Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

AVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ?

ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។

យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត ២,២% ក្នុងឆ្នាំ១៩៩០ វាបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ១២០% នៅពេលដែលកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ នៅឆ្នាំ២០១៤ ហើយវាបានកើនខ្ពស់បំផុតប្រមាណ ១៣០% នៅឆ្នាំ២០១៩។ ចាប់ពីឆ្នាំពី២០១៦ ទៅប្រទេសចិនគឺជាប្រភពនាំមុខគេសម្រាប់ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ការវិនិយោគរបស់ចិនមាននៅគ្រប់វិស័យទាំងអស់ រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ កំពង់ផែសមុទ្រ ព្រលានយន្តហោះ វារីអគ្គិសនី អចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម គ្រឿងបង្គុំអគ្គិសនី រ៉ែ និងទេសចរណ៍។ មុនឆ្នាំ២០១៤ បើតាមរបាយការណ៍យុទ្ធសាស្ត្រសមាហរណកម្មរបស់ក្រសួងពាណិជ្ជកម្ម ចន្លោះពីឆ្នាំ២០០៥ ដល់២០១២ មានតិចតួចណាស់ ដែលចិនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ តែក្រោយពីឆ្នាំ២០១៤ ចិនបានវិនិយោគរាប់សិបពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការវិនិយោគក្នុងវិស័យអចលនវត្ថុ ផងដែរ។ បើក្រឡេកមើល ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនដែលមានតែត្រឹមតែ ៣៥៧លានដុល្លារ ក្នុងឆ្នាំ២០១៤ ការនាំចេញរបស់កម្ពុជាបានកើនឡើងដល់ ១០៨៧ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ។ ពិនិត្យទៅមើលគម្រោងធំៗនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន យើងឃើញថានៅកម្ពុជាមានគម្រោងពីរធំៗ៖

ទី១ គឺគម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គិតមកត្រឹមខែកញ្ញាឆ្នាំ២០២០ នៅតំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំប្រមាណជា ១១គីឡូម៉ែត្រការ៉េ មានរោងចក្រសរុបទាំងអស់ ១៦០​
រោងចក្រ ហើយបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាប្រមាណជា ៣ម៉ឺននាក់។ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកន្លងមកផ្ដោតទៅលើតែវិស័យកាត់ដេរ ការផលិត កាបូប ផលិតផលស្បែកសត្វ
ភេសជ្ជៈ កង់ ខ្សែសង្វាក់ផលិតកម្ម និងគ្រឿងបង្គុំអគ្គិសនី តាមរយៈការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដោយផ្អែកលើសក្ដានុពលជិតកំពង់ផែសមុទ្រទឹកជ្រៅជាប់តំបន់សេដ្ឋកិច្ចពិសេសនេះ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបន្តធ្វើពិពិធកម្មផលិតផលរបស់ខ្លួនថែមទៀត ដើម្បីផលិតបង្គុំ គ្រឿងម៉ាស៊ីនធុនធ្ងន់ សម្ភារៈសាងសង់ សម្ភារៈផ្ទះបាយ ផលិតផលទាញយកកាំរស្មី
ព្រះអាទិត្យ គ្រឿងបង្គុំរថយន្ត ក៏ដូចជាឧស្សាហកម្មគីមី។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមានការ
វិនិយោគក្រៅពីចិនគឺមានការវិនិយោគពីកម្ពុជាផ្ទាល់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអាស៊ី។

ទី២គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមានទឹកប្រាក់ប្រមាណជា ១.៩ ពាន់លានដុល្លារ ដែលកំពុងកសាងទៅដោយក្រុមហ៊ុនរដ្ឋចិនគឺ China Communication Construction Company និងក្រោមលក្ខខណ្ឌ BOT ដែលគេហៅថា Build Operate Transfer ជាមួយនឹងរដ្ឋាភិបាល
កម្ពុជាដោយមានក្រុមហ៊ុន China’s Road and Bridge Cooperation ជាអ្នកប្រមូលសេវាប្រើប្រាស់ផ្លូវ។ ផ្លូវល្បឿនលឿននេះ​ គឺជាកម្លាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនលឿនទៅមុខថែម
ទៀត ហើយក៏មានគម្រោងធំទៀតដូចជាព្រលានយន្តហោះសៀមរាបកសាងដោយក្រុមហ៊ុន Yunan Invest Holding ព្រលានយន្តហោះភ្នំពេញសហការសាងសង់ដោយក្រុមហ៊ុន Metallurgical Corporationរបស់ចិន និងមានផ្លូវជាតិជាច្រើនជាង ៣០០០គីឡូម៉ែត្រដែលកសាងដោយក្រុមហ៊ុនចិន។

