Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

AVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបន្យល់អំពីគោលការណ៍ និងរបៀបវារៈនៃក្រមខណ្ឌ COP របស់អង្គការសហប្រជាជាតិ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ។

សំណួរទី ១៖  សន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ ឬ COP26 ឆ្នាំនេះត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ដែលចាប់ផ្ដើមពីថ្ងៃទី៣១ ខែតុលា រហូតសល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាបឋម លោកបណ្ឌិតជួយរំលិចបន្តិចបានទេថា តើសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឬ COP26 នេះជាអ្វី? ហើយមានគោលការណ៍ និងរបៀបវារៈអ្វីខ្លះ? តើវេទិការនេះផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់ពិភពលោកទាំងមូលក្នុងការដោះស្រាយ និងទប់ទល់ការប្រែប្រួលអាកាសធាតុ?

COP26 នេះជាពាក្យកាត់របស់ភាសាអង់គ្លេសគឺ 26th Conference of the Parties។ កាលពីដើមទសវត្សរ៍១៩៩០ យើងមានកិច្ចព្រមព្រៀងពិភពលោក ទាក់ទងទៅនឹងក្រមខណ្ឌសន្ធិសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកាលនោះគេហៅថា COP ដែលជាកិច្ចប្រជុំប្រចាំឆ្នាំតមករហូត។ ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំពិភពលោក និងជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិ មកជួបជុំគ្នាដើម្បីបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ការណ៍ដែលយើងនិយាយ COP26 នេះគឺសំដៅទៅលើការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាក៏មានការសំដៅទៅលើបញ្ហាផ្សេងទៀតដូចជា ជីវចម្រុះ និងប្រធានបទផ្សេងៗទៀត។ COP ដែលយើងនិយាយនៅពេលនេះ គឺក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដែលប្រមុខរដ្ឋទាំងអស់ទៅជួបជុំគ្នា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដែលកើតឡើងដោយសារតែការកើនឡើងកំដៅលើពភផែនដី។

សំណួរសួរថា ហេតុអ្វីបានជាកិច្ចប្រជុំនៅក្លាស្កូ ប្រទេសស្កុតឡេននេះសំខាន់? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវពិនិត្រទៅមើលការរីកចម្រើនទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ប្រទេសមួយៗទៅលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពេលដែលគេប្រកាស់បើកឲ្យមានការប្តេជ្ញាចិត្តឲ្យមានការចុះហត្ថលេខានៅក្នុងខែធ្នូ ឆ្នាំ២០១៥ និងចូលជាផ្លូវការនៅខែវិច្ឆិការ ឆ្នាំ២០១៦។ បន្ទាប់មកប្រទេសទាំងអស់នេះ ចាប់ផ្ដើមចូលរួមធ្វើយ៉ាងណាទប់ស្កាត់ការកើនឡើងកំដៅផែនដីឲ្យនៅត្រឹម ២អង្សាសេ ឬល្អបំផុតត្រឹម ១,៥អង្សាសេ នៅបំណាច់សតវត្សនេះ។ អញ្ចឹង ដើម្បីកាត់បន្ថយការកើនឡើងសីតុណ្ហភាព ប្រទេសទាំងអស់ត្រូវមានការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

សំណួរទី ២៖  បើតាមការចុះផ្សាយព័ត៌មានមួយចំនួនបានបង្ហាញថា មេដឹកនាំនៃប្រទេសធំៗដែលរួមមានរុស្ស៊ី ចិន និងប្រេស៊ីលជាដើម បានប្រកាសនូវអវត្តមានរបស់ខ្លួនក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិមួយនេះ។ តើមានមូលហេតុចម្បងអ្វីខ្លះដែលធ្វើឲ្យប្រទេសទាំងនោះសម្រេចមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ?

