Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ តើអាស៊ានអាចដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ាបានក្នុងកម្រិតណា?

សំនួរ៖ កាលពីថ្ងៃសៅរ៍ ទី២៤​ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេស៊ី ដោយ
ផ្ទាល់។ ហើយយើងទាំងអស់គ្នា ក៏បានដឹងហើយថា ក្នុងនោះបែរជាមានវត្តមានប្រមុខដឹកនាំកំពូលរបបសឹករបស់មីយ៉ាន់ម៉ា តែពុំមានវត្តមានប្រមុខដឹកនាំឡាវ ហ្វីលីពីន និងថៃទេ។ ចំពោះ លោកបណ្ឌិត ផ្ទាល់ ក្រៅពីបញ្ហាការរីករាលដាលជាថ្មីឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសទាំង៣នោះ ថាតើអាចមានមូលហេតុនយោបាយអ្វីផ្សេងទៀតដែរឬទេ?

ទាក់ទងទៅនឹងអវត្តមានរបស់ថ្នាក់ដឹកនាំទាំងបីប្រទេស ដែលមានប្រទេសឡាវ ថៃ និងហ្វីលីពីន ក្នុងកិច្ចប្រជុំនេះ គឺពិតជាប៉ះពាល់ទៅដល់ទម្ងន់នៃកិច្ចប្រជុំនេះ ប៉ុន្តែមិនធ្វើឲ្យអាក់ខានដល់ដំណើរការនៃកិច្ចប្រជុំនេះ ក៏ដូចជាគោលការណ៍សាមគ្គីភាពរបស់អាស៊ាននោះទេ។ យើងឃើញថា លទ្ធផលនៃកិច្ចប្រជុំនេះ គួរឲ្យកោតសរសើរដែរ ដោយសារតែប្រមុខថ្នាក់ដឹកនាំអាស៊ាន បានទាមទារឲ្យភូមាធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើការឯកភាពទាំង៥ចំណុចដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនេះ។

វត្តមានរបស់មេដឹកនាំភូមា មិនមែនជាតំណាងរបបស្របច្បាប់អ្វីនោះទេ ឬក៏មិនមានអត្ថន័យថា
អាស៊ានឲ្យភាពស្របច្បាប់ទៅរដ្ឋាភិបាលយោធាភូមានោះដែរ។ នេះគ្រាន់តែជាវេទិកាមួយដើម្បីផ្ញើសារផ្ទាល់ និងត្រង់ៗទៅដល់មេដឹកនាំរបបសឹកយោធានេះ។ ថ្នាក់ដឹកនាំអាស៊ានបានផ្តល់សារយ៉ាងច្បាស់តាមយៈការ ឯកភាពទាំង៥ចំណុច ដែលរួមមាន៖ (១) ការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិលដែលពុំមានប្រដាប់អាវុធ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតពីប្រយោជន៍ប្រជាជនភូមាជាធំ (៣) ការអនុញ្ញាតឲ្យប្រេសិតរបស់អាស៊ានអាចទៅធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងឡាយ (៤) ការផ្តល់ជំនួយមនុស្សធម៌ដល់ភូមា ពោលគឺទៅដល់ប្រជាជនភូមា និង (៥) ការដោះលែងនូវអ្នកទោសនយោបាយទាំងឡាយនៅក្នុងប្រទេសភូមា។ នេះគឺជា លទ្ធផលសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានពិសេសនេះ បើទោះបីជាប្រទេសទាំងបីនោះអវត្តមានក៏ដោយ ក៏យើងអាចចេញបាននូវចំណុចរួមជា
ឯកច្ឆន្ទ (Consensus) សម្រាប់អាស៊ានបានដែរ។

សំនួរ៖ តើប្រទេសណាដែលអាចនឹងត្រូវបានគេចាត់ជាអ្នកប្រេសិតពិសេសអាស៊ាន ឬ ASEAN Special Envoy ដោះស្រាយជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ា?

ជាទម្លាប់ គឺប្រធានរបស់អាស៊ានបច្ចុប្បន្ន ពោលគឺប៊្រុយណេ ដែលជាអាចដើរតួជាអ្នកដឹកនាំប្រេសិតពិសេសនេះ ហើយអាចនឹងមានតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ានម្នាក់ៗ ចូលរួមក្នុង Envoy ឬប្រេសិតពិសេសនេះផងដែរ។ វាជាដំណើរការវិជ្ជមានមួយ ដើម្បីឆ្ពោះទៅរកនូវច្រកទ្វារ ឬក៏ច្រកចេញក្នុងការដោះស្រាយវិបត្តិនៅភូមានេះ។ យើងមើលទៅវាអាចនឹងត្រូវការពេលវេលាយូរ សូម្បីតែជំនួយមនុស្សធម៌ក៏អាចនឹងត្រូវការពេលយូរដែរ រីឯការបញ្ជូនប្រេសិតពិសេស ក៏យើងពុំទាន់ដឹងដែរ ថាតើត្រូវការប៉ុន្មានខែដែលដើម្បីអាចបានបញ្ជូនទៅបានទេ ដោយហេតុថាស្ថានការណ៍នៅភូមាគឺមានលក្ខណៈផុយស្រួយណាស់។ វាពិតជាចំបាច់ណាស់ដែលត្រូវការកិច្ចអន្តរាគមន៍ពីខាងក្រៅជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើហិង្សា ក៏ដូចជាបង្កើតនូវយន្តការទំនាក់ទំនងណាមួយក្នុងការផ្តល់នូវការយោគយល់គ្នា និងការជឿទុកចិត្តគ្នាខ្លះរវាងភាគីពាក់ព័ន្ធនៅក្នុងជម្លោះនេះ។ ប្រេសិតពិសេសរបស់អាស៊ាននឹងដើរតួនាទីសំខាន់ក្នុងការធ្វើជាស្ពានចម្លងព័ត៌មាន និងការយោគយល់គ្នាទៅវិញទៅមករវាងបណ្តាភាគីជម្លោះ។

សំនួរ៖ ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ តើលោកបណ្ឌិត យល់យ៉ាងដូចមេ្តច​ដែរចំពោះចំណាត់ការរបស់អាស៊ាន?

យើងឃើញថា លទ្ធផលនេះមានចំណុចដែលអាចធ្វើបាន និងងាយស្រួលធ្វើ (Low-hanging Fruits) និងចំណុចមួយទៀតដែលពិបាកនឹងធ្វើ។ ចំណុចដែលអាចធ្វើបាន និងងាយស្រួលធ្វើរួមមាន៖ (១) ការទាមទារឲ្យរបបសឹករបស់ភូមាបញ្ឈប់នូវការប្រើប្រាស់ហិង្សា និងសម្លាប់ជនស៊ីវិលដែលគ្មានប្រដាប់អាវុធ ដែលនេះអាចជាសម្ពាធមួយទៅដល់របបយោធានេះ និង (២) ជំនួយមនុស្សធម៌ ដែលជាការចំបាច់ណាស់នៅក្នុងបរិបទ នេះដើម្បីជួយទៅដល់ប្រជាជនភូមា សន្តិសុខស្បៀងជាដើម និងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ អ្វីដែលពិបាកជាងគេ គឺការដោះលែងនូវអ្នកទោសនយោបាយទាំងឡាយនៅភូមា ដែលនេះប្រហែលជាចំណុចមួយដែលរបបយោធា ពុំទាន់មានផ្លូវដើរច្បាស់លាស់ក្នុងការដោះលែងអ្នកទោសនយោបាយទាំងនោះនៅឡើយទេ ហើយនេះអាចជាចំណុចវែងឆ្ងាយអាស៊ាននឹងអាចសម្រេចបាន។ ប៉ុន្តែ ដើម្បីឈានទៅរកការចរចាពាក់ព័ន្ធនឹងនយោបាយណាមួយ គឺទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយជាមុនសិន ពិសេសអ្នកស្រី Aung San Suu Kyi តែម្តង ដែលជាប្រធានគណបក្ស National League for Democracy (NLD) ជាដៃគូចរចារ ហើយក៏ជាគណបក្សដែលឈ្នះឆ្នោត កាលពីការបោះឆ្នោតសាកលនៅខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

សំនួរ៖ តើអ្វីទៅជា ASEAN Troika? ហើយវាមានសារៈសំខាន់អ្វីចំពោះការដោះស្រាយជម្លោះនៅភូមា?

