Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់

AVI Voiceវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់

កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។ ក្នុងកិច្ចសម្ភាស៍នេះ កញ្ញា ម៉េង មុនីរួត្ន បានបកស្រាយអំពីដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងអំពីគោលបំណងក៏ដូចជាផលវិជ្ជមាននៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះដល់សង្គមកម្ពុជាផងដែរ។

សំណួរទី១៖   ជាដំបូង ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ តើអ្វីទៅជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ? ហើយតើការធ្វើវិសោធនកម្មនេះទៀតសោធមាននីតិវិធីបែបណាខ្លះ?

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែលបាន​ឆ្លង​កាត់​ការ​ធ្វើ​វិសោធនកម្ម ឬ​ការ​កែប្រែ ចំនួន ៨ ​លើក​ រួច​មក​ហើយ​​​ក្នុង​រយៈ​ពេល​ជាង ២០ឆ្នាំ​កន្លងមកនេះ គឺតាំងពីឆ្នាំ ១៩៩៣ មក ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជា ការកែប្រែ ឬបន្ថែមទៅលើបទដ្ឋាន ខ្លឹមសារ និងមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ ។ ចំពោះ ការធ្វើវិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញ្ញ គឺមាននីតិវិធីដូចតទៅ៖​

យោងមាត្រា​ ១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) នៃរដ្ឋធម្មនុញ្ញកម្ពុជា អ្នកដែលមានសិទ្ធិផ្តើមគំនិតសើរើ ឬផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាន៖ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រ ១/៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ នីតិវិធី គឺ៖ ១. ព្រះមហាក្សត្រ ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្តីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ២. ការផ្តើមគំនិតដោយនាយករដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីធ្វើសំណើថ្វាយព្រះមហាក្សត្រទ្រង់ព្រះតម្រិះពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ។ ៣.​ មតិក្រុមប្រឹក្សាធម្មនុញ្ញាថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រទ្រង់ចេញព្រះរាជសារទៅម្ចាស់សំណើវិញ។ ដូចបានលើកឡើងខាងលើ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ព្រឹទ្ធសភាក៏ត្រូវអនុម័តដោយសំឡេង២/៣ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែរ ។ ហើយនេះជាសំឡេងអនុម័តដែលមាន លក្ខណៈជាស្តង់ដារនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់នៅលើពិភពលោក ។

ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ជាតិឋិត​ក្នុង​ភាព​អាសន្នទេ​។ ហើយការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ មិន​អាច​ធ្វើ​បាន​ឡើយ​កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ។

សំណួរទី២៖   កាលពីពេលថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី លោកបានប្រកាសពីគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។ តើអ្វីទៅជាមូលដ្ឋាន ក៏ដូចជាគោលបំណងដែលនាំឲ្យមានគំនិតផ្ដួចផ្ដើមនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ?

កន្លងមក តែងតែមានការជជែកគ្នាជាច្រើនពាក់ព័ន្ធនឹងការដែលអាចមានសញ្ជាតិពីរ ដោយក្នុងនោះមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមានផងដែរ ។ មានមតិខ្លះលើកឡើងថា នៅពេលមានសញ្ជាតិពីរ យើងអាចធ្វើដំណើរហោះហើរទៅក្រៅប្រទេសដោយងាយស្រួល មិនបាច់ពិបាកសុំទិដ្ឋាការមុនធ្វើដំណើរ ហើយបើក្នុងបរិបទរបស់ប្រទេសកម្ពុជាយើងវិញ ប្រជាជនខ្មែរមួយចំនួនបានចាកចេញពីកម្ពុជាដោយមូលហេតុសង្គ្រាមក្នុងស្រុក ហើយពួកគាត់គឺជាបញ្ញវ័ន្ត និងជាធនធានមនុស្សដែលអាចវិលត្រឡប់មកមាតុប្រទេសវិញ និងត្រូវការមានសញ្ជាតិខ្មែរបន្ថែមពីលើសញ្ជាតិដែលពួកគាត់ទទួលបានពេលដែលទៅដល់ដីបរទេសដំបូង និងរស់នៅជាច្រើនឆ្នាំក្នុងពេលមានសង្គ្រាម និងការវឹកវរ ។ ​ ជាមួយគ្នានេះ ក៏មានមតិជាច្រើនផ្សេងទៀតដែលបានលើកឡើងមកថា ការដែលមានសញ្ជាតិពីរនេះ ធ្វើឲ្យយើងអាចគេចផុតពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងជាទូកឆ្លងមួយរបស់យើងក្នុងពេលប្រទេសជួបគ្រាអាសន្ន ឬទុកលំបាក ។ មួយវិញទៀត ការដែលកាន់លិខិតឆ្លងដែនពីរ អាចជាកញ្ចក់មួយដែលឆ្លុះបង្ហាញថា មនុស្សម្នាក់មានការស្រឡាញ់ជាតិពីរ មិនមានចិត្តស្មោះត្រង់ចំពោះជាតិ ពុំមានប្រកាន់ស្មារតីជាតិនិយមសោះឡើយ ។ ចំពោះការលើកឡើងអំពីវិសោធនកម្មមាត្រានៃរដ្ឋធម្មនុញ្ញមួយចំនួនលើកនេះ ប្រធានបទនេះមិនមែនទើបតែលេចឡើងក្នុងពេលថ្មីៗនេះទេ ជាក់ស្តែងគឺមានការលើកឡើងតាំងពីឆ្នាំ២០០៧ ឬមុននេះទៅទៀត ។ ហើយដោយយោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ ក៏បានលើកឡើងពីគោលបំណងនៃគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ដោយមូលដ្ឋានចំបង និងជាគោលបំណងដែលនាំឲ្យមានគំនិតផ្ដួចផ្ដើមនូវវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឹផ្តោតសំខាន់ទៅលើការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសកម្ពុជា សំដៅធានាការពារឯករាជ្យជាតិអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ រឺការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

សំណួរទី៣៖   តើការធ្វើវិសោធនកម្មនេះ នឹងនាំមកនូវផលវិជ្ជមានអ្វីខ្លះដល់សង្គមកម្ពុជា?

