Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ

AVI Voiceការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ

បញ្ហានៅឧបទ្វីបកូរ៉េ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលអូសបន្លាយជាច្រើនទសវត្សរ៍រហូតដល់បច្ចុប្បន្ន។ ហើយដំណើរការឈានទៅរកការចរចា និងការពិភាក្សារវាងកូរ៉េទាំងពីរ និងរវាងកូរ៉េខាងជើងនិងប្រទេសដែលជាភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយនៅឧបទ្វីបកូរ៉េ ក៏ជាបញ្ហាមួយដែលធ្វើឲ្យពិភពលោកមានភាពស្មុគស្មាញ និងពិបាកនឹងដោះស្រាយផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់អំពីយន្តការ និងគោលការណ៏សំខាន់ៗដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្សះផ្សាសន្តិភាពនៅឧបទ្វីបកូរ៉េ និងលើកឡើងអំពីបទពិសោធន៍មេរៀនទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជាក្នុងការកសាងសន្តិភាពនៅក្រោយសង្រ្គាម។

សំណួរទី ១៖  លោកបណ្ឌិតបានធ្វើបទបង្ហាញអំពី «កិច្ចសហប្រតិបត្តិការតំបន់ដើម្បីសន្តិភាព និងសំណើសន្តិភាពឆ្ពោះទៅការបង្រួបបង្រួមឧបទ្វីបកូរ៉េ» នៅក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ តើចំណុចដែលលោកបណ្ឌិតបានលើកឡើងជាសំណើឆ្ពោះទៅរកការស្តារ និងកសាងសន្តិភាពនៅឧបទ្វីបកូរ៉េនោះមានអ្វីខ្លះ?

បញ្ហាឧបទ្វីបកូរ៉េ គឺជាបញ្ហាមួយស្មុគស្មាញ អ៊ីចឹងទេការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិរួមរបស់កូរ៉េទាំងពីរគឺជាបញ្ហាមួយដ៏សំខាន់ក៏ប៉ុន្តែវាស្មុគស្មាញ។ កន្លងទៅនេះ ក្រោយពីសង្គ្រាមកូរ៉េផុតរលត់ទៅតាំងពីឆ្នាំ១៩៥៣មក យើងឃើញថា នៅឧបទ្វីបកូរ៉េមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ គឺមានត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់ ដូចនេះបញ្ហានៅឧបទ្វីបកូរ៉េនៅតែជាបញ្ហាស្មុគស្មាញហើយផុយស្រួយនៅឡើយ។ ដើម្បីកសាងនូវវប្បធម៌សន្តិភាពក៏ដូចជាពង្រឹងនូវសន្តិភាពនៅឧបទ្វីបកូរ៉េ យើងត្រូវបង្កើតនូវលក្ខខណ្ឌ ឬក៏បរិយាកាសដើម្បីសម្រួលដល់ការចរចាគ្នាការពិភាក្សាគ្នា ពីព្រោះថាការពិភាក្សាគ្នាមានសារៈសំខាន់ក្នុងការកសាង និងការយល់គ្នាទៅវិញទៅមកក៏ដូចជាការកសាងទំនុកចិត្តពីគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណាបង្កើតបរិយាកាសល្អដើម្បីឲ្យមានការពិភាក្សាក៏ដូចជាការចរចារវាងកូរ៉េទាំងពីរ រវាងកូរ៉េជាមួយនឹងប្រទេសសំខាន់ៗ ជាពិសេសប្រទេសនៅក្នុងកិច្ចប្រជុំប្រាំមួយភាគី ដែលមានកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក ដូច្នេះយើងត្រូវជំរុញសូម្បីឲ្យភាគីពាក់ព័ន្ធសំខាន់ៗហ្នឹង ផ្ដល់នូវឱកាសដើម្បីជំរុញនូវការពិភាក្សាពីបញ្ហាកូរ៉េនេះ។

សំណួរទី ២៖  តើចំណុចទាំងនោះ នឹងមានដំណើរការនិងប្រសិទ្ធភាពយ៉ាងដូចម្ដេច ប្រសិនបើចំណុចទាំងនោះត្រូវបានយកទៅអនុវត្តនៅក្នុងការផ្សះផ្សាសន្តិភាពនៅឧបទ្វីបកូរ៉េ?

សំខាន់គឺ កម្ពុជាយើងដែលជាប្រទេសមួយនៅក្នុងតំបន់ហើយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានៅកូរ៉េដែរ ហើយឆ្នាំក្រោយកម្ពុជាធ្វើជាប្រធានអាស៊ាន អ៊ីចឹងទេយើងអាចរកយន្តការពហុភាគីណាមួយ ជាពិសេសយន្តការអាស៊ាននៅក្នុងក្របខណ្ឌវេទិការតំបន់អាស៊ានហ្នឹង ដែលមានវត្តមានរបស់កូរ៉េខាងជើងនៅក្នុងហ្នឹងដែរ គឺយន្តការ ASEAN Digital Forum ជាវេទិការតំបន់អាស៊ាន។ ដូច្នេះយើងអាចប្រើប្រាស់យន្តការដែលយើងមានស្រាប់ ដើម្បីជំរុញនូវកិច្ចពិភាក្សាទាក់ទងទៅនឹងបញ្ហាកូរ៉េ ហើយអាចសង្ឃឹមថាឈានទៅរកការចរចាឡើងវិញពីបញ្ហាកូរ៉េនេះ។ ហើយដើមឆ្នាំក្រោយនេះយើងសង្ឃឹមថានឹងមានកិច្ចប្រជុំរវាងកូរ៉េទាំងពីរ ពីព្រោះថាឲ្យមានសញ្ញាខ្លះពីទីក្រុងប៉េកាំង ដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវត្រជាក់ Winter Olympics នៅដើមឆ្នាំក្រោយហ្នឹង ហើយជាឱកាសមួយដើម្បីជំរុញនូវការស្តារឡើងវិញការចរចាពិភាក្សារវាងកូរ៉េទាំងពីរ និងរវាងកូរ៉េជាមួយនឹងដៃគូសំខាន់ៗជាពិសេសប្រទេសចិនផងដែរ។ ហើយកន្លងទៅថ្មីៗនេះយើងឃើញថា ភាពតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងដោយសារការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងដូច្នេះអាហ្នឹងគឺជាបរិយាកាសមួយធ្វើឲ្យតានតឹងដែរ សូម្បីតែប្រទេសកូរ៉េទាំងពីរហ្នឹងបានចាប់ផ្តើមនូវខ្សែទំនាក់ទំនងបន្ទាន់ Hotline Communication រវាងប្រទេសទាំងពីរក៏ដោយក៏យើងឃើញថាភាពតានតឹងនៅតែបន្តហើយកំពុងតែកើនឡើង អ៊ីចឹងទេសង្ឃឹមថាដើមឆ្នាំក្រោយស្ថានការនឹងបន្ធូរបន្ថយ ហើយនិងអាចមានការកកើតឡើងវិញនូវកិច្ចពិភាក្សារវាងកូរ៉េទាំងពីរ ក៏ដូចជាកិច្ចពិភាក្សាពហុភាគីទាក់ទងនឹងបញ្ហាកូរ៉េ។

សំណួរទី ៣៖  លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់និងជឿជាក់គ្នាទៅវិញទៅមក ក៏ដូចជាការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះក្នុងការឈានទៅរកសន្តិភាព។ តើគោលការណ៍ទាំងអស់នេះអាចអនុវត្តទៅលើការផ្សះផ្សា និងបង្រួបបង្រួមឧបទ្វីបកូរ៉េបានយ៉ាងដូចម្ដេចខ្លះ?

