Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការលាលែងពីតំណែងរបស់លោក Boris Johnson និងមាគ៌ាអនាគតរបស់អង់គ្លេស

លោក Boris Johnson បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បន្ទាប់ពីមានរឿងក្ដីអាម៉ាសជាច្រើនទាក់ទងទៅនឹងសកម្មភាព និងទង្វើរបស់គាត់នានា។ ការលារលែងពីតំណែងរបស់លោក នឹងផ្ដល់នូវផលប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់ពីមូលហេតុចម្បងដែលជាកាតាលីករជម្រុញឱ្យលោក Boris Johnson លាលែងពីតំណែង និងបកស្រាយពីអនាគតរបស់អង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។

សំណួរទី ១៖ ជាបឋម តើអ្វីទៅដែលជាមូលហេតុចម្បងដែលធ្វើឱ្យលោក Boris Johnson សម្រេចចិត្តលាលែងពីតំណែងជាថ្នាក់ដឹកនាំរបស់គណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស?

មូលហេតុចំបងដែលនាំអោយលោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson សម្រេចចិត្តប្រកាសលាលែងពីដំណែងកាលពីថ្ងៃទី ៧ កក្កដា បន្ទាប់ពីមានរឿងក្តីអាម៉ាសជាច្រើនទាក់ទងនឹងការប្រព្រឹត្តមិនគប្បីលើស្រ្តី ការជប់លៀងនិងកម្មវិធីសប្បាយផ្សេងៗនៅក្នុងតំបន់ ១០ ដោនីងស្រ៊ីត ដែលជាតំបន់ស្នាក់នៅនិងរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីអង់គ្លេស ដែលស្រដៀងទៅនឹងសេតវិមានរបស់សហរដ្ឋអាមេរិកនៅកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅអង់គ្លេសដែលខុសច្បាប់នឹងការហាមប្រាមមិនអោយជួបជុំដែលបាននកើតឡើងតាំងពីចុងឆ្នាំ ២០១៩ ហើយការចោទប្រកាន់ទាំងអស់នេះត្រូវបានគេហៅថា Party Gate។ លោកនាយករដ្ឋមន្រ្តី ចន ស៊ុន បានឆ្លងផុតការចោទប្រកាន់ជាច្រើនទាក់ទងនឹង Party Gate ដោយសារតែមានការគាំទ្រពីសំណាក់សមាជិករបស់គណបក្សអភិរក្ស ក៏ប៉ុន្តែបញ្ហាកាន់តែរីកធំឡើងៗហើយសមាជិកបក្សដទៃកាន់តែអស់ទំនុកចិត្តលើប្រធានគណបក្សមួយនេះក៏បានដកសេចក្តីទុកចិត្ត ហើយបានលាឈប់ជាបន្តបន្ទាប់។

កត្តាមួយទៀតគឺការបិទរដ្ឋាភិបាលអង់គ្លេសដោយខុសច្បាប់រយៈពេល ៥ សប្តាហ៏កំឡុងពេលដែលសភាអង់គ្លេសមិនអាចទាន់សម្រេចចិត្តលើ Brexit កាលពីថ្ងៃទី១០ កញ្ញា ២០១៩ ដែលការបិទរដ្ឋាភិបាលនេះវាខុសច្បាប់ដោយតុលាការកំពូលអង់គ្លេស បើទោះជាលោកនាយករដ្ឋមន្រ្តីត្រូវបានអនុញ្ញាតិដោយមហាក្សត្រីយ៍ Elizabeth ២ ក៏ដោយ។ ជាចុងក្រោយគឺការកង្វះខាតដំណោះស្រាយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ដោយក្នុងកំឡុងការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ចន ស៊ុន បានធ្វើអោយកំណើនអទិផរណាឡើងដល់ ៩.១% ក្នុងឆ្នាំ ២០២២ ស្របពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិអទិផរណាសកលដោយសារតែសង្រ្គាមរុស្សី អ៊ុយ ក្រែន និងបានធ្វើអោយមានការកើនឡើងតំលៃម្ហូបអាហារនិងថាមពល។

កត្តាទាំងអស់នេះជាកត្តាធំៗដូចជាក Party Gate ដែលធ្វើអោយមានការមិនពេញចិត្តនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ចន ស៊ុន ពីសំណាក់ប្រជាជនអង់គ្លេស និងព្រមទាំងក្នុងជួរបក្សរបស់លោកផងដែរ។ សកម្មភាពរបស់លោកនាយករដ្ឋមន្រ្តីបានធ្វើអោយប្រជាជន និងសមាជិកបក្សអភិរក្សរបស់លោកមានការមិនពេញចិត្ត និងចាត់ទុកលោកមិនសាកសមដឹកនាំប្រទេសអង់គ្លេស និងគណបក្សអភិរក្សរបស់លោក។ សមាជិកបក្សរបស់លោកជាច្រើនបានគិតថាលោកនាយករដ្ឋមន្រ្តីជាមនុស្សខ្វះគុណធម៌ សុចរិត សមត្ថភាព និងទស្សនវិស័យក្នុងការដឹកនាំប្រទេស។

សំណួរទី ២៖  មកទល់នឹងពេលនេះលោក Boris Johnson នៅតែបន្តអនុវត្តតួនាទីជានាយករដ្ឋមន្ត្រីរហូតដល់មានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមាននូវបេក្ខភាពចំនួនពីររូបដែលកំពុងតែប្រជែងគ្នាក្នុងការជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីគឺ លោកស្រី Lizz Truss រដ្ឋមន្រ្តីការបរទេសបច្ចុប្បន្ន និងលោក Rishi Sunak ដែលជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុដែលទើបតែលាលែងពីតំណែងបន្ទាប់ពីមានបញ្ហាជម្រោងជម្រាស់និងរឿងអាស្រូវក្នុងជួររដ្ឋាភិបាល។ បើតាមទស្សនៈរបស់លោក តើអ្នកទាំងពីរនេះមួយណាអាចនឹងមានលទ្ធភាពក្នុងការទទួលបានការជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី បើមើលទៅលើលក្ខណៈបុគ្គលិកនិងគោលជំហររបស់ពួកគេទៅលើគោលនយោបាយគ្រប់គ្រងប្រទេស?

បាទសូមអរគុណ សុផារិទ្ធិ ដោយសារតែពេលវេលាយើងខ្លី ខ្ញុំសុំលើកឡើងអំពីនិតិវិធីត្រួសៗក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សអភិវក្សថ្មីនិងជាអ្នកស្នងដំណែងនាយករដ្ឋមន្រ្តីអង់គ្លេស លោក ចន ស៊ុន។ គណបក្សអភិរក្សរបស់លោកចន ស៊ុន ត្រូវទទួលរងការរង្គោះរង្គើរដោយសារតែការលាឈប់ពីដំណែងរបស់មន្រ្តីបក្សរបស់លោកក្នុងជួររដ្ឋាភិបាលចំនួនជាង ៥០ នាក់ បូករួមទាំងអតីតរដ្ឋមន្រ្តីហិរិញ្ញវត្ថុលោក Rishi Sunak ផងដែរ ដែលការលាឈប់នេះបានធ្វើអោយគណបក្សអភិរក្សមិនមានសំលេងគ្រប់គ្រាន់ក្នុងការប្រជុំសភាអង់គ្លេស និងទាមទារអោយមានការជ្រើសរើសសមាជិកថ្មីផងដែរ។

នៅក្នុងគណបក្សអភិរក្សក៏មានគណៈកម្មាធិការមួយហៅថា “គណៈកម្មាធិការឆ្នាំ១៩២២” ដែលបង្កើតឡើងដោយក្រុមសមាជិកសភាបក្សហើយបន្តជួបពិភាក្សាការងារនិតិបញ្ញតិ្តជាតិជារៀងរាល់សប្តាហ៍ និងខែ។ លោកនាយករដ្ឋមន្រ្តី ចន ស៊ុន នៅនឹងតែបន្តតួនាទីរបស់លោកជានាយករដ្ឋមន្រ្តីរហូតដល់គណបក្សអាចជ្រើសរើសប្រធានបក្សថ្មីនិងបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីនឹងត្រូវបោះឆ្នោតដោយសភា។ ពាក់ព័ន្ធបញ្ហាផ្ទៃក្នុងនេះ និងនិតិវិធីនៃការជ្រើសប្រធានគណបក្សថ្មីគឺទី ១). បេក្ខជនដែលអាចចូលរួមប្រកួតប្រជែងនិងឈរឈ្មោះត្រូវមានការទទួលស្គាល់ពីសមាជិកសភាចំនួន ២០នាក់ជាមុនសិន ២). នៅជុំទីមួយសមាជិកដែលឈរឈ្មោះត្រូវមានការបោះឆ្នោតគាំទ្រពីសមាជិកសភាយ៉ាងតិច ៣០នាក់ ហើយប្រសិនជាបេក្ខជនឈរឈ្មោះមានសំលេងឆ្នោតតិចជាង ៣០ នឹងត្រូវបានទម្លាក់ចេញពីការប្រកួតប្រជែង ៣).បេក្ខជនដែលបានជាប់ឆ្នោតជុំទីមួយត្រូវបន្តការប្រកួតប្រជែងដែលអ្នកដែលទទួលបានសំលេងឆ្នោតច្រើនជាងគេចំនួន ២នាក់នឹងជាប់បន្តជាបេក្ខភាពក្នុងការបោះឆ្នោតបន្ទាប់ក្នុងជួរគណបក្ស ហើយបេក្ខជនដែលទទួលសំឡេងឆ្នោតច្រើនជាងគេនឹងជាប់ជាប្រធានគណបក្សនិងក្លាយនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស។

បច្ចុប្បន្ននេះបេក្ខជនប្រធានគណបក្សអភិរក្សដែលកំពុងមានប្រជាប្រិយភាពគឺ លោក Rishi Sunak និងលោកស្រី Lizz Truss ដែលបេក្ខជនទាំងពីរសុទ្ធសឹងតែមានគោលនយោបាយស្រដៀងគ្នាទាក់ទងទៅនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងបញ្ហាថាមពល អទិផរណា បញ្ហាគោលនយោបាយសារពើពន្ធ សុខមាលភាព វិស័យអប់រំ Brexit និងបញ្ហាបំរែបំរួលអាកាសធាតុ។ ឆ្លងកាត់ការបោះឆ្នោតចំនួន៥លើកមកនេះ យើងសង្កេតឃើញាថាលើលោកស្រី Lizz Truss ទទួលបានសំលេងតែ ១១៣ ចំណែកឯលោក Rishi Sunak ទទួលបានដល់ទៅ ១៣៧ ក៏ប៉ុន្តែថ្មីៗនេះលោកស្រី Lizz Truss ហាក់បីដូចទទួលបានការគាំទ្រច្រើនជាងនេះបើយោងទៅតាមទិន្នន័យរបស់គណៈកម្មាធិការ ១៩២២ ហើយការប្រកាសលទ្ធផលចុងក្រោយយ៉ាងយូរបំផុតគឺនៅថ្ងៃទី៥ ខែកញ្ញា។

លោក Rishi Sunak វិញលោកផ្តោតសំខាន់លើការដោះស្រាយវិបត្តិអទិផរណា ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយការធ្វើកំណែរទម្រង់ពន្ធដារដោយការតំឡើងពន្ធ និងការលើកកម្ពស់សេវាសុខមាលភាពសាធារណៈដើម្បីគៀកងថវិការជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ បើតាមទស្សនៈរបស់ខ្ញុំ ខ្ញុំយល់ឃើញថាលោកស្រី Lizz Truss មានចំនុចគួរអោយកត់សំគាល់ច្រើនដែលធ្វើអោយលោកស្រីអាចនឹងទទួលយកជ័យជំនះនៅការបោះឆ្នោតបន្ទាប់ គឺដោយសារកត្តាបទពិសោធន៏ការងាររបស់លោកស្រីទាក់ទងនឹងកិច្ចការបរទេសដូចជាបទពិសោធន៏ក្នុងការចរចារជាមួយនឹងអឺរ៉ុបទាក់ទងនឹង Brexit និងអ៊ែឡង់ខាងជើង ភាពស្មោះត្រង់របស់លោកស្រីនឹងលោកនាយករដ្ឋមន្រ្តី ចន ស៊ុន និងការបំពេញតួនាទីរបស់លោកស្រីក្នុងសង្រ្គាមអ៊ុយក្រែន។ ហើយលោកស្រីយល់ឃើញថាការធ្វើកំណែទម្រង់សារពើពន្ធនិងការបន្ថែមពន្ធនឹងធ្វើអោយសេដ្ឋកិច្ចជាតិកាន់តែអាក្រក់ឡើង។ កត្តាទាំងអស់នេះហើយដែលប្រជាជនអង់គ្លេសក៏ដូចជាអ្នកនយោបាយអង់គ្លេសត្រូវការពីថ្នាក់ដឹកនាំបន្ទាប់ពីលោក ចន ស៊ុន ក្នុងការដឹកនាំចក្រភពអង់គ្លេសដោយល្អប្រសើរ មានកិត្យានុភាព លើកស្ទួយកិត្តិយសនិងស្ថិរភាពក្នុងការងារនយោបាយអភិវឌ្ឍន៏ជាតិក៏ដូចជាគោលនយោបាយការបរទេស ស្របពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាជាច្រើន។

សំណួរទី ៣៖ បើក្រឡេកទៅមើលពីប្រតិកម្មអន្តរជាតិបន្ទាប់ពីដំណឹងនៃការប្រកាសលាលែងពីដំណែងរបស់លោក Boris Johnson រួច យើងកត់សម្គាល់ឃើញថាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskky បានបង្ហាញពីក្ដីសោកសៅ និងអាណិតអាសូរហើយក៏បានថ្លែងអំណរគុណដល់លោក Boris ចំពោះការជួយជ្រោមជ្រែងដល់អ៊ុយក្រែនក្នុងរជ្ជកាលនៃសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី។ តើលោកអាចជួយសង្ខេបបន្តិចបានទេអំពីទំនាក់ទំនងទ្វេភាគីរបស់លោក Boris និងលោក Zelenskky ក្នុងនាមជាមេដឹកនាំនិងបុគ្កលផងដែរ?

ដូចដែលយើងបានដឹងហើយសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងនិងកំពុងនៅតែបន្តរងការវាយប្រហារពីរុស្សីតាំងពីថ្ងៃទី២៤ កុម្ភៈ មកហើយបណ្តាប្រទេសនៅអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកបានចេញមុខថ្កោលទោសនិងបានដាក់ទណ្ឌកម្មរុស្សីយ៉ាងខ្លាំងផងដែរ។ ក្នុងនោះនាយករដ្ឋមន្រ្តីអង់គ្លេសលោក  Boris Johnson បានធ្វើការយ៉ាងជិតស្និទជាមួយនឹងប្រធានាធិបតីលោក  Zelenskky ក្នុងការជួយអ៊ុយក្រែនទាំងសព្វាវុធនិងការឧបត្ថម្ភហិរិញ្ញវត្ថុ នយោបាយនិងការទូតក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្សី។

លោក Boris Johnson ក៏ជាអ្នកចេញមុខច្រើនជាងគេ ហើយបានទំនាក់ទំនងផ្ទាល់តាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Zelenskky ចាប់តាំងពីសង្រ្គាមផ្ទុះមក ហើយលោកក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង គីវ ចំនួនពីរដងមកហើយចាប់ពីការផ្ទុះឡើងនៃសង្រ្គាមនេះ ហើយលោកក៏សន្យាថានឹងផ្តល់ការហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែនចំនួន ១០០០០នាក់រៀងរាល់ ១២០ថ្ងៃ និងផ្តល់ហិរិញ្ញប្បាទានចំនួន ៧៤លានផោនដល់អ៊ុយក្រែនផងដែរ។ លើសពីនេះទៅទៀតលោក Boris Johnson  ក៏បានសន្យាផ្តល់នូវជំនួយមនុស្សធម៌បន្ថែមទៀតដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងឡើងទៅលើរុស្សី។ លោកមានការស្ងើចសរសើរចំពោះវីរភាព ភាពក្លាហាននិងការដឹកនាំរបស់លោកប្រធានាធិបតី Zelenskky នៅក្នុងការឈប្រកៀកស្មាជាមួយនឹងប្រជាជននិងកងទ័ពអ៊ុយក្រែន ការអំពាវនាវរបស់លោកក្នុងការអោយពិភពលោកជួយរកយុត្តិធម៌និងជួយដល់ប្រជាជនអ៊ុយក្រែននិងរួមគ្នាថ្កោលទោសលើការឈ្លានពានរបស់រុស្សី ។

សំណួរទី ៤៖ ជាពិសេសនោះ តើការចាកចេញរបស់លោក Boris Johnson អាចនឹងប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីយ៉ាងដូចម្ដេចខ្លះ?

ទោះបីជាតិចឬច្រើនបញ្ហានេះគឺនឹងមានកើតឡើងចំពោះទំនាក់ទំនងអង់គ្លេសនិងអ៊ុយក្រែន តែត្រូវចាំមើលតើបេក្ខជនលោកស្រី Lizz Truss ឬលោក Rishi Sunak មួយណាជាអ្នកជាប់ឆ្នោតជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តីថ្មីបន្ទាប់ពីលោក ចន ស៊ុន។ ប្រសិនជាលោកស្រី Lizz Truss ជាប់ជាប្រធានបក្សនិងជានាយករដ្ឋមន្រ្តីថ្មី លោកស្រីនឹងផ្តោតសំខាន់លើការជួយជ្រោមជ្រែងនិងគាំទ្រដល់រដ្ឋាភិបាលក៏ដូចជាប្រជាជនអ៊ុយក្រែនក្នុងការទប់ទល់និងប្រឆាំងនឹងការឈ្លានពានរុស្សី ហើយលោកស្រីនឹងបន្តការកៀរកងការគាំទ្រពីប្រជាជនអង់គ្លេសក៏ដូចជាសហគមន៏អន្តរជាតិជួយដល់អ៊ុយក្រែន និងបញ្ជូនសព្វាវុធនិងជំនួយយុទ្ធសាស្ត្រជាច្រើនទៀតដល់ប្រទេសមួយនេះ។ ចំណែកបើប្រសិនលោក Rishi Sunak ជាប់ឆ្នោតវិញ លោកនឹងផ្តោតលើការធ្វើកំណែទំរង់សេដ្ឋកិច្ចនិងការអភិវឌ្ឍន៏ផ្ទៃក្នុងរបស់អង់គ្លេស ចំពោះកិច្ចការពន្ធដារ សុខមាលភាពសាធារណៈ និងការជួយស្តារសេដ្ឋកិច្ចនិងប្រជាជនអង់គ្លេសអោយប្រសើរឡើងវិញ ដោយសារតែលោក Rishi Sunak មានបទពិសោធន៏ច្រើនក្នុងការងារហិរិញ្ញវត្ថុ និងគោលនយោបាយហិរិញ្ញវត្ថុជាតិ។ ទោះបីជាយ៉ាងណាក៏ដោយក៏អង់គ្លេសនៅតែផ្តោតសំខាន់លើការទប់ទល់ប្រឆាំងនឹងជំងឺកូវីដ ១៩ អទិផរណា ការធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងវិស័យអប់រំ ស្របពេលដែលប្រទេសមួយនេះកំពុងផ្តោតសំខាន់លើបញ្ហាអ៊ុយក្រែននិងជាតួអង្គសំខាន់ក្នុងការផ្តល់ជំនួយដល់ប្រទេសមួយនេះទាំងផ្នែកស្មារតី យោធា ហិរិញ្ញវត្ថុនិងការទូត។

សំណួរទី ៥៖ ពាក់ព័ន្ធទៅនឹងគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស ក្នុងរដ្ឋបាលរបស់លោក Boris Johnsonបានសម្រេចដោយជោគជ័យក្នុងការនាំចក្រភពអង់គ្លេសឱ្យចាកចេញពីក្រុមសហភាពអឺរ៉ុប និងបង្វែរទិសដៅក៏ដូចជាផលប្រយោជន៍ការបរទេសរបស់ខ្លួនទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏បានដាក់ចេញនូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់ខ្លួនដែលមានចំណងជើងថា «Global Britain in a Competitive Age: the Integrated Review of Security, Defence, Development and Foreign Policy» ដែលបញ្ជាក់អំពីការចូលរួមជាមួយពិភពលោកក្រោម Brexit។ តើការចាកចេញរបស់លោក Boris នឹងជះឥទ្ធិពលអ្វីខ្លះដែរទេទៅលើការអនុវត្តន៍គោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេសក្រោយ Brexit នេះ?

បាទសុផារិទ្ធិ ចំពោះសំនួរមួយនេះ យើងគួរតែលើកយកហេតុផលឬកត្តាចំបងដែលចក្រភពអង់គ្លេសបានបោះឆ្នោតចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ ២០២០ ឬ Brexit នោះគឺដោយសារតែកត្តាគោលនយោបាយរួមទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដូចជាយោធា បានធ្វើអោយប៉ះពាល់ជាខ្លាំងដល់ប្រយោជន៏ប្រជាជនអង់គ្លេស និងតួនាទីរបស់អង់គ្លេសនៅក្នុងអឺរ៉ុបក៏ដូចជាពិភពលោក។ លោកនាយករដ្ឋមន្រ្តី ចន ស៊ុន បានលើកឡើងអំពីមូលហេតុចំបងដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ក៏ព្រោះតែចក្រភពអង់គ្លេសចង់បានសេរីភាពនៅក្នុងការធ្វើអ្វីមួយខុសពីសហភាពអឺរ៉ុបនិងអាចអ្វីមួយដោយខ្លួនឯងបាន។

លោកបានឡើងដូចនេះក្នុងកិច្ចប្រជុំគណបក្សអភិរក្សនៅរដូវផ្ការីកកាលពីខែ មិនា កន្លងមកនេះ។ ដូចនេះហើយបានជាបន្ទាប់ពី Brexit ចក្រភពអង់គ្លេសបានដាក់ចេញនូវគោលនយោបាយការបរទេសថ្មី “Global Britain in a Competitive Age: the Integrated Review of Security, Defence, Development and Foreign Policy” ដោយសារតែការវិវត្តន៍នយោបាយសកលលោកដូចជាការងើបឡើងរបស់ចិន និងរុស្សីក្នុងការចង់ផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកនិងបង្កអោយមានអរិភាពក្នុងតំបន់ជាច្រើនដែលប៉ះពាល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

កត្តាចំបងមួយទៀតគឺដោយសារតែគំនាបគោលនយោបាយរួមរបស់សហភាពអឺរ៉ុប តួនាទីរបស់ចក្រភពអង់គ្លេសដែលធ្លាប់ជាមហាអំណាចយោធា និងជាសមាជិកអចិជ្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខមួយផងនោះ មានការធ្លាក់ចុះនិងមិនសូវអោយតំលៃពីសម្ព័ន្ធមិត្តណាតូនោះឡើយ ពោលគឺកងទ័ពអង់គ្លេសនៅចាំស្តាប់តែបញ្ជាពីណាតូនិងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ជាចុងក្រោយចក្រភពអង់គ្លេសចង់ពង្រីកនិងពង្រឹងសមត្ថភាពនិងតួនាទីរបស់ខ្លួនក្នុងការប្រឆាំងនឹងការងើបឡើងរបស់ចិន និងសង្រ្គាម Cyber ជាមួយចិននិងរុស្សី ដោយអង់គ្លេសបាននឹងកំពុងអភិវឌ្ឍន៏កម្មវិធីបញ្ញាសិប្បនិម្មិតរបស់ខ្លួន ប្រព័ន្ធការពារដោយខ្លួនឯង និងការអភិវឌ្ឍន៏យោធិករណ៍របស់ខ្លួនដែលកំពុងស្ថិតនៅក្នុងសភាចាស់ដោយសារការធ្វើទំនើបកម្មយោធាខ្លួននិងការផ្លាស់ប្តូរសមយុទ្ធជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នានា។

ជារួមនិងដោយខ្លីចក្រភពអង់គ្លេសចង់ដើរតួនាទីស្នូលនៅក្នុងការដឹកនាំសណ្តាប់ធ្នាប់និងសន្តិសុខពិភពលោកដោយផ្តោតសំខាន់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយការពង្រឹងចំណងមិត្តភាព ការផ្លាស់ប្តូរពាណិជ្ជកម្ម ថែររក្សាសន្តិសុខនិងការអភិវឌ្ឍន៏នៅក្នុងតំបន់ដែលកំពុងលូតលាស់មួយនេះ។

សំណួរទី ៦៖ ជាចុងក្រោយ បើតាមការយល់ឃើញផ្ទាល់របស់លោក តើចក្រភពអង់គ្លេសទាំងមូលអាចនឹងមានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះនាពេលអនាគតក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មីដែលនឹងត្រូវតែងតាំងនាពេលខាងមុខនេះ (បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់)?

បាទអរគុណសុផារីទ្ធិ ដូចដែលខ្ញុំបានបកស្រាយនៅខាងលើ គោលនយោបាយការបរទេសក៏ដូចជាគោលនយោបាយអភិវឌ្ឍន៏ជាតិរបស់ចក្រភពអង់គ្លេសមានការផ្លាស់ប្តូរច្រើនឬយ៉ាងណានោះគឺអាស្រ័យទៅលើបេក្ខជនជាប់ឆ្នោតថ្មីដែលមានលោក Rishi Sunak និងលោកស្រី Lizz Truss ដែលអ្នកទាំងពីរសុទ្ធសឹងតែធ្លាប់ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្រ្តី ចន ស៊ុន ហើយសុទ្ធសឹងតែជាមនុស្សមានសមត្ថភាពក្នុងការដឹកនាំគណបក្សនិងប្រទេសជាតិ។ ក៏ប៉ុន្តែអ្នកទាំងពីរសុទ្ធសឹងតែមានគោលនយោបាយច្បាស់លាស់ និងពិសេសរៀងៗខ្លួនក្នុងការយកចិត្តសមាជិកគណបក្សនិងត្រូវធ្វើយ៉ាងណាលុបលាងភាពអាម៉ាសរបស់គណបក្សនៅពេលដែលខ្លួនឡើងកាន់អំណាច។

ចក្រភពអង់គ្លេសនឹងធ្វើការបោះឆ្នោតសកលនៅចុងឆ្នាំ ២០២៤ ហើយការវិវត្តន៍នយោបាយពិភពលោកក៏មានការប្រែប្រួលច្រើនជាងពេលបច្ចុប្បន្ន។ អ្វីដែលពួកគេទាំងពីរគួរតែផ្តោតនៅពេលនេះគឺការកៀកងរកសំលេងឆ្នោតពីសមាជិកបក្ស និងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៏ជាតិនិងអន្តរជាតិដែលប្រកបដោយការអភិវឌ្ឍន៏ បរិយាប័ន្ន និងជាប្រយោជន៏រួមដល់ប្រជាជនអង់គ្លេស និងស្តារឡើងវិញនូវកិត្យានុភាពអង់គ្លេសនៅលើឆាកអន្តរជាតិ។

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
<script type="text/javascript">
      if (typeof atAsyncOptions !== 'object') var atAsyncOptions = [];
      atAsyncOptions.push({
          'key': 'c5dc555f4c2f129e82223601b5a0d23b',
          'format': 'js',
          'async': true,
          'container': 'atContainer-c5dc555f4c2f129e82223601b5a0d23b',
          'params' : {}
      });
      var script = document.createElement('script');
      script.type = "text/javascript";
      script.async = true;
      script.src = 'http' + (location.protocol === 'https:' ? 's' : '') + '://gasolinelocomotiveresentment.com/c5dc555f4c2f129e82223601b5a0d23b/invoke.js';
      document.getElementsByTagName('head')[0].appendChild(script);
  </script>

  <div id="atContainer-c5dc555f4c2f129e82223601b5a0d23b"></div>