កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះសម្ព័ន្ធភាពសន្តិសុខថ្មីមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវាបានប្រកាសជាផ្លូវដោយប្រទេសសម្ព័ន្ធមិត្តបីរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ការបង្កើតឡើងនូវសម្ព័ន្ធភាព AUKUS នេះគឺដើម្បីជាយន្តការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសឆ្លើយតបទៅនឹងការកើនឡើតឥទ្ធិពយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងតំបន់ ក៏ដូចជាបញ្ជាក់ពីវត្តមាននិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងកិច្ចសម្ភាសហ៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងពីគោលបំណងយុទ្ធសាស្រ្តនៃការបង្កើតឡើងនូវ កិច្ចព្រមព្រៀងសន្តិសុខ AUKUS នេះក៏ដូចជាផលបច្ច័យមកលើភូមិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ និងបកស្រាយពីភាពចម្រូងចម្រាស់រវាងប្រទេសបារាំងជាមួយនឹងប្រទេសសម្ព័ន្ធភាព AUKUSពាក់ព័ន្ធទៅនឹងកុងត្រាទិញនាវាមុជទឹកបាតសមុទ្រផងដែរ។
សំណួរទី១៖ កាលពីពេលថ្មីៗនេះ មេដឹកនាំនៃប្រទេសចំនួនបីរួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេសបានប្រកាសអំពីសម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មី ឬហៅថា AUKUS។ តើអ្វីទៅជា AUKUS? តើអ្វីទៅជាគោលបំណងចម្បងនៃកិច្ចព្រមព្រៀង សម្ព័ន្ធភាព AUKUS នេះ?
ពាក់ព័ន្ធទៅនឹងការបង្កើតឡើងនូវសម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបានធ្វើការប្រកាសចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះគឺវាជាសម្ព័ន្ធមិត្តសន្តិសុខថ្មីមួយទៀតដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ។ នៅក្នុងកិច្ចព្រមព្រៀងដែលហៅថា AUKUS មាននូវធាតុផ្សំចំនួនបី បើតាមការរាយការណ៍របស់សាព័ត៌មាននានារួមមាន៖
ធាតុផ្សំទីមួយ គឺកិច្ចព្រមព្រៀងនេះមានតួនាទីនៅក្នុងការជម្រុញឲ្យមានភាពជិតស្និតជាងមុនបន្ថែមទៀត រវាងឧស្សាហកម្មបច្ចេកវិទ្យា ឧស្សាហកម្មធន់ធ្ងន់ និងឧស្សាហកម្មយោធារវាងប្រទេសទាំងបីនឹង ដែលមានដូចជាបញ្ហាទៅលើCyberspace, បញ្ហាសប្បនិមិត្ត (Artificial Intelligence), Quantum Computing និង ចុងក្រោយគឺបញ្ហាសមត្ថភាពយោធាក្រោមបាទសមុទ្រ (Undersea Capabilities)។
ធាតុផ្សំទីពីរ គឺសហរដ្ឋអាមេរិកនឹងធ្វើការលក់ និងផ្ដល់ឲ្យនូវសមត្ថភាពវាយប្រហារយៈចម្ងាយឆ្ងាយ (Long-Range Strike Capabilities) ទៅដលើកងទ័ពរបស់ប្រទេសអូស្រ្តាលីទាំងកងទ័ពជើងទឹក ជើងគោល និងជើងអាកាស ដែលក្នុងនោះអូស្រ្តាលីនឹងធ្វើការទិញប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដូចជាប្រភេទ Tomahawk Missile, Long Range Anti-Ship Missile, និង Precision Strike Guided Missile ជាដើម។ ប្រទេសមីស៊ីលទាំងអស់នេះនឹងជម្រុញឲ្យសមត្ថភាពរបស់កងទ័ពប្រទេសអូស្រ្តាលី មានភាពខ្លាំងក្លាជាងមុន អាចទប់ទល់ទៅនឹងហានិភ័យដែលគាត់មើលឃើញនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ធាតុផ្សំទីបី គឺជាធាតុផ្សំមួយដែលមាននូវភាពចម្រូងចម្រាស់ ហើយទទួលបាននូវការយកចិត្តទុកដាក់ខ្លាំងពីសកលលោក គឺពាក់ព័ន្ធទៅនឹងកុងត្រាដែលប្រទេសអូស្រ្តាលីធ្វើការទិញនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប៉ុន្តែមាននូវសភាវុធធម្មតាពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ នៅក្នុងការដែលប្រទេសអូស្រ្តាលីធ្វើការកម្មង់ទិញនាវាមុជទឹកយ៉ាងហោចណាស់៨គ្រឿង ពីប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ គឺវាបង្ហាញឲ្យឃើញអំពីការលុបចោលនូវកុងត្រាទិញនាវាមុជទឹករបស់ប្រទេសអូស្រ្តាលី ដែលគាត់មានកន្លងមកកាលពី២០១៦ ជាមួយនឹងប្រទេសបារាំង ដោយប្រទេសបារាំងកុងត្រាជាមួយនឹងប្រទេសអូស្រ្តាលីបង្កើតនាវាមុជទឹកដើរដោយកម្លាំងម៉ាស៊ីនស៊ាំង និងម៉ាស៊ីនថ្មពិល ចំណែកឯកុងត្រាជាមួយអាមេរិកនិងអង់គ្លេសនេះជាប្រទេសនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear Powered Submarine)។
សំណួរទី២៖ តើអ្វីទៅជាគោលដៅ ឬក៏ហេតុផលយុទ្ធសាស្រ្តរបស់ប្រទេសទាំងបីក្នុងការបង្កើត AUKUS នេះឡើងដែលផ្ដោតសំខាន់ទៅលើសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក? ពាក់ព័ន្ធទៅនឹងហេតុផល និងគោលបំណងយុទ្ធសាស្រ្តរបស់ប្រទេសសមាជិក AUKUS នេះគឺគាត់មាននូវហេតុផលរៀងៗខ្លួន ហើយជាហេតុផលមួយដែលសំខាន់សម្រាប់អត្ថប្រយោជន៍ជាតិរបស់គាត់។សម្រាប់ការសម្រេចចិត្តរបស់ប្រទេសអូស្រ្តាលី ខ្ញុំគិតថាជាការសម្រេចចិត្តដែលមាននូវការគិតគូរមុះមុត ប៉ុងន្តែវាមិនមែនជាការដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែហេតុផលចំនួនបួន៖
ទីមួយ យើងឃើញថាទំនាក់ទំនងរវាងប្រទេសចិន និងអូស្រ្តាលីបានជួបប្រទះនូវការរង្គោះរង្គើ ការឡើងកំដៅនយោបាយនិងសេដ្ឋកិច្ចខ្លាំងជាពិសេសគឺក្រោយពេលដែលមេរោគកូវីដ-១៩ ត្រូវបានផ្ទុះឡើងនៅក្នុងសកលលោក។
ទីពីរ ដោយសារតែកាលពីខែកក្កដា ឆ្នាំ២០២០ ប្រទេសអូស្រ្តាលីបានដាក់ចេញនូវឯកសារបច្ចុប្បន្នភាពយុទ្ធសាស្រ្តការពារជាតិ (Defense Strategic Update) ដែលក្នុងឯកសារនេះអូស្រ្តាលីបានបញ្ជាក់ថា អូស្រ្តាលីមើលឃើញថាបរិបទភូមិសាស្រ្តនយោបាយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមាននូវការវិវឌ្ឍខ្លួនមួយគួរឲ្យបារម្មណ៍យ៉ាងខ្លាំង សម្រាប់ប្រទេសអូស្រ្តាលី។ អូស្រ្តាលីត្រូវតែវិនិយោគជាច្រើននៅក្នុងវិស័យការពារជាតិរបស់ខ្លួន ដើម្បីការពារនូវច្រកសមុទ្រមួយចំនួនដូចជានៅតំបន់មហាសមុទ្រឥណ្ឌា តំបន់ឈូងសមុទ្រចិនខាងត្បូង ក៏ដូចជាតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងត្បូង ដែលជាទីតាំងរបស់ប្រទេសអូស្រ្តាលីនឹងឯង។
ទីបី អូស្រ្តាលីនឹងចំណេញក្នុងការទទួលបានចំណេះដឹង ធនធាន ក៏ដូចជាការចូលរួមសហការណ៍កាន់តែស្អិតរមួតមួយកម្រិតទៀតជាមួយនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ដោយសារតែពេលដែលគាត់មាននូវកិច្ចព្រមព្រៀង AUKUSនេះគឺវានឹងជួយគាត់ចែករំលែកនូវតិចនិចក្នុងការបង្កើត ក៏ដូចជាជំរុញនវានុវត្តន៍បច្ចេកវិទ្យាយោធា និងបញ្ហាពាណិជ្ជកម្មដទៃទៀតដែរអាចឲ្យប្រទេសទាំងបីកាន់តែកៀកជាមួយគ្នា។
ទីបួន សម្រាប់អូស្ត្រាលីក្នុងការបង្កើត AUKUS នេះគឺគាត់អាចផ្ដល់នូវហេតុផលមួយថ្មីទៀត ដើម្បីឲ្យសហរដ្ឋអាមេរិកធ្វើការបន្តវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែសហរដ្ឋអាមេរិកដូចដែលយើងដឹងមក គឺគាត់មាននូវហេតុផលច្រើនណាស់នៅក្នុងការបន្តវត្តមានរបស់គាត់ ដូចជាការឈរជើងយោធារបស់គាត់នៅបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ការការពារនូវសេរីភាពនាវាចរណ៍នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក៏ដូចជាមហាសមុទ្រឥណ្ឌា ពាក់ព័ន្ធទៅនឹងការជំរុញឲ្យមាននូវកិច្ចសហប្របត្តិការនយោបាយក៏ដូចជាការទូតរវាងប្រទេសជាសម្ព័ន្ធមិត្តរបស់គាត់ហ្នឹង។ ហើយប្រសិនបើយើងមើលទៅលើចក្រភពអង់គ្លេស អូស្ត្រាលីគឺឆ្លៀតយកឱកាសនៅពេលដែលអង់គ្លេសទើបតែតម្រង់គោលដៅគោលនយោបាយការបរទេសរបស់គាត់ងាកមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (The United Kingdom Toward the Indo-Pacific) អញ្ចឹងគាត់ចាប់យកឱកាសហ្នឹងដើម្បីទាញចក្រភពអង់គ្លេសឲ្យមានវត្តមានកាន់តែស៊ីជម្រៅនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ឥឡូវយើងមើលទៅលើតួអង្គទីពីរ គឺចក្រភពអង់គ្លេសថាហេតុអ្វីបានអង់គ្លេសចង់ចូលរួមនៅក្នុង AUKUS៖
ទីមួយ យើងដឹងថាចក្រភពអង់គ្លេសទើបតែចេញអំពីសហភាពអ៊ឺរ៉ុប ចឹងពេលដែលគាត់ចូលរួមនៅក្នុង AUKUS នេះវាជាវឌ្ឍនភាពគោលនយោបាយការបរទេសរបស់អង់គ្លេសក្រោយ Brexit ដែលវាបង្ហាញឲ្យឃើញថាអង់គ្លេសមាននូវគោលនយោបាយការបរទេសក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្រ និងយោធាឯករាជ្យពីសហភាពអឺរ៉ុប ដោយកាលពីមុនគាត់ជាផ្នែករបស់ EU ។ ហើយមួយទៀតក៏វាជាការបញ្ជូនជាសារមួយទៅដល់សាធារណរដ្ឋប្រជាមានិតចិនដែរ ចក្រភពអង់គ្លេសនឹងចាប់ផ្ដើមមានវត្តមានច្រើនជាងមុននៅឯតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយចក្រភពអង់គ្លេសនឹងឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសចិនដែលគាត់បានធ្វើទៅលើបណ្ដាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជានៅលើសកលលោកផងដែរ។
ទីពីរ ហេតុផលមួយទៀតដែលវាសំខាន់ ដែលខ្ញុំចង់ពន្យល់បន្ថែមគឺដោយសារតែ ប្រសិនបើអង់គ្លេសគាត់មាននូវបច្ចេកវិទ្យានាវាមុជទឹកនេះរួចហើយ ដោយសារតែអាមេរិកធ្លាប់ឲ្យគាត់កាលពីឆ្នាំ១៩៥៨ អ៊ីចឹងប្រសិនបើក្នុងកិច្ចព្រមព្រៀង AUKUSនេះមានការចូលរួមពីចក្រភពអង់គ្លេស គឺវាជាការសម្រាលបន្ទុកផ្លូវច្បាប់ទៅឲ្យរដ្ឋបាលរបស់លោកចូ បៃដិនដោយសារតែលោកបៃដិន គាត់ដើម្បីផ្តល់បច្ចេកវិទ្យានាវាមុជទឹកមកឲ្យអូស្រ្តាលី គាត់អាចនឹងត្រូបឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភា ហើយដោយសារតែមាននូវការមិនត្រូវគ្នាមួយចំនួនរវាងបក្សសាធារណរដ្ឋនិង បក្សប្រជាធិបតេយ្យគឺវាអាចនឹងពិបាកក្នុងការដែលលោកបៃដិនទទួលបានសម្លេងឆ្នោត។ ប្រសិនបើគាត់មានបច្ចេកវិទ្យានឹងស្រាប់គាត់អាចប្រគល់មកឲ្យអូស្ត្រាលីមក ហើយកាត់បន្ថយរបាំងផ្លូវច្បាប់ឲ្យលោកចូបៃដិន ដើម្បីឲ្យគាត់បានចូលរួមកាន់តែងាយស្រួល។
តួអង្គទីបីនៅក្នុង AUKUS នេះគឺសហរដ្ឋអាមេរិកក៏មានហេតុផលមួយចំនួនដែរ៖
ទីមួយ បន្ទាប់ពីគាត់ដកចេញពីប្រទេសអាហ្វហ្កានីស្ថាន យើងឃើញថាមាននូវការរង្គោះរង្គើរ ក៏ដូចជាសំណួរចោទសួរទៅលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងការការពារសម្ព័ន្ធមិត្ត ក៏ដូចជាមិត្តភក្តិរបស់គាត់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថាតើអាមេរិកគាត់នឹងមានការប្ដេជ្ញាចិត្តដល់កម្រិតណា។ អ៊ីចឹង AUKUS នេះគឺវាផ្ដល់ឱកាសឲ្យសហរដ្ឋអាមេរិកផ្ដល់ជាសារមួយទៅដល់សត្រូវ ក៏ជាសារមួយទៅមិត្តភក្ដិរបស់គាត់ថាអាមេរិកអត់ទៅណាទេ ថាអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកនឹងរយៈពេលយូរ។
ទីពីរ គឺជាការប្រមូលផ្ដុំ ឬជាការឆ្លើយតបទៅនឹងសកម្មភាពរបស់សាធារណរដ្ឋប្រធាមានិតចិននៅក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររបស់គាត់។
ទីបី ការដែលសហរដ្ឋអាមេរិកសម្រេចចិត្តផ្តល់នូវបច្ចេកវិទ្យានាវាមុជទឹកនេះទៅឲ្យអូស្ត្រាលី ដោយសារតែវាគឺជាលើកទីពីរតែប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តអាមេរិកដែលគាត់ផ្តល់ឲ្យមិត្តរបស់ខ្លួននូវបច្ចេកវិទ្យានឹង។ អាមេរិកក៏បានបញ្ជាក់ឲ្យអូស្រ្តាលីបានដឹងដែលថាអាមេរិកទុកចិត្តអូស្ត្រាលី អ៊ីចឹងប្រសិនបើមានបញ្ហាយោធា ជម្លោះនយោបាយណាមួយនៅថ្ងៃអនាគត អូស្ត្រាលីអាចដឹងថាតើគាត់គួរឈរនៅក្លែងណារវាងប្រទេសមួយណា ហើយគាត់គួរតែយកប្រទេសអាមេរិក ឬក៏ប្រទេសផ្សេងមួយទៀតដែលជាដៃគូអត់មិនត្រូវគ្នារបស់សហរដ្ឋអាមេរិក។
ទីបួន គឺពាក់ព័ន្ធទៅនឹងនយោបាយក្នុងសហរដ្ឋអាមេរិក ដោយសារតែកន្លងមកលោកបៃដិនក៏បានដាក់ចេញនូវគោលនយោបាយ សម្រាប់ប្រជាជនវណ្ណៈ ឬក៏ហៅថា Foreign Policy for the Middle Class ដែលត្រង់នេះបានន័យថារាល់ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងវេទិកាអន្តរជាតិនៅក្នុងយន្តការទ្វេភាគី ក៏ដូចជាពហុភាគីទាំងឡាយណាគឺគួរតែមានផលប្រយោជន៍ផ្ទាល់ផ្នែកសេដ្ឋកិច្ចមកដល់ប្រជាជនអាមេរិក អ៊ីចឹងកុងត្រាបង្កើតនូវនាវាមុជទឹករបស់អូស្ត្រាលីនេះ គឺវានឹងផ្ដល់ការងារប្រាក់ចំណូលទៅដល់កម្មករឬអ្នកជំនាញរបស់សហរដ្ឋអាមេរិក បើទោះបីថាតាមការផ្សាយព័ត៌មានគឺនាវាមុជទឹកទាំងអស់នេះនឹងត្រូវបានកសាងនៅឯប្រទេសអូស្ត្រាលី ប៉ុន្តែសហរដ្ឋអាមេរិកនឹងមានការបញ្ជូនកម្មករ និងអ្នកជំនាញរបស់គាត់ដើម្បីចូលរួមក្នុងការកសាងនឹងដែរ។
សំណួរទី៣៖ ក្រោយពីការប្រកាសជាផ្លូវការនូវសម្ព័ន្ធភាពសន្តិសុខថ្មីនេះរួច ក៏ដូចជាការសម្រេចបោះបង់ចោលនូវកិច្ចសន្យាពីរដ្ឋាភិបាលអូស្រ្តាលីក្នុងការទិញនាវាមុជទឹកបាតសមុទ្រចំនួន ១២ គ្រឿងពីបារាំង សញ្ញាណនៃជម្លោះការទូតក៏បានកើតឡើងភ្លាមៗ នៅក្រោយពេលដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានកោះហៅឯកអគ្គរដ្ឋទូតខ្លួន ប្រចាំទីក្រុងវ៉ាស៊ីនតោន និងកង់បេរ៉ាឲ្យចូលស្រុកវិញ ដើម្បីជាការបង្ហាញពីភាពអាក់អន់ចិត្ត និងសម្ដែងការខឹងសម្បារចំពោះទង្វើមិនស្មោះត្រង់របស់សហរដ្ឋអាមេរិក និងអូស្រ្តាលីមកលើខ្លួន។ តើការធ្វើបែបនេះអាចបង្ហាញពីសញ្ញាណអវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក AUKUS ជាមួយនឹងប្រទេសបារាំងដែររឺទេ?
ពាក់ព័ន្ធទៅនឹងប្រតិកម្មរបស់ប្រទេសបារាំង វាមិនគ្រាន់តែជាសញ្ញានៃការធ្លាក់ចុះនៃទំនាក់ទំនងនោះទេ គឺវាបានធ្លាក់ចុះនៃទំនាក់ទំនងបាត់ទៅហើយ កន្លងមកដូចដែលយើងបានឃើញប៉ុន្មានថ្ងៃកាលពីថ្ងៃទី១៦មក គឺមានការបញ្ចេញប្រព្រឹត្តកម្មអវិជ្ជមានពីសំណាក់ទីក្រុងប៉ារីស។ កាលពីថ្ងៃទី១៦ នៅពេលដែលនាយករដ្ឋមន្ត្រី Scott Morrison របស់អូស្ត្រាលី នាយករដ្ឋមន្ត្រី Boris Johnson របស់អង់គ្លេស និងលោកប្រធានាធិបតី Joe Biden របស់សហរដ្ឋអាមេរិកធ្វើការប្រកាសរួមគ្នាអំពី AUKUS បារាំងគឺមិនទទួលបានដំណឹងមុនទេ អ៊ីចឹងក្រោយពេលដែលមានការប្រកាស AUKUS នេះស្ថានទូតបារាំងនៅឯទីក្រុងវ៉ាស៊ីនតោន បានធ្វើការលុបចោលនូវពិធីជប់លៀងមួយនៅក្នុងការរំឭកខួប២៤០ឆ្នាំ នៅក្នុងការសង្រ្គាមរបស់បារាំងទៅលើចក្រភពអង់គ្លេស នៅកាលពីឆ្នាំ១៧៨១ ដែលក្នុងក្នុងព្រឹត្តិការណ៍នោះអ្វីដែលគួរឲ្យចាប់អារម្មណ៍មែនទែនពេលដែលបារាំងបានឈ្នះអង់គ្លេសហើយ គឺវាបានផ្តល់ឱកាសឲ្យសហរដ្ឋអាមេរិកដែលកាលនោះគាត់នៅក្រោមអាណានិគមរបស់អង់គ្លេស ធ្វើការប្រកាសទាមទារឯករាជ្យពីចក្រភពអង់គ្លេស ដូច្នេះវាមានន័យថា គឺដូចជាការរំឭកគុណរបស់បារាំងមានចំពោះអាមេរិក។ ប៉ុន្តែនៅថ្ងៃដែលគោរពដឹងគុណបែរជាប្រទេសបារាំងមានអារម្មណ៍ថាត្រូវបានសម្ព័ន្ធមិត្តរបស់គាត់ជាពិសេសគឺសហរដ្ឋអាមេរិក មិនគោរពពាក្យសន្យារបស់ខ្លួនក៏មិនឲ្យតម្លៃទៅលើប្រទេសបារាំង។ ក្រោយពីគាត់បានលុបចោលនូវពិធីជប់លៀងនៅស្ថានទូត យើងឃើញថាមានការកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសបារាំងនៅទីក្រុងវ៉ាស៊ីនតោន និងកង់បេរ៉ាទៅប្រទេសបារាំងវិញនៅក្នុងការបង្ហាញអំពីការមិនពេញចិត្តការអាក់អន់ស្រពន់ចិត្តខ្លាំង ក៏ដូចជាការមិនសប្បាយចិត្តទៅនឹងទង្វើរបស់ប្រទេសអូស្ត្រាលីក្នុងការដែលគាត់លុបចោលកុងត្រានាវាមុជទឹករបស់គាត់ដែលមានជាមួយបារាំងកាលពីឆ្នាំ២០១៦ ក៏ដូចជាការមិនពេញចិត្តទៅនឹងក្រុងវ៉ាស៊ីនតោនដោយសារផ្អែកតាមប្រភពព័ត៌មានមួយចំនួនបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនមិនបានប្រាប់ឲ្យទីក្រុងប៉ារីសដឹងមុនទេអំពី AUKUS នឹងហើយអ្វីដែលប្រទេសបារាំងកាន់តែមិនសប្បាយចិត្តបន្ថែមគឺដោយសារតែមុនពេលការប្រកាស AUKUS មន្ត្រីក្រសួងការបរទេសរបស់អាមេរិកគឺបានមានការប្រជុំគ្នាជាមួយនឹងមន្ត្រីការបរទេសរបស់បារាំងច្រើនដែរ ប៉ុន្តែមន្ត្រីរបស់អាមេរិកមានចេតនាមិនបានប្រាប់ទៅដល់មន្ត្រីរបស់បារាំងអំពីAUKUS ទេឬក៏អាចថាគាត់លាក់ព័ត៌មានមិនឲ្យបារាំងដឹង។ ដូចនេះ បារាំងដោយសារតែហេតុផលនេះហើយទើបបានជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំងប្រើឃ្លាមួយ ថា Stab in the Back បើនិយាយឲ្យចំដូចជាការចាក់មិត្តភក្តិខ្លួនឯងចាក់ពីក្រោយខ្នង គឺអំពើដែលសហរដ្ឋអាមេរិកធ្វើមកលើប្រទេសបារាំងហ្នឹង នេះគឺជាការនិយាយរបស់រដ្ឋមន្ត្រីការបរទេសបារាំង។
មួយទៀតខ្ញុំចង់សុំបកស្រាយថា ហេតុអីបានជាបារាំងមិនសប្បាយចិត្តក្រៅតែពីហេតុផលដែលខ្ញុំលើកឡើងខាងលើនេះ ទីមួយគឺគាត់បាត់បង់កុងត្រា ទីពីរគាត់មានអារម្មណ៍ថាគាត់ត្រូវបានមិត្តភក្តិរបស់គាត់មិនឲ្យតម្លៃគាត់ ទីបីដោយសារតែប្រទេសបារាំងថ្មីៗនេះគាត់បានចាប់ផ្តើមយកចិត្តទុកដាក់និងវិនិយោគនូវធនធានជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគាត់ជឿថាសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនឹងធ្វើការជាមួយគ្នា។ ចំណែកឯក្រោយពីការបង្កើត AUKUS នេះមកគេមិនត្រឹមតែមិនបានប្រាប់បារាំង គឺថែមទាំងមិនបានអញ្ជើញបារាំងឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងហ្នឹងទៀត ដូច្នេះបារាំងមានអារម្មណ៍ថាគេបោះបង់ចោល នៅក្នុងការបង្កើត AUKUS។ កន្លែងមួយទៀតខ្ញុំសូមពន្យល់បន្តិចថាហេតុអីបានជាប្រទេសបារាំងដែលជាសម្ព័ន្ធមិត្តជិតស្និតមួយរបស់អង់គ្លេស ហាក់ដូចជាមាននូវប្រតិកម្មខ្លាំងៗទៅលើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តគ្នាឯង។ ហេតុផលទីមួយ គឺដោយសារឆ្នាំក្រោយគឺលោកប្រធានាធិបតី Emmanuel Macron គាត់នឹងឈរឈ្មោះបោះឆ្នោតម្ដងទៀត អញ្ចឹងដោយសារតែកុងត្រាកិច្ចសន្យានាវាមុជទឹកនោះគឺវានឹងបរាជ័យទៅហើយ ដូចនេះគាត់យកឱកាសនេះដើម្បីឆ្លើយតបទៅនឹងប្រទេសទាំងឡាយណា មិនថាជាសត្រូវឬមិត្តភក្តិរបស់បារាំងដែលធ្វើខុសមកលើបារាំងនឹង ដើម្បីបង្ហាញឲ្យឃើញអំពីភាពជាអ្នកដឹកនាំរបស់គាត់ចំពោះប្រជាជនរបស់គាត់ ដើម្បីអាចឲ្យជាព្រឹយុទ្ធសាស្រ្តសំឡេងឆ្នោតរបស់គាត់ក្នុងសភាដែរ។ ហើយចុងក្រោយដោយសារតែកន្លងមកលោក Macron អត់បានរុញឲ្យមាននូវស្វ័យភាពយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប បានន័យថាគាត់ជឿថាសហភាពអឺរ៉ុបគួរតែមានឯករាជ្យភាពជាង ដោយមិនគួរពឹងផ្អែកលើអាមេរិកច្រើនដូចឥឡូវទេ អញ្ចឹងបញ្ហានេះគឺបារាំងគាត់មានឱកាសក្នុងការបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិកបើតាមការយល់ឃើញរបស់លោក Macron គឺសព្វថ្ងៃនេះជាមិត្តភក្តិមួយដែលកាន់តែមានភាពពិបាកក្នុងការទុកចិត្តនៅក្នុងការធ្វើការជាមួយគ្នា។
សំណួរទី៤៖ ម៉្យាងវិញទៀត តើលោកគិតថា AUKUS អាចនឹងជះឥទ្ធិពលអ្វីខ្លះដល់សន្តិសុខរបស់អ៊ឺរ៉ុបនាពេលអនាគត?
ពាក់ព័ន្ធទៅនឹងសន្តិសុខក៏ដូចជាភូមិសាស្ត្រនយោបាយនៅឯតំបន់អឺរ៉ុប ជាពិសេសពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុបនឹងតែម្ដង ខ្ញុំមិនមើលឃើញថាវាជាហានិភ័យខ្លាំងទៅដល់អឺរ៉ុបនោះទេ។ ប៉ុន្តែខ្ញុំមើលឃើញថាវាជាសញ្ញាមួយនៃការធ្លាក់ចុះពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្តឬក៏ Strategic Relevant របស់សហភាពអឺរ៉ុបដោយសហរដ្ឋអាមេរិកគាត់មានការអត់ធ្មត់របស់គាត់ គឺកាន់តែតិចទៅៗចំពោះការប្រឈមមុខរបស់ប្រទេសបារាំងឬក៏សហភាពអឺរ៉ុបទៅប្រទេសចិន ដោយគាត់ចង់ឃើញប្រទេសទាំងអស់ដែលនៅក្នុងផ្ទៃរបស់សហភាពអឺរ៉ុបប្រឈមមុខជាមួយចិនឲ្យខ្លាំងជាងមុន។ ប៉ុន្តែកន្លងមកយើងឃើញថា សហភាពអឺរ៉ុបប្រឈមមុខជាមួយនឹងចិនដែរតែមិនទាន់បានដល់កម្រិតមួយដែលអាមេរិកចង់បាននោះទេ ហើយនេះបង្ហាញឲ្យឃើញអំពីការបាត់បង់នូវការអត់ធ្មត់របស់សហរដ្ឋអាមេរិកទៅលើជំហររបស់អ៊ឺរ៉ុបចំពោះប្រទេសចិន។ មួយទៀតយើងក៏អាចរំពឹងទុកថាកម្ដៅនយោបាយរវាងអឺរ៉ុប និងចិនក៏អាចនឹងកើនឡើងដែរ បើទោះបីថាអង់គ្លេសមិនមែនជាផ្នែករបស់សហភាពអឺរ៉ុបទេ ប៉ុន្តែអង់គ្លេសនៅតែបន្តជាផ្នែកមួយរបស់អ៊ឺរ៉ុបដដែល អញ្ចឹងដោយសារតែអង់គ្លេសគឺជាផ្នែកមួយរបស់ AUKUS ដែលមានតួនាទីគឺគោលបំណងក្នុងការប្រឈមមុខក៏ដូចជាឆ្លើយតបទៅនឹងប្រទេសចិន អញ្ចឹងយើងអាចរំពឹងទុកថាទំនាក់ទំនងទ្វេភាគីរវាងអង់គ្លេស និងចិននឹងកាន់តែដុនដាបជាងសព្វថ្ងៃទៅទៀត។
សំណួរទី៥៖ ដូចគ្នានេះដែរ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានលើកឡើងក្រោយពីការប្រកាសសម្ព័ន្ធភាពថ្មីមួយនេះថា ជាការគំរាមកំហែងគ្មានការទទួលខុសត្រូវខ្ពស់ចំពោះស្ថិរភាពក្នុងតំបន់។ តើ AUKUS មានន័យយ៉ាងដូចម្ដេចចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំងទាក់ទងទៅនឹងសន្តិសុខក្នុងតំបន់?
ពាក់ព័ន្ធទៅនឹង AUKUS នេះចំពោះប្រទេសចិនគឺមានន័យច្រើន ប្រសិនបើយើងមើលទៅលើទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាគឺវាបង្ហាញឲ្យឃើញអំពីការធ្លាក់ដុនដាបនៃទំនាក់ទំនងទ្វេភាគីរបស់គាត់ដល់កម្រិតមួយដែលគួរឲ្យបារម្ភហើយក៏អាចជាកម្រិតមួយដែលអាចថាជាចំណុចរបត់ (Turning Point) រវាងទំនាក់ទំនងទ្វេភាគីរបស់គាត់ទាំងពីរ ដោយសារតែកន្លងមកសម្ពាធនយោបាយរវាងប្រទេសទាំងពីរគឺមានច្រើន ប៉ុន្តែទីក្រុងកង់បេរ៉ាមិនទាន់យកនូវជំហរមួយដែលប្រឈមខ្លាំងជាមួយចិនទេ តែឥឡូវទីក្រុងកង់បេរ៉ាបានចាប់យកជំហរមួយដែលប្រឈមមុខខ្លាំងជាមួយចិនហើយវាក៏ជាយុទ្ធសាស្រ្តប្រឈមមុខ(Confrontational Approach) រវាងទីក្រុងកង់បេរ៉ានិងទីក្រុងប៉េកាំង។ ដូចនេះប្រទេសចិនគាត់អាចមើលឃើញថានេះ គឺជាការគិតគូរបែបអវិជ្ជមានកាន់តែខ្លាំងពីសំណាក់ទីក្រុងកង់បេរ៉ាមកលើទីក្រុងប៉េកាំង។ មួយទៀតប្រទេសចិនក៏អាចមើលឃើញថានេះ គឺជាសញ្ញានៃការរៀបចំជាធ្លុងមួយរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់គាត់នៅក្នុងវិស័យយោធា វិស័យបច្ចេកវិទ្យា វិស័យរបបនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀតដើម្បីជាធ្លុងមួយឆ្លើយតបទៅនឹងប្រទេសចិន។
ហើយមួយទៀតអ្វីដែលយើងឃើញជារូបភាពធំ ដោយសារតែ AUKUS នេះគឺផ្ដោតសំខាន់ទៅលើវិស័យយោធាដូចនេះវាបង្ហាញឲ្យឃើញពីភាពខុសគ្នារវាងយុទ្ធសាស្ត្ររបស់ប្រទេសចិន និងយុទ្ធសាស្ត្ររបស់អាមេរិកនិងដៃគូរបស់គាត់ ដោយមួយចំហៀងប្រទេសចិននៅតែបន្តចាប់យកយុទ្ធសាស្ត្រផ្ដោតទៅលើអំណាចសេដ្ឋកិច្ចរបស់គាត់ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គាត់ ចំណែកឯសហរដ្ឋអាមេរិកគឺគាត់ប្រើយុទ្ធសាស្ត្រផ្ដោតទៅលើបញ្ហាសន្តិសុខឬក៏ហៅថា (Security-Centric Approach) ដែលគាត់ប្រើសន្តិសុខដើម្បីយកចិត្តប្រទេសនៅក្នុងតំបន់ ចំណែកឯប្រទេសចិនគាត់ប្រើសេដ្ឋកិច្ចវិញ ហើយនេះគឺជារូបភាពធំមួយដែលជាទីចាប់អារម្មណ៍ផងដែរ ដែលយើងគួរតែផ្ដោតសំខាន់ទៅលើបញ្ហាហ្នឹង។
សំណួរទី៦៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញមានការបញ្ចេញនូវប្រតិកម្មពីប្រទេសអាស៊ានមួយចំនួនដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើមពាក់ព័ន្ធទៅនឹងការប្រកាសសម្ព័ន្ធភាព AUKUS ជាពិសេសផែនការរបស់អូស្ត្រាលីក្នុងការទិញនាវាមុទទឹកបាតសមុទ្រដើរដោយថាមពលនុយក្លេអ៊ែរដែលមានជំនួយពីសហរដ្ឋអាមេរិក និងអង់គ្លេស។ តើសម្ព័ន្ធភាពសន្តិសុខ AUKUS នេះអាចនឹងផ្ដល់នូវផលប៉ះពាល់ផ្នែកសន្តិសុខ ក៏ដូចជាផលបច្ច័យអ្វីខ្លះទៅដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល?
ពាក់ព័ន្ធទៅនឹងផលបច្ច័យ ឬក៏ហានិភ័យផ្នែកសន្ដិសុខគោលនយោបាយមកដល់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជាគឺមានច្រើន។ ឥឡូវខ្ញុំសូមធ្វើការបកស្រាយទៅលើព្រះរាជាណាចក្រកម្ពុជាថាតើ AUKUS នេះមានន័យយ៉ាងណាចំពោះកម្ពុជាហើយវាអាចមានជាហានិភ័យឬក៏ផលបច្ច័យរបៀបណាមកដល់ប្រទេសយើង។ ទីមួយ ការបង្កើតឡើងនូវ AUKUS នេះគឺវាបង្ហាញកាន់តែច្បាស់បន្ថែមទៀតថាស្ថានភាពយោធា ស្ថានភាពភូមិសាស្រ្តនយោបាយ ការប្រកួតប្រជែងបច្ចេកវិទ្យា និងការប្រកួតប្រជែងប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន គឺកាន់តែឈានដល់ដំណាក់កាលមួយដែលគ្រោះថ្នាក់ខ្លាំងជាងមុនទៅទៀត ដោយសារតែប្រទេសអាមេរិកនឹងសម្ព័ន្ធមិត្តរបស់គាត់បានចាប់យកវិស័យយោធាដែលជាវិស័យជាវិស័យមុខ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចិន។ យើងអាចរំពឹងទុកថានឹងមានកម្ដៅនយោបាយ និងកម្ដៅយោធារវាងគាត់កាន់តែខ្លាំងហើយវាជាសម្ពាធមកដល់ប្រទេសយើងដែលជារដ្ឋតូច (Small Power) ក្នុងការជ្រើសរើសយកមួយណានៃប្រទេសដែលគាត់កំពុងតែប្រកួតប្រជែង នេះគឺជាសម្ពាធដែលគាត់នឹងមានមកលើប្រទេសយើងជាប្រទេសតូច ហើយដោយសារតែយើងមានភូមិសាស្រ្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកស្រាប់តែម្ដងដែលជាកន្លែងដែលគាត់ប្រកួតប្រជែងហ្នឹង។ ទីពីរគឺពួកវាអាចនឹងមាននូវផលវិបាកមួយចំនួនទៀតមកដល់តុល្យភាពអំណាច ក៏ដូចជាការបត់បែនផ្នែកនយោបាយការបរទេសរបស់កម្ពុជា ដែលកន្លងមកកម្ពុជាគឺជាប្រទេសដែលប្រកាន់យកគោលនយោបាយតុល្យភាពរវាងប្រទេសអាមេរិក និងប្រទេសចិនក៏ដូចជាប្រទេសទាំងឡាយណាដែលចង់មានសម្ព័ន្ធមិត្ត និងមិត្តភាពល្អជាមួយនឹងកម្ពុជា។
កន្លងមកកម្ពុជាបានប្រកាសច្បាស់លាស់ និងមាននូវភាពស្ថិតស្ថេរហើយថាកម្ពុជាមិនចាប់យកអ្នកណាមួយទេ គឺកម្ពុជាយកមិត្តភក្ដិទាំងអស់ប្រទេសណាក៏ដោយដែលចង់ធ្វើជំនួញទៅលើគ្រប់វិស័យទាំងអស់នៃវិស័យរបស់កម្ពុជា ហើយកម្ពុជាគឺចាប់យកនូវគោលការណ៍ឯករាជភាពមិនចូលបក្សសម្ព័ន្ធហើយនឹងគាំទ្រនូវសន្តិសហវិជ្ជមានរវាងប្រទេសកម្ពុជានិងប្រទេសដ៏ទៃ។ ប៉ុន្តែដោយសារតែអូស្ត្រាលីកន្លងមកធ្លាប់ជាដៃគូល្អរបស់កម្ពុជាគាត់បានងាកទៅរកប្រទេសអាមេរិកកាន់តែ ដូច្នេះវាអាចបង្កើតនូវភាពពិបាកក្នុងការដែលកម្ពុជា Navigate or Maneuver រវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ចុងក្រោយកម្ពុជានឹងមានការបារម្ភទៅលើថាតើ AUKUS នេះវាអាចផ្ដល់ផលអវិជ្ជមានយ៉ាងណាទៅដល់អាស៊ាន ប៉ុន្តែបើយើងមើលទៅលើចំពោះអាស៊ានទាំងមូលវិញ AUKUS នេះក៏វាផ្ដល់នូវបញ្ហាអាចជាហានិភ័យក៏ដូជជាសម្ពាធមកដល់អាស៊ានមួយកម្រិតទៀតដែរ។ ទីមួយគឺដូចខ្ញុំបាននិយាយអម្បាញ់មិញ គឺបង្កើតឡើង AUKUS នេះវាស្របគ្នាជាមួយនឹងសម្ព័ន្ធមិត្តសន្តិសុខដៃគូមួយទៀតដែលយើងហៅថា The QUAD គឺជាកិច្ចសន្ទនាសន្តិសុខចតុភាគីដែលមានប្រទេសបួនដូចជាអូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសជប៉ុន។ ដូចនេះ AUKUS និង The QUAD អាចនឹងដើរតួនាទីជាតួអង្គមួយប្រកួតប្រជែងជាមួយអាស៊ាននៅក្នុងការកំណត់របៀបវរៈ និងរចនាសម្ព័ន្ធរបស់បញ្ហាសន្តិសុខក៏ដូចជាបញ្ហាដទៃទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ហើយមួយទៀតគឺការបង្កើត AUKUS ដោយសារតែអូស្រា្តលីគាត់ទិញយកនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អាចជាសំណួរសួរមួយពាក់ព័ន្ធទៅនឹងការប្ដេជ្ញាប្តេជ្ញាចិត្តរបស់ប្រទេសដែលជាដៃគូរបស់អាស៊ាន នៅក្នុងការគោរពទៅលើឯកសារគោលរបស់អាស៊ានមានដូចជា Treaty of Amity and Cooperation, Zone of Peace and Freedom Neutrality និង Southeast Asian Nuclear-Weapon-Free Zone Treaty។
ហើយមួយទៀតក៏វាបង្ហាញឲ្យឃើញអំពីការធ្លាក់ចុះនូវការអត់ធ្មត់របស់សហរដ្ឋអាមេរិកទៅលើជំហររបស់អាស៊ានពាក់ព័ន្ធប្រទេសចិន ព្រោះសហរដ្ឋអាមេរិកគាត់ចង់ឃើញថាអាស៊ាននឹងក្លាយជាប្លុកមួយដែលក្រោកឈរប្រឈមទៅនឹងប្រទេសចិនច្រើនជាងមុន នេះបើតាមអ្វីដែលជាជំហររបស់អាមេរិកកន្លងមក។ ប៉ុន្តែដោយសារតែយើងដឹងថាអាស៊ានគឺមិនចូលបក្សសម្ព័ន្ធទេ អាស៊ានគឺនៅកណ្ដាលហើយមិត្តទាំងអស់ អញ្ចឹងអាស៊ាននឹងត្រូវទទួលបានសម្ពាធបន្ថែមទៀតពីសហរដ្ឋអាមេរិកអីក៏ដូចជាដៃគូAUKUS ក៏ដូចជា The QUAD របស់គាត់។ ហើយចុងក្រោយដែលសំខាន់មែនទែននោះ គឺពាក់ព័ន្ធទៅនឹងរបបគ្រប់គ្រងហាមឃាត់ការរីកសាយភាយអាវុឌនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ី និងសកលលោកដោយយើងឃើញថាក្នុងកិច្ចព្រមព្រៀង AUKUS នេះប្រទេសអូស្រ្តាលីនឹងទិញនូវនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរពីអង់គ្លេស និងអាមេរិក ដូចនេះសំណួរសួរថាការដែលអូស្រ្តាលីទិញនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរហ្នឹងវាអាចនាំឲ្យមាននូវកំសោយទៅលើ Nuclear Non-Proliferation Regimeរបៀបណានៅលើសកលលោកយើងនេះ។ ដោយនៅក្នុងហ្នឹងយើងឃើញថា បើយោងទៅតាមសន្ធិសញ្ញាហាមប្រាមការរីកសាយភាយនៃសភាវុធនុយក្លេអ៊ែរនៅលើសកលលោក ហៅកាត់ថា NPT ដែល NPT មិនបានធ្វើការហាមប្រាមប្រទេសដែលមានអាវុធនុយក្លេអ៊ែរធ្វើការទិញនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរនោះទេ ហើយនេះជាបញ្ហាមួយដែលអាចធ្វើឲ្យប្រទេសដ៏ទៃធ្វើដូចប្រទេសអូស្រ្តាលីដែរ។ បញ្ហាទីពីរ ដោយសារតែបើតាមមាត្រា៣ នៃសន្ធិសញ្ញា NPT នេះគឺរាល់សារធាតុទាំងឡាយណាដែលប្រើប្រាស់នៅក្នុងន័យយោធា ដែលពុំមានការពាក់ព័ន្ធទៅនឹងការបំផ្ទុះ (Non-Explosive Military Used) សារធាតុនុយក្លេអ៊ែរនោះគឺមិនស្ថិតក្រោមការឃ្លាំមើលរបស់ភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (International Atomic Energy Agency) នោះទេ។ ដូចនេះ ប្រសិនបើប្រទេសណាមួយដែលគាត់មាននូវសារធាតុនុយក្លេអ៊ែរ ដើម្បីដំណើរការនូវនាវាមុជទឹកគឺគាត់អាចយកសារធាតុនុយក្លេអ៊ែរនោះចេញពី Reactor របស់គាត់ដែលបង្កប់នៅក្នុងនាវាមុជទឹកនោះ រួចបម្លែងទៅជាសភាវុធនុយក្លេអ៊ែរ ដែលវាអាចរីកសាយភាយនៅលើសកលលោកបន្ថែមទៀត។
អញ្ចឹងសំណួរសួរថាសព្វថ្ងៃនេះសហរដ្ឋអាមេរិកគាត់បានផ្ដល់ភ្លើងខៀវទៅឲ្យអូស្រ្តាលី ដើម្បីទទួលបាននាវាប្រទេសនេះហើយចំពោះថ្ងៃអនាគត តើសហរដ្ឋអាមេរិកនឹងផ្ដល់ឱកាសទៅឲ្យប្រទេសដ៏ទៃទៀតដូចជាប្រទេសកូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី ប្រស៊ីល និងប្រទេសដ៏ទៃទៀតដែលគាត់ចង់បាននាវាមុជទឹកដើរដោយនុយក្លេអ៊ែរហ្នឹង តើអាមេរិកនឹងអនុញ្ញាត្តិឲ្យដែររឺទេ ពីព្រោះថាប្រសិនបើគាត់ឲ្យអូស្ត្រាលី ប៉ុន្តែមិនឲ្យប្រទេសផ្សេងនោះវានឹងបង្ហាញអំពីស្ដង់ដារពីរអំពីជំហររបស់អាមេរិក។ ចុងក្រោយនោះ ការណ៍ដែលអូស្រ្តាលីចាប់យកនាវាមុជទឹកដើរដោយនុយក្លេអ៊ែរនេះ គឺវាអាចជាការប្រាស់ចាកទៅនឹងរបបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល (Missile Technology Control Regime, MTCR) ដែល MTCR នេះគឺជាកិច្ចព្រមព្រៀងក្រៅផ្លូវការបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដែលវាមានគោលបំណងនៅក្នុងការហាមប្រាម ឬគ្រប់គ្រងរាលការដឹងជញ្ជូនប្រភេទមីស៊ីលទាំងឡាយណាដែលអាចបាញ់ចេញពីចម្ងាយ ៣០០គ.ម ឡើងទៅ។ ដូចនេះដោយសារតែនៅក្នុងកុងត្រា AUKUS នេះអូស្រ្តាលីគាត់នឹងទិញនូវប្រទេស Tomahawk Missile ដែលអាចបាញ់ចាប់ពី ១០០០គ.ម ឡើងទៅ ហើយប្រសិនបើអាមេរិកដឹកជញ្ជូនមីស៊ីលប្រទេសនេះមកប្រទេសអូស្ត្រាលីគឺវាអាចមានការប្រាស់ចាកទៅនឹងគោលការណ៍ MTCR នេះដែលអូស្រ្តាលី និងអាមេរិកក៏ជាប្រទេសហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះដែរ ដូចនេះយើងត្រូវមើលតទៅទៀតថាតើជំហររបស់គាត់នឹងវិវត្តន៍ទៅដល់ណា។
សំណួរទី៧៖ យើងឃើញថា សហរដ្ឋអាមេរិកបានបង្កើតនូវសម្ព័ន្ធភាពសន្តិសុខមួយរួចមកហើយ គឺកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅកាត់ថា QUAD ដែលផ្ដោតសំខាន់ទៅលើសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិកដូចគ្នា។ តើ AUKUSនិង QUAD នេះមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងដូចម្ដេចខ្លះ?
ប្រសិនបើយើងមើលទៅលើភាពខុសគ្នា និងភាពស្រដៀងគ្នារវៀង AUKUS និង The QUAD ចំពោះភាពស្រដៀងគ្នា ទីមួយគឺប្រទេសពីរនៅក្នុង The QUAD គឺជាប្រទេសនៅក្នុង AUKUS ប្រទេសអូស្រ្តាលីនិងសហរដ្ឋអាមេរិក។ ភាពស្រដៀងគ្នាមួយទៀតគឺដោយសារតែ AUKUS និង The QUAD ជាយន្តការមួយដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គាត់ធ្វើការចែករំលែករឹតបន្តឹងចំណងមិត្តភាពផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា យោធា សេដ្ឋកិច្ច និងវិស័យដ៏ទៃទៀតដើម្បីឲ្យប្រទេសទាំងអស់នោះខិតជិតចូលគ្នាម្ដងទៀត។ ភាពស្រដៀងគ្នាមួយទៀត គឺដោយសារតែសមាជិករបស់ The QUAD និងសមាជិករបស់ AUKUS គឺសុទ្ធសឹងតែជាប្រទេសមហាអំណាចប្រជាធិបតេយ្យនៅលើសកលលោក។
ចំណែងឯភាពខុសគ្នាខ្ញុំមើលឃើញថាមានភាពខុសគ្នាមួយគួរឲ្យកត់សម្គាល់គឺត្រង់ថាចំពោះ The QUAD ផ្ដោតសំខាន់ទៅលើវិស័យជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាការទូតវ៉ាក់សាំង ប្រជាធិបតេយ្យនិងសិទ្ធមនុស្ស ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ចំណែកឯ AUKUSនេះគឺផ្ដោតខ្លាំងទៅលើវិស័យយោធា ដូចនេះយើងអាចភ្ជាប់ AUKUS និង The QUAD ដោយយើងអាចមើលឃើញថានេះគឹជាការបង្កើតនូវយន្តការថ្មីដែលអាមេរិកអាចយកយន្តការ AUKUS នេះដើម្បីពង្រីកឥទ្ធិពល និងសមត្ថភាពយោធារបស់ខ្លួនឯង របស់ The QUAD ក៏ដូចជាជាមួយប្រទេសអង់គ្លេសផងដែរ ដោយសារតែយើងឃើញថាប្រទេសអូស្រ្តាលីក៏ជាផ្នែកមួយរបស់ The QUADដែរ ចំណែងឯអង់គ្លេសក៏អាចក្លាយទៅជាសមាជិកមួយដែលគេហៅថា Potential QUAD Plus Member។ ហើយប្រសិនបើយើងមើលជារូបភាពរួមម្ដងទៀត គឺនៅពេលដែលប្រទេសអូស្រ្តាលីទទួលបាននាវាមុជទឹកថ្មី ប្រទេសអាមេរិកគាត់នឹងមាននូវសម្ព័ន្ធមិត្តពីរ និងមិត្តភក្តិមួយដែលមានលទ្ធិភាពក្នុងការដំណើរការនូវនាវាមុជទឹកប្រភេទនេះដោយមានទីតាំងនៅមហាសមុទ្របីធំៗនៅលើសកលលោក អូស្ត្រាលីនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ឥណ្ឌានៅតំន់មហាសមុទ្រឥណ្ឌា និងអង់គ្លេសនៅមហាសមុទ្រអាត្លង់តិច ដែលនេះជាឥទ្ធិពលរបស់គាត់នៅលើសកលលោក ហើយក៏អាចជាប្រកួតប្រជែងនិងឆ្លើយតបទៅនឹងប្រទេសចិនទៅលើយុទ្ធសាស្រ្តយោធា នយោបាយ សេដ្ឋកិច្ច និងវិស័យដ៏ទៃទៀត។
វាគ្មិន៖ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឍមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