ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ផ្ទុយទៅវិញ បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។ ឯកឧត្តម អាន សុខខឿន បានលើកឡើងថា ពុំមានប្រទេសណាមួយហ៊ានអះអាងថា ខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ ហើយនៅស្ទើរគ្រប់ជំនួបរបស់ឯកឧត្តមជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច ពួកគេក៏តែងតែទទួលស្គាល់ថា ប្រទេសរបស់ខ្លួន (ផ្ទាល់) ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ដែលសូម្បីតែប្រទេសដែលកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងទៀតលើបញ្ហាសិទ្ធិមនុស្សនេះ ក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះដែរ។
សំនួរ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថាមានការចោទប្រកាន់មកប្រទេសកម្ពុជាទៅលើបញ្ហាសិទ្ធិមនុស្ស ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ តើកម្ពុជាបានឆ្លើយតបដូចម្ដេចខ្លះចំពោះការចោទប្រកាន់ទាំងអស់នេះ?
ខ្ញុំសូមគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយអះអាងខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ។ ស្ទើរតែគ្រប់ជំនួបរបស់ខ្ញុំជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច នៅហ្សឺណែវ ពួកគាត់តែងតែទទួលស្គាល់ថា ប្រទេសខ្លួន (ផ្ទាល់) ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ប៉ុន្តែនៅក្នុងកិច្ចពិភាក្សានានាស្តីពីសិទ្ធិមនុស្ស កម្ពុជាតែងតែប្រកាន់យកនូវអភិក្រម «កិច្ចសន្ទនាប្រកបដោយការគោរព មិនប្រឈមមុខដាក់គ្នា មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង»។
ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ហើយដែលសូម្បីតែប្រទេសកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះ ផងដែរ។ ដូច្នេះ រាល់ការប្រឈមផ្នែកសិទ្ធិមនុស្សគួរត្រូវបានដោះស្រាយតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ដែលត្រូវធ្វើឡើងស្របតាមតម្រូវការ និងដោយមានការឯកភាពពីរដ្ឋទទួល ហើយត្រូវស្របតាមអាទិភាពជាតិរបស់ប្រទេសនោះ។ ក្នុងន័យនេះ សារៈសំខាន់នៃតួនាទីរបស់រដ្ឋ ក្នុងនាមជាអ្នកអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្ស គួរតែត្រូវបានគោរពនៅក្នុងដំណើរការនេះ។
កម្ពុជានឹងបន្តផ្តល់សារៈសំខាន់លើកិច្ចសន្ទនាដោយការគោរព លើចំណុចដែលយើងមានទស្សនៈ មិនស្របគ្នា។ យើងខ្ញុំតែងរៀបចំជារបាយការណ៍ស្តីពីស្ថានភាពពិត និងសមិទ្ធផលជាច្រើនដែលកម្ពុជាយើងសម្រេចបានក្នុងទិដ្ឋភាពផ្សេងៗក្នុងវិស័យសិទ្ធិមនុស្ស។ យើងខ្ញុំនឹងបន្តផ្តល់ការពន្យល់ជូនគណៈប្រតិភូ ប្រទេសលោកខាងលិចអំពីអង្គហេតុ និងអង្គច្បាប់ គួបផ្សំនឹងស្ថានភាពជាក់ស្តែង ដើម្បីឱ្យមានតុល្យភាពក្នុងការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សំនួរ៖ ដោយសង្កេតឃើញថា កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតែងតែក្លាយជាសមរភូមិក្ដៅ ហើយកម្ពុជាក៏តែងតែក្លាយជាគោលដៅនៃការវាយប្រហារ ដោយប្រើប្រាស់នយោបាយូប–នីយកម្មលើបញ្ហាសិទ្ធិមនុស្ស។ តើឯកឧត្តមយល់ឃើញយ៉ាងណាចំពោះ ការវាយតម្លៃដោយរបាយការណ៍នានាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា?
ជារួម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស មានគណៈប្រតិភូតែ ២ ឬ ៣ប្រទេសប៉ុណ្ណោះដែលរិះគន់កម្ពុជា ក្នុងចំណោមសមាជិកសរុបរបស់អង្គការសហប្រជាជាតិជាង ១៩០ប្រទេស។ ខ្ញុំតែងកត់សម្គាល់ដោយក្តីសោកស្ដាយ ចំពោះប្រទេសទាំងនោះដែលបានប្រកាន់យកវិធីសាស្រ្ត ជ្រើសរើសតែមួយជ្រុងអត្តនោម័តិ ស្តង់ដារពីរ និងផ្អែកលើប្រភពព័ត៌មានដែលពុំបានផ្ទៀងផ្ទាត់។ ប្រទេសខ្លះថ្លែងអំពីកម្ពុជា ព្រោះពួកគាត់គ្រាន់តែចង់បានពិន្ទុនយោបាយប៉ុណ្ណោះ ខណៈពេលប្រទេសខ្លួនកំពុងជួបបញ្ហាសិទ្ធិមនុស្សផងដែរនោះ។ ទង្វើបែបនេះត្រូវបានគេចាត់ទុកថា ជាការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស។
ទង្វើនេះ គឺងាកចេញពីគន្លងនៃវិធីសាស្ត្ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស ដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ថា «សិទ្ធិមនុស្សមិនត្រូវប្រើប្រាស់ជាមធ្យោបាយអនុវត្តស្ដង់ដារពីរ ឬជាឧបករណ៍ដើម្បីសម្រេចបាននូវរបៀបវារៈលាក់ពុតណាមួយឡើយ»។ ឯកឧត្តមអគ្គលេខាធិការក៏បានពន្យល់ថា ជោគជ័យនៃវិញ្ញាសារសិទ្ធិមនុស្សត្រូវវាស់ស្ទង់ ដោយប្រើប្រាស់មាត្រដ្ឋាននៃភាពប្រសើរឡើងក្នុងជីវភាពរបស់ពលរដ្ឋ មិនមែនផ្អែកលើការបញ្ចេញអារម្មណ៍វិនិច្ឆ័យឡើយ។
ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ប៉ុន្តែផ្ទុយទៅវិញ បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហឥតងាករេក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងនីតិរដ្ឋ ព្រមទាំងបន្តថែរក្សាការពារសន្តិភាពដែលទទួលបានដោយលំបាក ពោលគឺ សន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាប្រាថ្នាចង់បាន និងផ្តល់តម្លៃបានយ៉ាងខ្លាំង បន្ទាប់ពីធ្លាប់បានឆ្លងកាត់អតីតកាលដ៏ជូរចត់ និងសោកសៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
សំនួរ៖ ក្នុងនាមជាតំណាងអចិន្រ្តែយ៍កម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ តើឯកឧត្តមយល់ឃើញយ៉ាងណា ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃនេះ?
ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយ យើងត្រូវពិនិត្យមើលសិទ្ធិទាំងអស់ជារួម ពោលគឺយើងត្រូវជៀសវាងការផ្តោតជ្រុលហួសហេតុ (Over-emphasize) លើសិទ្ធិមួយ និងបំភ្លេចសិទ្ធិផ្សេងទៀតឡើយ។ ម្យ៉ាងទៀត យើងក៏ត្រូវពិចារណាលើបរិបទជាតិ និងប្រវតិ្តសាស្ត្រ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ប្រទេសនោះផងដែរ។ អ្នកវិភាគនិងប្រទេសមួយចំនួនវាយតម្លៃស្ថានភាពកម្ពុជា ដោយផ្តោតលើតែសិទ្ធិពលរដ្ឋ និងនយោបាយ ហើយបំភ្លេចសិទ្ធិផ្សេងទៀតដូចជា សិទ្ធិទទួលបានការរស់រានមានជីវិត សេដ្ឋកិច្ច សង្គម វប្បធម៌ អភិវឌ្ឍ និងសន្តិភាព។ អ្នកខ្លះទៀតបានព្យាយាមប្រើប្រាស់មាត្រដ្ឋាន ឬបទដ្ឋានប្រទេសលោកខាងលិច ដើម្បីវាស់ស្ទង់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ដោយភ្លេចគិតថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានអាយុមិនទាន់បាន ៣០ឆ្នាំផង។ ទោះបីប្រទេសលោកខាងលិចមានពិសោធន៍ប្រជាធិបតេយ្យអស់រយៈពេលជាង ២០០ឆ្នាំមកហើយ ប្រទេសទាំងនោះក៏នៅតែជួបប្រទះនឹងបញ្ហាប្រឈមសិទ្ធិមនុស្សដដែល ដូចដែលយើងបានឃើញតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា។
ការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដោយជ្រើសរើសតែមួយជ្រុង និងដោយពុំពិចារណាលើបរិបទ ប្រទេសនិមួយៗ គឺងាកចេញពីគន្លងនៃវិធីសាស្ត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិបានថ្លែងថា យើងមិនអាចជ្រើសរើស និងសម្រិតសម្រាំងយកសិទ្ធិណាមួយ ក្នុងចំណោមសិទ្ធិមនុស្សទាំងអស់ឡើយ ហើយរាល់ចំណាត់ការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស គឺអាស្រ័យលើ
ស្ថានភាព និងបរិបទ។ ដោយឡែក សេចក្ដីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ត្រូវបានចាត់ទុកថា មានតម្លៃស្មើគ្នា ឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា។
ដោយផ្អែកលើវិធីសាស្រ្តប្រកបដោយភាពសត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជារួម មានវឌ្ឍនភាពប្រសើរ ដែលខ្ញុំសូមលើកយកទិដ្ឋភាពមួយចំនួនខ្លះ មកជម្រាបជូន៖
ទី១ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ កម្ពុជាបានសម្រេចបានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងកំណើនជាមធ្យមជាង៧% ក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ អត្រាភាពក្រីក្របានធ្លាក់ចុះពីជាង ៥០% នៅក្នុងឆ្នាំ២០០៤ មកក្បែរ ១០% ក្នុងឆ្នាំ២០១៨។
ទី២ ក្នុងបរិបទកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការបន្ទាន់ ហ្មត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធិភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គម។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រកាត់ដេរ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលការងារត្រូវបានព្យួរ ដោយសារកូវីដ-១៩។
ទី៣ សេរីភាពសារព័ត៌មានដ៏រស់រវើក បន្តរីកដុះដាលនៅកម្ពុជា តាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២.០០០អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការត្រួតពិនិត្យទុកជាមុន។ កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។
ទី៤ គណនីហ្វេសប៊ុកចំនួនជិត ១២លាន ស្មើនឹង ៧០ % នៃចំនួនប្រជាជនកម្ពុជាសរុប បានបន្តបញ្ចេញនូវទស្សនៈទិតៀនដោយសេរី និងដោយផ្ទាល់ ចំពោះកិច្ចការ និងសេវាសាធារណៈរបស់
រាជរដ្ឋាភិបាល។
ទី៥ លំហសង្គមស៊ីវិលដ៏សកម្មក៏ត្រូវបានឆ្លុះបញ្ជាំងតាមរយៈ វត្តមានអង្គការសង្គមស៊ីវិលចុះបញ្ជីជិត ៦.០០០អង្គភាព ដែលកំពុងប្រតិបត្តិការប្រកបដោយថាមវ័ន្ត និងគ្មានការបង្អាក់រំខាន។ សង្គម
ស៊ីវិលបាន និងកំពុងបោះពុម្ពផ្សាយរបាយការណ៍ និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត។ ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើង តាម
រយៈយន្តការពិគ្រោះយោបល់ជាទៀងទាត់ (វេទិកាភាពជាដៃគូររវាងរដ្ឋាភិបាល និងសង្គមស៊ីវីល ដែលត្រូវបានប្រព្រឹត្តឡើង ០២ដងក្នុងមួយឆ្នាំ និងក្រុមការងារពិនិត្យលើសំណើសុំធ្វើវិសោធនកម្មលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមន៍)។
ទី៦ កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសគម្រូដែលមានការអត់អោន និងសុខដុមរមនីកម្ម នៃជំនឿសាសនា។ កម្ពុជាពុំមានទោសប្រហារជីវិតទាំងក្នុងទ្រឹស្តី និងការអនុវត្តជាក់សែ្តង។
ទី៧ លំហនយោបាយ និងពហុសម្លេងនៅក្នុងសង្គមត្រូវបានឆ្លុះបញ្ជាំងតាមរយៈសកម្មភាពស្របច្បាប់របស់គណបក្សនយោបាយដែលបានចុះបញ្ជីចំនួន ៤៧ (គិតត្រឹមខែធ្នូ ឆ្នាំ២០២០)។
ទី៨ គណបក្សនយោបាយចំនួន២០បានចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។ ការដែលគណបក្សនយោបាយមួយពុំអាចចូលរួមការបោះឆ្នោត ដោយសារបានបំពានច្បាប់ ពុំបានរំខានដល់គោលការណ៍ពហុបក្សនៅកម្ពុជាទេ ព្រោះពលរដ្ឋនៅតែអាចជ្រើសរើសក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង២០។
ទី៩ ឧទាហរណ៍មួយនៃប្រព័ន្ធពហុបក្សនៅកម្ពុជា គឺការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង
ផ្តល់យោបល់ នៅឆ្នាំ២០១៨ ដែលមានសមាសភាពមកពីគណបក្សកាន់អំណាច និងគណបក្សពុំបានជាប់ឆ្នោត ១៥ ផ្សេងទៀត ក្នុងគោលដៅបន្តលើកកម្ពស់តម្លាភាព យុត្តិធម៌សង្គម និងសេវាសាធារណៈ។
ទី១០ ក្នុងស្មារតីផ្សះផ្សាជាតិ សភាកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដែលអនុញ្ញាតឱ្យមានការផ្តល់នីតិសម្បទានសិទ្ធិធ្វើនយោបាយឡើងវិញ ជូនបុគ្គលដែលបានបាត់បង់សិទ្ធិ និងមានបំណងត្រលប់មកបន្តជីវភាពនយោបាយវិញ។ អតីតអ្នកនយោបាយចំនួន ១៤រូប បានទទួលការផ្ដល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ ដោយខ្លះបានចូលជីវភាពជាមួយគណបក្សកំពុងប្រតិបត្តិការស្របច្បាប់ ហើយខ្លះទៀតសម្រេចបង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតខាងមុខ។ លំហនយោបាយបើកចំហនេះត្រូវបានរាំងខ្ទប់ដោយថ្នាក់ដឹកនាំអតីតគណបក្សខ្លះ ដោយប្រកាសចាត់ទុកបុគ្គលដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាជនក្បត់ទៅវិញ។
សំនួរ៖ តើកម្ពុជាបានអនុវត្ត គោរព និងការពារសិទ្ធិមនុស្ស ដូចមានចែងក្នុងលិខិតតូបករណ៍អន្តរជាតិនានាដែលខ្លួនជាប់កាតព្វកិច្ចដែរឫទេ?
ឧទាហរណ៍ដែលបានរៀបរាប់ខាងលើបង្ហាញយ៉ាងច្បាស់អំពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពកម្ពុជា ចំពោះការលើកកម្ពស់ និងការពារសិទ្ធិនិងសេរីភាពជាមូលដ្ឋានដែលស្របតាមច្បាប់។ ម្យ៉ាងទៀត អនុលោម កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ កម្ពុជាក៏បានសហការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន ដែលខ្ញុំសូមលើកយកទិដ្ឋភាពខ្លះមកជម្រាបជូនដូចខាងក្រោម៖
ទី១ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ០៨ក្នុងចំណោមអនុសញ្ញាចំនួន ០៩ និងបានបំពេញកាតព្វកិច្ចផ្ដល់របាយការណ៍ស្តីពីការអនុវត្តយន្តការ
សន្ធិសញ្ញានេះជាប្រចាំ។ កាលពីឆ្នាំចុងឆ្នាំ២០១៩ កម្ពុជាក៏បានចូលរួមការពាររបាយការណ៍ជាតិកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពី «ការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី» និងអនុសញ្ញាស្តីពី «ការលុបបំបាត់ការរើសអើងជាតិសាសន៍»។ នៅខែឧសភាខាងមុខនេះ កម្ពុជានឹងចូលរួមការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពី «សិទ្ធិកុមារ»។ គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងកំណត់កាលបរិច្ឆេទ ដើម្បីអញ្ជើញកម្ពុជាចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹង ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិពលរដ្ឋនិងនយោបាយ នៅពេលខាងមុន»។
ទី២ វត្តមានជិត ០៣ទសវត្សរ៍នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលបច្ចុប្បន្ននេះ ក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ក៏ជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពស្ថាប័នជាតិ និងបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។ កាលពីខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបន្តសុពលភាពអនុស្សរណៈយោគយល់ជាមួយការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រការនេះស្ដែងឱ្យឃើញយ៉ាងច្បាស់នូវការបេ្ដជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សគ្រប់ប្រភេទ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស។
ទី៣ រយៈពេលជិត ០៣ទសវត្សរ៍កន្លងមកនេះ កម្ពុជាបានទទួលយកអ្នករាយការណ៍ពិសេសប្រចាំប្រទេសចំនួន ០៧រូប ដែលអាណត្តិរបស់គាត់ ត្រូវបានបន្តតាមរយៈសេចក្តីសម្រេចចិត្តដោយ
កុងសង់ស៊ីស។ ពួកគាត់តែងទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលចំពោះរាល់សំណើសុំធ្វើទស្សនកិច្ចនៅកម្ពុជា។
ទី៤ នៅដើមឆ្នាំ២០១៩ កម្ពុជាចូលរួមយន្តការត្រួតពិនិត្យរបាយការណ៍ជាសាកល (UPR) លើកទី៣ ដែលក្នុងឱកាសនោះប្រទេសចំនួន៧៣ បានផ្តល់ជូនកម្ពុជានូវអនុសាសន៍ចំនួន១៩៨។ កម្ពុជា សម្រេចទទួលយក ៨៨%នៃអនុសាសន៍ទាំងនោះ។ កម្ពុជាបានផ្សព្វផ្សាយអនុសាសន៍ទាំងនោះជូនក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្ត។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំរបាយការណ៍ពាក់កណ្តាល អាណត្តិ ពាក់ព័ន្ធនឹងការអនុវត្តអនុសាសន៍ដែលកម្ពុជាបានទទួលយក។ យន្តការ UPR នេះគឺជាដំណើរនៃការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់គ្រប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ ជារៀងរាល់៤,៥ឆ្នាំម្តង។ យន្តការនេះគឺជាឱកាសសម្រាប់រដ្ឋសមាជិកអង្គការសហប្រជាជាតិនីមួយៗ ប្រកាសអំពីវិធានការដែលខ្លួន បានដាក់ចេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសខ្លួន និងបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។
ទី៥ កម្ពុជាក៏បានរៀបចំសេចក្តីព្រាងច្បាប់សំដៅបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) ស្របតាមគោលការណ៍ទីក្រុងប៉ារីសស្តីពី «ស្ថាប័នសិទ្ធិមនុស្ស និងបរិបទកម្ពុជា»។ ប្រការទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងអស់គ្នា។
សំនួរ៖ តើការដែលមានក្រុមមនុស្សមួយក្ដាប់តូចផ្សព្វផ្សាយព័ត៌មានមិនពិត បំភ័យ និងញុះញង់ ប្រជាពលរដ្ឋឲ្យមិនគោរពតាមវិធានសុខាភិបាល និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាលលើបញ្ហា
កូវីដ-១៩ អាចចាត់ទុកថាជាការរំលោភសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានព័ត៌មាន ដូចដែលមានចែងក្នុងច្បាប់សិទ្ធិមនុស្សដែរឬទេ?
បុគ្គលខ្លះយល់ច្រឡំថា សេរីភាពបញ្ចេញមតិ គឺជាសេរីភាពបំភ្លៃព័ត៌មានមិនពិត ឬជាសេរីភាពនិយាយញុះញង់។ គ្រប់សិទ្ធិទាំងអស់មិនមែនជាសិទ្ធិដាច់ខាតទេ គឺសុទ្ធតែមានព្រំដែនកំណត់។ សេរីភាពបញ្ចេញមតិមិនអាចផ្តាច់ចេញពីកាតព្វកិច្ចឡើយ។ កតិកាសញ្ញាអន្តរជាតិស្តីពី «សិទិ្ធពលរដ្ឋ និងសិទិ្ធ នយោបាយ» បានសង្កត់ធ្ងន់ថា ការអនុវត្តសេរីភាពនេះត្រូវភ្ជាប់មកជាមួយនូវករណីកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ ដែលមានចែងក្នុងច្បាប់។
ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ គូតែរ៉េស បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ គឺជាការវាយប្រហារលើខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។ ដោយឡែក នៅក្នុងសន្និបាតសុខភាពពិភពលោកលើកទី ៧៣ ក្នុងខែឧសភា ឆ្នាំ២០២០ បានអនុម័តនូវសេចក្ដីសម្រេចចិត្តមួយស្ដីពី «ការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩» ដោយអំពាវនាវដល់រដ្ឋជាសមាជិក ចាត់វិធានការនានា ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងការផ្សាយព័ត៌មានក្លែងក្លាយ៕
វាគ្មិន៖ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន