Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

ញត្តិគាំទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

វិទ្យាស្ថានចក្ចុវិស័យអាស៊ី (AVI) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ហើយដឹកនាំ ផ្ទាល់ដោយ ម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំឡាវ និងវៀតណាម ក្នុងឆ្នាំ១៩៩៩ ។

            គំនិតផ្តួចផ្តើមនៃការបង្កើតសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គប្រើប្រាស់ជាទូទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសំខាន់ៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ កន្លងមកប្រទេសក្នុងមហាអនុតំបន់ទន្លេងមេគង្គបានបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ចំនួន៥ រួមមាន៖ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម, តំបន់ត្រីកោណ កម្ពុជា-ឡាវ-ថៃ, តំបន់ត្រីកោណ មីយ៉ាន់ម៉ា-ឡាវ-ថៃ, តំបន់ត្រីកោណ ចិន-ឡាវ-មីយ៉ាន់ម៉ា និងតំបន់ត្រីកោណ ចិន-ឡាវ-វៀតណាម។

            កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម មានទម្រង់ជាវេទិកាពិភាក្សានិង ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសទាំងបីដោយផ្តោតលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម​ សន្តិសុខ និង​សុខាភិបាលជាដើម  ហើយមានកម្មវិធីប្រជុំប្រចាំឆ្នាំជាច្រើនកម្រិត រួមមាន កិច្ចប្រជុំកំពូល កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល កិច្ចប្រជុំឧត្តមមន្ត្រី កិច្ចប្រជុំអនុគណៈកម្មការជំនាញនិងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការបង្ការនិងបង្ក្រាបបទល្មើស។ ក្រៅពីនេះ CLV-DTA ក៏បានបន្ថែមកម្រិតសហប្រតិបត្តិការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ CLVនិងជប៉ុន, CLVនិងធនាគាអភិវឌ្ឍន៍អាស៊ីផងដែរ ដើម្បីស្វែងរកដៃគូសហប្រតិបត្តិការអន្តរជាតិចូលរួមអភិវឌ្ឍ។

            វិទ្យាស្ថានចក្ខុវិស័យអាស៊ី សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ធ្វើការសិក្សាស្រាវជ្រាវ វិភាគ និងវាយតម្លៃឱ្យបានស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយផ្អែក លើមូលដ្ឋានពិតនិងជាក់ស្តែង ចៀសវាងនយោបាយជ្រុលនិយម និងការញុះញុងបំបែកបំបាក់ដើម្បីរក្សាឧត្តមប្រយោជន៍ជាតិ សុខសន្តិភាពវិបុលភាពសង្គម សុខដុមរមនានៃប្រជាជាតិ និង ចូលរួមចំណែកដល់ការអភិវឌ្ឍជាតិនិងសង្គមប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព។