Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត

AVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត

ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញវត្តមានមក វាបានបង្កជាផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំដែលជាវិស័យស្នូលនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ហាប់ ផល្ធី បានពន្យល់ពីផលលំបាក និងបញ្ហាប្រឈមនានាដែលនិស្សិតក៏ដូចជាគ្រូជួបប្រទះក្នុងការសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងតួនាទីនៃបច្ចេកវិទ្យាជឿនលឿនក្នុងវិស័យអប់រំកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

សំណួរទី ១៖  ជាបឋម តើវិបត្តិនៃជំងឺកូវីដ-១៩នេះ បានជះឥទ្ធិពលយ៉ាងដូចម្ដេចខ្លះទៅដល់គ្រិះស្ថានអប់រំឧត្ដមសិក្សានៅកម្ពុជា និងផ្ដល់នូវបញ្ហាប្រឈមអ្វីខ្លះទៅដល់ដំណើរការសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស?

យើងឃើញថាកម្ពុជាយើង មិនធ្លាប់បានគិតថាត្រូវជួបប្រទះការរៀនពីចម្ងាយ ប៉ុន្តែនៅពេលដែលជំងឺកូវីដមកដល់ វាក៏បានផ្ដាច់ទំនាក់ទំនងរវាងគ្រូនិងសិស្ស។ ដូច្នេះ នៅពេលដែលជំងឺនេះចូលមកដល់ដំបូងវាគឺជាអាសន្នមួយដែលផ្ដល់ការលំបាក់ខ្លាំង ទីមួយ វាបានផ្អាកនូវដំណើរការរៀនសូត្ររបស់និស្សិត ទីពីរ យើងមិនដឹងថាគួរប្រើប្រាស់មធ្យោបាយណាដើម្បីសម្របខ្លួន ដោយសារវាជាបញ្ហាប្រឈមថ្មីទាំងគ្រូនិងនិស្សិតមិនដែលធ្លាប់ជួបពីមុនមក។ ផលប៉ះពាក់ធំបំផុតនៃជំងឺកូវីដ-១៩ មកដល់វិស័យអប់រំនេះត្រង់ថា និស្សិត និងគ្រូមិនអាចជួបមុខគ្នាបាន ហើយវាបានធ្វើឲ្យមានចន្លោះមួយចំនួន ដូចជាសកលវិទ្យាល័យខ្លះដែលគេបានរៀបចំជាមុនគេមានវិធានការក្នុងការឆ្លើយតបទៅនឹងបញ្ហាបានភ្លាមៗ ប៉ុន្តែសាកលវិទ្យាល័យផ្សេងៗទៀតដូចជាសាកលវិទ្យាល័យរដ្ឋ ត្រូវមានការផ្អាកដំណើរការសិក្សាមួយរយៈដើម្បីផ្លាស់ប្ដូរការសិក្សាតាមបរិបទថ្មី ជាក់ស្ដែងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយ (Online Study)។ ម្យ៉ាងវិញទៀត វិបត្តិជម្ងឺកូវីដ-១៩នេះបានប៉ះពាល់ទៅលើថាតើយើងគួរតែផ្សារភ្ជាប់ការសិក្សាទៅនឹងបរិបទបច្ចុប្បន្ននេះ គួបផ្សំទៅនឹងការភ័យខ្លាចចំពោះជំងឺកូវីដ-១៩នេះផង។ ឆ្លើយដោយខ្លីទៅនឹងសំណួរខាងលើ វិបត្តិកូវីដ-១៩ប៉ះពាល់ខ្លាំងបំផុតគឺទៅលើផ្នែកបច្ចេកវិទ្យា ដែលយើងមិនទាន់បានត្រៀមខ្លួនរួចជាមុន ចំពោះការផ្សារភ្ជាប់ពីការសិក្សានៅក្នុងថ្នាក់និងការសិក្សាពីចម្ងាយ។

សំណួរទី ២៖  យើងឃើញថា បច្ចេកវិទ្យាទំនើបៗកំពុងតែរីកលូតលាស់ និងក្លាយជាមធ្យោបាយចម្បងនៅក្នុងវិស័យអប់រំអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ ចំពោះការយល់ឃើញរបស់លោកបណ្ឌិត តើការសម្របខ្លួនរបស់និស្សិតពីការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់ មកជាការសិក្សាពីចម្ងាយតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗទាំងនោះ ផ្ដល់នូវផលលំបាក ក៏ដូចជាផលប៉ះពាល់ទៅដល់លទ្ធផលនៃការសិក្សារបស់ពួកគេយ៉ាងដូចម្ដេចខ្លះ?

