Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ កង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា

AVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា

វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជា បន្ទះឈីប ជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាដែលមិនអាចខ្វះបាន ហើយវាក៏ជះឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ បច្ចុប្បន្ន ផលិតកម្មនៃវត្ថុពាក់កណ្ដាលចម្លងនេះ ត្រូវបានប្រទេសមហាអំណាចយកមកប្រកួតប្រជែងគ្នាក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេសប្រទេសដែលសម្បូរទៅដោយវត្ថុធាតុដើម និងបច្ចេកវិទ្យាសម្រាប់ការផលិតនេះ។ ក្នុងកិច្ចសម្ភាហ៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីសារសំខាន់នៃវត្ថុពាក់កណ្ដាលចម្លង សម្រាប់ជីវភាពរបស់នៅរបស់យើង ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតវត្ថុពាក់កណ្ដាលចម្លងនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

សំណួរទី១៖ តើអ្វីទៅជាវត្ថុពាក់កណ្តាលចម្លង ឬ (Semiconductors)?

បើយើងមើលទៅលើនិយមន័យ Semiconductor ឬក៏ហៅម្យ៉ាងទៀតថាជា បន្ទះឈីប ដែលធ្វើឡើងដោយ Silicon ដែលបន្ទះនោះគឺផ្គុំឡើងដោយមាននៅ Transistor រាប់លាននៅក្នុងហ្នឹងដែល Transistor នោះអនុញ្ញាតឲ្យមាននូវការចម្លងអគ្គិសនី ហើយអនុញ្ញាតឲ្យបន្ទះឈីបនោះធ្វើការដំណើរការទិន្នន័យដែលសកម្មភាពទាំងពីរនេះគឺវាធ្វើឡើងពេលយើងយក ឈីប ទាំងអស់នោះទៅដាក់ចូលទៅក្នុងឧបករណ៍បច្ចេកវិទ្យា ហើយវាធ្វើឲ្យឧបករណ៍ទាំងអស់នោះមានតែសកម្មភាពនេះអាចប្រើប្រាស់បានដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃពួកយើង។

សំណួរទី២៖ តើវត្ថុពាក់កណ្តាលចម្លង និងឧស្សាហកម្មបច្ចេកវិទ្យា មានសារសំខាន់យ៉ាងដូចម្តេចសម្រាប់ជីវភាពរស់នៅរបស់យើង នាពេលបច្ចុប្បន្ន និងអនាគត?

ពាកព័ន្ធនឹងវិសាលភាព ឬក៏តួនាទីសំខានរបស់ Semiconductor នេះគឺដោយសារតែសកលលោកយើងសព្វថ្ងៃសតវត្យន៍ទី ២១ នេះគឺពឹងផ្អែកទៅលើបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចខ្លាំងមែនទែន អញ្ចឹងដោយសារតែ Semiconductor នេះគឺជាធាតុផ្សំដែលមិនអាចខ្វះបាន អាចចាត់ទុកជាបេះដូងរបស់ឧបករណ៍អេឡិចត្រូនិចទាំងអស់។ អញ្ចឹងប្រសិនជាអត់មាន Semiconductor ឧបករណ៍ទាំងអស់នឹងមិនអាចដំណើរការបានទេ សកលលោកអាចនឹងមានការរាំស្ទះក្នុងការបោះជំហានទៅមុខ។ ហើយបើយើងមើលទៅលើថា តើ Semiconductor អាចដាក់នៅក្នុងឧបករណ៍អ្វីខ្លះ គឺយើងឃើញថាមានឧបករណ៍សឹងតែទាំងអស់ដែលយើងប្រើប្រាស់សព្វថ្ងៃរួមមាន ទូរស័ព្ទរដៃ នាឡិកា (Smartwatch) ការមេរ៉ា ទូរទឹកកក សូម្បីតែម៉ាស៊ីនបោកខោអាវក៏មាន Semiconductor នឹងដែរ។ ហើយក្រៅពីនេះ គឺយើងប្រើប្រាស់នៅក្នុង កុំព្យូទ័រលើតុ និងយួរដៃ ក៏ដូចជាការប្រើប្រាស់នៅក្នុងវត្ថុវិជ្ជសាស្រ្តទូទៅដែលយើងប្រើប្រាស់ក្នុងមន្ទីរពេទ្យ ហើយក្រៅពីនេះ វាសំខាន់ជាងនេះទៅទៀត Semiconductor នឹងត្រូវបានប្រើសម្រាប់ផលិតនូវសភាវុធទំនើប ដូចជា យន្តហោះ គឺត្រូវការ ឈីប ទាំងអស់នឹង អញ្ជឹងបានជាប្រទេសដែលមានការផលិត ឈីប គឺមានឥទ្ធិពលខ្លាំងនៅលើសកលលោក។

