Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ តួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

បច្ចុប្បន្ននេះ ស្ថាប័នស្រាវជ្រាវ ឬ Think Tank បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់នូវគំនិត និងធាតុចូលសំខាន់ៗដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ស្ថាប័នស្រាវជ្រាវកាន់តែចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងដល់ការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យមានភាពប្រសើរឡើងវិញផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ងួន គីមលី បានបកស្រាយពីគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវ និងលើកឡើងពីតួនាទីចម្បងដែលស្ថាប័នស្រាវជ្រាវទាំងនោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។

សំណួរទី ១៖  ពាក់ព័ន្ធទៅនឹង Think Tank ឬក៏ស្ថាប័នស្រាវជ្រាវនេះដែរយើងឃើញថា បច្ចុប្បន្នមានវត្តមានក៏ដូចជាសកម្មភាពរបស់ស្ថាប័នស្រាវជ្រាវទាំងនោះមានការគួឲ្យកត់សម្គាល់ខ្លាំង។ តើលោកបណ្ឌិតអាចជួយរៀបរាប់បានទេថា តើអ្វីជា Think Tank ឬក៏ស្ថាប័នស្រាវជ្រាវ?

ភាសាអង់គ្លេសហៅ Think Tank បើយើងបកជាភាសាខ្មែរ គឺអ្នកខ្លះគេហៅថា ធនាគារខួរក្បាល ឬក៏និយាយឲ្យស្រួលស្ដាប់ គឺវិទ្យាស្ថានស្រាវជ្រាវ។ វាជាស្ថាប័នមួយដែលមានការប្រមូលផ្តុំនៅអ្នកជំនាញផ្សេងៗ ដែលចូលរួមចំណែកដើម្បីវិភាគស្រាវជ្រាវ និងផ្តល់នូវគំនិតក៏ដូចជាទស្សនៈទានទៅលើវិស័យផ្សេងៗ មានដូចជា  វិស័យសេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ សង្គម និងវិស័យដទៃៗទៀតមានដូចជា កសិកម្ម ឬក៏បរិស្ថានជាដើម។ ហើយខ្ញុំចង់ជម្រាបជូនបងប្អូនសាធារណជនឲ្យបានជ្រាបថា ទាក់ទងនឹង Think Tank ឬក៏ភាសាខ្មែរហៅថាវិទ្យាស្ថានស្រាវជ្រាវនេះ គឺវាមានសារៈសំខាន់ហើយមិនត្រឹមតែស្រុកខ្មែរទេ នៅក្នុងពិភពលោកនេះគឺមានច្រើនណាស់។ ប្រសិនបើយើងមើលទៅតាមរបាយការណ៍ ២០២០ របស់ Global Go To Think Tank Index គឺមានរហូតទៅដល់ ១១,១៧៥ Think Tank ទូទាំងពិភពលោក ជាពិសេសនៅបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន គឺគេឱ្យតម្លៃខ្លាំងហើយមានច្រើនទៀត។ ឧទាហរណ៍ដូចជា សហរដ្ឋអាមេរិច គឺមានរហូតទៅដល់ ១,៨៧២ Think Tank ចំណែកប្រទេសចិនវិញគឺ មានរហូតទៅដល់ ៥១២ ចំណែកចក្រភពអង់គ្លេស គឺមានរហូតទៅដល់ ៤៤៤។ យើងឃើញថា Think Tank គឺមានច្រើននៅទូទាំងពិភពលោកយើងនេះ គឺវាដើរតួនាទីផ្សេងៗគ្នានៅក្នុងការចូលរួមចំណែកជួយដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗដែលមនុស្សជាតិយើងជួបប្រទះ ស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័នឯកជន និងស្ថាប័នពាក់ព័ន្ធដទៃទៀត គឺគេឲ្យតម្លៃហើយក៏ដូចជាគេត្រូវការសហការជាមួយ Think Tank ដើម្បីជួយផ្តល់នូវគំនិតទស្សនៈទាន និងការសិក្សាស្រាវជ្រាវ ថាតើយើងគួរដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរបៀបណា។

សំណួរទី ២៖  នៅក្នុងបរិបទកម្ពុជា តើលោកបណ្ឌិតអាចជួយរៀបរាប់ត្រួសៗអំពីប្រវត្តិ និងដំណើរដើមចមរបស់ស្ថាប័នស្រាវជ្រាវទាំងនេះ នៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងបានដែរឬទេ?