ដូចដែលខ្ញុំបានលើកឡើងពីខាងលើរួចហើយ សម្រាប់សិស្សទាំងអស់ដែលជួបប្រទះភ្លាមៗទៅនឹងបរិបទនៃការសិក្សាពីចម្ងាយថ្មី គឺទទួលនូវឥទ្ធិពលខ្លាំង ដោសសិស្សនិស្សិតមានភាពអសកម្មនៅនឹងការសិក្សារបស់ខ្លួន ហើយនិស្សិតមិនដឹងថាគួរជម្រុញខ្លួនឯងដោយរបៀបណា ដោយសារតែមិនមានការជួបជុំដោយផ្ទាល់ជាមួយគ្រូ និងមិត្តភក្តិ។ បើតាមទស្សនៈរបស់ខ្ញុំ គឺមានការអាណិត្តនិស្សិតខ្លាំង ពីព្រោះពួកគាត់មិនអាចទទួលយកបាន និងមិនអាចសម្របខ្លួនបានទៅនឹងបរិយាកាសសិក្សាថ្មី។ ប៉ុន្តែមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំបាត់ទៅហើយ អញ្ចឹងនិស្សិតអាចសម្របខ្លួនទៅនឹងការសិក្សាក្នុងបរិបទថ្មីនេះបាន ហើយក៏មិនអាចបន្តភាពអសកម្មកាលពីមុនដំបូងបានទៀតនោះទេ ពីព្រោះការយើងមិនដឹងវិបត្តិកូវីដ-១៩ នេះនឹងបន្តដល់ពេលណាទៀតទេ។ ដូច្នេះ យើងឃើញពីសន្ទុះរបស់និស្សិតមួយចំនួនបានចាប់ផ្ដើមផ្សារភ្ជាប់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT – Information and Communication Technology) ទៅនឹងការសិក្សារបស់ខ្លួន និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិតាមរយៈ Virtual Meeting។ រីឯចំណែកគ្រូវិញក៏មានបញ្ហា ដោយសារគ្រូមិនធ្លាប់ជួបប្រទះនូវការបង្រៀនដោយនិយាយម្នាក់ឯង ដែលពីមុនធ្លាប់តែមានការប្រាស្រ័យទាក់ទងគ្នាជាមួយសិស្សនិស្សិតដោយផ្ទាល់នៅក្នុងថ្នាក់ ហើយប្រសិនបើគ្រូឈប់និយាយបន្តិច យើងមិនដឹងថាស្ថានភាពដែលសិក្សាពីចម្ងាយនោះនឹងទៅជាយ៉ាងណាទេ។​

សំណួរទី ៣៖  នាពេលអនាគត តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះការវិវត្តន៍នៃមធ្យោបាយនៃការសិក្សា និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្រ្តាចារ្យ និងនិស្សិតថ្នាក់ឧត្តមសិក្សាក្រោយពីវិបត្តិជំងឺកូវីដ-១៩នេះ ត្រូវបានរលត់ផុតទៅ និងបន្ទាប់ពីមានវត្តមានដ៏លិចធ្លោនៃបច្ចេកវិទ្យា និងប្រព័ន្ធអ៊ីធឺណិតក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ននេះ?

