Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពី​រឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។

សំណួរទី១៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ពាក់ព័ន្ធនឹងជម្រើសនេះដែរ តើថាប្រទេសទាំង ០៣នេះ មានចំណុចយុទ្ធសាស្រ្តពិសេសអ្វីខ្លះ ដែលធ្វើឲ្យអាមេរិកជ្រើសយកនៅក្នុងដំណើរទស្សនកិច្ចដ៏សំខាន់មួយនេះ?

នៅក្នុងអាស៊ានមានប្រទេសដល់ទៅ ១០ ប្រទេស ហេតុអ្វីបានគេលើកយកតែ ០៣ ប្រទេស ក្នុងនោះរួមទាំងប្រទេសកម្ពុជាយើងផង ដែលជាប្រទេសស្នូល។ លោកស្រីបានធ្វើដំណើរ ទីមួយ គឺទៅប្រទេសឥណ្ឌូនេស៊ី ទីពីរ ប្រទេសកម្ពុជា ហើយទីបី គឺប្រទេសថៃ។

ចំពោះឥណ្ឌូនេស៊ី៖ (១) ទស្សនកិច្ចនេះ ជាទស្សនកិច្ចមួយបែបយុទ្ធសាស្រ្តតំបន់ ដោយយើងបានដឹងហើយថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងអាស៊ាន ដែលធំទាំងផ្ទៃដី និងចំនួនប្រជាជនដែលមានរហូតជាង ២០០ លាននាក់ ជាពិសេសប្រជាពលរដ្ឋភាគច្រើនគោរពសាសនាម៉ូស្លីមផងដែរ ហើយជនជាតិម៉ូស្លីមនេះ ក៏មានទំនាក់ទំនងទៅនឹងពួក Rohingya នៅភូមា។ (២) ដោយសារតែប្រទេសនេះជាម្ចាស់ផ្ទះរបស់អគ្គលេខាធិការអាស៊ាន ដូចនេះហើយបានជាលោកស្រីត្រូវការចាំបាច់ទៅចូលជួបតំណាងទូត និងបេសកកម្មការទូតរបស់អាស៊ាន ទាំង ១០ នោះ ដើម្បីពិភាក្សាការងារ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា យើងមានរបៀបវារៈជាច្រើន ដែលអាចលើកយកមកពិភាក្សាពេលក្រោយទៀត។ តែបើចំពោះប្រទេសថៃវិញ ជាភូមិផងរបងជាមួយនឹងភូមា។

ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ បានន័យថា អាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។

សំណួរទី២៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនជ្រើសយកប្រទេសដែលជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយដ៏ជិតស្និទ្ធរបស់ខ្លួន ដូចជាសិង្ហបុរី ហ្វីលីពីន និងវៀតណាម? តើអាមេរិកកំពុងតែចង់បង្ហាញនូវសញ្ញាអ្វីមកកម្ពុជា ឥណ្ឌូនេស៊ី និងថៃ?

ក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនេះ គាត់មិនអាចទៅគ្រប់ប្រទេសបានទេ ដូច្នេះគាត់ត្រូវជ្រើសរើសប្រទេសស្នូលក្នុងការជជែកពិភាក្សា រួមទាំងកម្ពុជាផង។ បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ ដែលជាជុំទី ៣ សម្រាប់កម្ពុជាហើយ។ ហេតុដូចនេះហើយបាន សហរដ្ឋអាមេរិកយកចិត្តទុកដាក់ទៅលើបរិបទនេះ ហើយក្នុងចន្លោះខែវិច្ឆិកា កម្ពុជានឹងទទួលតំណែងម្ចាស់ផ្ទះបន្ទាប់ពីប្រ៊ុយណេ។ បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពី​រឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាក្នុងតំបន់គឺ បញ្ហាសមុទ្រចិនខាងត្បូង ដែលចិនមានទំនាស់នឹងប្រទេស ០៤ ទៀតក្នុងតំបន់ មានវៀតណាម ហ្វីលីពិន ព្រ៊ុយណេ និងម៉ាឡេស៊ី។ សហរដ្ឋអាមេរិកបានព្យាយាមយកខ្លួនគាត់មកបៀតនឹងបញ្ហានេះ ដោយសារគាត់សង្កេតឃើញពីភាពក្ដៅគគុករបស់ចិន ជាមួយនឹងវៀតណាម និងហ្វីលីពិន ហើយបច្ចុប្បន្នបានប្រទាញប្រទង់ដោយទាំងឥណ្ឌូណេស៊ីមកផង ធ្វើឱ្យអំណាចឥទ្ធិពលចិនក្នុងតំបន់រីកធំឡើង ជាពិសេសដែនទឹក ដែលសហរដ្ឋអាមេរិកគិតថាជាដែនទឹកសេរី តភ្ជាប់ពីលោកខាងលិចនិងអាមេរិកមកអាស៊ី។ ដោយសហរដ្ឋអាមេរិកគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុនោះជាបញ្ហាមួយដែលបានលើកឡើងយ៉ាងក្ដៅគគុកក្នុងកិច្ចពិភាក្សារយៈពេល ២ ម៉ោង ហើយនៅបន្តរហូតមកដល់ពេលនេះ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា មកដល់ឥលូវ ក៏មិនទាន់ចប់ដែរ។ នៅតែមានការឆ្លងឆ្លើយរវាង (១) លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសកម្ពុជា (២) រដ្ឋមន្រ្តីក្រសួងការពារជាតិគឺលោកឧត្តមសេនីយ៍ ទៀ បាញ់ ក៏ដូចជាអ្នកនាំពាក្យក្រសួងការពារជាតិ ទៅនឹងស្ថានទូតសហរដ្ឋអាមេរិកផងដែរ។

សំណួរទី៣៖ ផ្តោតពិសេសមកកម្ពុជា វាហាក់ដូចជាសហរដ្ឋអាមេរិក ក៏បានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្ត មកកម្ពុជាដែរ។ ជាក់ស្តែង បើយើងក្រឡេកទៅឆ្នាំ២០១០ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton មកកម្ពុជា ហើយលោកក៏បានផ្តល់កិត្តិយសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០១២ ដែលកាលនោះកម្ពុជាជាប្រធានអាស៊ាន។ ហើយកង់ប្រវត្តិសាស្ត្រមួយនេះ កំពុងតែចាប់ផ្តើមវិលត្រឡប់មកវិញម្តងទៀត តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman ដែលជាអនុរដ្ឋមន្រ្តីការបរទេសរបស់លោកប្រធានាធិបតី Joe Biden។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺប្រធានបទដែលលោកស្រីទាំងពីរ បានលើកឡើង គឺហាក់ដូចជាមិនសូវជាខុសគ្នាប៉ុន្មានទេ ប៉ុន្តែក៏មិនបានទទួលអ្វីជាផ្លែផ្កាអ្វីធំដុំ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក មានភាពល្អប្រសើរឡើងប៉ុន្មានទេ។ តាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់  ហេតុអ្វីបានជាការផ្តល់នូវគុណតម្លៃរបស់អាមេរិក មកកម្ពុជា នៅតែមិនទទួលបាននូវផ្លែផ្កាល្អ ដូចអ្វីដែលប្រជាជនប្រទេសទាំងពីរបានរំពឹងទុក?

កាលពីឆ្នាំ ២០១០ លោកស្រី Hillary Clinton បានធ្វើទស្សនកិច្ចមកកម្ពុជាបែបយុទ្ធសាស្រ្តដូចគ្នា តែមានលក្ខណៈធំជាងក្នុងនាមជារដ្ឋមន្រ្តីការបរទេស តែតាមការស្នើសុំនោះ គឺលោកស្រីចង់ឱ្យការទូតកម្ពុជាមានតុល្យភាពរវាងការទូតកម្ពុជា-ចិន និងកម្ពុជា-អាមេរិក។ ដោយឡែក លោក Joe Biden ធ្លាប់ជាអនុប្រធានាធិបតីរបស់លោក Barack Obama ទោះបីជាស្ថិតនៅក្នុងគណបក្សប្រជាធិបតេយ្យតែមួយមែន គោលនយោបាយខុសគ្នាក៏នឹងបានដាក់ចេញថ្មីៗខ្លះ (វាជារឿងធម្មតាទេ) តែគោលនយោបាយចាស់ៗក៏នៅតែរក្សាបន្តកេរដំណែលពីលោក Barack Obama ដដែល រួមទាំងការទប់ស្កាត់ឥទ្ធិពលចិនមកលើតំបន់អាស៊ាន ជាពិសេសកម្ពុជាតែម្ដង។ ការពិភាក្សាជាមួយលោកស្រី ទោះបីជាប្រើប្រាស់ភាសាការទូតពិតមែន តែបានបង្កប់ន័យឱ្យកម្ពុជាប្រុងប្រយ័ត្ន និងគិតពិចារណាឡើងវិញដោយគួរព្យាយាមរែកប្រទេសទាំង ០២ ឱ្យមានតុល្យភាព។ នេះជាជំហរមួយដែលគាត់បានដាក់ជាវិញ្ញាសាសម្រាប់កម្ពុជាដ៏ធំមួយ។

ប៉ុន្តែ កម្ពុជាបានយល់បញ្រ្ចាស់ទៅវិញថា ប្រសិនបើចង់ឱ្យកម្ពុជារែកបាន លុះត្រាតែប្រទេសទាំង០២ មានតម្លៃមកកាន់កម្ពុជាដែរ។ ជាក់ស្ដែង កម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថា តើសហរដ្ឋអាមេរិកបានជួយអ្វីខ្លះដល់កម្ពុជា ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជាទាំងមូលផង បើធៀបទៅនឹងប្រទេសចិន ជាពិសេសបញ្ហាជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយនានាទាក់ទងនឹងការវិនិយោគ និងសុខាភិបាលក្នុងបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ។ កម្ពុជានៅតែប្រកាន់ជំហរមួយថា ចង់ឱ្យប្រទេសចិន និងសហរដ្ឋអាមេរិកបានផ្ដល់ជំនួយមកកម្ពុជាមានតុល្យភាពដែរ កុំឱ្យតែម្ខាងជួយ ម្ខាងអត់ ហើយបែរជាមកដាក់សម្ពាធគាបសង្កត់ ធ្វើឱ្យកម្ពុជាមានការពិបាក។

បើតាមកិច្ចពិភាក្សា ការសិក្សា ស្រាវជ្រាវ កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងសហរដ្ឋអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំង ០២ ឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកទទួលយកនោះទេ។

សំណួរទី៤៖ ពាក់ព័ន្ធនឹងរឿងពិធីការវិញម្តង នៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លីនេះ លោកស្រី Wendy Shermanបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ។ តែសំលៀក បំពាក់របស់លោកស្រីហាក់ដូចជាសាមញ្ញ និងមិនផ្លូវការ ដែលផ្ទុយខុសពីម្ចាស់ផ្ទះដែលខិតខំស្លៀកពាក់តាមបែបផ្លូវការដើម្បីទទួលភ្ញៀវមកពីអាមេរិក។ ហើយកម្ពុជា ក៏មិនបានប្រកាន់ទោសអូសដំណើរអ្វីដែរ។ ថាតើនេះអាចចាត់ទុកថាជាការមើលងាយកម្ពុជាដែរឬទេ?

