ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តភាពមិនស៊ីជម្រៅក្រោមទស្សនៈរបស់អាមេរិកលើបញ្ហាសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃការប្រកួតប្រជែងមហាអំណាចសហរដ្ឋអាមេរិកនិងចិន នៅតែបន្តភាពស្មុគស្មាញក្នុងតំបន់និងពិភពលោកទាំងមូល ដែលជាក្ដីកង្វល់ដល់កម្ពុជាដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់លម្អិតអំពីមូលហេតុ និងបច្ចុប្បន្នភាពនៃទំនាក់ទំនងមិនស្អិតរមួតរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងបានលើកឡើងពីយន្តការដែលកម្ពុជាគួរអនុវត្តក្នុងក្របខណ្ឌតំបន់អាស៊ានដើម្បីដោះស្រាយ និងបន្ធូរបន្ថយភាពតាន់តឹងការប្រកួតប្រជែងមហាអំណាចនៅក្នុងតំបន់។
សំណួរទី ១៖ លោកបណ្ឌិតបានចូលរួមក្នុងការសរសេរសៀវភៅដែលមានចំណងជើងថា “Asia Policy” ឬ «គោលនយោបាយអាស៊ី» ហើយលោកបណ្ឌិតបានសរសេរអត្ថបទអំពី “Are Cambodia-U.S. relations mendable?” ឬជាភាសាខ្មែរមានន័យថា «តើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកអាចប្រែប្រួលបានដែរឬទេ?»។ តើលោកបណ្ឌិតអាចជួយរៀបរាប់ត្រួសៗបន្តិចអំពីខ្លឹមសារ និងអត្ថន័យរបស់អត្ថបទនេះបានដែរឬទេ?
អត្ថបទនេះផ្ដោតទៅលើការវិភាគ និងការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសក្នុងបរិបទនៃសតវត្សទី២១ នេះថ្មីនេះ ដោយមើលពីលក្ខខណ្ឌ និងកត្តាផ្សេងៗដែលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាពិសេសបញ្ហាសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ឥទ្ធិពលរបស់ប្រទេសចិននៅកម្ពុជានិងក្នុងតំបន់ជាទូទៅ និងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងរបប លន់ នុល ដែលកម្ពុជាចាត់ទុកថាជាបំណុលកខ្វក់កើតចេញពីរបបដែលធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ហើយក៏ជាចំណុចចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលជាងម្ភៃឆ្នាំ។ បញ្ហាស្មុគស្មាញទាក់ទងនឹងសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យជាពិសេសក្រោយពីគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) បានរំលាយនៅឆ្នាំ២០១៧ មួយឆ្នាំមុនការបោះឆ្នោត ដែលនេះជារបត់នៃភាពតានតឹងថ្មីនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។ នៅក្នុងរយៈពេល ៥-៦ ឆ្នាំចុងក្រោយនេះ យើងឃើញថាមានភាពតានតឹងពាក់ព័ន្ធទៅនឹងកត្តាចិននៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកចោទប្រកាន់កម្ពុជាថាផ្ដល់នូវកំពង់ផែនៅរាម និងផ្ដល់សិទ្ធផ្ដាច់មុខទៅឲ្យប្រទេសចិន ហើយអាចឈានទៅដល់ការបង្កើតនូវមូលដ្ឋាននាវារបស់ចិននៅក្នុងតំបន់យើងនេះ។ កម្ពុជាក៏បានធ្វើការឆ្លើយតបជាហូរហែរ ហើយបានពន្យល់ជារឿយៗថាកម្ពុជាពុំមានបំណងណាមួយឲ្យទឹកដីរបស់ខ្លួនទៅជាមូលដ្ឋានទ័ពបរទេសណាមួយនោះទេ។
សំណួរទី ២៖ សហរដ្ឋអាមេរិកជាប់ឈ្មោះជាមហាអំណាចប្រជាធិបតេយ្យ ប៉ុន្តែហាក់ដូចជាជិតស្និតខ្លាំងជាមួយប្រទេសវៀតណាមដែលប្រកាន់របបកុម្មុយនីស្ត និងថៃដែលបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធាដែលបានធ្វើរដ្ឋប្រហារជាដើម តែហេតុអ្វីបានជាអាមេរិកមិនមានទំនាក់ទំនងល្អជាមួយកម្ពុជាដែលជាប្រទេសប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យទៅវិញ?
