Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២

AVI Voiceស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២

សំណួរទី ១៖  រដ្ឋាភិបាលកម្ពុជា ទើបបានដាក់ចេញនូវ«សៀវភៅសការពារជាតិឆ្នាំ២០២២» ឬដែលហៅថា «Defence White Paper» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។ ហើយគោលនយោបាយដែលទើបនឹងដាក់ចេញថ្មីៗនេះ គឺជាការកត់សម្គាល់នូវការកែសម្រួលជាលើកទី៣ នៃយុទ្ធសាស្ត្រការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង។ ជាបឋម តើអ្វីទៅជាសៀវភៅសការពារជាតិ ហើយតើរដ្ឋាភិបាលលោកបានបង្កើតឡើងនូវសៀវភៅសការពារជាតិនេះក្នុងគោលបំណងអ្វីខ្លះ?

ពាក់ព័ន្ធទៅនឹងនិយមន័យនៃសៀវភៅសការពារជាតិសម្រាប់កម្ពុជា គឺសំដៅទៅលើឯកសារយុទ្ធសាស្ត្រថ្នាក់ជាតិគោលមួយពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ និងវិស័យសន្តិសុខជាតិជារួម។ ហើយនេះ គឺជាលើកទី៣ដែលកម្ពុជាបានដាក់ចេញនូវសៀវភៅសការពារជាតិ លើកទី១៖កាលពីឆ្នាំ២០០០ លើកទី២៖កាលពីឆ្នាំ២០០៦។ អ៊ីចឹងបានន័យថា វាមានគម្លាតរយៈពេលដប់១៦ឆ្នាំមកហើយ។ អ៊ីចឹងវាទាមទារឱ្យមានការវាយតម្លៃក៏ដូចជាតាមដាន ហើយបញ្ចេញនូវឯកសារថ្មី ដើម្បីបង្ហាញអំពីចក្ខុវិស័យ យុទ្ធសាស្ត្រ អាទិភាព ក៏ដូចជាសកម្មភាពមួយចំនួនដែលកម្ពុជាចាំបាច់ក្នុងការការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។ ពាក់ព័ន្ធទៅនឹងគោលបំណងនៃសៀវភៅសការពារជាតិនេះផងដែរ វាបម្រើនូវគោលបំណងធំៗយ៉ាងហោចណាស់ចំនួន៣។

ទី១៖ ពាក់ព័ន្ធទៅនឹងថាសៀវភៅសការពារជាតិនេះ ដើរតួនាទីជាឯកសារគោល ដើម្បីជាការពន្យល់ ឬក៏ដាក់ចេញនូវអាទិភាពជូនទៅដល់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ដែលគាត់គឺជាតួអង្គស្នូលក្នុងការការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

ទី២៖ សៀវភៅសការពារជាតិនេះ គឺមានតួនាទីក្នុងការផ្ដល់ដំណឹង ឬក៏ជម្រាបជូនទៅដល់ប្រជាពលរដ្ឋខ្មែរទូទៅអំពីអាទិភាពការពារជាតិរបស់ប្រទេសរបស់ខ្លួន ថាតើកម្ពុជាជួបប្រទះនូវបញ្ហា ឬក៏សេចក្តីប្រឈមអ្វីខ្លះនៅលើវិស័យការពារជាតិ? អ៊ីចឹងដើម្បីឱ្យប្រជាពលរដ្ឋ ដូចជាខ្ញុំ ដូចជាឬទ្ធិ ឬក៏ទូទៅបានដឹងអំពីអាទិភាពរបស់ប្រទេសយើង។
(ទី៣)៖ សៀវភៅសការពារជាតិ គឺបានជាឯកសារមួយ ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាឱ្យបាននូវតម្លាភាពជាមួយនឹងប្រជាជននៅក្នុងប្រទេស ក៏ដូចជាតម្លាភាពជាមួយនឹងមិត្តនៅឯក្រៅប្រទេស ដើម្បីគេដឹងអំពីជំហររបស់កម្ពុជា អំពីយុទ្ធសាស្ត្រ ហើយនិងចក្ខុវិស័យការពារជាតិរបស់យើង។

អញ្ចឹងជារួម នេះគឺជានិយមន័យ និងគោលបំណងធំៗរបស់កម្ពុជាក្នុងការដែលយើងដាក់ចេញនូវសៀវភៅសការពារជាតិនេះ។

សំណួរទី ២៖  តើការកែសម្រួលនូវគោលនយោបាយការពារជាតិលើកទី៣ នៅឆ្នាំ២០២២នេះ មានភាពស្រដៀងគ្នា និងមានការផ្លាស់ប្តូរនូវមាតិកាអ្វីខ្លះទៅលើវិស័យការពារជាតិ ក៏ដូចជាសន្តិសុខជាតិ បើប្រៀបទៅនឹងសៀវភៅសការពារជាតិកាលពីឆ្នាំ២០០០ និង២០០៦?

ប្រាកដណាស់ វាមានការផ្លាស់ប្តូរច្រើន មុននឹងខ្ញុំចូលទៅដល់ការស្រដៀង និងភាពខុសគ្នាផ្អែកទៅលើមាតិកានៃឯកសារចុងក្រោយនេះ ខ្ញុំសូមក្រឡេកទៅមើលស្ថានភាពនៅក្នុងតំបន់ ក៏ដូចជាសកលសិន។ យើងឃើញថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សកលលោកគឺបានដើរចូលទៅដល់ស្ថានភាពមួយដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ ពោរពេញទៅដោយអស្ថិរភាពទាំងផ្នែកសន្ដិសុខប្រពៃណី និងមិនមែនប្រពៃណី ក៏ដូចជាបញ្ហាជាច្រើនដែលកើតឡើង។

ឧទាហរណ៍ ទី១៖ ពាក់ព័ន្ធទៅនឹងភាពតានតឹង និងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកហើយនិងប្រទេសចិន។ ទី២៖ ការលេចចេញឡើងនូវសង្គ្រាមនៅឯប្រទេសអ៊ុយក្រែន ជាមួយនិងរុស្ស៊ី។ ទី៣៖ ពាក់ព័ន្ធទៅនឹងការលេចឡើងផងដែរនូវវិបត្តិស្បៀងអាហារ និងថាមពលនៅលើសកលរបស់យើង ក៏ដូចជាបញ្ហាប្រឈមដទៃទៀតផ្នែកសន្តិសុខ ដូចជា«ការគម្រាមកំហែងតាមលំហច» ឬក៏ហៅថា «Cyber Threat» ក៏ដូចជាបញ្ហាដទៃទៀត ដែលកម្ពុជាកំពុងតែប្រឈមក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជាថ្នាក់អន្តរជាតិ។

អ៊ីចឹងបើយើងមើលទៅលើភាពស្រដៀងគ្នាវិញ បើប្រៀបធៀបសៀវភៅសការពារជាតិ២០២២ ទៅនិងឯកសារ២០០៦ និងឆ្នាំ២០០០ យើងឃើញថាមាននូវភាពស្រដៀងគ្នាមួយចំនួន។

ចំណុចទី១៖ ពាក់ព័ន្ធទៅនឹងអាទិភាពដែលកម្ពុជាផ្តល់ឱ្យទៅលើវិស័យការការពារព្រំដែន។ ដូចកន្លងមក ក៏ដូចជាសព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត និងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ដោយចាប់ផ្តើមពីការការពារនូវព្រំដែនរបស់យើងឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ក៏ដូចជាការធ្វើយ៉ាងមិច បង្កើតនូវបរិយាកាសល្អ មានស្ថិរភាព មាននូវមិត្តភាព ក៏ដូចជាមាននូវការជឿទុកចិត្តគ្នារវាងប្រទេសជិតខាងរបស់យើង ដូចជាប្រទេសឡាវ វៀតណាម ហើយនិងប្រទេសថៃ។

ចំណុចទី២៖ គឺក្នុងសៀវភៅសការពារជាតិឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបន្តការយកចិត្តទុកដាក់ទៅលើការរក្សាឱ្យបាននូវស្ថិរភាពក្នុងប្រទេសរបស់យើង ដែលក្នុងនោះមានដូចជាការប្រឆាំងទៅនឹងអំពើភេរវកម្ម ក៏ដូចជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ចំណុចទី៣៖ គឺរាជរដ្ឋាភិបាលកម្ពុជា បន្តយ៉ាងខ្ជាប់ខ្ជួននូវការធ្វើកំណែទម្រង់ទៅលើវិស័យការពារជាតិរបស់យើង ដើម្បីរក្សាឱ្យបាននូវតម្លាភាព សមត្ថភាព ក៏ដូចជាការរៀបចំខ្លួនក្នុងការការពារទឹកដីរបស់យើង។

ចំណុចទី៤៖ កម្ពុជានៅតែឱ្យតម្លៃនូវអាទិភាពទៅលើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយនឹងប្រទេសជិតខាង ក៏ដូចជាប្រទេសនៅជុំវិញនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកផងដែរ។

ហើយបើយើងមើលទៅលើភាពខុសគ្នាវិញ នៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០២២នេះ ខ្ញុំសង្កេតឃើញថាមានភាពខុសគ្នា២ធំៗ ដែលខ្ញុំសូមយកមករំលេចក្នុងថ្ងៃនេះ។

ទី១៖ សៀវភៅស២០២២នេះ ជាលើកដំបូងបង្អស់គឺបានដាក់ចេញនូវលើអាទិភាពទៅលើវិស័យលំហអ៊ីនធឺណិត ឬក៏សន្តិសុខលំហអ៊ីនធឺណិត ដែលយើងហៅថា Cyber Securityហ្នឹងឯង ព្រោះកន្លងមក វិស័យការពារជាតិរបស់កម្ពុជាគឺត្រូវបានផ្តោតសំខាន់ទៅលើ ការគម្រាមកំហែង ដែលកើតចេញពី«វិស័យមិនមែនឌីជីថល» ឬហៅថា «Non-Digital Threat» ប៉ុន្តែក្នុងឆ្នាំ២០២២នេះ ឯកសារថ្មីបានបញ្ជាក់ថា កម្ពុជាគឺបានយកចិត្តទុកដាក់សំខាន់ទៅលើការគម្រាមកំហែងដែលកើតចេញពីបច្ចេកវិទ្យា ហើយនិងឌីជីថល ឬបច្ចេកវិទ្យាឌីជីថលនេះឯង។ អ៊ីចឹង នេះគឺជាការផ្លាស់ប្តូរមួយ ឬការវិវត្តន៍ខ្លួនមួយដែលគួរឱ្យកត់សម្គាល់មែនទែនសម្រាប់វិស័យការពារជាតិកម្ពុជា។

ទី២៖ ក្នុងសៀវភៅស២០២២នេះបានដាក់ចេញនូវអាទិភាពក្នុងការជម្រុញឱ្យមាននូវឧស្សាហកម្មការពារជាតិ នៅក្នុងប្រទេស បានន័យថា យើងចង់ជម្រុញឱ្យមាននូវនវានុវត្តន៍ ក៏ដូចជាការបង្កើត ក៏ដូចជាការផ្គត់ផ្គង់នូវយុទ្ធភ័ណ្ឌ ឬភស្តុភារការពារជាតិទាំងឡាយណាដែលកម្ពុជាត្រូវការចាំបាច់ក្នុងការការពារទឹកដីខ្លួនឯង។

អ៊ីចឹងនេះគឺជាការផ្លាស់ប្តូរពីរធំៗ ដែលកម្ពុជាបានដាក់ចេញនៅក្នុងសៀវភៅស២០២២នេះ។

សំណួរទី ៣៖  តើចក្ខុវិស័យគោលនយោបាយការពារជាតិឆ្នាំ២០២២​នេះ នាំមកនូវការផ្លាស់ប្តូរអ្វីខ្លះទៅលើវិស័យការពារជាតិ ក៏ដូចជាសន្តិសុខជាតិនៅក្នុងបរិបទនៃសម័យបច្ចេកវិទ្យា​ និងឌីជីថល?

