Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម


នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។

សំនួរ៖ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»?

«វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។ វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា ការបែងចែកការផ្គត់ផ្គង់ និងការផលិតវ៉ាក់សាំងដោយប្រទេសតែមួយ ឬក៏ដោយ Block ណាមួយនៅក្នុងតំបន់ផ្សេងៗនៅក្នុងពិភពលោក។ វ៉ាក់សាំងពហុភាគីនិយមនេះ គឺក្នុងន័យធំបំផុត ធ្វើឡើងដើម្បីប្រមូលផ្តុំនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យា ក្នុងការចងក្រងគ្នាជាយន្តការមួយដែលផលិត និងផ្គត់ផ្គង់នូវវ៉ាក់សាំងដែលមានគុណភាព ដែលមានហានិភ័យទាបបំផុត និងដែលអាចបំពេញនូវតម្រូវការរបស់សង្គមជាតិ ពោលគឺបណ្តាប្រទេសទាំងអស់ ទាំងមាន ទាំងក្រ ទាំងតូច ទាំងធំ គឺនឹងទទួលបាននូវវ៉ាក់សាំងដូចៗគ្នាទៅតាមពេលវេលាជាក់ស្តែង និងតម្រូវការចាំបាច់ណាមួយបាទ។

សំនួរ៖ ថ្មីៗនេះ យើងឃើញថាមានសារព័ត៌មាន ក៏ដូចជាអ្នកវិភាគមួយចំនួន បានលើកឡើងពីការស្តុកទុកវ៉ាក់សាំងដ៏លើសលុបរបស់ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន សម្រាប់ជាការប្រើប្រាស់ផ្ទាល់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ជាក់ស្តែងមានដូចជា អាមេរិក អង់គ្លេស និងឥណ្ឌាជាដើម ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងជាតិនិយម»?

«វ៉ាក់សាំងជាតិនិយម» កើតឡើងដោយសកម្មភាពរបស់ប្រទេសមួយ ឬមួយចំនួនតូចដែលផ្តល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនឯកជនណាមួយ នៅក្នុងការផលិត និងផ្គត់ផ្គង់ឲ្យតែប្រជាជនរបស់ខ្លួន។ ទង្វើបែបនេះភាគច្រើន ផ្ទុយទៅនឹងគោលការណ៍ពហុភាគីនិយម ឬកិច្ចសហប្រតិបត្តិការ និងសាមគ្តីភាពអន្តរជាតិ ដែលរារាំង និងរំខានទៅដល់លទ្ធភាពរបស់ប្រទេសតូចទន់ខ្សោយ នៅក្នុងការទទួលបាននូវវ៉ាក់សាំង ដើម្បីផ្តល់ និងផ្គត់ផ្គង់ឲ្យប្រជាជនរបស់ខ្លួន។ យើងឃើញថា មានបណ្តាប្រទេសធំៗមួយចំនួននៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀត នៅប៉ែកអឺរ៉ុប ដែលយើងឃើញថា ប្រទេសទាំងអស់នោះបានស្តុកទុកនូវវ៉ាក់សាំងច្រើន ហើយប្រទេសមួយចំនួននោះ បានបញ្ជាទិញនូវទំនិញនៅក្នុងចំនួនច្រើន តាំងពីជាងកន្លះឆ្នាំមុនម្លេះ មុននឹងអង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក បានទទួលស្គាល់នូវវ៉ាក់សាំងទាំងអស់នោះ ថាជាវ៉ាក់សាំងមានគុណភាព អាចនឹងផ្គត់ផ្គង់ និងផ្តល់ឲ្យប្រជាជន ដើម្បីការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនេះ។ ទង្វើរបស់ប្រទេសមួយចំនួននេះ ផ្ទុយទៅនឹងក្របខណ្ឌគោលការណ៍នៃប្រព័ន្ធពហុភាគីនិយម ឬក៏សណ្តាប់ធ្នាប់អន្តរជាតិមួយចំនួនដូចជា ការរារាំង ឬក៏ការរឹតត្បិតការនាំចេញនូវវ៉ាក់សាំង មានន័យថា ប្រទេសមួយចំនួនបានរារាំងការនាំចេញនូវវ៉ាក់សាំងដែលប្រទេសខ្លួនបានផលិតនោះ ទៅឲ្យបណ្តាប្រទេសមួយទៀត ដែលនេះក៏ជារូបភាពមួយដែលយើងហៅថា «វ៉ាក់សាំងជាតិនិយម» បានដែរ។

សំនួរ៖ តើការស្ដុកទុកវ៉ាក់សាំងនេះ អាចនឹងជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោកទាំងមូល ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ឬប្រទេសក្រីក្រដែរ?

យើងឃើញថាប្រទេសក្រីក្រ មិនថាទាំងប្រទេសកម្ពុជា មិនថាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ឬក៏នៅទ្វីបអាហ្រ្វិកដែលជាប្រទេសក្រីក្រមួយចំនួននោះ អាចនឹងពុំទទួលបាននូវវ៉ាក់សាំងដើម្បីផ្គត់ផ្គង់ ដើម្បីចាក់ជូនដល់ប្រជាជននៅក្នុងអំឡុងពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ តាំងពីរលកទី១ មកដល់រលកទី២ ឬក៏ប្រទេសខ្លះកំពុងតែជួបការឆ្លងរីករាលដាលរលកទី៣។ ការទិញស្តុកទុក និងការរឹតត្បិតការនាំចេញនូវវ៉ាក់សាំងទៅដល់បណ្តាប្រទេសផ្សេងៗទៀត ដើម្បីតែទុកផ្គត់ផ្គង់ដល់ប្រជាជនខ្លួនឯងនោះ ធ្វើឲ្យលទ្ធភាពនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗនៅលើពិភពលោក កំពុងជួបហានិភ័យកាន់តែធំ។ ហានិភ័យនេះ បានយាយី និងរំខានយ៉ាងខ្លាំងទៅដល់សកម្មភាពរស់នៅប្រចាំថ្ងៃ សកម្មភាពប្រតិបត្តិការអាជីវកម្ម សកម្មភាពសេដ្ឋកិច្ច និងវិនិយោគទូទៅទាំងអស់។ លើសពីនេះទៀត គឺប៉ះពាលទៅដល់សុខភាពសាធារណៈរបស់បណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នោះ។

សំនួរ៖ អ្នកវិភាគនយោបាយមួយចំនួន បានលើកឡើងថា បច្ចុប្បន្ន វ៉ាក់សាំងត្រូវបានប្រទេសមួយចំនួនចាត់ទុកជាឧបករណ៍សម្រាប់ជំនួយអំណាចនយោបាយរបស់ខ្លួន ដែលគេហៅថា «ការទូតវ៉ាក់សាំង»? តើ«ការទូតវ៉ាក់សាំង»នេះ ធ្វើឡើងក្នុងរូបភាពបែបណា? ហើយវាបានជះឥទ្ធិពលអ្វីខ្លះ មកដល់រដ្ឋតូចៗ ពិសេសកម្ពុជាដែរ?