លិទ្ធិប្រជាធិបតេយ្យ គឺជាកត្តាមួយសំខាន់នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាមេរិកជាពិសេសក្នុងរដ្ឋកាលលោក Joe Biden បើប្រៀបធៀបនឹងលោក Donald Trump ដែលគាត់មិនឲ្យតម្លៃខ្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស ឬក៏លិទ្ធិប្រជាធិបតេយ្យនោះទេក្នុងការធ្វើនយោបាយការបរទេសរបស់ខ្លួន។ បើយើងក្រឡេកទៅមើលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក វៀតណាម និងថៃ យើងឃើញថាមានភាពល្អប្រសើរ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៥ទៅ៦ឆ្នាំចុងក្រោយនេះ។ ហើយយើងឃើញថាបញ្ហាលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនមែនជាបញ្ហាស្មុគស្មាញដែលអាចធ្វើឲ្យទំនាក់ទំនងនេះថយក្រោយនោះទេ។ តែផ្ទុយទៅវិញ ទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយវៀតណាមមានការជំរុញទៅមុខគួរឲ្យកត់សម្គាល់។ ដូច្នេះបើប្រៀបធៀតទៅ នេះគឺជាលក្ខណៈស្ដង់ដាពីរក្នុងនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាលិទ្ធិប្រជាធិបតេយ្យ ដោយសារតែចំពោះកម្ពុជា អាមេរិកយកបញ្ហាសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យជាស្នូលមួយក្នុងការពង្រឹង និងថែរក្សានូវទំនាក់ទំនងទ្វេភាគី ក៏ប៉ុន្តែជាមួយប្រទេសវៀតណាម និងថៃយើងឃើញថាអាមេរិកពុំសូវឲ្យតម្លៃខ្ពស់ក្នុងការដាក់បញ្ហាសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យជាស្នូលក្នុងទំនាក់ទំនងទ្វេភាគីនោះទេ។ ដូច្នេះ នេះគឺជាអ្វីដែលយើងឃើញថាមានភាពខុសប្លែកគ្នាក្នុងនយោបាយសហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍យើងនេះ។
សំណួរទី ៣៖ បើយើងក្រឡេកទៅមើលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump អាមេរិកមិនសូវជាមានការយកចិត្តទុកដាក់ និងឲ្យតម្លៃខ្លាំងមកលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្មានទេ។ ផ្ទុយមកវិញ មកដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden យើងឃើញថានយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហាក់ដូចជាងាកមកឲ្យតម្លៃតំបន់អាស៊ីអាគ្នេយ៍ខ្លាំងជាងមុន។ លើសពីនេះទៅទៀតកាលពីកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៩ ថ្មីៗនេះ យើងឃើញមានវត្តមានរបស់លោកប្រធានាធិបតី Joe Biden ចូលរួមដោយផ្ទាល់ ខុសពីលោក Donald Trump ដែលបញ្ជូនត្រឹមតែទីប្រឹក្សាសន្តិសុខជាតិឲ្យចូលរួមជំនួសលោកទៅវិញ។ តើលោកបណ្ឌិតយល់ឃើញយ៉ាងណារវាងភាពខុសគ្នានៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមកលើតំបន់អាស៊ីអាគ្នេយ៍ រវាងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump និង លោកប្រធានាធិបតី Joe Biden បច្ចុប្បន្ន?
