Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

វាគ្មិន៖ ឯកឧត្តម  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពល
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។

សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ?

គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ និង (៥) ស្ថានីយវារីអគ្គីសនីចំនួន ៩ អានុភាពសរុប ១៣២៩មេហ្គាវ៉ាត់។ សរុប យើងមានអានុភាពទាំងអស់ចំនួន ២៧១៣មេហ្គាវ៉ាត់ ហើយបើយើងគិតពីចំនួនស្ថានីយទាំងតូចទាំងធំ ដែលអគ្គិសនីកម្ពុជាបានទិញពីផ្នែកអ្នកផលិតលក់ថាមពលអគ្គិសនីឯករាជ្យ (Independent Power Producer-IPP) មានដល់ទៅ ៥២ទីតាំង ដោយអគ្គិសនីកម្ពុជាបានទិញដុំយកមកលក់រាយជូនដល់ប្រជាពលរដ្ឋទាំងផ្នែកឧស្សាហកម្ម ផ្នែកផ្ទះសំបែង និងសេវាកម្មនានា។

ក្នុងនោះ ថ្លៃអគ្គិសនីមានការប្រែប្រួលទៅតាមប្រភេទស្ថានីយ។ ពោលគឺពីប្រភេទស្ថានីយមួយទៅប្រភេទស្ថានីយមួយ មានការខុសគ្នាទាំងអស់។ ឧទាហរណ៍៖

– ចំពោះវារីអគ្គិសនី យើងបានទិញពីផ្នែកផលិតទាំង ០៩មូលដ្ឋាន ក្នុងតម្លៃផលិតខុសគ្នាចាប់ពីថ្លៃ ៥,៧សេន រហូតទៅដល់ថ្លៃ ៨សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។
– ជាមួយគ្នានេះដែរ ស្ថានីយដើរដោយធ្យូងថ្ម យើងមានទិញចាប់ពីថ្លៃ ៧,៤៣សេន ទៅដល់៨,៥សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។
– ដោយឡែក ស្ថានីយតូចដើរដោយធ្យូងថ្មដំបូង ដែលមានអានុភាព ៦០ម៉េហ្គាវ៉ាត់ក្នុងមួយ Unit នោះ មានតម្លៃដល់ ១០សេនផ្លាយ។ ដោយសារតែការនាំចូលធ្យូងថ្ម នាំឱ្យថ្លៃធ្យូងថ្មមានការប្រែប្រួលពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ពីពេលមួយទៅពេលមួយ។ ដូច្នេះ ការផលិតរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ថ្លៃសមាមាត្រទៅតាមថ្លៃធ្យូងថ្ម ប៉ុន្តែវាស្ថិតនៅចន្លោះក្នុងរង្វង់ពី ៧,៤៣សេន រហូតទៅដល់ ១០សេនផ្លាយ ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅតាម Unit តូចឬ Unit ធំ។

ដោយឡែក ចំពោះថ្លៃពន្លឺព្រះអាទិត្យ (Solar Energy) វិញ កាលឆ្នាំ ២០១៧ ដែលយើងបានដាក់ឱ្យដំណើរការជំហានដំបូងនៅបាវិត ខេត្តស្វាយរៀង ដែល​អានុភាព ១០មេហ្គាវ៉ាត់នោះ ថ្លៃដែល EDC ចរចាទិញបាននោះគឺ  ៩,១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ដោយសារថ្លៃអគ្គិសនីបានមកពីព្រះអាទិត្យមានការចុះថោកជាបន្តបន្ទាប់ នៅឆ្នាំ២០១៨ និង ២០១៩ យើងបានទិញនៅក្នុងថ្លៃ ៧,៦សេន តែប៉ុណ្ណោះ ជាក់ស្តែង ដូចជាមានការផលិតនៅកំពង់ស្ពី កំពង់ឆ្នាំង និងពោធិ៍សាត់ ជាដើម។ យើងក៏បានដាក់ដំណើរការ ជាបន្តបន្ទាប់ នូវស្ថានីយពន្លឺព្រះអាទិត្យនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ក្នុងថ្លៃ ៧,៦សេន។

សំនួរទី២៖ តើក្រុមហ៊ុនដែលមកវិនិយោគស្ថានីយផលិតអគ្គិសនីនៅកម្ពុជាយើង បានទទួលនូវការលើកទឹកចិត្តអ្វីខ្លះ ក្នុងពេលដែលកំពុងសាងសង់ ក៏ដូចជាពេលដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន?

ជារួម គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំ គិតតាំងទីឆ្នាំ២០១៥មក យើងមានគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ទាំងប្រភេទផ្ទះសំបែង ទាំងប្រភេទឧស្សាហកម្ម សិប្បកម្ម និងប្រភេទសេវាកម្មនានា ការលើកទឹកចិត្តរបស់រដ្ឋាភិបាលចំពោះអ្នកវិនិយោគនៅក្នុងវិស័យផលិតកម្មថាមពលនេះ មានជាអាទិ៍ មានដូចជា៖

ទី១ ការលើកលែងពន្ធនាំចូល៖ ឧបមាថា ការធ្វើស្ថានីយពន្លឺព្រះអាទិត្យ ឬថាមពលវារីអគ្គីសនី ឬក៏ធ្យូងថ្ម រាល់គ្រឿងបរិក្ខារនានាគឺពន្ធស្មើសូន្យ រដ្ឋាភិបាលលើកលែងពន្ធឱ្យ រាល់របស់ដែលបម្រើឱ្យគោលដៅក្នុងការបញ្ចុះថ្លៃអគ្គិសនី។ ពោលគឺយើងមិនឱ្យមានការបង់ពន្ធ ហើយលើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារ និងឧបករណ៍សម្ភារៈនានាដែលបម្រើឱ្យគម្រោង។

ទី២ គឺអាករលើកតម្លៃបន្ថែម (VAT) ជាអាករពិសេស ដែលជាបន្ទុករបស់រដ្ឋ។ រដ្ឋជាអ្នកចេញថ្លៃ VAT ជូន ហើយពន្ធលើប្រាក់ចំណូលក៏លើកលែងរយៈពេល ៩ឆ្នាំ ចាប់ពីពេលគេបានធ្វើ ប្រតិបត្តិការការងាររកស៊ីរបស់គេ។ ៩ឆ្នាំដំបូង គឺរដ្ឋពុំមានយកពន្ធលើកប្រាក់ចំណូលទេ គឺរកទទួលទានបានប៉ុន្មាន យកបានប៉ុណ្ណឹងទៅ ដើម្បីជាការលើកទឹកចិត្តឱ្យមានការទាក់ទាញសម្រាប់ការវិនិយោគលើវិស័យថាមពល។

ទី៣ ដោយឡែក អ្នកវិនិយោគលើវារីអគ្គិសនី រដ្ឋពុំមានយកថ្លៃទីតាំងជួលទីតាំងស្ថានីយវារីអគ្គិសនីនោះទេ។ គ្រាន់តែថា សំខាន់ការផលិតមានថ្លៃដើមប៉ុន្មាន ហើយអាចលក់បានប៉ុន្មាន ប៉ុណ្ណោះ។ ថ្លៃប្រើប្រាស់ទឹក ថ្លៃខ្សាច់ ថ្ម ស៊ីម៉ង់ និងគ្រឿងសំណង់ទាំងឡាយសម្រាប់កសាងទំនប់វារីស្ថានីយនោះ ក៏រដ្ឋពុំយកកម្រៃអ្វីទាំងអស់។ នេះជាការលើកទឹកចិត្តមួយដល់ផ្នែកឯកជន ដើម្បីជាការទាក់ទាញឱ្យចូលខ្លួនមកធ្វើការវិនិយោគនៅកម្ពុជា។

សំនួរទី៣៖ នៅតំបន់មួយចំនួននៅតាមព្រំដែន ការផ្គត់ផ្គង់អគ្គិសនីហាក់ដូចជាពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅឡើយទេ។ តើការទិញអគ្គិសនីទាំងនោះមាននៅតាមច្រកណាខ្លះដែរ?

