមានសម្រាប់សង្គមទាំងមូល។

សំណួរទី ១៖ ជាបឋមសូមលោកជំទាវជួយរៀបរាប់អំពីស្ថានការណ៍នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង?

ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាមកទល់ពេលនេះ មានន័យថានៅព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានចេញផ្សាយនូវព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ ហើយស្ថានភាពយើងមើលជារួមគឺមានលក្ខណៈល្អប្រសើរមែនទែន​ ហើយដោយសារយើងមិនមានករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍ ហើយដែលមានការបញ្ជាក់ពីមន្ទីរពិសោធន៍របស់យើងផងដែរ។ ហើយអ្វីដែលខ្ញុំចង់ជម្រាបជូននៅពេលនេះ ខ្ញុំសូមជូននូវរូបក្រាហ្វិកមួយ ដែលបង្ហាញអំពីការថយចុះយ៉ាងច្រើននូវករណីឈឺហើយរហូតមកដល់ខែឧសភាឆ្នាំ២០២២យើងនេះ គឺក្នុងរយៈពេលដប់ថ្ងៃគិតពីថ្ងៃទី០១ដល់ថ្ងៃទី១០នេះ យើងសង្កេតឃើញថាត្រឹមថ្ងៃទី០៦ យើងនៅឃើញមាន១ករណីឬ ២ករណី តាំងពីថ្ងៃទី០១មក ប៉ុន្តែត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២រហូតមកដល់ការរាយការណ៍ព្រឹកមិញនេះគឺយើងមិនមានការរកឃើញនូវករណីឆ្លងឬក៏ករណីឈឺដោយជំងឺកូវីដ-១៩នោះទេ។ អ៊ីចឹងការគ្រប់គ្រងនិងឆ្លើយតបនៃជំងឺកូវីដ-១៩  គឺមានសភាពល្អប្រសើរក្រោមការដឹកនាំដ៏ត្រឹមត្រូវ ដ៏ប៉ិនប្រសប់និងភាពឆ្លាតវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ហើយសម្ដេចតេជោលោកក៏បានប្រកាសអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមានសិទ្ធិជ្រើសរើសនូវការពាក់ម៉ាស់ឬក៏មិនពាក់ម៉ាស់ទៅតាមការវាយតម្លៃរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែអ្វីដែលជាការសំខាន់ សម្តេចតេជោលោកបានណែនាំដ៏ខ្ពង់ខ្ពស់ផងដែរ សូមឱ្យបងប្អូនរបស់យើងបន្តនូវការយកចិត្តទុកដាក់ ថ្វីត្បិតតែស្ថានភាពមានភាពល្អប្រសើរក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែចេះប្រុងប្រយ័ត្ន ធ្វើម៉េចកុំឱ្យមានការឆ្លងកើតឡើងវិញ ហ្នឹងគឺនេះជាចំណុចសំខាន់ណាស់។ ហើយបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកំពុងតែវិលត្រឡប់ទៅរកការរស់នៅធម្មតានៅក្នុងប្រក្រតីភាពថ្មីរបស់យើង ហើយការបើកនូវដំណើរការសង្គមនិងសេដ្ឋកិច្ច ឥឡូវវាពេញលេញសឹងតែ១០០ភាគរយទៅហើយ។ អ៊ីចឹងគួបផ្សំជាមួយនឹងការបើកដំណើរការនៃសេដ្ឋកិច្ចនេះ មានន័យថាចរាចរណ៍នៃសេដ្ឋកិច្ចក៏ដូចជាចរាចរណ៍ឬក៏ការចល័តរបស់មនុស្សម្នាពីទីកន្លែងមួយទៅទីកន្លែង ពីប្រទេសមួយទៅប្រទេសមួយ ក៏មានកំណើនកើនឡើងជាលំដាប់។ អ៊ីចឹងដោយសារស្ថានភាពជំងឺកូវីដ-១៩នៅលើសកលលោកនេះ វានៅមានបញ្ហាការឆ្លងគឺនៅតែមានបន្តនៅឡើយទេនៅលើសកលលោករបស់យើងដែលឃើញហើយសូម្បីតែបណ្ដាប្រទេសដែលនៅជិតខាងរបស់យើងនេះក៏មានការរាយការណ៍ជាប្រចាំថ្ងៃ រកឃើញករណីឆ្លងនិងករណីស្លាប់ជាប្រចាំថ្ងៃផងដែរ។ ដូច្នេះយើងត្រូវតែមានការប្រកាន់យកនូវឥរិយាបថក៏ដូចជាទម្លាប់នៃការរស់នៅរបស់យើងដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ធ្វើយ៉ាងណាដើម្បីកុំឱ្យមានការចម្លងឬក៏ការផ្ទុះចេញនូវការរាតត្បាតនេះនៅក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញ។ អ៊ីចឹងអ្វីដែលជាកត្តាសំខាន់គឺជាការចូលរួមរបស់បុគ្គល ក៏ការចូលរួមរបស់ក្រុមគ្រួសារ និងសហគមន៍របស់យើងក្នុងការរួមគ្នាទទួលខុសត្រូវរក្សានូវនិរន្តភាពនៃការរស់នៅធម្មតានៅក្នុងកំឡុងប្រក្រតីភាពថ្មីរបស់យើងនេះឱ្យបានយូរអង្វែងពីព្រោះយើងក៏មិនចង់ឃើញមានការវិលត្រឡប់ទៅរកការភ័យខ្លាច ឬក៏ការព្រួយបារម្ភ ឬវិលត្រឡប់ទៅរកឃើញនូវការឆ្លងរាតត្បាតនេះឡើងវិញនោះដែរ។

