Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖

សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧ បូករួមទាំងមេដឹកនាំរបស់សហភាពអឺរ៉ុប (EU) បានជួបប្រជុំផ្ទាល់តែម្តង នៅរដ្ឋ Cornwall ចក្រភពអង់គ្លេស។ ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ ហេតុអ្វីបានជាតម្រូវឲ្យមានការជួបមុខគ្នាដោយផ្ទាល់ បើទោះជាស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងបណ្តាលប្រទេសទាំងនោះ កាន់តែកើនឡើងជាលំដាប់ក៏ដោយ? ហើយតើប្រមុខដឹកនាំទាំង០៨ បានសម្រេចលទ្ធផលអ្វីខ្លះដែរ?

ទាក់ទងទៅនឹងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង០៧ ដែលហៅថា G7 នេះ បានកើតឡើងតាំងពីទសវត្សរ៍ទី៨០ មកម្លេះ។ កាលនោះ ប្រទេសទាំង០៧នេះ ជាប្រទេសអ្នកមានខ្លាំងតែម្តងនៅលើពិភពលោក។ បើនិយាយពី GDP សរុបរបស់ប្រទេសទាំង០៧នេះ វាស្មើនឹង ៥០% នៃGDP ពិភពលោក កាលពីទសវត្សរ៍ទី៨០នោះ។ ក៏ប៉ុន្តែ នាបច្ចុប្បន្ននេះ ចំនួនភាគរយនៃ GDP ពិភពលោករបស់បណ្តាប្រទេស G7 មានត្រឹមតែប្រហែលជា ៣១% ប៉ុណ្ណោះ។ កម្រិតនៃទម្ងន់ផ្នែកសេដ្ឋកិច្ចខុសគ្នាឆ្ងាយពី៥០% នៃ GDP ពិភពលោក កាលពីទសវត្សរ៍ទី៨០ មកត្រឹម៣១% នៃ GDP ពិភពលោកនៅឆ្នាំ២០២១នេះ។ ដូចនេះ ទម្ងន់របស់ក្រុមនេះ ក៏រៀងស្រាលជាងមុនដែរ​ ហើយសេដ្ឋកិច្ចអាស៊ីចាប់ផ្តើមមានទម្ងន់ធ្ងន់ ដោយសារតែការរីកឡើងនៃសេដ្ឋកិច្ចចិន និងឥណ្ឌា ក៏ដូចជាបណ្តាប្រទេសនៅក្នុងអាស៊ាន។ (កិច្ចប្រជុំ G20 ធ្វើឡើងដើម្បីឲ្យមានការចូលរួមពីបណ្តាប្រទេស Emerging Economies ផ្សេងៗចូលរួម។)

ចង់មិនចង់  G7 មាននូវយន្តការរបស់ខ្លួនដែលមានកិច្ចប្រជុំជារៀងរាល់ឆ្នាំ។ ដើមឆ្នាំ២០២០នេះ ក៏មានកិច្ចប្រជុំដែរ ហើយពាក់កណ្តាលឆ្នាំនេះ យើងឃើញថាក្រុមនេះក៏បានរៀបចំនូវកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ពោលគឺកិច្ចប្រជុំដោយផ្ទាល់នៅចក្រភពអង់គ្លេស។ កិច្ចប្រជុំដោយផ្ទាល់នេះ អាចធ្វើទៅរួច ដោយសារតែការចាក់វ៉ាក់សាំងនៅបណ្តាប្រទេសអឺរ៉ុប មានលក្ខណៈល្អប្រសើរជាងមុន ហើយស្ថានការណ៍នេះបានអំណោយផលក្នុងការប្រជុំផ្ទាល់។ ម្យ៉ាង កិច្ចពិភាក្សានេះក៏មានសារៈសំខាន់ និងជួយជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់បញ្ហាការរាលដាលនៃជំងឺកូវីដ-១៩ផង ក៏ដូចជាការស្រោចស្រង់នូវសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធផង។

សំណួរទី២៖ ហេតុអ្វីបានជាចិនត្រូវបានចាត់ទុកថាជាបញ្ហាដ៏ធំចម្បងរបស់ប្រទេសលោកខាងលិច? តើការរីកចម្រើនរបស់ចិន អាចផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ប្រទេសលោកខាងលិច?

ប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និងចិន យើងឃើញថា មានភាពតានតឹងខ្លាំងរវាងប្រទេសចិន និងលោកខាងលិច (ដែលរួមមានសហរដ្ឋអាមេរិក អឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់អាស៊ី)។ ទី១ ប្រទេសលោកខាងលិច មានការបារម្ភពីការកើនឡើងនៃឥទ្ធិពលរបស់ចិន ដែលអាចនឹងធ្វើឲ្យតួនាទីដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះ ពោលគឺ ចិនអាចជាតួអង្គមួយដែលអាចធ្វើឲ្យមានការគំរាមកំហែងដល់តួនាទីលេខ១ (Number 1 Position) របស់អាមេរិកនៅលើពិភពលោក។ ដូចនេះហើយ បានជាអាមេរិកខំប្រឹងប្រមែប្រមូលសម្ព័ន្ធមិត្ត / មិត្តភ័ក្តយុទ្ធសាស្រ្តផ្សេងៗ ដើម្បីធ្វើយ៉ាងណាទប់កុំឲ្យចិនអាចជំនួយអាមេរិក ជាពិសេសតួនាទីលេខ១ របស់អាមេរិកផ្នែកសេដ្ឋកិច្ច យោធា និងសន្តិសុខនៅក្នុងពិភពលោក និងក្នុងតំបន់អាស៊ី។ នេះគឺជាចលនាមួយដែលរាំងខ្ទប់ចិនកុំឲ្យជំនួសអាមេរិកបាន។ ទី២ ទាក់ទង់នឹងគុណតម្លៃ ដូចជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាបញ្ហាចម្រូងចម្រាសខ្លាំងមួយរវាងលោកខាងលិច និងចិន។ យើងឃើញថាកន្លងទៅនេះ មានបញ្ហានៅហុងកុង និងនៅតំបន់ស៊ីងជាំង បានធ្វើឲ្យមានភាពរកាំរកូសគ្នារវាងប្រទេសចិន ហើយនឹងលោកខាងលិច។ ទី៣ ទាក់ទងនឹងការប្រកួតប្រជែងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងបច្ចេកវិទ្យា ដោយសារតែចិន កាលពីឆ្នាំ២០១៣ បានបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលជាយន្តការមួយដែលពង្រីកនូវវត្តមាន ក៏ដូចជាឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងពិភពលោកដែរ។ ហើយក្រុម G7 ថ្មីៗនេះ បានបង្កើតនូវយន្តការដើម្បីពង្រឹងនូវតួនាទីរបស់ខ្លួន ទាក់ទងទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលហៅថា Build Back Better World (B3W) ក្នុងការឆ្លើយតប ក៏ដូចជាទប់ទល់ទៅនឹង Belt and Road Initiative របស់ចិនផងដែរ។

សំណួរទី៣៖ ប្រធានបទពាក់ព័ន្ធនឹងតំបន់ស៊ីងជាំង និងហុងកុង មានដំណើរដើមទងយ៉ាងដូចមេ្តចដែរ?