បច្ចុប្បន្ននេះយើងបានទិញអគ្គីសនីពីប្រទេសជិតខាងចំនួន ០៣ មាន៖ វៀតណាម ឡាវ និងថៃ។ ការទិញពីវៀតណាម មាន ១៨ច្រក សរុបអានុភាព ៣២៨មេហ្គាវ៉ាត់ គិតមកដល់ចុងឆ្នាំ២០២០។ ការទិញពីប្រទេសថៃ មានទាំងអស់ ០៩ច្រក ដែលមានអានុភាពសរុប ២៧៧មេហ្គាវ៉ាត់ ហើយការទិញពីឡាវ តាមច្រកចំនួន ០៣ មានអានុភាពសរុប ៤១៩មេហ្គាវ៉ាត់។

សំនួរទី៤៖ បើយើងមើលទៅលើបរិមាណអគ្គិសនីដែលបានមកពីស្ថានីយវារីអគ្គិសនី គឺមានការធ្លាក់ចុះនៅអំឡុងប្រមាណ ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ ហើយក្រសួងរ៉ែនិងថាមពលបានកំណត់នូវប្រភពអគ្គិសនីថ្មីដែលមិនប៉ះពាល់បរិស្ថាន ក៏ដូចជាមានភាពនឹងថឹងនៅក្នុងការផ្គត់ផ្គង់អគ្គិសនីផងដែរ។ នោះគឺ ឧស្ម័ន/ហ្គាសធម្មជាតិ​ ដែលរាជរដ្ឋាភិបាលគ្រោងសាងសង់រោងចក្រអគ្គិសនីដែល​​ដើរដោយឧស្ម័នធម្មជាតិកម្លាំង១២០០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ ដើម្បីទាក់ទាញអ្នកវិនិយោគលើរោងចក្រអគ្គិសនី​​​​ប្រភេទនេះ ក្រៅពីការលើកទឹកចិត្តដែលឯកឧត្តមបានរៀបរាបនៅសំណួរខាងលើ តើរាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តអ្វីថ្មី ឬក៏បន្ថែមពីលើនេះដែរឬទេ?

ការអភិវឌ្ឍលើវិស័យថាមពល ធ្វើទៅតាមជំហាន ដោយផ្នែកលើតម្រូវការ។ ជាទូទៅ យើងបានកសាងផែនការមេរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ការរៀបចំប្រព្រឹត្តិកម្ម ធ្វើយ៉ាងណាឱ្យការផលិត ដើរទាន់ជាមួយនឹងតម្រូវការ។ ក្រសួងរ៉ែនិងថាមពល មានផែនការអភិវឌ្ឍថាមពលរយៈពេលខ្លី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ហើយយើងក៏មានផែនការមេរយៈពេលវែង ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៤០ ដែលយើងកំពុងរៀបចំនេះ ហើយរំពឹងថាការអភិវឌ្ឍការកសាងផែនការមេថ្មីរបស់កម្ពុជា ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៤០ អាចនឹងចប់នៅចុងឆ្នាំ២០២១នេះ។

សូមជម្រាបផងដែរថាសម្រាប់ឆ្នាំ២០២០ ទៅដល់២០៣០ យើងមានផែនការអភិវឌ្ឍសម្រាប់ស្ថានីយដើរដោយឧស្ម័នធម្មជាតិ (LNG) ដើម្បីផលិតអគ្គិសនីផ្គត់ផ្គង់តម្រូវការ តាមផែនការកន្លងមក។យើងគិតថា ស្ថានីយឧស្ម័ននេះអាចចូលទៅក្នុងបណ្តាញថ្នាក់ជាតិ អំឡុងឆ្នាំ២០២៧​ ឬឆ្នាំ២០២៨។ ប៉ុន្តែដោយជំងឺកូវីដ-១៩ កន្លងមកនេះ យើងឃើញថា មានផលប៉ះពាល់ដល់ផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្មផ្សេងៗ ដូចជាការបង្កើតនូវរបាំងការធ្វើចត្តាឡីស័កអ្នកទេសចរមកលេងនៅក្នុងស្រុក ដែលនេះជារបាំងមួយដល់ផ្នែកទេសចរណ៍ដែរ។ យើងត្រូវទទួលស្គាល់ថានេះជាបញ្ហាសាកល យើងត្រូវតែធ្វើដើម្បីទប់ស្កាត់នឹងជំងឺនេះ។ ការធ្វើដំណើរមានភាពលំបាក និងជះឥទ្ធិពលដោយផ្ទាល់ទៅលើវិស័យទេសចរណ៍។ វិស័យទេសចរណ៍ពឹងផ្អែកលើភ្ញៀវ។ ប៉ុន្តែនៅពេលដែលគ្មានភ្ញៀវ វាធ្វើឱ្យធ្លាក់នូវការបញ្ជាទិញផ្នែកវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងជាដើម។ នាយកដ្ឋាននៅក្រោមឱវាទរបស់ខ្ញុំ បានទទួលនូវការស្នើសុំព្យួរខាងផលិតកម្មផ្នែករោងចក្រកាត់ដេរ ហើយការបិទព្យួរមួយចំនួននេះបានប៉ះពាល់ដល់តម្រូវការអគ្គិសនីដែរ។

ផ្អែកលើការព្យាករថ្មីពីឆ្នាំ២០២០ ទៅដល់ ២០៤០​ យើងឃើញថាតម្រូវការមានការលម្អៀងចុះ។ ស្ថានីយឧស្ម័នរបស់យើង អាចនឹងសម្រេចបានមិនមែននៅឆ្នាំ២០២៧ ឬ២០២៨ នោះទេ តែអាចនឹងរំកិលទៅដល់ឆ្នាំ ២០២៩ ឬ ២០៣០ ដោយសារតែតម្រូវការយើងបានធ្លាក់ចុះ។

ជារួម ការលើកទឹកចិត្តឱ្យមានការវិនិយោគគឺមាន៤ចំណុច៖ (១) ការលើកលែងពន្ធនាំចូល ឧបករណ៍គ្រឿងម៉ាស៊ីនបរិក្ខារ និងសម្ភារៈនានាសម្រាប់បម្រើឱ្យគម្រោង (២) ការលើកលែងនូវអាករតម្លៃបន្ថែម (VAT) ដែលរដ្ឋជាអ្នករាប់រងទទួលបន្ទុកជំនួស (៣) ការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ០៩ឆ្នាំ និងលើកលែងលើថ្លៃសួយសារលើថ្លៃជួលទីតាំង ថ្លៃប្រើប្រាស់ខ្សាច់ និងថ្ម សម្រាប់សំណង់ស៊ីវិលរបស់ពួគគាត់។

សូមជម្រាបថា ការព្យាកររយៈពេលមធ្យមឆ្នាំ ២០២០ ទៅ២០៣០នេះ យើងឃើញថាតម្រូវការឈានទៅដល់ ១០,០០០មេហ្គាវ៉ាត់។ តាមរយៈនៃផលប៉ះពាល់ថ្មីនេះ យើងឃើញថា តម្រូវការដល់ឆ្នាំ២០៣០ របស់យើង នឹងមិនឡើងដល់ ១០,០០០មេហ្គាវ៉ាត់ នោះទេ គឺវានឹងស្ថិតនៅក្នុងរង្វង់ ៧,០០០ ទៅ ៨,០០០មេហ្គាវ៉ាត់។​​ ដូចនេះ ការអភិវឌ្ឍផ្នែកផលិតកម្មភ្ជាប់ទៅតាមខ្សែបណ្តាញ បានរំកិលផែនការ នៃការផលិតទៅឆ្នាំ ២០២៧ ឬ ២០២៨ ឬ ២០២៩ ឬ ២០៣០ អាស្រ័យទៅលើតម្រូវការជាក់ស្តែង។

សំនួរទី៥៖ ទាក់ទងនឹងតម្លៃអគ្គិសនីផ្គត់ផ្គង់ទៅអ្នកប្រើប្រាស់ ពិសេសក្រុមហ៊ុន សហគ្រាស និងឧស្សាហកម្មនានា រាជរដ្ឋាភិបាលកម្ពុជាបានខំប្រឹងប្រែងក្នុងការកាត់បន្ថយតម្លៃអគ្គិសនីពីមួយឆ្នាំទៅមួយឆ្នាំ។ តើការកាត់បន្ថយនេះ ស្ថិតនៅក្នុងរង្វង់ប៉ុន្មានភាគរយ? ហើយថាតើការកំណត់ថ្លៃនេះ មានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាក្រុមហ៊ុនឯកជននានាដែលកំពុងមានប្រតិបត្តិការអាជីវកម្មអគ្គិសនីនៅកម្ពុជាដែរឬទេ?

នៅក្រោមដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យថាមពលមានស្ថាប័នសំខាន់ៗចំនួន ០៣ គឺ៖ (១) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាត់ជាអាណាព្យាបាលរបស់អគ្គិសនីកម្ពុជា ហើយគាត់ក៏ជាម្ចាស់ទុនរបស់អគ្គិសនីកម្ពុជា ផងដែរ (២) ក្រសួងរ៉ែនិងថាមពល ដែលជាអាណាព្យាបាលរបស់អគ្គិសនីកម្ពុជាផង និងជាអ្នកកសាងនូវគម្រោងផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍនូវវិស័យថាមពល និង (៣) អាជ្ញាធរ អគ្គិសនីកម្ពុជា (Electricity Authority of Cambodia – EAC) ដែលជាស្ថាប័នបញ្ញត្តិករក្នុងការកំណត់ថ្លៃអគ្គិសនី។

ក្នុងការកំណត់ថ្លៃអគ្គិសនី មានតែអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) តែមួយគត់ ដែលជានិយតករ។ គាត់ជាអ្នកកំណត់ថ្លៃ និងជាអ្នកកសាងផែនការ។ អ្នកផលិតអគ្គិសនី (IPP) ពុំមានពាក់ព័ន្ធក្នុងការកំណត់ថ្លៃទេ។ យើងមានអាជ្ញាកណ្តាលផ្សេង អ្នកទាត់បាល់ផ្សេង អ្នកផ្លុំកញ្ចែផ្សេង។ ដូច្នេះ មានតែអាជ្ញាធរអគ្គិសនី (EAC) តែមួយ​គត់ ដែលជាអ្នកកំណត់ថ្លៃអគ្គិសនីបាន។

សូមជម្រាបថា ដោយសារអគ្គិសនីកម្ពុជា (Electricity du Cambodge – EDC) ជាអ្នករកស៊ី និងជាអង្គភាពចំណេញខាតខ្លួនឯង គាត់ត្រូវធ្វើការចរចាថ្លៃសម្រាប់គម្រោងនីមួយៗ ដោយខ្លួនឯង។ ឧទាហរណ៍ដូចជា ការចរចាថ្លៃពន្លឺព្រះអាទិត្យជាបន្តបន្ទាប់ បានចុះថ្លៃពី ៩សេន មក ៧,៦សេន ដោយសារតែតម្លៃបរិក្ខារពន្លឺព្រះអាទិត្យមានការចុះថ្លៃជាបន្តបន្ទាប់។ ម៉្យាង ដោយសារតាមយុទ្ធសាស្រ្តដែរយើងបានអភិវឌ្ឍ តម្រូវការធ្យូងថ្មក៏មានការកើនឡើង យើងបានអភិវឌ្ឍធ្យូងថ្មក្នុងទ្រង់ទ្រាយជា Unit ធំៗវិញ។ ដោយយើងមានវិមាត្រសេដ្ឋកិច្ចខ្ពស់ជាង (Scale Economic) ដូចនេះ ការចរចាចុងក្រោយដែលយើងចរចារថ្លៃធ្យូងថ្មជាមួយអ្នកវិនិយោគ យើងបានចុះថ្លៃទៅដល់ ៧,៤៣សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ការកំណត់ថ្លៃអគ្គិសនីលក់ជូនឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទ ជាភារៈកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។