ក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលក្នុងនោះមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ការប្រកាន់ភ្ជាប់នូវសញ្ជាតិខ្មែរតែមួយគត់ គឺបញ្ជាក់ច្បាស់នូវ៖

•  ទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និង ស្នេហាជាតិមាតុភូមិយ៉ាងមោះមុត

•  ទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិពិតប្រាកដ និងមិនលាយឡំនិងការទទួលខុសត្រូវចំពោះជាតិដទៃឡើយ

•  ស្មោះត្រង់ចំពោះជាតិសាសន៍

•  ជួយរៀបចំសណ្តាប់ធ្នាប់សាធារណៈ

•  សន្តិសុខនៃសង្គម

•  សេវាសារធារណៈរបស់សង្គម

•  ជាការទប់ស្កត់បទល្មើស ឬ អំពើល្មើស

•  តាមការវិវត្តនៃសង្គម ឬកាលៈទេសៈទៅតាមភាពជាក់ស្តែង ។

សំណួរទី៤៖   បើយើងក្រឡែកទៅមើលទិដ្ឋភាពខាងក្រៅវិញ តើមានប្រទេសណាខ្លះនៅលើពិភពលោកហើយ ដែលបានអនុម័តឲ្យមានការប្រើប្រាស់នូវច្បាប់ ដែលកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសញ្ជាតិតែមួយគត់នៅក្នុងដៃ?

ជាក់ស្តែង ប្រទេសក្នុងទ្វីបអាស៊ីជាច្រើនបានមានការប្រកាន់ខ្ជាប់យ៉ាងមោះមុតនូវការមាន​សញ្ជាតិតែមួយ ដែលមានដូចជា៖ ប្រទេសចិន ប្រទេសជប៉ុន ប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសប្រ៊ុយណេ ។ល។

ឧទាហរណ៍៖   

  • ប្រទេសចិន ជាប្រទេសមួយដែលមិនអនុញ្ញាតិឲ្យមានសញ្ជាតិ២ឡើយ ដោយយោងតាមមាត្រា២ នៃច្បាប់ស្តីពីសញ្ជាតិនៃសាធារណៈប្រជាមានិតចិន។
  • ប្រទេសជប៉ុនអនុញ្ញាតិឲ្យមានសញ្ជាតិតែមួយ ដោយយោងតាមមាត្រា២ នៃច្បាប់ស្តីពីសញ្ជាតិនៃប្រទេសជប៉ុន។
  • ប្រជាជនឥណ្ឌូនេស៊ីក៏ត្រូវបោះបង់សញ្ជាតិពីរដែរ ដោយយោងច្បាប់ស្តីពីសញ្ជាតិនៃប្រទេសឥណ្ឌូនេស៊ី។
  • ប្រទេសឡាវ មិនអនុញ្ញាតឲ្យមានសញ្ជាតិ២ក្នុងពេលតែមួយទេ ដោយយោងតាមមាត្រា២ នៃច្បាប់ស្តីពីសញ្ជាតិ ។
  • នៅមានប្រទេសជាច្រើនទៀតដែលតម្រូវឲ្យមានសញ្ជាតិតែមួយប៉ុណ្ណោះ ។

សំណួរទី៥៖   ពាក់ព័ន្ធទៅនឹងច្បាប់ការពារប្រមុខរដ្ឋាភិបាលគឺអតីតប្រធានាធិបតី និងអតីតនាយករដ្ឋមន្រ្តី តើបច្ចុប្បន្ននេះមានប្រទេសណាខ្លះដែលបានចែងច្បាប់ ឬរដ្ឋធម្មនុញ្ញពាក់ព័ន្ធទៅនឹងការការពារអតីតប្រធានាធិបតី និងអតីតនាយករដ្ឋមន្រ្តី?

ប្រទេសធំៗ និងមហាអំណាចជាច្រើន ដូចជាសហរដ្ឋអាមេរិកផ្ទាល់ គឺមានច្បាប់មួយហៅថា Former Presidents Act ដែលគេមានចែងអំពីអភ័យឯកសិទ្ធ (Immunity)។ ហើយបើយើងក្រឡែកទៅមើលប្រទេសរុស្ស៊ីវិញ កន្លងមកគឺនៅឆ្នាំ២០២០ គេបានអនុម័តច្បាប់ដែលគេហៅថា Pass the Bill for Lifetime Immunity ជាអភ័យឯកសិទ្ធជូនអតីតប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី ដែលពួកគាត់ត្រូវបានរួចផុតពីការចោទប្រកាន់ឬការឆែកឆេរផ្ទះ ក៏ដូចជាអ្វីផ្សេងទៀតដែលជាកម្មសិទ្ធរបស់គាត់។

វាគ្មិន៖ កញ្ញា ម៉េង មុនីរួត្ន មន្ត្រីផ្នែកច្បាប់នៃក្រុមហ៊ុនមេធាវីឯកជន

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930