វាគ្មិន៖ លោក សុវណ្ណ ពិសីរតនៈ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ស្របពេលដែលក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅការទូតសេដ្ឋកិច្ច របស់កម្ពុជា លោក សុវណ្ណ ពិសីរតនៈ ក៏បានចេញផ្សាយនូវអត្ថបទជា Policy Brief ពាក់ព័ន្ធនឹងការទូតសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងគេហទំព័ររបស់ AVI ហើយអត្ថបទនេះបានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង។
តាមការសិក្សារបស់លោក តើអ្វីទៅជាការទូតសេដ្ឋកិច្ច? ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍អ្វីខ្លះជាទិសដៅអាទិភាពនៅក្នុងការទូតសេដ្ឋកិច្ចនេះ?
វាគ្មិន៖ ការទូតសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយមួយដែលដាក់បញ្ចូលនូវទិដ្ឋភាពសេដ្ឋកិច្ចទៅក្នុងគោលនយោបាយការបរទេស និងប្រព័ន្ធការទូតរបស់រដ្ឋដោយប្រើប្រាស់នូវយន្តការការទូតក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដារដ្ឋនានា ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាសម្រាប់កម្ពុជា។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានសម្ពោធការដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការ វិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្ដូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ក្រសួងក៏បាន ដាក់សម្ពោធនូវសៀវភៅមុខម្ហូប ដែលមានឈ្មោះថា រសជាតិនៃអង្គរឬជាភាសាអង់គ្លេសគឺ “The Taste of Angkor” ក្នុងនោះមានមុខម្ហូប និងវិធីសាស្រ្តធ្វើម្ហូបខ្មែរយើងជាង៤0មុខ ក្នុងគោលដៅដើម្បីលើកស្ទួយ ឬក៏អាចបង្ហាញនូវវប្បធម៌របស់កម្ពុជាទៅដល់ពិភពលោកឲ្យកាន់តែស្គាល់ច្បាស់អំពីវប្បធម៌សំបូរបែបរបស់យើង។
បើតាមការវិភាគរបស់លោកផ្ទាល់ តើគោលនយោបាយការទូតសេដ្ឋកិច្ចនេះ អាចនឹងផ្តល់នូវកាលានុវត្តភាព អ្វីខ្លះមកកម្ពុជា?
វាគ្មិន៖ នៅចំពោះមុខបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ ១៩ ឥទ្ធិពលនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ផលប៉ះពាល់នៃសភាពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន រួមទាំងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAដោយសហភាពអ៊ឺរ៉ុប ការទូតសេដ្ឋកិច្ចអាចផ្ដល់ប្រយោជន៍ចំបងចំនួនបីសម្រាប់កម្ពុជា។ អត្ថប្រយោជន៍ទី ១ គឺការទូតសេដ្ឋកិច្ច នឹងជំរុញឲ្យកម្ពុជាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងៗដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដូចដែលយើងបានដឹងហើយថាកាលពីខែតុលាឆ្នាំ២០២០កន្លងទៅ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ដែលនេះជាយុទ្ធសាស្រ្តមួយក្នុងការលក់ផលិតផលលើទីផ្សារក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុប។ កិច្ចព្រមព្រៀងនេះអាចនឹងផ្ដល់នូវកាលានុវត្តភាពជាច្រើនតាមរយៈការពង្រីកទីផ្សារផលិតផលខ្មែរឆ្ពោះទៅកាន់ទីផ្សាររបស់ចិនដែលជាទីផ្សារធំជាងគេបំផុតនៅលើពិភពលោក ជាពិសេសគឺផលិតផលកសិកម្មនិងជលផលរបស់កម្ពុជា។ ក្រៅពីប្រទេសចិន ថ្មីៗនេះកម្ពុជាក៏បាននិងកំពុងសិក្សាពីលទ្ធភាពដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគីនិងពហុភាគីបន្ថែមទៀត ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ជប៉ុន ឥណ្ឌា ម៉ុងហ្គោលីនិងសហភាពសេដ្ឋកិច្ចអ៊ឺរ៉ុបអាស៊ី។ ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងទាំងនេះអាចជំរុញការនាំចេញរបស់កម្ពុជាព្រមទាំងបង្កើតអោយមានទំនើបកម្មឧស្សាហកម្មនៃផលិតកម្មរបស់កម្ពុជាផងដែរ។ ការទូតសេដ្ឋកិច្ចនេះក៏អាចទាក់ទាញក្រុមហ៊ុនបរទេសនានាមកដាក់ទីតាំងផលិតនៅកម្ពុជាបន្ថែមទៀត។ អត្ថប្រយោជន៍ទី ២ គឺការទូតសេដ្ឋកិច្ចនឹងជួយលើកស្ទួយមុខមាត់ក៏ដូចជាកេរ្ត៍ឈ្មោះកម្ពុជាជាសកល ការទូតសេដ្ឋកិច្ចនឹងជំរុញអោយកម្ពុជាផលិតព្រមទាំងនាំចេញម៉ាកផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។ ជាក់ស្ដែង ផលិតផលម្រេចកំពត ដែលត្រូវបានសហភាពអ៊ឺរ៉ុបទទួលស្គាល់ថាជាទំនិញសម្គាល់ភូមិសាស្រ្តរបស់កម្ពុជាព្រមទាំងផលិតផលថ្មីៗរបស់ខ្មែរយើងផ្សេងៗទៀត នឹងត្រូវបានផ្សព្វផ្សាយលក់កាន់តែទូលំទូលាយនៅលើទីផ្សារអន្តរជាតិ។ លើសពីនេះទៅទៀត កម្ពុជាអាចលើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរយើងតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ចនេះផងដែរ ជាឧទាហរណ៍ ការផ្សព្វផ្សាយអំពីម្ហូបល្បីៗរបស់ខ្មែរ ក៏ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមានប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ និងកាន់តែទទួលបានកិត្យានុភាពក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ អត្ថប្រយោជន៍ទី ៣ គឺការទូតសេដ្ឋកិច្ចនឹងជួយឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលកំរិតខ្ពស់នៅឆ្នាំ ២០៥០។ នៅក្នុងឆ្នាំ ២០១៥ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតទាបហើយបើយើងក្រឡេកទៅមើលប្រាក់ចំណូលជាតិសរុបក្នុងមនុស្សម្នាក់នៅក្នុងឆ្នាំ ១៩៩៨ មានត្រឹមតែ $២៩០សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែតួលេខនេះបានកើនមកដល់ប្រមាណ $១៤០០នៅក្នុងឆ្នាំ ២០១៨។ ជាមួយនឹងគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជានឹងអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយរួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលអាចជួយធានានូវកំណើនសេដ្ឋកិច្ចសមភាពនិងវិបុលភាពរបស់កម្ពុជា។ កត្តាទាំងនេះហើយដែលចូលរួមជំរុញឲ្យយើងសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ទុកគឺក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។
ក្រឡេកមកចាប់អារម្មណ៍លើបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចនេះវិញ តើលោកអាចប៉ាន់ស្មានបានទេ ថាតើកម្ពុជាអាចនឹងជួបនូវបញ្ហាអ្វីខ្លះដែរ?
វាគ្មិន៖ ទន្ទឹមនឹងកាឡានុវត្តភាពគួរអោយកត់សំគាល់ខាងលើ ខ្ញុំគិតថាមានបញ្ហាប្រឈមចំនួន ៣ ដែលកម្ពុជាអាចជួបប្រទះក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ច។ បញ្ហាទី១ គឺកង្វះជំនាញនិងធនធានរួមទាំងធនធានហិរញ្ញវត្ថុសម្រាប់អ្នកដែលចូលរួមអនុវត្តការងារការទូតសេដ្ឋកិច្ចនេះ ដើម្បីទទួលបានប្រសិទ្ធភាពនិងភាពជោគជ័យ។ ដោយសារតែវិស័យការទូតកម្ពុជាបានប្រែក្លាយពីការទូតប្រពៃណីមកជាការទូតដ៏ទំនើបដែលមានការទូតសេដ្ឋកិច្ចទេសចរណ៍ វប្បធម៌និងបច្ចេកវិទ្យាច្នៃប្រឌិត ដូច្នេះការទូតសេដ្ឋកិច្ចនេះតម្រូវឱ្យអ្នកការទូតត្រូវបំពេញតួនាទីបន្ថែមលើសតួនាទីប្រពៃណីរបស់គាត់ គឺគាត់ត្រូវធ្វើជាអ្នកផ្ដល់ពត៌មានអំពីការវិនិយោគបន្ថែម ត្រូវដើរតួជាអ្នកសម្របសម្រួលធុរកិច្ចក៏ដូចជាអ្នកផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍កម្ពុជាផងដែរ បញ្ហាប្រឈមគឺនៅត្រង់ថាអ្នកជំនាញរបស់កម្ពុជានៅមានកំរិតនៅឡើយ។ ទី២ គឺកង្វះយន្តការក្នុងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនដើម្បីអនុវត្តការទូតបែបទំនើបនេះ ជាក់ស្ដែងការចូលរួមកិច្ចសហប្រតិបត្តិការរវាងឯកជននិងរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសដៃគូក៏នៅមានកំរិតផងដែរ។ បញ្ហាទី៣ គឺទាក់ទងទៅនឹងការប្រឈមនៃស្ថាប័ន។ ជាការពិតណាស់ ស្ថាប័ននិងក្រសួងនានាបានចូលរួមអនុវត្តសកម្មភាពសេដ្ឋកិច្ចនេះក្នុងកំរិតនិងរូបភាពខុសៗគ្នា យ៉ាងណាមិញឆន្ទៈនិងផលប្រយោជន៍ដែលមិនមានសង្គត់ភាពគឺជាបញ្ហាដែលត្រូវដោះស្រាយ បន្ថែមពីនេះទៀតនោះ គឺភាពខ្វះខាតនៃយន្តការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដែលត្រូវអនុវត្តការងារការទូតសេដ្ឋកិច្ចនេះផងដែរ។
តាមយោបល់របស់លោក ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចមួយប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព តើកម្ពុជាគួរពង្រឹងបន្ថែម ឬផ្តោតសំខាន់លើវិស័យអ្វីខ្លះ?
