ការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ានទាំងមូល ក្នុងការជម្រុញដល់ការអភិវឌ្ឍន៍លើវិស័យអាទិភាព ក៏ដូចជាពង្រឹកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយតំបន់ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ និងផលបច្ច័យនៃភាពជាដៃគូនេះមកកាន់តំបន់អាស៊ីក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
សំណួរទី១៖ ជាបឋមមុននឹងចូលទៅកាន់ការពិភាក្សាអំពីការតំឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តើលោកអាចរៀបរាប់សង្ខេបត្រួសៗអំពីសាវតានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្តិចបានទេ? ហើយការជួបពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរកាលពីពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ?
បាទសូមអរគុណសម្រាប់សំណួរចាប់ផ្ដើមមួយនេះ ជាបឋមខ្ញុំសូមរំលេចត្រួសៗបន្តិចអំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមចេញពីសត្រូវមកជាមិត្ត (from foe to friend) ដែលក្នុងសម័យសង្រ្គាមត្រជាក់ កាលនោះកូរ៉េខាងត្បូងគឺជាសត្រូវរបស់វៀតណាម ហើយប្រទេសទាំងពីរបានមានភាពខុសគ្នាទៅមនោគមន៍វិទ្យាដែលជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងសង្គមរៀងៗខ្លួន។ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ទាំងកូរ៉េខាងត្បូង និងវៀតណាមបានប្រែក្លាយកេរ្តិ៍តំណែរមិនល្អនៃទំនាក់ទំនងរបស់ខ្លួន ហើយក្លាយទៅជាមិត្តជិតស្និត ក៏ដូចជាបានបង្កើតឡើងនូវទំនាក់ទំនងទ្វេភាគីយ៉ាងល្អ ហើយបន្ថែមពីលើនេះផងដែរប្រទេសទាំងពីរក៏ផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីឱ្យគ្នាទៅវិញទៅមកនិងសារៈសំខាន់រវាងគ្នានិងគ្នារហូតមកដល់បច្ចុប្បន្ននេះ។
បើយើងនិយាយអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត ប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើន ដែលទាំងកូរ៉េខាងត្បូង និងវៀតណាមសុទ្ធសឹងតែប្រកាន់យកនូវលទ្ធិខុងជឺនិយម។ ហើយដូចដែរយើងដឹងហើយថាកូរ៉េខាងត្បូងគឺជាប្រទេសដែលមានភាពសម្បូរបែបទៅលើផ្នែកវប្បធម៌ និងប្រវត្តសាស្រ្តដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាមកកាន់តំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល ហើយលំហូរឥទ្ធិពលរបស់កូរ៉េទៅក្នុងប្រទេសវៀតណាម (ដែលគេហៅថា Soft Power នោះ) ត្រូវបានបែងចែកជាពីរប្រភេទដែលមួយផ្នែកនោះមានដូចជាវិស័យភាពយន្តនិងតន្ត្រី ហើយមួយផ្នែកទៀតគឺផ្នែករឹងនិងសេវាកម្ម ដែលរួមមានដូចជាទូរសព្ទដៃ មូដសំលៀកបំពាក់ ម្ហូប និងគ្រឿងសម្អាងជាដើម។ ដែលឥទ្ធិពលទាំងនេះត្រូវបានទាក់ទាញដោយប្រជាជនវៀតណាមយ៉ាងសន្ធិកសន្ធាប់ ដែលធ្វើឱ្យកំណើននៃការប្រើប្រាស់ផលិតផលនិងសេវាកម្មកូរ៉េក្នុងប្រទេសវៀតណាមកើនឡើងជាលំដាប់ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីយកឈ្នះបេះដូងប្រជាជនវៀតណាមតាមរយៈ Soft Power ទាំងអស់នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានការកើនឡើងនូវសារៈសំខាន់រវាងគ្នានិងគ្នាជាបន្តបន្ទាប់ ដោយកូរ៉េខាងត្បូងបានដាក់ផលិតផល និងសេវាកម្មរបស់ខ្លួនចូលទៅក្នុងទីផ្សារវៀតណាមកាន់តែជ្រៅ ធ្វើឱ្យប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសដែលជាទីផ្សារដ៏សំខាន់បំផុតរបស់វៀតណាម ដែលទំហំទីផ្សារពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកើនដល់លើស ៣៤,២៦ ពាន់លានដុល្លាអាមេរិកនៅក្នុងឆ្នាំ២០២២កន្លងទៅ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។ បន្ថែមពីលើនេះផងដែរ កូរ៉េគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក្នុងតំបន់ ហើយវៀតណាមក៏ជាប្រទេសដែលទទួលបានការវិនិយោគធំទី៤ពីកូរ៉េផងដែរ។ ជារួម ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះបានបង្ហាញអំពីថាមវន្តថ្មី នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ជាមួយនឹងការបង្កើនអន្តរកម្មនៅក្នុងវិស័យផ្សេងៗ ដែលយើងអាចរាប់ចាប់ពីវិស័យការទូត សេដ្ឋកិច្ច និងសង្គម រហូតដល់វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាវិស័យនានាជាច្រើនទៀងផងដែរ។
ពាក់ព័ន្ធទៅនឹងលទ្ធផលនៃជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរគឺអតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc ដែលទើបតែប្រកាសលាលែងពីតំណែងកាលពីពេលថ្មីៗនេះ ជាមួយនឹងសមភាគីសាធារណរដ្ឋកូរ៉េ លោកប្រធានាធិបតី Yoon Suk-yeol យើងឃើញថាថ្នាក់ដឹកនាំទាំងពីរបានចេញនូវសេចក្ដីថ្លែងការណ៍រួមមួយ ដែលក្នុងនោះលទ្ធផលដែលសម្រេចបានសំខាន់ជាងគេគឺ ការសម្រេចតម្លើងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីទៅកាន់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយក៏ដើម្បីជាការរំលឹកខួបនៃការបង្កើតទំនាក់ទំនងទ្វេភាភីរយៈពេល៣០ឆ្នាំ កន្លងមកនេះផងដែរ។ ហើយការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះទៀតសោធ ប្រទេសទាំងពីរបានបង្ហាញអំពីការប្ដេជ្ញាចិត្ត និងគោលបំណងក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរលើគ្រប់វិស័យចាប់ពីនយោបាយ រហូតដល់សន្តិសុខ និងសេដ្ឋកិច្ចសង្គម។
សំណួរទី២៖ តើអ្វីទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម–សាធារណៈរដ្ឋកូរ៉េ? ហើយការតម្លើងភាពជាដៃគូរវាងប្រទេសទាំងពីរមានអ្វីពិសេសដែរ?
បាទដូចខ្ញុំបានលើកឡើងខាងលើមុននេះបន្តិច បន្ទាប់ពីការពិនិត្យមើលទៅលើលទ្ធផលដែលសម្រេចបាននៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល៣០ ឆ្នាំកន្លងទៅនេះ ក៏ដូចជាការពិនិត្យទៅលើសារៈសំខាន់និងការឱ្យតម្លៃរវាងគ្នានិងគ្នានិងផលប្រយោជន៍ទៅវិញទៅមក មេដឹកនាំទាំងពីរបានឯកភាពថា កិច្ចសហប្រតិតប្តិការវៀតណាម-កូរ៉េខាងត្បូង សម្រេចបានយ៉ាងឆាប់រហ័រនូវការរីកចម្រើនយ៉ាងទូលំទូលាយ និងប្រកបដោយអត្ថន័យ។ ដែលចំណុចនេះហើយទើបបាននាំឱ្យប្រទេសទាំងពីរឈានទៅដល់ទំនាក់ទំនងកម្រិតខ្ពស់មួយទៀត ដែលមានភាពយុទ្ធសាស្រ្ត និងទូលំទូលាយ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណរដ្ឋកូរ៉េ មេដឹកនាំនៃប្រទេសទាំងពីរបានយល់ព្រមក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនដែលរួមមានការពារជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ឃោសនាការនិងទំនាក់ទំនង ហើយព្រមទាំងវិន័យនានាផ្សេងទៀតដូចជាំថាមពលជាដើម ដើម្បីជម្រុញបន្ថែមនូវកិច្ចសន្ទនាការទូតនិងយុទ្ធសាស្រ្ត ក៏ដូចជាថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់។
អ្វីដែលធ្វើឱ្យខ្ញុំមានកត់សម្គាល់ខ្លាំងនៅក្នុងការតម្លើងភាពជាដៃគូយុទ្ធិសាស្រ្តគ្រប់ជ្រុងជ្រោយនេះ គឺពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ ដែលត្រូវបានសង្កត់ធ្ងន់ជាចម្បងនៅក្នុងក្របខណ្ឌនិងភាពជាដៃគូថ្មីមួយនេះ ពីមេដឹកនាំកំពូលនៃប្រទេសទាំងពីរ ដោយក្នុងនោះភាគីទាំងសងខាងបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខដែនសមុទ្រ នគរបាល និងបច្ចេកវិទ្យា រួមទាំងឧស្សាហកម្មការពារជាតិផងដែរ។
ការប្ដេជ្ញាចិត្តបែបនេះទៀតសោធ ខ្ញុំយល់ឃើញថា វៀតណាមគឺកំពុងតែស្វះស្វែងក្នុងការស្វែងរកច្រកចេញឱ្យឆ្ងាយអំពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើប្រទេសរុស្ស៊ីក្នុងការផ្គត់ផ្គង់សម្ភារៈយោធា ដោយមានការចាប់ផ្ដើមចេញពីភាពជាដៃគូថ្មីជាមួយកូរ៉េខាងត្បូងនេះឯង។ ជាការពិតណាស់ នាពេលអនាគត ទីក្រុងសេអ៊ូលបានប្តេជ្ញាថានឹងផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងទៅលើសម្ភារៈយោធា ដែលក្នុងនោះក៏រួមមាននូវការផ្ដល់កប៉ាល់ដែលត្រូវបានបញ្ឈប់ការប្រើប្រាស់ និងបច្ចេកវិទ្យា ទៅកាន់កងទ័ពជើងទឹករបស់វៀតណាម ដើម្បីជម្រុញដល់ការធ្វើទំនើបកម្មកងនាវារបស់វៀតណាម។ បន្ថែមពីលើចំនុចនេះផងដែរ យើងឃើញថាទីក្រុងសេអ៊ូលក៏បានបន្តនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការពង្រឹងនូវកិច្ចសន្ទនាបែបយុទ្ធសាស្រ្ត និងសន្តិសុខជាមួយវៀតណាម ក្នុងគោលបំណងដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការសន្តិសុខ ដែលជាពិសេសគឺទៅលើដែនសមុទ្រ ដោយមានការផ្ដល់នូវនាវាដល់វៀតណាមដូចដែលខ្ញុំបានលើកឡើងអម្បាញមិញនេះ និងជម្រុញដល់ការអនុវត្តច្បាប់សមុទ្រផងដែរ។
បើយើងក្រឡេកទៅលើមើលក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ភាពជាដៃគូយុទ្ធិសាស្រ្តគ្រប់ជ្រុងជ្រោយនឹងបន្តជម្រុញ និងលើកកម្ពស់ឱ្យកាន់តែខ្លាំងជាងមុនលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ច ហើយជាមួយគ្នានេះផងដែរ វិស័យឯកជនក៏បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។ ត្រង់ចំនុចនេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កូរ៉េខាងត្បូងបានជ្រៀតចូលទៅក្នុងទីផ្សារវៀតណាមជាបន្តបន្ទាប់ ដោយរៀបចំឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ វៀតណាម និងសាធារណរដ្ឋកូរ៉េបានបង្ហាញពីគោលបំណងរួមដើម្បីបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ហើយបើនិយាយចំពោះការវិនិយោគវិញដោយមិនមានការសង្ស័យនោះទេ គឺសាធារណរដ្ឋកូរ៉េ ជាដៃគូវិនិយោគបរទេសធំជាងគេរបស់វៀតណាម។ ដោយជាក់ស្ដែងយើងអាចសង្កេតមើលឃើញពីក្រុមហ៊ុនធំៗជាច្រើនរបស់កូរ៉េ ដែលក្នុងខ្ញុំអាចរៀបរាប់បានដូចជា ក្រុមហ៊ុន Samsung, SK, LG, និងក្រុមហ៊ុន Hyundai ជាដើម គឺបានពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ បន្ថែមពីលើនេះ ខ្ញុំមើលឃើញថាវៀតណាមក៏នឹងទាក់ទាញការវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យា បច្ចេកវិទ្យាហេរញ្ញវត្ថុ (ដែលគេហៅថា Fintech ហ្នឹងឯង) ហើយមានដូចជាហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មបៃតង និងទីក្រុងឆ្លាតវៃ ដែលវៀតណាមបាននឹងកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទៅលើផ្នែកទាំងអស់នេះ។ ហើយម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏នឹងបន្តពង្រីករហូតគ្របដណ្ដប់លើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍន៍នៃធនធានកម្រ នៅក្នុងប្រទេសវៀតណាមផងដែរ។
