Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា

AVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា
{{svg_share_icon}}

នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។

សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា។ នោះគឺយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ តើបច្ចុប្បន្ន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ FOIP និង BRI កំពុងប្រជែងគ្នានៅលើវិស័យអ្វីខ្លះ?

ជាការពិតជា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ គឺជាគំនិតផ្ដួចផ្ដើមមួយដែលកំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ ក្នុងតំបន់ ក៏ដូចជាពិភពលោក។ បើទោះបីជា គំនិតផ្តួចផ្តើមនេះត្រូវបានគេអះអាងថា ជាគំនិតផ្ដួចផ្ដើមមិនសំដៅប្រកួតប្រជែងជាមួយនឹងចិន ជាពិសេសប្រកួតប្រជែងជាមួយនឹងគំនិតផ្ដួចផ្ដើម Belt and Road Initiative របស់ចិនក៏ដោយ ក៏គេឃើញយ៉ាងច្បាស់ថា គំនិតផ្ដួចផ្ដើមនេះគឺ ដើម្បីកាត់បន្ថយ ឬក៏ទប់ទល់ទៅនឹងការរីកចម្រើននៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ដូចយើងទាំងអស់ជ្រាបហើយថា តំបន់របស់យើងបានក្លាយទៅជាស្នូលនៃGlobal Power (តុល្យភាពអំណាចសកល) នេះ គឺដោយសារតែការងើបឡើងនៃប្រទេសចិន ក្រោយពីចិនធ្វើកំណែទម្រង់នៅចុងទសវត្សរ៍ទី៧០ និងការចូលជាសមាជិករបស់ចិននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅចុងឆ្នាំ២០០១។

ចិនបានងើបឡើងក្លាយជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ និងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោក នាពេលបច្ចុប្បន្ន។ ការផុងខ្លួនរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម បានបង្កើតនូវកាលានុវត្តភាពដ៏ល្អសម្រាប់ចិនងើបឡើង ក្លាយជាមហាអំណាចក្នុងតំបន់ និងសាកលលោក។ វិបត្តិសេដ្ឋកិច្ចសាកល ជាពិសេសនៅបច្ចឹមលោកក្នុងឆ្នាំ២០០៨-២០០៩ គឺបានផ្ដល់ឱកាសថ្មីថែមទៀតដល់ប្រទេសចិនងើបឡើងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទីពីរនៅលើលោក។ កត្តាទាំងអស់នេះហើយដែលបច្ចឹមលោក ជាពិសេសសហរដ្ឋអាមេរិក ត្រូវការឆ្លើយតបដើម្បីធានានូវតួនាទីលេខមួយរបស់ខ្លួន។ គេឃើញថា ឥទ្ធិពលរបស់ចិនចាប់ផ្តើមងើបឡើងខ្លាំងក្រោយចាប់ពីប្រទេសនេះបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ឬក៏ BRI នៅក្នុងឆ្នាំ២០១៣ ដែលជាគំនិតផ្គួចផ្ដើមដ៏ធំបំផុតក្នុងសតវត្សរ៍ទី២១ ដែលផ្ដោតទៅលើការតភ្ជាប់ ការពង្រឹងនូវ Regional Supply Chain ការលើកកម្ពស់នូវពាណិជ្ជកម្មអន្តរជាតិ ដែលមានប្រទេសជិត ១០០ ចូលរួម ហើយទឹកប្រាក់ដើម្បីអនុវត្តនូវមហិច្ឆិតាដ៏ធំនេះ គឺមានដល់ជាង ១លានលានដុល្លារសហរដ្ឋអាមេរិក។ ដោយសារតែខ្លាចបាត់បង់នូវឧត្តមភាព ក៏ដូចជាតួនាទីលេខមួយរបស់ខ្លួន សហរដ្ឋអាមេរិក ជាពិសេសក្រោមរដ្ឋបាលលោកដូណាល់ត្រាំ បានដាក់ចេញនូវគោលនយោបាយការបរទេសជាច្រើន ដើម្បីឆ្លើយតបទៅនឹងការងើបឡើងនៃប្រទេសចិន ក្នុងនោះរួមមានការបង្កើតនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

ការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសគឺប្រទេស QUAD រួមមានជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិកខ្លួនឯង។​ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកគឺ លោក ចូ បៃឌិន បន្តជំរុញ និងសម្រួចថែមទៀតនូវយុទ្ធសាស្រ្តនេះហើយយើងឃើញថារដ្ឋបាលថ្មីរបស់លោកចូ បៃឌិន បានរំលេចកាន់តែច្បាស់អំពីយុទ្ធសាស្ត្រដែលសេរី និងបើកចំហក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលផ្តោតខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់(Quality Infrastructure) ការប្រកួតប្រជែងលើបច្ចេកវិទ្យា ការជំរុញឲ្យមានឌីជីផលូបនីយកម្ម(Digitalization) និងការជំរុញនូវគុណតម្លៃផ្នែកសង្គម និងនយោបាយ (Political and Social Value) ហើយដោយសារពិភពលោកកំពុងទទួលរងនូវការវាយប្រហារពីជំងឺកូវីដ-១៩ កាទូតវ៉ាក់សាំង (Vaccine Diplomacy) ក៏ក្លាយជាឧបករណ៍ថ្មីមួយទៀតរបស់រដ្ឋបាលលោក ចូ បៃឌិន នៅក្នុងការប្រកួតប្រជែងឥទ្ធិពលជាមួយនឹងប្រទេសចិន តាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់ខ្លួននេះ។ នេះជាកត្តា ឬក៏ Areas នៃការប្រកួតប្រជែងនៅក្នុងក្របខណ្ឌ FOIP និង BRI។ 

ប៉ុន្តែ យើងត្រូវមើលថា កត្តាជាមូលដ្ឋាន (Analyzing Factors) នោះ គឺការប្រកួតប្រជែងយុទ្ធសាស្រ្តដើម្បីរក្សាបាននូវអនុត្ថរភាព និងតួនាទីនាំមុខរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ រីឯចិនប្រើប្រាស់នូវយន្តការ BRI ដើម្បីលើកកម្ពស់នូវតួនាទី និងកិត្យានុភាពរបស់ខ្លួននៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សំណួរទី២៖ យើងឃើញថា FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ តើ FOIP នេះ ជាគំនិតផ្តួចផ្តើមដំបូងរបស់ប្រទេសណាមួយដែរ? ហើយតើគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចដែរ?

FOIP គឺជាទស្សនទានថ្មី ដែលត្រូវបានអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានលើកឡើងនៅក្នុងឆ្នាំ២០០៦ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា ដោយលោកបានលើកឡើងអំពីសារៈសំខាន់នៃការប្រសប់នៃមហាសមុទ្រពីរ (The Confluents the two oceans) នោះគឺមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ទស្សនទាននៃការប្រសប់របស់មហាសមុទ្រទាំងពីរនេះគឺ ពុំទទួលបានការគាំទ្រនោះទេ ហើយគំនិតនេះបានស្ងប់ទៅវិញ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីអាបេ ស៊ីនហ្សូ បានជំរុញជាថ្មីម្ដងទៀតនូវទស្សនទាននេះ។ ការជុំវិញជាលើកទីពីរនេះបានទទួលនូវការគាំទ្រពីប្រទេសដទៃទៀត ជាពិសេសគឺសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ឥណ្ឌាក្រោមរដ្ឋបាលរបស់លោកម៉ូឌី និងអូស្ត្រាលី។ រដ្ឋបាលត្រាំ បានជំរុញកាន់តែខ្លាំងនូវទស្សនទានយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ នៅក្នុងឆ្នាំ២០១៧។ ក្រោយការជំរុញឲ្យបានជោគជ័យនូវទស្សនទាននេះ ប្រទេសជាច្រើនបានយកចិត្តទុកដាក់ ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករៀងៗខ្លួន។

អាស៊ានមានភាពស្ទាក់ស្ទើរនៅក្នុងការទទួលយកទស្សនទានថ្មីនេះ ដោយអាស៊ានយល់ឃើញថាយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ​ ហាក់ដូចជាសំដៅទប់ទល់ជាមួយនឹងឥទ្ធិពលចិន និងឡោមព័ទ្ធការងើបឡើងរបស់មហាអំណាចមួយនេះ ដែលអាស៊ានមានភាពប្រយ័ត្នប្រយែងខ្ពស់ ព្រោះមិនចង់ប្រឆាំងជាមួយនឹងប្រទេសចិន ប៉ុន្តែអាស៊ានគ្មានជម្រើសអ្វីក្រៅពីចូលរួម (Engage) នៅក្នុងការក៏សាងនៃយន្តការថ្មីមួយនេះ ជាពិសេសតាមការដាក់ចេញនូវ ASEAN Outlook on the Indo-Pacificនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១៩។ ប្រទេសនៅក្រៅតំបន់រួមមានបារាំង អាល្លឺម៉ង ហូឡង់ និងអង់គ្លេស សុទ្ធតែបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករៀងៗខ្លួន ហើយថ្មីៗនេះ បើសិនជាខ្ញុំចាំមិនខុសទេ នៅខែមេសា សហភាពអឺរ៉ុបក៏បានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ផងដែរ។

ខ្ញុំសូមបែងចែក ឬក៏ដាក់យុទ្ធសាស្រ្តទាំងអស់នោះជា៣ធំៗ។ ទី១ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ប្រទេស QUAD ហាក់ដូចជាមានលក្ខណៈផ្ដាច់មុខ និងផ្តោតទៅលើបញ្ហាសន្តិសុខ (Exclusive and Security Focus) ទី២ គឺគំនិតផ្តួចផ្តើមរបស់អាស៊ាន ASEAN Outlook on the Indo-Pacific ដែលមានលក្ខណៈបរិយាប័ន្ន និងសំដៅទៅលើការអភិវឌ្ឍ/សហប្រតិបត្តិការលើសកម្មភាពជាក់ស្តែង ច្រើនជាងការផ្តោតទៅលើសន្តិសុខ ឬការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ (Inclusive​ and Development Oriented) និងទី គឺជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក៏ដូចជាគិនិតផ្តួចផ្តើមរបស់មហាអំណាចនៅក្នុងតំបន់អឺរ៉ុបខាងលិច គឺហាក់ដូចជាផ្លូវកណ្ដាលរវាង Exclusive and Security Focus របស់ប្រទេស QUAD និង Inclusive​ and Development Oriented Framework របស់អាស៊ាន។​ នេះជារូបភាពទូទៅមួយ ពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកផ្សេងៗគ្នា ដែលកំពុងតែអនុវត្ត។

សំណួរទី៣៖ ក្នុងចំណោមយន្តការ FOIP របស់ប្រទេសមហាអំណាច ក៏ដូចជាអំណាចកណ្តាលទាំងនោះ តើយន្តការ FOIP មួយណាដែលមានភាពបត់បែន ក៏ដូចជាមានភាពសម្របសម្រួលច្រើនជាងគេ?