ចំពោះការបញ្ចុះតម្លៃអគ្គិសនីវិញ ចាប់តាំងពីឆ្នាំ ២០១៥ កន្លងមក គោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខ យើងបានធ្វើការអភិវឌ្ឍប្រភពដែលមានថ្លៃថោក ដូចជាប្រភពវារីអគ្គីសនីដែលមានថ្លៃថោក ដែលមានកន្លែងខ្លះថ្លៃ ៥,៧ ឬ ៦សេនជាង ហើយកន្លែងខ្លះ ៧សេន ទៅតាមរូបភាព ទៅតាមលក្ខណៈបច្ចេកទេស និងភូមិសាស្ត្ររបស់គម្រោង
នីមួយៗ។ ដូចនេះ តម្លៃគឺមានថ្លៃផ្សេងគ្នា ហើយគម្រោងធ្យូងថ្មដែលយើងផលិតនេះក៏មានថ្លៃសមរម្យដែលអាចទទួលយកបានដែរ។ ពីមុនកម្ពុជាពុំទាន់មានបណ្តាញបញ្ជូនភ្ជាប់ទៅក្រុងនីមួយៗ យើងមានម៉ាស៊ីន  ម៉ាស៊ូតតូចៗ ដើម្បីចែកចាយតាមក្រុងនីមួយៗ។ តាមបណ្តាខេត្តនីមួយៗ គឺមានម៉ាស៊ីនតូចៗ ដែលមិនមានវិមាត្រសេដ្ឋកិច្ចទាប ហើយថ្លៃវាខ្ពស់។ គោលនយោបាយរបស់រដ្ឋាភិបាលនៅពេលដែលយើងបានកសាងនូវបណ្តាញបញ្ជូនជាតិ នាពេលដែលស្រុកយើងបានទទួលនូវសុខសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨ មក ធ្វើឱ្យយើងបានទទួលនូវផ្លែផ្កានៃការអភិវឌ្ឍ ហើយយើងបានអនុវត្តនូវការបញ្ចុះតម្លៃអគ្គិសនីជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៥ មក។

ចំពោះថ្លៃដែលបានបញ្ចុះគឺទៅតាមប្រភេទនីមួយៗ។ ប្រភេទអ្នកប្រើប្រាស់ទិញពីចរន្តតុងស្យុងខ្ពស់ផ្ទាល់ ពីអនុស្ថានីយផ្ទាល់ ពីបណ្តាញ២២គីឡូវ៉ុល ពីបណ្តាញតូចៗ មានថ្លៃប្រែប្រួលទៅតាមប្រភេទ។ ឧទាហរណ៍ ថ្លៃដែលទិញពីអនុស្ថានីយតុងស្យុងខ្ពស់ (ពីទ្វារចរន្តផ្ទាល់) កាលពីឆ្នាំ២០១៥ យើងលក់ឱ្យ  វិស័យឧស្សាហកម្ម ក្នុងថ្លៃ ១២,៤សេន ហើយជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨ និង ២០១៩ គឺចុះមកដល់ ១១,៧សេន។ ដូចគ្នានេះដែរ ការលក់អគ្គិសនីសម្រាប់ផ្ទះសំបែងនៅតំបន់ក្រុងភ្នំពេញ ដែលប្រើលើសពី ២០០គីឡូវ៉ាត់ ឡើងទៅ ពីមុនថ្លៃអគ្គិសនីគឺ ៨២០រៀល ហើយជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះវាចុះមកដល់ ៧៣០រៀល។ ជារួម ពីមួយឆ្នាំទៅមួយឆ្នាំ យើងអាចបញ្ចុះតម្លៃពី ២០ ទៅ៣០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលប្រហែលនឹង ១សេនដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅតាមប្រភេទអ្នកប្រើប្រាស់។

សំនួរទី៦៖ ក្រឡេកមកមើលការអភិវឌ្ឍថាមពលបៃតង ដូចជាថាមពលសូឡា ខ្យល់ និងជីវម៉ាស់ វិញម្តង​ យើងឃើញថា បច្ចុប្បន្នប្រទេសបច្ចឹមលោកកំពុងតែបង្ហាញពិភពលោកថា ខ្លួនកំពុងតែមានចំណាប់អារម្មណ៍លើការវិនិយោគលើថាមពលបៃតងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ តើការវិនិយោគថាមពលបៃតងនេះ មាននូវបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពអ្វីខ្លះសម្រាប់កម្ពុជា?

តាមពិតទៅ នេះជានិន្នាការសាកលលោកទៅលើថាមពលបៃតង។ ថាមពលបៃតង មានន័យថាការ​ផលិតពុំមានចេញផ្សែង មិនមានបំភាយឧស្ម័នទៅលើបរិយាកាស ដែលជាការប្រយុទ្ធប្រឆាំងមួយជាមួយនឹងការឡើងកម្ដៅភពផែនដី (Global Warming) ឬការប្រែប្រួលអាកាសធាតុ (Climate Change)។ ថាមពលពន្លឺព្រះអាទិត្យនេះ វាមានសារៈសំខាន់ណាស់ ហើយម៉្យាងទៀតថ្លៃផលិតដែលបានពីថាមពលពន្លឺព្រះអាទិត្យនេះ ក៏មានការថយចុះជាបន្តបន្ទាប់ដែរ។ ក្នុងឆ្នាំ១៩៩៤ ឬ១៩៩៥ ការផលិតអគ្គីសនីក្នុងមួយគីឡូវ៉ាត់ម៉ោង មានតម្លៃ ២០សេនដុល្លារ តែឥលូវជាវាចុះមកនៅថ្លៃ ៧សេន។ ខ្ញុំគិតថានៅថ្ងៃខាងមុខ វាអាចនឹងចុះរហូតដល់ ៦សេន។ ថាមពលពន្លឺព្រះអាទិត្យនេះគឺជាថាមពលបៃតង ហើយក៏ចូលរួមក្នុងការកាត់បន្ថយកំដៅផែនដី និងការប្រយុទ្ធប្រឆាំងជាមួយការប្រែប្រួលអាកាសធាតុ ផងដែរ។ ប៉ុន្តែ វាក៏មានផលអវិជ្ជមានផងដែរ។

តាមការសិក្សារបស់អ្នកឯកទេសធនាគារអភិវឌ្ឍអាស៊ី (ADB) យើងអាចបញ្រ្ជាបថាមពលពន្លឺព្រះអាទិត្យនេះទៅក្នុងប្រព័ន្ធបណ្តាញជាតិយើងបាន ដោយមានអនុភាពមិនឱ្យលើស១៥ភាគរយទេ។ បញ្ហាស្ថិរភាព គឺជាបញ្ហាចម្បង។ យើងអាចដឹងទាំងអស់គ្នាថា ថាមពលពន្លឺព្រះអាទិត្យមានតែពេលថ្ងៃទេ អាចមានពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៤ល្ងាច ហើយនាពេលថ្ងៃលិច វាក៏ធ្លាក់មកសូន្យ។ បច្ចុប្បន្ននេះ យើងបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យពី៣៦០ ទៅ៤០០មេហ្គាវ៉ាត់។ ដូចនេះ ពេលដែលវាធ្លាក់មកសូន្យ តើយើងបានប្រភពណាទៅទប់? ព្រោះថាតម្រូវការពេលយប់កាន់តែកើន ប្រជាពលរដ្ឋត្រឡប់ពីកន្លែងធ្វើការមក ត្រូវការប្រើប្រាស់ថាមពល ហើយការផលិតធ្លាក់ចុះ។ លទ្ធភាពដែលយើងអាចបញ្ជ្រាបបាន ដោយសារតែកម្ពុជាបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris agreement) ដែលមានគោលដៅក្នុងការកាត់បន្ថយកំដៅផែនដី ចូលរួមក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ដូច្នេះយើងត្រូវបញ្ជ្រាបតាមលទ្ធភាពដែលយើងអាចធ្វើបាន គាំទ្រក្នុងការអភិវឌ្ឍថាមពលបៃតងនេះ ដែលមានដូចជាថាមពលពន្លឺព្រះអាទិត្យ​ ថាមពលខ្យល់ ថាមពលជីវម៉ាស់។ រោងចក្រស្ករសដុតកាកអំពៅចេញភ្លើង ហើយអគ្គិសនីកម្ពុជា (EDC) បានទិញពីរោងចក្រនោះ ផងដែរ។

សូមជម្រាបផងដែរថា អគ្គិសនីកម្ពុជា (EDC) កំពុងធ្វើការចរចាការផលិតអគ្គិសនីពីថាមពលខ្យល់នៅក្រុងបូកគោយើងនេះ។ ប៉ុន្តែវាមិនទាន់បានដល់ការចុះហត្ថលេខាជាមួយគ្នាទេ ដោយហេតុថាការចរចាតម្លៃមិនទាន់ត្រូវគ្នានៅឡើយទេ។ ការចរចារបស់អគ្គិសនីកម្ពុជាជាមួយនឹងអ្នកផលិត អាចនឹងទទួលបានជោគជ័យ ហើយយើងនឹងអាចបង្កើននូវប្រភពថាមពលបៃតងចូលមកបណ្តាញជាតិ។

បញ្ហាសំខាន់មួយទៀតនៃប្រភពថាមពលកកើតឡើងវិញ ឬថាមពលបៃតងនេះ គឺបញ្ហាអស្ថិរភាព។ យើងដឹងហើយថា ខ្យល់រត់មិនស្មើរហូតនោះទេ ហើយថាមពលព្រះអាទិត្យក៏ប្រែប្រួលពីម៉ោងមួយទៅម៉ោងមួយ ដោយវាអាចដើរពេញបន្ទុករយៈពេលតែ ២ ទៅ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ឧបមាថា ពន្លឺព្រះអាទិត្យយើងដាក់អានុភាព ១០មេហ្គាវ៉ាត់ តែម៉ោងដែលដល់ ១០មេហ្គាវ៉ាត់នោះ គឺនៅខ្ទង់តែពីម៉ោង ១១ ទៅដល់ម៉ោង១ ប៉ុណ្ណោះ ពោលគឺតែ ២ ទៅ ៣ម៉ោងប៉ុណ្ណោះ។ ក្រៅពីនេះ វាចាប់ផ្តើមស្រកមក៥០% ៣០% ១០% មកដល់ ០%។ ជាទូទៅ យើងគាំទ្រប្រភពថាមពលកកើតឡើងវិញ ឬថាមពលបៃតងនេះ ប៉ុន្តែទៅតាមលទ្ធភាពដែលយើងអាចជ្រៀតចូលបាន។ យើងស្រលាញ់ស្រុកទេស ស្រលាញ់បរិស្ថាន យើងស្រលាញ់ធម្មជាតិរបស់យើង។

សូមជម្រាបផងដែរថា នៅក្នុងតំបន់អាស៊ានទាំង១០ប្រទេសយើងនេះ គោលដៅ៥ឆ្នាំទៅមុខទៀតរបស់គេ គឺនៅឆ្នាំ២០២៥ គេចង់ឱ្យថាមពលកកើតឡើងវិញឱ្យមានបរិមាណតែ ២៣%ប៉ុណ្ណោះ។ ដោយឡែក កម្ពុជាបានដើរឆ្ងាយដែរហើយ។ គ្រាន់តែថាមពលពន្លឺព្រះអាទិត្យ បូកថាមពលវារីអគ្គិសនី បូកនឹងថាមពលជីវម៉ាស់ដែលយើងមានស្រាប់ មានលើស ៥០% ទៅហើយ។ ជារួម ការប្រើប្រាស់ថាមពលក្នុងស្រុកមានសារៈសំខាន់ណាស់ ប៉ុន្តែយើងត្រូវថ្លឹងថ្លែងធ្វើយ៉ាងណាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ ព្រោះថាស្ថិរភាព គឺជារឿងមួយដ៏សំខាន់។

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំឯកសារ៖ លោក គីម ងួន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031