បញ្ហានៅហុងកុង គឺមានការធ្វើបាតុកម្មជាហូរហែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺតាំងពីមុនកូវីដ ហើយក៏ឃើញមានការលូកដៃចូលពីលោកខាងលិចដែរ ក្នុងការគាំទ្រនូវចលនាប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុង ដែលជាផ្នែកមួយរបស់ប្រទេសចិន។ ហើយបានចោទប្រទេសចិនថាលូកដៃចូលទៅក្នុងបញ្ហាហុងកុង ដោយបង្កើតនូវច្បាប់ផ្សេងៗដើម្បីដាក់សំពាធទៅលើលំហប្រជាធិបតេយ្យនៅក្រុងហុងកុង។ នេះគឺជាបញ្ហាស្មុគស្មាញ និងយូរឆ្នាំមកហើយ ដែលចលនាប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុង ឬក៏ដោយចលនាប្រឆាំងនឹងចិនដីគោកនៅហុងកុងនេះ មានការចូលរួមពីលោកខាងលិច ដែលធ្វើឲ្យទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងចិន មានភាពប្រេះឆាដែរ។ ស៊ីងជាំងគឺជាបញ្ហាថ្មី បន្ទាប់ពីហុងកុង ដោយសារតែមានការចោទប្រកាន់ពីលោកខាងលិចថា មានការរំលោភនូវសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតំបន់នោះ។ តែរដ្ឋាភិបាលចិនបានច្រានចោលនូវ​ការចោទប្រកាន់នឹងជាហូរហែរ។ ទាំងនេះគឺជាបញ្ហារសើបមែនទែននៅក្នុងប្រទេសចិន ដោយសារតែបញ្ហាទាំងហុងកុង ទាំងស៊ីងជាំងនេះ ប្រទេសចិនគិតថាជាបញ្ហាផ្ទៃក្នុង ហើយក៏ជាបញ្ហាស្នូលរបស់ខ្លួន។ ម្លោះហើយ បរទេសដែលលូកដៃចូលក្នុងបញ្ហាទាំងពីរនេះ ចិនមិនអាចទទួលយកបានទេ។ ដូច្នេះហើយ បានជាមានការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងអាមេរិក-ចិន និងរវាងចិន-អឺរ៉ុបផងដែរ ជាក់ស្តែងចំពោះបញ្ហាស៊ីងជាំងនេះ។​

សំណួរទី៤៖ បញ្ហាតំបន់ស៊ីងជាំងនេះ ក៏ជាមូលហេតុមួយដែលធ្វើឲ្យទំនាក់ទំនងការទូតរវាងចិនសហភាពអឺរ៉ុបមានភាពតានតឹង។ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើភាពតានតឹងនៃទំនាក់ទំនងនេះអាចអូសបន្លាយដល់ពេលណា? ហើយផ្តល់ផលប៉ះពាល់មកដល់រដ្ឋតូចៗនៅអាស៊ីអាគ្នេយ៍?

ភាពតានតឹងរវាងសហគមន៍អឺរ៉ុប និងប្រទេសចិននឹងអូសបន្លាយយូរ ពីព្រោះថា ទី១ នេះគឺជាបញ្ហាដែលមានការប្រកួតប្រជែងជាលក្ខណៈប្រព័ន្ធ (Systematic) ទី២ Core Value  នៃប្រទេសទាំងពីរនេះ គឺខុសគ្នា ដរលធ្វើឲ្យការប្រកួតប្រជែងនេះនឹងបន្តយូរអង្វែង និង ទី៣ ការណ៍ដែលលោកខាងលិចគិតថា ថ្ងៃណាមួយ ប្រទេសចិននឹងអនុវត្តប្រព័ន្ធនយោបាយទៅតាមខ្លួននេះ គឺវាមិនអាចទៅរួចទៅ បើនិយាយឲ្យចំទៅ។ ម្លោះហើយ បានជាចិននៅតែបន្តជំរុញឲ្យបណ្តាប្រទេសផ្សេងៗ គោរពនូវប្រព័ន្ធគ្រប់គ្រងទៅតាមបរិបទប្រទេសរៀងៗខ្លួន។ ដូចនេះ ម៉ូដែលនៃការគ្រប់គ្រងប្រទេសខុសៗគ្នានឹង វានៅតែមានបន្ត ហើយបើម៉ូដែលនៃការគ្រប់គ្រងប្រទេសរបស់ចិននៅតែបន្ត នោះសហគមន៍អឺរ៉ុបនៅតែបន្តដាក់សំពាធទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