វាគ្មិន៖ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិវឌ្ឍខាងការទូតសេដ្ឋកិច្ចនេះមានចំនុច ៤ ដែលកម្ពុជាគួរតែយកចិត្តទុកដាក់បន្ថែម។ ចំណុចទី១ គឺអ្នកការទូតកម្ពុជានិងភាគីពាក់ព័ន្ធនានាគួរតែមានតួនាទីសកម្មក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួននៅខាងក្រៅប្រទេស ជាក់ស្ដែងមន្ត្រីការទូតគួរតែធ្វើជាអ្នកលក់ដែលផ្សព្វផ្សាយអំពីការវិនិយោគនិងទេសចរណ៍ ជាអ្នកស្រាវជ្រាវផ្នែកទីផ្សារនិងជាអ្នកសម្របសម្រួលផ្នែកធុរកិច្ចជាដើម។ ក្នុងបរិបទនេះ អ្នកការទូតគួរតែត្រូវបាន បំពាក់បំប៉នជាមួយនឹងព័ត៌មានចំណេះដឹងស្ដីពីការងារការទូតសេដ្ឋកិច្ចរួមទាំងជំនាញពាក់ព័ន្ធដូចជាជំនាញទំនាក់ទំនង ការចរចារ ជំនាញផ្សព្វផ្សាយវិនិយោគនិងទេសចរណ៌ក៏ដូចជាជំនាញវិភាគជាដើម។ ចំណុចទី២ គឺដើម្បីអនុវត្តការទូតសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការដាក់ចេញនូវគោលការណ៍ណែនាំនិងសកម្មភាពច្បាស់លាស់ពីសំណាក់រាជរដ្ឋាភិបាលគឺជាកត្តាសំខាន់ ម្យ៉ាងទៀត រដ្ឋាភិបាលគួរបង្កើតឲ្យមានគោលនយោបាយជាតិគ្រប់ជ្រុងជ្រោយ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធក៏ដូចជាវិស័យឯកជនផងដែរ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ កាលពីខែមករាកន្លងទៅ ដែលមានក្រសួងការបទេសជាស្ថាប័នសម្របសម្រួលគឺបានបង្ហាញពីជំហានវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញនូវប្រសិទ្ធភាពនៃការងារផ្នែកការទូតសេដ្ឋកិច្ចនេះ។ ចំណុចទី ៣ គឺស្ថានតំណាងកម្ពុជានៅបរទេសក្នុងនោះមានទាំងស្ថានទូតនិងស្ថានកុងស៊ុល គួរតែផ្ដល់នូវបរិយាកាសអំណោយផលមួយសំរាប់ការចូលរួមរបស់សហគមន៍ធុរកិច្ចនិងភាគីម្ចាស់ផ្ទះ។ ស្ថានតំណាងគួរតែបង្កើតឱ្យមានកិច្ចប្រជុំ ឬកិច្ចសន្ទនាក្នុងកំរិតសមស្របណាមួយឲឱ្យមានភាពទៀងទាត់ក្នុងបំណងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ជួយសម្របសម្រួលដំណើរការនិងនីតិវិធីនៃការវិនិយោគក៏ដូចជាកាត់បន្ថយនូវហានិភ័យឲ្យបានកំរិតអប្បរមាស្របពេលដែលអ្នកវិនិយោគបរទេសទាំងនោះចាប់អារម្មណ៍ គាត់ក៏បានធ្វើនូវពាណិជ្ជកម្មនិងធុរកិច្ចផ្សេងៗជាមួយកម្ពុជា យើង។ មួយវិញទៀត សហគមន៍ខ្មែរនៅទីនោះក៏អាចដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចដែលមានបំណងចង់ទៅវិនិយោគនៅតំបន់របស់គាត់។ ជាចុងក្រោយ កម្ពុជាគួរតែលើកទឹកចិត្តឲ្យវិស័យឯកជនមានការចូលរួមកាន់តែសកម្ម ក្នុងន័យនេះដែរសាមគ្គីភាពរវាងសហគមន៍ធុរកិច្ចនិងសហគមន៍ធុរកិច្ច ក៏ដូចជារវាងសហគ្រិននិងសហគ្រិនត្រូវតែពង្រឹងបន្ថែមហើយរាជរដ្ឋាភិបាលគួរតែបុរេសកម្មក្នុងការធ្វើនុវានុវត្តផលិតផល ការស្រាវជ្រាវទីផ្សារនិងការវិភាគទិន្នន័យក្នុងបំណងជួយដល់វិស័យឯកជនដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជានៅចំពោះមុខទីផ្សារដែលពិបាកប៉ាន់ស្មានថានឹងមានការប្រែប្រួលខ្លាំង ដូចក្នុងពេលបច្ចុប្បន្ននេះ។
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា តាំង គីមលាង