Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: សមយុទ្ធយោធាស.អ.រ. និងកូរ៉េខាងត្បូង និងការឆ្លើយតបរបស់កូរ៉េខាងជើង (មានវីដេអូ)

ស.រ.អ. និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាខ្នាតធំរួមគ្នាមួយ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំ។ ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានឆ្លើយតបទៅនឹងសកម្មភាពដ៏គួរឱ្យព្រួយបារម្មណ៍របស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ដោយការត្រៀមខ្លួនដោយអាវុធនុយក្លេអ៊ែរដែលខ្លួនមាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់អំពីគោលបំណងរបស់ស.រ.អ.និងកូរ៉េខាត្បូងក្នុងការធ្វើសមយុទ្ធយោធាខ្នាតធំមួយនេះ និងផលប៉ះពាល់នៃការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតបទៅនឹងសកម្មភាពមួយនេះ។

សំណួរទី១៖ នាពេលថ្មីៗនេះ ស.រ.អ. និងសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់គឺកូរ៉េខាងត្បូង កំពុងតែធ្វើឡើងនូវសមយុទ្ធយោធាមួយ ដើម្បីពង្រីកបន្ថែមនិងពង្រឹងកម្រិតក៏ដូចជាទំហំនៃសមយុទ្ធយោធា និងការហ្វឹកហ្វឺនរួមគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ជាបឋម តើការអនុវត្តឡើងនូវសមយុទ្ធយោធានៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានន័យ និងជះឥទ្ធិពលដូចម្តេចចំពោះសន្តិសុខក្នុងតំបន់?

លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងការធ្វើសមយុទ្ធយោធា មែនទែនទៅគឺយើងឃើញថារាល់ការធ្វើសមយុទ្ធយោធាកនុងទម្រង់ណាក៏ដោយវាជាការសម្តែងនូវឥទ្ធិពល ក៏ដូចជាសមត្ថភាពយោធារបស់ខ្លួនហើយម្យ៉ាងទៀត ការធ្វើសមយុទ្ធយោធាក៏ជាការបង្អួតនូវសម្ភារៈយោធាផងដែរទៅឱ្យអន្តរជាតិដូចជាបណ្តាប្រទេសជាមិត្តផ្សេងៗទៀតថាប្រទេសរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារប្រទេសរបស់ពីការឈ្លានពាននានា ប៉ុន្តែយើងឃើញហើយថាការធ្វើសមយុទ្ធយោធានេះបើសិនជាសម្រាប់ប្រទេសដែលមិនពេញចិត្ត ឬជាប្រទេសបច្ឆាមិត្តដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង នោះកូរ៉េខាងជើងគាត់ច្បាស់ជាគិតថាការធ្វើសមយុទ្ធយោធាវាគឺជាការផ្គើន ការឌឺដង និងការចង់គំរាមកំហែងប្រទេសរបស់ខ្លួនតាមបែបចិត្តសាស្ត្រណាមួយ។

តួយ៉ាង យើងឃើញថាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ក៏មិនឃើញមានប្រទេសណាមួយមានប្រតិកម្មខ្លាំងទៅលើការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដែរ គឺយើងឃើញហើយថាមានតែកូរ៉េខាងជើងមួយទេ ដែលមានប្រតិកម្មជា Allergy តែម្តង។ ត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថានៅក្នុងសមយុទ្ធយោធានេះគឺមានការបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងផងដែរ។ ហើយសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងជើងនេះគឺចង់បានន័យថាស្ថានការណ៍ដែលកើតឡើងនៅឧបទ្វីបកូរ៉េនេះគឺកំពុងស្ថិតក្នុងភាពផុយស្រួយ និងតានតឹងមែនទែន ហើយនឹងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានព្រមព្រៀងក្នុងការពង្រីកពង្រឹងលើកម្រិត និងទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាដោយមើលឃើញអំពីការគំរាមកំហែង រួមទាំងការលុកលុយរបស់យន្តហោះគ្មានមនុស្សលបើកនាពេលថ្មីៗនេះផងដែរ។

ហើយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េនេះក៏បានកើនឡើងខ្លាំងតាំងពីឆ្នាំ ២០២២ មកម្ល៉េះ នៅពេលដែលកូរ៉េខាងជើងខ្លួនឯងបានធ្វើតេស្តអាវុធយោធារបស់ខ្លួននៅក្នុងជំនួបបំបែកកំណត់ត្រាទៀតផង រួមទាំងការផ្លោងមីស៊ីលអន្តរជាតិកម្រិតខ្ពស់ជាលើកដំបូងទៀត ហើយយើងឃើញហើយថាការធ្វើសមយុទ្ធយោធារវាងរវាងអាមេរិក និងកូរ៉េខាងត្បូងនាពេលនេះគឺគេឱ្យឈ្មោះថាជារបាំងការពារសេរីភាព ហើយមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃ១៣ ខែមីនានេះតទៅ។

មួយវិញទៀតមុនដល់ថ្ងៃសមយុទ្ធយោធានេះគឺអាមេរិកខ្លួនឯងក៏បានដាក់បង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកធ្ងន់ប្រភេទ B52 របស់ខ្លួនដែលមានសមត្ថភាពអាចទម្លាក់បំបែកនុយក្លេរអ៊ែរផងដែរ ដោយកាលៈទេសៈបែបនេះហើយ មុនពេលនឹងការធ្វើសមយុទ្ធយោធា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផងដែរ ហើយការបាញ់មីស៊ីលនេះបានបង្កប់នូវអត្ថន័យ២ ដែលយើងមើលឃើញជាក់ស្តែង។ ទី១ គឺការចង់បង្ហាញអំពិសមត្ថភាពយោធារបស់កូរ៉េខាងជើងខ្លួនឯងផ្ទាល់នេះ និងទី២ គឺការសម្តែងនូវភាពមិនពេញចិត្តចំពោះសមយុទ្ធយោធារវាងងាមេរិក និងកូរ៉េខាងត្បូង។ កន្លែងនេះហើយដែលយើងត្រូវគិតថាចំពោះកូរ៉េខាងជើងបានចាត់ទុកគ្រប់ការធ្វើសមយុទ្ធយោធារបស់អាមេរិក និងកុរ៉េខាងត្បូងនេះគឺជាការរៀបចំផ្តួល ត្រៀមវាយលុកឈ្លានពានកូរ៉េខាងជើង។ ដូច្នេះ បានជាកូរ៉េខាងជើងបាញ់ផ្លោងគ្រាប់បែកមីស៊ីលដើម្បីបង្ហាញនូវភាពមិនចិត្តចំពោះការធ្វើសមយុទ្ធយោធាគ្រប់ទម្រង់របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

សំណួរទី២៖ ជាក់ស្តែង ដោយមានការលើកឡើងពីសេចក្តីថ្លែងការណ៍របស់យោធាអាមេរិកកាលពីពេលថ្មីៗកន្លងទៅថា ការធ្វើសមយុទ្ធនេះឡើង គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យោធាទាំងពីរតាមរយៈផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក លំហអ៊ិនធឺណិត និងប្រតិបត្តិការពិសេស ដែលនឹងធ្វើឱ្យប្រសើរឡើងលើយុទ្ធសាស្ត្រ និងបច្ចេកទេស។​ យ៉ាងណាមិញ តើការរក្សាជំហនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានផ្តល់ជាផលប៉ះពាល់និងការគំរាបកំហែងអ្វីខ្លះដល់កូរ៉េខាងជើង?

លោកបណ្ឌិត ធិន វុត្ថា៖ បាទ អរគុណ។ ខ្ញុំចង់បញ្ជាក់សារបាន្តបន្តិច យើងដឹងហើយថាតាំងពីដំបូងឡើយបើមិនមានការលូកដៃពីលោកខាងលិចទេ​ បញ្ហានៅ​​ឧបទ្វីបកូរ៉េក៏មិនអូសបន្លាយមកដល់សព្វថ្ងៃនេះដែរ ហើយយើងឃើញហើយថាកូរ៉េខាងត្បូងបានងាកទៅរកអាមេរិកជាខ្នងបង្អែក ហើយអាមេរិកក៏បានយកកូរ៉េខាងត្បូងជាកូនជឹងរបស់ខ្លយនផងដែរ​ ព្រោះតាមបណ្តាសារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយមកថាទាហានអាមេរិកមានប្រហែលជា ៣០០០០ នាក់ កំពុងតែឈរជួរប្រចាំការនៅកូរ៉េខាងត្បូង ហើយការតាំងមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូងនេះមិនមែនមានគោលដៅតែទៅលើកូរ៉េខាងជើងតែមួយទេ ដោយចេតនាសំខាន់បំផុតរបស់ខ្លួននោះគឺទប់ទល់ជាមួយឥទ្ធិពលរបស់ចិន។

ហើយមួយវិញទៀតក៏មិនចង់ឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាច ព្រោះពិបាកទប់ទល់ ដែលយើងដឹងហើយថាការបង្កើនសត្រូវផ្តល់នូវផលវិបាកសម្រាប់សហរដ្ឋអាមេរិកក្នុងការទប់ទល់ ដូចនេះហើយបានជាសហរដ្ឋអាមេរិករកវិធីសាស្ត្រជាច្រើនដាក់សម្ពាធទៅកូរ៉េខាងជើងតាមរយៈការលើកសំណើជាមួយនឹងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនចំណុច ដើម្បីដាក់គំនាបសង្កត់កូរ៉េខាងជើងឱ្យថប់ដង្ហើម។ ដូចដែលយើងឃើញមាន បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន សុទ្ធតែបានគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលនេះជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ដើម្បីឱ្យកូរ៉េខាងជើងស្គាល់ហេតុស្គាល់ផល តែបញ្ហាចោទគឺថាទណ្ឌកម្មដែលដាក់ទៅលើកូរ៉េខាងជើងនោះគឺចំចំណុចឬអត់?​ ហើយបានហុចផលអ្វីខ្លះ? ហើយបើរាប់លើកនេះគឺលើកទី៨ ហើយដែលក្រុមប្រឹក្សាសន្តិសុខសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង។

ដោយមួយលើកសុទ្ធតែធ្ងន់ឡើងៗ តែទោះបីជាធ្ងន់យ៉ាងណាក៏កូរ៉េខាងជើងនៅតែបន្តបាញ់សាកកាំជ្រួចមីស៊ីល ហើយចុងក្រោយនេះគឺជាការសាកប៉ារ៉ាម៉ាណូប្រភេទ អ៊ីដ្រូសែន ទម្ងន់ ៥០តោន ចង់មិនចង់យើងឃើញហើយថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាលពីមុនៗមិនបានធ្វើឱ្យកូរ៉េខាងជើងស្ញើបនោះទេ។ មួយរយៈចុងក្រោយមកអាមេរិកក៏បានខិតខំធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូងហើយបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូងគឺដើម្បីផ្គើនជាមួយកូរ៉េខាងជើងឱ្យមានកំហឹងកាន់តែខ្លាំង ដូច្នេះហើយបានជាកូរ៉េខាងជើងខិតខំពង្រឹង និងពង្រីកកម្មវិធធីអាវុធនុយក្លេរអ៊ែររបស់ខ្លួនក៏ដូចជាមីស៊ីលរបស់ខ្លួន ដើម្បីការពារខ្លួន ដោយយើងឃើញហើយថាលោក គីម ជុងអ៊ុន គាត់តែងតែលើកម្តងហើយម្តងទៀតថា វាទាល់តែកូរ៉េខាងជើងមានសមត្ថភាពវាយប្រហារដ៏ខ្លាំងខ្លា អំណាចយោធាដ៏លើសលប់ដែលមិនអាចបញ្ឈប់បានដោយនរណាម្នាក់ នោះទើបកូរ៉េខាងជើងអាចការពារសង្គ្រាម ធានារក្សាសន្តិភាពសន្តិសុខក្នុងប្រទេសទប់ស្កាត់សង្គ្រាមនានា ព្រមទាំងអាចគ្រប់គ្រងការគំរាមកំហែង និងការប្រមាថពីពួកចក្រព័ទ្ធនិយមបាន។

