Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ គោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន

AVI Voiceគោលជំហររបស់ស.រ.អ. និងសម្ព័ន្ធមិត្តរបស់អូតង់នៅចន្លោះភាពតានតឹនរុស្ស៊ី-អ៊ុយក្រែន

បុរសខ្លាំង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ ការវាយប្រហារឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែននេះ ត្រូវបានសហគមន៍អន្តរជាតិបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងសុវត្តិភាពប្រជាជននៅអ៊ុយក្រែនជាខ្លាំង។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានលើកឡើងពីគោលជំហររបស់រុស្ស៊ីក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើអ៊ុយក្រែន និងគោលជំហរក៏ដូចជាផលប្រយោជន៍មួយចំនួនសម្រាប់អាមេរិកនិងសម្ព័ន្ធរបស់ខ្លួន។

សំណួរទី ១៖     ជាបឋម តើលោកអាចជួយរៀបរាប់ត្រួសៗបន្តិចបានទេអំពីស្ថានការណ៍បច្ចុប្បន្នភាពនៃការវាយប្រហារពីប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន? ហើយអ្វីទៅជាគោលដៅ និងគោលគំនិតរបស់លោក វ្លាឌីមៀ ពូទីន ដែលសម្រេចចិត្តក្នុងការបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន?

បើគិតមកត្រឹមថ្ងៃទី២៧ ខែកុម្ភៈ វាជាថ្ងៃទីបីនៃប្រតិបត្តិការផ្នែកយោធាពិសេសរបស់រុស្ស៊ី។ បច្ចុប្បន្ននេះ តាមព័ត៌មានដែលយើងទទួលបាន គឺសង្រ្គាមនេះបានបណ្ដាលឱ្យជនស៊ីវីលស្លាប់រហូតទៅដល់ ២៤០នាក់ ហើយក្នុងនោះក៏បង្កឱ្យមានេះនភៀសខ្លួនរហូតទៅដល់ ១៥០,០០០នាក់ ដែលធ្វើដំណើរទៅកាន់ប្រទែសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រ៉ូម៉ានី និងម៉ូឌូវ៉ាផងដែរ។ នៅថ្ងៃនេះកងទ័ពរុស្ស៊ីបានវាយលុកកាន់កាប់ទីក្រុងធំទី២របស់អ៊ុយក្រែនគឺ Kharkiv ហើយក៏កាន់តែចូលគៀកទៅដល់ទីក្រុងកៀវផងដែរ ដែលទីក្រុងកៀវមានទីតាំងមិនឆ្ងាយពីព្រំដែនរបស់ប៉េឡារុស្សទេ ហើយកងទ័ពរបស់រុស្ស៊ីក៏មានទីតាំងនៅប៉េឡារុស្សខ្លះដែរ។ នេះជាផលលំបាកមួយសម្រាប់ទីក្រុងគៀវក្នុងការទប់ទល់ជាមួយរុស្ស៊ីដែរ។ លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសរួចហើយ លោកសម្រេចឈ្លានពានអ៊ុយក្រែន ក្នុងគោលបំណងបំផ្លាញមូលដ្ឋានយោធាសំខាន់ៗដែលលោកគិតថាវាបង្កជា បញ្ហាសន្តិសុខដល់ប្រទែសរុស្ស៊ី ហើយទីពីរគឺគាត់មានបំណងលុបបំបាត់អ្វីដែលលោកហៅថារបបណាហ្ស៊ីបែបថ្មី ដោយលោកបានលើកឡើងពីរបបប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ពីរគឺតំបន់ដូណិតស្ក៍ និងតំបន់លូហានដែល លោកទើបតែទទួលស្គាល់ថាជាសាធារណរដ្ឋថ្មី។

សំណួរទី ២៖     តើការវាយប្រហារឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននេះ នាំមកនូវផលបច្ច័យអ្វីខ្លះទៅដល់សន្តិសុខអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ដែលជាអង្គការមួយមានតួនាទីក្នុងការថែរក្សាសន្តិសុខ និងសន្តិភាពពិភពលោក?

ចាប់តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ ពិភពលោកបានជួបប្រទះនូវសង្គ្រាមត្រជាក់ដែលជំរុញឲ្យមានភ្លើងសង្គ្រាមនៅតាមបណ្ដាប្រទេសតូចៗជាច្រើន ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ ដែលរងគ្រោះដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថាប្រទេសមហាអំណាចធំៗបានឈ្លានពានបណ្ដាប្រទេសតូចៗ ដោយសូម្បីតែប្រទេសវៀតណាមស្ថិតនៅជាប់ភូមិផងរបងជាមួយយើងនេះក៏រងការវាយប្រហារពីអាមេរិក។ ហើយខ្ញុំមិនលើកតែពីអាមេរិកទេ ដោយពេលយើងឃើញស្ថានភាពថ្មីៗ គឺមានរុស្ស៊ីចាប់ផ្តើមប្រើកងទ័ពប្រើយោធាសម្រាប់ការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែនដែលជាប្រទេសភូមិផងរបងជាមួយខ្លួនដែរ ហើយដែលជាប្រទេសមិនមាន អំណាចយោធាខ្លាំងដូចរុស្ស៊ី។ ប៉ុន្តែទោះបីជាមិនមានសេចក្ដីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ប្រទេសមហាអំណាចធំៗអស់ហ្នឹង គាត់នៅតែបន្តឈ្លានពានប្រទេសតូចៗដទៃតាមហេតុផលផ្សេងៗជាច្រើន។ ខ្ញុំគិតថាអង្គការសហប្រជាជាតិដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៧០ឆ្នាំនេះ ក៏បានចូលរួមចំណែកយ៉ាងច្រើនដែរនៅក្នុងការថែរក្សាសន្តិសុខ និងសន្តិភាពរបស់ពិភពលោក ប៉ុន្តែខ្ញុំយល់ឃើញថាអង្គការនេះត្រូវការកំណែទម្រង់ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្ទាល់តែម្តង។

សំណួរទី ៣៖     យើងឃើញថាអាមេរិកគឺជាអ្នកដែលលេចធ្លោជាងគេ ក្នុងគាំទ្រដល់ផ្នែកយោធាទៅដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការគំរាមកំហែងពីប្រទេសរុស្ស៊ី ប៉ុន្តែមកទល់នឹងពេលនេះអាមេរិកហាក់ដូចជា មិនមាននូវការបញ្ចេញសកម្មភាពអ្វីមួយគួរឱ្យកត់សម្គាល់ទៅលើការវាយប្រហាររបស់ប្រទេសរុស្ស៊ីនៅឡើយទេ បានត្រឹមតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងវិស័យដ៏ទៃទៀតតែប៉ុណ្ណោះ។ តើអ្វីទៅជាគោលជំហរពិតប្រាកដរបស់ស.រ.អទៅលើបញ្ហាមួយនេះ?

បើតាមខ្ញុំមើល តាមការសង្កេតចាប់តាំងតែពីអង្គការណាតូត្រូវបានបង្កើតឡើងពីឆ្នាំ១៩៤៩ រហូតមកដល់ឆ្នាំ១៩៩០ យើងឃើញថាសមាជិកអង្គការណាតូទាំងអស់ពុំមានទីតាំងជាប់ព្រំដែនជាមួយរុស្ស៊ីទេ។ ប៉ុន្តែក្រោយពីនោះមកជាពិសេសនៅក្នុងឆ្នាំ១៩៩៩ យើងឃើញណាតូទទួលសមាជិកថ្មីហើយសមាជិកបន្តបន្ទាប់មកទៀតហ្នឹងគឺមានព្រំដែនជាប់ជាមួយរុស្ស៊ី។ អង្គការណាតូខ្លួនឯងផ្ទាល់ក៏មិនដែលពិចារណាសំណើរបស់លោកពូទីន ដែលធ្លាប់ស្នើសុំចូលជាសមាជិក។ តែផ្ទុយទៅវិញនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានីកាលពីឆ្នាំ២០០៨ លោក George W. Bush បានព្យាយាមអូសទាញអ៊ុយក្រែននិងហ្សកហ្ស៊ីឲ្យចូលជាសមាជិករបស់អង្គការណាតូ ទោះបីកាលនោះប្រទេសបារាំងហើយនិងអាល្លឺម៉ង់ហាក់ពុំបានបង្ហាញជំហរគាំទ្រចំពោះសំណើអីទេ ហើយកាលនោះក៏ពុំមានសេចក្ដីសម្រេចជាឯកឆន្ទរបស់អង្គការណាតូក្នុងការទទួលយកអ៊ុយក្រែន និងហ្សកហ្ស៊ីចូលជាសមាជិករបស់ខ្លួនដែល។ ប៉ុន្តែបន្តទៀតរហូតដល់ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន អង្គការណាតូបានប្រកាសជំហរគាំទ្រលើសេចក្ដីសម្រេចរបស់ខ្លួនកាលពីឆ្នាំ២០០៨ វិញដែលនេះប្រៀបបានទៅនឹងការបញ្ឆេះឲ្យរុស្ស៊ី គាត់មានក្ដីបារម្ភចំពោះសន្តិសុខរបស់គាត់កាន់តែខ្លាំងជាងមុនទៅទៀត។ ហើយជាបន្តបន្ទាប់មក យើងឃើញអាមេរិកចាប់ផ្តើមបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន រហូតដល់ចុងឆ្នាំ២០២១នេះ មានជំនួបមួយតាមរយៈទូរស័ព្ទរវាងលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន និងលោក Joe Biden ដោយបានសន្យាជួយគាំទ្រផ្នែកយោធាដល់អ៊ុយក្រែននៅក្នុងទស្សនកិច្ចដោយផ្ទាល់របស់លោក Zelenskyy ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ជាមួយគ្នាដោយអាមេរិកបានសន្យា ធ្វើទំនើបកម្មលើកំពង់ផែរបស់អ៊ុយក្រែនដើម្បីឲ្យកំពង់ផែនេះអាចមានលទ្ធភាពឲ្យនាវាចម្បាំងរបស់អាមេរិកអាចចូលចតបានធ្វើប្រតិបត្តិការ។ លោកថែមទាំងបានសន្យាផ្គត់ផ្គង់សម្ភារៈយោធា និងផ្តល់ការបណ្តុះបណ្តាលផ្នែកយោធាដល់កងទ័ពរបស់អ៊ុយក្រែនទៀតផង។ សង្គ្រាមនៅអ៊ុយក្រែន ប្រហែលជាអាចនាំមកនូវផលលំបាកច្រើនសម្រាប់រុស្ស៊ី និងអឺរ៉ុបទាំងមូល បើតាមការយល់ឃើញរបស់ខ្ញុំ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច សន្តិសុខ ព្រមទាំងវិបត្តិជនភៀសខ្លួនដែលវិបត្តិទាំងអស់នេះមិនងាយនឹងដោះស្រាយទេ ហើយវាបន្ថែមទៅលើវិបត្តិជំងឺកូវីដ-១៩ ដែលប្រទេសទាំងនោះកំពុងតែព្យាយាមដោះស្រាយ។ ចំណែកអាមេរិកខ្ញុំគិតថាគាត់ នឹងទទួលបានផលចំណេញពីជម្លោះនេះទៅវិញទេ តាមរយៈការផ្គត់ផ្គង់ឧស្ម័នហ្គាស ដែលអាចថាបន្តិចទៀតទៅយើងបានឃើញការប្រកាសរបស់អាល្លឺម៉ង់រួចហើយគាត់បានសម្រេចមិនទទួលយកហ្គាសពីររុស្ស៊ីតាមបំពង់បង្ហូរឧស្ម័ន North Stream 2 Pipeline នោះទេ។ ដូច្នេះកន្លែងនេះយើងអាចដឹងថាតើប្រទេសណាក្លាយជាអ្នកផ្គត់ផ្គង់ហ្គាសទៅអឺរ៉ុបបន្ទាប់ពីរុស្ស៊ី។ហើយបើយើងមើលហ្គាសនៅអឺរ៉ុបបច្ចុប្បន្ន ទទួលទិញពីរុស្ស៊ីក្នុងតម្លៃមួយថោក អញ្ចឹងបន្តិចទៀតបើសិនជាបិទការទិញហ្គាសពីរុស្ស៊ីតម្លៃហ្គាស ដែលដឹកពីអាមេរិកមកគេដឹកតាមកប៉ាល់អាចមានតម្លៃថ្លៃជាងសម្រាប់យកមកផ្គត់ផ្គង់ដល់អឺរ៉ុបទាំងមូលនេះ។ ផលវិបាកនៃសេដ្ឋកិច្ចនឹងកើតមានទាំងលើរដ្ឋ ទាំងលើប្រជាពលរដ្ឋដែលរស់នៅអឺរ៉ុប។ ហើយបញ្ហាមួយទៀតនោះ គឺពាក់ព័ន្ធទៅនឹងលំហូរទំនិញដែលយើងបានឃើញបារាំងបានឃាត់កប៉ាល់ដឹកទំនិញមួយដែលមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុនដែលត្រូវដាក់ទណ្ឌកម្ម ហើយកប៉ាល់នោះត្រូវបានបញ្ជូនទៅតុលាការសម្រាប់ពិនិត្រ និងសម្រេចថាតើថាអាចអនុញ្ញាតឱ្យធ្វើដំណើរបន្តទៅកាន់រុស្ស៊ី ឬយ៉ាងណា។

សំណួរទី ៤៖     អ៊ុយក្រែនមិនមែនជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ/អូតង់នោះឡើយ ហើយអ៊ុយក្រែនក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបធ្វើការសម្រេចទៅលើសមាជិកភាពរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុប។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ តើមានសេនារីយ៉ូអ្វីខ្លះប្រសិនបើសហភាពអឺរ៉ុបបានសម្រេចនូវសមាជិកភាពរបស់អ៊ុយក្រែន?

ខ្ញុំយល់ឃើញថាសេណារីយ៉ូមួយនេះអាចនឹងពិបាកកើតមាន ដោយសារប្រទេសមួយចំនួនធំដែលជាសមាជិករបស់ណាតូ ដែលទាំងអស់មានចំនួន៣០ ប្រហែលជាប្រទេសមួយចំនួនពុំមានផលប្រយោជន៍ពីការអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិករបស់ណាតូទេ ប៉ុន្តែពួកគេអាចនឹងព្រួយបារម្ភពីបញ្ហាដែលទទួលយកអ៊ុយក្រែនជាសមាជិកហើយពួកគេអាចនឹងបារម្ភអំពី ប្រឈមរបស់ពួកគេជាមួយរុស្ស៊ីដោយផ្ទាល់ ជាពិសេសសមាជិកណាតូដែលមានភូមិផងរបងជាមួយរុស្ស៊ី។

សំណួរទី ៥៖     តើស្ថានការណ៍ដែលកំពុងកើតមានឡើងនៅប្រទេសអ៊ុយក្រែន អាចនឹងជះឥទ្ធិពល និងផ្ដល់នូវផលបច្ច័យអ្វីខ្លះទៅដល់ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធទៅនឹងការជ្រៀតជ្រែក និងការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងពីប្រទេសមហាអំណាចដូចជាស.រ.អ និងចិនជាដើម?

ខ្ញុំក៏បានគិតពីបញ្ហាអីដែរ ខ្ញុំយល់ឃើញថាវាអាចទៅរួច ការលូកដៃចូលរបស់ប្រទេសមួយចំនួនជាពិសេសមហាអំណាចដូចជាអាមេរិកឬចិន ប៉ុន្តែខ្ញុំមិនថាប្រទេសណាមួយទេ តែខ្ញុំលើកឡើងថាជាមហាអំណាចណាមួយដែលនៅពីក្រោយវិបត្តិនៅមីយ៉ាន់ម៉ា ប្រសិនបើវាកើតឡើងមែន យើងបានដឹងថានៅមានណាគឺមានរដ្ឋចំនួនប្រាំពីរ និងតំបន់ចំនួនប្រាំពីរដែរ ហើយដែលទីតាំងរបស់រដ្ឋនីមួយៗហ្នឹង គឺស្មុគស្មាញក្នុងការគ្រប់គ្រងបើយើងក្រឡេកទៅមើលកត្តាភូមិសាស្ត្រ និងមានតំបន់មួយចំនួន និងរដ្ឋមួយចំនួនសុទ្ធតែធ្លាប់បានព្យាយាមផ្តាច់ខ្លួនពីរដ្ឋាភិបាល។ ប្រសិនបើមានការជ្រៀតជ្រែក លូកដៃ ឬការឧបត្ថម្ភពីមហាអំណាចធំៗ ខ្ញុំយល់ឃើញថា ការបំបែកខ្លួនឬបំបែករដ្ឋអាចនឹងកើតមានឡើង ហើយក្នុងករណីនេះវានឹងធ្វើឲ្យមានការរងវិបត្តិកាន់តែខ្លាំង និងធ្វើឲ្យអាស៊ានក៏ប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដូចគ្នា។ ហើយសង្គ្រាមនេះវាអាចនឹងអូសបន្លាយរយៈពេលយូរពីព្រោះធម្មតានៅពេលមានការផ្គត់ផ្គង់ពីខាងក្រោយ ហើយមានការជំរុញជាពិសេសការលើកទឹកចិត្តឲ្យកម្លាំងដែលមានស្រាប់ និងកម្លាំងដែលមានបំណងចង់ផ្ដាច់ខ្លួន ចង់មានការគ្រប់គ្រងស្វ័យភាពដោយខ្លួនឯង (Autonomy) ខ្ញុំគិតថាវាជាសេនារីយ៉ូដែលអាចទៅរួច។