ពាក់ព័ន្ធទៅនឹងសំណួរនេះ​ ខ្ញុំសូមភ្ជាប់ទៅនឹងសំណួរដែលខ្ញុំបកស្រាយអម្បាញ់មិញ ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរធំៗ២របស់សៀវភៅសការពារជាតិឆ្នាំ២០២២​នេះ គឺពាក់ព័ន្ធទៅនឹង «Cyber Threat» ហើយនិង «ការបង្កើតនូវឧស្សាហកម្មការពារជាតិក្នុងប្រទេស»

ចំណុចទី១៖ គឺយើងឃើញថា កម្ពុជាយើងគឺមានភាពបត់បែនច្រើន ហើយបានកំពុងតែផ្តល់នូវការយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើការប្រកួតប្រជែង ក៏ដូចជាហានិភ័យដែលកើតចេញពីលំហអ៊ីនធឺណិត។​ អ៊ីចឹងនៅក្នុងនេះដូចកាលដែលខ្ញុំបកស្រាយកាលពីកិច្ចសម្ភាសន៍ជាមួយ AVI Voice​​កាលពីលើកមុន ពាក់ព័ន្ធទៅនឹងលំហអ៊ីនធឺណិត។ យើងឃើញថា ពិភពលោកសព្វថ្ងៃ លំហអ៊ីនធឺណិតគឺកំពុងក្លាយជាលំហមួយដែលពោរពេញទៅដោយភាពស្មុគស្មាញ ហើយក៏ជាកន្លែងមួយដែលរដ្ឋអធិបតេយ្យអាចនឹងប្រឈមមុខដាក់គ្នា ហើយកើតចេញទៅជាភាពតានតឹងផ្នែកនយោបាយ ឬក៏ផ្នែកសេដ្ឋកិច្ច ឬក៏ផ្នែកយោធាតែម្តង។​ អ៊ីចឹងដោយសារតែមើលឃើញអំពីការគម្រាមកំហែងចេញពីលំហអ៊ីនធឺណិតនេះហើយ​ ទើបបានជាសៀវភៅសការពារជាតិឆ្នាំ២០២២របស់កម្ពុជាយើងបានដាក់ចេញនូវអាទិភាពក្នុងការពង្រឹងនូវធនធានមនុស្សក្នុងវិស័យកងទ័ពរបស់យើង ធ្វើយ៉ាងណាឱ្យកងទ័ពរបស់យើងមានលទ្ធភាពនៅក្នុងការឆ្លើយតបទៅនឹងការគម្រាមកំហែងពី «Cyber Space» ក៏ដូចជាការធ្វើកំណែទម្រង់ដទៃទៀតនៅក្នុងកងយុទ្ធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការពារជាតិដទៃទៀតជា ពិសេសពាក់ព័ន្ធទៅនឹង Cyber Space តែម្តង។

ចំណុចទី២៖ គឺការដែលកម្ពុជាយើងចង់បង្កើតនូវឧស្សាហកម្មការពារជាតិក្នុងប្រទេស។ ប្រាកដហើយថា នេះគឺជាការសម្រេចចិត្តមួយដែលមាននូវគោលបំណងយុទ្ធសាស្ត្រ បានន័យថា ប្រសិនបើយើងបង្កើតឡើងនូវឧស្សាហកម្មការពារជាតិផ្ទៃក្នុងនៅក្នុងប្រទេសរបស់យើង គឺវាអាចបម្រើនូវគោលបំណងយុទ្ធសាស្ត្រចំនួន២។ ទី១៖​ ប្រសិនបើយើងមានលទ្ធភាពផ្គត់ផ្គង់នូវយុទ្ធភ័ណ្ឌ ឬក៏ភស្តុភារការពារជាតិដោយខ្លួនឯងក្នុងប្រទេស គឺវាអាចធ្វើឱ្យកងយុទ្ធពលខេមរភូមិន្ទរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក៏ដូចជាមាននូវឧបករណ៍គ្រប់គ្រាន់ក្នុងការការពារទឹកដីរបស់យើង និងអធិបតេយ្យភាពរបស់យើង។ ទី២៖ ការដែលកម្ពុជាមាននូវវិស័យឧស្សាហកម្មការពារជាតិក្នុងប្រទេស គឺវាអាចអនុញ្ញាតឱ្យយើងកាត់បន្ថយនូវភាពងាយរងគ្រោះអំពីការដាក់សម្ពាធ ឬក៏ការកាត់ផ្តាច់នូវសង្វាក់ផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌណាមួយពីសំណាក់ប្រទេសនៅខាងក្រៅ ក្រោមហេតុផលភូមិសាស្ត្រនយោបាយ។ អ៊ីចឹងតាមពិតទៅបើមើលជារួម ជំហរនេះគឺវាអាចបង្កើតនូវលទ្ធភាពក្នុងការដែលកម្ពុជាពឹងពាក់ទៅលើខ្លួនឯងក្នុងការការពារជាតិ។ ហើយខ្ញុំគិតថានេះគឺជាការសម្រេចចិត្តមួយដ៏សំខាន់ ហើយបើយើងមើលទៅខាងមុខទៀត គោលដៅមួយនេះគឺជាគោលដៅរយៈពេលវែង ហើយទាមទារឱ្យមានការវិនិយោគ ក៏ដូចជាការប្តេជ្ញាចិត្តឱ្យច្រើនទៅលើវិស័យការពារជាតិរបស់កម្ពុជា។