ចំពោះខាងពិធីការ វាពុំមែនជារឿងខុសឆ្គងអ្វីនោះទេ។ វាជាទម្លាប់ធម្មតា តាមទំនៀមពិធីការ នៅពេលដែលប្រទេសម្ចាស់ផ្ទះបានកំណត់ការស្លៀកពាក់យ៉ាងណា ភ្ញៀវក៏ត្រូវគោរពតាមនោះផងដែរ។ វាគ្រាន់តែកើតជាការចម្រូងចម្រាស់ ដោយសារតែមានការប្រៀបធៀបរវាងការស្លៀកពាក់របស់លោកស្រីពេលនៅកម្ពុជា និងជំនួបជាមួយលោក ប្រាយុទ្ធ ចាន់អូចា នៅប្រទេសថៃ។

បើតាមប្រពៃណីវប្បធម៌ នៅក្នុងថ្នាក់ដឹកនាំសហរដ្ឋអាមេរិកល្បីល្បាញក្នុងការស្លៀកពាក់ហើយលេងស្ទីល៍ខ្លាំងជាងគេ គឺលោកស្រី Madeleine Albright ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកស្ត្រីដំបូង កាលពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១។ គេសង្កេតឃើញថា ការស្លៀកពាក់របស់លោកស្រីមានការលេងពណ៌ និងលេង Pin  ឬស៊ីញ ដែលពាក់ជាប់នៅលើអាវត្រង់ទ្រូងខាងឆ្វេងធំៗ រួមមានរូបខ្លា ពស់ សឹង្ហជាដើម ដែលត្រូវគេវិភាគថា ជាការបន្លាចមួយដល់ដៃគូចរចាការទូតរបស់លោកស្រី និងជាការបង្ហាញឥទ្ធិពល ជាដើម។ ជាពិសេស ពិភពលោកមានការចាប់អារម្មណ៍ខ្លាំង ពេលជំនួបរបស់លោកស្រី Madeleine ជាមួយលោក យ៉ាស៊ែ អារ៉ាហ្វាត លោកស្រីបានពាក់ Pin រូបពស់ធំៗ ដើម្បីយកប្រៀបក្នុងកិច្ចចរចានេះ។

សំណួរទី៥៖ ដោយឡែក ស្របពេលនឹងដំណើរទស្សនកិច្ចដ៏ខ្លីនេះ លោកវរសេនីយឯក Ferraraបានធ្វើទស្សនកិច្ចនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក ដោយលោកចង់ទស្សនាគ្រប់កន្លែង តែមន្ត្រីយោធារបស់កម្ពុជាអនុញ្ញាតតែកន្លែងណាដែលគួរឲ្យទស្សនាប៉ុណ្ណោះ។ លោកវរសេនីយឯករូបនោះក៏បានស្នើសុំកំណត់ពេលទស្សនកិច្ចថ្មី ដោយយោងលើបែបបទដែលកម្ពុជាគួរតែអនុវត្តជាមួយអាមេរិក? តាមទស្សនៈរបស់លោកផ្ទាល់ ថាតើនេះអាចចាត់ទុកថាជាការមើលងាយកម្ពុជា ឬជាការអនុវត្តស្តង់ដារពីរដែរឬទេ?

ដំណើរទស្សនកិច្ចនៅតំបន់កងជើងទឹកកម្ពុជានៅរាមនោះ សហរដ្ឋអាមេរិកគ្រាន់តែចង់បញ្ជាក់ថាមានវត្តមានទ័ពចិននៅកម្ពុជា។ តែកម្ពុជាបានបញ្ជាក់ហើយបញ្ជាក់ទៀត ហើយក៏បានឱ្យពិនិត្យមើលតំបន់សំខាន់ៗ ០៣ ទៅ ០៤ កន្លែងរួចហើយដែរ លើកលែងកន្លែងខ្លះដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ទំហំតំបន់រាមមានលក្ខណៈតូច មិនអាចជាតំបន់លាក់កំបាំងមូលដ្ឋានទ័ពអ្វីបានទេ ដោយសារតែវាជាមូលដ្ឋានចាស់រាប់ទសវត្សរ៍មកហើយ ហើយជម្រៅសមុទ្រក៏រាក់។ បច្ចុប្បន្ន យើងគ្រាន់តែដឹងថា យើងទទួលបានជំនួយពីចិននៅក្នុងគម្រោងក្នុងការស្ដារឡើងវិញ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការជាមួយបរទេសក្នុងវិស័យការពារជាតិ និងវិស័យលំហសមុទ្រ ដើម្បីអាចឱ្យបណ្ដាប្រទេសផ្សេងៗសំចតបាន និងធ្វើសមយុទ្ធជាមួយគ្នាបាន។ ល។ ដូច្នេះហើយ ការជួសជុលតំបន់រាម មិនមែនជាការស្ដារមូលដ្ឋានអ្វីទេ គ្រាន់តែចង់រក្សាកេរដំណែល។ ជាយុទ្ធសាស្រ្តសម្រាប់សហរដ្ឋអាមេរិក វាមិនមែនជារឿងពិបាកទេ ព្រោះគាត់មានផ្កាយរណបដែលអាចចាប់យកបានទាំងអស់ គ្មានអ្វីជាការបារម្ភសម្រាប់សហរដ្ឋអាមេរិកទេ។ ទោះបីជាមានការបដិសេដ និងបំភ្លឺជាបន្តបន្ទាប់រួចមកហើយ វាជារឿងមួយគួរឱ្យឆ្ងល់ដែរថា តើសហរដ្ឋអាមេរិកចង់បានអ្វីឱ្យពិតប្រាកដ។

សំណួរទី៦៖ កាលពីថ្ងៃទី០៧ ខែមិថុនា សប្តាហ៍មុន ពោលគឺមួយសប្តាហ៍ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman អាស៊ាន និងចិន ក៏បានរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ានចិន ផងដែរ។ តើកិច្ចប្រជុំនេះទទួលបានលទ្ធផលអ្វីខ្លះ? ហើយថាតើមានភាពចម្រូងចម្រាស់កើតមាននៅក្នុងកិច្ចប្រជុំនេះដែរឬទេ?

ជាការពិត កិច្ចប្រជុំទាំងអស់តែងមានការជជែកពីតំបន់ក្ដៅ ជាពិសេសជាមួយចិន ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង ទោះបីជាការប្រជុំផ្ទៃក្នុងអាស៊ានទាំង ១០ ប្រទេសក្ដី ជាមួយចិនក្ដី តែងតែលើកយកបញ្ហានេះមក។ តែពេលនេះ ចិនហាក់ដូចជាបង្ហាញនូវអំណាចរបស់ខ្លួន ដែលធ្វើឱ្យប្រទេសជាប់ទាក់ទងមានការក្ដៅស្លឹកត្រចៀក រហូតដល់មានបញ្ហាក្នុងការចេញសេចក្ដីថ្លែងការណ៍រួមមួយ តែមិនបាន សម្រេច កាលពីការប្រជុំជាមួយចិននៅឆុងឆីងថ្មីៗនេះ។ ដោយឡែក ពីសមិទ្ធិផលនោះគឺ ការបន្តពិភាក្សាលើក្រមប្រតិបត្តិការ COC និង DOC ទៅមុខទៀត។ ដោយសារការរាំងស្ទះនៃបញ្ហាកូវីដ-១៩ ធ្វើឱ្យអាក់ខានកិច្ចប្រជុំមួយឆ្នាំរួចមកហើយ ហើយគម្រោងនោះនឹងធ្វើកិច្ចប្រជុំបន្តនៅខែកក្កដានេះ នៅប្រទេសឥណ្ឌូនេស៊ី ដោយផ្ដោតទៅលើការជជេកពីតថភាពច្បាប់ទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងនោះក៏បានលើកបញ្ហានៅភូមា ហើយចិនក៏បានស្នើសុំ ដំឡើងទំនាក់ទំនងជាមួយចិននិងអាស៊ានទាំង ១០ ឱ្យទៅជា «កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឬហៅថា Comprehensive Strategic Partnership»  ដែលបច្ចុប្បន្ន គឺត្រឹមតែជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត។ សំណូមពរនេះនៅមិនទាន់មានការឯកភាពគ្នានៅឡើយទេ គឺនៅរងចាំការជជេកពិភាក្សាបន្តបន្ទាប់ទៀត។

សំណួរទី៧៖ ប្រធានបទដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ានចិន គឺដូចគ្នាទៅនឹងប្រធានបទដែលលោកស្រី Wendy Shermanបានលើកឡើងនៅក្នុងជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលរួមមាន បញ្ហាសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា។ ពាក់ព័ន្ធនឹងបញ្ហាទាំង០២នេះ តើសហរដ្ឋអាមេរិក និងចិនមានគោលជំហខុសគ្នា ឬដូចគ្នាយ៉ាងដូចម្តេច?

ជាទូទៅ ចិននៅក្នុងអាស៊ី ហើយអាមេរិកនៅឆ្ងាយ តែអាមេរិកនៅតែបន្តឃ្លាំមើលចិន តាមដានរាល់សកម្មភាពចិន ហើយនៅតែលើកជាបញ្ហាទាក់ទងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងបរិបទជាមួយអាស៊ាននេះ។ ហេតុដូចនេះហើយបានជា រាល់កិច្ចប្រជុំអាស៊ានជាមួយបណ្ដាប្រទេសដៃគូ ០៨ ធំៗទៀតនោះ រួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា រុស្ស៊ី និងសហភាពអឺរ៉ុប។ ល។ នេះគឺគាត់តែងត្រៀមវាយប្រហារទៅចិន ហើយចិនក៏ត្រៀមវាយប្រហារទៅពួកគេវិញដែរ ពោលគឺតែងតែប៉ះសំដីគ្នាមិនដែលខាននោះទេ។ នៅក្នុងបរិបទអាស៊ានក៏មិនស្រួលប៉ុន្មានដែរ រហូតដល់ចប់អាណត្តិលោក Joe Biden នៅតែបន្តក្ដៅ ព្រោះចិនមើលអាមេរិក អាមេរិកមើលចិន។

សំណួរទី៨៖    ចំពោះលោកផ្ទាល់ ហេតុអ្វីបានចិន និងអាមេរិក ហាក់ដូចជាផ្តោតសំខាន់មកកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងដើរតួនាទីសំខាន់ការដោះស្រាយបញ្ហាទាំង ០២ ជាជាងផ្តោតសំខាន់ទៅលើប្រទេសព្រ៊ុយណេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន?

តាំងពីដើមមក ពេលប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ អាមេរិកដឹងថាពួកគេគឺសកម្ម និងដឹងពីតួនាទីរបស់ខ្លួន ហើយភាគច្រើនព្រ៊ុយណេគឺ សុំតែមួយរួចខ្លួនប៉ុណ្ណផះ។ តែនៅក្នុងបរិបទកម្ពុជាសហរដ្ឋអាមេរិកមើលឃើញថាកម្ពុជាស្និទ្ធចិនជាងគេ ដូច្នេះហើយ អាមេរិកត្រូវតែយកចិត្តទុកដាក់ ថាតើត្រូវដាក់សម្ពាធ ឬធ្វើការទូតយ៉ាងម៉េច។ វាប្រៀបបានដូចជា ការឱ្យ «ការ៉ុតនិងដំបង ឬ Carrot and Stick»។ នេះជាការទូតរបស់សហរដ្ឋអាមេរិកដែលត្រូវត្រៀមទុកឱ្យហើយកុំឱ្យហួសពេល ដើម្បីការពារកុំឱ្យគំរាមកំហែងផលប្រយោជន៍របស់ខ្លួន។

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា ជិន ដាវណ្ណ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031