ASEAN Troika គឺជាយន្តការពិសេសមួយដែលមានលក្ខណៈជាត្រីភាគី នៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ ដោយមានអាស៊ានជាអាជ្ញាកណ្តាលជួយដោះស្រាយជម្លោះរបស់ភាគីទាំងពីរ ដែលតែកំពុងមានជម្លោះជាមួយគ្នា។​ យន្តការនេះជាក់ស្តែង គឺជាការធ្វើជាអ្នកសម្របសម្រួល (Mediator) ដើម្បីស្វែងរកនូវដំណោះស្រាយនូវបញ្ហាភូមានេះ។ ASEAN Troika ខុសពីគោលការណ៍មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាប្រទេសជាសមាជិក (Non-interference Policy) របស់អាស៊ាន ដែលនេះជាការប្រើក្នុងករណីពិសេសណាមួយ ដើម្បីបើកទ្វារឲ្យអាស៊ានធ្វើអន្តរាគមន៍ចាំបាច់ណាមួយនៅក្នុងបញ្ហាតំបន់មួយនេះ។

សំនួរ៖ នៅក្នុងសេចក្តីប្រកាសប្រធានអាស៊ាន នៃកិច្ចប្រជុំកំពូលពិសេសនេះដែរ យើងឃើញថាប្រមុខដឹកនាំអាស៊ាន បានឯកភាពឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ានប្រញ៉ាប់រៀបចំកិច្ចប្រជុំជាមួយភាគីសហរដ្ឋអាមេរិក និងចិន ឲ្យបានមុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤។ តើអាចទេដែលថា អាស៊ានអាចនឹងកំពុងចាត់ទុកសហរដ្ឋអាមេរិក និងចិន ជាអ្នកដែលមានទឹកមាត់ប្រៃក្នុងការចរចាជាមួយរបបសឹកភូមានេះ?

ចិន និងសហរដ្ឋអាមេរិក គឺជាមហាអំណាចនាំមុខនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសាកលលោក ហើយការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ក៏មានភាពស្វិតស្វាញកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ យើងឃើញថា ភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ ក៏ដូចជាបញ្ហាភូមានេះ ទាមទារឲ្យមានការចរចារវាងមហាអំណាចទាំងពីរនេះ ដើម្បីស្វែងរកនូវដំណោះស្រាយរួម ដោយប្រទេសទាំងពីរនេះមាន
ជំហរួមក្នុងការគាំទ្រនូវតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាភូមានេះ។ នេះគឺជាទម្ងន់ភូមិសាស្ត្រនយោបាយមួយដែលអាស៊ានមាន ដោយមានការជឿទុកចិត្តពីប្រទេសសំខាន់ៗទាំងពីរនេះ ដែលអាចនឹងផ្តល់នូវតួនាទីកាន់តែមានប្រសិទ្ធភាពដល់អាស៊ាន ក្នុងការបន្តស្វែងរកដំណោះស្រាយណាមួយនៅភូមា។

សំនួរ៖ យើងដូចជាមិនបានឃើញនូវការលើកឡើងពីតួនាទីរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងកិច្ចប្រជុំកំពូលនេះទេ។ តើនេះអាចជាសញ្ញាមួយបង្ហាញថា UN អាចនឹងលែងសូវមានទម្ងន់នៅក្នុងតំបន់អាស៊ានដែរទេ?