យើងបានដឹងហើយ ថានៅពេលដែលបញ្ហាចូលមកដំបូងយើងមិនដឹងគួរងាកទៅរកច្រកមួយណាដើម្បីដោះស្រាយបញ្ហានេះរួច។ ប៉ុន្តែក្រោយមកយើងក៏បានរកឃើញនូវដំណោះស្រាយ ដែលនោះគឺជាការវិវត្តនៃបច្ចេកវិទ្យា ហើយវាក៏បានជួយនៅក្នុងវិស័យអប់រំច្រើន ដែលវាអាចជួយឱ្យយើងទាក់ទងគ្នាបាន ជួបជុំគ្នាបានថ្វីត្បិតតែវាមិនអាចឱ្យយើងនៅជាមួយគ្នាផ្ទាល់ តែក៏បានជួបគ្នាតាមរយៈអនឡាញ។ សម្រាប់ខ្ញុំផ្ទាល់ នៅពេលអនាគតយើងគួរតែឈ្លាតក្ដាប់យកឱកាសចំណេញពីអ្វីដែលយើងកំពុងតែរងផលប៉ះពាល់នេះ។ ដូច្នេះ សរុបសេចក្ដីមកខ្ញុំគិតថាការសិក្សានេះគួរតែចម្រុះដែលអាចនឹងកើតឡើង ពីព្រោះបើកាលណាយើងសិក្សាពីចម្ងាយទាំងអស់ នោះមនោសញ្ចេតនារវាងគ្រូ និងសិស្សត្រូវបានបាត់បង់អស់ហើយ ដោយសារនិស្សិតនិងគ្រូមិនបានជួបគ្នា។ ដូច្នេះ ដើម្បីចំណេញពីការជឿនលឿននៃបច្ចេកវិទ្យា (Advance Technology) យើងគួរតែរួមបញ្ចូលគ្នារវាងការសិក្សាដោយផ្ទាល់ និងការសិក្សាពីចម្ងាយ ដើម្បីជាផលចំណេញមកដល់យើងទាំងអស់គ្នា។ មួយវិញទៀត ខ្ញុំគិតថាការសិក្សាបែបណាក៏អាចជោគជ័យបានដែរ ប៉ុន្តែលុះត្រាណាតែនិស្សិត និងគ្រូមានការប្ដេជ្ញាចិត្តខ្ពស់ និងមានការប្រឹងប្រែងទាំអស់គ្នា។

សំណួរទី ៤៖  បើតាមទស្សនៈ និងជាការផ្ញើសារផ្ទាល់របស់លោកបណ្ឌិតទៅដល់និស្សិតនៅទូទាំងប្រទេសកម្ពុជា តើពួកគាត់គួរត្រៀមខ្លួន និងសម្របខ្លួនយ៉ាងណាដើម្បីជម្នះនូវបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ ដើម្បីឈាមទៅរកកាលានុវត្តភាពក្នុងការសម្រេចគោលដៅថ្នាក់ឧត្ដមសិក្សារបស់ពួកគេ?

ខ្ញុំចង់ផ្តាំផ្ញើទៅដល់និស្សិតនៅកម្ពុជាទាំងអស់ ក៏ដូចជានិស្សិតទូទាំងពិភពលោក ប្រសិនបើយើងជួបឧបសគ្គហើយយើងអាចជម្នះនូវឧបសគ្គទាំងអស់នោះ វាបង្ហាញពីភាពខ្លាំងរបស់យើង។ នៅពេលដែលយើងជួបបញ្ហាអ្វីមួយ យើងគួរតែព្យាយាមដោះស្រាយ។ ជាក់ស្ដែងនៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះនិស្សិត និងគ្រូមិនអាចជួបមុខគ្នាបាន គឺយើងត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ និងបន្តការសិក្សាទៅមុខទៀត។ ជាសំណាងផងដែរ យើងអាចធ្វើទំនាក់ទំនងជាមួយសាស្រ្តាចារ្យបានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលបានផ្ដល់ឱ្យយើង ដើម្បីរក្សានូវទំនាក់ទំនង ហើយយើងក៏គួរតែបន្តភាពសកម្មក្នុងការសិក្សា និងត្រូវលះបង់ ពីព្រោះថាពេលវេលាចេះតែដើរលឿនទៅមុខ។ យើងក៏មិនគួរតែរងចាំពេលវេលាដែលពោរពេញទៅដោយភាពភ័យក្លាចបានទេ។ ជាមួយគ្នានេះ យើងត្រូវតែមើលថែសុខភាពឱ្យមានល្អ ហើយក៏ត្រូវតែឆក់យកឱកាសនេះដើម្បីជាការផលិតនូវចំណេះដឹងពិតប្រាកដ ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិ។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ហាប់ ផល្ធី ប្រធានថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930