សំនួរទី២៖ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម «សន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ» ដែលរៀបចំដោយរដ្ឋាភិបាលចិន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ពីសារៈសំខាន់របស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងការចូលរួមចំណែកការអភិវឌ្ឍ ក៏ដូចជាការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅកម្ពុជា។ ហេតុអ្វីបានជាកម្ពុជា
គាំទ្រគំនិតផ្តួចផ្តើមនេះ? តើកម្ពុជាទទួលបានផលប្រយោជន៍ចម្បងៗអ្វីខ្លះដែរ?

បើពិនិត្យទៅមើលប្រទេសកម្ពុជាយើង ការយល់ដឹង និងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ បានចាប់ផ្ដើមតាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីងពីង នៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនេះ បានទាញចំណាប់អារម្មណ៍ធ្លាក់មកជាហូរហែរ ពិសេសពីសំណាក់ពាណិជ្ជករ និងវិនិយោគិនរបស់ចិន។ ម៉្យាងទៀតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ វាស៊ីគ្នាទៅនឹងតម្រូវការការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជម្រើសមូលធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលអាចនាំឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងបរិបទតំបន់ មានចំណុចមួយចំនួនដែលនាំឱ្យកម្ពុជាគាំទ្រដល់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ៖ ទី១ នៅប្រមាណទសវត្សរ៍ចុងក្រោយនេះ យើងឃើញថាមានប្រទេសជាច្រើនក្នុងតំបន់មានទំនោរទៅរកប្រទេសចិន តាមរយៈប៉ូលសេដ្ឋកិច្ច និងនយោបាយរបស់ចិន។ ទី២ បើប្រៀបធៀបជាមួយនឹង
យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់សហរដ្ឋអាមេរិក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានភាពប្រាកដនិយមជាង ជាក់ស្ដែងជាង ដែលនាំមកការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសាងសង់
ហេដ្ឋារចនាសម្ព័ន្ធទៅតាមប្រទេស ដែលចូលរួមក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ទី៣ លក្ខខណ្ឌដ៏តឹងតែងសម្រាប់ជំនួយមូលនិធិកម្ចីរបស់បណ្ដាប្រទេស ឬអង្គការមួយចំនួន បានជំរុញឲ្យ
កម្ពុជាស្វែងរកប្រភពជម្រើសមូលនិធិកម្ចីផ្សេងៗទៀត ជាពិសេសេក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដោយគ្មាន String Attach។

ជាទូទៅ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺផ្ដោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រខាងពាណិជ្ជកម្ម ដោយរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្របសម្រួល ហើយដាក់ចុះនូវគោលនយោបាយនានាដើម្បីបង្កើតឱ្យមានការអនុវត្តនូវគម្រោងឲ្យបានជោគជ័យ។ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បង្កើតឲ្យមានវេទិកា Government-Private Forum ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹង
វិនិយោគិន។ ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម សុទ្ធសឹងតែបានជំរុញ និងគាំទ្រផ្សារភ្ជាប់ទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្ម
កម្ពុជាពីទំរង់ឧស្សាហកម្មដែលប្រើប្រាស់កម្លាំងច្រើន ទៅជាការប្រើប្រាស់ជំនាញនៅក្នុងឧស្សាហកម្ម និងជំរុញផលិតភាពនៅក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍបច្ចេកទេសជាន់ខ្ពស់។

