នៅថ្ងៃទី៨សីហាស្អែកនេះ គឺជាខួប៥៤ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ អាស៊ានដែលកំពុងមានបញ្ហាប្រឈមធំៗមួយចំនួនកើតឡើង គឺកូវីដ១៩ និងវិបត្តិផ្ទៃក្នុងរបស់ប្រទេសមួយចំនួនដែលបានក្លាយទៅជាសង្គ្រាមស៊ីវិលដូចនៅភូមា។ នៅឆ្នាំក្រោយនេះ ដល់វេនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានបន្តពីប្រទេសប៊្រុយណេ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា ឱកាសនិងបញ្ហាប្រឈមនឹងដើរទន្ទឹមគ្នា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះ។