ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីការលេចឡើងនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង និងគោលបំណងចម្បងនៃយុទ្ធសាស្រ្តមួយនេះចំពោះតំបន់។
សំណួរទី ១៖ ជាការចាប់ផ្ដើម ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលបាននូវភាពលេចធ្លោ និងការចាប់អារម្មណ៍នៅក្នុងវាក្យស័ព្ទយុទ្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងទើបតែបានដាក់ចេញនូវគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តថ្មីរបស់ខ្លួនទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានក្លាយជាចំណាប់អារម្មណ៍មួយសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអ្នកសិក្សាតាមដានទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្ដង។ ជាដំបូង តើលោកអាចរៀបរាប់ត្រួសៗបន្តិចបានទេអំពីការលេចឡើងនូវយុទ្ធសាស្រ្តរបស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ?
មុននឹងចូលទៅកាន់សំណួរខាងលើ ខ្ញុំសូមរៀបរាប់បន្តិចពាក់ព័ន្ធនឹងដំណើរការវិវត្ត ក៏ដូចជាសវតាត្រួសៗអំពីការកើនឡើងនៃសារៈសំខាន់តំបន់ និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានលេចចេញជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដូចយើងបានដឹងរួចមកហើយថា ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងចិនជាដើមបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយរៀងៗខ្លួនមកលើតំបន់មួយនេះ។ ម្យ៉ាងវិញទៀត តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងប្រេង ឧស្ម័ន ជលផល និងរ៉ែ ហើយក៏ជាផ្លូវសមុទ្រដ៏មានសក្ដានុពល និងសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកផងដែរ។ លើសពីនេះ តំបន់នេះក៏ជាកន្លែងសម្រាប់ច្រកយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់ពិភពលោកផងដែរដូចជាច្រកសមុទ្រម៉ាឡាកា ព្រែកជីកស៊ុយអេ និងសមុទ្រចិនខាងត្បូងជាដើម។ ហើយ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏ត្រូវបានកំណត់លក្ខណៈដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់រវាងមហាអំណាចធំៗ ដែលប្រទេសមហាអំណាចទាំងនោះកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខក្នុងតំបន់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។
យ៉ាងណាមិញ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏បង្ហាញនូវឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ផងដែរ ដែលបណ្តាប្រទេសក្នុងតំបន់កំពុងធ្វើការរួមគ្នាកាន់តែខ្លាំងឡើង ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោះស្រាយជម្លោះដែនដី និងដោះស្រាយបញ្ហាប្រឈមទូទៅផ្សេងទៀតដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងរាលដាលផ្សេងៗជាដើម។ ជារួម តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាតំបន់ដ៏មានភាពចាំបាច់ និងមានការវិវត្តន៍យ៉ាងឆាប់រហ័រ ដែលនឹងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងសេដ្ឋកិច្ចសកលក្នុងប៉ុន្មានឆ្នាំខាងមុខ។
ម្លោះហើយបានជាបណ្ដាប្រទេសជុំវិញពិភពលោក ដែលក្នុងនោះភាគច្រើននៃសម្ព័ន្ធមិត្តក្នុងតំបន់របស់ស.រ.អ. បានបង្កើនការចូលរួមរបស់ខ្លួនជាមួយនឹងតំបន់ដ៏មានសក្តានុពល និងផលប្រយោជន៍ ហើយក៏កំពុងតែដាក់បង្ហាញអំពីគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិករៀងៗខ្លួន ក្នុងការទទួលស្គាល់សារៈសំខាន់នៃយុទ្ធសាស្រ្តរបស់តំបន់មួយនេះ។ ជាក់ស្ដែងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្ត និងជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ស.រ.អ. នៅក្នុងតំបន់ ទើបតែបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ដែលឱ្យឈ្មោះថា “Strategy for a Free, Peaceful and Prosperous Indo-Pacific Region” បន្ទាប់ពីការដាក់ចេញនូវបច្ចុប្បន្នភាពនៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកចុងក្រោយបំផុតរបស់ស.រ.អ.កាលពីចុងឆ្នាំ២០២២ផងដែរ។
មែនទែនទៅ សារៈសំខាន់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកបានទាក់ទាញនូវការចូលរួមពីប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសកូរ៉េខាងត្បូងក្នុងការរៀបចំយ៉ាងជាក់លាក់នូវយុទ្ធសាស្រ្តរបស់ខ្លួន ស្របពេលនៃការឡើងកាន់តំណែងនៃរដ្ឋបាលរបស់លោក Yoon Suk-yeol។ ចំណាត់ការមួយនេះបង្ហាញពីការផ្លាស់ប្ដូរយ៉ាងមឺនម៉ាត់នៅក្នុងចេតនា និងចក្ខុវិស័យនយោបាយការបរទេសរបស់ទីក្រុងសេអ៊ូល ខណៈរដ្ឋបាលលោក Yoon បានបង្ហាញអំពីមហិច្ឆតា ក្នុងការប្រែក្លាយជាកូរ៉េខាងត្បូងឱ្យក្លាយជា «រដ្ឋដ៏សំខាន់របស់ពិភពលោក» ដែលនេះជាការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូង ម្យ៉ាងវិញទៀត ចលនានៃការផ្លាស់ប្ដូរមួយនេះក៏បង្ហាញឱ្យឃើញយ៉ាងច្បាស់ផងដែរអំពីគោលជំហររបស់កូរ៉េខាងត្បូងក្នុងការគាំទ្រស.រ.អ. នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ហើយនេះគឺវាក៏បង្ហាញអំពីភាពខុសគ្នា បើធៀបទៅនឹង យុទ្ធសាស្រ្តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកតែងតែព្យាយាមលុបបំបាត់ចោលនូវគំនិតផ្ដួចផ្ដើមស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏ធំទូលំទូលាយមួយនេះ ហើយរដ្ឋបាលលោក Moon បានប្រកាន់នូវយុទ្ធសាស្រ្តដែលមិនមានភាពច្បាស់លាស់ ដែលបង្ហាញអំពីភាពមិនលំអៀងទៅលើមហាអំណាចទាំងពីគឺស.រ.អ. និងចិន និងការមិនជ្រើសរើសភាគីណាមួយជាក់ស្ដែងដើម្បីជាខ្នងបង្អែករបស់ខ្លួនឡើយ។
យ៉ាងណាមិញ មកដល់រដ្ឋបាលរបស់លោក Yoon តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានក្លាយជាតំបន់ស្នូលរបស់កូរ៉េខាងត្បូងក្នុងការបង្កើននូវអានុភាព និងផលប្រយោជន៍ពីប្រទសជាដៃគូនៅក្នុងតំបន់។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងគឺ ផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ក្នុងវិស័យជាច្រើន រួមមានពាណិជ្ជកម្ម ការវិនិយោគ ការទូត និងសន្តិសុខ។ យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង និងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដូចខ្ញុំបានលើកឡើងខាងលើនេះ។ បន្ថែមពីលើនេះ តាមរយៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក កូរ៉េខាងត្បូងក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាបាននូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បើកចំហ ដែលចំនុចនេះ កូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (United Nation Convention on the Law of the Sea – UNCLOS) ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងតំបន់គោរពច្បាប់ និងបទដ្ឋានទាំងនេះផងដែរ។
ជារួម យើងអាចសន្មត់បានថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងឆ្លុះបញ្ចាំងគឺពីបំណងប្រាថ្នារបស់ខ្លួនក្នុងការដើរតួនាទីកាន់តែសកម្ម និងមានឥទ្ធិពលនៅក្នុងតំបន់។ ហើយតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការគោរពច្បាប់អន្តរជាតិ និងការពង្រឹងសន្តិសុខក្នុងតំបន់ កូរ៉េខាងត្បូងមានគោលបំណងពង្រឹងជំហររបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងរួមចំណែកដល់ការកសាងវិបុលភាព និងស្ថិរភាពក្នុងតំបន់។
សំណួរទី ២៖ តើអ្វីទៅជាគៅលបំណងចម្បងនៃយុទ្ធសាស្រ្តឥណ្ឌូ–ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង?
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ គោលបំណងចម្បងទីមួយគឺជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលក្នុងន័យនេះ កូរ៉េខាងត្បូងនឹងធ្វើការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសក្នុងតំបន់ ការជំរុញការវិនិយោគក្នុងវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពល និងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ គោលបំណងសំខាន់មួយទៀតគឺលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន ថាមពល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ការធ្វើបែបនេះ វានឹងជួយឱ្យតំបន់កាត់បន្ថយនូវវិសមភាពសេដ្ឋកិច្ច និងសង្គមក្នុងចំណោមសមាជិករបស់ខ្លួន ហើយវានឹងជួយដល់ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
កិច្ចសហប្រតិបត្តិការសន្តិសុខ៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។ នេះរួមបញ្ចូលទាំងការពង្រឹងស្ថាប័នក្នុងតំបន់ដូចជាអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះក្នុងតំបន់។
ការពង្រឹងភាពជាដៃគូ៖ យុទ្ធសាស្ត្រនេះក៏ស្វែងរកការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ ដែលគេហៅថា like minded countries នោះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា និងអាស៊ានជាដើម ដែលភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូងបង្កើនឥទ្ធិពលក្នុងតំបន់របស់ខ្លួន និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់កាន់តែសកម្ម។
ការរួមចំណែកដល់បញ្ហាសកល៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងក្នុងការចូលរួមចំណែកដល់បញ្ហាពិភពលោកដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩ជាដើម។ យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ក្នុងន័យនេះ យើងក៏អាចមើលឃើញអំពីការឱ្យតម្លៃរបស់កូរ៉េទៅលើ multilateralism ពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហារួមដើម្បីឈានទៅរកដំណោះស្រាយមួយដ៏សមស្រប និងមានប្រសិទ្ធភាព។
សំណួរទី ៣៖ ផ្ជាប់ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងមក ប្រទេសក្នុងតំបន់ជាច្រើនបានចាប់ផ្ដើមបង្ហាញអំពីសាច់ដុំរបស់ខ្លួនទៅលើតំបន់ ដែលបានដាក់បញ្ចេញនូវយុទ្ធសាស្រ្ត និងចក្ខុវិស័យរៀងៗខ្លួនមកកាន់តំបន់ដ៏មានសក្តានុពលមួយនេះ។ តើអ្វីទៅដែលជាមូលហេតុយុទ្ធសាស្រ្តនៅពីក្រោយការផ្ដួចផ្ដើមឱ្យមានយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងនេះ?
ការធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច៖ កូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់នៃទីផ្សារនាំចេញរបស់ខ្លួន។ ដូចនេះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងផ្ដល់ឱកាសមួយសម្រាប់កូរ៉េខាងត្បូងដើម្បីធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេស ឬទីផ្សារណាមួយ។
កំណើននៃសារៈសំខាន់សេដ្ឋកិច្ច៖ ជាក់ស្ដែង តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនលឿនបំផុតនៅលើពិភពលោក ហើយត្រូវបានគេរំពឹងថានឹងមានចំណែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ តាមរយៈការបង្កើនការចូលរួមរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ កូរ៉េខាងត្បូងអាចជឿជាក់បានថានឹងទាញយកសក្តានុពលសេដ្ឋកិច្ចនេះ និងលើកកម្ពស់ការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក។
បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់៖ ដោយមើលឃើញថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាកន្លែងប្រឈមមុខនឹងបញ្ហាសន្តិសុខសំខាន់ៗ រួមទាំងជម្លោះទឹកដី ការលួចចម្លងដែនសមុទ្រ និងការកើនឡើងនៃតួអង្គមិនមែនរដ្ឋ ដូចនេះ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង នឹងដើរតួនាទីមួយផ្នែកក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដោយបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ សមត្ថភាព និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ។
ទីតាំងយុទ្ធសាស្ត្រ៖ នេះអាចថាជាហេតុផលយុទ្ធសាស្រ្តដ៏ធំមួយផ្នែកសម្រាប់យុទ្ធសាស្រ្តតំបន់មួយនេះ ដែលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានទីតាំងនៅផ្លូវបំបែកជាយុទ្ធសាស្ត្ររវាងអាស៊ីបូព៌ា អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។ ក្នុងនាមកូរ៉េខាងត្បូងជាមហាអំណាចមួយនៅអាស៊ីបូព៌ា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងបង្កើនឥទ្ធិពល និងទីតាំងក្នុងតំបន់ដោយពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នានៅក្នុងតំបន់ ជាក់ស្ដែងក្នុងនោះរួមមានស.រ.អ. ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ខ្លួនផ្ទាល់នៅក្នុងតំបន់។
ការប្រកួតប្រជែងភូមិសាស្ត្រ៖ ការកើនឡើងឥទ្ធិពលនៃមហាអំណាចសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន បានបង្កើតភាពតានតឹងក្នុងតំបន់ដ៏សំខាន់នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមរយៈការបន្តយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាក្នុងតំបន់ កូរ៉េខាងត្បូងមានគោលបំណងបង្កើនស្ថិរភាព និងកាត់បន្ថយហានិភ័យនៃជម្លោះក្នុងតំបន់។
ជារួម ការចាប់ផ្តើមនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា មហិច្ឆតា ដើម្បីធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងបង្កើនឥទ្ធិពលក្នុងតំបន់នៅក្នុងទិដ្ឋភាពភូមិសាស្ត្រយុទ្ធសាស្ត្រដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។
ជារួម ការចាប់ផ្តើមនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា មហិច្ឆតា ដើម្បីធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងបង្កើនឥទ្ធិពលក្នុងតំបន់នៅក្នុងទិដ្ឋភាពភូមិសាស្ត្រយុទ្ធសាស្ត្រដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។
វាគ្មិន៖ លោក ទន់ លីណាសុផាឬទ្ធិ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធិសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល៖ កញ្ញា ណារិទ្ធ រ៉ូសនីតា