ខ្ញុំគិតថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន ASEAN Outlook on the Indo-Pacific គឺជាអភិក្រមដែលមានភាពបត់បែន បរិយាប័ន្ន និងបម្រើដល់ផលប្រយោជ៍នៃការអភិវឌ្ឍនៅក្នុងតំបន់ បម្រើដល់ការថែរក្សា និងលើកកម្ពស់ស្ថិរភាព សន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ប្រសិន បើ គំនិតផ្តួចផ្តើមណាមួយប្រឆាំងនឹងភាគីទីបី នោះគំនិតផ្ដួចផ្ដើមនោះនឹងមិនទទួលបានការគាំទ្រគំនិតផ្តួចផ្តើមនោះ ប្រាកដជាទទួលបាននូវការឆ្លើយតបជាអវិជ្ជមានពីបណ្ដាប្រទេសនៅក្នុងតំបន់។ អាស៊ានយល់យ៉ាងច្បាស់អំពីបញ្ហានេះ។ អាស៊ានបានព្យាយាមជំរុញនូវគំនិតផ្តួចផ្តើម ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់អាចចូលរួម អាចសហការ អាចពង្រឹងនូវ Policy Coordination ដើម្បីផលប្រយោជន៍រួម នោះគឺសន្តិភាព​ ស្ថិរភាព និងវិបុលភាពរួម។ ដូច្នេះហើយ បានជាអាស៊ានផ្ដោតទៅលើ ចំណុចអាទិភាពស្នូល (Key Priorities) ចំនួន៤ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន នោះគឺ ទី១ កិច្ចសហប្រតិបត្តិការខាងផ្នែកលំហសមុទ្រ (Maritime Cooperation) ទី២ ការតភ្ជាប់ (Connectivity) ទី៣ សំដៅជួយប្រទេសនៅក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (UN SDG) របស់អង្គការសហប្រជាជាតិ និងជាចុងក្រោយគេ ទី៤ អាស៊ានជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យដទៃទៀតនៅក្នុងក្របខណ្ឌASEAN Outlook on the Indo-Pacific (AOIP) របស់ខ្លួន។

សំណួរទី៤៖ ជប៉ុនបានដាក់ចេញនូវយុទ្ធសាស្រ្ត FOIP ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏ជាប្រមុខដឹកនាំមួយដែលបានគាំទ្រយុទ្ធសាស្រ្តនេះដំបូងគេនៅអាស៊ីអាគ្នេយ៍ដែរ។  តើយុទ្ធសាស្រ្តរបស់ជប៉ុននេះ មានលក្ខណៈពិសេសអ្វីខ្លះដែលធ្វើឲ្យ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចគាំទ្រ?

ជាការពិត សម្តេចតេជោនាយករដ្ឋមន្រ្តី បានក្លាយទៅជាប្រមុខរដ្ឋាភិបាលទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដែលប្រកាសគាំទ្រជាផ្លូវការ និងជាសាធារណៈនៅលើគំនិតផ្តួចផ្តើមរបស់ជប៉ុនសម្រាប់ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន (បើសិនជាខ្ញុំចាំមិនខុស) នៅក្នុងឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្តេច នៅទីក្រុងតូក្យូ។ តាមការសង្កេតរបស់ខ្ញុំ កម្ពុជាគាំទ្រទស្សនៈឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងក្រប់ខណ្ឌតែពីរគត់ គឺ Free and Open Indo-Pacific Strategy របស់ជប៉ុន និងទី២ ASEAN Outlook on the Indo-Pacific។

ចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ទោះបីជាជប៉ុន ជាសមាជិកនៃប្រទេស QUAD ប៉ុន្តែយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុនមាននូវភាពបត់បែនជាងប្រទេស QUAD ដទៃទៀត៖ ទី១ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ជប៉ុន ហាក់ដូចជាផ្ដោតសារៈសំខាន់ទៅលើការតភ្ជាប់ (ទាំងការតភ្ជាប់រូបវន្ត និងការតភ្ជាប់ទម្រង់ទន់) ទី២ ជប៉ុនផ្តោតសារៈសំខាន់ក្នុងការជួយបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៣ ជប៉ុនផ្តោតខ្លាំងទៅលើសន្តិសុខ និងសុវត្ថិភាពលំហសមុទ្រ និងចុងក្រោយ ទី៤ ជប៉ុនរំលេចអំពីសារៈសំខាន់នៃការកសាងសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ 

អ្វីដែលកាន់តែពិសេសគឺ ជប៉ុនហាក់ដូចជាផ្ដោតខ្លាំងលើសហប្រតិបត្តិការជាក់ស្ដែងជាមួយបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព (Quality Infrastructure) បញ្ហាបរិស្ថាន ជីវៈចម្រុះ សុខភាពសាធារណៈវិស័យថាមពល ការអភិវឌ្ឍធនធានមនុស្ស។ល។ ដោយសារតែការផ្ដោតទៅលើ Practical Cooperation ការផ្តល់សារៈសំខាន់ទៅលើ Mutual Respect, Mutual Trust និង Mutual Understanding ជាមួយប្រទេសនៅក្នុងតំបន់ គំនិតផ្តួចផ្តើមរបស់ជប៉ុន ហាក់ដូចជាទទួលបានការគាំទ្រជាងប្រទេស QUAD ដទៃទៀត។