បើយើងក្រឡេកទៅមើលចំនួនស្ថាប័នស្រាវជ្រាវនៅស្រុកខ្មែរ គឺយើងមានតិចតួច បើយើងប្រៀបធៀបទៅនឹងចំនួនស្ថាប័នស្រាវជ្រាវនៅប្រទេសជឿនលឿនដែលខ្ញុំបានរៀបរាប់ខាងលើអម្បាញ់មិញ គឺមានចំនួនរាប់រយរាប់ពាន់ឯណោះ។ ដោយសារថាប្រទេសយើង គឺជួបប្រទះនូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ដែលធ្វើឲ្យយើងបាត់បង់ឱកាស ឬក៏ពុំមានពេលវេលានៅក្នុងការបង្កើតនៅវិទ្យាស្ថានស្រាវជ្រាវឲ្យបានច្រើន​ ហើយយើងទើបតែទទួលបានសន្តិភាព បន្ទាប់ពីយើងទទួលបាននូវសន្តិភាព គឺស្ថាប័នស្រាវជ្រាវដែលចាស់ជាងគេនៅស្រុកយើងគឺវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបង្កើតនៅទសវត្សរ៍ឆ្នាំ 90 ជាងក្រោយៗមកជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងឃើញថាមានការបង្កើតស្ថាប័នស្រាវជ្រាវថ្មីៗជាច្រើន ឧទាហរណ៍ដូចជាវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឬក៏យើងហៅកាត់ថា AVI នេះគឺយើងបង្កើតនៅឆ្នាំ ២០១៩។ ទោះបីជាយើងក្មេងខ្ចីជាងគេនៅក្នុងការបង្កើតស្ថាប័នស្រាវជ្រាវ ប៉ុន្តែយើងមានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍវិស័យស្ថាប័នស្រាវជ្រាវនេះឲ្យមានភាពជឿនលឿន និងរីកចម្រើនជាងនេះ។ ខ្ញុំមានសុទិដ្ឋិនិយមថាយើងនឹងអាចធ្វើឲ្យបានជឿនលឿនជាងនេះនៅក្នុងប៉ុន្មានឆ្នាំទៅមុខទៀត។

សំណួរទី ៣៖ បច្ចុប្បន្ននេះ យើងឃើញថាវិទ្យាស្ថានស្រាវជ្រាវមានការកើនឡើងនូវចំនួន ក៏ដូចជាសកម្មភាពរបស់ខ្លួន។ ជាក់ស្ដែងយើងឃើញថានៅក្នុងបរិបទកូវីដ-១៩ នេះមានវិទ្យាស្ថានស្រាវជ្រាវជាច្រើនដែលបង្កើតជាសិក្ខារសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗ កិច្ចពិភាក្សា និងការបង្កើតឬផលិតនូវអត្ថបទវិភាគនានា។ ចំពោះសកម្មភាពទាំងនេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះការចូលរួមរបស់ស្ថាប័នទាំងនោះនៅក្នុងវិស័យឬក៏ការស្តារសេដ្ឋកិច្ចនៅក្នុងសម័យកូវីដនេះ?