ពិតហើយ ដើម្បីយើងស្វែងរកនូវដំណោះស្រាយលើបញ្ហាអ្វីមួយ ជាពិសេសបញ្ហាសន្តិភាព និងការដោះស្រាយជម្លោះហ្នឹង គឺយើងត្រូវបង្កើតគោលការណ៍រួមគ្នាមួយ គឺគោរពគ្នាទៅវិញទៅមកពីព្រោះថាការគោរពគ្នាទៅវិញទៅមកនេះវាសំខាន់ ហើយរៀនពីគ្នាទៅវិញទៅមក ស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីយើងមានការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងកម្រិតណាមួយដែលយើងអាចធ្វើការចរចាបាន។ ប្រសិនបើយើងអត់មានការជឿទុកចិត្តគ្នាខ្លះទេ វាពិបាកនឹងទៅរកតុចរចា អ៊ីចឹងទេវាទាមទារឲ្យមានការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឬក៏ផ្នែកផ្សេងៗដែលអាចចូលរួមចំណែកនៅក្នុងការស្វែងរកនូវឱកាសឬក៏ជំរុញបង្កើតនូវឱកាសដើម្បីធ្វើការចរចា។ ហើយតួអង្គនៅក្នុងការជំរុញនេះមិនមែនមានតែតួអង្គរដ្ឋប៉ុណ្ណឹងទេ គឺវាទាមទារឲ្យមានការចូលរួមពីតួអង្គមិនមែនរដ្ឋដូចជាអង្គការ Universal Peace Federation (UPF) ជាដើមដែលបានដើរតួនាទីសំខាន់ដែរក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សទៅមនុស្ស ពីព្រោះថាទំនាក់ទំនងមនុស្សនិងមនុស្សក៏វាសំខាន់ ដើម្បីបង្កើតបរិយាកាសល្អដើម្បីយល់គ្នាទៅវិញទៅមក។ ដូច្នេះវាគឺ ជាការជំរុញបន្ថែមទាក់ទងនឹងយន្តការរដ្ឋ យើងមានយន្តការតួអង្គមិនមែនរដ្ឋបន្ថែមទៀតដើម្បីជំរុញឲ្យមានបរិយាកាសក្នុងការស្វែងរកនូវការចរចា។ ដូច្នេះ យើងត្រូវគិតថាបញ្ហាកូរ៉េនេះជាបញ្ហារ៉ាំរ៉ៃយូរអង្វែង ដែលវាទាមទារឲ្យមានភាពអត់ធ្មត់ផ្នែកយុទ្ធសាស្ត្រដែរ អញ្ចឹងវាត្រូវការពេលវេលាដើម្បីស្វែងយល់គ្នាហើយនិងបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។

សំណួរទី ៤៖  យើងឃើញថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងសុទ្ធតែបានបើកដំណើរការការបាញ់សាកល្បងមីស៊ីលរៀងៗខ្លួន។ បើតាមគំនិតរបស់លោកបណ្ឌិតផ្ទាល់ តើសកម្មភាពទាំងនេះអាចជាសញ្ញាអវិជ្ជមានមួយដែលបង្ហាញអំពីផលប៉ះពាល់ ទៅដល់ការបង្រួបបង្រួមសន្តិភាពនៅឧបទ្វីបកូរ៉េដែរឬទេ?

ពិតហើយ ការវិវឌ្ឍថ្មីៗនេះវាធ្វើឲ្យមានការជះឥទ្ធិពលអវិជ្ជមានដល់ទៅលើដំណើរការនៃការស្វែងរកការចរចា ឬក៏ដំណោះស្រាយណាមួយចំពោះបញ្ហាកូរ៉េនេះ។ យើងត្រូវជំរុញបន្ថែមទាក់ទងទៅនឹងការបង្កនូវបរិយាកាសយល់គ្នាខ្វះ ជឿទុកចិត្តគ្នាខ្លះដើម្បីយើងអាចឈានទៅរកនូវការចរចាពិភាក្សា ជាពិសេសនៅដើមឆ្នាំក្រោយនេះ។ អ៊ីចឹងទេតួអង្គសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ីដែលជាតួអង្គសំខាន់ក្នុងបញ្ហាកូរ៉េ គួរតែធ្វើការសហការគ្នាឲ្យបានស្អិតរមួតហើយក្នុងន័យស្ថាបនាដើម្បីជួយជំរុញឲ្យបរិយាកាសការចរចាហ្នឹងវាអាចកើតឡើងវិញ ពីព្រោះថាកាលឆ្នាំ២០១៨ យើងឃើញថាមានរបត់វិជ្ជមានមួយ ដោយសារមានជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងជាមួយនឹងសហរដ្ឋអាមេរិកនៅប្រទេសសិង្ហបុរី និងជំនួបរវាងកូរ៉េទាំងពីរជាហូរហែ។ ដូច្នេះ វាគឺជាអ្វីមួយដែលយើងចង់ស្ដារឡើងវិញ ធ្វើយ៉ាងម៉េចដើម្បីស្ដារឲ្យមានបរិយាកាសយល់គ្នាខ្លះ ហើយហ្នឹងអាចជជែកគ្នាដូចកាលពីឆ្នាំ២០១៨។ ហើយវាក៏ជាអ្វីមួយដែល កំពុងតែជំរុញ ជាពិសេសស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ Think Tank 2022 ដែលផ្ដួចផ្ដើមដោយ Universal Peace Federation សហព័ន្ធសន្តិភាពសកល ដើម្បីជំរុញយ៉ាងណាបង្កនូវបរិយាកាសល្អដល់អ្នកពាក់ព័ន្ធទាំងឡាយទាំងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលឲ្យចូលរួមចំនែកគំនិតនិងយោបល់ល្អដើម្បីស្វែងរកនូវដំណោះស្រាយ ក៏ដូចជាកាត់បន្ថយភាពតានតឹងហើយនឹងអាចឈាន ដល់ការស្វែងរកនូវដំណោះស្រាយណាមួយទាក់ទងនឹងបញ្ហាកូរ៉េនេះ។