ពាក់ព័ន្ធទៅនឹងផ្នែកពាណិជ្ជកម្មនេះផងដែរ ដោយមានការគួបផ្សំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសាធារណរដ្ឋកូរ៉េដែលចូលជាធរមាននៅក្នុងឆ្នាំ២០១៥ ដែលវាបានផ្ដល់ឱកាសជាច្រើនដល់អ្នកវិនិយោគកូរ៉េនៅប្រទេសវៀតណាម តាមរយៈការអនុគ្រោះពន្ធ និងកាត់បន្ថយនីតិវិធីស្មុគ្រស្មាញ។ ដូច្នេះវានឹងផ្ដល់ជាផលចំណេញដល់ភាគីទាំងសងខាង ដោយវាសម្រួលដល់លំហូរទីផ្សារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាបន្ធូរបន្ថយតម្រូវការវិនិយោគរបស់វៀតណាមពីសាធារណរដ្ឋកូរ៉េ ដែលវានឹងបើកឱកាសដល់វិស័យសំខាន់ៗមួយចំនួនទៀតក្នុងការទទួលបានការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត រួមទាំងផលិតកម្មអេឡិចត្រូនិក ថាមពលបៃតង ផលិតកម្មអាហារ ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងចក្រជាដើម។ ជារួម ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងសាធារណរដ្ឋកូរ៉េ នឹងជម្រុញបន្ថែមទៀតនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលនឹងជម្រុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ហើយខ្ញុំអាចនិយាយបានថា កូរ៉េខាងត្បូងក៏នឹងមានឱកាសច្រើនក្នុងការផ្តល់ការគាំទ្រសំខាន់ៗសម្រាប់ទីក្រុងហាណូយ ដើម្បីប្រែក្លាយទីក្រុងមួយនេះឱ្យទៅជាផ្នែកមួយដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
សំណួរទី៣៖ តើការតំឡើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម–សាធារណៈរដ្ឋកូរ៉េ នឹងផ្ដល់ផលបច្ច័យអ្វីខ្លះដល់តំបន់ ជាពិសេសតំបន់អាស៊ានតែម្ដង?
ជាការពិតណាស់ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណរដ្ឋកូរ៉េត្រូវបានប្រកាសស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ ដែលលោកប្រធានាធិបតី Yoon បានបង្ហាញនិងប្រកាសអំឡុងពេលនៃចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់អាស៊ានរបស់លោកនៅទីក្រុងភ្នំពេញកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ដែលផ្តោតសំខាន់ទៅលើ “គោលការណ៍សេរីភាព សន្តិភាព និងវិបុលភាពដែលបានកសាងឡើងផ្អែកលើសណ្តាប់ធ្នាប់នៃច្បាប់” សម្រាប់តំបន់។ អំឡុងពេលនោះផងដែរ លោកប្រធានាធិបតី Yoon Suk-yeol ក៏បានប្រកាសបញ្ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយជាមួយនឹងតំបន់អាស៊ានដែលឱ្យឈ្មោះថា គំនិតផ្ដួចផ្ដើមសាមគ្គីភាពកូរ៉េ-អាស៊ាន (Korea-ASEAN Solidarity Initiative – KASI) ដោយកូរ៉េចាត់ទុកអង្គការតំបន់អាស៊ានមួយនេះជាធាតុផ្សំសំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។
