ភ្នំពេញ — ក្រោយដំណើរទស្សនកិច្ចលើកទី ១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីសប្តាហ៍មុន អ្នកជំនាញកិច្ចការនយោបាយអន្តរជាតិបានលើកឡើងថា នេះគឺជាចំណុចចាប់ផ្តើមនៃការកសាងទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន សែន បានបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គ្រាឯកអគ្គរដ្ឋទូតបច្ចុប្បន្ន គឺលោក Patrick Murphy ជិតផុតអាណត្តិរបស់លោក។ រូបថតរបស់លោក ហ៊ុន សែន អង្គុយជិតឯកអគ្គរដ្ឋទូតអាមេរិកអមដោយមន្ត្រីផ្សេងទៀតត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ស្ថានទូតអាមេរិកបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។