សំណួរទី៤៖   តាមរយៈសៀវភៅសការពារជាតិមួយនេះផងដែរ យើងក៏ឃើញមាននូវការលើកឡើងអំពីការចូលរួមនៅក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិផងដែរ ពាក់ព័ន្ធទៅនឹងចំណុចនេះ តើ លោកសម្បត្តិ ​បានយល់ឃើញដូចម្តេចដែរ ហើយវាអាចបញ្ជាក់អំពីអ្វីខ្លះនៃទំនាក់ទំនងរបស់កម្ពុជាជាមួយនិងពិភពលោក ជាពិសេសប្រទេសមហាអំណាចទៅលើវិស័យមួយនេះ?

ប្រសិនបើយើងមើលទៅលើ ការចូលរួមរបស់កម្ពុជាក្នុងវិស័យការពារជាតិនិងសន្តិសុខក្នុងឆាកអន្តរជាតិ ដោយដំបូងខ្ញុំសូមបកស្រាយថាហេតុផលអ្វីបានកម្ពុជាយើងបានចូលរួមកន្លងមកហើយបន្តចូលរួមទៅថ្ងៃមុខទៀត គឺខ្ញុំសូមលើកហេតុផលពីរគឺ៖

ហេតុផលទីមួយ៖ ការដែលកម្ពុជាចូលរួមយ៉ាងសកម្ម និងយ៉ាងមោះមុតនៅក្នុងការចូលរួមរក្សាសន្តិសុខនៅលើសកលលោកជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ គឺដោយសារតែកម្ពុជាជាសមាជិកដ៏មានទំនួលខុសត្រូវមួយនៅក្នុងសហគមន៍អន្តរជាតិ បានន័យថាយើងជាប្រទេសតូច យើងជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងការបញ្ជូននូវកងការពារសន្តិភាពរបស់កម្ពុជាយើងទៅតាមបណ្ដាប្រទេសនៅលើសកលលោកមួយចំនួន ជាពិសេសដូចជាប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង សូម៉ាលី លីបង់ និងសារធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសនៅក្នុងតំបន់អាហ្វ្រិក។

ហេតុផលទីពីរ៖ការដែលកម្ពុជាចូលរួមនេះគឺ វាបានសបញ្ជាក់ឱ្យឃើញថា កម្ពុជាគឺបានដើរឆ្ងាយហើយចេញពីប្រវត្តិសាស្ត្ររបស់ខ្លួនដែលធ្លាប់តែមានសង្គ្រាម។ កម្ពុជាគឺសព្វថ្ងៃជាប្រទេសដែលកំពុងតែអភិវឌ្ឍទៅលើគ្រប់វិស័យ។ អ៊ីចឹងការដែលយើងចូលរួម បានន័យថាយើងបានកសាងខ្លួន យើងបានដើរឆ្ងាយពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់យើង ហើយយើងបានពង្រឹងនូវសមត្ថភាពរបស់ខ្លួនទាំងក្នុងប្រទេសហើយបានចូលរួមទៅលើឆាកអន្តរជាតិផងដែរ។ ចំពោះយន្តការណ៍ដែលកម្ពុជាចូលរួមនេះ ខ្ញុំសូមរំលេចបន្តិចដែរ គឺតាំងពីឆ្នាំ២០០៦មក កម្ពុជាយើងគឺបានបញ្ជូននូវ «កងទ័ពការពារសន្តិភាព ឬកងទ័ពមួកខៀវកម្ពុជា» របស់យើងប្រមាណជាង៨០០០នាក់មកហើយ នៅក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ហើយនៅក្នុងនោះគឺមានការចូលរួមមាននៅភាគរយមួយចំនួន គឺជា«កងសន្តិភាពស្ត្រីកម្ពុជា»របស់យើង។ ហើយបើយើងមើលនៅក្នុងឯកសារផ្នែកសៀវភៅការពារជាតិ២០២២នេះ កម្ពុជាយើងគឺឈរនៅលំដាប់លេខ២នៅក្នុងអាស៊ាន និងលេខ១៣នៅលើសកលលោក ក្នុងការដែលកម្ពុជាយើងបញ្ជូនកងសន្តិភាពស្ត្រីនៅក្នុងឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ហើយការដែលកម្ពុជាចូលរួមនៅក្នុងវិស័យប្រតិបត្តិការណ៍ការពារសន្តិភាពរបស់អង្គការសហប្រជាជាតិនេះផងដែរ គឺវាស្របគ្នាទៅនឹងអាទិភាពរបស់កម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ។ ដោយសារតែក្នុងឆ្នាំ២០២២នេះ អាទិភាពមួយរបស់កម្ពុជាធ្វើជាប្រធានអាស៊ានគឺយើងចង់លើកស្ទួយតួនាទីរបស់ស្ត្រី ពាក់ព័ន្ធទៅនឹងការរក្សាសន្តិភាពនិងសន្តិសុខនៅលើសកលលោក។ អ៊ីចឹងនេះគឺជាការបកស្រាយពាក់ព័ន្ធទៅនឹងការចូលរួមរបស់កម្ពុជា។

សំណួរទី៥៖   ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញទាំងនោះនៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០២២នេះ តើកម្ពុជាត្រូវការធាតុផ្សំអ្វីខ្លះដែរ

អាទិភាពដែលយើងបានដាក់ចេញនៅក្នុងសៀវភៅសការពារជាតិកម្ពុជាឆ្នាំ២០២២គឺជាគោលដៅដែលមាននៅរយៈពេលវែងហើយទាមទារនូវធាតុផ្សំច្រើន។

ទីមួយ៖គឺពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាការពារជាតិតែម្ដង នៅក្នុងសៀវភៅសការពារជាតិ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ថាដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់យើងនៅក្នុងការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់យើង រក្សាបាននូវសន្តិភាព ក៏ដូចជាសន្តិភាពផ្ទៃក្នុងរបស់យើង គឺយើងនឹងមានគម្រោងការក្នុងការចាយថវិកា ២.៥%នៃGDP របស់យើងនៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយបើគិតទៅដល់ត្រឹមឆ្នាំ២០៣០ កម្ពុជាយើងមានផែនការក្នុងការចំណាយ ២.៧%នៃGDP ខ្លួនឯង។ អ៊ីចឹង នេះគឺជាកញ្ចប់ថវិកា ដែលយើងមានផែនការនៅក្នុងការប្រើប្រាស់ ដើម្បីសម្រេចនៅក្នុងការដាក់ចេញនូវឯកសារនេះ។

ទីពីរ៖ ប្រាកដហើយថា ការដែលយើងចង់បង្កើននូវសមត្ថភាពពាក់ព័ន្ធទៅនឹងលំហអ៊ីនធឺណិត ក៏ដូចជាការបង្កើតនូវឧស្សាហកម្មការពារជាតិនៅក្នុងប្រទេស គឺវាទាមទារឱ្យមាននូវមូលដ្ឋាននវានុវត្តន៍មួយ ដែលរឹងមាំនៅក្នុងប្រទេស ពាក់ព័ន្ធទៅនឹងវិស័យវិទ្យាសាស្ត្រ ហើយនិងវិស័យស្ទែម (STEM Sector)ដែលយើងដឹងកន្លងមក។

ទីបី ៖ គឺវាអាចនឹងទាមទារឱ្យមានការធ្វើការជិតដិតជាងមុន ឬការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននិងវិស័យរដ្ឋ។ ដោយសារតែក្នុងបញ្ហាមួយចំនួនវិស័យឯកជនអាចនឹងមានធនធាន អាចថាច្រើនជាង ឬក៏គាត់មានបទពិសោធន៍ជាងនៅក្នុងការឆ្លើយតបទៅនឹងបញ្ហានោះ ជាពិសេសគឺបញ្ហាហើយ Cyber Threat តែម្ដង។

(ទី៤)៖ គឺវាប្រាកដជាទាមទារឱ្យយើងបន្តនូវការធ្វើនូវកំណែទម្រង់ផ្ទៃក្នុង ក៏ដូចជាប្ដេជ្ញាចិត្តក្នុងការសម្រេចបាននូវបេសកកម្មដែលយើងបានដាក់ចេញ ហើយនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ 

សំណួរទី៦៖   ជាចុងក្រោយ តើការតាក់តែងឡើងនូវសៀវភៅគោលនយោបាយការពារជាតិនេះ វានឹងចូលរួមផ្តល់នូវកាលានុវត្តភាពអ្វីខ្លះ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទៅលើវិស័យយោធា វិស័យការពារជាតិ និងវិស័យសន្តិសុខជាតិរបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ

កន្លែងនេះ ខ្ញុំសូមយកនូវចំណុច៤ខ្លីៗចុះ ដែលជាអ្វីដែលខ្ញុំបានបកស្រាយអម្បាញ់មិញដែរ។ 

ទីមួយ ៖ កាលដែលកម្ពុជាបានដាក់ចេញនូវសការពារជាតិឆ្នាំ២០២២នេះ គឺវាបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព ចក្ខុវិស័យ ក៏ដូចជាបេសកកម្មច្បាស់សម្រាប់កងយុទ្ធពលខេមរភូមិន្ទ ច្បាស់សម្រាប់ប្រទេសកម្ពុជាទាំងមូលតែម្ដង។

ទីពីរ ៖ ឯកសារដ៏សំខាន់មួយនេះ គឺវាបានផ្ដល់ជាដំណឹង ឬក៏ជម្រាបជូនទៅដល់ប្រជាជនខ្មែរគ្រប់រូបឱ្យបានដឹងអំពីអាទិភាពវិស័យការពារជាតិរបស់ខ្លួនដែលរដ្ឋាភិបាលបានដាក់ចេញ ហើយនឹងបន្តមានផែនការក្នុងការអនុវត្តន៍ចាប់ពីថ្ងៃនេះតទៅ។

ទីបី ៖ ឯកសារនេះផងដែរក៏វាបានបញ្ជាក់ឱ្យឃើញអំពីការដែលកម្ពុជាបានឆ្លើយតបនិងបត់បែនទៅតាមកាលៈទេសៈ យុទ្ធសាស្ត្រ ក៏ដូចជាភូមិសាស្ត្រនយោបាយ និងយោធាដែលកំពុងតែវិវត្តខ្លួនយ៉ាងលឿននៅលើសកលលោក ដែលបញ្ហាមួយចំនួនខ្ញុំបានបកស្រាយនៅខាងលើអម្បាញ់មិញ។

(ទីបួន)៖ ការដែលយើងបានដាក់ចេញនូវសៀវភៅសការពារជាតិ គឺវាសំខាន់ក្នុងការដែលយើងរក្សាឱ្យបាននូវតម្លាភាព ជាមួយនឹងតម្លាភាពនៅក្នុងប្រទេស ក៏ដូចជាដើម្បីឱ្យយើងបានពន្យល់ ឬធ្វើឱ្យដៃគូនៅខាងក្រៅរបស់យើងមួយចំនួន ដែលក៏ជាប្រទេសជិតខាង ឬក៏ដៃគូប្រទេសដទៃទៀត បានយល់អំពីជំហររបស់កម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាសំខាន់ៗមួយចំនួន ដូចជា បញ្ហាCyber បញ្ហាលំហសមុទ្រ បញ្ហាការធ្វើទំនើបកម្ម ក៏ដូចជាការដែលកម្ពុជាប្ដេជ្ញាចិត្តក្នុងការការពារនូវបូរណភាពទឹកដី ហើយនិងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងមុតមាំ៕

វាគ្មិនកិត្តិយស៖ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031