«ការទូតវ៉ាក់សាំង» នេះ ត្រូវបានបណ្តាប្រទេសមួយចំនួនបានប្រើកន្លងមក ហើយយើងឃើញកាន់តែច្បាស់ទៀត នៅក្នុងអំឡុងពេលក្រោយមានការផ្ទុះរីករាលដាលនូវជំងឺកូវីដ-១៩ តាំងពីចុងឆ្នាំ២០១៩ កន្លងមក។ បណ្តាប្រទេសមួយចំនួនបានខិតខំ និងវិនិយោគយ៉ាងច្រើនក្នុងការបង្កើតវ៉ាក់សាំង។ ដោយសារតែប្រទេសរបស់ខ្លួនមានឧត្តមភាពផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ រួមទាំងឧត្តមភាពផ្នែកហិរញ្ញវត្ថុ ប្រទេសទាំងនោះបានផលិត និងបានផ្តល់វ៉ាក់សាំង ក៏ដូចជាបានសន្យាផ្គត់ផ្គង់នូវវ៉ាក់សាំងទៅដល់បណ្តាប្រទេសក្រីក្រ ឬបណ្តាប្រទេសមួយចំនួនទៀត ដែលពុំមានលទ្ធភាពទិញវ៉ាក់សាំងដែលមានតម្លៃថ្លៃ។ រូបភាពមួយចំនួនដែលយើងឃើញ គឺបណ្តាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនខ្លាំង ដែលយើងហៅថាមហាអំណាច ឬក៏មហាអំណាចថ្នាក់កណ្តាលមួយចំនួនបានធ្វើ ក្រៅពីការសន្យា និងការផ្គត់ផ្គង់វ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ ឬប្រទេសពុំមានលទ្ធភាពក្នុងការផលិត និងផ្គត់ផ្គង់ខ្លួនឯងនោះ គឺការបញ្ជាទិញវ៉ាក់សាំងដែលផលិតដោយបណ្តាប្រទេសផ្សេងមួយទៀតនេះ យើងឃើញមានកើតឡើង ដូចជាប្រទេសអ៊ីស្រាអែលដែលបានធ្វើរូបភាពនេះនៅក្នុងការបញ្ជាទិញវ៉ាក់សាំង Sputnik ពីរុស្ស៊ី ទៅផ្គត់ផ្គង់ឲ្យប្រទេសស៊ីរ៉ី ។ នេះគឺជាឧទាហរណ៍មួយដែលការទូតវ៉ាក់សាំង អាចត្រូវបានប្រើប្រាស់។ យើងឃើញថាការទូតវ៉ាក់សាំងនេះ ជាដំបូងត្រូវបានប្រើប្រាស់ដោយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសរុស្ស៊ី ហើយប្រទេសលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងអឺរ៉ុប បានធ្វើការវាយប្រហារលើទង្វើនេះ។ ក៏ប៉ុន្តែ ក្រោយមករូបភាពនៃការប្រើការទូតវ៉ាក់សាំងនេះ ក៏ត្រូវបានប្រើប្រាស់នៅក្នុងបណ្តាប្រទេសអឺរ៉ុប លោកខាងលិច និងសហរដ្ឋអាមេរិកផងដែរ។

យើងឃើញថា សហរដ្ឋអាមេរិក ក៏បានចូលរួមចំណែកនៅក្នុងការទូតវ៉ាក់សាំងនេះ តាមរយៈប្រព័ន្ធ COVAX Facility ដែលអាមេរិកសន្យាថា នឹងផ្គត់ផ្គង់ជាផ្នែកហិរញ្ញវត្ថុទៅដល់ប្រព័ន្ធ COVAX នេះ នៅក្នុងការចែកចាយវ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ។ នេះគឺជារូបភាពមួយដែលបណ្តាប្រទេសខ្លះ អាចប្រើប្រាស់បាន ដើម្បីពង្រីកនូវអំណាច​ និងឥទ្ធិពលរបស់ខ្លួន ថាខ្លួនមានតួនាទី ឬក៏ដើរតួនាទីនៅក្នុងការចូលរួមចំណែកនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅក្នុងពិភពលោក ដែលនេះជាអំណាចស្រទន់មួយ (Soft Power) ដែលប្រទេសអ្នកមាន ប្រទេសមហាអំណាចធំៗ ឬក៏ប្រទេសមហាអំណាចកម្រិតកណ្តាល បានប្រើប្រាស់កន្លងមក។ យើងឃើញថា ប្រទេសតូចតាច តែងតែទទួលរងសំពាធពីការប្រើប្រាស់ មិនថាជាការទូតវ៉ាក់សាំងទេ រួមទាំងឧបករណ៍ការទូតផ្សេងៗទៀត ដែលមហាអំណាចបានប្រើប្រាស់ ទន្ទឹមនឹងពេលដែលពួកគេប្រជែងគ្នា ដើម្បីដណ្តើមយកឧត្តមភាពនៃអំណាចសាកល ឬក៏ឧត្តមភាពនៃអំណាចនៅក្នុងកម្រិតតំបន់ណាមួយ ហើយភាគច្រើន ច្រើនតែងតែរុញច្រានឲ្យប្រទេសក្រីក្រ ប្រទេសដែលមានការរីកចម្រើនអន់ថយជាង ពិបាកក្នុងការជ្រើសរើសថា តើខ្លួនគួរទៅប៉ូលមួយណា? ថាតើខ្លួនត្រូវប្រកាន់ និងបង្កើតមិត្តភាពទ្វេភាគី ឬក៏ពហុភាគីនៅក្នុងកម្រិតមួយណា? ហើយលទ្ធភាពនៃការជ្រើសរើសនេះអាចនឹងត្រូវបានកម្រឹតបន្ថែមទៀត តាមរយៈរូបភាពនៃការប្រើប្រាស់ការទូតវ៉ាក់សាំង ដោយបណ្តាប្រទេសមហាអំណាច ឬមហាអំណាចកម្រិតកណ្តាលមួយនោះ។

សំនួរ៖ វ៉ាក់សាំងជាតិនិយម គឺជារបាំងរាំងស្ទះដល់លទ្ធភាពក្នុងការប្រើប្រាស់វ៉ាក់សាំងឲ្យស្មើភាពគ្នារវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ បើតាមយោបល់របស់លោកបណ្ឌិតផ្ទាល់តើគួរមានវិធានការឬយុទ្ធសាស្រ្តបែបណាដើម្បីលុបបំបាត់ចោលនូវវ៉ាក់សាំងជាតិនិយមនេះដែរ?

ខ្ញុំសុំលើកឡើងនូវយោបល់ចំនួន០៤ ដូចតទៅ៖

ទី១ មូលដ្ឋានសំខាន់បំផុតដើម្បីលុបបំបាត់ចោលនៃវ៉ាក់សាំងជាតិនិយមនោះ គឺការរួបរួមសហការគ្នាជាធ្លុងមួយ និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាសាមគ្គីភាពជាអន្តរជាតិ ដោយលុបបំបាត់ចោល ឬកាត់បន្ថយនូវការប្រកួតប្រជែងដណ្តើមអំណាចគ្នា ទន្ទឹមពេលដែលពិភពលោកកំពុងតែប្រឈមនូវបញ្ហារួមតែមួយ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងរូបភាពនេះ ពិភពលោកគឺ គួរសហការគ្នាលុបបំបាត់ចោលនូវភាពខុសគ្នាដែលអាចនឹងមាន ទោះបីជាប្រទេសខ្លះមានទស្សនៈនយោបាយ និងទស្សនៈនៃការអភិវឌ្ឍជាតិខុសគ្នាក៏ដោយ ពោលគឺគួរតែចាប់ដៃសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងសាកលនេះ។

ទី២ ការទាញយកប្រយោជន៍ពីវិទ្យាសាស្រ្ត និងនវានុវត្តន៍ផ្នែកវ៉ាក់សាំង ដែលបណ្តាប្រទេសធំៗទាំងអស់មានឧត្តមភាពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នោះ តាមរយៈការប្រមូលផ្តុំគ្នាជាអន្តរជាតិ តាមប្រព័ន្ធពហុភាគីនិយម ឬក៏ភាពជាដៃគូពហុនិយម (Multi-stakeholder Partnership) ដោយមានការចូលរួមពីរដ្ឋាភិបាល គ្រឹះស្ថានឯកជន និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិដទៃៗទៀត ក៏ដូចជាមូលនិធិនានា បើទោះបីជាមូលនិធិឯកជនក្តី ឬមូលនិធិសង្គមស៊ីវិលផ្សេងទៀតក្តី ដែលអាចចូលរួមចំណែកគ្នាបានដើម្បីបញ្ជាទិញពី និងផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន/ស្ថាប័នដែលសិក្សាស្រាវជ្រាវ និងបង្កើតនូវវ៉ាក់សាំងទាំងឡាយ។ ដោយហេតុថា ក្រុមហ៊ុន/ស្ថាប័នទាំងនោះ ត្រូវការការផ្គត់ផ្គង់នូវប្រភពហិរញ្ញវត្ថុដ៏ធំ បើទោះបីជាខ្លួនមានឧត្តមភាពផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ទាំងអស់នោះក៏ពិតមែន ក៏ប៉ុន្តែក្រុមហ៊ុន/ស្ថាប័នទាំងនោះ ពិតជាត្រូវការនូវហិរញ្ញវត្ថុដែលជាប្រភពសំខាន់បំផុតក្នុងការធានាឲ្យខ្លួនធ្វើការ សិក្សាស្រាវជ្រាវរកនូវរូបមន្តដែលមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្កើតវ៉ាក់សាំង។ ដូច្នេះ រូបភាពនៃការចូលរួមពីរដ្ឋាភិបាល ស្ថាប័នឯកជនផ្សេងៗទៀត និងមូលនិធិតូចធំៗនានា នៅក្នុងទ្រង់ទ្រាយ Multi-stakeholder Partnership នេះ គឺអាចជួយជំរុញឲ្យមានការអភិវឌ្ឍវ៉ាក់សាំងបានកាន់តែលឿន និង ឆ្លើយតបទៅនឹងការកាត់បន្ថយលទ្ធភាពនៃប្រទេសមួយក្នុងការជំរុញនូវវ៉ាក់សាំងជាតិនិយម ផងដែរ។