សំណួរទី៥៖ ងាកមកកម្ពុជាយើងវិញម្តង កម្ពុជាក៏ទទួលបានសម្ពាធមិនស្ទើរដែរពីក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនដែរ។ ម្យ៉ាងវិញទៀត នៅឆ្នាំ២០២២ កម្ពុជានឹងទទួលធ្វើជាប្រធានអាស៊ាន កិច្ចប្រជុំGMS មេគង្គ-ជប៉ុន មេគង្គ-គង្គា និងភាពជាដៃគូមេគង្គ-អាមេរិក ក៏ដូចជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេគង្គ-សាធារណរដ្ឋកូរ៉េ ផងដែរ។ ចំពោះលោកបណ្ឌិត (ផ្ទាល់) តើកម្ពុជាអាចនឹងទទួលនូវសម្ពាធនយោបាយអ្វីបន្ថែមទៀតដែរឬទេ នៅក្នុងក្របខណ្ឌ FOIP នេះ ពីបណ្តាប្រទេសដៃគូអាស៊ាន និងមេគង្គ?

សំណួរនេះមានលក្ខណៈស្មុគស្មាញ ហើយត្រូវនឹងបរិបទដែលកម្ពុជាកំពុងតែត្រៀមទទួលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងក្របខណ្ឌសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ។ ជាការពិតកម្ពុជាណាស់ កម្ពុជានឹងទទួលនូវសម្ពាធ ព្រោះដូច ដែលយើងបានដឹងស្រាប់ហើយ តំបន់អាស៊ីអាគេ្នយ៍ ក៏ដូចជាវេទិកាអាស៊ាន បានក្លាយទៅជាវេទិកានៃការប្រកួតប្រជែងរវាងមហាអំណាចទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ តំបន់យើងក៏មានចំណុចក្តៅ (Regional Hotspots) ជាច្រើន ដែលកំពុងតែទទួលនូវភាពតានតឹង និងការប្រឈមមុខដាក់គ្នាពីសំណាក់ភាគីពាក់ព័ន្ធ។សំណុំរឿងតៃវ៉ាន់ កំពុងតែក្តៅគគុក ជាពិសេសរវាងចិន និងសហរដ្ឋអាមេរិក ដែលកំពុងតែបញ្ចេញសាច់ដុំដាក់គ្នាលើសំណុំរឿងកោះមួយនេះ។ បញ្ហាសមុទ្រចិនខាងត្បូង ក៏ជាសំណុំរឿងក្តៅ ដែលត្រូវការការសម្របសម្រួល ដើម្បីអាចឲ្យតំបន់អាចថែរក្សាបាននូវស្ថិរភាព និងសន្តិភាព។ តំបន់ទន្លេមេគង្គរបស់យើង ក៏បានក្លាយទៅជាវេទិកានៃការប្រកួតប្រជែងរវាងមហាអំណាចដោយសារតែមហាអំណាចកាន់តែច្រើនបានចូលទៅក្នុងតំបន់ទន្លេមេគង្គរបស់យើង ដូចជាការបង្កើតនៅភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ភាពជាដៃគូមេគង្គ-អូស្ត្រាលី ហើយថ្មីៗនេះយើងឃើញមានននូវការលើកឡើងអំពីគំនិតចង់បង្កើតភាពជាដៃគូមេគង្គ-សហភាពអឺរ៉ុបបន្ថែមពីលើយន្តការសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គដែលមានស្រាប់ជាច្រើន។ ទាំងអស់នេះហើយជាសម្ពាធ ​ព្រោះយើងត្រូវព្យាយាមសម្របសម្រួល និង Accommodate នូវផលប្រយោជន៍របស់មហាអំណាច ដែលចូលរួមកាន់តែសកម្មក្នុងតំបន់របស់យើង។ 

អ្វីដែលកាន់តែគ្រោះថ្នាក់ទៀតគឺ មហាអំណាចធំៗបានបង្ខំឲ្យអាស៊ានជ្រើសរើសយកខាងនេះ ឬ ខាងនោះ និងចាប់បង្ខំឲ្យប្រទេសតូចៗដូចជាកម្ពុជាយើងជ្រើសរើសខាង ដែលអាស៊ាន ក៏ដូចជាកម្ពុជា មិនចង់ជ្រើសរើសយកខាងណាមួយទេ។ អាស៊ានគ្រាន់តែចង់បន្តនូវការកសាងសហគមន៍តំបន់របស់ខ្លួន បន្តដើរតួនាទីលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការកសាងនិម្មាបកម្មថ្មីមួយដោយផ្អែកលើវិធានច្បាប់។ កម្ពុជាក៏គ្មានបំណងជ្រើសរើសយកខាងណាឡើយ កម្ពុជាគ្រាន់តែចង់បន្តនូវការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត និងមិនចូលបក្ខសម្ព័ន្ធ។ ដូច្នេះហើយ បើទោះបីជាសម្ពាធយើងមាន កម្ពុជាគួរតែផ្ដោតទៅលើអ្វីដែលខ្លួនអាចចូលរួម ដើម្បីកសាងស្ថិរភាព សន្តិភាពនិងវឌ្ឍនភាពនៅក្នុងតំបន់។ អ្វីដែលយើងគួរតែផ្តោតនោះ គឺ ទី១ ការស្ដារសេដ្ឋកិច្ចសង្គមនៅក្រោយកូវីដ-១៩ ការត្រៀមឲ្យប្រជាពលរដ្ឋរបស់ខ្លួនអាចសម្របខ្លួនទៅនឹង New Normal តាមរយៈការផ្ដោតទៅលើការទប់ស្កាត់ជំងឺកូវីដ-១៩ ការជួប្រជាពលរដ្ឋដោះស្រាយនូវបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ទី២ 
កម្ពុជាគួរជំរុញ និងលើកកម្ពស់ថែមទៀតនូវពហុភាគីនិយម និងការរក្សាសណ្ដាប់ធ្នាប់តំបន់ ដោយផ្អែកលើវិធានអន្តរជាតិ ដែលអាស៊ានបាន និងកំពុងដើរតួនាទីស្នូលក្នុងសណ្ដាប់ធ្នាប់តំបន់នេះ ទី៤ ការជំរុញសកលភាវូបនីយកម្ម សមាហរណកម្មទៅក្នុងតំបន់(Regional Integration) ការលើកកម្ពស់នូវខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ក៏ជាចំណុចអាទិភាពមួយ ដែលកម្ពុជាគួរតែផ្ដោត ទី៥កម្ពុជាគួរតែជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើ Synergy និង Complementarity នៃគំនិតផ្ដួចផ្ដើមពាក់ព័ន្ធជាមួយនឹងការតភ្ជាប់ក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌដទៃទៀត សំដៅជំរុ​ញការធ្វើសមាហរណកម្មនៅក្នុងតំបន់ ទី៦ ការតភ្ជាប់ខាងផ្នែកវប្បធម៌ ការបង្កើតនូវច្រករបៀងវប្បធម៌ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ជាចំណុចអាទិភាពដែលកម្ពុជាគួរលើកកម្ពស់ ទី៧ ក្នុងក្របខណ្ឌមេគង្គវិញ កម្ពុជាគួរតែបន្តធ្វើយ៉ាងណាថែរក្សាបាននូវស្មារតីរួបរួមគ្នានូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការនៅក្នុង តំបន់នេះ ដោយផ្អែកលើការ Practical Cooperation និង Local Ownership ទី៨ កម្ពុជាគួរតែពង្រឹងនូវការចូលរួមក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់ ដែលរួមមានសមុទ្រចិនខាងត្បូងភាព តានតឹងនៅឧបទ្វីបកូរ៉េ ជាពិសេសគឺវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ កត្តាទាំងអស់នេះហើយ គឺជាការចូលរួមចំណែករបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខនេះ។

វាគ្មិន៖ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031