អង្គការសហប្រជាជាតិតែងតែឲ្យតម្លៃខ្ពស់ទៅដល់យន្តការតំបន់ក្នុងការស្វែងរកនូវដំណោះស្រាយក្នុងតំបន់របស់ខ្លួន។​  ឧទាហរណ៍៖ នៅពេលកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រំដែនឆ្នាំ២០០៨ និង២០១១ កម្ពុជាបានលើកបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីស្វែងរកនូវដំណោះស្រាយ ហើយនៅពេលនោះអង្គការសហប្រជាជាតិក៏បានផ្ទេរតួនាទីនោះ មកអាស៊ានវិញ។ នេះ អាចសបញ្ជាក់ថា ភាពជាដៃគូរវាងអង្គការទាំងពីរនេះ គឺសំខាន់ក្នុងការស្វែងរកនូវដំណោះស្រាយណាមួយ នៅក្នុងវិបត្តិភូមានេះ។ ហើយកិច្ចប្រជុំកំពូលនេះ គឺជាកិច្ចប្រជុំចង្អៀតមួយនៅក្នុងក្របខណ្ឌអាស៊ានលើបញ្ហាភូមា ហើយវាអាចនឹងមានយន្តការអាស៊ាន-អង្គការសហប្រជាជាតិលើបញ្ហាភូមាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់។

សំនួរ៖ អាស៊ានបានផ្តល់តួនាទីយ៉ាងសំខាន់ទៅដល់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ។ តើ AHA Centre នេះមានតួនាទីយ៉ាងដូចម្តេច នៅក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ?

អាស៊ាន ក៏មានអង្គភាពមួយ គឺ «មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)» ដែលជាតួអង្គមួយដ៏សំខាន់របស់អាស៊ាន នៅក្នុងការដោះស្រាយវិបត្តិនានាពាក់ព័ន្ធនឹងមនុស្សធំ។ ដូចនេះ សម្រាប់វិបត្តិនៅភូមា អង្គការនេះមានតួនាទីធ្វើការប្រមូលកៀងគរធនធានទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីជួយទៅដល់បញ្ហាមនុស្សធម៌នៅក្នុងភូមានេះ។

សំនួរ៖ ស្របពេលទៅនឹងការបោះឆ្នោតជាសាកលនៅភូមា នៅឆ្នាំ ២០២២ ក្រោយពីការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ ដោយរបបយោធា តើវិបត្តិនេះអាចនឹងជះផលប៉ះពាល់អ្វីខ្លះទៅដល់មុខមាត់របស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន ក៏ដូចជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២?

 បញ្ហាវិបត្តិនៅភូមានេះ អាចនឹងអូសបន្លាយជាច្រើនឆ្នាំ ដែលនេះជាបញ្ហាក្តៅគគុក ក៏ដូចជាប្រៀបដូចជាដុំថ្មក្តៅមួយដុំ សម្រាប់កម្ពុជា ដែលកម្ពុជាត្រូវតែទទួលយក ពិសេសេក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ។ ការជំរុញនូវកុងសង់ស៊ីសរបស់អាស៊ានដែលបានដាក់ចេញដោយប្រមុខដឹកនាំរបស់អាស៊ាន កាលពីថ្ងៃសៅរ៍ ទី២៤ កន្លងទៅនេះ គឺពិតជាសំខាន់ ហើយអាចបន្តអនុវត្តនៅពេលដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ។ ប្រសិនបើយើងអាចជំរុញបានច្រើននៅឆ្នាំនេះ នោះបន្ទុករបស់
កម្ពុជានៅឆ្នាំក្រោយ ក៏អាចនឹងមានភាពធូរស្បើយបន្តិច។ ប៉ុន្តែស្ថានការណ៍មើលទៅហាក់ដូចជាមិនងាយស្រួលនោះទេ វាអាចនឹងអូសបន្លាយពេលយូរណាស់។ ដូច្នេះ កម្ពុជាត្រូវត្រៀមលក្ខណៈឲ្យហើយ ដើម្បីធ្វើយ៉ាងណាក្នុងការបង្កើតនូវវេទិកា ក៏ដូចជាស្វែងរកនូវដំណោះស្រាយផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីស្តាឡើងវិញនូវស្ថានការណ៍នយោបាយនៅក្នុងប្រទេសភូមានេះ។

វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំឯកសារ៖ លោក គីម ងួន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031