អតីតរដ្ឋាភិបាលរបស់លោក Donald Trump គឺគាត់ប្រកាន់នូវនយោបាយគាំពារនិយម និងជាតិនិយមខ្ពស់ដោយពុំឲ្យតម្លៃសំខាន់ទៅយន្តការពហុភាគី ដែលភាគច្រើនធ្វើជាលក្ខណៈឯកតោភាគីឬក៏ទ្វេភាគី។ អញ្ចឹងទេ បានជាសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership, TPP) ហើយក៏មិនសូវយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយអាស៊ាននេះដែរ។ ក៏ប៉ុន្តែ លោក Joe Biden បង្ហាញពីការខុសប្លែកគ្នាដោយសារលោក Joe Biden ពង្រឹងនូវយន្តការពហុភាគី ដោយយកអាមេរិកចូលទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ និងអង្គការសុខភាពពិភពលោក (WHO) ដែលលោក Donald Trump បានដកចេញ។ ក្នុងទំនាក់ទំនងជាមួយអាស៊ាន យើងឃើញថារដ្ឋកាលរបស់លោក Joe Biden ធ្វើការចាប់អារម្មណ៍ខ្ពស់នៅក្នុងតំបន់នេះដែរ ដោយមានការមកធ្វើទស្សនកិច្ចជាហូរហែរពីថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដូចជារដ្ឋមន្រ្តីការពារជាតិ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងអនុប្រធានាធិបតីបានមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅបណ្ដាប្រទេសក្នុងអាស៊ីអាគ្នេយ៍។ ហើយយើងឃើញថា ថ្មីៗនេះលោក Joe Biden បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកសហរដ្ឋអាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដូច្នេះនេះគឺជាសញ្ញាណមួយច្បាស់ទាក់ទងទៅនឹងការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍។
សំណួរទី ៤៖ ដូចដែលបានដឹងហើយថាកម្ពុជាទើបតែទទួលដំណែងជាប្រធានប្ដូរវេនអាស៊ានកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហានៃការប្រកួតប្រជែងភូមិសាស្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរ និងជម្លោះនៅសមុទ្រចិនខាងត្បូង គួបផ្សំជាមួយនឹងភាពមិនប្រាកដប្រជានៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក តើវាអាចផ្ដល់ជាសម្ពាធមកដល់កម្ពុជាដែលជាប្រធានអាស៊ានចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២២ ខាងមុខដែររឺទេ?
ពិតហើយការប្រកួតប្រជែងមហាអំណាចរវាងសហរដ្ឋអាមេរិកនិងចិន និងបន្តស្វិតស្វាញតទៅមុខទៀត ដែលពិបាកទស្សន៍ទាយ ដូច្នេះវាជាការប្រឈមមួយចំពោះកម្ពុជាដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ធ្វើយ៉ាងណាឲ្យនាវាអាស៊ានអាចឆ្លងផុតផលប៉ះពាល់អវិជ្ជមានខ្លាំង ឬក៍សម្ពាធពីប្រទេសដែលកំពុងប្រកួតប្រជែងហ្នឹងក្នុងការសម្រេចចិត្តថាគួរជ្រើសរើសយកខាងណា។ សមាជិកអាស៊ានទាំង១០ មិនមានការចាប់អារម្មណ៍ក្នុងការសម្រេចចិត្ត និងកាន់ជើងម្ខាងៗនោះទេ គឺខំប្រឹងប្រកាន់យកនូវគោលជំហអព្យាក្រឹត្យរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យតំបន់យើងនេះមានស្ថេរភាព និងវិបុលភាព។ ពីព្រោះថាទំនាក់ទំនងសហរដ្ឋអាមេរិក និងចិនគឺជាទំនាក់ទំនងមួយដែលសំខាន់ជាងគេនៅក្នុងពិភពលោក ហើយទំនាក់ទំនងដ៏ស្មុគស្មាញជាងគេបំផុតនៅក្នុងពិភពលោកផងដែរ អញ្ចឹងកម្ពុជាដែលជាប្រធានអាស៊ានត្រូវស្វែងរកនូវយន្តការ ឬមធ្យោបាយណាមួយដើម្បីស្ដារឡើងវិញនូវការជឿទុកចិត្តនយោបាយ និងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិកនិងចិន ក្នុងកម្រិតណាមួយដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបានក្នុងតំបន់។ ដូច្នេះ អាស៊ានអាចគិតគូរបង្កើតនូវយន្តការថ្មី ឧទាហរណ៍ថាអាស៊ានបូកចិននិងសហរដ្ឋអាមេរិក ដើម្បីផ្ដល់នូវឱកាសដល់ប្រទេសទាំងពីរ និងអាស៊ានជាអាជ្ញាកណ្ដាលធ្វើការពិភាក្សាត្រង់ទៅត្រង់មក ហើយអាចស្វែងរកនូវចំណុចរួមមួយចំនួន និងអាចធ្វើការជាមួយគ្នាក្នុងវិស័យមួយចំនួនក្នុងតំបន់។ ដូច្នេះ វាអាចជាយន្តការមួយក្នុងការពង្រឹងនូវការជួយគ្នាទៅវិញទៅមក ក៏ដូចជាការជឿទុកចិត្តគ្នាក្នុងកម្រិតមួយដែលធ្វើឲ្យការប្រកួតប្រជែងមិនឈានទៅដល់វិបត្តិ ឬជម្លោះធ្ងន់ធ្ងរ។
សំណួរទី ៥៖ បើតាមការយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ ផ្អែកទៅលើទិដ្ឋភាពជាក់ស្ដែងនៃទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសមហាអំណាចទាំងពីរគឺចិន និងសហរដ្ឋអាមេរិក តើនៅពេលអនាគតទំនាក់ទំនងនៃប្រទេសទាំងពីរអាចនឹងប្រសើរឡើងជាងនេះដែររឺទេ ឬនឹងទៅជាយ៉ាងណា? ហើយតើប្រទេសទាំងពីរគួរអនុវត្តនូវគោលការណ៍បែបណាដើម្បីបង្កើត និងពង្រឹងនូវភាពជឿទុកចិត្តគ្នាក្នុងទំនាក់ទំនងទ្វេភាគីទាំងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ?
ការប្រកួតប្រជែងនឹងបន្តស្មុគស្មាញ និងស្វិតស្វាញតទៅមុខទៀត ដោយសារនៅខាងសហរដ្ឋអាមេរិកមាននិន្នាការរួមមួយទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យយល់ឃើញថាចិនគឺជាការគំរាមកំហែងដល់ផលប្រយោជន៍សហរដ្ឋអាមេរិក។ ដូច្នេះអាមេរិកនឹងបន្តគោលនយោបាយ ដើម្បីធ្វើយ៉ាងណាកុំឲ្យចិនវ៉ាដាច់សហរដ្ឋអាមេរិកដែលជាមហាអំណាចនាំមុខនៅក្នុងសកលលោក គឺធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យចិនក្លាយទៅជាមហាអំណាចដែលមានឥទ្ធិពលលើសសហរដ្ឋអាមេរិក។ អញ្ចឹងការប្រកួតប្រជែងនឹងបន្តក្នុងរយៈពេលយូរអង្វែង ហើយអ្វីដែលយើងសង្ឃឹមថានឹងអាចទទួលយកបាននឹងគឺ ការប្រកួតប្រជែងនេះមិនឈានទៅដល់សង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់យើងនេះ។ យើងឃើញថាបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាស្រួចស្រាលជាងគេដែលវាអាចឈានទៅដល់សង្គ្រាមលោកលើកទី៣ ប្រសិនបើសហរដ្ឋអាមេរិកនិងចិនពុំមានយន្តការណាមួយពិភាក្សា ដើម្បីស្វែងរកនូវដំណោះស្រាយសមស្របណាមួយទៅលើបញ្ហាកោះតៃវ៉ាន់នេះ។ បន្ទាប់មកយើងឃើញមានភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសមួយចំនួននៅអាស៊ាន ជាពិសេសជាមួយប្រទេសវៀតណាម និងហ្វីលីពីន និងសមុទ្រចិនខាងកើតជាមួយប្រទេសជប៉ុន។ ដូច្នេះ នេះជាបញ្ហាសន្តិសុខដែលផុយស្រួយនៅក្នុងតំបន់ហើយវាអាចឈានទៅដល់វិបត្តិសន្តិសុខធ្ងន់ធ្ងរនៅក្នុងតំបន់ អញ្ចឹងទេអ្វីដែលយើងចង់ឃើញគឺ សហរដ្ឋអាមេរិកនិងចិននៅបន្តការពិភាក្សា និងស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីបញ្ចៀសនូវឧប្បត្តិហេតុណាមួយដែលអាចបង្កឲ្យមានជម្លោះផ្នែកប្រដាប់អាវុធទ្រង់ទ្រាយធំនៅក្នុងតំបន់យើងនេះ។
វាគ្មិន៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