Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: គោលនយោបាយគណបក្សកាវក្លៃ និងការផ្លាស់ប្ដូរស្ថានភាពនយោបាយនៅប្រទេសថៃ

គណបក្សកាវក្លៃទទួលបាននូវសម្លេងឆ្នោតច្រើនជាងគេ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កាលពីកន្លងទៅនេះ។ ហើយគោលនយោបាយរបស់គណបក្សកាវក្លៃ ក្លាយជាប្រធានបទក្ដៅមួយដែលទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ប្រជាជនថៃ និងសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អិតអំពីគោលនយោបាយដែលបានសន្យាដោយគណបក្សកាវក្លៃប្រសិនបើខ្លួនបានកាន់កាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ និងការប្រែប្រួលស្ថានភាពនយោបាយថៃសម្រាប់អាណត្តិបន្ទាប់។

សំណួរទី១៖ បាទ អរគុណច្រើនលោក វណ្ណលី។ យើងងាកមកមើលគោលនយោបាយរបស់គណបក្ស កៅខ្លៃ វិញម្តង ដោយគណបក្សនេះមានគោលនយោបាយចម្បងមួយរបស់ខ្លួនដើម្បីផ្លាស់ប្តូររដ្ឋធម្ម នុញ្ញ ដែលខ្លួនបានសន្យាថា បន្ទាប់ពីបានជាប់ឆ្នោត និងបានក្លាយជាអាចកាន់កាប់នូវរដ្ឋាភិបាលបាន។ តើលោកវណ្ណលីយល់ឃើញយ៉ាង ណាចំពោះគោលនយោបាយរបស់គណបក្សនេះ និងការរើបម្រស់ចេញពីរបបយោធា មួយនេះ?

លោក សេង វណ្ណលី៖ ចំណុចដែលធ្វើឱ្យគណបក្សកៅខ្លៃ ទទួលបានសម្លេងការគាំទ្រដែលគ្រប់មជ្ឈដ្ឋានរំពឹងទុក សម្លេងគាំទ្ររបស់គណបក្ស នេះគឺជាសម្លេងដែលកើតចេញអំពីសម្លេងដែលធ្លាប់គាំទ្រទៅលើគណបក្សធំៗរបស់ ប្រទេសថៃ ក្នុងនោះគឺគណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យ ក៏ដូចជាគណបក្សផាឡាំងផាឆារ៉ាត់។ សម្លេងដែលគាំទ្រគណបក្សកៅខ្លៃ គឺជាសម្លេងចេញអំពីភឿថៃ ចម្បងដែលអ្នកគាំទ្រគណបក្សភឿថៃមួយចំនួន គាត់ចាប់ ផ្តើមវិលមកគាំទ្រគណបក្សកៅខ្លៃ ដោយសារតែគាត់ជឿថា កៅខ្លៃ ជាគនបក្សដែល មានគោលការណ៍ច្បាស់លាស់ ហើយឈរទៅលើការសម្រេចចិត្តដោយមិនងាករេ។ យើងដឹងហើយថាមុនការបោះឆ្នោត កៅខ្លៃ គាត់បានអះអាងថាគាត់នឹងមិនចូលរួម បង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងត្រកូល ប៉ ពោលគឺ ប្រាវីដ និងប្រាយុទ្ធ ដោយនេះជាការប្រកាសដាច់ណាត់ ថាគាត់នឹងមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះ ហើយក៏មិនចូលរួមនោះទេប្រសិនបើគណបក្សរបស់គាត់ជាគណបក្សដែលស្ថិតក្នុង លំដាប់លេខ២ ឬ លេខ៣។ ការមិនចូលរួមជាមួយគណបក្សផាឡាំងផាឆារ៉ាត់ និង រួមចៃថៃ ដែលដឹកនាំដោយប្រាវីដ និងប្រាយុទ្ធ បង្ហាញឱ្យឃើញថាគោលនយោបាយ និងគោលការណ៍របស់កៅខ្លៃគឺខុសគ្នា។

