Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice : ការបោះឆ្នោតសកលឆ្នាំ២០២៣ និងការវិវត្តិន៍នៃស្ថានភាពនយោបាយប្រទេសថៃ (ភាគ ១)

ការបោះឆ្នោតសកលនៅប្រទេសថៃនឹងត្រូវប្រព្រឹត្តឡើងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាប្រធានបទក្ដៅសម្រាប់វឌ្ឍនភាពនៃស្ថានភាពនយោបាយក្នុងប្រទេសថៃ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងគណបក្សធំៗនៅប្រទេសថៃ ដែលរួមមានគណបក្ស Ruam Thai Sang Chart របស់លោកប្រាយុទ្ធដែលទើបតែបង្កើតថ្មី គណបក្សភឿថៃ គណបក្សផ្លាង ប្រាឆារ៉ាត់ និងគណបក្សធំៗមួយចំនួនទៀត។ លើសពីនេះ រឿងរ៉ាវរបស់លោកប្រាយុទ្ធក៏ក្លាយជាផ្ទាំងស៊ីបក្នុងការវិភាគ និងមានការវែកញែកជាច្រើនចំពោះអនាគតរបស់លោកប្រាយុទ្ធផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានពន្យល់អំពីនីតិវិធីនៃការបោះឆ្នោតសកលប្រទេសថៃ ការវិវត្តន៍ស្ថានការន៍ចុងក្រោយរបស់ប្រទេសថៃ និងការយល់ឃើញរបស់លោកចំពោះប្រជាប្រិយភាពលោកប្រាយុទ្ធសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

សំណួរទី១៖  ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣នេះ នៅប្រទេសថៃបានកំណត់ធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយយើងក៏មើលឃើញដែរថាការបោះឆ្នោតមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន និងអ្នកសិក្សាស្រាវជ្រាវពីស្ថានភាពនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ជាបឋម តើលោកវណ្ណលី អាចជួយពន្យល់ត្រួសៗបន្តិចបានទេអំពី ស្ថានភាព និងការវិវត្តន៍ថ្មីៗទៅលើនយោបាយក្នុងប្រទេសថៃ? ហើយជាពិសេសនោះគឺនីតិវិធីនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ដើម្បីជាការយល់ដឹងចំពោះសាធារណជនផងដែរ?

លោក សេង វណ្ណលី៖ មុននឹងខ្ញុំឆ្លើយចំពោះសំណួរ ខ្ញុំសូមចាប់ផ្តើមនិយាយអំពីការវិវត្តន៍ស្ថានការណ៍ចុងក្រោយបន្តិច ដោយសារថ្ងៃនេះខ្ញុំបានទទួលពត៌មានថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចនឹងរំលាយសភាមុនថ្ងៃទី​២៣ ដូចនេះមានន័យថាថ្ងៃទី២៣ ខែមីនានេះ ជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលរបស់លោកអាណត្តិទី២ ហើយមានពត៌មានលោកអាចនឹងរំលាយសភាមុននឹងឈានដល់ការបោះឆ្នោតនាខែឧសភា ដោយពត៌មានបាននិយាយថាលោកអាចនឹងរំលាយសភាក្នុងចន្លោះថ្ងៃទី១៥ ខែមីនា។