សំណួរទី ២៖ ដូចដែលយើងបានដឹងហើយថាកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមុនគេដែលបានរៀបចំឱ្យមានការរស់នៅក្នុងបរិបទថ្មីនៃជំងឺកូវីដ-១៩ ក៏ដូចជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅលើពិភពលោកផងដែរនៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាភាគីពាក់ព័ន្ធនានាផងដែរ ពាក់ព័ន្ធទៅលើចំណុចខាងលើនេះ កន្លងមកតើរាជរដ្ឋាភិបាលកម្ពុជា លោកបានដាក់ចេញនូវយន្តការនិងគំនិតផ្ដួចផ្ដើមអ្វីខ្លះ ដើម្បីជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩កន្លងមកនេះ? 

ខ្ញុំសុំអនុញ្ញាតជម្រាបជូនផងដែរថាក្រោមការគិតគូរនិងការយកចិត្តទុកដាក់គួបផ្សំជាមួយនិងភាពជាអ្នកដឹកនាំដ៏ពិតប្រាកដនិងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិយាយឱ្យចំគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនេះ ព្រះរាជាណាចក្រកម្ពុជារបស់យើងនេះគឺបានដាក់ចេញនូវយុទ្ធសាស្ត្រនៅក្នុងការដឹកនាំក៏ដូចជាចាត់ចែងគ្រប់គ្រងនិងឆ្លើយតបកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ នៅក្នុងនោះ អ្វីដែលជាការសំខាន់គឺសម្ដេចតេជោលោកមានភាពឈ្លាសវៃហើយមានការបត់បែន ហើយក៏មានការឆ្លើយតបបានលឿន ភាពរហ័ស ភាពលឿនដែលជាកត្តាមួយដែលយើងទាំងអស់គ្នាទៅរៀនសូត្រតាម ហើយចំណុចមួយទៀតដែលខ្ញុំចង់រំលេចជូនគឺសម្ដេចតេជោ លោកបានដាក់ចេញក៏ដូចជាបង្កើតនូវគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមរយៈសេចក្ដីសម្រេចលេខ ២៩សសរ។ អញ្ចឹងតាមរយៈគណៈកម្មការជាតិប្រឆាំងជំងឺកូវីដ-១៩ ក៏បានដឹកនាំចាត់ចែងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលលោកក៏ជាប្រធានគណៈចាំការរបស់គណៈកម្មការជាតិនេះស្រាប់ ក៏បានធ្វើការងារយ៉ាងសកម្មមែនទែន ហើយយើងក៏មានប្រធានអនុកម្មការជាង១០ឯណោះដែលស្ថិតនៅក្រោមគណៈកម្មការជាតិនេះ។ ស្របពេលនោះដែរ គណៈកម្មការក៏បានដាក់ចេញនូវយុទ្ធសាស្ត្របត់បែនធំៗចំនួនប្រាំមួយ ហើយនៅក្នុងយុទ្ធសាស្ត្រនេះគឺ យុទ្ធសាស្ត្រទីប្រាំមួយគឺជាយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩។​ 