ដូចដែលខ្ញុំបានរៀបរាប់ខាងដើម គឺថាអ្វីដែលជាបេសកកម្មស្នូលរបស់ស្ថាប័នស្រាវជ្រាវភាគច្រើននៅទូទាំងពិភពលោកនោះ គឺការចូលរួមផ្តល់នូវគំនិត ទស្សនៈទាន និងធាតុចូលដល់រាជរដ្ឋាភិបាល ដល់វិស័យឯកជន និងវិស័យដទៃទៀតក្នុងការដោះស្រាយលើបញ្ហាប្រឈម។ ហើយដើម្បីចូលរួមបាននៅក្នុងការដោះស្រាយបញ្ហាអស់នោះ មុនពេលកើតមាននូវការផ្ទុះនៃវីរុសកូវីដនោះស្ថាប័នស្រាវជ្រាវ គឺត្រូវធ្វើការស្រាវជ្រាវលើវិស័យមួយចំនួនដែលទាមទារឲ្យមានការស្រាវជ្រាវចុះទៅមូលដ្ឋានផ្ទាល់។ ឧទាហរណ៍វិស័យកសិកម្ម វិស័យបរិស្ថាន ឬក៏វិស័យទាក់ទងនឹងជីវភាពរស់នៅប្រជាជន គឺត្រូវធ្វើការស្រាវជ្រាវចុះតាមមូលដ្ឋាន ប៉ុន្តែដោយសាយើងមានផ្ទុកកូវីដ ដូច្នេះការធ្វើដំណើរផ្សេងៗ មិនមែនតែនៅប្រទេសយើងទេ នៅប្រទេសផ្សេងទៀត ក៏មានការរឹតត្បិតដែលជាការលំបាក ពីព្រោះវាអាចប្រថុយប្រថាននឹងការយើងអាចចម្លងទៅគេ ឬយើងអាចឆ្លងពីគេ។ ដូច្នេះបរិបទរបស់ស្ថាប័នស្រាវជ្រាវ គឺមានការកែប្រែមានការផ្លាស់ប្តូរបន្ទាប់ពីមានការផ្ទុះកូវីដ។ អ៊ីចឹងសកម្មភាពមួយចំនួនដែលគេហៅថាការងារមូលដ្ឋាន គឺបានប្តូរមកធ្វើទៅជាទម្រង់អនឡាញ ធ្វើតាមប្រព័ន្ធអ៊ីនធឺណិតដូចជា សិក្ខារសាលា ឬក៏តាមប្រព័ន្ធដទៃផ្សេងទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសកម្មភាពនៃការចូលរួមបេសកកម្មរបស់ស្ថាប័នស្រាវជ្រាវ នៅតែបន្តចូលរួមក្នុងការផ្ដល់ជាគំនិតការយល់ឃើញផ្សេងៗរបស់អ្នកជំនាញទៅលើបញ្ហាផ្សេងៗ ជាពិសេសគឺការដោះស្រាយវិបត្តិកូវីដ។ ហើយទាក់ទងនឹងវិបត្តិកូវីដនេះ គឺវាជាវិបត្តិមួយជាប្រព័ន្ធដែលប៉ះពាល់គ្រប់វិស័យទាំងអស់មិនថាវិស័យទេសចរណ៍ សំណង់ ការនាំចេញនាំចូល វិស័យអចលនទ្រព្យ ឬក៏វិស័យសុខាភិបាលនោះទេ គឺវាប៉ះពាល់គ្រប់វិស័យទាំងអស់។ ដូច្នេះវាទាមទារនូវការចូលរួមរបស់ស្ថាប័នស្រាវជ្រាវ ដែលមានអ្នកជំនាញផ្សេងៗខាងវិស័យសុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម វិស័យសង្គមកិច្ច និងវិស័យទេសចរណ៍ជាដើម គឺចូលរួមទាំងអស់គ្នាដើម្បីផ្តល់ជាគំនិតការគិតថា តើយើងគួរដោះស្រាយវិបត្តិនេះយ៉ាងដូចម្ដេច ហើយបន្ទាប់ពីយើងដោះស្រាយវិបត្តិនេះហើយ តើយើងគួរស្ដារប្រទេសជាតិក៏ដូចជាស្តារពិភពលោកយ៉ាងដូចម្ដេច។ ដូច្នេះខ្ញុំមើលឃើញថាស្ថាប័នស្រាវជ្រាវនៅទូទាំងពិភពលោកនេះ ក៏ដូចជានៅកម្ពុជាយើងផងទាំង វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដើមគឺយើងចូលរួមយ៉ាងសស្រាក់ស្រស្រាំនៅក្នុងការជួយគ្នាប្រមូលគំនិតល្អៗដាក់មកក្នុងវេទិកាសាធារណៈតាមរយៈការបោះពុម្ពជាអត្ថបទវិភាគក្ដី តាមរយៈការពិភាក្សាតុមូលក្ដី តាមរយៈការជជែកវែកញែកក្ដី គឺមានគោលបំណងគឺដាក់នូវគំនិតផ្សេងៗនៅលើតុសាធារណៈដើម្បីឲ្យ រដ្ឋាភិបាល វិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយយកទៅពិចារណា យកទៅគិត ថាតើគំនិតណាខ្លះយើងអាចច្នៃយកមកប្រើបាន។

សំណួរទី ៤៖  ពាក់ព័ន្ធទៅនឹងកំណើនសកម្មភាពរបស់ស្ថាប័នស្រាវជ្រាវទាំងនេះ តើបច្ចុប្បន្នស្ថានប័នស្រាវជ្រាវទាំងនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការជួយស្តារសេដ្ឋកិច្ចនៅក្នុងវិបត្តិកូវីដ-១៩ នេះបានយ៉ាងដូចម្ដេចដែរ?

ខ្ញុំសង្កេតឃើញថា នៅប្រទេសកម្ពុជាយើងបើទោះបីជាចំនួននៃស្ថាប័នស្រាវជ្រាវនៅមានចំនួនតិចបើយើងប្រៀបធៀបទៅប្រទេសធំៗ ប្រទេសអភិវឌ្ឍន៍ដទៃទៀត គឺគេមានច្រើនជាង។ ប៉ុន្តែទោះបីជាតិចក្តី យើងឃើញថាស្ថាប័ននីមួយៗ គឺមានការចូលរួមយ៉ាងស្រស្រាក់ស្រស្រាំនៅក្នុងរយៈពេលនៃកូវីដកន្លងមកនេះ គឺយើងឃើញមានការរៀបចំនៅសិក្ខារសាលា មានការរៀបចំជាកិច្ចពិភាក្សា ទោះបីជាសកម្មភាពទាំងអស់នោះភាគច្រើន គឺធ្វើនៅតាមប្រព័ន្ធអនឡាញឬប្រព័ន្ធអ៊ីនធឺណិតក្ដី ប៉ុន្តែឃើញថាស្ថាប័នស្រាវជ្រាវនីមួយៗ ព្យាយាមផ្តល់នូវទស្សនៈទាន ឬក៏គំនិត ការសិក្សាស្រាវជ្រាវ ការរកឃើញមួយចំនួនដែលមានភាពទាក់ទាញ មានភាពគួរឲ្យចាប់អារម្មណ៍ នឹងមានប្រយោជន៍ដល់អ្នកធ្វើគោលនយោបាយក៏ដូចជារដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលគេអាចជ្រើសរើសយកទៅប្រើប្រាស់ នៅក្នុងការសម្រេចចិត្តក៏ដូចជាធ្វើគោលនយោបាយរបស់ពួកគាត់នៅក្នុងការដោះស្រាយនូវវិបត្តិកូវីដនេះ។ ពីព្រោះវិបត្តិកូវីដនេះ គឺយើងឃើញថាវាមានការប៉ះពាល់ជាលក្ខណៈទូលំទូលាយ ការគិតរបស់ស្ថាប័នមួយ របស់ក្រសួង ឬរបស់វិស័យ ឯកជន ក្រុមហ៊ុនមួយ វាអាចមានភាពមិនគ្រប់ជ្រុងជ្រោយ អ៊ីចឹងប្រសិនបើមានការចូលរួមរបស់អ្នកស្រាវជ្រាវ ស្ថាប័នស្រាវជ្រាវផ្សេងៗ  ដែលជួយផ្ដល់គំនិតផ្ដល់ការគិត នោះធ្វើឲ្យការសម្រេចចិត្តការធ្វើគោលនយោបាយហ្នឹងវាកាន់តែល្អជាងមុន។

សំណួរទី ៥៖  បើយើងក្រឡេកមកមើលវិទ្យាស្ថានចក្ខុវិស័យអាស៊ីវិញម្ដង តើបច្ចុប្បន្នវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានចូលរួមចំណែកក៏ដូចជាមានសកម្មភាពចម្បងៗអ្វីខ្លះនៅក្នុងការចូលរួមអភិវឌ្ឍន៍ ក៏ដូចជាស្តារសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា?

ទាក់ទងនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឬយើងហៅកាត់ថា AVI នេះ យើងបានបង្កើតឡើងនៅ ២០១៩ នៅប្រទេសកម្ពុជា អ៊ីចឹងមកទល់ពេលនេះយើងទើបតែមានអាយុពីរឆ្នាំទេ។ ប៉ុន្តែវិទ្យាស្ថានចក្ខុវិស័យអាស៊ី គឺយើងមានបេសកកម្មស្នូលហ្នឹងធំ យើងមានមហិច្ឆតាធំក្នុងការរួមចំណែកសំខាន់ៗដល់អាស៊ីយើងទាំងមូល។ ជាពិសេសនៅតំបន់មេគង្គនេះមិនត្រឹមតែជួយដល់រាជរដ្ឋាភិបាល ឬក៏ប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ គឺយើងចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងតំបន់ទន្លេមេគង្គ ឬនៅទ្វីបអាស៊ីនេះ។ យើងបង្កើតរហូតទៅដល់ ៥ មជ្ឈមណ្ឌលដែលមានជំនាញផ្សេងៗប្រមូលផ្តុំគ្នា ដែលមានមជ្ឈមណ្ឌលមួយផ្ដោតទៅលើខាង សេដ្ឋកិច្ចឌីជីថល មជ្ឈមណ្ឌលមួយទៀតគឺផ្ដោតទៅលើវិស័យនៃការអភិវឌ្ឍប្រកបដោយចិរភាព និងមជ្ឈមណ្ឌលមួយទៀតផ្ដោតទៅលើអភិបាលកិច្ច ហើយយើងក៏មានមជ្ឈមណ្ឌលមួយដែលផ្ដោតទៅលើតួនាទីនៃវប្បធម៌ដើម្បីសន្តិភាព ការសិក្សាផ្ដោតទៅលើសារៈសំខាន់នៃវប្បធម៌ដើម្បីសន្តិភាព ហើយចំណែកមជ្ឈមណ្ឌលចុងក្រោយ គឺជាមជ្ឈមណ្ឌលមួយសំខាន់ដែរ ដែលផ្ដោតទៅលើការសិក្សាអំពីគោលនយោបាយការបរទេស និងភូមិសាស្ត្រនយោបាយ។ ដូច្នេះសរុបសេចក្ដីជារួម គឺវិទ្យាស្ថានចក្ខុវិស័យអាស៊ីយើងព្យាយាមប្រមូលផ្ដុំអ្នកដែលមានជំនាញផ្សេងៗ មកពីគ្រប់វិស័យ ចូលរួមគ្នាបង្កើតជាមជ្ឈមណ្ឌលចំនួនប្រាំដែលមានជំនាញផ្សេងៗ ហើយយើងសង្ឃឹមថាតាមរយៈការប្រមូលផ្ដុំនៃអ្នកដែលមានជំនាញនេះ ការចូលរួមចំណែករបស់យើងនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាអភិវឌ្ឍតំបន់មេគង្គនេះ គឺនៅមានភាពទូលំទូលាយ។

សំណួរទី ៦៖  តាមការសង្កេតនាពេលបច្ចុប្បន្ននេះ បើទោះបីជាចំនួននៃស្ថាប័ស្រាវជ្រាវមានការកើនឡើង សកម្មភាពក៏បានរីករាលដាលច្រើន ប៉ុន្តែយើងឃើញថាការចូលរួមចំណែកពីសំណាក់វិស័យសាធារណៈ និងវិស័យឯកជន គឺនៅមានកម្រិតនៅឡើយ។ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើយើងគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីជួយលើកកម្ពស់ ក៏ដូចជាគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវនៅក្នុងកម្ពុជាយើងដែរ?

ដូចខ្ញុំបានជម្រាបជូនលោកស្រី ក៏ដូចជាបងប្អូនសាធារណជនពីខាងដើម គឺថាដោយសារប្រទេសយើងមានជួបសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ដូច្នេះយើងបាត់ឱកាសជាច្រើននៅក្នុងការបង្កើតនូវវិទ្យាស្ថានស្រាវជ្រាវក៏ដូចជាការប្រមូលផ្ដុំនូវអ្នកជំនាញ ឲ្យមកធ្វើការរួមគ្នានៅក្រោមដំបូលនៃស្ថាប័នស្រាវជ្រាវ។ អ៊ីចឹងទើបតែយើងបានទទួលសន្តិភាព មានស្ថិរភាពនយោបាយ ក៏មានការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវក៏ដូចជាអ្នកជំនាញផ្សេងៗទាំងក្នុងប្រទេសកម្ពុជាក្តី ដែលវិលត្រឡប់ពីក្រៅប្រទេសក្ដីឲ្យមកជួបជុំគ្នាធ្វើការនៅក្រោមដំបូលវិទ្យាស្ថានស្រាវជ្រាវ ជួយគ្នាក្នុងការគិតអំពីបញ្ហាប្រឈមធំៗ ថាតើយើងគួរតែដោះស្រាយយ៉ាងម៉េចឲ្យមានប្រសិទ្ធភាព ហើយយើងគួរតែជួយអភិវឌ្ឍន៍ប្រទេសយើង ក៏ដូចជាតំបន់ទន្លេមេគង្គ និងពិភពលោកនេះឲ្យបានយ៉ាងម៉េចដើម្បីឲ្យមានសន្តិភាពជាងមុន ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចហ្នឹងវារីកចម្រើននិងប្រកបដោយបរិយាប័ន្នជាងមុន និងប្រកបដោយចីរភាព។ ដូច្នេះអ្វីៗទាំងអង់នេះ ទាក់ទងវិស័យស្ថាប័នស្រាវជ្រាវនៅស្រុកខ្មែរយើងហ្នឹង យើងទើបតែបង្កើតឡើង យើងទើបតែធ្វើ អ៊ីចឹងនៅចំពោះមុខសាធារណជនគាត់នៅមិនទាន់ស្គាល់ច្បាស់ យល់ដឹងអំពីវិស័យនេះច្បាស់លាស់។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា បើយើងមើលសកម្មភាពរបស់ស្ថាប័នស្រាវជ្រាវសព្វថ្ងៃ មានការលូតលាស់មានការបង្កើតសាខាថ្មីៗ ហើយសកម្មភាពកាន់តែស្រសាក់ស្រស្រាំ ហើយខ្ញុំគិតថានៅប៉ុន្មានឆ្នាំខាងមុខ ឬមួយទសវត្សរ៍ខាងមុខទាក់ទងនឹងវិស័យស្ថាប័នស្រាវជ្រាវនេះ សាធារណជននឹងមានការយល់ដឹងច្រើន។ គាត់នឹងយល់ឃើញអំពីតម្លៃរបស់ស្ថាប័នស្រាវជ្រាវ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេស រក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជាតំបន់ផងដែរ។ ពេលដែលគាត់ឃើញតម្លៃនោះ គាត់នឹងចូលរួមនៅក្នុងការឧបត្ថម្ភជួយលើកកម្ពស់លើវិស័យ Think Tank នេះឲ្យបានរឹងមាំ។ យើងមើលជាពិសេសនៅក្នុងបរិបទក្រោយកូវីដ សព្វថ្ងៃនេះដោយសារយើងមានវិបត្តិកូវីដការរីករាលដាលនៃជំងឺនេះ អាទិភាពរបស់យើងគឺព្យាយាមធ្វើយ៉ាងណាគ្រប់គ្រងជំងឺនេះឲ្យបានកុំឲ្យមានការរាតត្បាតក្នុងសហគមន៍ទ្រង់ទ្រាយធំ និងយើងផ្ដោតទៅលើការចាក់វ៉ាក់សាំងដើម្បីការពារប្រជាជនការពារខ្លួនប្រាណយើងឲ្យមាន សុខភាពល្អ។ ប៉ុន្តែបន្ទាប់ពីពេលដែលជំងឺនេះវាផុតរលត់ទៅ នៅពេលនោះយើងត្រូវគិតថាតើយើងត្រូវធ្វើដូចម្ដេចបន្តទៅទៀតចំពោះប្រទេសយើង ឬក៏តំបន់ អ៊ីចឹងយើងត្រូវការខួរក្បាលនោះហើយ គឺជាតួនាទីរបស់ស្ថាប័នស្រាវជ្រាវដែលជាបណ្ដុំនៃអ្នកជំនាញអ្នកគិត បណ្តុំនៃខួរក្បាល នោះហើយជាតម្លៃក្នុងការផ្ដល់គំនិត ផ្ដល់នូវផែនទីចង្អុលផ្លូវ ឬធាតុចូលផ្សេងៗ ដល់ការធ្វើគោលនយោបាយ។ ជារួមគឺបើយើងប្រៀបធៀបគ្នាទៅស្ថាប័នស្រាវជ្រាវ គឺមានតម្លៃដូចទៅនឹងវ៉ាក់សាំងដែរ ហើយក៏ដូចជាចំណីអាហារដែលយើងបំប៉នសុខភាពដទៃទៀតដែរ ដែលយើងទាំងអស់គ្នាគួរតែមានការផ្តល់តម្លៃគាំទ្រដល់ស្ថាប័នស្រាវជ្រាវទាំងនោះ។ ដូច្នេះបរិបទនៅក្នុងប្រទេសយើងក្ដីនៅក្នុងពិភពលោកក្ដីគឺ យើងផ្តោតទៅលើការព្យាយាមគ្រប់គ្រងជំងឺកូវីដនេះឲ្យបានកុំឲ្យមានការរីករាលដល់ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ហើយវិធីសាស្ត្រមួយ គឺយើងប្រើវ៉ាក់សាំងចាក់ជូនប្រជាជនឲ្យបានច្រើន នៅពេលយើងចាក់ជូនប្រជាជនច្រើនកាលណា កម្រិតនៃការឆ្លងវាអាចថយចុះ  ឬបើសិនជាឆ្នង គឺវាមិនប៉ះពាល់ធ្ងន់ធ្ងរ។ ស្ថាប័ន គឺវាសំខាន់ដូចវ៉ាក់សាំងដែរ ឬក៏អាចនិយាយបានថាវាសំខាន់ម្យ៉ាងត្រង់ថា បន្ទាប់ពីចប់កូវីដទៅគឺប្រទេសយើងក្ដីប្រទេសដទៃក្ដីនឹងត្រូវស្ដារសេដ្ឋកិច្ចឡើងវិញនឹងត្រូវរៀបចំសង្គមឡើងវិញ នឹងត្រូវរៀបចំការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញពេលនោះតួនាទីស្ថាប័នស្រាវជ្រាវ គឺមានសារៈសំខាន់ ពីព្រោះវាដើរនាទីជាខួរក្បាលនៅក្នុងការប្រមូលយកគំនិតល្អៗ ជំនាញល្អៗ ផ្តល់ជាទស្សនៈទានទៅដល់ស្ថានប័នរដ្ឋាភិបាល ឯកជន ដៃគូរអភិវឌ្ឍន៍ដទៃទៀតនូវគំនិតល្អៗ ដែលយើងអាចយកទៅប្រើដើម្បីការអភិវឌ្ឍ និងការស្តារនូវសេដ្ឋកិច្ច សង្គម ក៏ដូចជាទំនាក់ទំនងអន្តរជាតិឡើងវិញ។ ដូចនេះខ្ញុំមើលឃើញថានោះហើយជាតម្លៃដែលស្ថាប័នស្រាវជ្រាវ ចូលរួមនៅក្នុងការស្ដារប្រទេសក៏ដូចជាពិភពលោកក្រោយកូវីដ។ ហើយពិភពលោកទៅខាងមុខ គឺមិនដឹងថាស្ថានភាពវានឹងប្រែប្រួលយ៉ាងម៉េចហើយនឹងជួបវិបត្តិអីទៀតយើងមិនអាចដឹងមុននោះទេ។ ដូចនេះយើងនឹងមិនអាចអត់ខួរក្បាលបានទេ យើងត្រូវរក្សា ស្រោចទឹក ដាក់ជី ដើម្បីឲ្យស្ថាប័នខួរក្បាលកាន់តែសកម្មនិងកាន់តែរីកចម្រើនរឹងមាំ។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ វិស័យដទៃៗទៀតក៏ដូចជាសាធារណជនទូទៅសុំឲ្យមានការផ្តល់តម្លៃ និងការគាំទ្របន្ថែមទៀតទៅដល់ស្ថាប័នស្រាវជ្រាវ ដើម្បីឲ្យស្ថាប័នស្រាវជ្រាវឋិតថេរយូរអង្វែងមួយក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍនិងការរក្សានូវសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។ យើងឃើញថានៅប្រទេសអភិវឌ្ឍន៍មានការគាំទ្រ ក៏ដូចជាការជ្រោមជ្រែងនូវវិស័យ Think Tank នេះសម្បើមណាស់ ជាពិសេសពីវិស័យឯកជនមួយចំនួន ពេលដែលប្រទេសជាតិឬពិភពលោកមានសន្តិភាពមានសេដ្ឋកិច្ចដែលល្អគឺគាត់បានទទួលផលច្រើនព្រោះ ក្រុមហ៊ុនរបស់គាត់រកចំណូលបានច្រើន ការរកស៊ីបានស្រួល អ៊ីចឹងគាត់ឃើញថាស្ថាបនស្រាវជ្រាវមានតម្លៃ ដូច្នេះគាត់ក៏ឧបត្ថម្ភ ឬបង្កើតជាមូលនិធិដែលមានលុយរាប់រយលានដុល្លារដើម្បីជួយដល់ស្ថាប័នស្រាវជ្រាវ ហើយឲ្យស្ថាប័ននឹងមានសកម្មភាពស្រាវជ្រាវបន្តទៀត។

វាគ្មិន៖   លោកបណ្ឌិត ងួន គីមលី នាយកស្រាវជ្រាវនិងនិពន្ធ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031