មូលហេតុដែលលោករំលាយ ខ្ញុំមើលទៅប្រហែលជាមានហេតុផលពីរ ទៅបី ដោយហេតុផលទី១ គឺដោយសារតែលោកចង់ទុកពេលវេលាដើម្បីទាក់ទាញឱ្យសមាជិកដទៃផ្សេងទៀតមកពីគណបក្សនយោបាយនានា ចូលរួមជាមួយនឹងគណបក្ស Ruam Thai Sang Chart​ ដែលជាគណបក្សថ្មីរបស់លោកដែលលោកឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយសារតែបើសិនជាអនុញ្ញាតឱ្យរដ្ឋាភិបាលលោកចប់អាណត្តិដោយស្វ័យប្រវត្តិនៅថ្ងៃទី២៣ នោះមានន័យថាការបោះឆ្នោតនឹងធ្វើក្នុងរង្វង់ ៤៥ថ្ងៃ ក៏ប៉ុន្តែប្រសិនជាលោករំលាយមុនថ្ងៃផុតអាណត្តិ មានន័យថាលោករំលាយមុនថ្ងៃទី២៣ លោកមានឱកាសរហូតដល់​ ៦០ថ្ងៃ ក្នុងការរៀបចំការបោះឆ្នោត ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនគេថា ទាំងលោកប្រាយុទ្ធផ្ទាល់ លោកបានបង្ហើបថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឬធ្វើក្រោយថ្ងៃទី៧ ដោយរង់ចាំនូវពត៌មានជាក់ស្តែង តែហេតុដែលលោកនឹងរំលាយសភា គឺខ្ញុំគិតថាជាហេតុផលដើម្បីប្រើប្រាស់ពេលវេលាក្នុងការទាក់ទាញសមាជិកផ្សេងៗមកពីគណបក្សនយោបាយ ហើយនិងការដាកើតំណាងសមាជិកគណបក្សរបស់លោកតាមមណ្ឌលបោះឆ្នោតនានា ដោយសារតែគណបក្សរបស់លោកជាគណបក្សថ្មី ដែលមិនទាន់មានសមាជិកតាមមណ្ឌលគ្រប់នៅឡើយទេ ដែលនេះជាមុលហេតុធ្វើឱ្យលោកត្រូវសម្រេចចិត្តក្នុងការរំលាយសភាមុនថ្ងៃទី២៣។

ចំណុចទី២ គឺដូចយើងដឹងហើយថាបើសិនជា លោកមិនរំលាយមុនថ្ងៃទី២៣ទេ សមាជិកគណបក្សនយោបាយគឺអាចឈរឈ្មោះជាតំណាងរាស្ត្រតែម្តងបាន លុះត្រាតែសមាជិកនោះជាសមាជិករបស់គណបក្សយ៉ាងហោចណាស់ ៩០ថ្ងៃ មានន័យថាបើសិនជាអនុញ្ញាតឱ្យគណបក្សនយោបាយរបស់លោកគ្រប់គ្រងរហូតដល់ចប់អាណត្តិ អ្នកដែលអាចឈរឈ្មោះតាមមណ្ឌលបោះឆ្នោតរបស់គណបក្សលោកបានទាល់តែអ្នកនោះជាសមាជិករបសើគណបក្សយ៉ាងហោចណាស់ ៩០ថ្ងៃ ប៉ុន្តែប្រសិនបើលោករំលាយមុនថ្ងៃទី២៣ សមាជិកគណបក្សដែលអាចឈរឈ្មោះតាមមណ្ឌលនានាមិនបាច់ចាំចូលជាសមាជិកភាពបក្ស ៩០ថ្ងៃទេ ត្រឹមតែ៣០ថ្ងៃ ក៏បានដែរ ដែលនេះជាមូលហេតុមួយដែលធ្វើឱ្យលោកត្រូវតែសម្រេចចិត្តរំលាយសភា។ ចំណុចទី៣ ការបោះឆ្នោតអាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែឧសភា មជ្ឈដ្ឋាននិងរដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោតបានប្រកាសថាថ្ងៃទី៧ ប៉ុន្តែប្រសិនជាលោកមានគោលបំណងក្នុងការពន្យារក្រោយថ្ងៃទី៧ ក៏បានដែរបើសិនជាលោករំលាយសភា។ ត្រឡប់មកសំណួរដោយពាក់ព័ន្ធទៅនឹងនីតិវិធី ខ្ញុំសូមលើកឡើងចំណុចពីរ គឺពាក់ព័ន្ធនឹងនីតិវិធីនៃការបោះឆ្នោតគោលការណ៍នៃការបោះឆ្នោត និងលក្ខន្តិកៈឱ្យក្លាយជានាយករដ្ឋមន្ត្រី។

ចំណុចទី១​ គឺនីតិវិធីនៃការបោះឆ្នោតលើកនេះគឺខុសពីឆ្នាំ២០១៩ កាលដែលលោកប្រាយុទ្ធ ប្រកាសបោះឆ្នោតលើកដំបូង ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ គឺលោកធ្វើឡើងឆ្នាំ២០១៩ ដោយការបោះឆ្នោតគឺគេប្រើតែសន្លឹកឆ្នោតមួយសន្លឹកទេតាមមណ្ឌលបោះឆ្នោតគ្រប់មណ្ឌល គ្រប់ខេត្តទាំងអស់ គឺមានន័យថាប្រជាពលរដ្ឋងាចជ្រើសរើសគណបក្សនយោបាយ ក៏ដូចជាសមាជិកផ្ទាល់របស់ខ្លួននូវតំណាងមណ្ឌលនានាតែនៅលើសន្លឹកឆ្នោតតែមួយទេ ដោយបែងចែកសន្លឹកឆ្នោតជាជម្រើស២ មួយជ្រើសរើសបេក្ខភាពសមាជិកសភាផ្ទាល់៣៥០នាក់ ហើយមួយទៀតគេសម្លេងរួមនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងសន្លឹកឆ្នោតមួយសន្លឹកហ្នឹង ទៅបែងចែកជាមួយនឹងសមាជិក១៥០ ឈរតំណាងបក្សតែមិនមានឈ្មោះផ្ទាល់នៅក្នុងមណ្ឌលទេ ដោយឈ្មោះមណ្ឌលនោះសមាជិកនីមួយៗមានសិទ្ធិឈរ៣៥០នាក់ មានន័យថាចំនួន ៥០០សម្លេងគឺបែងចែកជា២ គឈបោះឆ្នោតផ្ទាល់៣៥០សម្លេង ហើយ១៥០សម្លេងទៀត គេបែងចែកតាមចំនួនប្រជាពលរដ្ឋដែលចែកនឹង ១៥០ ដោយស្វែងរកអាសនៈ១៥០។

ឆ្នាំ២០១៩ គឺគេជ្រើសរើសសមាជិកសភា ៥០០នាក់ដោយប្រើសន្លឹកឆ្នោតតែមួយទេ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ រដ្ខធម្មនុញ្ញស្តីពីច្បាប់បោះឆ្នោតបានធ្វើវិសោធនកម្មប្រើសន្លឹកឆ្នោត២សន្លឹក នៅក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ហើយក៏មានការប្រែប្រួលការបែងចែក ៥០០អាសនៈ ទៅជា៤០០អាសនៈ សម្រាប់បោះឆ្នោតជ្រើសរើសសមាជិកសភាផ្ទាល់នៅក្នុងមណ្ឌលនីមួយៗ ហើយមួយទៀតគឺជ្រើសរើសសមាជិកសភាដែលសង្កាត់បក្ស។ ដោយមានន័យថាការបោះឆ្នោត ២០២៣នេះ គឺខុសពីមុន ដោយចំនួនសម្លេង ៥០០អាសនៈនៅដដែល គ្រាន់តែការបែងចែកគឺជា២ ដែល ៤០០អាសនៈសម្រាប់សមាជិករបស់គណបក្សនយោបាយឈរឈ្មោះមានមុខមានមាត់មានសាវតានៅតាមមណ្ឌលរៀងៗខ្លួន នេះជាការប្រកួតប្រជែងដណ្តើម ៤០០អាសនៈ។

