Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២

AVI Voice៖ លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២

វិបត្តិនយោបាយនៅភូមា គឺជាបញ្ហាស្មុគស្មាញមួយ និងរសើបសម្រាប់អាស៊ាន ដែលជាពិសេសគឺសម្រាប់ប្រធានអាស៊ានផ្ទាល់តែម្ដង។ នៅឆ្នាំ២០២២នេះ កម្ពុជាជាប្រធានអាស៊ានត្រូវទទួលកាតព្វកិច្ចដ៏ចាំបាច់មួយពីប្រធានអាស៊ានឆ្នាំមុន គឺប៊្រុយណេក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយរួមសម្រាប់ស្ដារស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់ពីភាពចាំបាច់នៃតួនាទីដ៏ចម្បងរបស់ប្រធានអាស៊ាន និងចំនុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន ក្នុងដំណើរការនៃការបង្កើតកិច្ចចរចារវាងភាគីពាក់ព័ន្ធនានាក្នុងវិបត្តិនយោបាយនៅភូមា ដើម្បីឆ្ពោះទៅរកការនាំភូមាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពវិញ និងបង្កើតនូវរដ្ឋាភិបាលស្របច្បាប់មួយតាមរយៈការបោះឆ្នោតជាសកល។

សំណួរទី ១៖     នៅឆ្នាំ២០២២ ខាងមុខនេះកម្ពុជាដែលជាប្រធានអាស៊ាននឹងត្រូវមានតួនាទីដ៏ចាំបាច់មួយគឺ ដោះស្រាយភាពតានតឹងនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំដោយរបបយោធា។ តើកម្ពុជានឹងអាចសាងទំនុកចិត្តជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាយ៉ាងដូចម្ដេចខ្លះ ដើម្បីដោះស្រាយវិប្តិនៅមីយ៉ាន់ម៉ាឱ្យមានភាពប្រសើរឡើងវិញ?

បញ្ហានៅភូមា (មីយ៉ាន់ម៉ា) គឺជាបញ្ហាស្មុគស្មាញមួយ និងជាបញ្ហាមួយដែលឈឺក្បាលសម្រាប់អាស៊ានដែរ។ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំក្រោយនេះ បញ្ហានេះនឹងក្លាយជាបញ្ហាមួយដ៏ក្ដៅកកុក ហើយក៏ជាកាតព្វកិច្ចនិងតួនាទីមួយរបស់កម្ពុជាដែរ ដែលជាប្រធានរបស់អាស៊ាន។ ហើយកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីស្វែងរកនូវដោះណោះស្រាយសមស្របណាមួយ ឬក៏រកផ្លូវទំលុះផ្នែកនយោបាយណាមួយ ដើម្បីឈានទៅរកការចរចានយោបាយ និងការអនុវត្តនូវប្រាំចំនុចរបស់អាស៊ានដែលបានដាក់ចេញទៅកន្លងទៅនេះ។

ទាក់ទងទៅនឹង ធ្វើយ៉ាងណាឱ្យមានការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន​ (ASEAN Special Envoy) អាចទៅធ្វើទស្សនៈកិច្ច និងជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងឡាយនៅក្នុងប្រទេសភូមា។ ដូច្នេះ ដើម្បីធ្វើការងារនឹងបានវាទាមទារឱ្យមានការសហការអំពីរបបសឹកយោធា ដែលជាអ្នកកាន់អំណាចនៅភូមាបច្ចុប្បន្ននេះ ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនូវសកម្មភាពការទូតរបស់អាស៊ានក្នុងបញ្ហារបស់ភូមា។

សំណួរទី ២៖     ពាក់ព័ន្ធទៅនឹងចំនុចឯកច្ឆន្ទទាំងប្រាំ របស់មេដឹកនាំអាស៊ានកន្លងមកនេះ ហាក់ដូចជាមិនមានការអនុវត្តដោយរលូន និងមានប្រសិទ្ធភាពនៅឡើយទេ ហើយបើទោះបីជាមានការតែងតាំងប្រសិតពិសេសរបស់ប្រធានអាស៊ានដើម្បីទៅសម្របសម្រួលដល់ការអនុវត្តក៏ដោយ។ ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ តើកម្ពុជាអាចនឹងមានយន្តការអ្វីបន្ថែមដើម្បីឱ្យការអនុវត្តលើ ចំនុចឯកច្ឆន្ទទាំងប្រាំ របស់មេដឹកនាំអាស៊ានលើវិបតិ្តនៅមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព?

ដើម្បីអនុវត្តនូវចំនុចឯកច្ឆន្ទទាំងប្រាំ គឺទាមទារឱ្យមានការសហការពីរបបសឹកយោធា ធ្វើយ៉ាងណាឱ្យរបបសឹកយោធាជឿទុកចិត្តអាស៊ាន ក្នុងការបំពេញនូវតួនាទីការទូតរបស់ខ្លួន ដើម្បីរកដំណោះស្រាយសមស្របណាមួយលើបញ្ហាភូមា។ យើងត្រូវដឹងថាបញ្ហានៅមីយ៉ាន់ម៉ានេះ មិនមែនជាបញ្ហារបស់ភូមាតែម្នាក់ឯងនោះទេ គឺវាជាបញ្ហាតំបន់ ហើយក៏ជាបញ្ហាអន្តរជាតិដែលវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីអង្គការតំបន់មួយនេះ។ អញ្ចឹងទេ ដើម្បីអនុវត្តទៅបាន យើងត្រូវមាននយោបាយការទូតដ៏បត់បែនមួយដើម្បី ទីមួយគឺធ្វើយ៉ាងណាឱ្យមានកិច្ចសហប្រតិបត្តិការពីរបបសឹកយោធា ទីពីរគឺធ្វើយ៉ាងណាឱ្យប្រទេសទាំងប្រាំបួនផ្សេងទៀតហ្នឹងមានឯកច្ឆន្ទភាព (Consensus) ខ្ពស់នៅក្នុងអាស៊ាន ទីបីគឺទាញយកភូមាឱ្យចូលតុចរចានៅក្នុងក្របខណ្ឌអាស៊ាន ពីព្រោះថាប្រសិនបើធ្វើឱ្យភូមាឯកោ និងមិនអាចមានលទ្ធភាពចូលក្នុងតុចរចារបស់អាស៊ាន វាពិបាកនឹងឱ្យអាស៊ានបំពេញនូវតួនាទីការទូតរបស់ខ្លួនដើម្បីមានឥទ្ធិពលទៅលើរបបសឹកយោធានេះ។ អញ្វឹងទេទើបបានជាតម្រូវឱ្យមានការចូលរួមកិច្ចប្រជុំអាស៊ាន ក្នុងកម្រិតណាមួយពីតំណាងរបស់របបសឹកយោធា ដើម្បីជាបណ្ដាញមួយ (Channel) ទាក់ទងគ្នាទៅវិញទៅមក និងពង្រឹងនូវការជជែកនិងការចរចាគ្នាទៅលើបញ្ហានេះ។ ប្រសិនបើមិនមានវត្តមានរបស់ភូមានៅក្នុងកិច្ចប្រជុំអាស៊ានទេ គឺវាពិបាកក្នុងការផ្ញើសារ ឬដាក់សម្ពាធណាមួយទៅលើរបបសឹកយោធានេះ។

សំណួរទី ៣៖     តើកម្ពុជារួមជាមួយអាស៊ានទាំងមូលគួរតែផ្ដួចផ្ដើមនូវយន្តការ ឬដំណោះស្រាយជំនួស (Alternative Solution) អ្វីបន្ថែមដែរឬទេ ដើម្បីស្រោចស្រង់ស្ថានភាពនៅមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅកាន់ប្រក្រតីភាពវិញ?

