Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល

សំនួរទី១៖ អ្វីទៅជាផ្លូវសូត្រសុខភាព (Health Silk Road)? ហេតុអ្វីបានជាចិនបង្កើតនូវផ្លូវសូត្រសុខភាពនេះឡើង?​ តើផ្លូវសូត្រសុខភាពនេះ មានអ្វីខុសប្លែកពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនដែរ?

ប្រធានបទ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីមជ្ឈដា្ឋនអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជនជាទូទៅ ផ្លូវសូត្រសុខភាពរបស់ចិន (Health Silk Road) គឺជាផ្នែកមួយដ៏មាន
សារៈសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រធានាធិបតីរបស់ចិន លោក ស៊ី ជីងពីង ដែលលោកបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៣។ ទស្សនទានជុំវិញផ្លូវសូត្រសុខភាពនេះ ត្រូវបានគេរៀបចំឡើងតាំងពីឆ្នាំ២០១៥មកម្លេះ ហើយលោកប្រធានាធិបតី ស៊ី ជីងពីង គាត់បានលើកឡើងអំពីទស្សនទាននេះ ជាលើកទី១ នៅឆ្នាំ២០១៦ នៅប្រទេស Uzbekistan។ ទិសដៅចម្បងនៅក្នុងទស្សនទាននេះ គឺដើម្បី (១) បង្កើតនូវបណ្តាវេទិកាតំបន់កម្រិតជាន់ខ្ពស់សម្រាប់មន្រ្តីសុខភាពសាធារណៈ (២) បង្កើតនូវបណ្តាញសុខភាពសាធារណៈ តាមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន  និងជាការឆ្លើយតប ដែលមានការសម្របសម្រួលជាគោលនយោបាយសាធារណៈ (Public Policy Coordination) ចំពោះបញ្ហាសុខភាពដែលកើតឡើង (៣) គឺការកសាងសមត្ថភាព ទាំងសមត្ថភាពស្ថានប័ន ទាំងសមត្ថភាពជំនាញរបស់មន្រ្តីក៏ដូចជាសមាជិកក្នុងវិស័យសុខភាពសាធារណៈ។ ប៉ុន្តែចាប់តាំងពីការផ្ទុះនូវជំងឺរាតត្បាតសាកលកូវីដ-១៩ ផ្លូវសូត្រសុខភាពនេះត្រូវបានថ្នាក់ដឹកនាំចិនជំរុញកាន់តែខ្លាំង ដែលនេះគឺជាយន្តការដ៏មានសារៈសំខាន់មួយ ដើម្បីជួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ ប្រទេសចិនបានបញ្ជូននូវម៉ាស និងសម្ភារៈសុខាភិបាលជាច្រើនទៅដល់ប្រទេសពាសពេញពិភពលោក។ ការរំលេចចេញកាន់តែញឹកញ៉ាប់ ការជំរុញកាន់តែខ្លាំងនូវគំណិតផ្តូចផ្តើមផ្លូវសូត្រសុខភាពនេះ ជាផ្នែកមួយនៃ គោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់តួនាទីក្នុងការចូលរួមកាន់តែសកម្ម និងប្រកប ដោយការទទួលខុសត្រូវរបស់ចិន នៅក្នុងអភិបាលកិច្ចសាកល ខាងផ្នែកសុខភាពសាធារណៈមួយនេះ។ ម៉្យាងទៀត វាក៏ជាផ្នែកមួយនៃការវាយបកទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្មជំងឺរាតត្បាតសាកលមួយនេះ ក្នុងចេតនាលាបពណ៌ចិន វាយប្រហារចិន ដែលចិនគិតថាជារឿងមួយដែលមិនសមហេតុផល។

សំនួរទី២៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី ឬ BOAO ASIA Forum តាមប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ផ្លូវសូត្រសុខភាពនេះ បានដើរតួនាទីឈានមុខ និងសកម្មនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ តើការចូលរួមប្រឆាំងរបស់ផ្លូវសូត្រសុខភាពនេះ ដំណើរការក្នុងរូបភាពបែបណាដែរ? ហើយកម្ពុជាអាចទទួលបានសារៈប្រយោជន៍អ្វីខ្លះពីយន្តការនេះ?

