វាគ្មិន៖ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកដឹកនាំកម្មវិធីនិងសម្របសម្រួល៖ ស៊ុន មេសា
មានមហិច្ឆិតាបង្កើនចំណូលប្រជាជននិងជាគ្រឹះគាំទ្រចក្ខុវិស័យឆ្នាំ ២០៣០ ដោយយកវប្បធម៌ជាស្នូលនៅមូលដ្ឋាន
គម្រោងអភិវឌ្ឍន៍តេជោភូមិ ១០០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពយល់ព្រមកាលពីដើមឆ្នាំ ២០១៩ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិក ៥២ ប្រទេស។ គម្រោងនេះ គឺជាការពង្រឹងការអភិវឌ្ឍ ក្រែប្រែ កែសម្រួល ពង្រីកសក្តានុពលក្នុងមូលដ្ឋានដែល យកវប្បធម៌ជាស្នូលក្នុងទិសដៅពង្រីកចំណូលឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី គឺជាអ្នកសម្របសម្រួលគម្រោងប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលមួយនេះ។ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការស្រាវជ្រាវការអភិវឌ្ឍប្រកបដោយចីរភាពដែលជាអ្នកសម្របសម្រួលគម្រោងផ្ទាល់ បានវាយតម្លៃថាគម្រោងនេះគឺជាពង្រឹងនូវសមត្ថភាព និងប្រើប្រាស់សក្តានុពលមូលដ្ឋានឱ្យអស់លទ្ធភាព ហើយក៏ជាខឿនដ៏រឹងម៉ាំសម្រាប់ការគាំទ្រចក្ខុវិស័យរបស់រដ្ឋដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអ្នកមាននៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ផងដែរ។