វាទាមទារឱ្យមានការអនុវត្តជាដំណាក់កាលៗ ហើយដំណាក់កាលដែលសំខាន់បំផុត និងដំបូងគេគឺអនុវត្តនូវចំនុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន។ ហើយដំណាក់កាលបន្តបន្ទាប់ គឺស្វែងរកនិងបង្កើតនូវឱកាសធ្វើការចរចានយោបាយណាមួយ ដើម្បីអាចឈានទៅរកការផ្សះផ្សារជាតិ និងការបោះឆ្នោតមួយដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី និងយុទ្ធិធម៌ ដែលនេះគឺជាកត្តាសំខាន់ និងបង្កើតរដ្ឋាភិបាលថ្មីមួយដែលចេញមកពីការបោះឆ្នោត មិនមែនរដ្ឋាភិបាលដែលកើតចេញមកពីការធ្វើរដ្ឋប្រហារនេះទេ។ ពីព្រោះថារដ្ឋបាលយោធាបច្ចុប្បន្នគឺ បង្កើតឡើងដោយរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១នេះ ដែលនេះគឺ ជារដ្ឋាភិបាលមួយដែលមិនស្របច្បាប់។ អញ្ចឹងទេអ្វីដែលសំខាន់នោះគឺ បង្កើតរដ្ឋាភិបាលទៅអនាគតដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដូច្នេះវាអាចឈានទៅរកដំណោះស្រាយនយោបាយ និងការចូលរួមពីប្រជាជនក្នុងការកសាងជាតិ។ នៅពេលខាងមុខនេះ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើទស្សនៈកិច្ចនៅប្រទេសភូមា។ ក៏ប៉ុន្តែ យើងត្រូវយល់ថានេះមិនមែនជាសញ្ញាផ្ដល់ភាពស្របច្បាប់ (Legitimacy) ទៅសល់របបសឹកយោធានោះទេ តែវាជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈពិតប្រាកដ ស្មោះសររបស់កម្ពុជាដែលជាប្រទេសជិតខាងរបស់ភូមា ហើយក៏ជាប្រធានរបស់អាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានការទម្លុះផ្នែកនយោបាយណាមួយ ដើម្បីឈានទៅរកការអនុវត្តចំនុចឯកច្ឆន្ទរបស់អាស៊ាន។

សំណួរទី ៤៖   សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងអញ្ជើញធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើការអញ្ជើញធ្វើដំណើរទស្សនៈកិច្ចទៅកាន់មីយ៉ាន់ម៉ារបស់សម្ដេចតេជោនាពេលខាងមុខនេះ នឹងផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់ដំណើរការនៃការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា?

វាទាមទារឱ្យមានការចូលរួម ដែលមានលក្ខណៈផ្សារភ្ជាប់ និងធ្វើយ៉ាងណាកុំឱ្យមានភាពដាច់រវាងអាស៊ាន និងរបបសឹកភូមាបច្ចុប្បន្ននេះ។ យើងត្រូវបង្កើតនូវស្ពាននៃការចរចា ពិភាក្សា និងស្ពាននៃការជឿទុកចិត្តរវាងអាស៊ាន និងភូមា។ អញ្ចឹងទេដំណើរទស្សនៈកិច្ចនេះគឺ ជាចំណុចចាប់ផ្ដើមមួយវិជ្ជមានដែលអាចឈានទៅរកនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូចចំណុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ាន។ និយាយឱ្យចំទៅ លទ្ធផលយ៉ាងណានោះ យើងមិនអាចកំណត់បាននៅឡើយទេ អញ្ចឹងចំពោះលទ្ធផលជាក់ស្ដែងយើងត្រូវតាមដានពិនិត្យមើលថាតើវាអាចជម្រុញលើតួនាទីអាស៊ានលើបញ្ហាភូមាដល់កម្រិតណា ហើយភាពស្មោះត្រង់ និងសុច្ឆន្ទៈរបស់របបសឹកភូមាមានដល់កម្រិតណា។ ដូច្នេះ វាគឺជាកាលៈទេសៈមួយដ៏សំខាន់ដែលយើងអាចស្ទៀបស្ទង់មើលថាតើរបបសឹកយោធាស្មោះត្រង់ និងអាចអនុវត្តដោយទទួលខុសត្រូវនូវចំនុច​ឯកច្ឆន្ទទាំងប្រាំរបស់អាស៊ានបានដែរឬក៏យ៉ាងណា។ ខ្ញុំគិតថានេះគឺ ជាចំនុចដកពិសោធន៍ស្ទៀបស្ទង់មើលភាគីភូមាទាក់ទងទៅនឹងសុច្ឆន្ទៈពិតប្រកដរបស់ខ្លួន ក្នុងការដោះស្រាយនូវវិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031