មួយវិញទៀតបើពាក់ព័ន្ធជាមួយសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះផងដែរ កូរ៉េខាងជើងក៏បានលើកឡើងផងដែរអំពីសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងដោយបានពណ៌នាថាវាគឺជាការហាត់សមយោធាសម្រាប់ធ្វើការឈ្លានពានទឹកដីប៉ុណ្ណោះ​។ កូរ៉េខាងជើងក៏បានចោទប្រកាន់ទៅសហរដ្ឋអាមេរិកថាបាននិងកំពុងមានចេតនាបង្កនូវភាពតានតឹងឱ្យកាន់តែខ្លាំងឡើង ហើយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីម ក៏បានប្រមានផងដែរថាប្រសិនបើសហរដ្ឋអាមេរិកបាញ់ស្ទាក់ទម្លាក់មីស៊ីលសាកល្បងណាមួយរបស់ទីក្រុង ព្យុងយ៉ាង នោះកូរ៉េខាងជើងនឹងចាត់ទុកថាជាការប្រកាសសង្គ្រាម។

គួររំលឹកផងដែរថា បន្ទាប់ពីមានកិច្ចពិភាក្សារវាងលោកគីម និងប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៩ យើងឃើញហើយថាការចរចារនោះគឺបរាជ័យទាំងស្រុងតែម្តង ហើយធ្វើឱ្យទំនាក់ទំនងការទូតរវាងអាមេរិកជាមួយកូរ៉េខាងជើងហ្នឹងត្រូវជាប់គាំង ហើយកូរ៉េខាងជើងបានបង្កើនសមត្ថភាពទ្វេដងទៅលើការអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួន។ ដោយឡែកប្រធានាធិបតីកូរ៉េខាងត្បូងថ្មីៗនេះបានផ្លាស់ប្តូរទៅរកការរឹតចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺដើម្បីការឆ្លើយតបកាន់តែខ្លាំងពីទីក្រុងព្យុងយ៉ាងនេះឯង។

សំណួរទី៣៖ ភ្ជាប់ជាមួយគ្នានេះផងដែរ បើផ្អែកទៅលើទិដ្ឋភាពច្បាប់អន្តរជាតិ តើអ្វីទៅដែលជាការកត់សម្គាល់របស់លោកបណ្ឌិត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៃការធ្វើសមយុទ្ធយោធារបស់ស.រ.អ. និងកូរ៉េខាងត្បូង និងការត្រៀមខ្លួនរបស់កូរ៉េខាងជើង ចំពោះការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់?

លោកបណ្ឌិត ធិន វុត្ថា៖ ពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំក៏ចង់ជំរាបជូនផងដែរថា នៅក្នុងឆ្នាំ២០២២ បានបិទបញ្ចប់ទៅជាមួយនឹងម្រិតនៃភាពតានតឹងខ្លាំងមែនទែននៃជម្លោះរវាងបងប្អូនកូរ៉េទាំង២ ប៉ុន្តែឆ្នាំ២០២៣ បានឈានចូលមកដល់ជាមួយការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងថែមទៀតតាមរយៈការគំរាមប្រើប្រាស់អាវុធនុយក្លេរអ៊ែរដាក់គ្នាទៅវិញទៅមក ហើយលទ្ធផលនៃការផ្ទុះសង្គ្រាមនុយក្លេរអ៊ែររវាងកូរ៉េទាំង២ គឺកំពុងតែធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង ពន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានអះអាងថាអាចនឹងប្រើប្រាស់អាវុធនុយក្លេរអ៊ែរដើម្បីវាយប្រហារជាលក្ខណៈបង្ការ។ ហើយជាមួយនឹងការធញវើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ កំហឹងដាក់គ្នាអាចជាការបោះជំហានចូលគ្រោះថ្នាក់វិនាសកម្មនុយក្លេរអ៊ែរ បើសិនមិនមានដំណោះស្រាយដោយសន្តិវិធីណាមួយនោះទេ។

ហើយនៅក្នុងឆ្នាំ២០២៣នេះ អ្វីៗអាចនឹងមិនល្អប្រសើរឡើងទេ ជាគំនិតរបស់ខ្ញុំព្រោះប្រទេសកូរ៉េទាំង២ កាន់តែមានទម្លាប់គំរាមដាក់គ្នាទៅវិញទៅមក ដោយគ្មានអ្នកណាមួយព្រមចាញ់សោះ បានន័យថាកូរ៉េខាងជើងក៏ខ្លាំង កូរ៉េខាងត្បូងក៏ខ្លាំងដាក់គ្នា នោះហានិភ័យ ជាគំនិតរបស់ខ្ញុំ ខ្ញុំគិតថាស្ថានការនៅឧបទ្វីបកូរ៉េគឺវាមិនមានភាពល្អប្រសើរនោះទេ ហើយភាពក្លាហានរបស់ឪកូរ៉េខាងជើងអាចត្រូវបានចាត់ទុកថាមានលក្ខណៈជោរបន្តិចមែន ប៉ុន្តែក៏វាមានន័យថាកូរ៉េខាងជើងកាន់តែមានទំនុកចិត្តលើសមត្ថភាពសព្វាវុធរបស់ខ្លយនផងដែរ ទើបហ៊ានពើងទ្រូងដូច្នេះ។ ជាងនេះទៅទៀតសមត្ថភាពសព្វាវុធខ្លាំងខ្លាក៏អាចជាសន្លឹកបៀរមួយសម្រាប់កូរ៉េខាងជើងដែរនៅក្នុងការចរចារណាមួយ ហើយខណៈពេលដែរវិស័យសេដ្ឋកិច្ចស្ថិតនៅក្នុងចំណុចសូន្យ វិស័យសព្វាវុធ ការពារជាតិតែមួយគត់របស់លោក គីម ដែលនៅសេសសល់ដើម្បីយកទៅអួតប្រាប់គេថា ទោះបីជាបញ្ហាសេដ្ឋកិច្ចនៅក្នុងប្តឲរទេសកូរ៉េខាងជើងវាធ្លាក់ដុនដាបក៏ពិតមែន ប៉ុន្តែកូរ៉េខាងជើងខ្លួនឯងក៏មានភាពខ្លាំមួយខាងវិស័យយោធាដែរដើម្បីអួតប្រជាជនរបស់ខ្លួន។

សំណួរទី៤៖  ផ្អែកតាមការយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ តើប្រទេសកូរ៉េខាងជើងមាននូវប្រតិកម្មបែបណាខ្លះចំពោះការការធ្វើសមយុទ្ធយោធាដ៏ធំរបស់មហាអំណាចពិភពលោក និងប្រទេសជិតខាងខ្លួន?

លោកបណ្ឌិត ធិន វុត្ថា៖ អរគុណសម្រាប់សំណួរនេះ។ មែនទែនទៅខ្ញុំក៏ចង់បញ្ជាក់ផងដែរ ពាកក់ព័ន្ធទៅនឹងប្រតិកម្មរបស់កូរ៉េខាងជើងចំពោះការធ្វើសមយុទ្ធយោធានេះ បើសិនជាយើងមើលទៅលើសេចក្តីថ្លែងការណ៍ដែលបង្ហោះនៅលើវេបសាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅក្នុងករណីដែលអាមេរិក និងកូរ៉េខាងត្បូងបន្តអនុវត្តនូវផែនការដែលប្រកាសរួចលើសមយុទ្ធយោធា ដែលកូរ៉េខាងជើងចាត់ទុកជាការត្រៀមខ្លួនសម្រាប់សង្គ្រាមឈ្លានពាន ពួកគេនឹងរងការប្រឆាំងនឹងចំណាត់ការឆ្លើយតបដ៏ហ្មត់ចត់។ ហើយក្រសួងការបរទេសរបស់កូរ៉េខាងជើងផងដែរបានសង្កត់ធ្ងន់បែបនេះថា បើអាមេរិកមានជម្រើសបង្ហាញសាច់ដុំ កូរ៉េខាងជើងក៏មានជម្រើសធ្វើដូចគ្នាបែបនេះដែរ ប៉ុន្តែពេលនេះទីក្រងព្យុងយ៉ាង ក៏បានរិះគន់ទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រឹក្សាសន្តិសុខផងដែរពាក់ព័ន្ធជាមួយនឹងការធ្វើចំណាត់ការមកលើប្រទេសរបស់ខ្លួន។

ហើយបើតាមក្រសួងការបរទេសរបស់កូរ៉េខាងជើង អាមេរិកបានបរាជ័យក្នុងការបើកកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងបញ្ហាកូរ៉េខាងជើងនៅខែមករា កន្លងមកដើម្បីចាត់វិធានការលើកូរ៉េខាងជើងក្នុងការអនុវត្តសិទ្ធិការពារខ្លួន ប៉ុន្តែពាក់ព័ន្ធជាមួយនឹងសិទ្ធិការពារខ្លួននេះ ក្រុងព្យុងយ៉ាងទំនងសម្តៅការពង្រឹងសមត្ថភាពអភិវឌ្ឍអាវុធ និងកម្មវិធីនុយក្លេរអ៊ែររបស់ខ្លួន ប៉ុន្តែបើយោងទៅតាមកូរ៉េខាងជើង អាមេរិកបានប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខដែលទទួលខុសត្រូវខ្ពស់លើការថែរក្សាសន្តិសុខនេះ និងសន្តិភាពអន្តរជាតិទៅជាឧបករណ៍នៃគោលនយោបាយខុសច្បាប់របស់ខ្លួនចំពោះកូរ៉េខាងជើងដែលមិនគួរអនុញ្ញាតឱ្យមានតទៅទៀតឡើយ ហើយក្នុងសេចក្តីថ្លែងការណ៍ដដែល ទីក្រុងព្យុងយ៉ាងបានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺបង្កឱ្យមានអស្ថេរភាព និងសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងពិភពលោកផងដែរ។

បន្ថែមពីនេះកូរ៉េខាងជើងបានបង្ហាញនុវការសោកស្តាយយ៉ាងក្រៃលែងចំពោះសហគមន៍អន្តរជាតិដែលមិនមានសម្លេងតែមួយប្រឆាំងនឹងសកម្មភាពមិនសមរម្យរបស់អាមេរិកសោះដែលបំពានជាមួយនឹងគោលការណ៍ គោលបំណងធម្មនុញ្ញភាពរបស់អង្គការសហប្រជាជាតិ ជុំវិញការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលនេះយើងបានសង្កេតឃើញថាមិនទាន់បានធ្វើសមយុទ្ធយោធាផងកូរ៉េខាងជើងក៏លេងបាញ់មីស៊ីលមយយគ្រាប់ ដែលគៀកបំផុតទៅនឹងសមុទ្រជប៉ុនដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនតែម្តង គឺក្បែរនឹងភាគខាងលិចនៃកោះហូស៊ីម៉ា ចម្ងាយប្រហែល ២០០គ.ម ប៉ុណ្ណោះ ហើយចម្ងាយនេះគឺអត់ធ្លាប់មានពីមុនមកទេ បើយើងក្រឡេកមើលកាលពីឆ្នាំទៅមិញ កូរ៉េខាងជើងក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ដែរ ប៉ុន្តែធ្លាក់ក្នុងចម្ងាយប្រហែលជា ៣៧០គ.ម ពីឆ្នេរសមុទ្ររបស់ជប៉ុន ប៉ុន្តែលើកនេះគឺគ្រាប់មីស៊ីលដែលបានបាញ់ចេញគឺគៀកជាងមុនតែម្តង ដែលយើងឃើញហើយ ២០០គ.ម ប៉ុណ្ណោះពីកោះហូស៊ីម៉ា នៅក្នុងកោះហុកកៃដូ របស់ប្រទេសជប៉ុន ហើយការបាញ់មីស៊ីលគំរាមរបស់ទីក្រុងព្យុងយ៉ាងនេះ គឺធ្វើឡើងមុនមួយសប្តាហ៍របស់សមយុទ្ធយោធារបស់អាមេរិក និងកូរ៉េខាងត្បូង។

ហើយបើទោះបីជាយ៉ាងនេះក្តីក៏ភាគីកូរ៉េខាងត្បូងបានលើកឡើងថាទោះបីជារបបទីក្រុងព្យុងយ៉ាងគំរាមបែបនេះក៏ដោយ ក៏កូរ៉េខាងត្បូងនៅតែអះអាងរក្សាគម្រោងធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដដែល ប៉ុន្តែចំពោះជំហររបស់កូរ៉េខាងជើងវិញ បានចាត់ទុកថាការបាញ់សាកល្បងមីស៊ីល និងការធ្វើសមយុទ្ធយោធារបស់ខ្លួនគឺជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវមួយទៅកាន់ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង។

យើងឃើញហើយកាលពីសប្តាហ៍មុនកូរ៉េខាងជើងក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញបញ្ឈប់ការធ្វើសមយុទ្ធយោធានេះដែរ ហើយថាអាវុធនុយក្លេរអ៊ែររបស់ខ្លួនអាចធានាបាននូវតុល្យភាពនៃអំណាចនៅក្នុងតំបន់ស្រាប់ហើយ សម្រាប់កូរ៉េខាងជើង ការបង្កើនសមយុទ្ធរួមរបស់អាមេរិក-កូរ៉េខាងត្បូងនេះគឺជាការឆ្លងផុតបន្ទាត់ក្រហមដែលត្រូវបានហាមឃាត់ហើយ អាមេរិកនឹងទទួលបាននូវផលតបស្នងវិញ បើតាមការលើកឡើងរបស់កូរ៉េខាងជើង ហ្នឹងថានៅពេលដែលអាមេរិកធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង អាមេរិកនឹងទទួលបានផលតបស្នងវិញតាមរយៈការវាយប្រហារដោយអាវុធនុយក្លេរអ៊ែរ និងការតតាំងគ្នាដោយចំៗតែម្តង នេះបើតាមប្រតិកម្មរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានបន្ថែមទៀតថាទីក្រុងព្យុងយ៉ាងមិនត្រូវការឱ្យមានទំនាក់ទំនង ឬ ការចរចារជាមួយអាមេរិកនោះទេ ដរាបណាប្រទេសនេះនៅតែបន្តប្រកាន់យកនយោបាយប្រឆាំងនឹងកូរ៉េខាងជើង។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីការប្រកាសធ្វើសមយុទ្ធរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនេះបានឱ្យដឹងថា សកម្មភាពបង្កើនការធ្វើសមយុទ្ធរបស់សម្ព័ន្ធមិត្តទាំង២នេះ កំពុងផ្លាស់ប្តូរឧបទ្វីបកូរ៉េដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ និងសន្តិភាពឱ្យទៅជាឃ្លាំងអាវុធសម្រាប់សង្គ្រាមមួយដ៏ធ្ងន់ធ្ងរនៅពេលខាងមុខ ហើយទៅក្រុងព្យុងយ៉ាងបានបន្តទៀតថាការប្រឈមមុខ និងការគំរាមកំហែងផ្នែកយោធាក្នុងរយៈពេលខ្លី ឬ វែងពីសំណាក់សត្រូវជាប្រវត្តិសាស្ត្រនេះគឺកូរ៉េខាងជើងបានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីប្រើប្រាស់អាវុធនុយក្លេរអ៊ែរកម្ទេចសត្រូវតែម្តង។

សំណួរទី៥៖ ជាចុងក្រោយ តើលោកបណ្ឌិតយល់ថា សកម្មភាពនៃការឆ្លើយតបរបស់កូរ៉េខាងជើង នឹងអាចឈានទៅដល់សង្គ្រាម និងជាការគំរាមកំហែងដោយសារអាវុធនុយក្លេរអ៊ែរដ៏មានឥទ្ធិពល​ ហើយផ្តល់នូវអស្ថេរភាពដល់សហគមន៍អន្តរជាតិឬយ៉ាងណា?

លោកបណ្ឌិត ធិន វុត្ថា៖ ពាក់ព័ន្ធទៅនឹងបញ្ហានេះគឺយើងអត់អាចប៉ាន់ស្មានបានទេ ហើយក៏មិនអាចព្យាករណ៍ទុកមុនបានដែរគឺអាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់មេដឹកនាំរបស់កូរ៉េខាងជើងតែម្តង ហើយខ្ឡយនខ្ញុំផ្តាល់ក៏មិនចង់ឱ្យមានការកើតឡើងនូវសង្គ្រាមនុយក្លេរអ៊ែរនេះដែរ។ ប៉ុន្តែបើយើងក្រឡេកមើលទៅកូរ៉េខាងជើងវិញថ្មីៗនេះអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានសង្កត់ធ្ងន់តែម្តងថាស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េនៅក្នុងតំបន់ទាំងមូលបានឈានដល់បន្តាត់ក្រហមខ្លាំងហើយ ដោយសារការធ្វើសមយុទ្ធយោធា និងទង្វើបង្កអរិយភាពរបស់សហរដ្ឋអាមេរិក ក៏ដូចជាកងកម្លាំងជើងទឹករបស់កូរ៉េខាងត្បូងនេះតែម្តង ហើយបើសិនសហរដ្ឋអាមេរិកនៅតែបន្តយកធនធាននុយក្លេរអ៊ែរមកដាក់នៅតំបន់ឧបទ្វីបកូរ៉េ និងតំបន់នៅជុំវិញនេះ កូរ៉េខាងជើងនឹងបង្ហាញឱ្យច្បាស់នូវសកម្មភាពរារាំងរបស់ខ្លួនដោយមិនអាចខកខានបានឡើយ ទោះក្នុងមធ្យោបាយណាក៏ដោយ។

ដែលនេះយើងបានឃើញហើយថានៅក្នុងឱកាសនៃមហាសន្និបាតបក្សពលកររបស់កូរ៉េថ្ងៃទី ៣១ ធ្នូ ២០២២ នេះ មេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រកាសថាកូរ៉េខាងជើងបានបង្កើនសមត្ថភាពនុយក្លេរអ៊ែររបស់ខ្លួនឱ្យកាន់តែខ្ពស់បំផុតដែលនេះចាការប្តេជ្ញាចិត្តរបស់មេដឹកនាំផ្តាច់ការទីក្រុងព្យុងយ៉ាង អះអាងថាក៏ព្រោះតែកូរ៉េខាងត្បូងនេះគឺជាសត្រូវដែលមិនអាចប្រកែកបានរបស់កូរ៉េខាងជើង បន្ទាប់ពី យុន ស៊ុកយុល ឡើងកាន់អំណាចជាប្រធានាធិបតីរបស់កូរ៉េខាងត្បូងតែម្តង ហើយការពង្រឹងសមត្ថភាពសព្វាវុធនុយក្លេរអ៊ែរ គឺជាអាទិភាពធំបំផុតនៃគោលនយោបាយដឹកនាំរបស់លោក គីម ជុងអ៊ុននៅក្នុងឆ្នាំ ២០២៣នេះ។

ហើយឆ្នាំ២០២២ កន្លងទៅយើងឃើញថាកូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួន ៧០គ្រាប់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងប្រវត្តិសាស្ត្រនៃរបបកុម្មុយនីស្តផ្តាច់ការនេះ បើយោងតាមការវិភាគនៅក្នុងឆ្នាំ២០២៣ នេះកូរ៉េខាងជើងនឹងប្រឹងប្រែងអភិវឌ្ឍមីស៊ីលចម្ងាយខ្លី ដែលអាចហោះវាយកូរ៉េខាងត្បូង ព្រមទាំងមីស៊ីលបាឡេស្ទីកអន្តរជាតិ ដែលយើងហៅថា ICBM ដែលអាចហោះទៅដល់សហរដ្ឋអាមេរិកតែម្តង ដើម្បីបញ្ជាក់ពីការតាំងចិត្តនេះ នៅមហាសន្និបាតបក្សពលករកូរ៉េថ្ងៃទី ៣១ ធ្នូ ២០២២ និងថ្ងៃទី ១ មករា ២០២៣ នេះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ដែល គីម ជុងអ៊ុន បានអះអាងថាសុទ្ធតែអាចបំពាក់ក្បាលគ្រាប់នុយក្លេរអ៊ែរបានទាំងអស់។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ធិន វុត្ថា សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930