ខ្ញុំសុំអនុញ្ញាតជម្រាបជូនត្រួសៗទេដោយសារពេលវេលាយើងវាខ្លី យុទ្ធសាស្ត្រទីមួយគឺជាយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនៅវីរុសប្រពួកបំលែងថ្មី ពីព្រោះយើងមានការគ្រប់គ្រងបានល្អប្រសើរមួយដំណាក់ហើយនៅក្នុង២០២០ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ គឺនៅពេលនោះមិនមានករណីស្លាប់នោះទេ មានករណីឈឺដែរតែនៅក្នុងចំនួនមួយគឺមិនជាច្រើនប៉ុន្មានទេ ប៉ុន្តែនៅពេលដែលវីរុសកូវីដដប់ប្រាំបួននេះមានការបំលែងខ្លួនវិវត្តទៅរកអាល់ហ្វា(ALPHA) ដែលតា(DELTA) ហើយថ្មីៗនេះគឺប្រពួកអូមីក្រុង (OMICRON) នេះ​ ករណីឆ្លងក៏វាលឿនវារហ័ស ហើយក៏សរភាពធ្ងន់ធ្ងរ ជាពិសេសគឺប្រពួកវីរុសប្រភេទបំលែងថ្មីដែលតា(DELTA)នេះ ក៏បានឆក់យកនូវអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសគឺអ្នកជំងឺ ហើយអ្នកដែលមានជំងឺប្រចាំកាយ អ្នកដែលមានវ័យចាស់ជរា ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩នេះក៏យើងសង្កេតឃើញមានការស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ២០២១កន្លងទៅនេះក៏មានចំនួនដល់ទៅ៣ពាន់នាក់ជាងរួចទៅហើយ។ អ៊ីចឹងការដែលដាក់ចេញនូវយុទ្ធសាស្ត្រទីមួយទប់ស្កាត់ការនាំចូលនូវវីរុសបម្លែងថ្មីនេះ គឺជាចំណុចដែលសំខាន់មែនទែនដែលយើងត្រូវតែមើលទាំងផ្លូវអាកាសទាំងផ្លូវគោក ពីព្រោះយើងដឹងហើយការចរាចរណ៍ចុះឡើងចុះឡើងពីព្រោះការឆ្លងវាចេញពីណា? គឺវាចេញពីការចល័តរបស់បុគ្គល វីរុសនេះវាមកតាមការចល័តរបស់បុគ្គល។ អ៊ីចឹងហើយយុទ្ធសាស្ត្រនេះគឺជាយុទ្ធសាស្ត្រចាំបាច់ ដែលត្រូវតែគ្រប់គ្រងនៅតាមច្រកចេញចូល ពង្រឹងការធ្វើតេស្តដែលមានការអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរៀន យើងក៏បានបង្រៀនឱ្យបងប្អូនយើងចេះធ្វើតេស្តរហ័សដោយខ្លួនឯងហើយនឹងបន្តការធ្វើតេស្តPCR​នៅក្នុងករណីដែលធ្ងន់ឬក៏មាននូវករណីណាដែលចង់បានconfirmationអីបន្ថែមទៀត។ ហើយក្នុងហ្នឹងក៏យើងត្រូវតែពិនិត្យទៅលើការពង្រឹងនៅការងារធ្វើចត្តាឡីស័ក ជាពិសេសគឺនៅតាមច្រកព្រំដែនដែលជាច្រកចេញចូលរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ម្យ៉ាងវិញទៀតការដាក់ពង្រឹងនូវការងារព្យាបាលដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកនេះក៏ជាកត្តាចាំបាច់ផងដែរ។

រីឯ យុទ្ធសាស្ត្រទីពីរ គឺជាយុទ្ធសាស្ត្រដែលយើងត្រូវរិះរកអនុវត្តរួមគ្នាធ្វើយ៉ាងណាដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានៅទំហំនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ក៏ដូចជាកាត់បន្ថយនូវចំនួនការឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងហ្នឹងគឺយើងផ្ដោតទៅលើវិធានការមានការងារអប់រំ វិធានការអប់រំ វិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាលនានាហើយនៅក្នុងហ្នឹងក៏មានវិធានការច្បាប់របស់យើងផងដែរ។ 

យុទ្ធសាស្ត្រទីបី ដែលសម្ដេចតេជោលោកបានដាក់ចេញគឺការខិតខំរិះរកនូវវិធីព្យាបាល ដើរឱ្យទាន់សភាពការណ៍ ឱ្យទាន់សម័យ ប្រសិនបើមានវិធីសាស្ត្រណាដែលចេញថ្មីៗនៅលើសកលលោក ដែលអ្នកវិទ្យាសាស្ត្រ អ្នកវេជ្ជសាស្ត្រដែលគាត់រកឃើញឬបណ្ដាប្រទេសណាដែលគេរកឃើញរបៀបនៃការព្យាបាលឱ្យឆាប់បានជាឬក៏ឱសថដែលផលិតចេញមកសម្រាប់ព្យា​បាលជំងឺនេះគឺយើងត្រូវតែរហ័សរហួន  ធ្វើម៉េចដើម្បីឱ្យមានយកមកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងដើម្បីឈានទៅរកការកាត់បន្ថយបាននូវការស្លាប់ក៏ដូចជាជួយសង្គ្រោះអាយុជីវិតបងប្អូន ប្រជាពលរដ្ឋរបស់យើងនៅក្នុងហ្នឹងមានការស្វះស្វែងរកឱសថថ្មីៗដើម្បីយកមកប្រើប្រាស់ ហើយក៏មានការពង្រីកបន្ថែម ពង្រឹងបន្ថែម នៅកន្លែងសង្គ្រោះអ្នកជំងឺរបស់យើងនេះគឺថាឱ្យបាន ពង្រឹងសមត្ថភាពនេះ ក៏ដូចជាពង្រីកនិងពង្រឹងគុណភាព សមត្ថភាពក៏ដូចជាពង្រីកនៅទីតាំងនេះឱ្យមានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលនៅអ្នកជំងឺរបស់យើង។ ក្នុងនោះក៏មានការបំពាក់នូវសម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់សម្រាប់ការជួយសង្គ្រោះ ហើយក៏មានការហ្វឹកហ្វឺនទៅដល់សមត្ថភាពរបស់គ្រូពេទ្យយើងជាបន្ថែមទៀតហើយក្នុងនោះក៏មានការដាក់ចេញនូវរបៀបនៃការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះសម្បែងរបស់យើងផងដែរ។ 

