Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងហានិភ័យចំពោះសន្តិសុខតំបន់

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះជាកញ្ចប់ដ៏ធំដំបូងរបស់រដ្ឋបាល លោក Joe Biden ដើម្បីជួយកោះតៃវ៉ាន់ទប់ទល់នឹងចិន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា នឹងពន្យល់អំពីគោលជំហរ និងផលប្រយោជន៍ដែលតៃវ៉ាន់ទទួលបានអំពីការផ្ដល់ជំនួយពីស.រ.អា. និងផលប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងជាមួយនឹងប្រទេសចិនពាក់ព័ន្ធទៅនឹងបញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់។

សំណួរទី ១៖ ជាបឋម តើលោកបណ្ឌិតអាចសង្ខេបអំពីសាវតានៃជំនួយសភាវុធដែលស.រ.អា. បានផ្ដល់ទៅកាន់តៃវ៉ាន់ដែលមានតម្លៃស្មើនឹង ៣៤៥លានដុល្លាអាមេរិក?

ទី១-សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះ​ជា​កញ្ចប់ដ៏​ធំ​ដំបូង​របស់​រដ្ឋបាល លោក Joe Biden ​ដើម្បី​ជួយកោះ​តៃវ៉ាន់​ទប់ទល់​នឹង​ចិន។ កញ្ចប់ជំនួយនេះ រួមមានប្រព័ន្ធការពារដែនអាកាសចល័តមនុស្ស (MANPADS) សមត្ថភាពស៊ើបការណ៍ និងការឃ្លាំមើលអាវុធ និងកាំជ្រួច ជាដើម ហើយការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេតវិមានសហរដ្ឋអាមេរិក និង​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ផងដែរ។ មែនទែនទៅ យើងក៏បានដឹងដែរថា រដ្ឋាភិបាល​ចិន​បាន​ទាមទារកោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​ជាយូរ​មក​ហើយ ហើយក៏នៅតែបន្តការទាមទាររហូតមកដល់បច្ចុប្បន្ននេះផងដែរ ម្យ៉ាង​អាមេរិកផងដែរ ក៏​តែងតែបាន​ផ្តល់ជំនួយ​យោធា​ដល់​តៃវ៉ាន់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មកដែរ (កន្លែងនេះ យើងអាចសន្និដ្ឋានបានថា ឱ្យតែប្រទេសណាមានជម្លោះ តែងតែឃើញវត្តមានសហរដ្ឋអាមេរិកចូលលូកដៃ ដែលយើងឃើញថា មានតែប្រទេសដែលរណបអាមេរិក ដែលច្បាស់ជាលើកឡើងមកថា សហរដ្ឋអាមេរិកលូកដៃដើម្បីជួយប្រទេសទន់ខ្សោយ ដែលតាមពិត បើក្រឡេកមើលសេណារីយ៉ូ ជម្លោះដែលមានការលូកដៃរបស់អាមេរិក តែងតែមានការអូសបន្លាយ និងហិនហោចទាំងសងខាង ហើយអាមេរិកចាំទទួលផលពីជម្លោះនេះ តួយ៉ាង ករណីសង្គ្រាមនៅលីប៊ី ក្រោយពីផ្តួលរំលំហ្កាដាហ្វីទៅ មាសរាប់សិបតោនបាត់ដោយមិនដឹងមូលហេតុ ជាដើម- នៅមានរឿងច្រើនទៀត ពាក់ព័ន្ធនឹងការលូកដៃរបស់សហរដ្ឋអាមេរិក)

ត្រឡប់មកលើរឿងយើងវិញ កញ្ចប់ថវិកា ៣៤៥ លានដុល្លារនេះ គឺជាការលក់អាវុធមួយដ៏ធំបំផុតទៅឱ្យតៃវ៉ាន់ចាប់តាំងពីឆ្នាំ ២០១៩ មក។ ហើយវាក៏ជាលើកដំបូងដែរ ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិដកទុនរបស់ប្រធានាធិបតី (PDA) ដើម្បីផ្តល់ជំនួយយោធាដល់តៃវ៉ាន់។ PDA អនុញ្ញាតឱ្យប្រធានាធិបតីអនុញ្ញាតឱ្យផ្ទេរសម្ភារៈការពារជាតិពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកដោយមិនចាំបាច់យ៉ាងឆាប់រហ័ស ដោយមិនចាំបាច់មានការយល់ព្រមរបស់រដ្ឋសភាក្នុងគ្រាអាសន្ន។ ការ​ប្រកាស​កញ្ចប់​ជំនួយ​ត្រូវ​បាន​ជួប​នឹង​ប្រតិកម្ម​ចម្រុះផងដែរ។

មានអ្នក​ជំនាញ​ខ្លះ​បាន​សរសើរចំពោះ​ទង្វើមួយ​នេះ ដោយ​និយាយ​ថា​វា​ជា​ជំហាន​ចាំបាច់​ដើម្បី​រារាំង​ចិន​ពី​ការ​ចាត់​វិធានការ​យោធា​ប្រឆាំង​នឹងកោះ​តៃវ៉ាន់។ ប៉ុន្តែមានអ្នក​ខ្លះ​ទៀត​បាន​រិះគន់​ចំណាត់​ការ​នេះ ដោយ​និយាយ​ថា វា​គ្រាន់​តែ​បង្កើន​ភាព​តានតឹង​រវាង​អាមេរិក និង​ចិនតែប៉ុណ្ណោះ។ គេ​នៅ​ចាំ​មើល​ថា តើ​ចិន​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​កញ្ចប់​ជំនួយនេះ។ ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសនេះ គឺជាសញ្ញាច្បាស់លាស់មួយថា អាមេរិកប្តេជ្ញាផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់ ដើម្បីប្រឆាំងជាមួយចិន។ បើយើងគិតទៅដល់នីតិអន្តរជាតិវិញ ក្នុងករណីដែលកោះតៃវ៉ាន់ មិនទាន់អាចទទួលស្គាល់ជារដ្ឋនៅឡើយ ថាតើទង្វើរបស់សហរដ្ឋអាមេរិក ជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិដែរឬទេ ដែលហាមឃាត់នូវការជ្រាតជ្រែកផ្ទៃក្នុងទៅលើកិច្ចរបស់ប្រទេសមួយ។

សំណួរទី ២៖ តើការផ្ដល់កញ្ចប់ជំនួយផ្នែកសភាវុធរបស់ស.រ.អា សម្រាប់តៃវ៉ាន់នេះធ្វើឡើងក្នុងរូបភាពយ៉ាងដូចម្ដេច? ហើយតើរដ្ឋាភិបាលទីក្រុងប៉េកាំងបានឆ្លើយតបយ៉ាងដូចម្ដេចចំពោះសកម្មមួយនេះ?

ទី២-ខ្ញុំចង់បញ្ជាក់បន្តិចថា កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ គឺជាមធ្យោបាយមួយបង្ហាញការគាំទ្រសម្រាប់ការការពារខ្លួន ក៏ដូចជាចង់បង្ហាញថា ខ្លួនជាកោះដែលមានអធិបតេយ្យភាពហើយត្រូវការពារឱ្យខានតែបាន មួយវិញទៀត ក៏ដូចជាការរក្សាស្ថិរភាពនៅក្នុងតំបន់ផងដែរ។ បើយើងនិយាយអំពីកញ្ចប់ជំនួយនោះ រួមមានអាវុធ និងឧបករណ៍ជាច្រើនប្រភេទ ដូចជាយន្តហោះគ្មានមនុស្សបើក កាំជ្រួច រ៉ុក្កែត និងគ្រាប់រំសេវ ដែលកោះតៃវ៉ាន់អាចប្រើដើម្បីរារាំង និងការពារប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានពីប្រទេសចិន។

យើងឃើញហើយថា មួយរយៈមុន កាលពីចុងឆ្នាំ២០២២ របបក្រុង​ប៉េកាំង ​បើក​សមយុទ្ធយោធា​ចិន ទ្រង់​ទ្រាយ​ធំ ចំនួន​៦តំបន់​ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ ពិសេស​ត្រង់​ចំណុច​ដែល​មាន​ចរាចរណ៍នាវា​​ពាណិជ្ជកម្ម​ផង ដែលចិន ថា​សមយុទ្ធយោធាចាប់ផ្តើម​និង​បន្តចំនួន​បួន​ថ្ងៃ​​ ហើយ​ក្នុង​អំលុងពេល​ធ្វើ​សមយុទ្ធនេះ គេ​ហាម​ឃាត់​គ្រប់​នាវា​ដឹកជញ្ជូននិង​យន្ត​ហោះ ​​​មិនធ្វើ​ដំណើរ​​ឲ្យ​ចូល​ទៅតំបន់​ដែន​ទឹក​និងដែន​អាកាស​ដែល​ពាក់ព័ន្ធ​នឹង​សមយុទ្ធនោះឡើយ ព្រោះ​អាច​មាន​គ្រោះថ្នាក់​។ ហេតុនេះហើយ បានជាកោះតៃវ៉ាន់ មានការភ័យខ្លាចចំពោះការគម្រាមកំហែងជាច្រើនលើកច្រើនសារតាមរយៈការធ្វើសមយុទ្ធយោធាចិនផងដែរ។ មួយវិញទៀត ក្នុងកញ្ចប់ជំនួយ​នេះ​ផងដែរ ក៏​រួម​បញ្ចូល​ទាំង​ការ​អប់រំ និង​ការ​ហ្វឹកហ្វឺន​យោធា ព្រម​ទាំង​ជំនួយ​បច្ចេកទេស និង​ភស្តុភារ​ពី​សហរដ្ឋ​អាមេរិកទៀតផង។ សហរដ្ឋអាមេរិក ក៏បាននិយាយដែរថា កញ្ចប់នេះគឺស្របទៅនឹងគោលនយោបាយចិនតែមួយរបស់ខ្លួន និងច្បាប់ទំនាក់ទំនងកោះតៃវ៉ាន់ ដែលតម្រូវឱ្យសហរដ្ឋអាមេរិកជួយកោះតៃវ៉ាន់ឱ្យរក្សាសមត្ថភាពក្នុងការការពារដ៏គួរឱ្យទុកចិត្តផងដែរ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងខ្លាំងចំពោះកញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់នេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងរំលោភលើសេចក្តីថ្លែងការណ៍រួមចំនួនបីដែលគ្រប់គ្រងទំនាក់ទំនងទ្វេភាគី។ បន្ថែមពីនេះ ប្រទេសចិនក៏បានព្រមានផងដែរថា ចំពោះការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ថា នឹងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយបាននិយាយទៅកាន់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការជ្រាតជ្រែកតទៅទៀត ដែលអាចនាំឱ្យមានភាពតានតឹងកាន់តែខ្លាំង។ ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បី “កម្ទេចគ្រប់ទម្រង់នៃឯករាជ្យភាពកោះតៃវ៉ាន់”។

ជាការឆ្លើយតបទៅនឹងកញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ផងដែរ ប្រទេសចិនក៏បានបង្កើនសម្ពាធយោធារបស់ខ្លួនលើកោះតៃវ៉ាន់ ដោយធ្វើការវាយប្រហារតាមផ្លូវអាកាស និងកងទ័ពជើងទឹកជាញឹកញាប់ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) និងដែនទឹករបស់កោះតៃវ៉ាន់។ ប្រទេសចិនក៏បានធ្វើការល្បាត និងសមយុទ្ធត្រៀមប្រយុទ្ធនៅជិតកោះតៃវ៉ាន់ផងដែរ ដោយមានការប្រើប្រាស់ យន្តហោះ និងនាវាជាច្រើនប្រភេទទៀតផង ដោយបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ គឺសំដៅការពារអធិបតេយ្យភាពជាតិ និងសន្តិសុខ ក៏ដូចជាការរារាំង “ឯករាជ្យភាពនៃកោះតៃវ៉ាន់” ផងដែរ។

សំណួរទី ៣៖ យើងឃើញថា ភ្លាមៗបន្ទាប់ពីរដ្ឋបាលលោក Biden ប្រកាសអំពីការផ្ដល់កញ្ចប់ជំនួយសភាវុធដល់តៃវ៉ាន់ កូរ៉េខាងបានចោទប្រកាន់និងលើកឡើងថា ស.រ.អាបាននឹងកំពុងតែប្រែក្លាយតៃវ៉ាន់ទៅជាមូលដ្ឋានដ៏ទំនើបដែលមិនអាចលិចបានក្នុងការប្រឆាំងនឹងទីក្រុងប៉េកាំង ហើយក៏ជាសកម្មភាពនៃចំណុចបាច់ផ្ដើមមួយក្នុងការបង្កើតសង្រ្គាម។ ផ្អែកទៅលើមូលដ្ឋាននេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះការលើកឡើងមួយនេះ?

ទី៣-ខ្ញុំចង់គូសបញ្ជាក់បន្តិចថា ដូចបានលើកឡើងពីខាងដើមមកហើយថា សេចក្តីថ្លែងការណ៍នេះបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដែលត្រូវតែបង្រួបបង្រួមជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញដោយកម្លាំង ប្រសិនបើចាំបាច់។ ប្រទេសចិនបានថ្កោលទោសម្តងហើយម្តងទៀតនូវកញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងការបង្កហេតុដែលអាចនាំឱ្យមានសង្គ្រាមផ្ទៃក្នុង។

ចិនក៏បានចោទប្រកាន់អាមេរិកពីការប្រែក្លាយតៃវ៉ាន់ទៅជានាវាផ្ទុកយន្តហោះដែលមិនអាចលិចបាន ហើយដែលអាចប្រើប្រាស់ដើម្បីទប់ និងប្រឈមមុខជាមួយឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ យើងដឹងហើយថា បើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន Lowy មានមូលដ្ឋាននៅទីក្រុង Sydney ប្រទេសអូស្ត្រាលី ដែលជាស្ថាប័នឯករាជ្យមួយ សិក្សាស្រាវជា្រវ ទាក់ទងនឹងគោលនយោបាយអំពី នយោបាយអន្តរជាតិ បញ្ហាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច តាមទស្សនៈរបស់អូស្ត្រាលី នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបន្តបាត់បង់ឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនបែរជាបន្តកើនឡើងឥទ្ធិពលរបស់ខ្លួន តាមរយៈរង្វាស់អំណាចចំនួនបួន រួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌។ នៅឆ្នាំ ២០១៨ ប្រទេសចិនបាននាំមុខសហរដ្ឋអាមេរិក ៥២ទល់៤៨ សម្រាប់ឥទ្ធិពលនៅក្នុងតំបន់។

ចំណែកនៅឆ្នាំ ២០២២ ការនាំមុខនេះបានកើនឡើងដល់ ៥៤ទល់៤៦។ ដោយសារការភ័យខ្លាចចិនពង្រីកឥទ្ធិពលកាន់តែខ្លាំងបែបនេះហើយ ទើបសហរដ្ឋអាមេរិកព្យាយាមប្រើគ្រប់ឧបាយកលដើម្បីរារាំងការហូរចូលនូវឥទ្ធិពលចិននៅអាស៊ី តួយ៉ាង ក្រៅពីកោះតៃវ៉ាន់ នៅមាន កូរ៉េខាងត្បូង ជប៉ុន វៀតណាម និងថៃ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះធ្វើឡើង មិនគិតពីទស្សនៈរបស់តៃវ៉ាន់នោះទេដែលចាត់ទុកខ្លួនឯងថាជាប្រទេសមានអធិបតេយ្យភាព និងប្រជាធិបតេយ្យដែលមានសិទ្ធិការពារខ្លួន និងការសម្រេចចិត្តដោយខ្លួនឯងនោះ។ កោះតៃវ៉ាន់បានស្វាគមន៍កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលជាការបង្ហាញនៃភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងភាគីទាំងពីរ និងជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខ និងការទប់ស្កាត់ប្រឆាំង ការបង្ខិតបង្ខំ និងការឈ្លានពានរបស់ចិន។ កោះតៃវ៉ាន់​ក៏បាន​ច្រានចោល​ការទាមទារ​របស់​ចិន​ជុំវិញ​កោះ​នេះផងដែរ ហើយ​បាន​និយាយថា ខ្លួន​នឹងមិន​ចុះចាញ់​នឹង​សម្ពាធ ឬ​ការគំរាមកំហែង​ពី​ទីក្រុង​ប៉េកាំង​នោះឡើយ​។

ដូច្នេះ សេចក្តីថ្លែងការណ៍នេះគឺមានភាពលំអៀង និងមានភាពតែម្ខាង ហើយមិនឆ្លុះបញ្ចាំងពីភាពចម្រុះនៃមតិ និងផលប្រយោជន៍នៅក្នុងទំនាក់ទំនងឆ្លងសមុទ្រនោះទេ។ មួយវិញទៀត កោះតៃវ៉ាន់ ក៏បានលើកឡើងផងដែរថា កញ្ចប់ជំនួយសព្វាវុធរបស់អាមេរិកសម្រាប់កោះតៃវ៉ាន់នេះ គឺមិនមែនមានបំណងបង្កើតសង្រ្គាមទេ ប៉ុន្តែជាការការពារមួយដោយរក្សាតុល្យភាពអំណាច និងស្ថានភាពដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។

សហរដ្ឋអាមេរិកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិនទេ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងសុខភាពពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងនៅតែឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដូចជាកោះតៃវ៉ាន់ ជាដើម ដើម្បីការពារតម្លៃ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាដើម។

សំណួរទី ៤៖ ភ្ជាប់ជាមួយនឹងចំនុចដែលលោកបណ្ឌិតលើកឡើងខាងនេះផងដែរ តើវាអាចទៅរួចទេដែលនេះគឺជាចំនុចចាប់ផ្ដើមនៃសង្រ្គាមផ្នែកសភាវុធរវាងប្រទេសមហាអំណាច ជាពិសេសជុំវិញបញ្ហាច្រកសមុទ្រកោះតៃវ៉ាន់? ហើតតើវានឹងផ្ដល់នូវផលបច្ច័យអ្វីខ្លះចំពោះសន្តិសុខរួមក្នុងតំបន់?

ទី៤បើយើងនិយាយពីបញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់ ​គឺ​ជា​បញ្ហា​ស្មុគស្មាញ និង​រសើប ហើយ​មាន​ទស្សនៈ និង​ផលប្រយោជន៍​ខុសៗ​គ្នាជាច្រើន​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ហើយក៏មានបញ្ហាច្រើនដែលយើងត្រូវជជែកគ្នានៅពេលនេះផងដែរ។

ទីមួយ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងនយោបាយនៃទំនាក់ទំនងច្រកសមុទ្រ។ កោះតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាសាធារណៈរដ្ឋចិន (ROC) គឺជាកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលមានរដ្ឋធម្មនុញ្ញ រដ្ឋាភិបាល យោធា និងរូបិយបណ្ណផ្ទាល់ខ្លួន។ ចិន អះអាងថា ខ្លួនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ហើយមិនទទួលស្គាល់ កោះតៃវ៉ាន់ ជារដ្ឋអធិបតេយ្យនោះទេ។ ចិន ក៏ប្រឆាំងដាច់ខាតទៅនឹងទំនាក់ទំនងផ្លូវការ ឬក្រៅផ្លូវការណាមួយរវាងតៃវ៉ាន់ និងប្រទេសដទៃទៀត ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូសន្តិសុខ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់។

ទីពីរ ចាំបាច់ត្រូវពិចារណាពីផលប៉ះពាល់ក្នុងតំបន់ និងសកលនៃជម្លោះដែលអាចកើតមាននៅក្នុងច្រកសមុទ្រតៃវ៉ាន់។ សង្រ្គាមលើកោះតៃវ៉ាន់មិនត្រឹមតែពាក់ព័ន្ធនឹង ចិន និង កោះតៃវ៉ាន់ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសផ្សេងទៀតដែលមានចំណែក និងផលប្រយោជន៍ក្នុងតំបន់ផងដែរ ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងសមាជិកអាស៊ានមួយចំនួនទៀតផង។ ប្រទេសទាំងនេះមានទស្សនៈ និងគោលនយោបាយផ្សេងៗគ្នាលើបញ្ហាឆ្លងច្រកសមុទ្រតៃវ៉ាន់ អាស្រ័យលើគោលបំណងយុទ្ធសាស្ត្រ ទំនាក់ទំនងសេដ្ឋកិច្ច សម្ព័ន្ធភាពសន្តិសុខ និងទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយភាគីទាំងពីរនៃច្រកសមុទ្រនេះ។ សហរដ្ឋអាមេរិកគឺជាតួអង្គខាងក្រៅដ៏មានឥទ្ធិពលបំផុតនៅក្នុងទំនាក់ទំនងច្រកសមុទ្រនេះចាប់តាំងពីឆ្នាំ 1979 នៅពេលដែលសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយ ចិន និងបានបញ្ចប់ទំនាក់ទំនងការទូតផ្លូវការជាមួយ កោះតៃវ៉ាន់។

ប៉ុន្តែ សហរដ្ឋអាមេរិកក៏បានអនុម័តច្បាប់មួយស្តីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ (TRA) ក្នុងឆ្នាំ 1979 ដែលមានខ្លឹមសារអំពីកាតព្វកិច្ចជួយកោះតៃវ៉ាន់ឱ្យរក្សាសមត្ថភាពការពារដែលអាចទុកចិត្តបាន និងការពារពីការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់តៃវ៉ាន់ ឬសកម្មភាពឈ្លានពានណាមួយដែលអាចបង្កជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខរបស់ខ្លួន។ សហរដ្ឋអាមេរិកក៏បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់តាមរយៈបណ្តាញផ្សេងៗ ដូចជាការលក់អាវុធ ដំណើរទស្សនកិច្ចផ្លូវការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនាផ្នែកសន្តិសុខ។

សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​តើ​ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​ក្នុង​ជម្លោះ​​ច្រក​សមុទ្រតៃវ៉ាន់ជាមួយចិននោះ​ទេ ប៉ុន្តែជាសត្យានុម័ត សហរដ្ឋអាមេរិកបាន​​ធ្វើ​ដូច្នេះ​ក្នុង​កាលៈទេសៈ​ជាក់លាក់ដែលខ្លួនបានរៀបយុទ្ធសាស្រ្តរួចហើយ មានន័យថា សហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីជំហរអន្តរាគមន៍ក្នុងជម្លោះនោះទេ ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិកតាមរយៈការផ្តល់ជំនួយយោធាជាច្រើនលើកច្រើនសារ បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានចេតនាក្នុងការលូកដៃកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីររួចហើយ។ សហរដ្ឋអាមេរិកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដែរ។

ចំណែកប្រទេសជប៉ុន គឺជាតួអង្គសំខាន់មួយទៀតនៅក្នុងទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់ និងចិន ដោយសារតែវាមានភូមិសាស្ត្រជិតស្និទ្ធជាមួយតៃវ៉ាន់ និងមានសម្ព័ន្ធភាពសន្តិសុខរឹងមាំជាមួយសហរដ្ឋអាមេរិក។ ប្រទេសជប៉ុនក៏បានទទួលស្គាល់ ចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តាំងពីឆ្នាំ 1972 ហើយបានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ផងដែរ។ ប៉ុន្តែ ជប៉ុនក៏ដូចគ្នាជាមួយសហរដ្ឋអាមេរិកផងដែរ គឺបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ជំនួយមនុស្សធម៌ និងការពិគ្រោះយោបល់ផ្នែកសន្តិសុខជាដើម។ មួយវិញទៀត ប្រទេសជប៉ុនក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ព្រមទាំងបង្ហាញនូវការគាំទ្ររបស់ខ្លួនសម្រាប់ការសន្ទនាដោយសន្តិវិធីរវាងភាគីទាំងពីរទៀតផង។ ប្រទេសជប៉ុនមិនបានបញ្ជាក់ពីថាតើខ្លួននឹងចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការការពារកោះតៃវ៉ាន់ក្នុងករណីមានជម្លោះនោះទេ ប៉ុន្តែខ្លួនបានបង្ហាញថាខ្លួននឹងធ្វើដូច្នេះប្រសិនបើផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនត្រូវបានគំរាមកំហែង។

អូស្ត្រាលីផងដែរ ក៏បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ អូស្ត្រាលីក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការបង្ខិតបង្ខំយោធារបស់ចិន និងភាពឯកោខាងការទូតរបស់តៃវ៉ាន់ និងការគាំទ្ររបស់ខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន និងការសន្ទនាដោយសន្តិវិធីរវាងភាគីទាំងពីរ។ អូស្ត្រាលីមិនបានបញ្ជាក់ថាតើខ្លួននឹងចូលរួមនៅក្នុងអន្តរាគមន៍យោធានៅក្នុងជម្លោះច្រកសមុទ្រតៃវ៉ាន់ និងចិននោះទេ ប៉ុន្តែអូស្រ្តាលីបានស្នើថា ខ្លួននឹងពិគ្រោះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីរបៀបឆ្លើយតបទៅប្រទេសចិនវិញ ប្រសិនបើមានការបំពាំនណាមួយទៅលើប្រទេសតៃវ៉ាន់។

ចំណែកកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅអាស៊ីបូព៌ា ដែលមានផលប្រយោជន៍ក្នុងការទប់ស្កាត់ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។ កូរ៉េខាងត្បូងក៏បានទទួលស្គាល់ ចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនចាប់តាំងពីឆ្នាំ 1992 ហើយបានបញ្ឈប់ទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងក៏បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ តាមរយៈពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ កូរ៉េខាងត្បូងក៏បានសម្តែងក្តីសង្ឃឹមរបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាច្រកសមុទ្រចិន តៃវ៉ាន់ និងការគោរពគោលនយោបាយចិនតែមួយ។ កូរ៉េខាងត្បូង​ មិន​បាន​បញ្ជាក់​ថា​តើ​ខ្លួន​នឹង​គាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ការពារ​តៃវ៉ាន់​ក្នុង​ករណី​មាន​ជម្លោះនោះទេ ប៉ុន្តែ​កូរ៉េខាងត្បូង ​បាន​អះអាង​ថា​ខ្លួន​នឹង​ផ្តល់​ការ​គាំទ្រ​ពី​ខាង​ក្រោយ​សម្រាប់​ប្រតិបត្តិការ​របស់​អាមេរិក​ដូចជា​ការ​ចូលរួម​មូលដ្ឋាន​ទ័ព ការផ្តល់​គ្រាប់​រំសេវ ការ​ជម្លៀស​ប្រជាជនជាដើម។

ចំណែក ឥណ្ឌា គឺជាមហាអំណាចមួយទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានគោលបំណងក្នុងការរក្សាតុល្យភាពអំណាច និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រចិនតៃវ៉ាន់។ ប្រទេសឥណ្ឌាក៏បានទទួលស្គាល់ ចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តាំងពីឆ្នាំ 1950 ហើយបានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាក៏បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការវប្បធម៌។ ឥណ្ឌាក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការកើនឡើងភាពតានតឹងនៅច្រកសមុទ្រចិនតៃវ៉ាន់ ព្រមទាំងសម្តែងនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីទាំងពីរ។ ឥណ្ឌា​មិន​បាន​បញ្ជាក់​ថា​តើ​ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ច្រក​សមុទ្រចិនតៃវ៉ាន់​នោះទេ ប៉ុន្តែ​ឥណ្ឌា​បាន​បង្ហាញ​ឆន្ទះថា​ខ្លួន​នឹង​សហការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព។

អាស៊ាន​ ជា​អង្គការ​ក្នុង​តំបន់​ដែល​មាន​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​ដប់មួយ​ដែល​មាន​ទំនាក់ទំនង​ចម្រុះ​និង​ស្មុគស្មាញ​ជាមួយ​ភាគី​ទាំង​ពីរ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។ អាស៊ានក៏បានទទួលស្គាល់ ចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តាំងពីឆ្នាំ 1991 ហើយបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ អាស៊ានក៏បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ តាមរយៈពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរចំណោះដឹង ការងារពីប្រជាជនទៅប្រជាជន។ អាស៊ានក៏បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនសម្រាប់ការដោះស្រាយដោយសន្តិវិធីនៃបញ្ហាច្រកសមុទ្រចិនតៃវ៉ាន់ផងដែរ ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ អាស៊ាន​មិន​បាន​បញ្ជាក់​ថា​តើ​ខ្លួន​នឹង​ចូល​រួម​ក្នុង​ជម្លោះ​ឆ្លង​ច្រក​សមុទ្រ​ទេ ប៉ុន្តែអាស៊ាន ​បានអះអាងថា​ខ្លួន ​នឹង​ដើរ​តួនាទី​ស្ថាប័ន​ក្នុង​ការ​លើក​កម្ពស់​ការ​សន្ទនា និង​វិធានការ​កសាង​ទំនុក​ចិត្ត​រវាង​ភាគី​ទាំង​ពីរ។

ចំណុចទីបី ចាំបាច់ត្រូវពិចារណាអំពីផលវិបាកដែលអាចកើតមាននៃជម្លោះនៅច្រកសមុទ្រចិនតៃវ៉ាន់សម្រាប់តំបន់ និងពិភពលោក។ សង្គ្រាមលើកោះតៃវ៉ាន់មិនត្រឹមតែបណ្តាលឱ្យមនុស្សស្លាប់ និងការខូចខាតសម្ភារៈប៉ុណ្ណោះទេ ថែមទាំងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច នយោបាយ និងសន្តិសុខលើសណ្តាប់ធ្នាប់ពិភពលោកផងដែរ។ ផលវិបាក អាចកើតមានមួយចំនួនដូចជា៖

ទី១. ការរំខានផ្នែកសេដ្ឋកិច្ច៖ មានន័យថា ជម្លោះនៅច្រកសមុទ្រចិនតៃវ៉ាន់ អាចនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងលំហូរពាណិជ្ជកម្មដែលពឹងផ្អែកលើស្ថិរភាព និងសន្តិសុខនៃច្រកសមុទ្រនេះ ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។ ជម្លោះមួយ ក៏នឹងប៉ះពាល់ដល់ការផលិត និងការចែកចាយសារធាតុ semiconductors ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្ម និងបច្ចេកវិទ្យាផ្សេងៗ។​ តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកដែលមានច្រើនជាងពាក់កណ្តាលនៃចំណែកទីផ្សារពិភពលោកផងដែរ។ ជម្លោះនេះ ក៏នឹងបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុផងដែរ ដោយសារតែអ្នកវិនិយោគបរទេសនឹងបោះបង់ការកាន់កាប់មូលបត្រ និងរូបិយប័ណ្ណរបស់ចិន ដែលនាំឱ្យមានការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រាក់យន់ និងការបាត់បង់ទំនុកចិត្តលើសេដ្ឋកិច្ចរបស់ប្រទេសចិន។

ទី២.ផលប៉ះពាល់ផ្នែកនយោបាយ៖ មានន័យថា ជម្លោះនៅច្រកសមុទ្រចិនតៃវ៉ាន់ អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះភាពស្របច្បាប់ និងភាពជឿជាក់របស់មេដឹកនាំនយោបាយ និងរបបដែលពាក់ព័ន្ធ។ សម្រាប់ប្រទេសចិន ការបង្រួបបង្រួមដោយជោគជ័យជាមួយតៃវ៉ាន់នឹងបង្កើនមោទនភាពជាតិ និងកិត្យានុភាពរបស់ខ្លួន ក៏ដូចជាការទាមទាររបស់ខ្លួនជាមហាអំណាចសកល។

ទោះជាយ៉ាងណាក៏ដោយ ការបរាជ័យក្នុងការសម្រេចបាននូវគោលដៅនេះ ឬជ័យជម្នះដ៏ថ្លៃថ្លា នឹងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងស្រុក និងកេរ្តិ៍ឈ្មោះអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃទៀត។ សម្រាប់កោះតៃវ៉ាន់ ការការពារដ៏ជោគជ័យនៃអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យ នឹងជួយពង្រឹងអត្តសញ្ញាណជាតិ និងភាពអត់ធន់របស់ខ្លួន ក៏ដូចជាការគាំទ្រពីបណ្តាប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ការបរាជ័យក្នុងការទប់ទល់នឹងការឈ្លានពានរបស់ចិន ឬការបាត់បង់ដ៏ធ្ងន់ធ្ងរ នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ការរស់រានមានជីវិត និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាការរំពឹងទុករបស់ចិនសម្រាប់ការទទួលស្គាល់ជាអន្តរជាតិ។ សម្រាប់សហរដ្ឋអាមេរិក អន្តរាគមន៍ប្រកបដោយជោគជ័យដើម្បីការពារតៃវ៉ាន់ នឹងបញ្ជាក់ឡើងវិញនូវភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធមិត្ត និងដៃគូ ព្រមទាំងលើកតម្លៃ និងគោលការណ៍របស់សហរដ្ឋអាមេរិកផងដែរ។

ទី៣. ផលប៉ះពាល់ផ្នែកសន្តិសុខ៖ មានន័យថា ជម្លោះនៅច្រកសមុទ្រចិនតៃវ៉ាន់ អាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់បរិយាកាសសន្តិសុខក្នុងតំបន់ និងពិភពលោក។ ជម្លោះ​នេះ នឹង​បង្កើន​ការ​ប្រជែង​គ្នា​ជា​យុទ្ធសាស្ត្រ និង​ការ​ប្រកួត​ប្រជែង​ផ្នែក​យោធា​រវាង​ចិន និង​អាមេរិក ព្រម​ទាំង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ពួកគេ។ ជម្លោះនេះ ក៏នឹងបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរផងដែរ ដោយសារតែចិន និងសហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធចែកចាយដែលអាចប្រើប្រាស់ ឬគំរាមកំហែងក្នុងវិបត្តិនេះផងដែរ។

ជម្លោះនេះទៀតសោត ​ក៏​នឹង​បង្កើត​ឱកាស​សម្រាប់​តួអង្គ​ផ្សេងទៀត​ដើម្បី​កេងចំណេញស្ថានការណ៍​ ដូចជា​កូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី ឬ​ក្រុម​ភេរវករ ជាដើមផងដែរ។ មួយវិញទៀត ជម្លោះនេះ ក៏នឹងអាចធ្វើឱ្យមានបញ្ហាដល់ការអនុវត្តនូវបទដ្ឋានគតិយុត្តអន្តរជាតិ និងច្បាប់អន្តរជាតិដែលមានស្រាប់ក្នុងគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិ ដូចជាការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះដោយសន្តិវិធី សេរីភាពនៃការធ្វើនាវាចរណ៍ ការមិនរីកសាយភាយនៃអាវុធប្រល័យលោក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មានន័យថា នៅពេលប្រទេសដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ ហើយជាប្រទេសមហាអំណាចទៀត មិនអនុវត្តនូវបទប្បញ្ញត្តិដែលបានអនុម័តទូទាំងពិភពលោក មានសង្ឃឹមអីទៀតដល់បណ្តាប្រទេសតូចតាចនោះ។

សំណួរទី ៥៖ ជាចុងក្រោយ តាមទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិត តើវឌ្ឍនភាពនៃបញ្ហាច្រកសមុទ្រតៃវ៉ាន់នឹងវិវត្តន៍ទៅយ៉ាងដូចម្ដេចបន្តទៅទៀត និងផ្ដល់ផលប៉ះពាល់អ្វីបន្តទៀតដល់ផ្នែកសន្តិសុខទាំងតំបន់ និងពិភពលោក?

ទី៥ជាយោបល់ខ្ញុំផ្ទាល់ បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់ ​នៅតែ​ជា​ប្រភព​នៃ​ភាព​តានតឹង​ និងមាន​ភាព​មិន​ច្បាស់លាស់​ក្នុង​តំបន់​ និង​ពិភពលោក​ សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ។ ខ្ញុំហ៊ាននិយាយបែបនេះ ព្រោះមានកត្តាជាច្រើនដែលមានឥទ្ធិពលលើទំនាក់ទំនងកោះតៃវ៉ាន់ និងសាធារណរដ្ឋប្រជាមានិតចិន ដូចជានយោបាយក្នុងស្រុក និងមតិសាធារណៈដែលបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់ តាមរយៈការព្យាយាមទាមទារយកកោះតៃវ៉ាន់មកវិញម្តងហើយម្តងទៀតពីសំណាក់មហាអំណាចចិន ស្របតាមគោលនយោបាយចិនតែមួយ មួយវិញទៀតដោយសារតែមានការជ្រាតជ្រែកក្នុងគោលបំណងយុទ្ធសាស្ត្រ នយោបាយ និងផលប្រយោជន៍ពីតួអង្គខាងក្រៅ ជាពិសេសសហរដ្ឋអាមេរិក តែម្តង ដែលនេះ ជាហេតុអាចបណ្តាលឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងពិភពលោកទាំងមូល ហើយអាចនឹងបង្កឱ្យមានការកើតឡើងនូវព្រឹត្តិការណ៍អាក្រក់ ឬវិបត្តិអាក្រក់ផ្សេងៗទៀត ដែលយើងមិនអាចទាយទុកជាមុនបាន។ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថាមានសេណារីយ៉ូចំនួនបីដែលអាចកើតឡើង ហើយដែលជាមូលហេតុធ្វើឱ្យបញ្ហានៃច្រកសមុទ្រតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៖

សេណារីយូទី១ ពាក់ព័ន្ធទៅនឹងស្ថានភាពបច្ចុប្បន្ន៖ ដែលសេណារីយ៉ូនេះ ជាសេណារីយូមួយដែលសាកសម និងគួរឱ្យចង់បានបំផុត ដែលភាគីទាំងពីរអាចរក្សាទំនាក់ទំនងស្ថិរភាព និងសន្តិភាពពិភពលោក ដោយគ្មានការផ្លាស់ប្តូរ ឬការបង្កហេតុធំដុំ ព្រោះថានៅក្រោមសេណារីយ៉ូនេះ ប្រទេសចិននឹងតែបន្តអនុវត្តសម្ពាធនយោបាយ សេដ្ឋកិច្ច និងយោធាលើកោះតៃវ៉ាន់ដដែល ដោយមិនបង្កជាសង្គ្រាមដូចទៅនឹងរុស្ស៊ី និងអ៊ុយក្រែន ហើយត្រូវចៀសវាងនូវការប្រើប្រាស់នូវកម្លាំងទ័ព ឬការបង្ខិតបង្ខំផ្សេងទៀតដែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ឬប្រព័ន្ធសង្គម ឬសេដ្ឋកិច្ចរបស់តៃវ៉ាន់ ហើយតៃវ៉ាន់ផងដែរ ត្រូវគោរពអធិបតេយ្យភាពរបស់ចិន ប៉ុន្តែក៏ត្រូវទទួលស្គាល់អត្ថិភាព និងការចូលរួមចំណែករបស់តៃវ៉ាន់ចំពោះបញ្ហាពិភពលោកផងដែរ។

សេណារីយូទី២ ការកើនឡើងនៃការប្រើប្រាស់កម្លាំងយោធា៖ ដែលនេះគឺជាសេណារីយ៉ូដែលមិនសូវជាល្អនោះទេ ប៉ុន្តែប្រសិនបើការប្រើប្រាស់នូវកងកម្លាំងកាន់តែច្រើន អាចនឹងមានគ្រោះថ្នាក់ជ ដែលភាគីទាំងពីរចូលរួមនៅក្នុងសកម្មភាព និងប្រតិកម្មជាបន្តបន្ទាប់ ដែលបង្កើនហានិភ័យនៃជម្លោះ ឬវិបត្តិបន្ថែមទៀត។ នៅក្រោមសេណារីយ៉ូនេះ ប្រទេសចិននឹងបង្កើនសកម្មភាពយោធារបស់ខ្លួន និងធ្វើឱ្យមានភាពឯកោខាងការទូតរបស់កោះតៃវ៉ាន់ ហើយអាចធ្វើការវាយប្រហារ ឬសមយុទ្ធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កោះតៃវ៉ាន់ផងដែរ។ តៃវ៉ាន់អាចនឹងឆ្លើយតបដោយការពង្រឹងសមត្ថភាពការពារ និងការត្រៀមខ្លួនរបស់ខ្លួន ហើយអាចស្វែងរកការទទួលស្គាល់ជាផ្លូវការ ឬឯករាជ្យពីប្រទេសចិន តាមរយៈសមមិត្តរបស់ខ្លួន។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបង្កើនការលក់អាវុធ និងជំនួយសន្តិសុខដល់កោះតៃវ៉ាន់ ហើយអាចធ្វើសមយុទ្ធរួមគ្នា ឬល្បាតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ឬដែនទឹកក្បែរនោះ។ ពេលនោះ សហគមន៍​អន្តរជាតិ អាច​នឹង​កាន់តែ​បែកបាក់​គ្នា ​និងបង្កការ​ព្រួយបារម្ភ​ខ្លាំងចំពោះ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​អាច​នឹង​ដាក់​ទណ្ឌកម្ម ឬ​វិធានការ​ផ្សេងទៀត​ប្រឆាំង​នឹង​ចិន ឬ​កោះតៃវ៉ាន់តែម្តង។

សេណារីយូទី៣ ជាដំណោះស្រាយចំពោះបញ្ហាទាំងនេះ៖ ដែលនេះគឺជាសេណារីយ៉ូដែលមិនសូវទំនងមែន ប៉ុន្តែមានសក្តានុពលវិជ្ជមាន មិនបង្កដល់ហានិភ័យ និងប៉ះពាល់ដល់ស្ថិរភាំពរបស់ពិភពលោក ដែលភាគីទាំងពីរគប្បីឈានដល់ដំណោះស្រាយ ឬកិច្ចព្រមព្រៀងដែលអាចទទួលយកបានទៅវិញទៅមកលើទំនាក់ទំនងនាពេលអនាគតរបស់ពួកគេ។ នៅក្រោមសេណារីយ៉ូនេះ ប្រទេសចិនគប្បីទទួលយកនូវវិធីសាស្រ្តដែលអាចបត់បែនបាន និងមានភាពប្រាកដជាក់ស្តែងក្នុងការដោះស្រាយជាមួយកោះតៃវ៉ាន់ ហើយអាចផ្តល់នូវការលើកទឹកចិត្ត ឬសម្បទានមួយចំនួនដល់កោះតៃវ៉ាន់។ កោះតៃវ៉ាន់អាចនឹងប្រកាន់យកអាកប្បកិរិយាមធ្យម និងប្រាកដនិយមចំពោះប្រទេសចិន ហើយអាចទទួលយកគ្រប់ទម្រង់នៃការសន្ទនា ឬការពិគ្រោះនានាជាមួយចិន ដើម្បីសុខសន្តិភាពទាំងក្នុងតៃវ៉ាន់ និងពិភពលោក។ មួយវិញទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នានារបស់កោះតៃវ៉ាន់ ក៏អាចជាអ្នកជួយសម្រួល និងគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាច្រកសមុទ្រតៃវ៉ាន់នេះជាមួយប្រទេសចិន។ ចំពោះសហគមន៍អន្តរជាតិ គប្បីនឹងស្វាគមន៍ និងគាំទ្រការដោះស្រាយដោយសន្តិវិធីនៃបញ្ហាច្រកសមុទ្រតៃវ៉ាន់ ហើយអាចទទួលស្គាល់ និងជួយគាំទ្រក្នុងការសម្របសម្រួលរវាងភាគីទាំងពីរផងដែរ។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ធិន វុត្ថា សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031