Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ទស្សនៈផ្លូវច្បាប់ស្ដីពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

AVI Voiceទស្សនៈផ្លូវច្បាប់ស្ដីពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

នៅប៉ុន្មានខែចុងក្រោយនេះ គេមើលឃើញពីសកម្មភាពដ៏មម៉ាញឹករបស់ប្រទេសកូរ៉េខាងជើងក្នុងការបើកដំណើរការការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាបន្តបន្ទាប់។ សកម្មភាពរបស់កូរ៉េខាងជើងនេះបានបង្កជាក្ដីព្រួយបារម្ភដល់សហគមន៍អន្តរជាតិ ជាពិសេសនោះប្រទេសជិតខាងនិងប្រទេសនានាក្នុងតំបន់ ពាក់ព័ន្ធទៅនឹងសន្តិសុខ និងសុវត្តិភាពតំបន់ទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីមហច្ឆតា និងគោលបំណងចម្បងរបស់កូរ៉េខាងជើងក្នុងការបន្តនូវការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានផ្ដល់នូវទិដ្ឋភាពផ្នែកច្បាប់ពាក់ព័ន្ធទៅនឹងសកម្មភាពនៃការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដេរ ក៏ដូចជាផលប៉ះពាល់និងការគំរាមកំហែងនានាទៅដល់តំបន់ និងអន្តរជាតិទាំងមូល។

សំណួរទី ១៖   កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនូវមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ ហើយជាលើកចុងក្រោយនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលលើកទី១១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាបឋមតាមទស្សនៈរបស់លោកបណ្ឌិត ហេតុអ្វីបានជាកូរ៉េខាងជើងមិនព្រមបោះបង់នូវសម្ថភាពនុយក្លេអ៊ែររបស់ខ្លួន?

បញ្ហាចម្បងដែលយើងឃើញជាក់ស្តែង គឺ ឥទ្ធិពល និងអំណាច ហើយចង់ឲ្យប្រទេសជិតខាង ចិញ្ចឹមចិត្តភ័យខ្លាចជាប់ជានិច្ច។ ជាងនេះ កូរ៉េខាងជើង បង្ហាញ ទៅប្រជាជនរបស់ខ្លួន និងសហគមន៍អន្តរជាតិ ជាពិសេសអាមេរិកថា កូរ៉េខាងជើងមិនបានលេងសើចនោះទេ។ ចង់ ឬមិនចង់ កូរ៉េខាងជើងបានកំណត់នូវមហិច្ឆតារបស់ខ្លួនរួចហើយ ថា កូរ៉េខាងជើង ចង់ក្លាយជា មហាអំណាចនុយក្លេអ៊ែរ មួយដែលមហាអំណាចបស្ចិមលោកពុំគួរមើលរំលង។

យើងបានដឹងហើយថា នៅក្នុងខួរក្បាលរបស់មេដឹកនាំមួយ ដែលត្រូវបានពិភពលោកទុកចោលឱ្យនៅឯកោ គ្មានប្រទេសណារាប់រក មានតែការបង្កើនឥទ្ធិពល និងភាពខ្លាំងរបស់ខ្លួននោះទេ ទើបមិនមានប្រទេសណាមួយហ៊ានញុំាញី។ តួយ៉ាង យើងសង្កេតឃើញថា តើមានប្រទេសណាមួយហ៊ានលេងជាមួយកូរ៉េខាងជើង? បានត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការនិយាយបរិហាក្នុងឆាកអន្តរជាតិតែប៉ុណ្ណោះ ។ សំណួរសួរថា ប្រសិនបើគ្រប់ប្រទេសទាំងអស់ដឹងថា ទង្វើរបស់កូរ៉េខាងជើងសព្វថ្ងៃពិតជារំលោភលើច្បាប់អន្តរជាតិ តើមានប្រទេសណាខ្លះ ហ៊ានប្រើប្រាស់ទណ្ឌកម្មយោធា ឬតទល់ជាមួយកូរ៉េខាងជើង! អត់ទេ!

បញ្ហានៅឧបទ្វីបកូរ៉េ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលអូសបន្លាយជាច្រើនទសវត្សរ៍រហូតដល់បច្ចុប្បន្ន។ ហើយដំណើរការឈានទៅរកការចរចា និងការពិភាក្សារវាងកូរ៉េទាំងពីរ និងរវាង    កូរ៉េខាងជើង និងប្រទេសដែលជាភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយនៅឧបទ្វីបកូរ៉េ ក៏ជាបញ្ហាមួយដែលធ្វើឲ្យពិភពលោកមានភាពស្មុគស្មាញ និងពិបាកនឹងដោះស្រាយផងដែរ។

កន្លងទៅនេះ ក្រោយពីសង្គ្រាមកូរ៉េផុតរលត់ទៅតាំងពីឆ្នាំ១៩៥៣មក យើងឃើញថា នៅឧបទ្វីបកូរ៉េមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ គឺមានត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់ ដូចនេះបញ្ហានៅឧបទ្វីបកូរ៉េនៅតែជាបញ្ហាស្មុគស្មាញហើយផុយស្រួយនៅឡើយ។