យុទ្ធសាស្ដ្រទីបួន ដែលជាយុទ្ធសាស្ត្រមួយផងដែរនោះ គឺការរុករកនិងការគ្រប់គ្រងនៅករណីដែលយើងរកឃើញ។ អ៊ីចឹងនេះគឺពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនិងពង្រីកនូវកន្លែងដែលត្រូវយកវត្ថុសំណាក ក៏ដូចជាពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ហើយនឹងការធ្វើsequencingដើម្បីរិះរកនូវវត្តមាននៃវីរុសបម្លែងថ្មីឱ្យបានទាន់ពេលវេលា ហើយចំណុចមួយខ្ញុំជម្រាបជូនខាងលើគឺជំរុញនូវការប្រើប្រាស់នូវតេស្តរហ័សនេះ ដើម្បីឱ្យបងប្អូនយើងចេះប្រើប្រាស់ ចេះឆែកឆេរ មុននឹងជួបប្រជុំគ្នាឬមួយមានការសង្ស័យអីគឺថាយើងអាចធ្វើតេស្តនោះឱ្យបានលឿន កាលណាយើងដឹងបានលឿនគឺយើងអាចឆ្លើយតបបានលឿន។ អ៊ីចឹងអ្វីដែលយើងអនុវត្តនេះគឺវាស្របទៅតាមគោលការណ៍ Find Early មានន័យថាកិច្ចការរហ័សប្រញ៉ាប់បន្ទាន់គឺវាមានប្រាំគឺររុករក បើរកឃើញហើយគឺត្រូវដាក់នៅដាច់ដោយឡែក ត្រូវឱ្យទទួលការព្យាបាលឱ្យបានភ្លាមៗ ត្រូវធ្វើការស្រាវជ្រាវឱ្យបានភ្លាមៗដើម្បីកំណត់មុខសញ្ញា ហើយនិងការអប់រំរបស់យើងគឺថាឱ្យបានលឿន បណ្តំបន្សងគឺថាអប់រំនេះគឺដោយដើរមុនទៀត មិនមែនឱ្យដើរក្រោយទេគឺថាឱ្យដើរមុនទៀត គឺថាproactiveឱ្យទៅមុន។ 

យុទ្ធសាស្ដ្រទីប្រាំ គឺជាយុទ្ធសាស្ត្រទីមួយដែលសម្តេចតេជោនាយករដ្ឋមន្ត្រី លោកយកចិត្តទុកដាក់ខ្ពស់ណាស់ គឺការរៀបចំទីតាំងជាកន្លែងបូជាឬក៏ជាកន្លែងសម្រាប់បញ្ចុះសពអីឱ្យបានល្អត្រឹមត្រូវ។ នេះគឺជាសន្តានចិត្តដ៏ល្អប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងពីព្រោះលោកមិនចង់ឃើញការស្លាប់បាត់បង់ជីវិតដោយដោយសារជំងឺនេះហើយមិនមានការអនុវត្តទៅតាមប្រពៃណីរបស់យើងឱ្យបានត្រឹមត្រូវនោះទេ ពីព្រោះយើងឃើញថានៅបណ្ដាប្រទេសមួយចំនួន គឺថាសពហ្នឹងគេយកទៅដាក់គរគ្នាអ៊ីចឹងទៅដែលជាស្ថានភាពមួយដែលវាពិបាកសម្រាប់យើងដែរ។ អ៊ីចឹងកន្លែងនេះគឺជាចំណុចល្អដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ហើយនិងចំណុចចុងក្រោយដូច្នេះខ្ញុំបានជម្រាបជូន យុទ្ធសាស្ត្រទីប្រាំមួយ គឺយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់យើងគឺធ្វើឱ្យបានលឿន។ នៅក្នុងយុទ្ធសាស្ត្រនេះអ្វីដែលប្រមុខរាជរដ្ឋាភិបាលលោកដាក់ចេញនេះគឺមានពបីដែលសំខាន់ៗ ដែលខ្ញុំចង់រំលេចជូននៅពេលនេះ ចំណុចទីមួយ គឺជាការប្រកាន់យកក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រជាបង្អែកដែលសម្ដេចតេជោគាត់បានប្រកាសហើយគឺបង្អែកយុទ្ធសាស្ត្រនេះគឺយើងយកសាធារណរដ្ឋប្រជាមានិតចិនជាគោលក្នុងការស្វែងរកវ៉ាក់សាំងក្នុងការទទួលយកវ៉ាក់សាំងជំនួយ ក៏ដូចជាការទិញយកវ៉ាក់សាំងនេះដើម្បីមកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានលឿនឱ្យបានទាន់ពេលវេលា ហើយនិងវ៉ាក់សាំងដែលទទួលបានពីប្រភពផ្សេងៗទៀតគឺយើងចាត់ទុកជាយុទ្ធសាស្ត្រគាំទ្រជាផ្នែកមួយដែលគាំទ្រទៅដល់ការងារចាក់វ៉ាក់សាំងឬការងារយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩របស់យើងនេះគឺជាចំណុចទីមួយ។ 

ចំណុចទីពីរដែលខ្ញុំចង់ជម្រាបជូននៅពេលនេះ ដែលសំខាន់ដែរនោះគឺសម្ដេចតេជោលោកឆ្លាតវៃនៅក្នុងការដាក់ចេញនូវរបៀបរបបនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះដោយប្រើប្រាស់នូវ «យុទ្ធសាស្ត្រផ្ការីក» ពីព្រោះយើងផ្តោតធ្វើម៉េចឱ្យមានភាពស៊ាំរបស់សហគមន៍ ក៏ដូចជាភាពស៊ាំរបស់បុគ្គលទៅតាមតំបន់នីមួយៗហ្នឹងគឺថាបានត្រឹមត្រូវ ហើយយើងដឹងហើយថានៅពេលដែលយើងចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០២១ ការប្រកាសចេញសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានប្រកាសចេញនូវការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះគឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលនោះវ៉ាក់សាំងរបស់យើងគឺមានតិចមែនទែន យើងទទួលបានជំនួយពីសាធារណរដ្ឋប្រជាមានិតចិនជាដំបូងបំផុត ហើយបន្ទាប់មកទៀតយើងទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់(COVAX) ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ (UNICEF​) ។ ហើយនៅពេលនោះគឺថាមនុស្សរត់រកវ៉ាក់សាំង អ៊ីចឹងវ៉ាក់សាំងមានតិចតែតម្រូវការនៃការចាក់វាច្រើនលើសលប់ អ៊ីចឹងប្រសិនបើយើងពង្រាយវ៉ាក់សាំងនេះមួយដុំនៅទីនេះ មួយដុំទៅទីនោះ វាមិនអាចបង្កើតបាននូវភាពស៊ាំសម្រាប់សហគមន៍យើងនោះទេ។ ដូច្នេះហើយការមើលឃើញវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានកំណត់ដាក់ចេញនូវ យុទ្ធសាស្ត្រផ្ការីក ដោយចាប់ផ្តើមចាក់ជាបឋម ជាដំបូងនេះគឺផ្ដោតក្រុមគ្រូពេទ្យជួរមុខ ក្រុមដែលមានហានិភ័យ ក្រុមជនចាស់ជរាហើយ ប៉ុន្តែចេញពីរាជធានីភ្នំពេញនិងខេត្តកណ្ដាលទៅ ដើម្បីឱ្យវ៉ាក់សាំងនេះគឺស្រោចស្រប់បានជោគជាំទៅ ហើយយើងនឹងចាប់ផ្ដើមនៅពេលដែលយើងរកវ៉ាក់សាំងបានជាបន្តបន្ទាប់ យើងនិងពង្រីកជាបន្តបន្ទាប់ទៀតទៅតាមស្រទាប់ផ្ការីកនេះជាបណ្តើរបណ្តើរដោយមានការចាត់ចែង ដោយត្រឹមត្រូវនេះ។​ 

ចំណុចទីបី ដែលខ្ញុំចង់លើកគឺសម្ដេចតេជោ នៅពេលដែលយើងមានការធ្វើយុទ្ធនាការបានមួយសំណើទៅហើយនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីលោកបានប្រកាសបង្កើតចេញនូវ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលយើងហៅអក្សរកាត់ថា គ.វ.ក.១៩ ហើយគណៈកម្មការចំពោះកិច្ចនេះបានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនដែលមានរូបខ្ញុំផ្ទាល់ជាប្រធាន ហើយក៏យើងក៏បានចាត់ចែងបន្ទាន់ភ្លាមៗតែម្ដងព្រោះនេះជាការងារបន្ទាន់ហើយអញ្ចឹងនៅក្នុងរយៈពេលត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ យើងក៏បានដាក់ចេញនូវ «ផែនការជាតិចាក់វ៉ាក់សាំងកូវីដ-១៩» ដែលយុទ្ធនាការដ៏ធំបានចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ដែលយើងទាំងអស់គ្នាក៏បានឃើញហើយគឺយើងធ្វើទៅគ្រប់កន្លែងតែម្ដងគឺថាផ្តោតនៅលើរាជធានីភ្នំពេញនេះគឺថាស្រោចវ៉ាក់សាំងនេះនៅតាមទីតាំងផ្សេងៗច្រើនមែនទែនហើយយើងក៏ប្រើប្រាស់ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលនេះ យើងក៏ប្រើប្រាស់នូវកម្លាំងសរុបមានន័យថាសំខាន់គឺយើងមានកម្លាំងក្រុមគ្រូពេទ្យក្រសួងការពារជាតិ ហើយក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាក្រុមគ្រូពេទ្យក្រសួងការពារជាតិទាំងអស់ដែលបានសកម្មនៅក្នុងការចូលរួមនៅក្នុងការធ្វើយុទ្ធនាការនេះ ហើយក៏យើងមានក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តធីតា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោនាយករដ្ឋមន្ត្រីដែលយើងហៅថាធីតានេះលោកបានចូលរួមយ៉ាងសកម្មមែនទែន ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ យើងក៏មានក្រុមយុវជនស្ម័គ្រចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ស.ស.យ.ក.សម្ព័ន្ធយុវជនស.ស.យ.ក.របស់យើងនេះហើយនិង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ យើងក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច សាយ ឈុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ទៀ បាញ់ ខ្ញុំសូមគោរពអរគុណជាអនេកធិបតេយ្យដែរ ដែលបានចូលរួមចំណែករួមជាមួយនឹងកម្លាំងក្រុមគ្រូពេទ្យរដ្ឋរបស់យើង ដែលនៅតាមមន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ យើងប្រើកម្លាំងសរុបនេះដើម្បីធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងគគ្រឹកគគ្រេង ដែលធ្វើឱ្យយើងឈានទៅសម្រេចបាននូវលទ្ធផលនៃការទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នេះគឺខ្ពស់ មកដល់ពេលនេះគឺការចាក់វ៉ាក់សាំងរបស់យើងនេះគឺបានទទួលនូវលទ្ធផលបើយើងនិយាយនៅក្នុងក្របខ័ណ្ឌ១៦លាននាក់នេះយើងចាក់បាន៩៣.៦៩ភាគរយទៅហើយ។ ហើយដោយឡែកឥឡូវនេះយើងក៏កំពុងតែធ្វើយុទ្ធនាការយ៉ាងសកម្មយ៉ាងក្តៅគគុកផ្ដល់វ៉ាក់សាំងដូសជំរុញ ឬក៏ដូសទីបី ឬក៏ដូសទីបួន ជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរបស់យើងនេះមកដល់ថ្ងៃយប់មិញនេះ ត្រឹមថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ គឺដូសទីបីគឺយើងចាក់បាន​ ៨ ៨៩២ ៧៦៦នាក់ហើយ ដោយឡែកដូសទីបួនគឺយើងចាក់បាន ២ ០៧៨ ០៦៨នាក់។

អ៊ីចឹងយុទ្ធនាការនេះគឺនៅមានជាបន្តទៀត ហើយកំពុងតែមានការសហការយ៉ាងសកម្មពីក្រុមសរុបរបស់យើងនេះដោយ គ.វ.ក១៩ ក៏ដាក់បញ្ចូននូវកម្លាំងទៅបន្ថែមដើម្បីជួយទៅដល់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥នេះទាំងក្រុមសម្ព័ន្ធយុវជនស.ស.យ.ក ទាំងក្រុមយុវជនស្ម័គ្រចិត្តសម្ដេច សាយ ឈុំ ក្រុមយុវជនស្ម័គ្រចិត្តសម្ដេច ទៀ បាញ់ ក្រុមយុវជនស្ម័គ្រចិត្តធីតា  ហើយនិងក្រុមគ្រូពេទ្យកងទ័ពរបស់យើងសដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មរហូតមកដល់ពេលនេះ។ អ៊ីចឹងនេះគឺជាចំណុចដែលសំខាន់ដែលខ្ញុំសុំអនុញ្ញាតជម្រាបជូន ហើយក៏សុំជម្រាបជូនផងដែរថាការចាប់ផ្តើមនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩របស់យើងនេះ ខ្ញុំជម្រាបជូនអម្បាញ់មិញហើយ យើងចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់ក្រុមអាយុ១៨ឆ្នាំឡើងដោយមានគោលដៅចាក់របស់យើងគឺ១០លាននាក់។ ក្នុងនោះពេលនោះក៏យើងផ្ដោតទៅលើក្រុមដែលមានហានិភ័យខ្ពស់ ក្រុមគ្រូពេទ្យជួរមុខ ក្រុមសមត្ថកិច្ច ក្រុមអីធ្វើការជួរមុខ និងក្រុមងាយរងហានិភ័យ។ បន្ទាប់មកទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី លោកក៏បានប្រកាសឱ្យធ្វើការផ្តល់វ៉ាក់សាំងជាយុទ្ធនាការគឺនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្រាប់ក្រុមអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ ដោយមានក្រុមគោលដៅរបស់យើងគឺ១លាន៨សែននាក់ជាង បន្ទាប់មកទៀតគឺនៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសធ្វើយុទ្ធនាការជូនដល់ចាក់វ៉ាក់សាំងដល់កុមារពីអាយុ៦ឆ្នាំទៅដល់ក្រោម១២ឆ្នាំនៅទូទាំងប្រទេសដោយមានក្រុមគោលដៅ ១លាន ៨៩៧ពាន់នាក់ជាង បន្ទាប់មកទៀតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសឱ្យផ្តល់នូវវ៉ាក់សាំងកូវីដ-១៩នេះជូនទៅក្រុមកុមារអាយុ៥ឆ្នាំ ដែលយើងមានក្រុមគោលដៅគឺ៣០៤ ៣១៧នាក់ ដោយឡែកនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសឱ្យមានការផ្ដល់វ៉ាក់សាំងកូវីដ-១៩នេះដល់ក្រុមកុមារតូចៗដែលមានអាយុពី៣ឆ្នាំទៅក្រោម៥ឆ្នាំ ដែលយើងមានគោលដៅសម្រាប់ចាក់នេះគឺ ៦១០ ៧៣០នាក់ ដោយឡែកចុងក្រោយគឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ យើងក៏បានប្រកាសឱ្យមានការ សម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្តល់ការសម្រេចដ៏ខ្ពង់ខ្ពស់ក្នុងការចាប់ផ្តើមនៅបូស្ទ័រដូស(Booster Dose) មានន័យថាដូសជំរុញ ចាប់ផ្តើមពីដូសទី៣ទៅនេះទៅដល់ក្រុមមន្ត្រីជួរមុខ ក្រុមដែលមានហានិភ័យខ្ពស់ ក្រុមដែលសមត្ថកិច្ច ក្រុមដែលធ្វើការនៅតាមមូលដ្ឋាន ដែលមិចហៅថាក្រុមដែលមានហានិភ័យខ្ពស់ហ្នឹង ហើយនិងក្រុមដែលមានវ័យចាស់ជរាជាដើមដែលយើងបានផ្ដល់ ប៉ុន្តែមកដល់បច្ចុប្បន្ននេះការធ្វើយុទ្ធនាការនៅក្រុមអស់នោះក៏ធ្វើហើយក៏យើងបានផ្ដោតទៅលើការផ្តល់នេះទៅដល់បងប្អូនរបស់យើងដែលដល់វេនចាក់ហើយត្រូវទទួលបាននូវវ៉ាក់សាំងកូវីដ-១៩នេះទៅតាមពេលវេលាដែលសមស្របដែលគាត់ទៅទទួលយក ហើយការផ្តល់នូវវ៉ាក់សាំងកូវីដ-១៩នេះគឺធ្វើដោយមិនមានការបង់ថ្លៃទេ មានន័យថារដ្ឋជាអ្នកទទួលបន្ទុកទាំងអស់ ទាំងការទិញវ៉ាក់សាំង ទាំងការចាត់ចែងកម្លាំងចុះទៅផ្តល់នូវវ៉ាក់សាំងជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយឱ្យតែបងប្អូនប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងទៅបានហើយគឺមិនមានការអស់លុយអស់កាក់អីទេ។