សំណួរទី ៦៖     ជាចុងក្រោយ តើលោកគិតថាអ្វីទៅជាសេនារីយ៉ូបន្ទាប់នៅក្នុងវិបត្តិអ៊ុយក្រែននេះ? តើពិភពលោកនៅតែបន្តឈរមើលរុស្ស៊ីប្រើប្រាស់កម្លាំងបាយរបស់ខ្លួនទៅលើអ៊ុយក្រែនតាមតែចិត្តឯងបែបនេះឬយ៉ាងណា?

ខ្ញុំយល់ឃើញថាសង្គ្រាមនៅអ៊ុយក្រែន ប្រហែលជាមិនឆាប់ចប់ពីការរំពឹងទុករបស់រុស្ស៊ីទេ។ ខ្ញុំគិតថាមេដឹកនាំរបស់អ៊ុយក្រែនអាចនឹងបន្តសង្គ្រាមជាមួយរុស្ស៊ីបានយូរជាងនេះ តាមរយៈការរំកិលខ្លួនទៅភាគខាងលិចនៃប្រទេសរបស់ខ្លួន ដែលមានទីតាំងជាប់ជាមួយប្រទេសសមាជិកណាតូ ដែលទីតាំងនោះជាទីតាំងអំណោយផលសម្រាប់ មេដឹកនាំអ៊ុយក្រែនក្នុងការទទួលបាននូវសព្វាវុធ និងការគាំទ្រផ្សេងៗពីណាតូក៏ដូចជាសហរដ្ឋអាមេរិកវាជាច្រកសំខាន់។ ខ្ញុំគិតថារាល់ថ្ងៃមានប្រទេសជាច្រើននៅសម្លឹងបែបនឹង ដោយសារក្នុងគោលបំណងរបស់ពួកគេគឺការពារផលប្រយោជន៍របស់ខ្លួនឯងមិនចង់ប៉ះទង្គិចជាមួយរុស្ស៊ី។ ហើយទីពីរដោយសារយន្តការរបស់អង្គការសហប្រជាជាតិនៅមានកម្រិតទន់ខ្សោយ មិនអាចដោះស្រាយបានហើយសកម្មភាពដែលកើតឡើងទេយើងឃើញ វាមិនមែនជាលើកទីមួយទេរបស់រុស្ស៊ីក្នុងការឈ្លានពានបរទេសយើងមើលកាលពីឆ្នាំ២០០៨ កន្លងទៅ រុស្ស៊ីក៏ធ្លាប់លើកទ័ពទៅឈ្លានពានហ្សកហ្ស៊ីផងដែរ ហើយនិងបានបោះមូលដ្ឋានកងទ័ពក្បែងនោះផងដែរ និងរដ្ឋទូតមួយផ្សេងទៀតដែលរុស្ស៊ីបានទទួលស្គាល់ដូចជាអ្វីដែលខ្លួនកំពុងតែធ្វើនៅអ៊ុយក្រែន។ ខ្ញុំគិតថាបើសិនជាយើងមើលជាក់ស្តែងទៅ យើងមិនដែលកំពុងតែឈរមើលទៅរុស្ស៊ីមួយទេ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺយើងបានឈរមើលមហាអំណាចធំៗវាយឈ្លានពានប្រទេសតូចៗជាច្រើនរួមទាំងអាមេរិកផងដែរ ហើយបើគិតទៅប្រហែលជាអាមេរិកធ្វើសកម្មភាពឈ្លានពានបរទេសច្រើនគេទៅទៀត។

វាគ្មិនកិត្តិយស៖ លោក អំ សុជាតិ សមាជិកអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031