មែនទែនទៅ មហិច្ឆតាក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានចាប់ផ្ដើមឡើងចាប់តាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ។ គោលដៅនៃការផលិតគឺដើម្បីពងឹ្រងកម្លាំងយោធារបស់ខ្លួនដើម្បីវាទទីកូរ៉េខាងត្បូង ព្រមទាំងការពារខ្លួនពីពួកមហាអំណាចផងដែរ។ នៅពេលនោះមេដឹកនាំប្រទេសនេះ បានចាប់បង្កើតកម្មវិធីបណ្ដុះបណ្ដាលអ្នកបច្ចេកទេសលើចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកនុយក្លេអ៊ែរ រហូតមកដល់ឆ្នាំ ១៩៨០ ទើបចាប់ផ្ដើមផលិតសារធាតុផ្លាតូនីញ៉ូម (Plutonium) ហើយនៅឆ្នាំ ១៩៩៤ កូរ៉េខាងជើងចាប់ផ្ដើមបង្កកសារធាតុនេះ ព្រមទាំងចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ទៀតផង។

ក្រោមការដឹកនាំរបស់លោកគ្រួសារត្រកូលគីម បានចាត់ទុកថា មានតែអាវុធនុយក្លេអ៊ែរទេ ដែលអាចការពារភាពគង់វង្សនៃរបបក្រុងព្យុងយ៉ាងបាន ជាពិសេសគឺការពារពីសំណាក់សត្រូវក្នុងស្រុក និងអន្តរជាតិ ហើយដំណើរការផលិត   នុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងត្បូងបានចាប់ផ្ដើមនៅឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន ។ កាលពីថ្មីៗនេះ ផងដែរ លោក គីម បានលើកឡើងថា និយាយថា «វាទាល់តែកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារដ៏ខ្លាំងក្លា អំណាចយោធាដ៏លើសលប់ ដែលមិនអាចបញ្ឈប់បានដោយអ្នកណាម្នាក់បាន នោះទើបកូរ៉េខាងជើងអាចការពារសង្គ្រាម ធានាសន្តិសុខជាតិ និងទប់ស្កាត់សង្គ្រាម ព្រមទាំងអាចគ្រប់គ្រងរាល់ការគំរាមកំហែង និងការប្រមាថពីពួកចក្រពត្តិនិយមបាន»។

ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១២មក លោកគីម ជុងអ៊ុន បានបង្កើនសកម្មភាព   តេស្តសាកល្បងនុយក្លេអ៊ែរញឹកញាប់ជាង ឪពុក និងជីតារបស់ខ្លួនទៅទៀត។ រហូតមកដល់ឆ្នាំ២០១៨ ដោយសារតែគំនាបសេដ្ឋកិច្ចខ្លាំងហួសហេតុពេក ប្រទេសនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចរចា ដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយជំនួបរវាងមេដឹកនាំអាមេរិក លោកដូណាល់ ត្រាំ និង លោកគីម ជុងអ៊ុន ក៏បានកើតឡើងផងដែរ។ ជំនួបនេះបាននាំឱ្យមានលទ្ធផល ជាប្រវត្តិសាស្ត្រចំនួនបួនចំណុចដូចជា៖

• សហរដ្ឋអាមេរិក និងកូរ៉េខាងជើងប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីរវាងគ្នានឹងគ្នា ស្របតាមការចង់បានរបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព។

• សហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងខិតខំប្រឹងប្រែងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េឱ្យបានយូរអង្វែង។

• បញ្ជាក់ឡើងវិញនូវសេចក្ដីថ្លែងការណ៍ Panmunjom កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ កូរ៉េខាងជើងប្ដេជ្ញារំសាយកម្មវិធីនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ។

• ភាគីទាំងពីរប្ដេជ្ញាធ្វើមាតុភូមិនិវត្តន៍ភា្លមៗនូវសាកសពយុទ្ធជនសម័យសង្គ្រាម ដែលបានកំណត់អត្តសញ្ញណរួចរាល់ មកកាន់មាតុភូមិកំណើតវិញ។

ក្រោយៗមកទៀត ទោះជាមានកិច្ចចរចាជាបន្តបន្ទាប់មកទៀតក្ដី ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលជាដុំកំភួននោះទេ។ ភាគីទាំងពីរនៅតែមិនអាចស្វែងរកដំណោះស្រាយរួមគ្នាដដែលមកទល់នឹងពេលនេះ ហើយបើយោងតាមក្រុមអ្នកវិភាគអន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរប្រមាណ៣០ ទៅ ៦០ដើម ដោយប្រទេសនេះគឺមានភាពស្វាហាប់ខ្លាំងបំផុត ក្នុងការបង្កើនសមត្ថភាពក្នុងការផលិតអាវុធអ៊ែរបន្ថែម ដោយមេដឹកនាំលោកគីម ជុងអ៊ុន បានលើកឡើងថា “មានតែប្រទេសខ្លាំងទេ ទើបគេមិនអាចគម្រាមកំហែងបាន” ក្នុងន័យនេះ អាចបង្ហាញថា ប្រទេសកូរ៉េខាងជើងគ្មានឆន្ទៈក្នុងការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនសោះឡើយ បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិខ្លាំងយ៉ាងណាក៏ដោយ ព្រោះមានតែវិស័យការពារជាតិរបស់ខ្លួនខ្លាំងក្លាទេ ទើបអាចការពារខ្លួនពីការគម្រាមកំហែងពីអន្តរជាតិ និងរក្សាភាពគង់វង្សនៃរបបក្រុងព្យុងយ៉ាងបាន។ ជាក់ស្ដែងនៅដើមឆ្នាំ២០២២ថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលរបស់ខ្លួនចំនួន៩លើករួចទៅហើយ នេះគឺជាគោលបំណងមួយដែលបង្ហាញថា ប្រទេសរបស់ខ្លួនគ្មានឆន្ទៈក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរនោះទេ។ ម្យ៉ាងទៀត កូរ៉េខាងជើងក៏បាននិយាយថា ការសាកល្បងមីស៊ីលដ៏ធំបំផុតមិនធ្លាប់មាននោះ គឺជាប្រភេទមីស៊ីល ហ្វាស៊ុង១៧ (Hwasong-17) ខណៈដែលកូរ៉េខាងជើងបានផ្អាកបាញ់សាកល្បងមីស៊ីលប្រភេទធំនេះតាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនេះបានហោះហើរកាន់តែហោះខ្ពស់ និងយូរជាងមីស៊ីលដែលបានសាកល្បងពីមុនៗរបស់កូរ៉េខាងជើងទៅទៀត។

សំណួរទី ២៖   ប្រសិនបើគ្មានវត្តមានអាវុធនុយក្លេអ៊ែរនោះទេ កូរ៉េខាងជើងនឹងក្លាយជារដ្ឋដែលមិនទទួលបានការចាប់អារម្មណ៍ពីប្រទេសមហាអំណាចដែលកំពុងសម្លឹងមើលខ្លួនរាល់ថ្ងៃនេះដែរ។ ចំពោះការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងផ្ដល់ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ក៏ដូចជាសណ្ដាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្ដេចខ្លះ?

គោលដៅសំខាន់ នៃការបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែដូចដើម មានតែមួយ គឺទាមទារចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាពិសេស អាមេរិក និងប្រទេសជិតខាង ដូចជា ជប៉ុន និងកូរ៉េខាងត្បូងជាដើម ឲ្យឃើញថា កូរ៉េខាងជើង នៅតែមានសមត្ថភាព ផលិតអាវុធ បើទោះបីកម្មវិធីផលិតអាវុធរបស់ប្រទេសកុម្មុយនិស្តមួយនេះ ត្រូវគេប្រឆាំងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិក្តី។

តាមរយៈការបាញ់សាកល្បងមីស៊ីល លើកនេះ កូរ៉េខាងជើងចង់ទាញចំណាប់អារម្មណ៍ និងដាក់សម្ពាធអាមេរិកតែម្តង ដើម្បីឲ្យឆាប់ពិចារណាត្រលប់មកចរចា និងធ្វើសម្បទានទៅតាមការចង់បានរបស់កូរ៉េខាងជើង។ ត្រូវដឹងថា ការចរចា រវាងអាមេរិក និងកូរ៉េខាងជើងដើម្បីបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងលះបង់ចោលកម្មវិធីនុយក្លេអ៊ែរបានជាប់គាំង តាំងពីឆ្នាំ ២០១៩ នៅក្រោយ ជំនួបទ្វេភាគី រវាងមេដឹកនាំ អាមេរិក និងកូរ៉េខាងជើង បានបរាជ័យធ្លាក់ទឹក ទាំងពីរលើក។

ចំពោះការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងផ្ដល់ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន បើទោះបីកំពុងទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ និងបស្ចិមលោកក្តី ។ ជាមួយគ្នានេះ បានបង្ហាញអំពីឧបទ្វីបកូរ៉េគឺនៅតែជាតំបន់ដែលស្ថិតនៅក្រោមការគំរាមកំហែង និងងាយរងគ្រោះ។ យោងតាមសេចក្តីរាយការណ៍របស់ RFI, អ្នកដែលភ័យព្រួយជាងគេ គឺ ជប៉ុន ប៉ុន្តែ មិនមែនអាមេរិកទេ ព្រោះថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង លើកនេះ ជាមីស៊ីលចម្ងាយឆ្ងាយ ដែលមានសមត្ថភាពរត់ដល់ប្រទេសជប៉ុន ប៉ុន្តែ មិនដល់ទឹកដីអាមេរិក។ ប៉ុន្តែ អាមេរិកក៏ត្រូវចេញមុខ ថ្កោលទោស សកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែរ ព្រោះថា មីស៊ីលរបស់កូរ៉េខាងជើង មានសមត្ថភាពគំរាមកំហែង សន្តិសុខកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ គំរាមកំហែងសន្តិសុខ ជប៉ុន និងកូរ៉េខាងត្បូង គឺដូចជាគំរាមកំហែងអាយុជីវិតទាហានអាមេរិកាំង ដែលមានចំនួន ជិត ៣ម៉ឺននាក់ កំពុង ឈរជើងប្រចាំការ នៅកូរ៉េខាងត្បូង។ បើតាមការរៀបរាប់របស់ទីភ្នាក់ងារ ព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នេះជាលើកដំបូង ដែលកូរ៉េខាងជើង ទើបអភិវឌ្ឍផលិតបានមីស៊ីលចម្ងាយឆ្ងាយ។ តាមការរៀបរាប់របស់ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង មីស៊ីលហោះបានចម្ងាយ ១៥០០គីឡូម៉ែត្រ ក្នុងរយៈពេល ២ម៉ោង និង៦នាទី។ ការបាញ់សាកល្បង បានបង្ហាញថា ទាំងបច្ចេកទេស បាញ់បញ្ចេញពីជើងទ្រ ហើយនិងការតាមដាន គ្រប់គ្រង ដំណើរហោះរបស់មីស៊ីល រហូតដល់គោលដៅ គឺមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងគោលដៅចង់បានរបស់អ្នកអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង។

វិបត្តិនៅឧបទ្វីបកូរ៉េ ក៏ជាបញ្ហាស្នូលមួយដែលសហគមន៍ប្រជាជាតិអាស៊ានបាននិងបន្តជំរុញឲ្យមានដំណើរការស្វែងរកសន្តិភាព  (peace building process) ឲ្យខានតែបាន ដោយហេតុ កូរ៉េខាងត្បូងជាប្រទេសដៃគូសន្ទនានៃប្រទេសអាស៊ានបូកបី (APT) ហើយ ជំហររវាងប្រទេសទាំងពីរ តែងមានឥទ្ធិពលផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ចំពោះអាស៊ាន។ ហេតុដូចនេះ អាស៊ានជាយន្តការតំបន់មួយដែលរមែងសម្លឹងមើលពីកិច្ច សហប្រតិបត្តិការជាជាងការប្រកួតប្រជែង នឹងរក្សាការខិតខំប្រឹងប្រែងជំរុញកិច្ចចរចា សន្តិភាព និងជៀសវាងរងការគម្រាមកំហែងដោយផ្ទាល់និងប្រយោលនានាពីសំណាក់កូរ៉េ ខាងជើង។

ទន្ទឹមគ្នានោះដែរ ទំនាក់ទំនងដ៏ស្អិតរមួតកូរ៉េខាងជើង-ចិន-រុស្ស៊ី ក៏បានបង្កជាការព្រួយបារម្ភ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិខណៈបណ្តាប្រទេសកម្មុយនីស្តទាំងនេះហាក់បង្កើននូវសមត្ថភាព ផ្នែកយោធា និងអាវុធយុទ្ធភណ្ឌឥតឈប់ឈរ។

សំណួរទី ៣៖   មកទល់នឹងពេលនេះ តើប្រទេសមហាអំណាច ក៏ដូចជាអង្គការអន្តរជាតិមានការឆ្លើយតបយ៉ាងដូចម្ដេចខ្លះស្ដីពីបញ្ហានុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើង? តើមាននូវយន្តការអ្វីខ្លះហើយឬនៅដែលត្រូវបានដាក់ចេញដើម្បីអនុវត្តទៅលើបញ្ហាមួយនេះ?

យោងតាមការចុះផ្សាយរបស់វិទ្យុ RFI, នៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃទី៤កញ្ញា ២០២១ សហរដ្ឋអាមេរិក បានលើកសំណើ ជាមួយនឹងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនចំណុច ដើម្បីដាក់គំនៀប សង្កត់កូរ៉េខាងជើង ឲ្យថប់ដង្ហើម។ បារាំង អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន សុទ្ធតែបានគាំទ្រ ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រជាច្រើន ដើម្បីអូសកូរ៉េខាងជើងឲ្យស្គាល់ហេតុស្គាល់ផល។ តែបញ្ហាចោទគឺថា ទណ្ឌកម្មទាំងនោះ បានវាយចំចំណុចដែរឬទេ? តើទណ្ឌកម្មទាំងនោះ បានហុចផលអ្វីខ្លះហើយ? បើរាប់ទាំងលើកនេះ វាគឺជាលើកទី៨ហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង ហើយមួយលើកៗ គឺគេសុទ្ធតែអះអាងថា កាន់តែធ្ងន់ ជាងមុន។ ធ្ងន់យ៉ាងណាក៏ដោយ  តែកូរ៉េខាងជើង នៅតែបន្ត បាញ់សាកកាំជ្រួចមីស៊ីល ហើយចុងក្រោយនេះ គឺសាកគ្រាប់បរមាណូ ប្រភេទអ៊ីដ្រូសែន ទំងន់៥០គីឡូតោនឯណោះ។ ចង់មិនចង់ គឺមានន័យថា ទណ្ឌកម្មសេដ្ឋកិច្ច កាលពីលើកមុនៗ ពុំបានធ្វើឲ្យកូរ៉េខាងជើងស្ញើបនោះទេ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិកចំនួន ១៥ បានសម្រេចជាឯកច្ឆន្ទលើការថ្កោលទោសកូរ៉េខាងជើងចំពោះសកម្មភាពខិតខំប្រឹងប្រែងពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយវិធានការនៃការថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះតែងតែកើតមានរូបភាពថ្មីៗជានិច្ច ក្នុងនោះមានដូចជា៖

• ហាមប្រាមមិនឱ្យមានការជួញដូរបរិក្ខាយោធា បច្ចេកវិទ្យាយោធាថ្មីៗ គ្រឿងចក្រឧស្សាហកម្ម និងលោហធាតុគ្រប់ប្រភេទ

• ការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង

• ហាមឃាត់មិនឱ្យមានការនាំចូលទំនិញប្រណិតៗគ្រប់ប្រភេទ ផលិតផលប្រេង ឧស្ម័នធម្មជាតិ និងប្រេងចម្រាញ់

•ហាមឃាត់ការនាំចេញផលិតផលសំខាន់ៗរបស់កូរ៉េខាងជើងដែលមានដូចជា ឧបករណ៍អគ្គីសនី ធ្យូងថ្ម រ៉ែ អាហារសមុទ្រ គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ឈើប្រណិត ផលិតផលវាយនភ័ណ្ឌ និងថ្ម។

• ហាមឃាត់មិនឱ្យមានពលករចំណាកស្រុកចេញពីប្រទេសកូរ៉េខាងជើង

• រឹតត្បិតសកម្មភាពនេសាទគ្រប់ប្រភេទ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសផ្សេងៗជាមួយកូរ៉េខាងជើង

• ហាមមិនឱ្យមានការបើកគណនីធនាគារ និងការិយាល័យធនាគារនៅកូរ៉េខាងជើង។ ទន្ទឹមនឹងការដាក់ទណ្ឌកម្មទាំងនេះ អង្គការសហប្រជាជាតិបានអនុញ្ញាតិឱ្យមានជំនួយមនុស្សធម៌សម្រាប់ប្រជាជនកូរ៉េខាងជើងបាន។

ក្រៅពីអង្គការសហប្រជាជាតិ កូរ៉េខាងជើងក៏ទទួលការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់អាមេរិកផងដែរ ដោយបានរឹតត្បឹតសកម្មភាពសេដ្ឋកិច្ចជាច្រើន ក្នុងគោលបំណងរារាំងការអភិវឌ្ឍបច្ចេកវិទ្យាមីសីល និងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ លើសពីនេះអាមេរិកក៏បានវាយប្រហារកូរ៉េខាងជើងតាមប្រព័ន្ធអ៊ីនធឺណែត ដូចជា ការរំលោភលើប្រព័ន្ធកុំព្យូទ័រ Sony នៅឆ្នាំ២០១៤ និងការវាយប្រហារដោយប្រើមេរោគ Wanna Cry នៅឆ្នាំ២០១៧   ជាដើម។ បន្ថែមពីនេះអាមេរិកបានតាមដានសកម្មភាពរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើងយ៉ាងសកម្ម ព្រមទាំងត្រួតពិនិត្យសកម្មភាពលាងលុយកខ្វក់ផងដែរ។ អាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬអ្នកជំនួញណាមួយដែលបង្ហាញពីការគាំទ្រចំពោះកូរ៉េខាងជើងទៀតផង ជាពិសេសក្រុមអ្នករកស៊ីនៅចិន និងរុស្ស៊ី។ មិនតែប៉ុណ្ណោះក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី សុទ្ធសឹងតែចូលរួមគាំទ្រនិងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដូចអាមេរិកដែរ។

ជាក់ស្តែង បើទោះបីមានការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចក្តី តែយន្តការទាំងនោះហាក់បីដូចជាមិនមានប្រសិទ្ធភាពដូចការរំពឹងទុករបស់បស្ចិមលោកឡើយ ដោយហេតុថាកូរ៉េខាងជើងនៅ តែបន្តសកម្មភាពសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗទៀតដូចជា ចិន រុស្ស៊ី ឥណ្ឌា ប៉េរ៉ូ ប៉ាគីស្ថាន និងប្រទេសផ្សេងៗទៀត។ ដែលបង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រដាសពុំមាន ប្រសិទ្ធភាពជាក់លាក់ចំពោះការដាក់ទណ្ឌកម្មជាក់ស្តែងឡើយ។

តួយ៉ាង បើយោងតាមការរាយការណ៍ពីវិទ្យុបារាំងប្រចាំនៅកម្ពុជា, អ្នកវិភាគជាច្រើនលើកឡើងថា ទណ្ឌកម្មសេដ្ឋកិច្ចមិនមានប្រសិទ្ធភាព ក៏ដោយសារតែគេមិនបានអនុវត្តវាឱ្យគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង សេដ្ឋកិច្ចកូរ៉េខាងជើង គឺមួយភាគធំ ស្ថិតក្នុងបណ្តាញផ្លូវងងឹត ឬបណ្តាញខុសច្បាប់ ដែលឃុបឃិតគ្នារកស៊ី ក្រៅសំណាញ់ច្បាប់។ តួយ៉ាងដូចជាការដឹកជញ្ជូនអាវុធ យកទៅលក់ នៅតាមប្រទេសតំបន់អាហ្វ្រិកជាដើម។ ក្នុងចំណោមក្រុមហ៊ុន ឬក៏អ្នកជំនួញ ដែលជាប់ឈ្មោះក្នុងទណ្ឌកម្ម គឺភាគច្រើនមានប្រភពនៅចិន និងរុស្ស៊ី។ ដើម្បីកុំឲ្យគេចោទ ថាកាន់ជើងកូរ៉េខាងជើង ចិនគ្មានជំរើសអ្វី ក្រៅតែពីទទួលយល់ព្រម នូវការដាក់វិធានការទណ្ឌកម្មទេ ទាំងដែល ធាតុពិត ចិនគ្មានអ្វីត្រូវចំណេញសោះ។ ក្រុមហ៊ុនចិន ដែលរកស៊ីជាមួយកូរ៉េខាងជើង ត្រូវខាតបង់ទាំងស្រុង។ កុំភ្លេចថា ៩០% នៃការនាំចេញរបស់កូរ៉េខាងជើង គឺចិនជាអ្នកទទួលទិញទាំងអស់។ ទំនិញទាំងនោះ ភាគច្រើនគឺសុទ្ធសឹងតែជាវត្ថុធាតុដើម លោហៈធាតុសំខាន់ៗ ដែលចិនត្រូវការ សម្រាប់ឧស្សហកម្មខ្លួន។ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច ជំនួញជួញដូរស្របច្បាប់ បានរងផលប៉ះពាល់មែនហើយ ប៉ុន្តែ ជំនួញផ្លូវកាត់ រវាងចិន និងកូរ៉េខាងជើង នៅតែមានយ៉ាងសកម្មដដែល។ នេះហើយដែលជាហេតុផល ធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ច មិនបានហុចផលវិជ្ជមាន។ សម្រាប់រុស្ស៊ី ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ក៏មិនបានហុចផលល្អ ដល់ខ្លួនដែរ ជាពិសេសជាមួយនឹងវិធានការថ្មី ដែលសហរដ្ឋអាមេរិក  បានលើកឡើងនាពេលនេះ ទាក់ទិននឹង វិស័យប្រេង និងវិស័យទេសចរណ៍។ កូរ៉េខាងជើង គឺជាម៉ូយប្រេងឥទ្ធនៈ នាំចូលពីរុស្ស៊ី។ ចំណែកវិស័យទេចរណ៍វិញ កូរ៉េខាងជើង ទើបតែបានបើកសម្ភោធ ភ្នាក់ងារទេសចរណ៍មួយរបស់ខ្លួននៅក្រុងម៉ូស្គូ។

សំណួរទី ៤៖   បើយើងក្រឡេកទៅមើលលើទស្សនៈផ្លូវច្បាប់វិញម្ដង តើទង្វើរបស់ប្រទេសកូរ៉េខាងជើងនេះបានបង្ហាញអំពីបំពាន ក៏ដូចជាគំរាមកំហែងច្បាប់អន្តរជាតិណាខ្លះ? បើសិនជាមាន តើគេអាចអនុវត្តច្បាប់ទាំងនោះទៅលើប្រទេសកូរ៉េខាងជើងដោយរបៀបណា?

ប្រទេសកូរ៉េខាងជើង ជាសមាជិកនៃ IAEA (International Atomic Energy Agency) តាំងពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៩៤ ដែលខ្លួនបានបញ្ចប់សមាជិកភាពរបស់ខ្លួន ដែលនេះបានហាមប្រាមមិនឲ្យមានការគ្រប់គ្រង ណាមួយលើការអភិវឌ្ឍសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួនដូចមានចែងក្រោមកិច្ចព្រមព្រៀង ការពារណាមួយឡើយ (IAEA Comprehensive Safeguards Agreement)។ ដូចគ្នានេះដែរ កូរ៉េខាងជើងក៏ជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ១៩៨៥ ផងដែរ រហូតដល់ឆ្នាំ២០០៣ ទើបប្រទេសនេះ សម្រេចបញ្ចប់សមាជិកភាពរបស់ខ្លួនក្រោមហេតុផលការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិកនៅបីឆ្នាំបន្ទាប់ដែលប្រទេសនេះបានសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូង។

កូរ៉េខាងជើងបានបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប (intercontinental ballistic missile) ជាលើកដំបូងកាលពីឆ្នាំ២០១៧ មកម្ល៉េះ។ ជាក់ស្តែង ក្រោយជំនួបជាមួយប្រធានាធិបតី ដូណាល់ត្រាំ កាលពីឆ្នាំ២០១៨ កូរ៉េខាងជើងក៏បានសន្យាផ្អាកការតេស្តសាកល្បងនូវមីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរផ្សេងៗផងដែរ។ ដោយឡែក ក្នុងឆ្នាំ២០២០ លោក គីម ក៏បានប្រកាសថាការសន្យានូវត្រូវបានផុតសុពលភាពហើយ។ ក្នុងន័យនេះ ពុំមានច្បាប់អន្តរជាតិណាមួយឡើយក្នុងការគ្រប់គ្រងសកម្មភាពរបស់កូរ៉េខាង ជើងឡើយ ដោយហេតុថាប្រទេសនេះបានដកខ្លួនចេញពីសមាជិកភាពនៃគ្រប់ច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរផងដែរ។

តួយ៉ាង មកទល់ពេលនេះយើងឃើញថានៅសល់តែសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ (UNSC Resolution) ដែលជាយន្តការរបស់អង្កការសហប្រជាជាតិតែមួយគត់ដែលអាចកំណត់លើការដាក់ទណ្ឌកម្មនានាលើសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដោយឡែកក្រោមយន្តការនេះ វាជាការជាប់គាំងមួយក្នុងការដោះស្រាយបញ្ហានានា ដោយហេតុចិន និងរុស្ស៊ី ក៏មានអំណាចវ៉េតូ (veto power) លើសេចក្តីព្រាងការដាក់ទណ្ឌកម្មនានាលើកូរ៉េខាងជើងផងដែរ។ នេះក៏ជា លក្ខខណ្ឌមួយដែលបញ្ហានេះនៅតែជាបញ្ហាជាប់គាំងរហូតមកដល់បច្ចុប្បន្ន។

ដូច្នេះហើយ និយាយរួម ដើម្បីកសាងនូវវប្បធម៌សន្តិភាពក៏ដូចជាពង្រឹងនូវសន្តិភាពនៅឧបទ្វីបកូរ៉េ គេត្រូវបង្កើតនូវលក្ខខណ្ឌ ឬក៏បរិយាកាសដើម្បីសម្រួលដល់ការចរចាគ្នាការពិភាក្សាគ្នា ពីព្រោះថាការពិភាក្សាគ្នាមានសារៈសំខាន់ក្នុងការកសាង និងការយល់គ្នាទៅវិញទៅមកក៏ដូចជាការកសាងទំនុកចិត្តពីគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណាបង្កើតបរិយាកាសល្អដើម្បីឲ្យមានការពិភាក្សាក៏ដូចជាការចរចារវាងកូរ៉េទាំងពីរ, រវាងកូរ៉េជាមួយនឹងប្រទេសសំខាន់ៗ ជាពិសេសប្រទេសនៅក្នុងកិច្ចប្រជុំប្រាំមួយភាគី ដែលមានកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក ដូច្នេះត្រូវជំរុញឲ្យភាគីពាក់ព័ន្ធសំខាន់ៗហ្នឹង ផ្ដល់នូវឱកាសដើម្បីជំរុញនូវការពិភាក្សាពីបញ្ហាកូរ៉េនេះ។

សំណួរទី ៥៖     នាពេលអនាគត តើអន្តរជាតិទាំងមូលជាពិសេសអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធ និងប្រទេសមហាអំណាចជាដើម នៅតែបន្តឈរមើលប្រទេសកូរ៉េខាងជើងអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តទៀតឬយ៉ាងណា? តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះសេនារីយូបន្ទាប់ សម្រាប់ប្រទេសកូរ៉េខាងជើងពាក់ព័ន្ធទៅនឹងបញ្ហាអាវុធនុយក្លេអ៊ែរនេះ?

ត្រង់ចំណុចនេះ ខ្ញុំយល់ឃើញថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយត្រូវបានអនុវត្តឱ្យបានតឹងរឹង និងត្រឹមត្រូវចំពោះទង្វើរបស់កូរ៉េខាងជើងនោះទេ ជំហរក្នុងការពង្រឹងវិស័យយោធា និងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែមានជាបន្តបន្ទាប់ ។

គួបបញ្ជាក់ផងដែរថា ក្រោយការឡើងកាន់តំណែងប្រធានាធិបតីអាមេរិក លោកចូ បៃដិនហាក់នៅមិនទាន់បាននិយាយអ្វីច្រើនលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងដ៏រសើបមួយនេះ។  លោកបៃដិនបានបញ្ជាក់ច្បាស់ៗថា លោកនឹងមិនដើរតាមផ្លូវនយោបាយដែលត្រួសត្រាយដោយប្រធានាធិបតីអាមេរិកមុនៗទេ ពិសេសលោកដូណាល់ ត្រាំ និងលោកបារ៉ាក់ អូបាម៉ា។ នៅត្រង់ចំណុចនេះ លោកបៃដិនបានឆ្លៀតវាយប្រហារ រិះគន់លើនយោបាយរបស់លោកត្រាំដែលបានជួបមេដឹកនាំកូរ៉េខាងត្បូងលោកគីម ជុងអ៊ុនចំនួន ៣ដង គឺនៅសិង្ហបុរី នៅវៀតណាម និងនៅតំបន់គ្មានកងទ័ពជាប់ព្រំដែនខណ្ឌចែកទឹកដីកូរ៉េទាំងពីរ។ លោកបៃដិនបានសង្កត់ធ្ងន់លើពីរចំណុច៖ ទី១ លោកនឹងមិនផ្តល់ឲ្យលោកគីម ជុងអ៊ុននូវអ្វីដែលលោកគីមស្វែងរកទេ មានន័យថា ការទទួលស្គាល់លើភាពស្របច្បាប់របស់កូរ៉េខាងជើងលើឆាកអន្តរជាតិ និងទី២ លោកបៃដិននឹងមិនបណ្តោយឲ្យមានការយល់ច្រឡំថា លោកគីមពិតជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហា និងដែលតាមពិតទៅគឺមិនមែនដូច្នេះឯណា។ ទោះជាយ៉ាងនេះក្តីលោកបៃដិនក៏បានបញ្ជាក់ពីការត្រៀមមានជំនួបទល់មុខគ្នាជាមួយលោកគីម ជុងអ៊ុន ប្រសិនបើលោកគីមយល់ព្រមជជែកពីបញ្ហានុយក្លេអ៊ែរពិតប្រាកដមែន។

នៅក្នុងឆ្នាំចុងក្រោយនៃការកាន់អំណាចរបស់លោក លោក មូន ចេអ៊ីន បានចាត់ទុកជារឿងបន្ទាន់បំផុតដែលលោកត្រូវខិតខំបន្ថែមទៀតដោយមិនបោះបង់ចោលទេ។ ចូរកុំភ្លេចថា លោក មូន ចេអ៊ីន ជាប្រធានាធិបតីកូរ៉េខាងត្បូងដែលបានប្តេជ្ញាចិត្តតាំងពីថ្ងៃឡើងកាន់អំណាចដោយប្រើធម៌ត្រជាក់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុនអ៊ុន។ លោកមូន ចេអ៊ីន បានជ្រើសយកផ្លូវចរចា និងការផ្សះផ្សារជាជាងផ្លូវប្រឈម និងការគំរាម សំឡុតប្រើកម្លាំងបាយ។ ការតេស្តមីស៊ីល ICBM (intercontinental ballistic missile) ( លើកចុងក្រោយបង្អស់នេះ មិនមែនធ្វើឡើងជាការចៃដន្យទេ ពោលគឺត្រឹមប៉ុន្មានថ្ងៃមុនការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ចូលមកដល់ប៉ុណ្ណោះ។ ហេតុនេះ វាហាក់ដូចផ្តល់សារកំញើញមួយដល់រដ្ឋបាលកូរ៉េខាងត្បូងថ្មី ពីអានុភាពរបស់ខ្លួនក្នុង សំណុំរឿងឧបទ្វីបកូរ៉េ ថាដរាបណាកូរ៉េខាងជើងនៅមានសមត្ថភាព និងលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរនោះ កូរ៉េខាងត្បូងពុំគួរប្រកាន់ជំហរក្រអើតក្រទមនោះឡើយ។

សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងជាសំណុំរឿងដ៏ស្មុគស្មាញ អូសបន្លាយដែលអាស្រ័យលើកត្តាច្រើន ពិសេសគឺជំហររបស់អាមេរិក។ លោកមូន ចេអ៊ីនបានដឹងច្បាស់ណាស់ថា បើទោះបីជានយោបាយជ្រើសយកផ្លូវចរចា និងការផ្សះផ្សាររបស់លោកចំពោះមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានហុចលទ្ធផលវិជ្ជមានក៏ដោយក៏វានៅមិនទាន់គ្រប់គ្រាន់ដើម្បីអាចឈានទៅមានសន្តិភាពយូរអង្វែង និងការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានដែរ។ គេបានសង្កេតឃើញថា សូម្បីនៅជំនាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក៏មានការផ្ទុះសង្រ្គាមពាក្យសម្តីរវាងលោកត្រាំ និងលោកគីម ជុងអ៊ុនដែរ នោះបើទោះបីជាឥស្សរជនទាំងពីរបានជួបគ្នាផ្ទាល់ដល់ ទៅ ៣ដងក៏ដោយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្យុងយ៉ាងថែមទាំងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទិកប្រកបដោយជោគជ័យ។ គួរបញ្ជាក់ថាសម្រាប់ក្រុងព្យុងយ៉ាង នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាអាយុជីវិតជាតិដែលមិនអាចបោះបង់ចោលងាយៗដោយគ្មានលក្ខខណ្ឌទេ។ លក្ខខណ្ឌនោះ គឺការលើកទណ្ឌកម្មអន្តរជាតិចេញវិញដោយមានការធានាពីអាមេរិក។ តែមកទល់ពេលនេះ ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងនៅបន្តមិនទុកចិត្តគ្នា និងបន្តមើលបណ្តាំគ្នាទៅវិញ ទៅមក។ នៅម្ខាង ក្រុងព្យុងយ៉ាងទាមទារឲ្យក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មមុនទើបខ្លួនរំសាយនុយក្លេអ៊ែរ។ នៅម្ខាងទៀត ក្រុងវ៉ាស៊ីនតោនទាមទារឲ្យក្រុងព្យុង យ៉ាងរំសាយនុយក្លេអ៊ែរមុនទើបខ្លួនដកទណ្ឌកម្ម។ ដរាបណាភាពមិនទុកចិត្តគ្នានេះនៅបន្ត ប្រហែលគ្មានថ្ងៃបិទបញ្ចប់សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខទេ។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ធិន វុត្ថា សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031