វាគ្មិន៖ លោកបណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង
តើអ្វីទៅជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI)? ហើយតើវាបង្កើតឡើងក្នុងគោលបំណងអ្វី?
វាគ្មិន៖ គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវ (One Belt One Road Initiative ឬក៏ Belt and Road Initiative) ត្រូវបានលើកឡើងដំបូង ដោយលោកប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Kazakhstan កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដោយចាត់ទុកគម្រោងនេះគឺជា គោលនយោបាយអាទិភាពរបស់ប្រទេសចិនមុនឆ្នាំ២០២០។ នៅខែមិនា ឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួលស្គាល់ និងអនុម័តដោយក្រុមប្រឹក្សារដ្ឋ និងនាយកដ្ឋានពាក់ព័ន្ធនានា ដែលដាក់ចេញនូវផែនការលំអិតសម្រាប់គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ (នាយកដ្ឋានពាក់ព័ន្ធនានា មានរួមបញ្ចូលទាំងគណៈកម្មាការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ហើយនៅចុងបញ្ចប់ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សារដ្ឋរបស់ចិន)។ បន្ទាប់ពីមានការប្រកាសអំពីគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ មានសំណួរធំៗជាច្រើនត្រូវបានចោទសួរឡើង។ សំណួរជាបឋមនោះត្រូវបានគេចោទសួរថា តើហេតុអ្វីបានជាចិនបង្កើតនូវគំនិតផ្តួចផ្តើមនេះ? តើអ្វីទៅគឺជាបំណងពិតប្រាកដរបស់ថ្នាក់ដឹកនាំចិនក្នុងការបង្កើតនេះ? តើគំនិតផ្តួចផ្តើមនេះនឹងក្លាយជាការបំពេញបន្ថែម រឺក៏ការប្រកួតប្រជែងជាមួយនឹងគម្រោងសេដ្ឋកិច្ចដែលមានស្រាប់? និងចុងបញ្ចប់ តើគំនិតផ្តួចផ្តើមនេះ នឹងហុចផលសេដ្ឋកិច្ចអ្វីខ្លះសម្រាប់សេដ្ឋកិច្ចចិន ក៏ដូចជាសេដ្ឋកិច្ចសកល? ដើម្បីឆ្លើយនូវសំណួរទាំងនេះ ខ្ញុំសុំលើកឡើងនូវចំណុច០៣សំខាន់ៗ ដូចខាងក្រោម៖ ចំណុចទី១ គំនិតផ្តួច
ផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនឹងអនុញ្ញាតឲ្យចិន រក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន ចំណុចទី២ តាមរយៈផ្លូវមួយខ្សែក្រវ៉ាត់មួយនឹងអនុញ្ញាតឲ្យចិនមានឥទ្ធិពលកាន់តែធំថែមទៀត នៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមកសាងសេដ្ឋកិច្ចសកល ដោយរួមបញ្ចូលទាំងបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ចំណុចទី៣ ដូចដែលមានចែងនៅក្នុងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍ។
ចំពោះចំណុចទី១៖ ការរក្សាកំណើនសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ សូមជម្រាបជូនថា នៅរយៈពេល៣ទស្សវត្សចុងក្រោយនៃកំណែទម្រង់សេដ្ឋកិច្ចរបស់ចិន ចិនបានទទួលកំណើនសេដ្ឋកិច្ចក្លៀវក្លា ដោយទទួលបានការវិនិយោគផ្ទាល់ និងបានពង្រីកការនាំចេញទៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ធំៗ។ តែចាប់ពីចុងឆ្នាំ២០១១ កំណើនសេដ្ឋកិច្ច ក្លៀវក្លារបស់មហាយក្សអាស៊ីមួយនេះ មានការថយចុះសន្ទុះរបស់ខ្លួន។ ការថយចុះនេះត្រូវបានសេដ្ឋកិច្ចវិទូមួយចំនួនហៅថា ការរីកចម្រើនដល់ចំណុចកដប។ សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ចិន ជាមធ្យមចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ មានកម្រិត ៩,៦% ដែលធ្វើឲ្យ GDP per Capita របស់ចិនកើនពី ២០០ដុល្លារ ដល់ ៨០០០ដុល្លារ នៅក្នុងឆ្នាំ២០១៥។ ចាប់ពីឆ្នាំ ២០១២មក កំណើនសេដ្ឋកិច្ចរបស់ចិនមានតែ ៧,៧% ប៉ុណ្ណោះ ដោយធ្លាក់ចុះពី៩,៦%។
មូលហេតុចំបងនៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការធ្លាក់ចុះនូវតម្រូវការពីខាងក្រៅ ក៏ដូចជាឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ដែរ។ ពេលនោះបានធ្វើឲ្យចិន ដាក់គោលដៅឆ្ពោះទៅទិសខាងលិច ដោយឈោងចាប់កំណើនសេដ្ឋកិច្ចថ្មីៗរបស់ខ្លួន។ ទន្ទឹមនឹងនោះ ចិនក៏មានបញ្ហានៅក្នុងស្រុកដែរ គឺវិបត្តិផលិតផលលើសក្នុងឧស្សាហកម្មផលិតទំនិញរបស់ខ្លួន។ នៅមុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ ការវិនិយោគនៅក្នុងឧស្សាហកម្មផលិតទំនិញរបស់ចិន បានកើនពី ៣០% ក្នុងអំឡុងពេលកំណែទម្រង់សេដ្ឋកិច្ចទៅដល់ ៤០% នៃ GDP សរុប។ ដូច្នេះ ការដាក់ចុះនូវគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ នឹងអាចឲ្យចិនដោះស្រាយនឹងកំណើនសេដ្ឋកិច្ចទាប ក៏ដូចជាការដោះស្រាយនូវវិបត្តិផលិតផលលើសនៅក្នុងឧស្សាហកម្មផលិតទំនិញរបស់ខ្លួន។
ចំណុចទី២៖ តាមរយៈគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយបាននាំឲ្យចិន ពង្រីកឥទ្ធិពលកាន់តែធំថែមទៀតនៅក្នុងឆាកអន្តរជាតិ ចិនក៏ចង់ចែករំលែកបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផងដែរ តាមរយៈកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងភាពជោគជ័យសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន។ អ្នកជំនាញខ្លះបានចាត់ទុកជាអព្ភូតហេតុប្រទេសចិន ដែលភាសាអង់គ្លេសគេហៅថា China’s Miracle។ ចិនបានបង្ហាញឆន្ទៈ និងទំនួលខុសត្រូវក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសកល សូមបញ្ជាក់ជូនថា ក្នុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ ចិនបានបញេ្ចញថវិកាចំនួន ៤០,០០០ពាន់លាន ឬ ៤០ប៊ីលានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ហើយចិនបានក្លាយជាប្រទេសទីមួយក្នុងអាស៊ី ក៏ដូចជាទីមួយនៅក្នុងពិភពលោកដែលបានដើរចេញពីវិបត្តិដើរថយក្រោយនៃសេដ្ឋកិច្ច ក្រោមចំហាយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិន បានប្តូររបត់គោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដោយទី១ បានកាត់បន្ថយគោលនយោបាយសេដ្ឋកិច្ចដែលពឹងផ្អែកការនាំចេញ មកជាការជំរុញការប្រើប្រាស់ក្នុងស្រុក និងទី២ ប្តូរពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងច្រើននិងតម្លៃបន្ថែមទៀត