នេះជាបញ្ហាយូរអង្វែង ហើយវាអាចប៉ះពាល់ទៅដល់ប្រទេសនៅក្នុងតំបន់ដែរ។ ឧទាហរណ៍ កម្ពុជាយើងដែលជាប្រធានរបស់ ASEM នៅក្នុងឆ្នាំនេះ អាចទទួលរងនូវសំពាធទាំងសងខាងដែរ ទាំងសហគមន៍អឺរ៉ុប ទាំងចិន ក្នុងការតាក់តែងនូវសេចក្តីថ្លែងការណ៍រួមណាមួយ ដែលកម្ពុជាយើងមិនចង់ឲ្យមានបញ្ហារសើប ឬក៏ភាពតានតឹងណាមួយដែលពិបាកនឹងឈានទៅរកភាពឯកច្ឆន្ទនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ។ ភាពតាននឹងរវាងប្រទេសចិន និងសហគមន៍អឺរ៉ុប គឺជាហានិភ័យខ្ពស់របស់រដ្ឋតូចៗ។ រដ្ឋតូចៗនៅកណ្ដាល មានភាពលំបាកបន្តិចដែរ ក្នុងការធ្វើយ៉ាងណាដើម្បីរក្សាទំនាក់ទំនងជាមួយចិននៅតែល្អ ហើយទំនាក់ទំនងយើងជាមួយនឹងសហគមន៍អឺរ៉ុប ក៏នៅតែមានស្ថិរភាព ដែលនេះគឺជាផលលំបាកមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

សំណួរទី៥៖ពាក់ព័ន្ធនឹងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក Joe Bidenនិងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putinនៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនា ថ្មីៗនេះ ហេតុអ្វីបានជាចំបាច់ត្រូវជួបគ្នាដោយផ្ទាល់? ហើយហេតុអ្វីបានជាត្រូវធ្វើនៅទីក្រុងហ្សឺណែវ?

ទីក្រុងហ្សឺណែវ ជាកន្លែងមួយដែលអព្យាក្រឹតតាំងពីសង្រ្គាមលោកមកម្ល៉េះ។ យើងឃើញថា ប្រទេសស្វីស នៅកណ្តាល ដែលជាទីតាំងល្អប្រសើរសម្រាប់ធ្វើការពិភាក្សា ចរចា ឬក៏រកដំណោះស្រាយណាមួយ។ ប្រទេសរុស្ស៊ី និងអាមេរិក ក៏មានភាពតានតឹងខ្លាំងដែរ ដោយលោក​Joe Biden ធ្លាប់ចោទប្រកាន់លោកVladimir Putin គឺជាឃាតករ។ កិច្ចប្រជុំនេះ ក៏បានពន្យល់គ្នាទៅវិញទៅមក។ អ្វីដែលសំខាន់ ដើម្បីដោះស្រាយនោះគឺ ការទប់ស្កាត់នូវអាវុធនុយក្លេអ៊ែរ តាមរយៈកិច្ចព្រមព្រៀងនៃការរីកសាយភាយនៅអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក និងរុស្ស៊ីនេះ គឺជាមហាអំណាចនុយក្លេអ៊ែរពីរធំជាងគេលើពិភពលោក ដែលតម្រូវឲ្យធ្វើការរួមគ្នាដែរ ដើម្បីទប់ស្កាត់ការសាយភាយអាវុធនុយក្លេអ៊ែរ។ នេះជាលទ្ធផលសំខាន់ដែលកិច្ចប្រជុំនេះទទួលបាន តែក៏មានភាពចម្រូងចម្រាសខ្វែងគំនិតគ្នាច្រើន។ ចង់ឬមិនចង់ នៅពេលដែលមហាអំណាចប្រកួតប្រជែងគ្នា តែនៅតែនិយាយគ្នា នេះក៏វាជាសញ្ញាវិជ្ជមានមួយដែរ។ ប៉ុន្តែ លទ្ធផលមិនមានអ្វីជាដុំកំភួននោះទេ ដែលវាគ្រាន់តែជាសញ្ញាមួយនៅក្នុងការបង្ហាញនូវច្ឆន្ទៈនយោបាយនៅក្នុងការជជែកគ្នា ទោះបីជាមានគម្លាតនៃការយល់គ្នា ឬក៏ភាពខុសគ្នា និងចម្រូងចម្រាសគ្នានៅច្រើនយ៉ាងណាក៏ដោយ។​

សំណួរទី៦៖ នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីនេះ ថាតើប្រមុខដឹកនាំទាំងពីរមានភាពចម្រូងចម្រាសលើចំណុចសំខាន់ៗអ្វីខ្លះ?

ចម្រូងចម្រាសនេះមានដូចជា៖ ទី១ ការចោទប្រកាន់ថា រុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក កាលពីការបោះឆ្នោតរបស់អាមេរិកកាលពីដំណាក់កាលកន្លងមកនេះ និងការវាយប្រហាររបស់រុស្ស៊ីមកផ្នែកសាយប័រ (Cyber Attack) មកសហរដ្ឋអាមេរិក។ទី២ ថ្មីៗនេះ យើងឃើញថា មានការបណ្តេញ នូវអង្គទូតរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែកិច្ចប្រជុំនៅហ្សឺណែវនេះ ក៏បានយល់ព្រមគ្នាដែរ គឺនឹងចាប់ផ្តើមបន្តឲ្យមានវត្តមានឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរនៅម៉ូស្គូ និងវ៉ាស៊ីនតោន ឡើងវិញ ទី៣ បញ្ហាប្រកួតប្រជែងទាក់ទងទៅនឹងបញ្ហានៅគ្រីមៀរ បញ្ហាអឺរ៉ុបខាងកើត ដែលនៅតែជាបញ្ហាចោទនៅឡើយ ពីព្រោះថាទំនាក់ទំនងអ៊ុយក្រែនជាមួយនឹងរុស្ស៊ី មានភាពតានតឹង ដែលធ្វើឲ្យអាមេរិកដែលលោក ​Joe Biden ផ្ទាល់ ក៏មានចំណាប់អារម្មណ៍ ឬក៏មានការគិតគូរច្រើនដែរ ដើម្បីជួយខាងអ៊ុយក្រែនក្នុងការទប់ទល់ជាមួយនឹងរុស្ស៊ី និង ទី៤ លទ្ធិប្រជាធិបតេយ្យនៅរុស្ស៊ីនេះ ក៏អាមេរិកវាយប្រហារដែរ ដែលនេះទាក់ទងទៅនឹងការសម្លាប់នូវអ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយចោទថារុស្ស៊ី បានរំលោភនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស។

សំណួរទី៧៖ ក្រោយការឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden អាមេរិកបានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីផ្ទាល់ជាមួយរុស្ស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ថ្មីៗនេះ និងជាមួយចិន នៅរដ្ឋ Alaska កាលពីខែមីនា កន្លងទៅនេះ។ តែលទ្ធផលនៃកិច្ចប្រជុំទាំងពីរនេះ គឺបានបញ្ចប់ត្រឹមការឌឺដងផ្លែផ្កាឲ្យគ្នាប៉ុណ្ណោះ។ តើអាចទេដែលទៅថ្ងៃអនាគតទំនាក់ទំនងអាមេរិក-រុស្ស៊ី និងអាមេរិក-ចិន នឹងកាន់តែមានភាពដុនដាបជាងពេលបច្ចុប្បន្ននេះ។

ពិតហើយ! ការប្រកួតប្រជែងអំណាចក៏នៅតែបន្ត ហើយភាពស្មុគស្មាញនឹងក៏នៅតែកើនឡើងខ្ពស់ដែរ។ទី១ នៅក្នុងវិស័យសន្តិសុខអ៊ិនធឺណែត ឬក៏សន្តិសុខសាយប័រ (Cyber Security) យើងឃើញថាអាមេរិក-ចិន និងអាមេរិក-រុស្ស៊ីនេះ គឺមានការប្រកួតប្រជែងគ្នាយ៉ាងតានតឹងដែរ។ ទី២ អាមេរិកអាចខ្លាចថា រុស្ស៊ីនិងចិន រួមគ្នាជាសម្ព័ន្ធមិត្ត ដើម្បីទប់អាមេរិក និងលោកខាងលិច ដែលធ្វើឲ្យអាមេរិកត្រូវគិតគូរធ្វើយ៉ាងណាកុំឲ្យចិននិងរុស្ស៊ីនៅជិតគ្នាពេក ដែលអាចឈានទៅរកនូវ Alliance មួយ ដោយហេតុថាអាមេរិក ក៏ពិបាកទប់ទល់ដែរ ប្រសិនបើរុស្ស៊ីនិងចិនជាសម្ព័ន្ធជាមួយគ្នា ហើយធ្វើការទប់ស្កាត់អាមេរិក ជាពិសេសលើវិស័យយោធា និងការពារជាតិ ដែលធ្វើឲ្យអាមេរិកខិតខំធ្វើយ៉ាងណាដើម្បីពង្រីនូវទំនាក់ទំនងទ្វេភាគីអាមេរិក-រុស្ស៊ី ឬក៏អាមេរិក-ចិន នៅកម្រិតណាមួយដើម្បីកុំឲ្យរុស្ស៊ី និងចិន ក្លាយជាសម្ព័ន្ធមិត្ត។ ប៉ុន្តែបើយើងមើលលើតថភាពជាក់ស្តែង ចិននិងរុស្ស៊ី គឺជា Strategic Alliance of Convenient ដែល Convenient ត្រង់ថា នៅពេលដែលមានការគំរាមកំហែងខាងក្រៅមកខ្លាំង ជាពិសេសមកពីអាមេរិក គឺប្រទេសទាំងពីរនេះរួមគ្នា។ តែនៅពេលដែលការគំរាមកំហែងធ្លាក់ចុះ ភាពស្និទ្ធស្នាល ការសហការគ្នា និងភាពជាដៃគូរុស្ស៊ីនិងចិននោះ ក៏រៀងខ្សោយដែរ។ ភាពជាដៃគូនេះគឺទៅតាមកាលៈទេសៈ និងស្ថានការណ៍ជាក់ស្តែង។ ប៉ុន្តែ បើយើងមើលទៅ និន្នាការនៃភាពតានតឹងអាមេរិក-រុស្ស៊ី និងអាមេរិក-ចិន នៅតែមានបន្ត ពីព្រោះថា នៅក្នុងគោលនយោបាយការបរទេស និងយុទ្ធសាស្រ្តរបស់អាមេរិក គឺចិននិងរុស្ស៊ី គឺជាដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន។

សំណួរទី៨៖ ប្រសិនបើទំនាក់ទំនងរបស់មហាអំណាចកាន់តែមានភាពតានតឹង ហើយប្រទេសលោកខាងលិច ខិតខំជំរុញពហុភាគីនិយម នៅក្រោមរូបភាពជាការបែងចែកប្លុកកាន់តែខ្លាំងឡើងៗ ថាតើវាអាចនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់រដ្ឋតូចៗ ពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ?

និន្នាការនៃយន្តការពហុភាគី ឬក៏យន្តការមួយរបស់លោកខាងលិច ដើម្បីទប់នូវឥទ្ធិពលទាំងចិន ទាំងរុស្ស៊ី ដែលចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរុស្ស៊ីនៅអឺរ៉ុប។ នៅអឺរ៉ុប គឺមានអង្គការ NATO មួយខ្លាំងហើយ ដើម្បីទប់ឥទ្ធិពលរុស្ស៊ី ក៏ប៉ុន្តែនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ពុំទាន់មានលក្ខណៈជាអង្គការ NATO នៅឡើយទេ។ តែថ្មីៗនេះ យើងឃើញថា មានការបង្កើតជំរុញឲ្យមាន QUAD ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី រួមដៃគ្នា។ អ្នកខ្លះយល់ឃើញថា QUAD នេះ អាចជាប្រភេទ NATO នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ដែរ។ នេះគឺជាយន្តការពីរសំខាន់ផ្នែកសន្តិសុខ ជាពិសេសផ្នែកយោធា ដើម្បីឲ្យ NATO ទប់រុស្ស៊ី ហើយ QUAD ទប់ចិន។ នេះគឺជាអ្វីមួយដែលកំពុងតែកើតឡើង ហើយយន្តការ QUAD នេះ យើងត្រូវតាមដានមើលថាតើអាចវិវឌ្ឍន៍ដល់កម្រិតណាដែរ? ជាពិសេស យើងត្រូវមើលលក្ខណៈ Military Alliance និង Security Implications (បច្ច័យផ្នែកសន្តិសុខ និងយោធានៅក្នុងតំបន់នេះ)។ នេះបានន័យថា ការប្រកួតប្រជែងផ្នែកអំណាចនេះនៅតែបន្ត ហើយយន្តការ QUAD នឹងវិវឌ្ឍន៍ទៅរបៀបណាទៅមុខទៀត យើងនឹងតាមដាន ហើយអាចនឹងទប់ចិនដល់កម្រិតណា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកយើងនេះ។

សំណួរទី៩៖ តើកម្ពុជាក្នុងនាមជារដ្ឋតូច និងជាប្រធាន ASEMនាចុងឆ្នាំនេះ ក៏ដូចជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ គួរប្រកាន់ខ្ជាប់ ឬដើរទៅតាមគោលនយោបាយយ៉ាងដូចមេ្តចដែរ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់ភូមិសាស្រ្តនយោបាយនេះ?

យើងឃើញថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ នៅក្នុងស្ថានការណ៍ដ៏ស្មុគស្មាញ ហើយនឹងគ្រោះថ្នាក់បែបនេះ នយោបាយការបរទេស គឺដើរតួនាទីសំខាន់មែនទែន ពីព្រោះនេះគឺជាអនាគតរបស់ប្រទេសជាតិ តែម្តង។

ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ គឺខ្ញុំគិតថា កម្ពុជានៅតែមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន ហើយនឹងគោរពនូវច្បាប់អន្តរជាតិ។ នៅពេលណាដែលពិភពលោក ឬបញ្ហាពិភពលោក/ក្នុងតំបន់ អាចដោះស្រាយបានតាមយន្តការពហុភាគី នោះផលប្រយោជន៍ប្រទេសតូចៗយើងនេះ នឹងអាចធានាបានដែរ ពីព្រោះថាយន្តការពហុភាគីនិយមនេះ គឺសំខាន់ដល់ការធានា នឹងការថែរក្សានូវផលប្រយោជន៍របស់ប្រទេសតូចៗនៅក្នុងតំបន់នេះ។ ដូចនេះ ទាំង ASEM ទាំង ASEAN នឹងគឺផលប្រយោជន៍ស្នូលរបស់កម្ពុជានេះ ពោលគឺការពង្រឹងនៃយន្តការពហុភាគីនិយមនេះ អាចបង្កើតនូវយន្តការមួយដែលមានការចូលរួម មានបរិយាប័ន្ន  (Inclusive) ហើយនឹងស្របតាមច្បាប់អន្តរជាតិ។ ហើយការគោរពច្បាប់អន្តរជាតិនេះ គឺត្រូវយកនូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ ពីព្រោះថា អង្គការសហប្រជាជាតិគឺជាអង្គការមួយដែលយើងទទួលស្គាល់ទាំងអស់គ្នា និងជាអង្គការមួយដែលអាចធានាបាននូវស្ថិរភាព និងសន្តិសុខក្នុងពិភពលោក ក៏ដូចជាផ្តល់ភាពស្មើគ្នាទៅដល់បណ្តាប្រទេសផ្សេងៗបាន។

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031