Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការបោះឆ្នោតប្រជាមតិលើតំបន់៤របស់អ៊ុយក្រែន និងការបញ្ចូលទឹកដីនោះជាឧបសម្ព័ន្ធរបស់រុស្ស៊ី

សំណួរទី១៖   ជាដំបូង សូម (វាគ្មិន) ជួយរៀបរាប់បន្តិចអំពីបច្ចុប្បន្នភាព ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាក់ស្តែងសង្គ្រាមនេះបានអូសបន្លាយរយៈពេល៧ខែមកហើយ។ 

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនេះត្រូវបានគេរាយការណ៍ថាធ្វើទៅលើទីក្រុងធំៗរបស់អ៊ុយក្រែនរួមមាន ទីក្រុងBerdyansk ទីក្រុងChernihiv ទីក្រុងKharkiv ទីក្រុងOdesa ទីក្រុងSumy ហើយនឹងទីក្រុងKyivតែម្តង។

ខាងមន្ត្រីលោកខាងលិច គាត់បានអះអាងថាតាមទំហំនៃសង្គ្រាមនេះ គឺជាសង្គ្រាមមួយដែលធំជាងគេនៅអឺរ៉ុប រាប់ចាប់តាំងពីឆ្នាំ១៩៤៥មក ហើយចំណែកការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស បានសរុបចំនួនប្រជាជនស៊ីវិលដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ គឺបានកើនឡើងរហូតដល់៦១១៤នាក់ហើយ។ ប្រជាជនទាំងនោះ គឺជាប្រជាជនស្លូតត្រង់របស់អ៊ុយក្រែន ​ដែលតួលេខនេះ គឺគិតត្រឹមខែតុលាឆ្នាំ២០២២នេះ។

សង្គ្រាមនេះបានបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌ ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ភាគខាងលិចនៃប្រទេសរបស់ខ្លួន ហើយមួយចំនួនធំទៀត បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ ជាការកត់សម្គាល់យើងឃើញមានប្រជាជនអ៊ុយក្រែនដែលបានគេចទៅរស់នៅប្រទេសប៉ូឡូញដោយសារតែសង្គ្រាមនេះ គឺមានរហូតដល់៦លាន១សែននាក់ទៅហើយ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ ហើយចំនួនបន្តបន្ទាប់មកទៀតនេះ គឺមានខ្លះបានភៀសខ្លួនទៅនៅក្នុងប្រទេសរុស្ស៊ី ខ្លះទៅនៅប្រទេសហុងគ្រី ហើយមានខ្លះក៏ទៅប្រទេសរូម៉ានីផងណា។

ចំណែកឯផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែនបានធ្លាក់ចុះរហូតដល់ ដក៣០ភាគរយ ចំណែកឯនៅប្រទេសរុស្ស៊ីវិញ ក្រុមហ៊ុនរុស្ស៊ីដែលធ្លាប់រកស៊ីនៅរុស្ស៊ីបានដកចេញជាបណ្តើរៗ ហើយតួលេខមកទល់ពេលនេះ គឺមានក្រុមហ៊ុនបរទេសរហូតទៅដល់៣២០ក្រុមហ៊ុនទៅហើយ ដែលបានរើចេញពីសហព័ន្ធរុស្ស៊ី។

បញ្ហាសំខាន់មួយទៀត ដែលអ៊ុយក្រែនកំពុងប្រឈម គឺការខ្វះខាតថវិកាសម្រាប់ចំណាយ ដែលថវិកាដែលអ៊ុយក្រែនការទទួលបានអំពីចំណូលពន្ធ និងចំណូលផ្សេងៗ គឺមានប្រមាណតែ៤០ភាគរយប៉ុណ្ណោះ ហើយអ៊ុយក្រែនត្រូវការថវិកាចំណាយបន្ថែមចំនួន៥ពាន់លានដុល្លារសម្រាប់ខែនីមួយៗ ដើម្បីបង្គ្រប់នូវការចំណាយដែលខ្វះខាតរបស់ខ្លួន។

សំណួរទី២៖   កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅនេះ យើងដឹងថាប្រទេសរុស្ស៊ីបានធ្វើការបោះឆ្នោតប្រជាមតិ សម្រាប់តំបន់ចំនួន៤របស់អ៊ុយក្រែន ដែលតំបន់នោះមានដូចជា Donetsk Luhansk Zaporizhzhia និង Kherson ក្នុងការបំបែកខ្លួនចេញពីអ៊ុយក្រែន ដើម្បីចូលឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ី ដែលជារួមតំបន់ទាំង៤នេះវាស្មើនឹង១៥ភាគរយនៃទឹកដីរបស់អ៊ុយក្រែន។ តើអ្វីទៅជាការបោះឆ្នោតប្រជាមតិ ក្នុងការផ្តាច់តំបន់អ៊ុយក្រែនដាក់ចូលជាសម្ព័ន្ធឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ី? ហើយតើវាស្ថិតក្រោមមូលហេតុអ្វី ដែលរុស្ស៊ីសម្រេចចិត្តធ្វើការបើកប្រជាមតិនេះ

ការបោះឆ្នោតប្រជាមតិនេះ គឺគេធ្វើឡើងតាមរយៈការដែលគេស្នើឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទាំងនោះ សម្រេចចិត្តថាតើពួកគេចង់រួមរស់ជាមួយរុស្ស៊ី ឬក៏ពួកគេចង់រក្សានូវស្ថានភាពដែលពួកគេកំពុងតែរួមរស់ជាមួយប្រទេសអ៊ុយក្រែន។ ការធ្វើប្រជាមតិនេះ វាមិនមែនជាលើកទី១ទេ ដូចដែលយើងបានដឹងមកហើយកន្លងទៅកាលពីឆ្នាំ២០១៤ រុស្ស៊ីគាត់បានធ្វើប្រជាមតិទៅលើស្ថានភាពរបស់គ្រីមា (Crimea) ហើយជាលទ្ធផលប្រជាជនដែលរស់នៅតំបន់គ្រីមាប្រមាណជា៩៧ភាគរយ បានបោះឆ្នោតគាំទ្រឱ្យកាត់ទឹកដីគ្រីមា ចូលជាផ្នែករបស់រុស្ស៊ី។ កាលនោះគឺស្ថានភាពរបស់គ្រីមា ដែលគេធ្វើប្រជាមតិនោះ គឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ដែលគ្រីមាកាលនោះគឺធ្វើប្រជាមតិ ដើម្បីក្លាយខ្លួនទៅជារដ្ឋស្វយ័តមួយ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនទៀតទេ។ ការធ្វើប្រជាមតិកាលនោះ គឺគេបានសាកសួរទៅលើប្រជាជនដែលរស់នៅតំបន់នោះ ថាតើគេចង់ចូលរួមជាមួយរុស្ស៊ី ដែលជាប្រធានបទសំខាន់សម្រាប់ការធ្វើប្រជាមតិនោះ។ ដូចដែលយើងបានដឹងហើយអ្នកដែលចូលរួមក្នុងការធ្វើប្រជាមតិនោះ គឺមានតែចំនួន៨៩ភាគរយប៉ុណ្ណោះ ហើយក្នុងនោះ៩៧ភាគរយ នៃចំនួនអ្នកចូលរួមការបោះឆ្នោតនោះបានគាំទ្រឱ្យមានការកាត់ទឹកដីគ្រីមាចូលមកក្នុងផ្នែកមួយនៃប្រទេសរុស្ស៊ី។ ហើយឥឡូវនេះប្រទេសរុស្ស៊ីបានបោះឆ្នោតប្រជាមតិសម្រាប់តំបន់៤ ដូចដែលយើងដឹងហើយមានតំបន់ Donetsk Luhansk Zaporizhzhia និង Kherson ដែលបំបែកខ្លួនចេញពីអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីន (Vladimir Putin) បាននិយាយថា ​លោករំពឹងថា បន្ទាប់ពីការបញ្ចូលទឹកដីនេះមកជាផ្នែកមួយនៃប្រទេសរុស្ស៊ី វានឹងធ្វើឱ្យស្ថានការណ៍ស្ថិតស្ថេរ ឬមានភាពនឹងនរ នៅក្នុងតំបន់ទាំង៤នេះ។  លោកថាតំបន់នេះបច្ចុប្បន្ន គឺហែកហួរដោយសង្គ្រាម ហើយស្ថានការណ៍នៅទីនោះមិនមានភាពនឹងនរនោះទេ។ នៅក្នុងទិវាអបអរគ្រូបង្រៀននៅពេលថ្មីៗនេះ លោកប្រធានាធិបតីរុស្ស៊ីពូទីន បានឆ្លៀតឱកាសនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍សម្រាប់ទិវានេះបានលើកឡើងថា ដោយលោកបានអបអរទៅដល់គ្រូបង្រៀនទាំងអស់ដែលបម្រើការនៅក្នុងតំបន់ទាំង៨៩របស់រុស្ស៊ី ហើយតំបន់៤នោះ គឺទៅបានក៏រាប់បញ្ចូលទៅក្នុងតំបន់របស់រុស្ស៊ីពីមុនដែលមានស្រាប់ ដែលមានចំនួន៨៥ ឥឡូវនេះគាត់បានអបអរទាំង៨៩ គឺគាត់រាប់បញ្ចូលទាំងតំបន់៤ដែលទើបនឹងចូលជាឧបសម្ព័ន្ធថ្មីរបស់រុស្ស៊ី។ បើយើងពិនិត្យមើលទៅលើស្ថានភាព ឬក៏ប្រតិកម្មរបស់សហគមន៍អន្តរជាតិការធ្វើឧបសម្ព័ន្ធនេះ គឺជារឿងរំលោភលើច្បាប់អន្តរជាតិ ហើយមេដឹកនាំពិភពលោកមួយចំនួនធំបានលើកឡើងថា ពួកគេនឹងមិនទទួលស្គាល់ការកាត់នេះឡើយ។ 
ចំពោះមូលហេតុនៃការកាត់(តំបន់ទាំង៤) នេះ ខ្ញុំយល់ឃើញថា៖
ទី(១)៖ គឺធ្វើឡើងដើម្បីប្រើប្រាស់សម្រាប់ជាលេស ក្នុងការប្រើប្រាស់អាវុធទំនើបៗរបស់រុស្ស៊ី ក្រោមហេតុផលការពារខ្លួន ដែលចាត់ទុកថាប្រសិនបើកងទ័ពបរទេស ឬក៏កងទ័ពអ៊ុយក្រែនឈ្លានពានមកលើតំបន់នេះ គឺប្រៀបធៀបទៅនឹងការឈ្លានពានមកលើទឹកដីរុស្ស៊ីផ្ទាល់តែម្ដង។ ដូច្នេះ រុស្ស៊ីប្រើប្រាស់អស់លទ្ធភាពដែលខ្លួនមានដើម្បីការពារទឹកដីនេះ។ 
ទី(២)៖ ចេតនារបស់លោកពូទីន គឺអាចបង្កើតជាគំនូរថ្មី ជាគំរូសម្រាប់ក្រុមមេដឹកនាំរបស់អ៊ុយក្រែនផ្សេង ទៀត ដែលមានបំណងផ្តាច់ខ្លួនឱ្យធ្វើតាមតំបន់ទាំង៤នេះ ដើម្បីទទួលបានការការពារពីរស្ស៊ី។ 
ទី (៣)៖ គឺលោកពូទីនក៏ប្រហែលជាអាចមានចេតនា ពង្រឹងនិងពង្រីកមូលដ្ឋានយោធារបស់ខ្លួននៅក្នុងតំបន់ដែលរបស់ខ្លួនដែលបានប្រកាសថាជាទឹកដីរបស់ខ្លួន។ 
ទី (៤)៖ គឺត្រង់ថារុស្ស៊ីនឹងមិនរាថយឡើយក្នុងការកាត់យកទឹកដីអ៊ុយក្រែនជាបន្តទៀត ។
ខ្ញុំយល់ឃើញថា នេះជាចេតនាដែលនៅខាងក្រោយ លោកពូទីនកំពុងតែរៀបចំ។ ជាក់ស្ដែង បើយើងពិនិត្យមើលទៅស្ថានភាពនៃសង្គ្រាមនេះ វានឹងអាចអូសបន្លាយច្រើនជាងនេះ ហើយអ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីកាន់តែច្រើនជាងនេះទៅទៀត មិនត្រឹមតែ១៥ភាគរយប៉ុណ្ណោះទេ ប៉ុន្តែអាចរហូតដល់៥០ភាគរយ។ ប្រសិនបើក្រុមមេដឹកនាំនៅតាមតំបន់មួយចំនួនផ្សេងៗទៀតព្យាយាមផ្តាច់ខ្លួនពីរដ្ឋាភិបាលរបស់លោកZelenskyy ហើយអាចថាលោកមេដឹកនាំតំបន់ផ្សេងទៀតនឿយណាយនឹងសង្គ្រាម ហើយសម្រេចចិត្តងាកចេញពីរដ្ឋាភិបាលរបស់លោកZelenskyy។  
សំណួរទី៣៖   បើយើងនិយាយពីលទ្ធផលវិញថាតើការបោះឆ្នោតប្រជាមតិនេះ វាអាចនឹងផ្តល់ឥទ្ធិពលអ្វីខ្លះទៅដល់សង្គ្រាមកំពុងតែអូសបន្លាយជាច្រើនខែរវាងរុស្ស៊ី និងអ៊ុយក្រែន

ចំពោះបញ្ហានេះ នាពេលថ្មីៗ លោកប្រធានាធិបតីរុស្ស៊ីបានប្រកាសជាផ្លូវការ នៃការទទួលស្គាល់តំបន់ទាំង៤នេះ ហើយចេតនារបស់លោក គឺប្រហែលជាអាចមានពាក់ព័ន្ធទៅនឹងការកេណ្ឌកម្លាំង ឬក៏កេណ្ឌទ័ពរបស់ទាំងតំបន់ទាំង៤នេះយកមកធ្វើជាកងទ័ពរបស់រុស្ស៊ី ដើម្បីទប់ទល់ជាមួយនឹងកងទ័ពរបស់អ៊ុយក្រែន។ ហើយនាពេលថ្មីៗនេះ លោកពូទីនក៏បានអះអាងដែរថា ការវាយលុកណាមួយរបស់អ៊ុយក្រែន ដើម្បីព្យាយាមដណ្តើមតំបន់ទាំង៤នេះមកវិញ គឺប្រៀបបានទៅនឹងការវាយប្រហារ មកលើទឹកដីរបស់រុស្ស៊ី។ ដូច្នេះ លោកព្រមានថា លោកនឹងប្រើប្រាស់កម្លាំងពេញលេញរបស់រុស្ស៊ី ដើម្បីការពារទឹកដីទាំងនេះ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។  ចំពោះប្រតិកម្មរបស់បច្ចឹមលោកវិញ គឺខាងបច្ចឹមលោកបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើនេះ ហើយលោកប្រធានាធិបតី ចូ បៃដិន បានរំឭកឡើងវិញថា លោកនឹងនៅតែបន្តគាំទ្រអ៊ុយក្រែន ក្នុងការវាយដណ្ដើមយកដីរបស់ខ្លួនមកវិញ ដែលនេះគឺជាការវាយដណ្ដើម ដើម្បីបង្ហាញអំពីសេរីភាពរបស់អ៊ុយក្រែននោះ ក្នុងនាមជារដ្ឋអធិបតេយ្យ។

សំណួរទី៤៖    តើអ្វីទៅដែលជាចំណាត់ការបន្ទាប់របស់អ៊ុយក្រែន បន្ទាប់ពីមានការបោះឆ្នោតផ្តាច់តំបន់របស់ខ្លួនទៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី ដែលយើងដឹងហើយថា ការផ្តាច់នេះគឺជាការខាតបង់មួយផ្នែកធំដល់ប្រទេសអ៊ុយក្រែន

នាពេលថ្មីៗនេះដែរ លោកZelenskyyបាននិយាយថា គាត់មិនបានសូម្បីតែមើលសុន្ទរកថាដ៏រំជើបរំជួលដែលលោកពូទីនបានបង្ហាញអំពីការឈ្លានពាននេះទេ។ ខណៈដែលរុស្ស៊ីកំពុងតែស្ថិតនៅក្រោមការវាយប្រហារពីឥស្សរជនជាន់ខ្ពស់របស់អាមេរិក អង្គការណាតូ និងបច្ចឹមលោក។ នៅក្នុងសុន្ទរកថា តាមវីដេអូតេឡេក្រាមរបស់លោកZelenskyy ដែលបានប្រកាសអំពីកម្មវិធីសម្រាប់សមាជិកភាពរបស់អង្គការណាតូ លោកបានបរិហារអំពីការលួចទឹកដីរបស់អ៊ុយក្រែន។ លោកបានចោទរុស្ស៊ីពីបទរំលោភព្រំដែនអន្តរជាតិជាមួយនឹងការសម្លាប់ប្រជាជនស៊ីវិល ហើយនិងការគំរាមកំហែងនានា។ លោកZelenskyyក៏បានបន្តទៀតដែរថា អ៊ុយក្រែនមានឆន្ទៈចូលរួមការចរចាជាមួយរុស្ស៊ី ប៉ុន្តែមិនមែនជាមួយលោកពូទីននោះទេ។ នៅក្នុងសុន្ទរកថារបស់លោកពូទីន លោកបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចរចាជាមួយអ៊ុយក្រែន ប៉ុន្តែមិនមែនអំពីទឹកដីទាំង៤ដែលលោកទើបតែបញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ីនោះឡើយ ដោយលោកនិយាយថាទឹកដីទាំងនោះនឹងក្លាយទៅជាផ្នែកមួយរបស់រុស្ស៊ីជារៀងរហូត។ 

សំណួរទី៥៖   បើសិនជា យើងមើលទិដ្ឋភាពច្បាប់វិញម្ដង ដោយ(វាគ្មិន) ខាងដើមឡើយ បានលើកឡើងថាការបោះឆ្នោតប្រជាមតិនេះ គឺជាការខុសច្បាប់ទៅនឹងច្បាប់អន្តរជាតិ។ តើ (វាគ្មិន) អាចជួយបកស្រាយបន្តិចបានទេ ថាតើទង្វើរបស់រុស្ស៊ីនេះ វាខុសទៅនឹងច្បាប់អន្តរជាតិយ៉ាងដូចម្ដេចខ្លះ? ហើយតើវាអាចមានវិធីសាស្ត្រណា ដែលអ៊ុយក្រែននៅតែបន្តអះអាងថាតំបន់ទាំង៤នេះជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន

ជាការពិតណាស់នេះគឺជាការរំលោភច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ ការបញ្ចូលទឹកដីរបស់រដ្ឋណាមួយ ដោយរដ្ឋមួយផ្សេងទៀត ដែលកើតចេញតាមរយៈការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង គឺជាការរំលោភទៅលើគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលយើងមានកន្លងមក។ ដូច្នេះការសម្រេចចិត្តនៃការកាត់យកទឹកដីទាំង៤ដែលមានតំបន់ Donetsk Luhansk​ Kherson និង Zaporizhzhia មិនមានតម្លៃផ្លូវច្បាប់នោះទេ ហើយសមនឹងទទួលបានការថ្កោលទោសពីអន្តរជាតិមែន។ បើសិនជាយើងពិនិត្យមើលមែនទែនការកាត់ទឹកដីនេះ វាកើតទៅជាគំរូអាក្រក់របស់រដ្ឋផ្សេងទៀត ដែលមានបំណងឈ្លានពានរដ្ឋដែលទន់ខ្សោយ ឬរដ្ឋខ្វះលទ្ធភាពក្នុងការការពារខ្លួន។ ហើយការកាត់បែបនេះ គឺវានាំមកដល់ការរំខាន ឬធ្វើខូចដល់សណ្ដាប់ធ្នាប់ពិភពលោកទាំងមូល។ ដូច្នេះសន្តិភាព ដែលយើងទទួលបានក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ អាចនឹងបាត់ ដោយសារតែទង្វើជាគំរូអាក្រក់របស់រុស្ស៊ីនេះ។ ការប្រកាសនាពេលថ្មីៗរបស់លោកពូទីន អំពីការចល័តយោធាមួយផ្នែក ដែលមានបំណងធ្វើឱ្យមានការពង្រឹងយោធារបស់អ៊ុយក្រែនកាន់តែច្រើនជាងមុន តាមរយៈការប្រកាសកេណ្ឌទ័ពរហូតដល់៣០ម៉ឺន គឺវាជាបញ្ហាមួយដ៏សំខាន់ ជាចំណុចដែលពិភពលោកកំពុងតែឈានទៅដល់ចំណុចដ៏គ្រោះថ្នាក់នៃសង្គ្រាមលោកលើកទី៣ ប្រសិនបើភាគីខាងណាតូ ឬក៏ភាគីពាក់ព័ន្ធផ្សេងទៀតខ្វះភាពអត់ធ្មត់។ មួយទៀត គឺថ្មីៗនេះយើងឃើញមានការបំផ្លាញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream (២) ដែលធ្វើឱ្យមានការបង្អាក់ការបង្ហូរឧស្ម័នទៅកាន់បច្ចឹមលោកជាពិសេសនៅអឺរ៉ុប។ នេះគឺមានភាពប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រជាជនស្លូតត្រង់រស់នៅក្នុងទ្វីបអឺរ៉ុប។ ចំណុចនេះដែរ ខ្ញុំយល់ឃើញថា
រុស្ស៊ីគឺកំពុងតែព្យាយាមប្រើប្រាស់ បំពង់ឧស្ម័ននេះឱ្យកាន់តែមានទម្ងន់បន្ថែមទៀត សម្រាប់ការចរចារបស់ខ្លួន។ ការប្រកាសការកេណ្ឌទ័ពជាង៣០ម៉ឺននាក់ បានធ្វើឱ្យប្រជាជនរុស្ស៊ីជាង២០ម៉ឺននាក់ ជាពិសេសយុវជនបានរត់ភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ដើម្បីទៅជ្រកកោននៅប្រទេសដទៃ ដោយមូលហេតុថាពួកគេបារម្ភថាពួកគេនឹងអាចត្រូវបានគេកេណ្ឌយកទៅធ្វើកងទ័ព ហើយពួកគេពុំមានចេតនាចង់ចូលរួមនោះទេ។ ពាក់ព័ន្ធនឹងនេះដែរ បន្ទាប់ពីការប្រកាសកេណ្ឌទ័ពនេះ ប្រជាប្រិយភាពរបស់លោកពូទីនក៏រងនូវផលប៉ះពាល់ដែរ ដែលប្រជាជនរុស្ស៊ីបានទម្លាក់ការគាំទ្រលោកពូទីន ពី៨៣ភាគរយកាលខែកន្លងទៅ មកនៅត្រឹមតែ៧៧ភាគរយតែប៉ុណ្ណោះ។ ហើយចំនួនប្រជាជនដែលមិនគាំទ្រលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀពូទីន បានកើនឡើងពី១៥ភាគរយរហូតទៅដល់២១ភាគរយ។ នេះជាកត្តាសំខាន់ដែលកើតចេញពីបំណងរបស់លោកប្រធានាធិបតីពូទីន នៅក្នុងការប្រមូលទ័ពបន្ថែម ហើយក្នុងការត្រៀមខ្លួនធ្វើសង្គ្រាមយូរអង្វែងជាមួយនឹងអ៊ុយក្រែន និងសង្គ្រាមមិនផ្ទាល់ជាមួយនឹងបច្ចឹមលោក។ 

វាគ្មិនកិត្តិយស៖ លោក អំ សុជាតិ សមាជិកអ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031