ជាការពិតណាស់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមវេទិកាបូអាវអាស៊ី (BUAO ASIA Forum) តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ​ «ពិភពលោក មួយមានការប្រែប្រួលរួបរួមគ្នាដើម្បីលើកកម្ពស់នូវអភិបាលកិច្ចសាកល និងជំរុញសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។​ មូលបទនេះមានសារៈសំខាន់នៅក្នុងបរិបទដែលជំងឺកូវីដ-១៩ កំពុងតែវាយប្រហារជុំវិញពិភពលោក ដោយមានរលកទី២ រលកទី៣ នៅបណ្តាប្រទេសជាច្រើន ហើយប្រភេទវីរ៉ុសដែលបំលែងខ្លួនថ្មីនេះ (New Variants) ជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធសុខភាពសាធារណៈទាំងអស់ជុំវិញពិភពលោក។ តុល្យភាពចុងក្រោយ យើងដឹងថា កូវីដ-១៩នេះ កំពុងតែកើនឡើងយ៉ាងខ្លាំង ដែលមានអត្រាអ្នកដែលទទួលរងនូវការវាយប្រហារពីជំងឺនេះ ឈានទៅដល់ជាង ១៥២លានករណី ហើយអត្រាមរណភាពក៏មានខ្ពស់ដែរ មកដល់ពេលនេះ មនុស្សជាង ៣លាននាក់បានបាត់បង់ជីវិត ដោយសារជំងឺកាចសាហាវនេះ។ ម្យ៉ាងវិញទៀត ជំងឺនេះក៏បានបង្កនូវវិបត្តិសង្គមសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ពុំធ្លាប់មាននៅក្នុងសតវត្សរ៍ចុងក្រោយនេះ ដែលវិបត្តិទាំងអស់នោះកើតឡើងដោយសារតែការរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាវិធានការបិទខ្ទប់របស់បណ្តាប្រទេសជាច្រើន។ បើតាមការវាយតម្លៃជាបឋម យើងឃើញថា ជំងឺសាកលកូវីដ-១៩នេះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ មកដល់ពេលនេះ យើងបានបាត់បង់នូវផលទុនសរុបសេដ្ឋកិច្ចពិភពលោកប្រមាណជា ៤,៥% ឬស្មើនឹង ៤លានលានដុល្លារសហរដ្ឋអាមេរិក។ ជំងឺរាតត្បាតមួយនេះ ក៏បានបង្កនូវសោកនាដកម្មជាច្រើនដោយសារតែការបាត់បង់នូវសមាជិកគ្រួសារដ៏គួរឲ្យស្រឡាញ់ជាច្រើន និងបញ្ហាសតិអាម្មរណ៍ (Mental Illness) ហើយវិបត្តិនេះក៏ធ្វើឲ្យស្ថានភាពក្រីក្រ ជាពិសេសនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ កាន់តែមានសភាពធ្ងន់ធ្ងរ និងជំរុញឲ្យមាននូវវិសមភាពក្នុងសង្គមជាច្រើន ហើយធ្វើឲ្យ Social Fabric ទទួលរងនូវភាពរំជើបរំជួល។ ដូចនេះ សហគមន៍អន្តរជាតិត្រូវការចាំបាច់ណាស់នូវការលើកកម្ពស់សហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ ក៏ដូចជាត្រៀមលក្ខណៈសម្រាប់ផែនការសកម្មភាពសេដ្ឋកិច្ចសង្គមក្រោយវិបត្តិសុខភាពសាធារណៈនេះ។ ដូចដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា «គ្មានប្រទេសណាមួយមានសុវត្ថិភាពទេ លើកលែងតែប្រទេសទាំងអស់មានសុវត្ថិភាព» ទើបបានជា សម្តេចនាយក ក៏បានវាយតម្លៃខ្ពស់ នូវការប្តេជ្ញាចិត្ត ក៏ដូចជាការចូលរួមរបស់ប្រទេសចិន នៅក្នុងការលើកកម្ពស់អភិបាលកិច្ចសុខភាពសាកល ជាពិសេសគឺតាមការអនុវត្តនូវផែនការសកម្មភាពផ្លូវសូត្រសុខភាពនេះ។

ចំពោះកម្ពុជាវិញ យើងទទួលបានជោគជ័យនៅក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ពេញមួយឆ្នាំ២០២០ ប៉ុន្តែចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១នេះ ពោលគឺចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ កន្លងទៅនេះ យើងឃើញមានការលោតឡើងនូវករណីថ្មី ដែលមកដល់ពេលនេះយើងមានជាង ១៣.០០០ ជិត ១៤.០០០ ករណីរួចទៅហើយ រីឯករណីស្លាប់ក៏មានដល់ ៩៦ករណីផងដែរ។ ប៉ុន្តែចំណុចវិជ្ជមានមួយនោះ គឺកម្ពុជាយើងបានអនុវត្តនូវកម្មវិធីចាក់វ៉ាក់សាំង ដែលយើងបានប្រព្រឹត្តទៅយ៉ាងលឿន បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង ដោយកម្ពុជាចាញ់តែសឹង្ហបុរីមួយទេពាក់ព័ន្ធនឹងល្បឿននៃការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។ មកដល់ពេលនេះ វ៉ាក់សាំងចំនួន ៤លានដូស ត្រូវបានចាក់ជូនប្រជាពលរដ្ឋរបស់យើង ហើយប្រសិទ្ធភាពនៃកម្មវិធីផ្តល់វ៉ាក់សាំងនេះ គឺមិនអាចកើតឡើងប្រសិនបើគ្មានការជ្រោមជ្រែង ក៏ដូចជាជំនួយពីរដ្ឋាភិបាល និងប្រជាជនចិន មកដល់ពេលនេះ យើងទទួលបាននូវជំនួយឧបត្ថម្ភចំនួន ១,៧ លានដូសនៃវ៉ាក់សាំង Sinopharm ពីចិន។ ក្រៅពីចិន យើងក៏ទទួលបានវ៉ាក់សាំងតិចតួចពី COVAX Facility ប្រមាណជាង ៣២ម៉ឺនដូស។ កម្ពុជាក៏បានធ្វើការបញ្ជាទិញពីក្រុមហ៊ុន និងបណ្តាប្រទេសដទៃទៀត ប៉ុន្តែហាក់ដូចជាពុំមាននូវចម្លើយជាវិជ្ជមាននៅឡើយ។ នៅក្នុងស្ថានភាពដ៏ស្រួចស្រាលនេះ ខ្ញុំគិតថា ការធ្វើតេស្តកូវីដលឿន (Rapid Test) ការផ្តល់ការចាក់វាក់សាំងតាមដែលអាចធ្វើបាន​ និងការបន្តការអនុវត្តគោលនយោបាយបិទខ្ទប់ នៅពេលដែលចាំបាច់ ជាគន្លឹះសម្រាប់ភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

សំនួរទី៣ ផ្លូវសូត្រសុខភាព ក៏ជាផ្នែកមួយនៃការទូតសុខាភិបាលរបស់ចិនដែរ។ មានមតិមួយចំនួន បានលើកឡើងថា មហាអំណាចចិនបានធ្វើនយោបាយូបនីយកម្មទៅលើការទូតសុខាភិបាលនេះ ដែលធ្វើឲ្យប្រទេសដែលទទួលវ៉ាក់សាំង ឬបរិក្ខារវេជ្ជសាស្រ្តពីចិន អាចនឹងធ្លាក់ក្នុងអន្ទាក់នយោបាយ​ និងសេដ្ឋកិច្ចរបស់ចិន។ ជុំវិញគំនិតនេះដែរ តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្តេចដែរ?

ដូចបានលើកឡើងខាងដើម ជំងឺរាតត្បាតសាកលកូវីដ-១៩ គឺជាបញ្ហាប្រឈមសាកលធ្ងន់ធ្ងរបំផុត ហើយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងនេះ សហគមន៍អន្តរជាតិគួរណាស់រួបរួមកម្លាំង រួបរួមធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួមនេះ។ ជាការគួរឲ្យសោកស្តាយដែលជំងឺកូវីដ-១៩នេះ បានក្លាយទៅជាឧបករណ៍នយោបាយនៃល្បែងទំលាក់កំហុសដាក់គ្នា ដែលព្យាយាមបញ្ឆេះនូវចលនាជាតិនិយម ក៏ដូចជារើសអើងជាតិសាសន៍ នៅបណ្តាប្រទេសមួយចំនួនទៅវិញ។ កិច្ចខំប្រឹងប្រែងស្រដៀងគ្នានេះក៏បាននិងកំពុងកើតឡើងជុំវិញវ៉ាក់សាំងកូវីដ-១៩ ដោយថ្នាក់ដឹកនាំអ្នកនយោបាយមួយចំនួន ដោយព្យាយាមធ្វើតូបនីយកម្មវ៉ាក់សាំងតាមទម្រង់រូបភាពជាច្រើន ដែលចាប់ផ្តើមតាំងពីប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាពនៃវ៉ាក់សាំងរបស់ប្រទេសមួយចំនួន ការចោទប្រកាន់ពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចនិងនយោបាយ នៅពេលដែលប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងពីមហាអំណាច។ មនុស្សជាច្រើន ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ មិនផ្តោតសារៈសំខាន់ទៅលើល្បែងទំលាក់កំហុសដាក់គ្នា ទៅលើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ទៅលើកិច្ចខំប្រឹងប្រែងដើម្បីធ្វើនយោបាយតូបនីយកម្មវ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះទេ អ្វីដែលបណ្តាប្រទេសកំពុងអភិវឌ្ឍយកចិត្តទុកដាក់នោះគឺ ការទទួលបានការជ្រោមជ្រែង ការទទួលបាននូវការឧបត្ថមគាំទ្រជាក់ស្តែង ដើម្បីអនុញ្ញាតអោយរដ្ឋាភិបាលនៃប្រទេសទាំងអស់នោះ ជួយសង្រ្គោះប្រជាជនរបស់ខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្វីដែលយើងចងបាន គឺ
ពហុភាគីនិយមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលអនុញ្ញាតអោយប្រទេសទាំងអស់ ទទួលបាននូវវ៉ាក់សាំងប្រកបដោយតម្លៃគួរសម និងសមធម៌ ដើម្បីធានាគ្មាននរណាមួយ ត្រូវបានគេបោះបង់ចោលនោះទេ។ ប៉ុន្តែក្នុងពេលជាមួយនេះយើងគួរធ្វើការសង្កេតថា តើប្រទេសណាខ្លះដែលនិយាយតិចធ្វើច្រើន តើប្រទេសណាខ្លះនិយាយច្រើនតែធ្វើតិច រឺគេហៅថា Who Talk the Talk? Who Walk the Walk? យើងក៏ធ្វើការកត់សម្គាល់ផងដែរថា តើប្រទេសណាខ្លះ ឬមហាអំណាចណាខ្លះ បាននិងកំពុងលើកកម្ពស់ពហុភាគីនិយមខាងផ្នែកវ៉ាក់សាំង ឬគេហៅថា Vaccine Multilateralism  ហើយប្រទេសណាខ្លះកំពុងជំរុញនូវ
ជាតិនិយមផ្នែកវ៉ាក់សាំង ឬក៏ Vaccine Nationalism ​តាមរយៈធ្វើស្ទុកវ៉ាក់សាំងដ៏ច្រើនហួសហេតុ​ ដែល
វ៉ាក់សាំងជាច្រើនមិនបានប្រើប្រាស់។ សំនួរគឺថា បើប្រទេសទាំងអស់នោះមិនមានគម្រោងប្រើប្រាស់
វ៉ាក់សាំងនោះទេ ហេតុអ្វីបានមិនផ្តល់ ឬលក់ដល់ប្រទេសដែលកំពុងតែត្រូវការវ៉ាក់សាំង ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនឲ្យចេញផុតពីការគំរាមកំហែងអាយុជីវិតពីជំងឺកូវីដ-១៩នេះ។

សំនួរទី៤ ទៅថ្ងៃអនាគត តើអាចទេ ដែលការទូតសុខាភិបាល នឹងក្លាយជាកូនអុកនៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក?

ខ្ញុំគិតថា ការទូតវ៉ាក់សាំងបានក្លាយទៅជាល្បែងថ្មីនៅក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររបស់មហាអំណាចធំៗទាំងឡាយ។ ជាទូទៅចិន ហាក់ដូចជាមានប្រៀបនៅក្នុងការទូតវ៉ាក់សាំងមួយនេះ ដោយសារតែចិនបានផ្តល់នូវជំនួយយ៉ាងច្រើនដល់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ក្នុងពេលដែលប្រទេសអភិវឌ្ឍ និងមហាអំណាចបច្ចឹមលោកជាច្រើន កំពុងតែទទួលរងនូវការវាយប្រហារដោយជំងឺកូវីដ-១៩នេះ។ ជំងឺកូវីដ-១៩នេះក៏បានបង្ហាញនូវភាពទន់ខ្សោយនូវហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈ នៃបណ្តាប្រទេសជាច្រើន ទាំងប្រទេសកំពុងអភិវឌ្ឍ ទាំងប្រទេសអភិវឌ្ឍ។ ដូច្នេះ គំនិតផ្តួចផ្តើមផ្លូវសូត្រសុខភាពនេះ មានសក្តានុពលដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បណ្តាប្រទេសទាំងនោះ។ ផ្លូវសូត្រសុខភាពនេះ នឹងទាក់ទាញនូវការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រនយោបាយពីមហាអំណាចដ៏ទៅទៀត ជាពិសេសពីសហរដ្ឋអាមេរិក ហើយថ្មីៗនេះនៅសហរដ្ឋអាមេរិកបានបង្កើតនូវគំនិតផ្តួចផ្តើមសម្រាប់
សុខភាពសាធារណៈទៅថ្ងៃអនាគតក្នុងក្របខ័ណ្ឌ ASEAN-US Dialogue។ ខ្ញុំគិតថាការលើកឡើងនេះ គឺដើម្បីប្រកួតប្រជែង ជាមួយនឹងឥទ្ធិពលរបស់ប្រទេសចិន ជាពិសេសតាមរយៈវិថី ឬក៏ផ្លូវសូត្រសុខភាពនេះ។

ប្រិយមិត្តអ្នកស្តាប់យើងក៏បានជ្រាបដែរថា ក្នុងកិច្ចប្រជុំកំពូលលើកទី១នៃបណ្តាប្រទេស QUAD ប្រទេសសមាជិក QUAD ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណជា ១ពាន់លានដូស ដល់បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយក្នុងជំនួបនៅថ្ងៃទី១៦ ខែមេសា កន្លងទៅនេះរវាងប្រធាធិបតី Joe Biden នាយករដ្ឋមន្រ្តីជប៉ុន Suga នៅទីក្រុងវ៉ាស៊ីនតោន។ ថ្នាក់ដឹកនាំទាំងពីរ បានបង្កើតនូវគំនិតផ្តូចផ្តើមថ្មីមួយដែលអោយឈ្មោះថា Competitiveness and Resilience (CoRe) ឬក៏ភាពជាដៃគូដើម្បីលើកកម្ពស់នូវភាពប្រកួតប្រជែងឈ្នះ និងភាពធន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅក្នុងវិស័យឌីជីថល បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ក៏ដូចជាសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការកសាង និងការលើកកម្ពស់នូវ Post-COVID Economic Recovery មួយដែលមានលក្ខណៈបរិយាប័ន្ន និងចីរភាព។ ជប៉ុន និងអាមេរិកក៏បានប្តេជ្ញាលើកកម្ពស់ការជួយជ្រោមជ្រែងដល់ Global Vaccination Afford កិច្ចខំប្រឹងប្រែងផ្តល់វ៉ាក់សាំងជាសកលតាមរយៈ COVAX Facility ក៏ដូចជា Access to COVID-19 Tools Accelerator ហើយថ្មីៗនេះ ជប៉ុន ឥណ្ឌា អូស្រ្តាលី ដែលជាប្រទេស QUAD នេះបានបង្កើតនូវ Supply Chance Resilience Initiative មួយក្នុងនោះក៏បានរំលេចអំពីកិច្ចខំប្រឹងប្រែងរបស់មហាអំណាចទាំងបី ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងក៏ដូចជាគ្រឿងបរិក្ខារសុខាភិបាល ដើម្បីកាត់បន្ថយនូវអនុត្តរភាពរបស់ចិននៅក្នុង Regional Supply Chance ទៅលើប្រភេទទំនិញដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តទាំងអស់នេះ។ ការប្រកួតប្រជែងទៅលើការទូតវ៉ាក់សាំង នឹងកើតឡើង ប៉ុន្តែយើងក៏គួរតែទទួលស្គាល់ដែលថាគំនិតផ្តួចផ្តើមទាំងអស់នោះ សុទ្ធតែវាមានចំណុចខ្លាំង និងគុណសម្បត្តិរបស់ខ្លួន ដែលយើងទាំងអស់គ្នាគួរតែស្វាគមន៍។ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​និងប្រទេសកំពុងអភិវឌ្ឍជារួម គួរតែស្វាគមន៍ ហើយខ្ញុំគិតថា មហាអំណាចដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាមហាអំណាចដទៃទៀត សុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន នៅក្នុងការផ្តល់នូវ Global Public Goods ទាំងអស់នេះ ដល់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែមហាអំណាចទាំងអស់នោះគួរតែព្យាយាមកុំយកបញ្ហាសុខភាពសាធារណៈលាយលំទៅនឹង Zero-Sum Game ក្នុងវិស័យភូមិសាស្រ្តនយោបាយ ក៏ដូចជានៅក្នុងការប្រកួតប្រជែងយុទ្ធសាស្រ្តរបស់ខ្លួន ដោយគួរតែចាត់ទុកថាការប្រកួតប្រជែងលើវិស័យសុខភាពសាធារណៈ គឺជាការប្រកួតប្រជែងដោយបម្រើផលប្រយោជន៍មនុស្សជាតិ ជាជាងបម្រើមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន។

វាគ្មិន៖ លោកបណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI)​
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930