សំណួរទី៣៖ តើប្រទេសណាខ្លះផលិតវត្ថុពាក់កណ្តាលចម្លងនេះ?

មុននឹងយើងចូលទៅដល់ថាតើប្រទេសណាខ្លះផលិត Semiconductor ខ្ញុំសូមឆ្លៀតឱកាសបកស្រាយបន្តិចអំពីប្រភេទនៃក្រុមហ៊ុនផលិត Semiconductor ដែលនៅលើសកលលោកគឺយើងមានប្រភេទបី។ ប្រភេទទីមួយ គឺប្រភេទក្រុមហ៊ុនដែលហៅថាFabless ជាក្រុមហ៊ុនទាំងឡាយណាដែលធ្វើការ ឌីសាញ តែមួយមុខគត់ទៅលើ ឈីបនឹង ប៉ុន្តែគាត់មិនផលិតនោះទេ។ គាត់ឌីសាញឈីប ហើយបោះការឌីសាញនោះទៅឲ្យក្រុមហ៊ុនជាអ្នកផលិតផ្សេង ដែលក្រុមហ៊ុនទាំងអស់នឹងមានដូចជា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិច ដូចជា Qualcomm, Nvidia, និងក្រុមហ៊ុន Apple ដែលក្រុមហ៊ុនទាំងអស់នេះគាត់ឌីសាញឈីបក្នុងក្រុមហ៊ុនរបស់គាត់ ប៉ុន្តែគាត់ outsource ទៅឲ្យក្រុមហ៊ុនដ៏ទៃជាអ្នកផលិត។ ប្រភេទក្រុមហ៊ុនទី២ ជាប្រភេទ Foundry ជាប្រភេទក្រុមហ៊ុនដែលមិនឌីសាញទេ ប៉ុន្តែគាត់មានឯកទេសក្នុងការផលិត ឈីប តែមួយមុខគត់។ សព្វថ្ងៃក្រុមហ៊ុនដែលនាំមុខគេគឺ ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) របស់កោះតៃវ៉ាន់ដែលក្រៅតែពីការផលិតនេះ គីក្រុមហ៊ុន TSMC ជាក្រុមហ៊ុនផលិត ឈីបធំជាងគេបង្អស់លើសកលលោក។ ហើយប្រភេទទី៣ ជាប្រភេទពួក IDM ជាពាក្យកាត់របស់ Integrated Device Manufacturer។ ពពួកក្រុមហ៊ុនទី៣នេះគឺគាត់ឌីសាញផង គាត់ផលិតផង ហើយគាត់បញ្ជូលឈីបចូលទៅក្នុងឧបករណ៍របស់គាត់ស្រាប់តែម្តង ដែលក្រុមហ៊ុនទាំងអស់នឹងរួមមានក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Intel របស់សហរដ្ឋអាមេរិច។ បើយើងមើលទៅលើទំហំទីផ្សាររបស់សកលលោក គឺយើងឃើញថាសព្វថ្ងៃនេះ បើគិតទិន្នន័យត្រឹមឆ្នាំ ២០២១ ខែមីនា គឺក្រុមហ៊ុន TSMC របស់តៃវ៉ាន់គឺគាត់កាន់កាប់ទីផ្សារផលិត ឈីបនេះ ៥៤ ភាគរយនៅលើសកល ហើយចំណែកក្រុមហ៊ុនដែលនៅលេខពីរបន្ទាប់ពីគាត់ គឺក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងគឺកាន់កាប់ទីផ្សារចំនួន ១៧ ភាគរយ ហើយក្រុមហ៊ុនទី៣ គឺក្រុមហ៊ុនរបស់ចិន SMIC (Semiconductor Manufacturing International Corporation) ដែលគាត់កាន់កាប់ទីផ្សារតែ ៥ ភាគរយនោះទេ។ អញ្ជឹងយើងឃើញថា ក្រុមហ៊ុននីមួយៗនឹង គឺគាត់ផលិតឈីបលក់ និងបង្កើតឯកទេសរបស់គាត់ ហើយក្រុមហ៊ុន TSMC ជាក្រុមហ៊ុនដែលកាន់កាប់ទីផ្សារធំជាងគេលើសកលលោក។ 

សំណួរទី៤៖ តើវត្ថុពាក់កណ្តាលចម្លងនេះត្រូវបានផលិតចេញពីវត្ថុធាតុដើមអ្វីខ្លះ?

បើយើងមើល ជាទូទៅ Semiconductor នឹងវត្ថុធាតុដើមដែលចម្បងជាងគេនោះគឺ Silicon ហើយអ្វីដែលយើងអ្វីដែលយើងគួរយល់ គឺថា Silicon ជាធាតុផ្សំមួយដែលមានចំនួនច្រើនជាងគេបង្អស់ទី២នៅក្នុងប្រទាប់ផែនដីរបស់យើង ប៉ុន្តែទោះបីថាសារធាតុ Silicon នេះមានច្រើនក៏ដោយ មិនមែនគ្រប់ប្រទេសទាំងអស់មានសម្ថតិភាពក្នុងការផលិត Silicon ពីវត្ថុធាតុដើមទៅជា Silicon ដែលអាចប្រើនៅក្នុងការបង្កើត  Semiconductor នឹងបាននោះទេ។ បើយើងមើលទៅលើទិន្នន័យក្នុងឆ្នាំ២០១៩ ប្រទេសចិនគឺជាប្រទេសដែលផលិត Silicon បានច្រើនជាងគេនៅលើសកលលោក។ ក្នុងឆ្នាំ២០១៩ ក្នុងចំណោមការផលិត Silicon ៧ លានតោន ប្រទេសចិនផលិតបាន ៤ លានតោន អញ្ចឹងយើងឃើញថាប្រទេសចិន គឺគាត់មានឥទ្ធិពលនៅក្នុងការកាន់កាប់នូវធនធាន Silicon បានច្រើនជាងគេ ប៉ុន្តែក្រៅតែពីប្រទេសចិនមានប្រទេសមួយចនួនទៀតដូចជា សហរដ្ឋអាមេរិច រស្ស៊ី ន័រវែស ម៉ាឡេស៊ី ហើយនឹងប្រទេសបារាំង និងប្រេងស៊ីល ដែលប្រទេសទាំងនោះគាត់ផលិតដែរ តែតិចជាងប្រទេសចិន (សុំបើករង្វង់ក្រចកបន្តិតថា ប្រទេសដែលកាន់កាប់ប្រភពរបស់ Silicon គឺជារឿងមួយ ប៉ុន្តែការដែលគាត់យក Silicon ទៅធ្វើបម្លែងទៅជា Silicon ដែលមានគុណភាពគ្រប់គ្រាន់សម្រាប់ការផលិតបច្ចេកវិទ្យាវាជារឿងមួយផ្សេងទៀត)។ អញ្ចឹងបានជាយើងឃើញថា ទោះបីជាប្រទេសចិនគាត់កាន់កាប់ប្រភព Silicon ប៉ុន្តែ គាត់មិនទាន់បានកាន់កាប់ទីផ្សារធំក្នុងការផលិត ឈីប នៅឡើយទេ។

សំណួរទី៥៖ កាលពីមុន ប្រេង និងឧស្ម័នធម្មជាតិ ត្រូវបានគេចាត់ទុកថាជាប្រភពចំណូលដែលមិនងាយនឹងរីកស្ងួត និងតែងតែត្រូវបានប្រទេសមហាអំណាចប្រកួតប្រជែងគ្នា ដើម្បីគ្រប់គ្រងលើធនធានធម្មជាតិដ៏មានតម្លៃនោះ។ ដោយឡែក បច្ចុប្បន្ន និងពិសេសនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩នេះ តម្រូវការនៃឧបករណ៍ និងគ្រឿងយន្តបច្ចេកវិទ្យា មានការកើនឡើង ដែលរួមមាន ទូរស័ព្ទវៃឆ្លាត (Smart Phone) កុំព្យូទ័រ បរិក្ខារអេឡិចត្រូនិច និងយានយន្តវៃឆ្លាតសម័យថ្មី។ ពាក់ព័ន្ធនឹងបម្រែបម្រួលនិន្នាកានៃតម្រូវការនេះ តើអាចទេថានាពេលអនាគត ប្រទេសដែលមានវត្ថុធាតុដើមសម្រាប់ផលិតវត្ថុពាក់កណ្តាលចម្លងនេះ អាចនឹងរងគ្រោះពីការប្រកួតប្រជែងក្នុងការគ្រប់គ្រងរបស់ប្រទេសមហាអំណាច ដូចជាប្រទេសដែលគេតែងតែនិយាយថាទទួលរងបណ្តាសារប្រេង កាលពីមុនដែរឬទេ?

បើយើងមើលអំពីតួនាទីរបស់ Semiconductor គឺមានតួនាទីសឹងតែថាសំខាន់សើ្មរនឹងប្រេង នៅក្នុងសតវត្យន៍ទី ២១។ អញ្ចឹងសំណួរសួរថា ប្រទេសដែលកាន់កាប់ឧស្សាហកម្ម Semiconductor នឹងគាត់អាចក្លាយទៅជាជនរងគ្រោះនៃការប្រកួតប្រជែងអំណាចដែរឬទេ។ ខ្ញុំអាចបកស្រាយបានថា តាមពិតទៅប្រទេសដែលកាន់កាប់នូវឧស្សាហកម្មនេះ គឺជាប្រទេសដែលកំពុងប្រកួតប្រជែងនឹងតែម្តង ជាពិសេសជាក់ស្ដែងគឺ សាធារណរដ្ឋប្រជាមាណិតចិន ហើយនិងសហរដ្ឋអាមេរិច ដែលប្រទេសទាំងពីរនេះគាត់បាននឹងកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងវិស័យបច្ចេកវិទ្យា ក្រៅតែពីការប្រកួតប្រជែងសភាវុធ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងការទូតដទៃទៀត។ អញ្ចឹងបើយើងមើលចំពោះសហរដ្ឋអាមេរិចវិញ នៅក្នុងរដ្ឋបាលលោក ត្រាំ គាត់បានដាក់ចេញ Executive Orders មួយដែលហាមឃាត់មិនឲ្យក្រុមហ៊ុនរបស់ចិន SMIC ទិញនូវឧបករណ៍ ឬវត្ថុធាតុដើមពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិច។ អញ្ចឹងបានន័យថា ក្រុមហ៊ុន SMIC ដែលពីមុនមកគាត់ពឹងផ្អែកទៅវត្ថុធាតុដើម ទៅលើការឌីសាញ ទៅលើគំនិតយកចេញពីសហរដ្ឋអាមេរិចនឹង គាត់លេងមានទៀតហើយ។ ដែលនេះន័យថាវាប៉ះពាល់ដល់សង្វាក់ផលិតកម្ម ឈីបរបស់គាត់។ ក្រៅតែពីការដាក់បំរាមហាមឃាត់មិនឲ្យក្រុមហ៊ុនចិនទាំងអស់នោះធ្វើការរកស៊ីជំនួញជាមួយនឹងសហរដ្ឋអាមេរិច សម្រាប់ក្រុមហ៊ុនរបស់ប្រទេសចិនវិញ គឺបានទទួលរងនូវឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដែរ ដោយសារតែគាត់ខ្វះខាតធាតុផ្សំ អញ្ចឹងពេលខ្វះខាតធាតុផ្សំ មិនអាចផលិតបាន មិនអាចផ្តត់ផ្គង់ទៅឲ្យក្រុមហ៊ុនដទៃទៀតដែលទិញ ឈីប របស់គាត់ទៅដាក់ចូលទូរស័ព្ទ និងឧបករណ៍ផ្សេងៗដែលបានរៀបរាប់ខាងលើ។ អញ្ចឹងបានសព្វថ្ងៃនេះប្រទេសចិនបានចាប់យកនូវគន្លងថ្មីមួយ គឺដើម្បីក្លាយទៅជាប្រទេសដែលមាននូវស្វ័យភាពផ្នែកវត្ថុធាតុដើម Semiconductor នេះ ដែលថ្មីៗនេះរដ្ឋាភិបាលរបស់ចិនបានធ្វើការវិនិយោគយ៉ាងហោចណាស់ ១.៤ ពានលានដុល្លារ ដើម្បីចាក់បញ្ចូលនៅក្នុងឧស្សាហកម្មផលិត ឈីប របស់ខ្លួនឯងនៅក្នុងស្រុក កាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលរបស់សហរដ្ឋអាមេរិច ក៏ដូចជាដៃគូររបស់សហរដ្ឋអាមេរិច ដែលគាត់ជាដៃគូរប្រកួតប្រជែងអំណាចនឹងឯង។ ចំណែកសហរដ្ឋអាមេរិចខ្លួនឯងវិញក៏គាត់ព្យាយាម ក្រោមរដ្ឋបាលរបស់លោក ជូ បាយដិន ដែលចូលមកកាន់ដំណែងបានជាងកន្លះឆ្នាំនេះ គឺបានសរសេរច្បាប់ ដើម្បីចាក់បញ្ចូលថវិការរាប់ពាន់លានដុល្លាចូលទៅក្នុងឧស្សាហកម្មទីផ្សារ Semiconductor របស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិចមានភាពធន់ជាងមុន អំពីការកាត់ផ្តាច់ ឬក៏ការរង្គោះរង្គើ ខ្សែរសង្វាក់ផ្តត់ផ្គង់ Semiconductor នៅលើសកលលោក ប្រសិនជាមាននូវវិបត្តិសកលដូចជា កូវីត ១៩ នឹងកើតឡើងម្តងទៀត។

សំណួរទី៦៖ តាមអ្វីដែលនាងខ្ញុំបានដឹង បច្ចុប្បន្ន ពិភពលោកកំពុងជួបប្រទះនូវកង្វះខាតជាសកលនៃវត្ថុពាក់កណ្តាលចម្លង។ តើកង្វះខាតនេះបណ្តាលមកពីមូលហេតុអ្វី?

បើយើងមើលឡើងបញ្ហាសព្វថ្ងៃគឺនៅត្រង់ថា ពិភពលោកយើងត្រូវការ ឈីប ដើម្បីដំណើរការ ប៉ុន្តែសព្វថ្ងៃអត់មាន ឈីប គ្រប់គ្រាន់ទេ។ បើយើងមើលទៅលើហេតុផលគឺមានច្រើន ខ្ញុំអាចលើកឡើងបានជា ចំនួន ៩ និង១០ ហេតុផលធំៗដែលវាបង្ករឲ្យមាននូវកង្វះខាតសកលនូវ Semiconductor នេះ។ ហេតុផលទីមួយគឺយើងត្រឡប់ទៅមុនឆ្នាំ២០២០ នៅពេលដែលវិបត្តកូវីត ១៩ ផ្ទុះឡើងដំបូងក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសក្រុមហ៊ុនផលិតឡានដែលគាត់បានកាត់បន្ថយការកម្មងទិញ ឈីបរបស់គាត់ ដែលគាត់ជឿថាសកលលោកនឹងដើរចូលវិបត្តសេដ្ឋកិច្ច អញ្ចឹងប្រជាជនអត់មានលុយទិញ ប៉ុន្តែវាខុសពីអ្វីដែលគាត់គិត។ គាត់កាត់បន្ថយការកម្មងរបស់គាត់ ប៉ុន្តែការទាមទារនូវបច្ចេកវិទ្យាអេឡិចត្រូចនិក គឺវាកើនឡើងវិញដោយសារតែមនុស្សយើងជាប់បិទខ្ទប់នៅក្នុងផ្ទះ ត្រូវការធ្វើការពីផ្ទះ អញ្ចឹងត្រូវការទិញ កុំព្យូទ័រថ្មី Laptop ថ្មី ទូរស័ព្ទ ដើម្បីធ្វើការពីផ្ទះឲ្យមានផលិតភាពខ្ពស់។ ហេតុផលទី២ គឺដោយសារតែកូវីត១៩ នឹងដែរ វាជំរុញឲ្យមនុស្សលោកយើងចង់បាន ឬតម្រូវការឲ្យមានឧបករណ៍បច្ចេកវិទ្យាថ្មីដើម្បីបំពេញតម្រូវការធ្វើការពីផ្ទះ។ ហើយក្រៅតែពីឧបករណ៍ក្នុងការធ្វើការនេះ គឺយុវជនគាត់ត្រូវការទិញនូវឧបករណ៍លេងហ្គេមដូចជា gaming con show, Xbox, play station ដែលទាំងអស់នេះគឺដើម្បីកាត់បន្ថយភាពតានតឹងនៅពេលដែលគាត់ជាប់គាំងអំឡុងកូវីត១៩។ ហើយហេតុផលទី៣ គឺពាក់ព័ន្ធនឹងបញ្ហាសុខាភិបាលដោយយើងឃើញថានៅក្នុងប្រទេសធំៗដែលគាត់ផលិត ឈីបនេះមានការឆ្លងជម្ងឺ កូវីត១៩ ពីកម្មករដែលគាត់ធ្វើការក្នុងរោចក្រ។ រោចក្រមួយចំនួនធ្វើការបង្ខំចិត្តបិទព្រោះតែខ្លាចឆ្លង ហើយបាត់បង់អាយុជីវិតកម្មករខ្លួនឯង អញ្ចឹងវា បង្កទៅជាការរាំងស្ទះកាន់តែខ្លាំងម្តងទៀត។ ហើយចំណុចទី៤ គឺដោយសារតែបរិបទសព្វថ្ងៃក្រុមហ៊ុនដែលផលិតឡានធំៗ ដូចជា GM គាត់បានអភិវឌ្ឍនៅម៉ូដែលឡានរបស់គាត់កាន់តែទំនើប ហើយឡានទាំងអស់ហ្នឹងពីមុនឧទាហរណ៍ ក្នុងឡានមួយគ្រឿងត្រូវការបន្ទះឈីប តែ ៣០០ ទេ ប៉ុន្តែក្នុងបរិបទសព្វនេះ ក្នុងឡានទំនើបមួយគ្រឿងត្រូវការ ឈីប យ៉ាងហោចណាស់ ១៤០០ឈីប ដើម្បីបង្កើតឡានមួយគ្រឿងឲ្យយើងជិះនៅលើផ្លូវបាន។ ហើយបើសិនជាយើងមើលទៅលើប្រភេទម៉ូដែលឡានទំនើបៗដូចជា ឡានដែលគាត់បើកដោយខ្លួនឯង (self-driving car) ដូចជា Tesla គឺត្រូវការបន្ទះឈីបនឹងកាន់តែច្រើនជាងនេះទៀត អញ្ចឹងដោយសារតែតម្រូវការរបស់វិស័យផលិតឡាននឹងបានកើនឡើងគំហុក អញ្ចឹងទើបធ្វើឲ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ហើយក្រៅតែពីនេះគឺពាក់ព័ន្ធទៅនឹងការផលិតឈីបនឹងខ្លួនឯងតែម្តង បើទោះបីជាតម្រូវការផលិតឈីបក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានឹងគឺខ្លាំង ប៉ុន្តែចំពោះ តួលេខនៅក្នុងក្រុមហ៊ុនដែលអាចផលិតបានគឺមានតិចមែនទែនទៅលើសកលលោក ឧទាហរណ៍ដូចជាក្រៅអំពីចំនួនមានកម្រិតរបស់ក្រុមហ៊ុនផលិតឈីបនឹងក្នុងការផលិតឈីបម្ដងគឺត្រូវការរយៈពេលពីរខែហើយក្នុងបន្ទះឈីបមួយគឺត្រូវការឆ្លងកាត់ដំណាក់កាលផលិតទាំងអស់ដល់ទៅបីពាន់ជំហានទើបអាចក្លាយជាបន្ទះ ឈីប មួយឲ្យយើងប្រើដាក់នៅក្នុងទូរស័ព្ទដៃ ដូចនេះយើងឃើញថាដំណាក់កាលពីដើមដល់ចប់ទម្រាំតែវត្ថុធាតុដើមចេញជា ឈីប ឲ្យយើងប្រើនឹងគឺត្រូវការពេលយូរហើយត្រូវការលុយច្រើន ហើយចំពោះការកសាងរោងចក្រនីមួយៗ ប្រសិនបើយើងត្រូវការកសាងរោងចក្រផលិត semiconductor ដែលមានទំហំ ៥ ណាណូម៉ែត្រ ដើម្បីវិនិយោគទៅលើក្រុមហ៊ុនរោងចក្រ មួយត្រូវការចំណាយទុនយ៉ាងហោចណាស់ ប្រាំពាន់លានដុល្លារហើយត្រូវការចំណាយ ប្រាំទៅប្រាំមួយឆ្នាំ។ ហើយរោងចក្របន្ទាប់ពីសង់ហើយគឺអាចដំណើរការបានយ៉ាងច្រើន ពី ៥ ទៅ ៦ ឆ្នាំ គឺត្រូវតែធ្វើការកែលម្អដើម្បីកុំឲ្យវាខូចខាតជាងមុន ដូចនេះហើយការផលិតនោះគឺ ស្មុគស្មាញហើយត្រូវការលុយច្រើន និងត្រូវការពេលវេលាច្រើន។ អញ្ចឹមហើយបានជាអត់សូវមានក្រុមហ៊ុនណាមានលទ្ធភាព ក៏ដូចជាមាននូវការវិនិយោគពាក់ព័ន្ធនឹងការផលិត។ ចំណែកឯបម្រែបម្រួលអាកាសធាតុក៏វាប៉ះពាល់ដែល ដែលវាប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមហ៊ុនផលិតឧទាហរណ៍ដូចជា TSMC ដោយសារតែក្នុងសង្វាក់ផលិតកម្មឈីប គឺត្រូវការទឹកសម្អាត ដើម្បីជំនួយនៅក្នុងការផលិត ប៉ុន្តែដោយសារតែកាលពីឆ្នាំមុននេះគឺមានការគ្រោះរាំងស្ងួតនៅក្នុងកោះតៃវ៉ាន់ហើយដែលគ្រោះរាំងស្ងួតនឹងក៏វាប៉ះពាល់ទៅដល់សង្វាក់ផលិតកម្មរបស់ TSMC នោះផ្ទាល់តែម្ដង។ ហើយក្រៅតែពីហ្នឹងយើងឃើញថាកត្តាចម្បងដែលជំរុញឲ្យកាន់តែខ្លាំងនោះ គឺការទៅមុខយ៉ាងលឿននូវការធ្វើ Digitalization នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតនៅលើសកលលោក ដោយប្រជាជនចាប់ផ្តើមមានចំណូលច្រើនជាងមុន គាត់ចាប់ផ្តើមចង់បានក៏ដូចជាតម្រូវការនូវឧបករណ៍អេឡិចត្រូនិក និងឌីជីថលច្រើនជាងមុនសម្រាប់ការធ្វើការ ការសិក្សារបស់កូនគាត់ និងសម្រាប់ការធ្វើជំនួញ។ ហើយបើយើងមើលទៅលើវិបត្តិកូវីដ១៩ នេះគឺវាកាន់តែធំជាមុនទៀតដោយសារតែគាត់នៅផ្ទះ ដូចខ្ញុំបានបកស្រាយពីខាងលើ។ ហេតុផលមួយចុងក្រោយខ្ញុំចង់លើកឡើងគឺពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមសភាវុធរវាងចិន និងសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកហាមប្រាមមិនឲ្យប្រទេសចិនទិញធាតុផ្សំពីគាត់។ ដោយសារតែទិញនូវបច្ចេកវិទ្យា ទិញនូវម៉ាស៊ីនដើម្បីធ្វើ ឈីប ពីគាត់ នៅពេលដែលក្រុមហ៊ុនប្រទេសចិនមិនមានធាតុផ្សុំគាត់អត់អាចផលិតបាន វាធ្វើឲ្យកង្វះខាតឈីបនឹងកាន់តែធ្ងន់ថែមទៀត។ ដែលនេះបានន័យថាបញ្ហាទាំងអស់នេះគឺវាស្មុគស្មាញហើយវាគរ និងកើតឡើងក្នុងពេលតែមួយ។ ហើយសួរថាតើវិបត្តិកង្វះខាតសកល semiconductor នេះអាចនឹងចប់នៅពេលណាគឺអ្នកជំនាញទីផ្សារអាចគិតថាប្រហែលជាអាចយ៉ាងហោចណាស់ទៅពាក់កណ្តាលឆ្នាំ២០២២ទើបអាចធូរស្រាលជាងមុនបន្តិច តែបើសព្វថ្ងៃនេះគឺមាននូវបញ្ហាធំ។

សំណួរទី៧៖ តើកង្វះខាតជាសកលនេះ ផ្តលផលប៉ះពាល់អ្វីខ្លះមកលើឧស្សាហកម្មបច្ចេកវិទ្យា?

វាច្បាស់ហើយដោយសារតែ semiconductor នេះមានតួនាទីសំខាន់ខ្វះមិនបាន នៅក្នុងសេដ្ឋកិច្ច នៅក្នុង ecosystem បច្ចេកវិទ្យា មិនថាប្រទេសណាទេគឺត្រូវការបច្ចេកវិទ្យាទាំងអស់ដើម្បីដំណើរការទៅមុខ។ អញ្ចឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់នូវ semiconductor នេះគឺវាបានបង្កនូវការផលិតបច្ចេកវិទ្យាថ្មីៗ បង្កនូវការផលិតឧបករណ៍អេឡិចត្រូនិកដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅលើសកលលោក ដែលនេះគឺជាបញ្ហាទី១។ បញ្ហាទី២នៅពេលដែលកង្វះខាតនូវ semiconductor នេះគឺវាបង្ខំឲ្យក្រុមហ៊ុនមួយចំនួន ជាពិសេសដូចជាក្រុមហ៊ុនដែលគាត់ផលិតបច្ចេកវិទ្យាផ្ទាល់ និងក្រមហ៊ុនផលិតឡានត្រូវការបិទរោចក្រខ្លួនឯងព្រោះតែខ្វះខាត ឈីបតូចមួយនឹងឯង ឧទាហរណ៍ដូចជា ក្រុមហ៊ុន GM គាត់បានព្យាករណ៍ថាក្នុងឆ្នាំ ២០២១ នេះ ដោយសារតែកង្វះខាត ឈីប អត់មានឈីបគ្រប់គ្រាន់ក្នុងការដាក់ក្នុងឡានរបស់គាត់ គាត់បាត់បង់ប្រាក់ចំណូលយ៉ាងហោចណាស់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ អញ្ចឹងក្រុមហ៊ុនទាំងអស់ត្រូវតែបង្ខំចិត្តបិទរោចក្រដោយសារខ្វះបន្ទះ ឈីប តូចមួយនេះ ដូច្នេះបានយើងឃើញថាតួនាទីរបស់គាត់សំខាន់ខ្លាំង។ ហើយចុងក្រោយដែលវាប៉ះពាល់ផ្ទាល់មកដល់យើងនៅពេលដែលមាននូវកង្វះខាតsemiconductor លើទីផ្សារ គឺវាជំរុញឲ្យក្រុមហ៊ុនដែលផលិតអេឡិចត្រូនិកនឹងបង្កើនជាងមុន ហើយគឺវាប៉ះពាល់ដោយប្រយោលផង ប៉ះពាល់ដោយផ្ទាល់ផង ហើយប៉ះពាល់ដល់វិស័យឧស្សាហកម្ម សេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ យោធា និងបច្ចេកវិទ្យា។ សរុបទាំងនេះគឺជាផលប៉ះពាល់ធំៗមួយចំនួនដែល semiconductor មានមកដល់អាយុជីវីត ក៏ដូចជាការរស់នៅរបស់យើងប្រចាំថ្ងៃនៅលើសកលលោកយើងនេះ។

វាគ្មិន៖ លោក​ បោង ច័ន្ទសម្បតិ្ត អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI)​

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031