សំណួរទី ៣៖   ដូចលោកជំទាវបានលើកឡើងពីខាងដើមថាចាប់តាំងពីថ្ងៃទី ២៦ ខែមេសាកន្លងទៅនេះ សម្ដេចនាយករដ្ឋមន្ត្រី លោកបានថ្លែងអំពីការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈនៅទូទាំងប្រទេស នៅក្នុងករណីនេះថាតើវាអាចជាសញ្ញាណវិជ្ជមានមួយក៏ដូចជាការបោះជំហានធំរបស់កម្ពុជាក្នុងការត្រឡប់ទៅស្ថានភាពកាលពីមុនកើតមានឡើងនៃកូវីដ-១៩ឬក៏យ៉ាងណាដែរ?

ចំណុចនេះជាចំណុចមួយដែលយើងទាំងអស់គ្នាត្រូវមានការគិតគូរក៏ដូចជាការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ខ្ញុំយល់ថាសម្រាប់បុគ្គលខ្លួនខ្ញុំទេ ខ្ញុំយល់ថាការដាក់ចេញនូវការសម្រេចចិត្តរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺជាការដាក់ចេញមួយដែលមានភាពសមស្របត្រឹមត្រូវទៅតាមសភាពការណ៍។ យើងឃើញហើយថាស្ថានភាពនៃការរាតត្បាតក៏ដូចជាការឆ្លងនៃជំងឺកូវីដ-១៩នៅកម្ពុជានាពេលនេះគឺមានសភាពល្អប្រសើរ ហើយទន្ទឹមនឹងការគិតគូរនូវការអនុវត្តវិធានការក្រសួងសុខាភិបាលក៏យើងមិនត្រូវភ្លេចអំពីការរស់រានឬជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាសេដ្ឋកិច្ចរបស់ក្រុមគ្រួសារនោះទេ។ ដូច្នេះហើយការដែលរៀនសូត្រពីការដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩នេះ គឺវាបានផ្ដល់បទពិសោធន៍សម្រាប់កម្ពុជា ហើយក៏ផ្ដល់នូវបទពិសោធន៍សម្រាប់នៃការសម្រេចចិត្តផងដែរ។

ការលើកលែងកាតព្វកិច្ចនៃការពាក់ម៉ាស់នៅទីសាធារណៈវាស្របទៅតាមកាលៈទេសៈ វាស្របទៅតាមពេលវេលាមួយដោយសារទីសាធារណៈ វាជាទីលំហ ហើយវាស្របទៅតាមបរិបទដែលកន្លងមកនេះ អង្គការសុខភាពពិភពលោកក៏តែងតែមានការលើកឡើង ហើយក៏មានការណែនាំរួចទៅហើយដែរ ប្រសិនបើសំខាន់គឺគេហៅថាventilation​មានន័យថាសម្រាប់បញ្ហាកូវីដ-១៩នេះសំខាន់គឺចង់ឱ្យមនុស្សដែលស្ថិតនៅទីតាំងនោះមានខ្យល់អាកាសចេញចូលបានល្អត្រឹមត្រូវ ដើម្បីកាត់បន្ថយបានជាអតិបរមានូវលទ្ធភាពនៃការចម្លងផងដែរ គួបផ្សំជាមួយនឹងវិធានការផ្សេងៗទៀត។ អ៊ីចឹងការលើកលែងការពាក់ម៉ាស់នេះ វាអាស្រ័យលើទម្លាប់ ក៏ដូចជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គលដែលប្រមុខរាជរដ្ឋាភិបាល លោកផ្តល់ជម្រើសជូនដល់បុគ្គលហើយដែលយើងគិតថាតើអាហ្នឹងវាជាសញ្ញាមួយដែលអាចនឹងវិលត្រឡប់ទៅរកស្ថានភាពនៃការផ្ទុះចេញនូវកូវីដ-១៩ដែរឬទេ? កន្លែងនេះវាអាស្រ័យទៅលើការអនុវត្តដ៏ត្រឹមត្រូវរបស់បុគ្គលនីមួយៗ ហើយនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គល ក៏ដូចជារបស់ក្រុមគ្រួសារដែរ ពីព្រោះយើងទាំងអស់គ្នាក៏ដឹងហើយថាលទ្ធភាពនៃការចម្លងនៃវីរុសកូវីដ-១៩គឺកើតឡើងនៅតាមទីតាំង ដែលមានមនុស្សច្រើនកុះករ ហើយជាពិសេសគឺនៅទីតាំងដែលបិទជិត ហើយដែលមិនមានខ្យល់ចេញចូល ហើយដែលប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ច្រើន។ អ៊ីចឹងកន្លែងនេះបងប្អូនត្រូវចេះគិតនិងពិចារណានៅក្នុងការជ្រើសរើស ប្រសិនបើបងប្អូននៅតាមទីវាល ទីសាធារណៈ បងប្អូនអាចសម្រេចចិត្តថាពាក់ម៉ាស់ឬក៏អាចដោះម៉ាស់បាន​ ក៏ប៉ុន្តែប្រសិនបើនៅក្នុងទីតាំងដែលខ្ញុំបានជម្រាបជូនអម្បាញ់មិញនេះ បងប្អូនគួរតែពិចារណានៅក្នុងការប្រកាន់យកនូវវិធានការការពារខ្លួន​ ហើយការដែលយើងប្រកាន់យកនូវវិធានការការពារខ្លួននេះគឺដើម្បីសុខភាពផ្ទាល់ខ្លួនទេ អត់មានទៅសុខភាពពីណាទេ អ៊ីចឹងការបន្តនូវការការពារគឺនៅតែជាកត្តាចាំបាច់ហើយវាអាចលេចចេញនូវការឆ្លងឬមិនឆ្លង ក៏អាស្រ័យទៅលើការអនុវត្តលើការប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពីព្រោះខ្ញុំបានលើកឡើងខាងដើមហើយ យើងត្រូវរួមគ្នាមិនអាចនរណាម្នាក់ទេប៉ុន្តែយើងត្រូវរួមគ្នា ជាការពិតគឺផ្ដើមចេញពីបុគ្គល ផ្ដើមចេញពីក្រុមគ្រួសារ ចូលទៅក្នុងសហគមន៍ ហើយរួមគ្នាតែម្ដងដើម្បីធ្វើម៉េចឱ្យរក្សានូវនិរន្តភាពនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីឱ្យវាបានយូរ យើងអត់ចង់ឱ្យមានការវិលត្រឡប់ទៅរកការឆ្លងរាតត្បាតឡើងវិញនោះទេ។

អ៊ីចឹងធ្វើម៉េចដើម្បីឱ្យមាននិរន្តរភាពនេះបាន អ៊ីចឹងវាអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺតាមម្ចាស់ទីតាំងយើងលើកតាំងពីសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ដូរ ទីផ្សារ ហើយនិងកន្លែងផ្សេងទៀតដែលជាកន្លែងប្រកបរបរអាជីវកម្មហើយដែលមានមនុស្សម្នា ដែលមានអតិថិជនដ៏ច្រើនដែលមកកាន់ទីតាំងនោះ។ អ៊ីចឹងទាំងម្ចាស់ទីតាំង ទាំងបុគ្គល ទាំងក្រុមគ្រួសារនេះក៏ត្រូវតែប្រកាន់យកឥរិយាបថ​ យើងហៅថា Be Alertedហើយនិង Be Prepared​​ មានន័យថាត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថមួយ យើងកុំភ្លេចខ្លួនថាវីរុសកូវីដ-១៩នេះវាអត់ទាន់ទៅណាឆ្ងាយពីយើងហើយវាក៏មិនទាន់ផុតរលត់ពីដែនដីយើងនេះឡើយទេ។​ ខ្ញុំបានជម្រាបជូនខាងដើមហើយថានៅលើសកលលោកវីរុសកូវីដ-១៩នេះកំពុងតែឆ្លងនៅឡើយទេ ហើយនៅតាមតំបន់យើងនេះក៏កំពុងមានការឆ្លងនៅឡើយដែរ។ អ៊ីចឹងកន្លែងនេះជាចំណុចសំខាន់ ម្យ៉ាងគឺការអនុវត្តវិធានការដែលយើងត្រូវរៀនសូត្រជាបណ្តើរៗដើម្បីឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគឺវិលត្រឡប់ទៅលើស្ថានភាពធម្មតានេះនៅក្នុងប្រក្រតីភាពថ្មីឱ្យវាមាននិរន្តរភាពបានយូរអង្វែង។ អ៊ីចឹងកន្លែងនេះខ្ញុំគិតថា បច្ចុប្បន្ននេះតាមការសង្កេតជារួមយើងឃើញថាបងប្អូនប្រជាពលរដ្ឋ លោកនៅគិតគូរ លោកនៅប្រកាន់យក ហើយលោកក៏ត្រង់ត្រាប់អនុវត្តទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីរបស់យើងនេះផងដែរ៕

វាគ្មិនកិត្តិយស៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជារដ្ឋលេខាធិការ  និង​អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ
អ្នករៀបរៀងអត្ថបទ៖ កញ្ញា អ៊ុច សម្ផស្ស

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031