សម្រាប់ទៅថ្ងៃអនាគត ការបង្កើតឱ្យមាន Digital Silk Road ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ចំពោះផលប្រយោជន៍ចម្បងៗដែលបានមកពីគំនិតផ្តួចផ្តើមនេះ មានដូចជា៖ ទី១ ថ្មីៗនេះ កម្ពុជាបានដាក់ឲ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ដោយកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមឌីជីថលមួយដ៏រស់រវើក ជំរុញសន្ទុះសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាព តាមគន្លងថ្មី។ ហើយនេះ គឺជាម៉ូដែលសេដ្ឋកិច្ចថ្មីមួយដែលមានភាពឆ្លើយតបទៅនឹងភាពធន់ ទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម
អន្តរជាតិ នាពេលអនាគត។ លំហូរវិនិយោគចិនបានកើនឡើងបីដង ក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ក្នុងនោះមានការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដូចជាការកសាងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ  តំបន់សេដ្ឋកិច្ចពិសេសដែលបានរុញច្រានកម្រិត GDP Per Capita របស់ប្រជាជនក្នុងខេត្តព្រះសីហនុកើនដល់ ៣៣៥៨ដុល្លារ កាលពីឆ្នាំ២០១៩កន្លងទៅនេះ។ ម៉្យាងវិញទៀត កម្ចីរបស់ធនាគារ ជាកាតាលីករជំរុញការវិនិយោគ ដែលមានសារៈសំខាន់ណាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយសារតែកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅមានកម្រិតនៅឡើយ។ ទី២ ការជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវបានផ្សារភ្ជាប់កម្ពុជាទៅតំបន់តាមរយៈការដឹកជញ្ជូនក៏ដូចជាសេវាទេសចរណ៍។ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនត្រឹមតែផ្ដល់ប្រយោជន៍ឱ្យកម្ពុជាតែប៉ុណ្ណោះទេ តែវាផ្ដល់ប្រយោជន៍ដល់ប្រទេសជិតខាងកម្ពុជាផងដែរ ជាពិសេសការដឹកជញ្ជូន ការដោះដូរពាណិជ្ជកម្ម របស់បណ្ដាប្រទេសអាស៊ាន។ ទី៣ គឺការកសាងសមត្ថភាពការវិនិយោគរបស់ចិនបាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ការកសាងសមត្ថភាពដែលជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត ឧទាហរណ៍ដូចជា ការសាងសង់
វិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនពហុបច្ចេកវិទ្យា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចាប់ដំណើរការចាប់ពីឆ្នាំ២០១៨។ តាមស្ថិតិតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០១៩ មានសិក្ខាកាមប្រមាណ ៧០០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនានា។ ហើយជាពិសេសេទៅទៀតនេះ ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនសម្រាប់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលរួមមានទាំងឧបករណ៍វិទ្យាសាស្ត្រ អ្នកបច្ចេកទេសផ្នែកសុខាភិបាល និងអនុញ្ញតឲ្យកម្ពុជាទិញ និងផ្ដល់នូវវ៉ាក់សាំងរាប់លានដូស ពីប្រទេសចិនសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅកម្ពុជា។ ការប្រើប្រាស់យន្តការពហុភាគីរបស់ផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នមានវ៉ាក់សាំងប្រមាណជា ៣៥០លានដូស ត្រូវបានចែកជូនតាមយន្តការកិច្ច
សហប្រតិបត្តិការនានា។ ក្នុងនោះ ចិនក៏បានសន្យាផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង និងការបែងចែកវ៉ាក់សាំងប្រកបដោយសមធម៌ ផងដែរ។ ទី៤ ចំណុចសំខាន់ចុងក្រោយចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវនេះគឺផលប្រយោជន៍សន្តិសុខជាតិ ដោយចាប់ពីការដួលរលំចក្រភពខ្មែរនៅក្រោយសតវត្សទី១៥ កម្ពុជាតែងទទួលរងនូវការគំរាមកំហែងពីប្រទេសជិតខាង ដូច្នេះហើយការផ្សារភ្ជាប់ខ្លួនរបស់កម្ពុជាទៅកៀកនឹងចិន ឬក៏ការចូលរួមរបស់កម្ពុជាទៅក្នុងផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ អាចធ្វើឲ្យកម្ពុជារក្សាបាននូវការអភិវឌ្ឍន៍
សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខរបស់ខ្លួនទៅថ្ងៃអនាគតវែងឆ្ងាយថែមទៀត។

វាគ្មិន៖ បណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន​
អ្នករៀបចំអត្ថបទ៖ កញ្ញា តាំង គីមលាង

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031