ចំណែក១០០អាសនៈទៀតនោះសន្លឹកឆ្នោតដាច់ដោយឡែកមួយទៀតដើម្បីជ្រើសរើសសមាជិកតំណាងរបស់គណបក្ស ១០០អាសនៈ មានន័យថាក្នុងប្រជាពលរដ្ឋមួយអាចគូសទៅលើសន្លឹកឆ្នោត២ គឺមួយសម្រាប់រើសសមាជិកផ្ទាល់របស់ខ្លួនឯងដែលមានមុខមាត់នៅក្នុងសន្លឹកឆ្នោតហ្នឹង ហើយមួយទៀតគឺជ្រើសរើសបក្សនយោបាយ ហើយគណបក្សគេត្រូវយកសម្លេងទៅបែងចែកដើម្បីចាត់តាំងចូលបញ្ជីឈ្មោះរបស់គណបក្សគេ ទាំងនេះជាភាពខុសគ្នាលើនីតិវិធីនៃការបែងចែកអាសនៈ។

វិលមករកពាក់ព័ន្ធនឹងលក្ខន្តិកៈ ដែលអាចក្លាយជានាយករដ្ឋមន្ត្រីបាននៅក្រោយការបោះឆ្នោតរួច ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងការស្នើរបេក្ខភាពនាយករដ្ឋមន្ត្រីពីសមាជិកដែលចូលរួមការបោះឆ្នោតឆ្នាំ២០២៣ របស់ថៃថា រាល់គណបក្សមានសិទ្ធិស្នើបេក្ខភាពនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែមិនមែនមានន័យថារាល់បេក្ខភាពនាយករដ្ឋមន្ត្រីនឹងក្លាយជានាយករដ្ឋមន្ត្រីទេ លុះត្រាតែគណបក្សនោះទទួលបានអាសនៈយ៉ាងហោចណាស់ ២៥អាសនៈ ឬ ២៥សម្លេងក្នុងចំណោម៥០០អាសនៈ ទើបមានសិទ្ធិស្នើបេក្ខភាពដើម្បីប្រកួតប្រជែង​ឱ្យក្លាយជានាយករដ្ឋមន្ត្រីក្នុងសភា ឱ្យសមាជិកសភា ៥០០នោះដើម្បីជ្រើសរើស។ ហើយគណបក្សដែលទទួលបាន២៥ភាគរយ ដែលស្នើបេក្ខភាពរបស់ខ្លួនចេញពីបក្សនោះ មិនចាំបាច់ទាល់តែបេក្ខភាពនាយករដ្ឋមន្ត្រីជាសមាជិករដ្ឋសភា ឬ ព្រឹទ្ធសភាទេ អាចជាសាមញ្ញជនទូទៅក៏បានដែរ អាចចេញពីប្រភពណាក៏បាន លើកលែងអ្នកនោះមិនបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ថៃ។​

ក្រោយការបោះឆ្នោត ទទួលបាន ៥០០សម្លេង គេចាប់ថ្តើមបើកប្រជុំសភាលើកដំបូង ដោយធ្វើការជ្រើសរើសប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែអ្នកដែលជ្រើសរើសប្រមុខរដ្ឋាភិបាល ជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីចេញពីគណបក្សដែលទទួលបានយ៉ាងហោចណាស់ ២៥អាសនៈនោះ មិនមែនអ្នកដលបោះឆ្នោតមានតែ ៥០០អាសនៈពីសមាជិកទេ មានការចូលរួមដើម្បីការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីពីសមាជិកព្រឹទ្ធសភា ២៥០នាក់ទៀត ជាកត្តាដែលអាចកំណត់ថាបេក្ខភាពនាយករដ្ឋមន្ត្រីពីគណបក្សនយោបាយមួយណា ដោយមិនគិតថាឈ្នះឆ្នោតក្នុងលេខរៀងណានោះទេ សមាជិកព្រឹទ្ធសភា ២៥០នាក់ជាអ្នកដែលមានសិទ្ធិខ្ពស់ក្នុងការកំណត់ថានរណាអាចក្លាយទៅជានាយករដ្ឋមន្ត្រីណោក្នុងអាណត្តិនៃការបោះឆ្នោតក្នុងឆ្នាំ២០២៣ នេះ។ ខ្ញុំសូមឆ្លើយសំណួរត្រឹមនេះសិន ប្រហែលជាអាចមានសំណួរពាក់ព័ន្ធទៅនឹងដំណើរការនៃការបោះឆ្នោតផ្សេងទៀត ឬក៏ពាក់ព័ន្ធទៅនឹងការវិវត្តន៍ថ្មីៗ។