ហើយមួយទៀតគោលនយោបាយពាក់ព័ន្ធ នឹងការធ្វើកំណែទម្រង់រាជាធិបតេយ្យ និងការលុបបំបាត់ច្បាប់ស្តីពីការកេណ្ឌទាហាន ជាគោលនយោបាយសំខាន់ដែលធ្វើឱ្យកៅខ្លៃទទួលបានកាគាំទ្រយ៉ាងច្រើន ដែលមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយថៃ ទាយខុសទាំងអស់។ ឥឡូវសួរថា កៅខ្លៃ គាត់អាចបិទបញ្ចាប់រជ្ជកាលរបស់យោធាថៃ ឬ យ៉ាងណា។ ខ្ញុំយល់ថាបើនិយាយអំពី ការគាំទ្ររបស់ប្រជាពលរដ្ឋ ការគាំទ្រចង់ឃើញកៅខ្លៃដើរទៅមុខជាមួួយកំណែទម្រង់ រាជានិយម និងបិទច្បាប់ស្តីពីការកេណ្ឌទាហាន ហើយនិងគោលនយោបាយ ទាក់ទងនឹងការវិនិយោគទុនផ្សេងទៀត និងការកែសម្រួលច្បាប់មួយចំនួនដែលបង្កឱ្យ មានភាពងាយស្រួលដល់អ្នកវិនិយោគទុនក្នុងស្រុកខ្លួនឯង ដោយមិនចាំបាច់មាន ថវិកាចំនួនច្រើន ក៏អាចវិនិយោគលើផលិតផលសំខាន់ៗដូចជាការផលិតស្រា។ ក៏ប៉ុន្តែ បញ្ហាសួរថាតើបញ្ចប់បានឬទេ តែនេះគឺជាវោហាស័ព្ទនយោបាយ ដោយការអនុវត្តជាក់ស្តែងវាអាចពិបាក។

ប្រសិនបើកៅខ្លៃ ទទួលបានសម្លេងភ្លូកទឹកភ្លូកដី ខ្ញុំជឿថាគាត់អាចរុញរបៀបវារៈហ្នឹងបានស្រួល ប៉ុន្តែពេលនេះគាត់ត្រូវការរដ្ឋាភិបាលដែលកើតចេញពីគណបក្សផ្សេងទៀត។ ដូច្នេះ គោលនយោបាយស្តីពីការធ្វើកំណែទម្រង់មាត្រា ១១២ ស្តីពីច្បាប់ជេរប្រមាថព្រះជេស្តា នោះអាចនឹងពិបាកក្នុងការអនុវត្ត ប៉ុន្តែដំបូងបើសម្រេចបានរដ្ឋាភិបាលចម្រុះបង្កើតដោយកៅខ្លៃ ខ្ញុំយល់ថាច្បាប់ស្តីពីការ កេណ្ឌទាហាន ប្រហែលជាអាចទៅរួច។ ប៉ុន្តែ ច្បាប់ស្តីពីរាជានិយម និងរាជាធិបតេយ្យ អាចជាបញ្ហារសើបបំផុត ប្រសិនបើកៅខ្លៃនៅតែបន្តដើរទៅមុខជាមួយគោលនយោ បាយបែបនេះ ប្រហែលជាក្រុមអភិរក្សនិយមដែលគាំទ្រដោយយោធា និងរាជានិយម អាចនឹងចេញមកតវ៉ាតាមដងផ្លូវ អាចឈានដល់រដ្ឋប្រហារម្តងទៀតក៏ថាបាន។

សំណួរទី២៖ ជាបន្ទាប់ ខ្ញុំអាចសុំលើកជាសំណួរមួយពាក់ព័ន្ធទៅនឹងការធ្វើរដ្ឋប្រហារ។ យើងឃើញថា ប្រទេសថៃបច្ចុប្បន្នកំពុងទទួលបានការដឹកនាំដោយរដ្ឋាភិបាល ហើយមានការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដោយលោកប្រាយុទ្ធ។ តើការបោះឆ្នោតលើកនេះក្នុងករណីដែលគណបក្សកៅខ្លៃ ដែលដឹកនាំដោយលោក ភីតា អាចនឹងមានការដឹកនាំក្នុងអាណត្តិថ្មី ហើយនឹងមានការផ្លាស់ប្តូរលើរដ្ឋធម្មនុញ្ញ តើអាចទេដែលរបបយោធានឹងមានការរើបម្រាស់សារជាថ្មី?

