សំនួរ៖ ថ្មីនេះ យើងសង្កេតឃើញថា ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើង ជាក់ស្ដែងកាលថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ រុស្ស៊ីបានបណ្ដេញមន្រ្តីការទូតរបស់សហរដ្ឋអាមេរិកចំនួន១០រូប ចេញពីប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋ
អាមេរិកមកលើប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានយោបាយ និងការទូតរវាងប្រទេសទាំងពីរនេះដែល តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្ដេច?
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងយ៉ាងខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះបានដាក់ទណ្ឌកម្មបណ្ដេញអ្នកការទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះ ក៏មានរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការបណ្ដេញនូវអ្នកការទូតចេញពីប្រទេសរៀងៗខ្លួននាពេលថ្មីនេះ អាចនិយាយបានថាជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្មណ៍នៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សំនួរ៖ ងាកមកមើលវត្តមាន និងគោលនយោបាយរបស់រុស្ស៊ីក្នុងអាស៊ាន និងតំបន់មេគង្គវិញម្តង យើងបានសង្កេតឃើញថា ភាគច្រើននៃអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ មិនសូវបានលើកឡើងពីតួនាទី និងទម្ងន់របស់រុស្ស៊ីនៅក្នុងតំបន់មួយនេះទេ បើទោះជាវិស័យបច្ចេកវិទ្យា យោធា អប់រំ និងសុខាភិបាលរុស្ស៊ីក៏កំពុងស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយ។ តើនេះមកពីមូលហេតុអី្វដែល? ហើយតើទម្ងន់របស់រុស្ស៊ី អាចនឹងកើនឡើងជាងមុនដែរឬទេ?
យើងឃើញថានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ តួអង្គសហរដ្ឋអាមេរិក និងចិនជាតួអង្គពីរសំខាន់ ហើយទំនាក់ទំនងសហរដ្ឋអាមរិក-ចិន មានការគ្របដណ្ដប់ទៅលើភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលធ្វើឲ្យតួអង្គផ្សេងទៀតលឹបមុខបាត់ ប្រសិនបើប្រៀបធៀបទៅនឹងតួអង្គទាំងពីរនេះ។ ក្រឡេកមកមើលតួអង្គរុស្ស៊ីនៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគោលនយោបាយរបស់លោកប្រធានាធិបតី Vladimir Putin រុស្ស៊ីបានងៀកមករកតំបន់អាស៊ី ដើម្បីធ្វើកំណែទម្រង់នយោបាយ ការបរទេសរបស់ខ្លួនដោយធ្វើការងាកចេញពីតំបន់អឺរ៉ុបមករកតំបន់អាស៊ី និងស្វែងរកឱកាសក្នុងវិស័យ
សេដ្ឋកិច្ច ក៏ដូចជាតួនាទីសន្តិសុខរបស់ខ្លួននៅក្នុងតំបន់។ ប៉ុន្តែរុស្ស៊ីក៏មានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងសកម្មភាពរបស់ខ្លួន ដោយសារតែរុស្ស៊ីមិនចង់បង្ហាញនូវជំហភូមិសាស្រ្តនយោបាយ និងតួនាទីសេដ្ឋកិច្ចខ្លាំងក្លាពេកទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ពីព្រោះសមត្ថភាពរបស់រុស្ស៊ីនៅមានកម្រិត ហើយរុស្ស៊ីក៏ប្រហែលជាមិនចង់បង្ហាញសញ្ញាទៅដល់ទីក្រុងប៉េកាំង ថាខ្លួនមកតំបន់អាស៊ីអាគ្នេយ៍នេះដើម្បីធ្វើជាគូប្រជែង ឬដណ្ដើមនូវដែនតំបន់ឥទ្ធិពលណាមួយនោះទេ។ ការគិតជាយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយរបស់រុស្ស៊ី អាចនិយាយបានថា តំបន់អាស៊ីអាគ្នេយ៍ គឺជាដែនឥទ្ធិពលរបស់ចិន ដែលជាសម្ព័ន្ធមិត្តដ៏ស៊ីជម្រៅរបស់ខ្លួននាពេលបច្ចុប្បន្ន។ រីឯចិនវិញ ក៏មានការប្រុងប្រយ័ត្នខ្លាំងណាស់ដែលនៅពេលចិនពង្រីក
ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាលក្ដី ឬនៅប្រទេសដែលជាអតីតដែនដីប្រទេសសូវៀតក្ដី ធ្វើយ៉ាងណាកុំឲ្យបញ្ចេញជាសញ្ញាទៅដល់រុស្ស៊ីថា ចិនបាន និងកំពុងពង្រីកនូវឥទ្ធិពលរបស់ខ្លួននៅលើដែនឥទ្ធិពលរបស់រុស្ស៊ី។ យើងឃើញថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន ជាទូទៅមានភាពល្អប្រសើរ និងមានការ
ជំរុញទៅមុខលើវិស័យមួយចំនួន ដូចជាសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គមជាដើម។
ឆ្នាំនេះ កម្ពុជាដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាន-រុស្ស៊ី អាចនឹងជំរុញកិច្ចសហប្រិតបត្តិការ រវាងអាស៊ាន-រុស្ស៊ីទៅមុខតទៅទៀត ហើយក៏កំពុងតែតាក់តែងនូវគោលនយោបាយឆ្នាំ២០២១-២០២៥ ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពក្នុងការជំរុញភាពជាដៃគូអាស៊ាន-រុស្ស៊ី។ ដូច្នេះ កម្ពុជាក៏កំពុងតែដើរតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់រវាងរទំនាក់ទំនងអាស៊ាន-រុស្ស៊ី ផងដែរ។
សំនួរ៖ កាលពីដើមខែមេសា ឆ្នាំ២០២១នេះ កម្ពុជា និងរុស្ស៊ីបានសហការរៀបចំសិក្ខាសាលាមួយតាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរគម្រប់ខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ដែល មានការចូលរួមពីតំណាងជាន់ខ្ពស់ អ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគល្បីរបស់កម្ពុជា និងរុស្ស៊ីជាច្រើន។ ក្នុងរយៈពេល៦៥ឆ្នាំ មកនេះ តើទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ មានការប្រែប្រួល ឬបានប្រព្រឹត្តទៅក្នុងរូបភាពយ៉ាងដូចម្តេចដែរ?
ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅនេះ គឺល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ ហើយយើងឃើញថា ក៏មានការប្រែប្រួលច្រើនដែរនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសតាំងពីសម័យសង្រ្គាមត្រជាក់មកម្លេះ។ នៅក្រោយសង្រ្គាមត្រជាក់ ក៏មានការធ្លាក់ចុះនៃតួនាទីរបស់រុស្ស៊ីនៅក្នុងតំបន់ និងមិនសូវមានសារៈសំខាន់ប៉ុន្មានទេ។ ប៉ុន្តែវត្តមានរបស់រុស្ស៊ីនៅក្នុងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការងើបឡើងវិញដោយសារតែគោលនយោបាយរបស់រុស្ស៊ីបានក្រឡេកមកទ្វីបអាស៊ី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយដ៏សំខាន់ ហើយក៏ជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់ដែរ។ រុស្ស៊ីបានពង្រឹងនូវទំនាក់ទំនងជាមួយនឹងមិត្តភក្ដិចាស់របស់រុស្ស៊ី ជាពិសេសនៅក្នុងតំបន់ឥណ្ឌូចិន ដែលរួមមានកម្ពុជា ឡាវ និងវៀតណាម ហើយទំនាក់ទំនងរវាងរុស្ស៊ី និងតំបន់ឥណ្ឌូចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងន័យភូមិសាស្រ្តនយោបាយ សន្តិសុខ ទំនាក់ទំនងវប្បធម៌ និងសង្គម។ ប៉ុន្តែបើយើងមើលទៅលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺនៅមានកម្រិតទាបនៅឡើយ ដោយយើងសង្កេតឃើញថាចំនួនពាណិជ្ជកម្មទ្វេភាគីមានតម្លៃត្រឹមតែជាង ៦០លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ រីឯ
វិស័យទេសចរណ៍ក៏នៅមានកម្រិតទាបដែរ ហើយភ្ញៀវទេសចរជនជាតិរុស្ស៊ីមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ មានត្រឹមតែជាង ៥ម៉ឺននាក់ ហើយនៅឆ្នាំមុនដោយសារតែបញ្ហានៃការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឲ្យចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ីធ្លាក់មកនៅត្រឹម ២ម៉ឺននាក់ ដែលនេះហើយជាចំណុចខ្សោយជាងគេនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។
សំនួរ៖ នៅក្នុងសិក្ខាសាលានេះ កម្ពុជាយើងបានសំនូមពរឲ្យរុស្ស៊ី ធ្វើការគិតគូចំពោះជំនួយជាវ៉ាក់សាំង មកកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងបន្ទាន់ទៅនឹងជំងឺរាតត្បាតកូវីដ–១៩។ ចំពោះលោកបណ្ឌិតផ្ទាល់ តើសំណើនេះមានប្រសិទ្ធភាពកម្រិតណាដែរ? ហើយតើកម្ពុជាមានហេតុផលអ្វីខ្លះ ដែលគួរឲ្យរុស្ស៊ីផ្តល់នូវវ៉ាក់សាំងមកកម្ពុជា មុនប្រទេសដទៃទៀតក្នុងអាស៊ាន?
បញ្ហានៃការផ្ដល់ជំនួយវ៉ាក់សាំងនេះ គឺជាជម្រើសយុទ្ធសាស្រ្តមួយ ហើយកម្ពុជាបាននឹងកំពុងខំប្រឹងរកទិញនូវវ៉ាក់សាំងពីបណ្ដាប្រទេសផ្សេងៗ រួមទាំងរុស្ស៊ីផងដែរ ប៉ុន្តែយើងឃើញថារុស្ស៊ីបានទទួលយល់ព្រមជួយផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ក៏ប៉ុន្តែល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងនៅមានភាពយឺតយ៉ាវ ដោយយើងមិនទាន់បានឃើញវ៉ាក់សាំង Sputnik របស់រុស្ស៊ី មកដល់កម្ពុជានៅឡើយទេ ហើយយើងក៏មិនបានដឹងពីពេលវេលាពិតប្រាកដដែលថា រុស្ស៊ីនឹងផ្ដល់វ៉ាក់សាំងមកកម្ពុជានៅពេលណានោះ។ នេះគឺជាបញ្ហាមួយដែលខ្ញុំគិតថា ភាគីទាំងពីរ ជាពិសេសភាគីរុស្ស៊ី គួរធ្វើយ៉ាងណាដើម្បីជំរុញនូវការផ្ដល់វ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដោយសារតែកម្ពុជាជាមិត្តចាស់ (Traditional Friend) និងជាមិត្តដែលមានកម្រិតជឿជាក់ទៅលើនយោបាយផ្នែកយុទ្ធសាស្រ្តជ្រៅ ដែលរុស្ស៊ីគួរតែគិតគូរឲ្យបានឆាប់រហ័សក្នុងការផ្ដល់វ៉ាក់សាំងមកកម្ពុជាយើងនេះ។
សំនួរ៖ តាមយោបល់របស់លោកបណ្ឌិតផ្ទាល់ ក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្ស៊ី និងប្រធានអាស៊ានឆ្នាំក្រោយ តើកម្ពុជាគួរជំរុញរុស្ស៊ីឲ្យផ្តោតសំខាន់លើវិស័យអ្វីខ្លះ?
វិស័យទី១ ទាក់ទងនឹងក្របខណ្ឌទំនាក់ទំនងភាពជាដៃគូអាស៊ាន-រុស្ស៊ី។ មានវិស័យសំខាន់ៗមួយចំនួនដែលរុស្ស៊ីអាចនឹងជួយដល់តំបន់នេះ ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញក្រោយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើយ៉ាងណាឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចនេះប្រកបដោយចីរភាព បរិយាប័ន្ន និងភាពបៃតង ហើយនេះគឺជាអ្វីដែលអាស៊ានកំពុងតែខំប្រឹងធ្វើ និងសង្ឃឹមថាដៃគូពិភាក្សារបស់អាស៊ាន ដែលរួមទាំងរុស្ស៊ីផង នឹងជួយដល់ផែនការនៃការស្ដារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩នេះ។
វិស័យទី២ ទាក់ទងនឹងវិស័យថាមពល។ យើងឃើញថារុស្ស៊ី គឺជាប្រទេសមួយដែលមានផ្នែកថាមពល និងបទពិសោធន៍ច្រើនទៅលើវិស័យនេះ ដូច្នេះវាអាចពង្រឹងនូវទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងវិស័យសន្តិសុខ និងថាមពលបន្ថែមទៀត។
វិស័យទី៣ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ យើងឃើញថាការតភ្ជាប់តំបន់អាស៊ី-អ៊ឺរ៉ុប និងតំបន់អាស៊ានអាចនឹងជួយផ្ដល់ឲ្យគ្នាទៅវិញទៅមក នូវសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ
វិនិយោគជាដើម ។
វិស័យទី៤ ទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិដែលរុស្ស៊ីក៏មានតួនាទីសំខាន់ដែរ ធ្វើយ៉ាងណាដើម្បីជួយពង្រឹងនូវស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ជាពិសេសសម្ថតភាពក្នុងវិស័យការពារជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី (Non-Traditional Challenges) ដូចជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាភេរវកម្ម និងបញ្ហាគ្រោះមហន្តរាយជាដើម។
វិស័យទី៥ យើងឃើញថា រុស្ស៊ីគួរគាំទ្រនូវតួនាទីរបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាភូមា ព្រោះថាបច្ចុប្បន្ននេះ ប្រហែលជាមានតែអាស៊ានដែលជាអង្គការតំបន់មួយទេ ដែលអាចមានឱកាស ឬលទ្ធភាពណាមួយ ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយនៅក្នុងប្រទេសភូមានេះ។ យើងឃើញថាកន្លងទៅនេះ រុស្ស៊ីបានគាំទ្រដោយបើកចំហនូវរដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ កន្លងទៅនេះ ហើយវាអាចផ្ដល់ជាសញ្ញាមួយមិនល្អ ដែលជាការព្រួយបារម្មណ៍ដល់អាស៊ានទាំងមូល។ ដូចនេះ ដើម្បីពង្រឹងនូវការយោគយល់គ្នាទៅវិញទៅមកដៃគូយុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី ភាគីរុស្ស៊ីគួរតែគាំទ្រនូវតួនាទី របស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាភូមានេះ។
វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