សំណួរទី២៖  បាទ សូមអរគុណលោកវណ្ណលី ចំពោះការបកស្រាយយ៉ាងក្បោះក្បាយអំពីការវិវត្តន៍ថ្មីៗនៅក្នុងនយោបាយប្រទេសថៃ ជាពិសេសគឺនីតិវិធី និងរបៀបរបបនៃការបោះឆ្នោតនៅក្នុងប្រទេសថៃ។ ជាបន្ទាប់ទៅទៀត នៅពីក្រោយ ក៏ដូចជានៅមុនពេលការបោះឆ្នោតមកដល់ យើងក៏មើលឃើញអំពីព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលយើងគួរតែយកមកនិយាយ និងពិភាក្សាគ្នាដើម្បីជាមូលដ្ឋាននៃការយល់ដឹងពីស្ថានភាពនយោបាយ និងការបោះឆ្នោតរបស់ប្រទេសថៃនាពេលខាងមុខ។

តួយ៉ាង កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះតុលាការធម្មនុញ្ញថៃបានចេញសេចក្តីសម្រេចពីការកំណត់រយៈពេលនៃការកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ថាលោកនឹងមានសិទ្ធិក្នុងការកាន់តំណែងកំពូលមួយនេះរហូតដល់ឆ្នាំ​២០២៥ ហើយម្យ៉ាងវិញទៀតដូចដែលលោកវណ្ណលី បានលើកឡើងកាលពីមុននេះបន្តិចថា លោកប្រាយុទ្ធ ទើបតែបែកខ្លួនចេញីគណបក្ស Palang Pracharath ដែលជាគណបក្សគាំទ្រលោកកាលពីលើកមុន និងបង្កើតគណបក្សថ្មី គឺគណបក្ស Ruam Thai Sang Chart ។ ហើយពាក់ព័ន្ធទៅនឹងចំណុចទាំងអស់នេះ តើលោកវណ្ណលីអាចនិយាយបានទេថាវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះនាការបោះឆ្នោតខាងមុខ និងជាពិសេសទៅលើប្រជាប្រិយភាពរបស់លោកប្រាយុទ្ធ ចាន់អូចា ផ្ទាល់តែម្តង?

លោក សេង វណ្ណលី៖ ខ្ញុំមើលឃើញអំពីការវិវត្តន៍នៃការវិលមកឆាកនយោបាយរបស់លោក ប្រាយុទ្ធ មានន័យថាការព្យាយាមបន្តអាណត្តិរបស់លោកក្នុងឆាកនយោបាយឆ្នាំ២០២៣នេះ តាមរយៈការបង្កើតគណបក្សថ្មីមួយចេញពីគណបក្សដែលគាំទ្រលោកជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០១៩ គឺគណបក្ស Palang Pracharath ។ លោកប្រាយុទ្ធ​ បានបង្កើតគណបក្សថ្មីមួយទៀតគឺគណបក្ស Ruam Thai Sang Chart ជាការបែកចេញពីគណបក្សដែលគាំទ្រលោកជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០១៩ទេ។ មូលហេតុនៃការចូលរួមជាមួយគណបក្សបង្កើតថ្មីបែកចេញពីគណបក្សចាស់ ដោយសារតែទំនាស់ផ្ទៃក្នុងរវាងលោក ប្រាយុទ្ធ ចាន់អូចា និងលោកប្រាវីត វង្សសូវ៉ាន់ ដែលជាឧបនាយករដ្ឋមន្ត្រីក្នុងអាណត្តិរបស់លោកប្រាយុទ្ធ ហើយក៏ជាបងធម៌ របស់លោកប្រាយុទ្ធ ដោយកាលពីថ្នាក់តូចៗគឺលោក ប្រាវីត តែងជ្រោមជ្រែងលោក ប្រាយុទ្ធ ឱ្យក្លាយជាមនុស្សដែលសំខាន់នៅក្នុងជួរកងទ័ព ក៏ដូចជាគាំទ្រលោក ប្រាយុទ្ធ ក្នុងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