សំណួរទី ៥៖  បើក្រឡេកមកមើលកម្ពុជាវិញ កម្ពុជាក៏ធ្លាប់ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងសង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍ផងដែរ។ បើទោះជាយ៉ាងណា កម្ពុជាសម្រេចបានយ៉ាងជោគជ័យនូវការបង្រួបបង្រួមជាតិតែមួយ និងរួចផុតពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ និងនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ តើជោគជ័យនៃសន្តិភាពដែលកម្ពុជាសម្រេចបាន បំផុសគំនិត និងផ្ដល់នូវមេរៀនជាបទពិសោធន៍អ្វីខ្លះដល់ដំណើរការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ?

យើងឃើញថាការកសាងសន្តិភាពនេះ ត្រូវការការចូលរួមពីភាគីពាក់ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិដែលជាកត្តាពីរសំខាន់។ ដូច្នេះកូរ៉េទាំងពីរត្រូវបង្កើតនូវយន្តការធ្វើការសហការគ្នា បង្កើតនូវការជឿទុកចិត្តហើយមជ្ឈដ្ឋានអន្តរជាតិហ្នឹងក៏ត្រូវគាំទ្រនូវយន្តការនេះផងដែរ។ ដូច្នេះកម្ពុជាយើង គឺមានការចូលរួមពីអង្គការសហប្រជាជាតិមានការចូលរួមពីសហគមន៍អន្តរជាតិ ដើម្បីជួយឲ្យស្វែងនូវសន្តិភាព និងការផ្សះផ្សាជាតិក៏ដូចជាការកសាងជាតិបន្ទាប់ពីវិបត្តិសង្គ្រាម។ ក៏ប៉ុន្តែតួអង្គដែលជាកត្តាកំណត់សំខាន់ គឺតួអង្គជាតិអន្តរតែម្ដង ដូច្នេះភាពម្ចាស់ការគឺជាកត្តាសំខាន់ដើម្បីជំរុញសន្តិភាពឲ្យបានសម្រេច ហើយនឹងរក្សានូវសន្តិភាពបាន។ នេះគឺជាអ្វីដែលយើងធ្លាប់ឆ្លងកាត់ ហើយយើងជំរុញឲ្យកូរ៉េទាំងពីរដោះស្រាយបញ្ហាដោយខ្លួនឯងក៏ប៉ុន្តែវាទាមទារឲ្យមានបរិយាកាសពិភពលោក និងតំបន់ជួយជំរុញនូវការចរចាឬក៏រកដំណោះស្រាយរវាងកូរ៉េទាំងពីរ។ ហើយនយោបាយឈ្នះឈ្នះរបស់កម្ពុជាយើងដែលធ្លាប់អនុវត្តចុងឆ្នាំទសវត្សរ៍៩០ ដែលជាមេរៀនមួយសំខាន់ដែរ ពីព្រោះថានយោបាយឈ្នះឈ្នះនេះគឺធ្វើយ៉ាងណាភាគីទាំងសងខាងហ្នឹង គឺឈ្នះទាំងអស់គ្នា។ ដូចនេះរវាងកូរ៉េទាំងពីរក៏ដូចគ្នាដែរ គឺឈ្នះទាំងពីរក្នុងការបង្រួបបង្រួមជាតិរបស់ខ្លួនក្នុងការកសាងសង់សន្តិភាពហ្នឹង។ នេះហើយគឺជានយោបាយឈ្នះឈ្នះដែលយើងអាចចែករំលែកបទពិសោធ និងមេរៀងមួយ ដែលប្រទេសផ្សេងៗរួមទាំងកូរ៉េអាចសិក្សារៀនសូត្រពីបទពិសោធនៅកម្ពុជាទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះ។

វាគ្មិន៖   លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031