យើងឃើញមានការចុះផ្សាយថាប្រទេសធំៗដូចជា ប្រទេសរុស្ស៊ី ចិន និងប្រេស៊ីល ដែលគាត់មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល COP26 នេះទេ ហើយក៏មានការលើកឡើងពីក្ដីព្រួយបារម្មថាប្រទេសធំៗទាំងអស់នោះ គាត់នៅតែមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាអាកាសធាតុឬមួយក៏អត់ ឬក៏មានការផ្លាស់ប្ដូរគោលជំហររបៀបណា។ ប៉ុន្តែបើយើងក្រឡេកទៅមើលសេចក្ដីថ្លែងការណ៍របស់ពួកគាត់ ដូចជាប្រទេសចិន គឺគាត់នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកជាមួយពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ហើយនៅតែមានការបញ្ជាក់ពីការផ្លាស់ប្ដូរក្នុងសង្គមមួយដែលមានការបំភាយកាបូនទាប ការរស់នៅក្នុងសង្គមដែលមានភាពបៃតង ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលនៅតែជាអាទិភាពរបស់ប្រទេសទាំងនោះក្នុងការឆ្លើយតបនឹងការរួមចំណែកពិភពលោក។ ជាលទ្ធផលនេះផងដែរ យើងឃើញថាមានការរួមគ្នារវាងសហរដ្ឋអាមេរិកនិងចិន ថានឹងព្យាយាមធ្វើការយ៉ាងណាដើម្បីដោះស្រាយ និងកាត់បន្ថយទប់ស្កាត់ការកើនឡើងកំដៅឲ្យនៅត្រឹម ១,៥អង្សាសេ នៅឆ្នាំ២០៣០។ នេះគឺជាការប្ដេជ្ញាចិត្តមួយដែលគួរឲ្យភ្ញាក់ផ្អើល រវាងសមាជិកទាំងអស់នៅក្នុងមហាសន្និបាទតបស់អង្គការសហប្រជាជាតិនេះ ដោយសារនៅក្នុងកិច្ចប្រជុំនេះមានការរិះគុណពីសហរដ្ឋអាមេរិកអំពីអវត្តមានរបស់ប្រទេសចិន ក៏ប៉ុន្តែតាមរយៈកិច្ចចរចារបស់ពួកគាត់ គឺទទួលបានលទ្ធផលវិជ្ជមាន។ បើនិយាយមែនទែនទៅ ប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក គឺសុទ្ធតែជាប្រទេសធំៗសំខាន់ដែលដើរតួនាទីក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក្នុងបរិយាកាស អញ្ចឹងការប្ដេជ្ញាចិត្តចូលរួមចំណែករបស់ពួកគាត់ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការដោះស្រាយ ការទប់ស្កាត់ការកើនឡើងកំដៅភពផែនដីយើងនេះ។

សំណួរទី ៣៖  កិច្ចប្រជុំកំពូល COP26 នេះត្រូវបានគេចាត់ទុកថាជាឱកាសចុងក្រោយ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ដំណើរការបានពេញលេញ ដែលមានគោលដៅក្នុងការកំណត់ការឡើងកម្ដៅផែនដីជាមធ្យមឲ្យនៅក្រោម២អង្សាសេ ឬល្អបំផុតត្រឹម ១,៥អង្សាសេ និងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ តើកិច្ចប្រជុំកំពូល COP26 នេះបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលបែបណាខ្លះ?

បើយើងពិនិត្យមើលទៅលើលទ្ធផលនៃកិច្ចប្រជុំនេះ គឺមានភាពវិជ្ជមានក៏ប៉ុន្តែក៏មានចំនុចដែលមិនបានសម្រេចដូចការរំពឹងទុកផងដែរ។ ហើយនៅពេលដែលយើងនិយាយថា COP26 នេះជាឱកាសចុងក្រោយ គឺមែនទែនទៅហាក់បីដូចជាការបង្ហាញអារម្មណ៍នៃការត្រូវការការដោះស្រាយបញ្ហា​ឲ្យ មានឆាប់ដូចដែលអាចធ្វើទៅបាន ពីព្រោះបើយើងពិនិត្យមើលទៅលើកម្រិតនៃការការបំភាយឧស្ម័នផ្ទះកញ្ចក់ជារាងរាល់ថ្ងៃនេះ អ្នកជំនាញខាងអាកាសធាតុបានព្យាករណ៍ថាគោលដៅក្នុងការកំណត់ការកំដៅផែនដីត្រឹម ១,៥អង្សាសេ នឹងសម្រេចបាននៅត្រឹមឆ្នាំ២០៣០ ដោយមិនបាច់ឈានទៅដល់ឆ្នាំ២១០០ នោះទេ។ ហើយយើងឃើញមានការប្ដេជ្ញាចិត្តខ្លាំងលើការសឹករេចរឹល និងការបាត់បង់ព្រៃឈើឲ្យនៅត្រឹមឆ្នាំ២០៣០។ ហើយកម្ពុជាយើងក៏មានការចូលរួមចំណែកដែរ ដែលឃើញមានព័ត៌មានផ្សាយថាយើងមិនបានចូលរួមក្នុងការប្ដេជ្ញាចិត្ត ប៉ុន្តែបើយើងក្រឡេកទៅមើលសេចក្ដីថ្លែការណ៍របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថាប្រទេសកម្ពុជាយើងនឹងកាត់បន្ថយឲ្យបានត្រឹម៤០% នៅឆ្នាំ២០៣០។ ហើយកម្ពុជាក៏មានការសម្ភោធន៍ឲ្យមានការប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិតថាពលដែលប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលមានទំហំ៤០០មេហ្គាវ៉ាត់ ដែលស្មើនឹង២០% នៃការផលិតអគ្គិសនីរបស់យើងសរុប។ កម្ពុជាយើងក៏បានសន្យាអំពីការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គផងដែរ ហើយនឹងព្យាយាមចូលរួមយ៉ាងសកម្ម បើទោះបីជាប្រទេសកម្ពុជាយើងជាជនរងគ្រោះ ហើយការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នឹងទៅតាមស្មារតីនៃការស្ម័គ្រចិត្តក៏ដោយ។

សំណួរទី ៤៖  បើតាមខ្ញុំដឹងតាមរយៈសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីការសន្យា និងការប្តេជ្ញាចិត្តរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួនដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើមក្នុងការផ្ដល់នូវជំនួយហិញ្ញវត្ថុជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ តើការផ្ដល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីស្ដារ និងទប់ទល់ការប្រែប្រួលអាកាសធាតុនោះអាចអនុវត្តនៅក្នុងទម្រង់ និងលក្ខខណ្ឌបែបណាខ្លះ?

ពាក់ព័ន្ធនឹងហិរញ្ញប្បទានគាំទ្រដល់ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ គឺមានទម្រង់ច្រើនដូចជា Climate Green Fund តាមរយៈការបង្កើតនូវមូលនិធិផ្សេងៗក្នុងការជួយ ហើយពីមុនមកគឺមានជំនួយច្រើនទៅដល់ប្រទេសនានា ដើម្បីធ្វើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ក៏ប៉ុន្តែឥឡូវ យើងសង្កេតឃើញមានការលើកទឹកចិត្តឲ្យមានការជម្រុញដល់ការជួយប្រទេសដែលរងគ្រោះ ឧទាហរណ៍ដូចប្រទេសកម្ពុជាយើងមិនមែនជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ដែលមានបរិមាណច្រើន ឬបង្កបញ្ហាដល់ការកើនឡើងនៃកំដៅភពផែនដី តែយើងជាជនរងគ្រោះ។ ហើយមានប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ដែលគាត់មានសមត្ថភាពក្នុងការបន្សាំតិច និងប្រឈមជាមួយនឹងផលប៉ះពាល់ជាមួយនឹងការប្រែប្រួលអាកាសធាតុដូចនៅតាមដងឆ្នេរវែង ឬគាត់ពឹងផ្អែកទៅលើវិស័យកសិកម្មពេលដែលមានភាពរាំងស្ងួត ឬមួយក៏មានទឹកជំនន់មក។ អញ្ចឹងមាននិន្នាការមួយ គឺជម្រុញឲ្យពួកគាត់ដែលប្រទេសអភិវឌ្ឍន៍ចូលរួមចំណែកក្នុងការផ្ដល់មូលនិធិ ជួយដល់ប្រទេសទាំងអស់ដែលទទួលរងផលប៉ះពាល់ ដែលគេហៅថា Loss and Damage មានន័យថាបាត់បង់និងខូចខាត។ រាល់ឆ្នាំកន្លងមក ប្រទេសអភិវឌ្ឍន៍គាត់តែងតែសន្យាច្រើន ប៉ុន្តែការគោរពពាក្យសន្យារបស់គាត់មិនបានដូចអ្វីដែលគាត់និយាយទេ អញ្ចឹងបានជាគេជម្រុញដដែលៗថា ប្រទេសអភិវឌ្ឍន៍ទាំងនោះគួរតែគោរពឲ្យបាននូវការសន្យារបស់ពួកគាត់។

នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតសោធ ក៏បានបញ្ជាក់អំពីការតាមដាននូវប្រព័ន្ធហិរញ្ញវត្ថុផងដែរ ថាតើហិរញ្ញវត្ថុនេះគួរចូលរួមជំនួយដោយរបៀបណា ជួយដោយផ្ទាល់ ឬជួយតាមរយៈការផ្ទេរបច្ចេកវិទ្យាដែលមានន័យថាជួយក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដូចជាការប្រើ Solar នៅតាមផ្លូវឬបច្ចេកវិទ្យាការចាប់ស្រូបយកការបំភាយឧស្ម័នជាដើម។ ហើយយើងក៏មានគំនិតផ្ដួចផ្ដើមមួយទៀតក្នុងការពិនិត្យការរីកចម្រើននៃការអនុវត្តការប្ដេជ្ញាចិត្ត ពីព្រោះឥឡូវយើងកំពុងតែរៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីឲ្យមានអព្យាក្រឹតកាបូន គឺធ្វើយ៉ាងណាឲ្យមានការបញ្ចេញកាបូន និងការស្រូបយកនឹងមានកម្រិតស្មើគ្នា។

ចំពោះវិស័យថាមពលគឺ ជាវិស័យធំលើពិភពលោក និងជាវិស័យទីពីរនៅកម្ពុជាដែលបំភាយឧស្ម័នទៅច្រើន។ ដូច្នេះការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់គឺ សំខាន់មែនទែន។ ហើយមានវិធីសាស្រ្តច្រើនក្នុងការកាត់បន្ថយ ដូចជាការបង្វែរការប្រើប្រាស់ហ្វូស៊ីល ទៅជាការប្រើប្រាស់ថាមពលស្អាត។ អញ្ចឹងជំនួយបច្ចេកវិទ្យាហ្នឹងអាចដល់ការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ឲ្យមានការកាត់បន្ថយបាន។ មួយទៀតគឺយន្តការ Enhance Transparency Framework មានលក្ខខណ្ឌក្នុងការពិនិត្យមើលថាតើ ប្រទេសមួយៗហ្នឹងសម្រេចបាននូវការប្តេជ្ញាចិត្តបានប៉ុណ្ណា។ ប្រទេសកម្ពុជាយើងមានការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងឲ្យទៅកម្រិតសូន្យ ហើយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ក៏ចាប់ផ្ដើមមានការប្តេជ្ញាចិត្តដល់កម្រិតសូន្យត្រឹមឆ្នាំ២០៥០ និងប្រទេសខ្លះត្រឹម២០៦០។ រីឯប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុនជាដើមសុទ្ធតែមានការប្តេជ្ញាចិត្តដូចគ្នា គ្រាន់តែថាដល់ពេលនោះពួកគាត់ត្រូវមានការផ្លាស់ប្ដូរដោយរបៀបណាដើម្បីសម្រេចបាន។​ ប៉ុន្តែ បើយើងនិយាយជារួមដែលពួកគាត់ជាប្រទេសហត្ថលេខី គឺនៅតែបន្តការប្តេជ្ញាចិត្តរបស់ពួកគាត់។

បើនិយាយពីទិដ្ឋភាពទូទៅនៃការប្រែប្រួលអាកាសធាតុវិញ ពីមុនយើងមាន Kyoto Protocol វគ្គទីមួយ វគ្គទីពីរ ដែលមានការរីចម្រើនប៉ុន្តែមិនសម្រេចបានច្រើនោះទេ អញ្ចឹងបានជាគេបង្កើឡើងមួយទៀតនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ នេះដើម្បីជម្រុញបន្ថែមដល់ប្រទេសជាសមាជិក ធ្វើការប្តេជ្ញាចិត្តឲ្យខ្លាំងជាមុន។ ហើយពីមុនគេបន្ទោសខ្លាំងទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥឡូវប្រទេសអភិវឌ្ឍន៍ត្រូវមានការទទួលខុសត្រូវច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍។

វាគ្មិន៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី  និងជាប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031