មូលហេតុនៃការបែកបាក់គ្នានេះ ធ្វើឱ្យសមាជិករបស់គណបក្ស Palang Pracharath ដែលជាគណបក្សធំបំផុតមួយបានបែកចេញជា២ ប៉ូល ដោយប៉ូលទី១ គាំទ្រលោកប្រាវីត ឱ្យក្លាយជានាយករដ្ឋមន្ត្រី និងក្រុមមួយទៀតគាំទ្រលោកប្រាយុទ្ធ ក៏ប៉ុន្តែក្រុមគាំទ្រលោកប្រាវីត មើលឃើញថាលោកប្រាយុទ្ធគួរតែដល់ពេលហើយ ដោយសារតែលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៤ ដល់២០២៣​ គឺហួសហើយ ថ្វីត្បិតតែរដ្ឋធម្មនុញ្ញបានធ្វើសេចក្តីសម្រេចថាលោកប្រាយុទ្ធ អាចបន្តជានាយករដ្ឋមន្ត្រីរហូតដល់២ឆ្នាំទៀតចប់ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែលោកប្រាយុទ្ធ គួរតែមានភាំពខ្មាស់អៀន និងគាំទ្រលោកប្រាវីត វង្សសូវ៉ាន់ ឱ្យក្លាយជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែលោកប្រាយុទ្ធ គិតថាចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រីរហូតដល់ពេលនេះគឺលោកមិនទានើបានដោះស្រាយបញ្ហាសំខាន់ៗមួយចំនួននៅឡើយទេ ដោយលោកគិតថាមានបញ្ហាសេសសល់មួយចំនួនដែលលោកត្រូវតែសម្អាត ដូច្នេះទើបលោកសុំបន្តជានាយករដ្ឋមន្ត្រី រយៈពេល ២ឆ្នាំទៀត ដោយឡែកក្រុមគាំទ្រលោកប្រាវីត មិនគាំទ្រ ទើបជាមូលហេតុធ្វើឱ្យក្រុមគាំទ្រលោកប្រាយុទ្ធ ចាប់ផ្តើមបំបែកគណបក្ស Ruam Thai Sang Chart ចេញពីគណបក្ស Palang Pracharath ។

តាមមជ្ឈដ្ឋានអ្នកវិភាគ និងជាពិសេសការស្ទង់មតិនូវការបោះឆ្នោត ឬ ប្រជាប្រិយភាពរបស់បេក្ខភាពនាយករដ្ឋមន្រ្តី ឬ តំណាងបក្ស គេឃើញថាលោកប្រាយុទ្ធ កាលពីឆ្នាំ២០២២ ក្រោយពីការបែកបាក់ជាមួយលោក ប្រាវីត គឺប្រជាប្រិយភាពរបស់លោកត្រូវបានធ្លាក់ចុះ ហើយធ្លាក់ចុះខ្លាំងនៅពេលដែលតុលាការរដ្ឋធម្មនុញ្ញ បានចុះសេចក្តីសម្រេចថាឱ្យលោកប្រយុទ្ធ អាចបន្ត២ឆ្នាំទៀត ឬើបធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះខ្លាំង ដោយគិតថាលោកក្តោបក្តាប់អំណាច ក៏ប៉ុន្តែមកដល់ដើមឆ្នាំ២០២៣ ក្រោយការចូលរួមជាមួយគណបក្សថ្មី លោកប្រាយុទ្ធ ព្យាយាមទាំក់ទាញសមាជិកដែលមានសមត្ថភាពចេញគណបក្សនយោបាយទាំងអស់ ដើម្បីមកគាំទ្រលោក។

ដោយបានឃើញថា លោកចុះទៅឃោសនា និងទៅរកសម្លេងតាមមណ្ឌលនានា ទាំងក្នុងក្រុងបាងកក និងតាមភូមិភាគដទៃផ្សេងទៀត។ យើងឃើញពេលថ្មីៗនេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ គឺមានការស្ទង់មតិមួយឈ្មោះ Super Poll បានស្ទង់មតិ ហើយគេបានរកឃើញថាប្រជាប្រិយភាពរបស់លោកប្រាយុទ្ធ ចាប់ផ្តើមកើនឡើងលំដាប់ទី២ ក្រោយកូនស្រីរបស់លោក ថាក់ស៊ីន។ ដោយកាលពីឆ្នាំ២០២២ លោកប្រាយុទ្ធ គាត់នៅក្នុងលេខរៀងទី៤ ឬ ៥ មានន័យថាលោកប្រជាប្រិយភាពតែ ១/២ នៃប្រជាប្រិយភាពរបស់លោកស្រី Paetongtarn​ ដែលជាកូនស្រីរបស់លោកថាក់ស៊ីន តែប៉ុណ្ណោះកាលពីឆ្នាំ២០២២ ប៉ុន្តែកាលពីថ្ងៃទី២០ ខែកុម្ភៈ យើងបានឃើញថាកំណើននៃប្រជាប្រិយភាពរបស់លោក ចាប់ផ្តើមហក់ឡើង និងស្ថិតក្នុងលេខរៀងទី២ ដោយយោងតាមការស្ទង់មតិទូទាំងប្រទេស។

ប្រសិនបើផ្អែកទៅលើប្រជាពលរដ្ឋតាមតំបន់ គឺចំពោះទីតាំងបាងកក និងខេត្តមួយចំនួនជុំវិញបាងកក គឺប្រជាប្រិយភាពរបស់លោកប្រាយុទ្ធ ស្ថិតក្នុងលេខរៀងទី១ លើលោកស្រី Paetongtarn​ ដោយលោកប្រាយុទ្ធ បានទទួលសម្លេងគាំទ្ររហូតដល់ ៣៣% នៃប្រជាពលរដ្ឋដែលរស់នៅទីក្រុងបាងកក រីឯលោកស្រី Paetongtarn​ ទទួលបានតែ ២១,៣% តែប៉ុណ្ណោះ។ ប៉ុន្តែនៅក្រៅក្រុងបាងកក តាមតំបន់នានា លោកស្រី Paetongtarn​ នៅតែទទួលបានសម្លេងគាំទ្រលំដាប់ទី១ គឺ ២៩,៩% ដែលលោកប្រាយុទ្ធ ជាប់លំដាប់ទី២ គឺ ២៤,៣% ទេ។ ទាំងនេះគឺជាការប្រៀបធឥបអំពីកំណើនប្រជាប្រិយភាពរបស់លោកប្រាយុទ្ធ ជាមួយនឹងគណបក្សប្រឆាំងដែលធំបំផុតរបស់លោកស្រី Paetongtarn​ ដែលគេមើលឃើញថានឹងទទួលបានជ័យជំនះ និងទទួលបានអាសនៈច្រើនជាងគេបំផុតក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ៕

វាគ្មិនកិត្តិយស៖ លោក សេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានស្ថានភាពនយោបាយប្រទេសថៃ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930