នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចែករំលែកនូវព័ត៌មាន និងស្ថានការណ៍វិវត្តន៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោក៏បានលើកឡើងនូវសំណើចំនួន ៤ចំនុចទៅកាន់មេដឹកនាំរបបសឹកភូមាផ្ទាល់ សំដៅការសម្របសម្រួលដល់ដំណើរការដោះស្រាយវិបត្តិនយោបាយ និងអំពើហឹង្សានានាដែលមាននៅក្នុងប្រទេសភូមា។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់ពីគោលគំនិតនៃសំណើទាំង ៤ចំនុច របស់សម្ដេចតេជោទៅលើស្ថានការណ៍នៅភូមា និងលើកឡើងពីស្ថានការណ៍វិវត្តន៍នានាពាក់ព័ន្ធទៅនឹងអំពើហឹង្សា ភាពតានតឹង និងជំនួយមនុស្សធម៌ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា។
សំណួរទី ១៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានអញ្ជើញដំណើរទស្សនៈកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅនេះ។ ហើយកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក៏បានអញ្ញើញ ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ដើម្បីជួបសន្ទនាទៅលើបញ្ហាពាក់ព័ន្ធនានាតាមប្រព័ន្ធវីដេអូ។ តើអ្វីទៅដែលជារបៀបវារៈគោលនៅក្នុងជំនួបពិភាក្សាលើកនេះ?
ជាទូទៅប្រទេសកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ ខំធ្វើកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្ដាប្រទេសនានាដែលជាសមាជិកអាស៊ាន។ យើងឃើញថាកន្លងទៅមានកិច្ចប្រជុំទ្វេភាគី ជាមួយបណ្ដាប្រទេសច្រើនដែលជាសមាជិក ហើយថ្មីៗនេះឃើញថាជាមួយប្រទេសភូមា ដើម្បីតាមដានមើលនូវការវិវត្តន៍ និងការអនុវត្តចំនុចឯកច្ឆន្ទទាំងប្រាំរបស់អាស៊ានដែលបានដាក់ចេញ កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។ ដូច្នេះ គោលបំណងនៃជំនួបនេះ គឺតាមដានមើល ថាតើការអនុវត្តន៍នេះដល់កម្រិតណា ហើយមានបញ្ហាអ្វីខ្លះ។ ហើយទី២ ក៏ត្រូវពិភាក្សាត្រង់ទៅត្រង់មកដែរ ទាក់ទងទៅនឹងតំណាងរបស់ភូមា នៅក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។ ប្រសិនបើមិនមាន វឌ្ឍនភាពវិជ្ជមានជាដុំកំភួនណាមួយ ទាក់ទងទៅនឹងការអនុវត្តចំណុចទាំង៥របស់អាស៊ានទេ គឺអាស៊ានពិបាកនឹងទទួលយកនូវវត្តមាននយោបាយ អ្នកតំណាងកម្រិតនយោបាយពីភូមា ចូលក្នុងកិច្ចប្រជុំអាស៊ានខាងមុខទេ។ ដូច្នេះ នេះគឺជាចំណុចឯកច្ឆន្ទនៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណាជម្រុញឲ្យរបបសឹកភូមា គោរពតាមពាក្យដែលគាត់សន្យា ហើយធ្វើតាមគន្លង៥ចំណុចរបស់អាស៊ាន។
សំណួរទី ២៖ កំឡុងពេលនៃជំនួបនេះផងដែរ ក្រៅពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនានា សម្ដេចតេជោក៏បានលើកឡើងនូវសំណើរមួយចំនួនទៅកាន់ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ទាក់ទងទៅនឹងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។ តើលោកបណ្ឌិតគិតថា មេដឹកនាំយោធាមីយ៉ាន់ម៉ាអាចនឹងសម្របសម្រួល និងចូលរួមអនុវត្តទៅតាមការស្នើរបស់សម្ដេចដែរឬទេ?
វាអាស្រ័យលើការអនុវត្តជាក់ស្ដែង ទាក់ទងទៅនឹងចំណុចទាំង៥របស់អាស៊ាន ថាតើបានលទ្ធផលអ្វីខ្លះ ដូច្នេះនេះគឺជាកត្តាកំណត់។ ដូច្នេះចំនុចទាំង៤នេះ ក៏ដូចគ្នាទៅនឹងចំណុចទាំង៥របស់អាស៊ាន ពីព្រោះកម្ពុជាធ្វើការជាមួយភូមា ក្នុងក្របខណ្ឌនៃប្រាំចំនុចរបស់អាស៊ានហ្នឹងហើយ។ អ្វីដែលយើងកំពុងរងចាំ គឺដំណើរទស្សនៈកិច្ចរបស់ប្រសិតពិសេសរបស់អាស៊ាននៅពេលខាងមុខ តើរបបសឹកយោធា នឹងសម្របសម្រួលឱ្យមានការជួបភាគីពាក់ព័ន្ធតាមរបៀបណា និងសម្របសម្រួលជំនួយមនុស្សធម៌ពីថ្នាក់អន្តរជាតិទៅដល់ដៃប្រជាជនភូមាដោយមិនរើសអើង ផ្នែកទៅលើនិន្នាការនយោបាយនោះទេ ដែលនេះគឺជាកត្តាសំខាន់។ មួយទៀត មុននឹងការបញ្ចប់នូវអំពើហឹង្សា ត្រូវបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលក្នុងន័យនេះអាស៊ានត្រូវធ្វើយ៉ាងណាដើម្បីជម្រុញឱ្យមានការបញ្ចប់នូវអំពើហឹង្សា។
សំណួរទី ៣៖ របបសឹកយោភូមាបានសន្យាថា នឹងបន្តបទឈប់បាញ់រហូតដល់ដើមឆ្នាំ២០២៣ ប៉ុន្តែកាលពីសប្ដាហ៍មុន យើងឃើញមានការផ្ទុះអាវុធនៅរដ្ឋកាយ៉ាស៍ រវាងក្រុមយោធានិងក្រុមប្រដាប់អាវុធផ្សេងទៀត។ ហេតុអ្វីបានជាភាពតានតឹង និងការផ្ទុះអាវុធនៅតែបន្តកើតមាន បើទោះបីជាមេដឹកនាំយោធាបានសន្យារួចមកហើយអំពីបទឈប់បាញ់នេះ?
នេះគឺជាអ្វីមួយដែលយើងត្រូវដាក់សម្ពាធបន្ថែមទៅដល់របបសឹកយោធា ដើម្បីបញ្ចប់នូវអំពើហឹង្សា។ និយាយឱ្យចំទៅ អ្នកដែលកាន់កូនសោរគឺជារបបសឹកភូមានេះឯង ហើយអំពើហឹង្សាគ្រប់គ្រងបានកម្រិតណា គឺអាស្រ័យទៅលើរបបសឹកយោធានេះ។ គេក៏ត្រូវជម្រុញនូវការចូលរួមពីបណ្ដាភាគីពាក់ព័ន្ធ ដើម្បីបញ្ឈប់អំពើហឹង្សាក្រោមគ្រប់រូបភាព។ ហើយអាស៊ានក៏ត្រូវបន្តតាមដានមើល ទាក់ទងនឹងស្ថានការណ៍វិវត្តន៍ជាក់ស្ដែងនៅភូមា ថាតើមានដំណើរការវិជ្ជមានដល់កម្រិតណា ដែលនេះគឺជាកិច្ចការបន្តបន្ទាប់។ ហើយដំណើរទស្សនៈកិច្ចរបស់ប្រសិតពិសេសរបស់អាស៊ាននេះ គឺសំខាន់ណាស់ដើម្បីបើកផ្លូវក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ អនុវត្តន៍បាននូវបទឈប់បាញ់ និងបញ្ចប់នូវអំពើហឹង្សាទាំងអស់។
សំណួរទី ៤៖ ភាពតានតឹងនៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន និងមួយផ្នែកប៉ះពាល់ខ្លាំងទៅដល់ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេស? ប្រសិនបើស្ថានភាពនៃវិបត្តិនយោបាយ និងភាពតានតឹននៅតែបន្តកើតមាន តើវាអាចរាំងស្ទះទៅដល់ដំណើរការជំនួយមនុស្សធម៌នៅក្នុងមីយ៉ាន់ម៉ា និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែមានស្ថានភាពអាក្រក់ទៅដែរឬទេ?
ប្រសិនបើអំពើហឹង្សានៅតែបន្ត វាពិបាកនឹងធ្វើការទៅលើជំនួយមនុស្សធម៌ ពីព្រោះថាយើងត្រូវគិតគូដល់សន្តិសុខរបស់អ្នកទទួលបន្ទុកធ្វើការផ្នែកមនុស្សធម៌នេះដែរ។ អញ្ចឹងពួកគេពិបាកចូលទៅក្នុងតំបន់ដែលមានការវាយប្រហារគ្នា ឬក៏មានសង្គ្រាម ដូច្នេះកត្តាចាំបាច់គឺត្រូវឱ្យមានបទឈប់បាញ់។ ម្យ៉ាងទៀត បើអំពើហឹង្សានៅតែបន្តវាពិបាក ក៏ប៉ុន្តែអ្នកធ្វើការផ្នែកមនុស្សធម៌ ដែលពុំមានការវាយប្រហារ ឬអំពើហឹង្សាដើម្បីជួយទៅដល់ប្រជាជនដែលរងគ្រោះ ដែលវាអាចធ្វើទៅបានក្រោមកិច្ចសហប្រតិបត្តិការរវាងរបបសឹកយោធា ជាមួយនឹងអាស៊ាន អង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធផ្សេងទៀតទាំងតួអង្គរដ្ឋ និងមិនមែនរដ្ឋ។ ដូចជាអង្គការ Nippon Foundation របស់ប្រទេសជប៉ុនក៏អាចដើរតួនាទីដ៏សំខាន់ដែរនៅក្នុងសម្របសម្រួលជំនួយមនុស្សធម៌ទៅដល់ប្រជាជនភូមា ដោយមិនរើសអើស។ ដូច្នេះ ដំណើរការនៃជំនួយមនុស្សធម៌គឺជាដំណើរការមួយដ៏ងាយស្រួលជាងគេ បើប្រៀបធៀបទៅនឹងដំណើរនៃការបញ្ចប់អំពើហឹង្សាផ្សេងៗ និងជម្រុញនូវកិច្ចពិភាក្សាដែលមានអ្នកពាក់ព័ន្ធចូលរួមទាំងឡាយប្រកបដោយបរិយាប័ន្ន។ ជំនួយមនុស្សធម៌វាអាចទៅដល់ប្រជាជនលឿនជាងយន្តការផ្សេងៗទៀតដែរ ក៏ប៉ុន្តែដូចខ្ញុំលើកឡើងពីខាងដើមថាធ្វើយ៉ាងណាកាត់បន្ថយឱ្យបានច្រើនទាក់ទងនឹងអំពើហឹង្សាតាមដែលអាចធ្វើទៅបាន។
សំណួរទី ៥៖ លោកបណ្ឌិតក៏បានធ្វើកិច្ចសម្ពាសន៍មួយដោយលើកឡើងថា អាស៊ាននឹងពិបាករកច្រកចេញផ្សេង បើរបបសឹកនៅតែមិនគោរពអនុវត្តតាមគោលការណ៍ទាំង៥ របស់អាស៊ាន។ បើតាមគំនិតរបស់លោកបណ្ឌិតផ្ទាល់ តើសេនារីយ៉ូអ្វីដែលអាចកើតមានឡើង ប្រសិនបើរបបសឹកភូមានៅតែបន្តឥរិយាបថបែបនេះ? តើកិច្ចប្រជុំកំពូលអាស៊ាននៅតែបន្តជាមួយនឹងរូបមន្តអាស៊ាន ៩ ដដែលឬយ៉ាងណា?
វាអាស្រ័យទៅលើលទ្ធផលជាក់ស្ដែងនៅក្នុងប្រទេសភូមា ប្រសិនណាបើមិនមានការវិវត្តន៍វិជ្ជមានណាមួយទាក់ទងទៅនឹងចំនុចឯកច្ឆន្ទទាំងប្រាំទេ អាស៊ានមិនអាចទទួលយកនូវវត្តមានក្របខណ្ឌនយោបាយពីភូមាបានទេ។ អាស៊ាននឹងបន្តនូវអ្វីដែលខ្លួនបានអនុវត្តហើយកាលពីឆ្នាំ២០២១ គឺមានបណ្ដាប្រទេសអាស៊ានដែលនូវតែមានវត្តមានភូមា ដែលមិនមែនជាតំណាងអ្នកនយោបាយ ប៉ុន្តែមានតំណាងកម្រិតទាបពីភូមាចូលរួម។ រឿងរ៉ាវដែលភូមានឹងបញ្ជូនតំណាងអ្នកនយោបាយឱ្យចូលរួមកិច្ចប្រជុំអាស៊ានឬក៏យ៉ាងណា យើងមិនទាន់អាចដឹងមុនបានទេ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់របបសឹកយោធាហ្នឹង។ ដែលនេះគឺជាអ្វីមួយដែលយើងត្រូវតាមដានមើលទាក់ទងទៅនឹងការវិវត្តន៍តទៀត ជាពិសេសក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត ដែលជាពេលវេលាមួយដ៏សំខាន់ ដើម្បីយើងដឹងថាតើជំហរបស់បណ្ដាប្រទេសអាស៊ានផ្សេងៗយ៉ាងម៉េច ហើយភូមាហ្នឹងមានការវិវត្តន៍លើការអនុវត្តន៍ដល់កម្រិតណា។ អាស៊ានត្រូវតាមដានមើល ប្រសិនបើភូមាមានការវិវត្តន៍វិជ្ជមាន អាស៊ានអាចនឹងពិចារណាដើម្បីឱ្យមានតំណាងនយោបាយរបស់ភូមាចូលរួមកិច្ចប្រជុំ។ និយាយឱ្យចំទៅអ្នកដែលកាន់កូនសោរគឺភូមាហ្នឹងឯង បាល់នៅក្នុងតារាងរួចហើយ ទាត់ឬមិនទាត់គឺអាស្រ័យទៅលើរបបសឹកភូមាផ្ទាល់។
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