មកជាឧស្សាហកម្មប្រើប្រាស់បច្ចេកទេសខ្ពស់និងតម្លៃបន្ថែមខ្ពស់។ ភាពយឺតយ៉ាវនិងលំបាកនៅក្នុងការធ្វើកំណែទម្រង់របស់អង្គការអន្តរជាតិធំៗ ដូចជា World Bank ដែលភាគច្រើន ជាអ្នកដាក់ចុះផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាច្រើនឆ្នាំកន្លងមកហើយ តែបានទទួលលទ្ធផលតិចតួច។ ផ្អែកលើបទពិសោធន៍ប្រទេសចិន ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាចជាមេរៀនល្អៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះ ចិនអាចដើរតួនាទីកាន់តែសំខាន់មួយទៀត ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសកល តាមរយៈគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ក៏ដូចជាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
ចំណុចទី៣៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នងនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ក្នុងដំណាក់កាលដំបូង ការអភិវឌ្ឍគំនិតផ្តួចផ្តើមនេះ បានគ្របដណ្តប់តែការ
កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអាស៊ីតែប៉ុណ្ណោះ។ តែការអនុវត្តបន្តៗមកទៀតនោះ ធ្វើឲ្យវិសាលភាពរបស់គំនិតផ្តួចផ្តើមនេះកាន់តែរីកធំឡើង រួមបញ្ចូលទាំងតំបន់អឺរ៉ុប និងអាហ្រ្វិក ហើយនៅថ្ងៃអនាគតអាចរួមបញ្ចូលនៅតំបន់អាមេរិកឡាទីនផងដែរ។ ការរួមបញ្ចូលនេះ មានការរួមបញ្ចូលកិច្ចពិភាក្សាខាងផ្នែកគោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញពាណិជ្ជកម្ម ការ
គាំទ្រហិរញ្ញវត្ថុ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្អែកលើបទពិសោធន៍អភិវឌ្ឍ
ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។ គម្រោងជាច្រើនត្រូវបានពិចារណាដាក់បញ្ចូលទៅក្នុងផែនការ
តភ្ជាប់អនុតំបន់នានា ដូចជាផ្លូវរថភ្លើងល្បឿនលឿន បំពង់ប្រេងនិងឧស្ម័ន បណ្តាញអគ្គិសនី និងបណ្តាញទូរគមនាគមន៍។ តាមការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍអាស៊ី ក៏ដូចជាវិទ្យាស្ថានអភិវឌ្ឍអាស៊ី ទំហំមូលធនសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី គិតមកត្រឹមឆ្នាំ២០២០នេះមានទំហំ ៧៣០ពាន់លានដុល្លារ តែសមត្ថភាពកម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ីមានត្រឹម ១០ ពាន់លានដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះហើយ ស្ថាប័នចិនមួយចំនួន អាចបំពេញនូវចន្លោះខ្វះខាតនេះ ដូចជាមូលនិធិផ្លូវសូត្រ ធនាគារវិនិយោគចិន ក្រុមហ៊ុនចិន រួមបញ្ចូលជាមួយស្ថាប័នអន្តរជាតិធំៗ ដូចជាធនាគារអភិវឌ្ឍអាស៊ី (ADB) ធនាគារអភិវឌ្ឍថ្មី BRICs ដែលបង្កើតដោយ
បណ្តាប្រទេស BRICs ក្នុងនោះមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រិ្វកខាងត្បូង។
តើ BRI និង កិច្ចសហប្រតិបត្តិការ Mekong-Lancang ជាក្របខណ្ឌពីរផ្សេងគ្នា ឬជាក្របខណ្ឌបំពេញឲ្យគ្នាទៅវិញទៅមកដែរ?
វាគ្មិន៖ តំបន់មេគង្គគឺជាតំបន់ស្ថិតនៅទីតាំងដ៏សំខាន់នៃទ្វីបអាស៊ី ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្រោមឥទ្ធិពលប្រកួតប្រជែងគ្នារវាងមហាអំណាចចាស់គឺ សហរដ្ឋអាមេរិក និងមហាអំណាច
សេដ្ឋកិច្ចដែលកំពុងងើបឡើងថ្មីគឺ ប្រទេសចិន។ ការចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមផ្លូវមួយខ្សែ
ក្រវ៉ាត់មួយ បានធ្វើឲ្យស្ថានភាពភូមិសាស្រ្តនយោបាយនៅក្នុងតំបន់មេគង្គ ជាស្ថានភាពទេ្វប៉ូល។ ស្ថានភាពថ្មីនេះបានផ្តល់ឱកាសថ្មីដល់បណ្តាប្រទសតាមដងទន្លេមេគង្គ ទាញយកផលប្រយោជន៍ ពីការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរនេះ ក៏ជាកាលានុវត្តភាពផងដែរសម្រាប់ប្រទេសមេគង្គធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ឲ្យស្របជាមួយការងារការទូត ហើយវាក៏ជាឱកាសមួយផងដែរ ដើម្បីឲ្យបណ្តាប្រទេសមេគង្គមានសេរីភាពក្នុងការបត់បែននូវគោលនយោបាយការបរទេស ដែលបង្កប់ជ្រៅនៅក្នុងយុទ្ធសាស្រ្តនានានៅក្នុងតំបន់។ គំនិតផ្តួចផ្តើមផ្លូវមួយនិងខ្សែក្រវ៉ាត់មួយ និងកិច្ចសហប្រតិបត្តិការ Mekong-Lancang គឺជាក្របខ័ណ្ឌបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ការបំពេញបន្ថែមឲ្យគ្នានេះ មានឃើញក្នុងការខិតខំប្រឹងប្រែងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការជំរុញពាណិជ្ជកម្មក្នុងអនុតំបន់
ឲ្យកាន់តែមានសារៈសំខាន់ទេ្វឡើង។ ដោយសារតួនាទីសំខាន់របស់អាស៊ានក្នុងព្រឹត្តិការណ៍
អន្តរជាតិ ក៏ដូចបណ្តាប្រទេសតាមដងទន្លេមេគង្គ ស្ថានភាពភូមិសាស្រ្តនៅជាប់ប្រទេសចិន
មូលនិធិវិនិយោគរបស់ចិនជាច្រើនបានផ្តោតមកកាន់តំបន់។ យុទ្ធសាស្រ្តរបស់ចិនមកកាន់តំបន់មេគង្គ គឺចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនតាមច្រកសមុទ្រម៉ាឡាកា ដោយទី១ តភ្ជាប់ខ្លួនដោយផ្ទាល់ទៅសមុទ្រឥណ្ឌា តាមរយៈការចាប់ផ្តើមការសាងសង់កំពង់ផែទឹកជ្រៅចាវព្យូនៅភូមា បន្ទាប់ពីការតភ្ជាប់បំពង់បង្ហូរប្រេងទៅខេត្តយិនណាង ដែលបានបញ្ចប់នៅក្នុងឆ្នាំ២០១៧។ នេះបានឆ្លុះបញ្ចាំង ពីយុទ្ធសាស្រ្តបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់ មួយ និងកិច្ចសហប្រតិបត្តិការ Mekong-Lancang។ ទន្ទឹមនឹងនេះ ប្រទេសថៃ គឺជាប្រទេសនៅក្នុងតំបន់មេគង្គ មួយដែលដើរតួសំខាន់ក្នុងការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចរវាងចិន និងអាស៊ាន ក៏ដូចជាតំបន់មេគង្គ។ ប្រទេសថៃបានតភ្ជាប់ច្រករបៀងសេដ្ឋកិច្ច ដែលផ្សារភា្ជប់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ដែលជាដំបូងគឺជាគំនិតផ្តួចផ្តើមក្នុងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ ACMECS ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៣ ដើម្បីគាំទ្រការអភិវឌ្ឍនៅក្នុងតំបន់មេគង្គ។ ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន ប្រទេសចិនបានចាប់ផ្តើម
វិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ ទៅលើបណ្តាញផ្លូវដែក រួមទាំងបណ្តាញផ្លូវដែកសឹង្ហបុរី-គុនមីញ ដែលជាការវិនិយោគ និងពង្រីកផ្លូវល្បឿនលឿនដែលមានស្រាប់ក្នុងប្រទេសចិន ឆ្លងកាត់មកកាន់ប្រទេសឡាវ ហើយបណ្តាញនេះបានតភ្ជាប់ជាមួយនឹងខ្សែរថភ្លើងល្បឿនលឿន ទៅក្នុងទីក្រុងបាងកក និងណងខាយ។ នៅក្នុងឆ្នាំ២០១៦ ថ្នាក់ដឹកនាំអាស៊ានបានអនុវត្តផែនការមេថ្មី ដើម្បីតភ្ជាប់ទៅក្នុងតំបន់។ ផែនការនេះមានគោលបំណងបង្កើតយន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការជំរុញបន្ថែមនូវការបំលាស់ទីរបស់ប្រជាជន។ ដោយសារគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយមានគោលដៅរួមជាមួយអាស៊ាន ប្រទេសអាស៊ានកំពុងតែព្យាយាមចាប់យកកាលានុវត្តភាពតាមរយៈគំនិតផ្តួចផ្តើមនេះ។ ឧទាហរណ៍វេទិកាភ្ជាប់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ត្រូវបានដំណើរការដោយសហព័ន្ធធុរកិច្ចរបស់សិង្ហបុរី និងសហគមន៍សហគ្រាសចិនក្នុងខែសីហា ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះមានគោលបំណងជួយសម្របសម្រួល និងតភ្ជាប់ក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងផ្តល់សេវាជំនាញ និងវិជ្ជាជីវៈផ្សេងៗ ឲ្យទៅក្រុមហ៊ុនដែលអនុវត្តគម្រោងក្នុងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ កម្មវិធីមួយទៀត គឺកម្មវិធីដែលរៀបចំដោយអាស៊ាន គឺច្រកចេញចូលតែមួយ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរឯកសារទាក់ទងជាមួយនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក្នុងចំណោមសមាជិក អាស៊ាន។ សរុបជារួម គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ក៏ដូចសហប្រតិបត្តិការ Mekong-Lancang និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ានភាគច្រើន ជាកិច្ចសហប្រតិបត្តិការបំពេញបន្ថែមឲ្យគ្នា។
តើប្រទេសណាខ្លះដែលជាសមាជិករបស់ BRI នេះ? ហើយថាតើ BRI នេះ បានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះទៅលើបណ្ដាប្រទេសសមាជិក?
វាគ្មិន៖ គិតមកដល់បច្ចុប្បន្ន មានប្រទេសចំនួន ១៣៨ហើយ ដែលបានចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ហើយចំនួននេះនឹងអាចបន្តកើនឡើងទៀត ប្រសិនបើគំនិតផ្តួច
ផ្តើម នេះផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិក។ ក្នុងអំឡុងឆ្នាំ២០១៥ ទៅ២០១៦ ឧស្សាហកម្មដែកថែបរបស់ចិនបានមានកំណើនរហូតដល់ ១,១ ពាន់លានតោន ដែលចំនួននេះមានប្រមាណពី ៣០០ ទៅ ៤០០ លានតោន លើសផលិតកម្មដែកថែបរបស់ជប៉ុន និងសហរដ្ឋអាមេរិកបូកបញ្ចូលគ្នា។ ផលិតកម្មលើសក្នុងឧស្សាហកម្មដែកថែបនឹងធ្វើឲ្យតម្លៃដែកថែបនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ។ ប្រាកដណាស់ ឥទ្ធិពលរបស់ប្រទេសចិននឹងរីកសាយភាយតាមប្រទេសដែលជាសមាជិកនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន ក៏ដូចជាការចែករំលែកបទពិសោធន៍អភិវឌ្ឍប្រទេស ដែលអ្នកជំនាញមួយចំនួនបានហៅថាជា China’s Model ហើយអ្នកវិភាគភាគច្រើនបានផ្គូរផ្គង China’s Model នេះជាមួយនឹងគំរូសេដ្ឋកិច្ចបែបបស្ចិមលោក ដែលត្រូវបានគេហៅថា Washington Consensus។ ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រទេសភាគច្រើនដែលចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គឺជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលភាគច្រើនមានទីតាំងនៅចន្លោះរវាងមហាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងនៅអាស៊ីខាងកើត និងអឺរ៉ុបខាងលិច។ ប្រទេសអភិវឌ្ឍន៍ទាំងនោះមិនអាចមានហេដ្ឋារចនាសម្ព័ន្ធល្អឥតខ្ចោះ ដោយសារកង្វះខាតការ
គាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសមត្ថភាពក្នុងការសម្រប់សម្រួលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ចំណុចខ្វះខាតទាំងអស់នេះហើយ បានអនុញ្ញាតឲ្យប្រទេសចិនបំពេញនូវចំណុចខ្វះខាតខាងលើនេះ ដែលកាន់តែពង្រឹងឥទ្ធិពលរបស់ចិនបន្ថែមទៀតនៅតាមបណ្តាប្រទេសជាសមាជិកនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ។
ងាកមកមើលប្រភពហិរញ្ញវត្ថុរបស់គំនិតផ្តួចផ្តើមនេះវិញម្តង យើងឃើញថាចិនបានបង្កើតឲ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank (AIIB)។ មានមតិមួយចំនួនបានលើកឡើងថា ធនាគារ AIIB ត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងនឹងធនាគារពិភពលោក (World Bank) ដោយផ្តល់នូវភាពទាក់ទាញជាច្រើនដល់ប្រទេសជាសមាជិក។ តាមយោបល់របស់ លោកបណ្ឌិត តើ លោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចដែរទៅលើមតិទាំងនោះ?
វាគ្មិន៖ ប្រភពហិរញ្ញវត្ថុដែលគាំទ្រគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ មិនទទួលបានតែពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីផ្តាច់មុខនោះទេ ដែលប្រភពហិរញ្ញវត្ថុនោះយកមកប្រើសម្រាប់ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ស្ពាន ថ្នល់ បំពង់បង្ហូរប្រេង និងឧស្ម័ន បណ្តាញ
បញ្ចូនអគ្គិសនី និងទូរគមនាគមន៍ជាដើម។ មូលនិធិគាំទ្រគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ កើតចេញពីមូលនិធិជាច្រើនដូចជា មូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគចិន ហើយ
ក្រុមហ៊ុនចិននានាក៏បានផ្តល់ហិរញ្ញវត្ថុផងដែរ រួមបញ្ចូលទាំងធនាគារដែលចេញពីបណ្តាប្រទេស BRICs ដែលបានជម្រាបជូនក្នុងសំណួរទី១កន្លងមក។ កាន់តែច្បាស់ទៀត ការអនុវត្តគម្រោង
តភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយគម្រោងខ្សែរថភ្លើងសឹង្ហបុរី-គុនមីញ ត្រូវបានផ្តល់
មូលនិធិដោយធនាគារអភិវឌ្ឍអាស៊ី (ADB)។ គួររំឮកផងដែរថា តម្រូវការមូលនិធិសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី តាមការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា
វិទ្យាស្ថានសម្រាប់អភិវឌ្ឍអាស៊ី បានប៉ាន់ស្មានថា សម្រាប់ឆ្នាំ ២០២០ មានចំនួនរហូតដល់ ៧៣០ពាន់លានដុល្លារ ដែលចំនួននេះ សមត្ថភាពសម្រាប់ផ្តល់ហិរញ្ញប្បទានរបស់ធនាគារធំៗមួយចំនួន មិនមានលទ្ធភាពផ្តល់ឲ្យបានទេ។ ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច ខ្ញុំយល់ថាធនាគារទាំងអស់គួរតែធ្វើការរួមគ្នា ទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារពិភពលោកគួរតែចូលរួមគ្នាធ្វើការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ដូចដែលធនាគារអភិវឌ្ឍន៍អាស៊ីបានអនុវត្តកន្លងមក។
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា អ៊ុំ កន្និកា