លោក សេង វណ្ណលី៖ ខ្ញុំគិតថាប្រសិនបើសម្ព័ន្ធភាពប្រជាធិបតេយ្យ ដែលដឹកនាំដោយគណបក្ស កៅខ្លៃ ពិតជាអាចបង្កើតរដ្ឋភិបាលចម្រុះបាន ហើយនៅតែប្តេជ្ញាដើរទៅមុខជាមួយនឹង គោលនយោបាយរសើបដូចជាមានរៀបរាប់ខាងលើ រាជានិយម ឬ ការកេណ្ឌទាហាន ជាដើម។ ខ្ញុំគិតថាក្រុមអភិរក្សដោយមានសម្ព័ន្ធភាពយោធា និងព្រះមហាក្សត្រ ប្រហែលជាមិនអនុញ្ញាតឱ្យធ្វើតាមអំពើចិត្តទេ ក្រុមអភរក្សនឹងបំផុសឱ្យក្រុមអ្នកគាំទ្រ របស់ខ្លួនចេញតាមដងផ្លូវធ្វើបាតុកម្ម អាចបង្កបានជាវិបត្តិ។ ដោយសារតែភាពញឹកញាប់នៃការធ្វើរដ្ឋប្រហារ យ៉ាងតិច១៣ដង នៅឯប្រទេសថៃ នោះរដ្ឋប្រហារយោធាអាចនឹងកើតមានម្តងទៀត បើសិនជាកៅខ្លៃ នៅតែបន្តជំរុញរបៀបវារៈនេះក្នុងការគ្រប់គ្រងរបស់ខ្លួន។ ទោះបីជាមេដឹកនាំយោធា បច្ចុប្បន្ន បានចេញមកប្រកាសនាពេលថ្មីៗនេះ ថាមិនមានរដ្ឋប្រហារម្តងទៀតទេ ប៉ុន្តែ យើងដឹងហើយថាក្រោយការបោះឆ្នោត នាមុនពេលប្រកាសជាផ្លូវការគឺប្រជាជន តែងតែដាក់សង្ស័យថានឹងមានរដ្ឋប្រហារម្តងទៀត បើសិនជាមិនមានការបង្កើតរដ្ឋា ភិបាលណាមួយដែលយោធា និងរបបរាជានិយមឯកភាព។

លើកនេះដូចគ្នា គឺយើងឃើញថាប្រមុខដឹកនាំយោធា លោកណារុងបានសន្យាក៏ពិតមែន ប៉ុន្តែកន្លងគាត់ក៏បានសន្យដូចគ្នា ហើយនៅតែមានរដ្ឋប្រហារជាបន្តបន្ទាប់។ នោះគឺអាស្រ័យទៅលើថាតើ កៅខ្លៃ គាត់នឹងបន្តជំរុញរបៀបវារៈដែលបានគ្រោងនោះ ឬយ៉ាងណា ដោយខ្ញុំគិតថាយើងតាមមើលជាក់ស្តែង។ ត្រឡប់មកវិញ ដូចខ្ញុំបានបញ្ជាក់ ដែលកៅខ្លៃគាត់អាចរុញរបៀបវារៈពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ជាពិសេសផ្អែកទៅលើមាត្រា ១១២ បានលុះត្រាតែគាត់ទទួលបានសម្លេងលើសលប់ តែបើសិនជាគាត់រួមគ្នាជាមួយនឹង គណបក្សនយោបាយផ្សេងទៀត បើទោះបីជាគណបក្សនយោបាយនោះជា គណបក្សនយោបាយមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយចង់ឃើញការធ្វើ កំណែទម្រង់មាត្រានោះក៏ដោយ ប្រហែលជាគេមិនប្រថុយប្រថានរុញប្រទេសថៃឱ្យ វិលទៅរករបបសឹក ឬ អាចមានរដ្ឋប្រហារម្តងទៀតនោះទេ នោះអាចនឹងមានការសម្របសម្រួលក្នុងការជំរុញរបៀបវារៈនោះឱ្យយូរបន្តិច ហើយផ្តោតសំខាន់លើការធ្វើកំណែទម្រង់ផ្សេងៗ ដូចជាការកេណ្ឌទាហាន លើកកម្ពស់សិទ្ធិសេរីភាព ឬជំរុញសេដ្ឋកិច្ចរបស់ថៃឱ្យមានភាពល្អប្រសើរ ដោះស្រាយបញ្ហាក្រពះរបស់ប្រជាពលរដ្ឋ ដើម្បីបង្ហាញពីភាពមានបទពិសោធន៍ក្នុង ការដឹកនាំ ហើយអាចឈានដល់អាណត្តិក្រោយទទួលបានសម្លេងភ្លូកទឹកភ្លូកដី នោះកៅខ្លៃអាចជំរុញកំណែទម្រង់ជាបន្ទាប់ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពី រាជានិយម ឬ ច្បាប់ផ្សេងៗទៀតស្រាប់ឥស្សរៈជនជាន់ខ្ពស់។

សំណួរទី៖ ជារួមតាមការយល់ឃើញរបស់លោកក្នុងនាមជាអ្នកតាមដាននូវព្រឹត្តការណ៍ក៏ដូចជា ស្ថានការណ៍នៅក្នុងប្រទេសថៃផ្ទាល់ តើលោកយល់ឃើញយ៉ាងណាពាក់ព័ន្ធទៅនឹង សេណារីយ៉ូទៅថ្ងៃអនាគត ក៏ដូចជាផែនទីនៃនយោបាយក៏ដូចជាប្រជាធិបតេយ្យក្នុង ប្រទេសថៃ?

លោក សេង វណ្ណលី៖ ខ្ញុំគិតថាវាជារបត់សំខាន់មួយនៃការផ្លាស់ប្តូរនយោបាយនៅថៃ ជាពិសេសក្រោយពីគណបក្សកៅខ្លៃទទួលបានសម្លេងគាំទ្រស្ថិតនៅក្នុងលំដាប់ទី១ វាបង្ហាញឱ្យឃើញថាប្រជាជនថៃចាប់ផ្តើមចង់ឃើញប្រទេសខ្លួនឯងវិវត្តន៍ទៅជា ប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យបែបសកល ចង់ឃើញរចនាសម្ព័ន្ធសង្គម ស្ថាប័នកំពូលៗរក្សាបានរាជានិយម ស្ថាប័នយោធា កុំឱ្យពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ កុំឱ្យមានការលូកលាន់ទៅនឹងការសម្រេចចិត្តផ្នែកនយោបាយ។ ខ្ញុំគិតថាវាបង្ហាញឱ្យ ឃើញថាជនជាតិថៃចង់បានការផ្លាស់ប្តូរមួយដែលយុវជនជំនាន់ក្រោយគាត់អាច ទទួលបាន ហើយការផ្លាស់ប្តូរមួយឱ្យស្របទៅនឹងការវិវត្តន៍នូវស្ថានការណ៍នយោបាយ អន្តរជាតិ ដោយផ្តល់ឱកាសដល់យុវជន និងអ្នកដែលមិនមែនចេញពីត្រកូលឥស្សរៈជនអាចមានឱកាសក្នុងការតោងយកតួនាទីសំខាន់ៗក្នុងរដ្ឋាភិបាល ឬ តួនាទីសម្រេចចិត្តផ្នែកនយោបាយសំខាន់ៗ ដោយមិនចាំបាច់ទាល់តែជាសមាជិករបស់គ្រួសារណាមួយនោះទេ។

ហើយខ្ញុំសង្កេត ឃើញថាការផ្លាស់ប្តូរបែបនេះជាចំណុចផ្តើម ដែលបង្កើតឡើងដោយគណបក្សកៅខ្លៃ ហើយការបោះឆ្នោតលើកគឺ គណបក្សកៅខ្លៃបានចំណាយលុយតិចបំផុតក្នុងការរក សម្លេងឆ្នោត។ ភាពជោគជ័យនេះបានផ្តល់ការលើកទឹកចិត្តដល់អ្នកតស៊ូផ្នែកប្រជា ធិបតេយ្យដើម្បីឱ្យមានកម្លាំងចិត្តធ្វើការផ្លាស់ប្តូររបបអាជ្ញាធិបតេយ្យ ឬ របបផ្តាច់ការ។ ខ្ញុំគិតថាថៃប្រហែលជាអាចជោគជ័យបានមួយកម្រិតក្នុងការរុញប្រទេសពីប្រទេស ផ្តាច់ការទៅជាប្រទេសដែលមានគោលការណ៍សេរីជាងមុន ក៏ប៉ុន្តែការុញរបៀបវារៈពី ពួកអភិរក្សឱ្យទៅជាពួកមានគំនិតជឿនលឿន ខ្ញុំគិតថាវាត្រូវការពេលវេលា ហើយប្រហែលជាក្រុមយុវជន កៅខ្លៃនេះអាចនឹងជួបប្រទះនឹងឧបសគ្គដែលអាចរា រាំងខ្លួន មិនអាចសម្រេច និងអនុវត្តតាមរបៀបវារៈដែលខ្លួនបានដាក់ចេញបាន។

វាគ្មិនកិត្តិយស៖ លោក សេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានវិភាគស្ថានភាពនយោបាយនៅប្រទេសថៃ
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930