ដូននេះ ទាំងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និង គំនិតផ្តួចផ្តើម KASI នឹងជម្រុញវត្តមាន និងតួនាទីរបស់សាធារណរដ្ឋកូរ៉េនៅក្នុងតំបន់ឱ្យកាន់តែមានភាពលេចធ្លោខ្លាំងជាងមុន។ ហើយក្នុងន័យនេះខ្ញុំអាចទាញបានថា វៀតណាមដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់សាធារណរដ្ឋកូរ៉េ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញដល់តួនាទីរបស់កូរ៉េខាងត្បូងចំពោះយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាគំនិតផ្ដួចផ្ដើមនានាក្នុងតំបន់ផងដែរ។
ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសាធារណរដ្ឋកូរ៉េរួមជាមួយនឹងការផ្តួចផ្តើមគំនិតថ្មីៗរបស់ទីក្រុងសេអ៊ូលនៅក្នុងតំបន់ នឹងជំរុញបន្ថែមដល់ទស្សនវិស័យយុទ្ធសាស្ត្រដែលកំពុងមានសន្ទុះនៅទ្វីបអាស៊ី ក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ ដែលនេះខ្ញុំអាចទាយទុកជាមុនបានថាវានឹងបង្កផលលំបាកដល់អាស៊ានក្នុងការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំហរអព្យាក្រឹតរបស់ខ្លួននៅចំពោះមុខនៃការបែងចែកនៃភូមិសាស្ត្រនយោបាយ ដូចដែលយើងបានដឹងរួចមកហើយថាអាស៊ានកំពុងតែខ្វះនូវជញ្ជីងច្បាស់លាស់មួយដើម្បីធ្លឹងនូវទម្ងន់ភូមិសាស្រ្តនយោបាយរបស់សមាជិកនីមួយៗ។ ប៉ុន្តែបើយើងមើលទៅក្នុងក្នុងទិដ្ឋភាពភូមិសាស្រ្តសេដ្ឋកិច្ចវិញ ការចូលរួមកាន់តែស៊ីជម្រៅរបស់កូរ៉េនៅវៀតណាម និងអាស៊ានជារួម អាចផ្តល់កាលានុវត្តភាពដល់តំបន់ ពាក់ព័ន្ធនឹងការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរបណ្តាញផលិត និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ។ ដូចនេះ ស្របពេលដែលយើងត្រូវត្រៀមខ្លួនចំពោះបញ្ហាប្រឈមភូមិសាស្រ្តនយោបាយ យើងត្រូវរិះរកយុទ្ធសាស្រ្ត និងគោលនយោបាយដើម្បីទទួលផលប្រយោជន៍ពីការប្រែប្រួលភូមិសាស្រ្តសេដ្ឋកិច្ចនេះ។
សំណួរទី៤៖ ជាចុងក្រោយ តើលោកយល់ឃើញយ៉ាងណាចំពោះការតំឡើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម–សាធារណៈរដ្ឋកូរ៉េ?
ពិតណាស់កាលដែលវៀតណាមនិងកូរ៉េខាងត្បូងសម្រេច និងព្រមព្រៀងក្នុងការបង្កើនភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយនេះ វានឹងផ្ដល់នូវផលចំណេញ និងផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពី ក៏ដូចជាដល់តំបន់ទាំងមូលផងដែរ ដែលយើងអាចរាប់បញ្ចូលទៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ យោធានិងការពារជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក៏ដូចជាវិស័យអាទិភាពមួយចំនួនជាច្រើនទៀតផងដែរ។ លើសពីនេះ យើងក៏អាចមើលឃើញថា សាធារណៈរដ្ឋកូរ៉េក៏បានកំពុងនឹងងាកមកឱ្យតម្លៃកាន់តែខ្ពស់ និងសារៈសំខាន់កាន់តែខ្លាំងដល់តំបន់អាស៊ាន ដោយចាប់ផ្ដើមពីការរំកិលនូវទំនាក់ទំនងទ្វេភាគីជាមួយនឹងសមាជិកនៃអង្គការតំបន់មួយនេះ នោះគឺវៀតណាម និងការបង្កើតនូវយុទ្ធសាស្រ្តនិងគំនិតផ្ដួចផ្ដើមតំបន់ជាច្រើន ដើម្បីជាការលើកកម្ពស់ដល់វត្តមានរបស់ខ្លួននៅក្នុងក្របខណ្ឌអង្គការតំបន់មួយនេះ ជាពិសេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ជារួម ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ នឹងបន្តនូវការអភិវឌ្ឍន៍ជានិរន្តរភាពរវាងប្រទេស និងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និតនិងស៊ីជម្រៅជាមុន។
វាគ្មិន៖ លោក ទន់ លីណាសុផាឬទ្ធិ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ កញ្ញា ណារិទ្ធ រ៉ូសនីតា