ទី៣ គឺទាក់ទងទៅនឹងបទដ្ឋានបញ្ញាតិអន្តរជាតិនៅក្នុងការធ្វើយ៉ាងណាឲ្យលំហូរពាណិជ្ជកម្មនៃទំនិញ ឧស្សាហកម្ម ពាណិជ្ជកម្ម និងកម្មសិទ្ធបញ្ញា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ មិនត្រូវបានគេរំខាន។ ឧទាហរណ៍ ការគោរពតាមប្រព័ន្ធ WTO នៅក្នុងការធានាធ្វើយ៉ាងណាឲ្យការបែងចែក និងការផ្គត់ផ្គង់វ៉ាក់សាំង និងធាតុចូលសម្រាប់ផលិតវ៉ាក់សាំងនោះ មិនត្រូវបានរារាំង រំខាន ឬក៏រឹតត្បិតដោយប្រទេសណាមួយនោះទេ។ ការរឹតត្បិតនៃការនាំចេញវ៉ាក់សាំង និងធាតុចូលសម្រាប់ផលិតវ៉ាក់សាំង ដោយប្រទេសណាមួយ ឬក៏ដោយប្រទេសមួយចំនួន គឺជាការប្រឆាំងទៅនឹងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ។ ចំនុចសំខាន់ទី៣នេះ ជាចំណែកមួយជួយកាត់បន្ថយនៃការស្តុកវ៉ាក់សាំង ដើម្បីទុកតែផ្គត់ផ្គង់ឲ្យប្រជាជនខ្លួន។ ដូច្នេះ ការលុបបំបាត់ចោលនូវរនាំងទាំងអស់នេះ អាចនឹងធានាឲ្យពិភពលោកទទួលបាននូវវ៉ាក់សាំងដោយស្មើភាព និងប្រសិទ្ធភាពទាំងអស់គ្នា។ ក្នុងន័យនេះ ក្រៅពីការបោះបង់ចោលនូវការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសអ្នកមាន បណ្តាប្រទេសមហាអំណាច ឬក៏អំណាចថ្នាក់កណ្តាលមួយចំនួន ដែលកំពុងប្រជែងគ្នាដើម្បីឧត្តមភាពនៅក្នុងតំបន់ និងឧត្តមភាពភូមិសាស្ត្រនយោបាយកម្រិតអន្តរជាតិ និងជាសាកល អាចនឹងនាំឲ្យប្រទេសទាំងអស់នោះ ងាកមករកការសហការគ្នា តាមរយៈកិច្ចសហប្រតិបត្តិការ និងការសាមគ្គីគ្នាជាលក្ខណៈអន្តរជាតិ និងជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាដែលពិភពលោក ក៏ដូចជាមនុស្សជាតិកំពុងរួមគ្នាប្រយុទ្ធប្រឆាំង ផងដែរ។

ទី៤ គឺជាការជំរុញការផលិត និងការចែកចាយទៅតាមប្រព័ន្ធ COVAX Facility ដែលមានអង្គការ WHO UNICEF និង GAVI ចូលរួមគ្នាផ្គត់ផ្គង់ បែងចែក ចែកចាយ និងស្វែងរកនូវប្រភពហិរញ្ញវត្ថុ ក្នុងការធានាឲ្យថា ទាំងប្រទេសអ្នកមាន ប្រទេសអ្នកក្រ ប្រទេសតូច ប្រទេសធំ ប្រទេសខ្សត់ខ្សោយ អាចទទួលបាននូវចំណែកណាមួយនៃវ៉ាក់សាំង ស្របទៅតាមការបែងចែកនៃប្រព័ន្ធCOVAX នេះ បានកំណត់ឲ្យ។ ប្រសិនបើប្រទេសទាំងអស់ធ្វើតាមគោលការណ៍ដែលបានកំណត់នេះ លទ្ធភាពនៃការជំរុញវ៉ាក់សាំងជាតិនិយមនោះ អាចនឹងលុបបំបាត់ ឬចុះថយជាបណ្តើរៗបាន៕

វាគ្មិន៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន / អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031