នាពេលថ្មីៗនេះ ពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើវឌ្ឍនភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមតាលីបង់បានទទួលជ័យជំនះ និងធ្វើការគ្រប់គ្រងរដ្ឋធានីកាប៊ុលបានសម្រេចក្នុងរយៈពេលខ្លី។ បើទោះបីជាអាហ្វហ្គានីស្ថានស្ថិតក្រោមការទ្រទ្រង់ និងផ្គត់ផ្កង់ពីសហរដ្ឋអាមេរិក ទាំងផ្នែកយោធា សង្គម និងសេដ្ឋកិច្ចអស់រយៈពេលជាង២០ឆ្នាំក្ដី ក៏ប្រទេសមួយនេះនៅតែបន្តភាពស្ទក់ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនរហូតដល់បច្ចុប្បន្ន។ ទាំងនេះជាផលបច្ច័យដែលធ្វើឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ឆក់បានឱកាសវាយបាក់រនាំងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង ស្របពេលដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ និងហោះចេញពីប្រទេសទុកឲ្យប្រជាជនទូទាំងប្រទេសរងទុក្ខក្រោមការក្ដោមក្ដាប់អំណាចរបស់ក្រុមតាលីបង់។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កជាភាពព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីអនាគតរបស់ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាអាចជះឥទ្ធិពលអវិជ្ជមានដល់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ នាពេលអនាគតផងដែរ។
សំណួរទី១៖ តើលោកបណ្ឌិតអាចរៀបរាប់អំពីសាវតាសង្ខេបរបស់ក្រុមតាលីបង់ ក៏ដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថានបានដែរឬទេ? ហើយហេតុអ្វីបានជាមានវត្តមានរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវកម្ម Al Qaeda ដែរ?
ទាក់ទងនឹងប្រវត្តិនៃការកកើតរបស់ក្រុមតាលីបង់នេះ តាមពិតទៅ វាមានប្រវត្តិវែងឆ្ងាយបន្តិច។ ការកកើតនេះ ចាប់ផ្ដើមអំពីការដកចេញរបស់កងទ័ពសហភាពសូវៀតពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ នាពេលនោះ មានក្រុមមួយដែលគេហៅថា ក្រុម Mujahid /Mujahadeen ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយឈ្នះកងទ័ពរបស់សហភាពសូវៀត ដែលនាំឲ្យសហភាពសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៨៩។ ក៏ប៉ុន្តែក្រុម Mujahid នេះ ក៏ចាប់ផ្ដើមឈ្លោះគ្នា ហើយបំបែកចេញជាក្រុមតូចៗ ក្លាយជាសង្គ្រាមស៊ីវិលផ្ទៃក្នុង ដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ យើងឃើញថា នៅក្នុងសង្រ្គាមស៊ីវិលនេះ មានក្រុមមួយគឺក្រុមតាលីបង់នៅក្នុងនោះដែរ ដែលក្រុមតាលីបង់នេះដើមកំណើតពីប្រទេសប៉ាគីស្ថាន និងប្រកាន់យកនូវការតម្លៃរបស់សាសនាឥស្លាមជាធំ ហើយប្រកាន់យកនូវគោលការណ៍មួយទៀតគឺ ប្រយុទ្ធប្រឆាំងមួយអំពើរពុករលួយ និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ហេតុនេះហើយបានជាក្រុមនេះក្លាយជាក្រុមមួយខ្លាំងជាងគេ ហើយក៏បានវាយរំលំនូវក្រុមដទៃទៀត និងបានដណ្តើមអំណាចគ្រប់គ្រងអាហ្វហ្កានីស្ថានសឹងតែបានទាំងមូលតែម្តងនៅឆ្នាំ១៩៩៤។ ក្រោយមក គេឃើញថា ក្រុមនេះចាប់ផ្តើមមានទំនាក់ទំនងជាមួយនឹងក្រុម Al Qaeda ដោយផ្តល់ជាទីជម្រក ក៏ដូចជាកន្លែងដើម្បីហ្វឹកហាត់ដល់ក្រុម Al Qaeda នេះ ដែលជាហេតុធ្វើឲ្យសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិចមានការព្រួយបារម្ភ។ រហូតដល់ព្រឹត្តិការណ៍ថ្ងៃទី១១ កញ្ញា សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនទ័ពរបស់ខ្លួនដើម្បីធ្វើការគាស់រំលើងនូវកន្លែងទីជម្រកដ៏សំខាន់របស់ក្រុម Al Qaeda និងអ្នកដែលគាំទ្រក្រុម Al Qaeda នេះ ដែលធ្វើឲ្យមានសង្គ្រាមរហូតដល់បច្ចុប្បន្ននេះ។
សំណួរទី២៖ ក្នុងរយៈពេល ២០ឆ្នាំនៃវត្តមានរបស់យោធាសហរដ្ឋអាមេរិកនៅលើទឹកដីអាហ្វហ្កានីស្ថាននេះ តើអាមេរិកបានដូចជាចំណេញនូវគុណប្រយោជន៍អ្វីខ្លះដែរ? ចុះអាហ្វហ្កានីស្ថានមានការរីកចម្រើនក្នុងកម្រិតណាដែរ?
ទាក់ទងជាមួយនឹងវត្តមានរបស់យោធារសហរដ្ឋអាមេរិកលើទឹកដីអាហ្វហ្កានីស្ថាននេះ យើងឃើញថា មានផលប្រយោជន៍ច្រើន ជាពិសេសផលប្រយោជន៍ផ្នែកសន្តិសុខ ក៏ដូចជានយោបាយ សម្រាប់សហរដ្ឋអាមេរិកផងដែរ។ យើងឃើញថា គោលបំណងសំខាន់នៃការវាយលុករបស់សហរដ្ឋអាមេរិកទៅលើប្រទេសអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០០១នេះ គឺដើម្បីគាស់រំលើងនូវភេរវកម្មរបស់ក្រុម Al Qaeda ក៏ដូចជាអ្នកដែលគាំទ្រនៅពីក្រោយ។ បន្ទាប់មក សហរដ្ឋអាមេរិកបានសម្លាប់មេខ្លោងធំរបស់ក្រុម Al Qaeda គឺលោក Osama Bin Laden ដែលនេះជាជោគជ័យមួយរបស់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត យើងឃើញថា អាហ្វហ្កានីស្ថានមានទីតាំងភូមិសាស្រ្តនៅក្បែរប្រទេសអ៊ីរ៉ង់ ដែលអ៊ីរ៉ង់គឺជាដៃគូបដិបក្ខមួយដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្ដែង អ៊ីរ៉ង់មានសក្តានុពលច្រើនក្នុងការអភិវឌ្ឍនូវយោធា ក៏ដូចជាអាវុធនុយក្លេអ៊ែរផងដែរ។ ដូចនេះ វត្តមានរបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្កានីស្ថាន គឺដើម្បីកំញើញអ៊ីរ៉ង់ ធ្វើឲ្យអ៊ីរ៉ង់មានភាពភ័យខ្លាចមិនហ៊ានធ្វើអ្វីផ្តេសផ្តាសនោះទេ ដោយសារតែសហរដ្ឋអាមេរិកមានវត្តមាននៅក្បែរនោះស្រាប់។ អាហ្វហ្កានីស្ថាននេះទៀតសោត គាត់ក៏មានព្រំដែននៅក្បែរចិនផងដែរ ដូច្នេះវាក៏អាចជាផលប្រយោជន៍យុទ្ធសាស្ត្រមួយនៅក្នុងការធ្វើឲ្យចិនមានការព្រួយបារម្ភផងដែរ ព្រោះដោយសារតែយោធាសហរដ្ឋអាមេរិកក៏មានវត្តមាននៅកន្លែងនេះ។ នេះជាផលប្រយោជន៍ផ្នែកសន្តិសុខ ក៏ដូចផលប្រយោជន៍ផ្នែកនយោបាយនៃវត្តមានរបស់យោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ទាក់ទងជាមួយនឹងការរីកចម្រើនវិញ យើងឃើញថា ២០ឆ្នាំកន្លងមកនេះ ប្រទេសអាហ្វហ្កានីស្ថាននៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរសមផងដែរ ព្រោះសហរដ្ឋអាមេរិកបានជះលុយរាប់សិបកោតដុល្លារ ក្នុងការស្ថាបនាប្រទេសនេះ ជាពិសេសធ្វើយ៉ាងណាអ្នកឲ្យប្រទេសនេះក្លាយជារដ្ឋមួយដែលអាចប្រឆាំងបាននូវភេរវកម្មដោយខ្លួនឯងបាន។ ទន្ទឹមនឹងនេះ ប្រទេសនេះក៏អាចក្លាយទៅជារដ្ឋមួយ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងសេដ្ឋកិច្ចដោយខ្លួនឯងវិញបាន។
សំណួរទី៣៖ តើនេះមានកត្តាចម្បងអ្វីផ្សេងទៀតដែលបណ្ដាលឲ្យក្រុមតាលីបង់ងាយទទួលបានជ័យជំនះបែបនេះ? ហើយហេតុអ្វីបានជាអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានឆាប់សម្រេចចិត្តភៀសខ្លួនចេញពីប្រទេសយ៉ាងនេះ?
មានកត្តាមួយចំនួនដែលជាកត្តាសំខាន់ដែលជះឥទ្ធិពលទៅដល់ភាពជោគជ័យរបស់ពួកតាលីបង់ក្នុងការដណ្តើមវាយលុកយកទីក្រុងធំៗ ជាពិសេសទីក្រុងកាប៊ុលនេះតែម្ដង ក៏ដូចជាបណ្ដាខេត្តនានានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលនាំឲ្យក្រុមតាលីបង់អាចគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងស្រុង នៅថ្ងៃទី១៦ ខែសីហានេះ។ ជាការសន្និដ្ឋានរបស់ខ្ញុំ មានកត្តាមួយចំនួនដូចខាងក្រោមនេះ៖
ទី១ គឺដោយសារតែក្រុមតាលីបង់គាត់បានដឹងពីចំណុចខ្សោយរបស់សហរដ្ឋអាមេរិក។ គាត់ដឹង ថាសហរដ្ឋអាមេរិកនៅឆ្នាំ២០១៨ គាត់បានផ្ដួចផ្ដើមគំនិតនៅក្នុងការចរចាជាមួយពួកតាលីបង់ ហើយចុងក្រោយបំផុតគឺខែកុម្ភៈ ឆ្នាំ២០២០នេះ គាត់ក៏សម្រេចបានកិច្ចព្រមព្រៀង Peace Build មួយ ជាមួយនឹងសហរដ្ឋអាមេរិក ដែលកាលនោះស្ថិតក្រោមរដ្ឋកាលលោក ដូណាល់ ត្រាំ នៅឡើយ។ យើងឃើញថា ពួកតាលីបង់ គាត់យល់ថាសហរដ្ឋអាមេរិកចាប់ផ្តើមចង់ដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថានហើយ ដូចនេះហើយដែលធ្វើឲ្យពួកគាត់មើលឃើញពីចំណុចខ្សោយរបស់សហរដ្ឋអាមេរិក ហើយដឹងថាសហរដ្ឋអាមេរិកមុន និងក្រោយ នឹងចាកចេញ។ គាត់ដឹងថាគាត់នឹងឈ្នះនៅថ្ងៃណាមួយមិនខាន។ បើនិយាយមែនទែនទៅ វា Boost Moral ដែលធ្វើឲ្យកងទ័ពរបស់ពួកតាលីបង់ មានទឹកចិត្តប្រយុទ្ធរឹតតែខ្លាំងជាងមុនព្រោះគាត់ដឹងថា បន្តិចទៀត សហរដ្ឋអាមេរិកនឹងដកខ្លួនចេញហើយ ហើយនឹងពុំមាននរណាជួយគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលដឹកនាំដោយលោកប្រធានាធិបតី Ghani ទៀតទេ។ មុននិងក្រោយពួកតាលីបង់នឹងជោគជ័យ។
ទី២ គឺសហរដ្ឋអាមេរិកខ្លួនឯង។ យើងឃើញថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានខ្លួនឯង បានទទួលជំនួយជាច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក តែពួកគាត់មិនបានប្រើប្រាស់ជំនួយនេះឲ្យមានប្រសិទ្ធភាពនោះទេ។ ជំនួយដែលជួយទៅដល់បណ្ដាកងទ័ព ភាគច្រើនធ្លាក់ទៅក្នុងដៃរបស់ឧត្តមសេនីយ៍ ឬក៏មេបញ្ជាការកងទ័ពធំៗ។ ប្រាក់ខែក៏ពុំបានចែកទៅដល់ដៃរបស់របស់ទាហានឲ្យបានគ្រប់គ្រាន់នោះទេ។ ទាហានរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាននេះ មានចំនួនវច្រើនរហូតដល់ចំនួន ៣០ម៉ឺននាក់ ដោយបូកសរុបទាំង ចំនួនទាហ៊ាន ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ បើប្រៀបធៀបជាមួយក្រុមទាហ៊ានរបស់តាលីបង់ដែលមានប្រហែលតែ ៧៥.០០០ ប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺអំពើពុករលួយ ដែលបង្កឲ្យមាន ការមិនពេញចិត្តរបស់ទាហ៊ានថ្នាក់ក្រោម។ ការមិនពេញចិត្តនេះហើយ ដែលធ្វើឲ្យបាក់កម្លាំង ដោយគ្រាន់តែក្រុមតាលីបង់ចូលមកល្មមៗ គាត់គិតថាមិនមានផលប្រយោជន៍អ្វីដើម្បីយកជីវិតគាត់ទៅប្ដូរនោះទេ ស្របនឹងពួកគាត់ពុំទទួលបានប្រាក់ខែផងនោះ ដូចនេះ ល្មមៗគ្រាន់តែឃើញក្រុមតាលីបង់ចូលមក ក្រុមទាហានរដ្ឋាភិបាលសឹងតែថាទម្លាក់អាវុធរត់បាត់ហើយ។ អំពើពួករលួយនេះ វាធ្វើឲ្យស្មារតីប្រយុទ្ធរបស់ប្រធានាធិបតី Ghani ខ្សោយ ពោលគឺមិនខ្លាំងដូចក្រុមតាលីបង់នោះទេ។ ក្រុមតាលីបង់ត្រូវការរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងការវាយដល់ទីក្រុងកាប៊ុល។ ថ្វីបិតតែ ទាហ៊ានរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានមានចំនួនច្រើន និងសព្វាវុធទំនើបជាង តែសំខាន់បំផុតគឺស្មារតីប្រយុទ្ធខ្សោយ ដែលវាមិនខុសពីសង្គ្រាមវៀតណាមកាលពីលើកមុនទេ។ ទោះបីជាសហរដ្ឋអាមេរិក គាត់មានអាវុធយុទ្ធភណ្ឌទំនើបជាងក៏ដោយ ប៉ុន្តែស្មារតីប្រយុទ្ធរបស់ម្ចាស់ស្រុក ជាទូទៅគាត់ខ្លាំងជាង ដោយពួកគាត់ខិតខំការពារទឹកដី។
ទី៣ គឺភាពបរាជ័យរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងការប្រយុទ្ធជាមួយពួកតាលីបង់។ រដ្ឋាភិបាល អាហ្វហ្កានីស្ថាន មានកងទ័ពដល់ទៅចំនួន៣០ម៉ឺននាក់ តែខ្ញុំគិតថា ចំនួនកងទ័ពពិតប្រាកដមិនមែនចំនួន៣០ម៉ឺននាក់នោះទេ។ នេះជាភាពក្លែងបន្លំរបស់គាត់ បើនិយាយទៅតួលេខទាហ៊ានខ្មោច។ តួលេខទាហានខ្មោចមានចំនួនច្រើន ទាហ៊ានធ្វើការមានចំនួនតិច តែចំនួនអ្នកយកប្រាក់ខែច្រើន។ កាលណាចង់ធ្វើយុទ្ធសាស្ត្រវាយជាមួយនឹងក្រុមតាលីបង់បាន ទាល់តែយើងដឹងពីចំនួនកងទ័ពពិតប្រាកដនៅតាមតំបន់ជាក់ស្តែងនិមួយៗ។ ជាទូទៅ ប្រធានាបតីអាហ្វហ្កានីស្ថាន គិតថាចំនួនទ័ពរបស់ខ្លួនមានច្រើនដែលងអាចនឹងទប់ទល់ជាមួយនឹងក្រុមតាលីបង់បាន ប៉ុន្តែជាក់ស្ដែង គឺមិនមានចំនួនប៉ុណ្ណឹងទេ។ ដូចនេះហើយ គ្រាន់តែក្រុមតាលីបង់វាយចូលមក ពួកគាត់នាំគ្នារត់ភៀសខ្លួនបាត់អស់ហើយ។
ទី៤ គឺផ្នែកយុទ្ធសាស្ត្រតាក់ទិក។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានមុននេះ គាត់បានបាត់បង់នូវការគាំទ្រផ្នែកអាកាសពីសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ជាធម្មតា កាលពីលើកមុន គាត់វាយជាមួយនឹងពួកតាលីបង់បាន ដោយសារតែមានការគាំទ្រផ្នែកអាកាសរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ប៉ុន្តែឥលូវនេះ គឺចាប់ពីខែកក្កដាមក សហរដ្ឋអាមេរិកបានចាប់ផ្ដើមបញ្ឈប់នូវការគាំទ្រផ្នែកអាកាស។
ប្រការទាំងអស់នេះហើយ ដែលធ្វើឲ្យអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ghani រត់ចេញ ហោះភៀសខ្លួនចេញពីប្រទេសយ៉ាងឆាប់បែបនេះ ដោយទុកឲ្យប្រជាជនរបស់គាត់ ក៏ដូចជាប្រទេសទាំងមូល ស្ថិតនៅក្រោមការក្តោបក្តាប់របស់ក្រុមតាលីបង់។
សំណួរទី៤៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកបណ្តោយឲ្យអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថានប្រព្រិត្តអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ និងអន្តរជាតិបែបនេះ?
យើងគិតថា វត្តមានសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្កានីស្ថាននេះ ប្រហែលអាចជួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាននេះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើពុករលួយបាន តែធាតុពិតនោះ មិនមែនដូចនេះទេ។ គោលដៅសំខាន់របស់សហរដ្ឋអាមេរិក នៅប្រទេសអាហ្វហ្កានីស្ថាននេះ គឺដើម្បីប្រយុទ្ធប្រឆាំនឹងអំពើភេរវកម្ម និងគាស់ឡើងនូវរបបទាំងឡាយណាដែលគាំទ្រដល់ពួកភេរវករ ជាពិសេសពួក Al Qaeda។ ចំពោះការស្ថាបនាកសាងប្រទេសនេះ(Nation Building) វិញ គឺជាអាទិភាពទី០២ ឬទីបីប៉ុណ្ណោះ។លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិិន បានទទួលស្គាលល់ថា បេសកម្មសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺមិនមែនជាការកសាងប្រទេសនោះទេ ដែលមានតែការកសាងប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើពុករលួយនោះទេ។ នេះជាអាទិភាពបន្ទាប់បន្សំនោះទេ។ ហេតុនេះហើយទើបយើងឃើញថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅប្រទេសអាហ្វហ្កានីស្ថាននេះ គឺមិនមែនជារឿងសំខាន់សម្រាប់អាមេរិកនោះទេ។ ប្រការនេះហើយ បានជាធ្វើឲ្យសង្គ្រាមប្រឆាំងនឹងអំពើពុករលួយនៅប្រទេសអាហ្វហ្កានីស្ថាននេះ មិនបានទទួលភាពជោគជ័យទេ។ សហរដ្ឋអាមេរិកមិនបានផ្ដោតសំខាន់ទៅលើបញ្ហានេះ ហើយរដ្ឋាភិបាលអាហ្វហ្កានីស្ថានដោយខ្លួនឯងក៏មិនបានផ្ដោតសំខាន់លើបញ្ហានេះដែរ។
សំណួរទី៥៖ ក្រោយពីការចូលកាន់កាប់វិមានប្រធានាធិបតេយ្យរបស់ក្រុមតាលីបង់នៅរដ្ឋធានីកាប៊ុលរួចតើសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិមានប្រតិកម្ម និងជំហយ៉ាងដូចម្ដេចខ្លះ?
ក្រោយពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល រួចមកនោះ យើងឃើញថា សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ គឺពុំទាន់មានសកម្មភាពអ្វីជាដុំកំភួនក្នុងការជួយប្រជាជនអាហ្វហ្កានីស្ថាន ដែលអាចនឹងរងគ្រោះដោយសារតែរបបគ្រប់គ្រងរបស់តាលីបង់នោះទេ។ ថ្វីត្បិតតែមាន ការអំពាវនាវពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យប្រទេសនានាជួយប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសក្រុមប្រឹក្សាសន្តិសុខទាំង០៥ របស់អង្គការសហប្រជាជាតិ ឲ្យជួយប្រទេសអាហ្គានីស្តានក៏ដោយ ក៏យើងមិនទាន់បានឃើញសកម្មភាពជាក់ស្ដែងណាមួយឲ្យជួយជាដុំកំភួននោះទេ។ ភាគច្រើន សហគមន៍អន្តរជាតិមានប្រតិកម្មទៅតាមប្រទេសនីមួយៗតែប៉ុណ្ណោះ ពោលគឺទៅតាមបណ្ដាប្រទេសនានាដែលគាត់ចង់ជួយប្រទេស និងប្រជាជនអាហ្វហ្កានីស្ថានដែលរងគ្រោះដោយសារសង្គ្រាមនេះ។
ឧទាហរណ៍ សហរដ្ឋអាមេរិកខ្លួនឯងបានបញ្ជូនយន្តហោះដែលដឹកជញ្ជូនប្រជាពលរដ្ឋរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋអាហ្វហ្កានីស្ថានដែលធ្លាប់ជួយគាត់កន្លងមកនៅក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គាត់បានជួយដឹកជញ្ជូនប្រជាពលរដ្ឋទាំងអស់នេះឲ្យចៀសផុតពីប្រទេសអាហ្វហ្កានីស្ថាន ជាពិសេសគឺ ដើម្បីចៀសផុតអំពីការធ្វើទុក្ខបុកម្នេញនានារបស់ពួកតាលីបង់នេះ។ បើតាមអ្វីដែលខ្ញុំដឹង គឺសហរដ្ឋអាមេរិកកំពុងតែបង្កើននូវការដឹកជញ្ជូនអ្នកដំណើរ ដែលរួមមានប្រជាជនអាហ្វហ្គានីស្ថានផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃឲ្យមានចំនួនជើងកាន់តែច្រើនឡើង ដោយសារសហរដ្ឋអាមេរិកគិតថា នេះជាកាយវិការមនុស្សធម៌ ជាកាយវិការមួយដែលមានទំនួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន កន្លងមក។ នេះជាអ្វីដែលលោកប្រធានាធិបតី ចូ បៃដិន គិតពាក់ព័ន្ធនឹងរឿងមនុស្សធម៌។ ចំណែកប្រទេសអូស្ត្រាលីក៏បានជួយច្រើនដែរ ដោយគាត់បានជួយដឹកប្រជាពលរដ្ឋរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន ដែលធ្លាប់ជួយអូស្រ្តាលីកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ជាដើម ចេញពីរដ្ឋធានីកាប៊ុលផងដែរ។ ទន្ទឹមនឹងនេះ យើងក៏ឃើញមានបណ្ដាប្រទេសផ្សេងៗទៀត ដែលគាត់ព្យាយាមផ្តល់នូវជម្រកទៅដល់ជនជាតិអាហ្វហ្កានីស្ថានដែលគាត់រងគ្រោះ ដោយសារការកាន់កាប់របស់ក្រុមតាលីបង់នេះ មានដូចជាប្រទេសកាណាដា អ៊ាល់បានី ប៊ុលហ្គារី ។ល។ យើងឃើញថា មានប្រទេសជាច្រើន គាត់បានផ្តល់ជាជំនួយមនុស្សធម៌ ជាពិសេសផ្តល់ជាទីជម្រកសុវត្ថិភាពសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន ដែលគាត់មានភាពភ័យខ្លាច ដោយសារតែការកាន់កាប់របស់ពួកតាលីបង់នេះ ដោយហេតុថា កាលណាក្រុមតាលីបង់មកកាន់កាប់ នោះលទ្ធិប្រជាធិបតេយ្យ ជាពិសេសការគោរពសិទ្ធិស្ត្រី នឹងអាចមានបញ្ហា។
សំណួរទី៦៖ ពិភពលោកក៏មានការប្លែកចិត្តខ្លាំងដែរ ចំពោះឥរិយាបថរបស់ក្រុមតាលីបង់សម័យថ្មីនេះ ដែលអ្នកខ្លះបានដាក់ឈ្មោះឲ្យក្រុមនេះថា «ក្រុមតាលីបង់ ២.០» ដែលអ្នកនាំពាក្យរបស់ក្រុមនេះ តែងតែបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានអន្តរជាតិថា ខ្លួននឹងផ្តល់សិទ្ធិសេរីភាពទៅដល់កុមារ និងស្រ្តី ក្នុងការទទួលបាននូវការអប់រំ និងសិទ្ធិសេរីភាពចាំបាច់ដទៃទៀត។ តាមការយល់ឃើញរបស់លោកបណ្ឌិត តើការសន្យារបស់ក្រុមតាលីបង់នេះ អាចនឹងគួរឲ្យទុកចិត្តកម្រិតណាដែរ?
ចំពោះសំណួរនេះ យើងពុំទាន់ដឹងច្បាស់នៅឡើយទេ ព្រោះយើងនៅត្រូវការពេលវេលាដើម្បីមើលបន្តទៀត។ ប៉ុន្តែអ្វីដែលយើងអាចឃើញនៅចំពោះមុខវិញគឺ ក្រុមតាលីបង់នេះ គាត់មានតាក់ទិចមួយ ដែលយើងអាចនិយាយបានថា វាថ្មីជាងអ្វីដែលគាត់ធ្លាប់ធ្វើនៅក្នុងពេលអតីតកាល ព្រោះយើងឃើញថា គាត់បាន Call ទៅខាងទូរទស្សន៍ BBC ដោយអះអាងថាគាត់នឹងផ្តល់នូវសិទ្ធិសេរីភាពទៅដល់កុមារ និងស្ត្រីដែលនេះអាចជាតាក់ទិចមួយ ដើម្បីលួងលោមដល់សហគមន៍អន្តរជាតិ ដើម្បីកុំឲ្យមានការបារម្ភចំពោះការឡើងកាន់អំណាចរបស់ក្រុមតាលីបង់នេះ។ អ្វីដែលក្រុមតាលីបង់នេះចង់បានគឺ ការផ្តល់នូវភាពស្របច្បាប់របស់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ០៥។ យើងឃើញថា ចិននិងរុស្ស៊ីបានគាំទ្រក្រុមតាលីបង់នេះរួចទៅហើយ នៅសល់តែ ០៣ប្រទេសដែលជាសម្ព័ន្ធមិត្តលោកខាងលិចនោះគឺ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង។ ដូច្នេះ គាត់ចង់ឲ្យមានការផ្តល់ភាពស្របច្បាប់មួយទៅដល់ការឡើងកាន់អំណាចរបស់គាត់។ ហេតុនេះហើយ ទើបគាត់បានផ្តល់នូវភាពដែលអាចបត់បែនបានមួយ ដែលគោលនយោបាយកន្លងមកនេះ គាត់មានភាពតឹងរ៉ឹងចំពោះស្ត្រី។ គាត់ផ្តល់ចំណុចនេះមួយឲ្យទៅ ដើម្បីឲ្យខាងសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តល់នូវភាពស្របច្បាប់ទៅឲ្យក្រុមតាលីបង់នេះ។ ប៉ុន្តែអ្វីដែលមិនច្បាស់នោះគឺនៅត្រង់ថា មានព័ត៌មានក្រៅផ្លូវការជាច្រើនបានរាយការណ៍ថា ក្រុមតាលីិបង់នេះបានចាប់ផ្តើមដើរតាមផ្ទះ ស្វែងរកអ្នកដែលធ្លាប់ជួយកងទ័ពសម្ព័ន្ធមិត្ត ដូចជាសហរដ្ឋអាមេរិកជាដើម ពោលគឺពួកគាត់បានដើរគោះតាមផ្ទះ ដើម្បីស្វែងរកអ្នកទាំងអស់នោះ ហើយគាត់វាយធ្វើបាប និងធ្វើទណ្ឌកម្មជាដើម។ ត្រង់នេះហើយ ដែលធ្វើឲ្យសហគមន៍អន្តរជាតិនៅតែមានចម្ងល់ថា ក្រោយកាន់កាប់អំណាច ពិតប្រាកដ តើពួកតាលីបង់នេះអាចនឹងធ្វើអ្វីដែលខ្លួនសន្យាដែរទេ? ពិសេសការគាំទ្រនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន ពិសេសស្ត្រី និងកុមារជាដើម។ គេនៅចាំមើលតទៅទៀត ថាតើក្រុមតាលីបង់ពិតជាធ្វើដែរឬអត់?
សំណួរទី៧៖ តាមទស្សនៈរបស់លោកបណ្ឌិត ពាក់ព័ន្ធនឹងជំនួបតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងចិន ហេតុអ្វីបានជាអាមេរិកមើលឃើញពីតួនាទីស្នូលរបស់ចិន នៅក្នុងការអភិវឌ្ឍ និងការស្ដារសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ក្រៅពីសម្ព័ន្ធមិត្តរបស់ខ្លួន?
ចិនដើរតួនាទីយ៉ាងសំខាន់ណាស់នៅក្នុងបញ្ហាអាហ្វហ្កានីស្ថាននេះ ជាពិសេសនៅក្រោយពេលដែលសហរដ្ឋអាមេរិក បានដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាននេះតែម្ដង។ បើនិយាយពីផ្នែកភូមិសាស្ត្រនយោបាយវិញ ប្រទេសចិនគឺនៅជាប់ប្រទេសអាហ្វហ្កានីស្ថានតែម្តង ថ្វីត្បិតតែព្រំដែនដែលជាប់នឹងប្រទេសអាហ្វហ្កានីស្ថាននោះ គឺមិនមានចំនួនច្រើនក៏ដោយ ពោលគឺមានព្រំដែនខ្លីក៏ដោយ ក៏ប៉ុន្តែគេឃើញថា អ្វីដែលសំខាន់នោះគឺសួរថា សហរដ្ឋអាមេរិកអាចពឹងនរណាបានក្រៅពីចិន នៅក្នុងការស្ដារនូវស្ថិរភាព ក៏ដូចជាសន្តិសុខនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះ? គឺមានតែចិនទេ ដែលអាចដើរតួនាទីសំខាន់បាន ដោយសារទីតាំងភូមិសាស្ត្ររបស់គាត់នៅក្បែរអាហ្វហ្កានីស្ថាន(Geographical Proximity)។ ដូច្នេះ បើសិនជាសហរដ្ឋអាមេរិកដកចេញ ហើយក្រុមតាលីបង់នេះគាំទ្រក្រុមភេរវកម្មនិយម ឬក៏Link របស់ក្រុមរដ្ឋឥស្លាម (Islamic State Link) នាថ្ងៃអនាគត ថាតើសហរដ្ឋអាមេរិកសុខចិត្តបញ្ជូនកងទ័ពមកម្ដងទៀត ដើម្បីវាយជាមួយពួកភេរវករនេះដែរឬទេ? ពិតជាអត់ទេ ដោយពួកគាត់បានដកនូវបទពិសោធន៍ច្រើនដែរហើយពីរឿងសង្រ្គាមអាហ្វហ្កានីស្ថាននេះ។ វាមែនជារឿងងាយស្រួលនោះទេ។ ដូចនេះ ដើម្បីបំពេញនូវចន្លោះប្រហោងនេះ គឺត្រូវការមហាអំណាចមួយដែលមានសក្ដានុពលកងទ័ពខ្លាំង ធ្វើយ៉ាងណាទប់ទល់ជាមួយនឹងការរីករាលដាលនៃបញ្ហាភេរវកម្មនិយមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននេះ ព្រោះថាចិននៅជិតស្រាប់ ហើយគាត់អាចទប់ទល់ជាមួយនឹងរបបភេរវកម្មនិយមនេះបាន។ ហេតុនេះហើយបានជាសហរដ្ឋអាមេរិក គឺលោក Anthony Blinken បានបន្ទន់ឥរិយាបថចំពោះប្រទេសចិននៅក្នុងបញ្ហាអាហ្វហ្កានីស្ថាននេះ ដោយអាមេរិកយល់ឃើញថា មានតែចិនទេ ដែលមានលទ្ធភាពទប់ទល់ជាមួយនឹងការរីករាលដាលនៃភេរវកម្មនិយមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននេះ នាថ្ងៃអនាគត។
សំណួរទី៨៖ ងាកមកមើលតំបន់អាស៊ីអាគ្នេយ៍យើងវិញម្តង តើហេតុការណ៍ដែលកំពុងតែកើតមាននៅអាហ្វហ្កានីស្ថាននេះ អាចនឹងផ្តល់នូវផលបច្ច័យខ្លះៗមកដល់តំបន់អាស៊ាន និងអាស៊ីអាគ្នេយ៍ដែរឬទេ?
បញ្ហានេះនឹងផ្តល់ផលបច្ច័យមិនល្អខ្លះៗទៅដល់តំបន់អាស៊ានយើង ភាគច្រើនប៉ះពាល់លើបញ្ហាសន្តិសុខតែម្តង។ យើងឃើញថា ពេលដែលពួកតាលីបង់គាត់ឡើងកាន់អំណាច គាត់អាចមានលទ្ធភាពនៅក្នុងការគាំទ្រនូវក្រុមភេរវកម្មនិយមដទៃទៀត ជាពិសេសក្រុមដែលទាក់ទងជាមួយនឹងពួករដ្ឋឥស្លាម រួមមាន Islamic State (IS) ឬ Jemaah Islamiyah ដែលមាន Link នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍របស់យើង ជាពិសេសនៅបណ្ដាប្រទេស ០៣ធំៗ ដែលអាចនឹងងាយរងគ្រោះ ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ជាដើម។ យើងឃើញថា ជាក់ស្ដែង នៅពេលដែលក្រុមតាលីបង់នេះ គាត់បានកាន់កាប់ គាត់បានដោះលែងនូវក្រុមដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវកម្មនិយមពីមុន មានដូចជាចំនួនពី ០៥ ទៅ០៧នាក់ ដែលមកពីឥណ្ឌូនេស៊ី ដែលពួកគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពក្រុម Jemaah Islamiyah។ ដូចនេះ អ្វីដែលគាត់បារម្ភនោះគឺ នៅពេលដែលពួកទាំងអស់នោះវិលត្រឡប់មកចូលតំបន់អាស៊ីអាគ្នេយ៍វិញ ពួកគាត់អាចបង្កើតនូវទីជម្រកថ្មី ហើយធ្វើឲ្យពួកនេះរឹតតែខ្លាំងជាងមុនទៀត។ អ្វីដែលសំខាន់នោះគឺ ភាពជោគជ័យរបស់ក្រុមតាលីបង់ជំរុញទឹកចិត្តឲ្យក្រុមភេរវករ ដែលតស៊ូប្រឆាំងជាមួួយនឹង សហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាលនៅក្នុងប្រទេសហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើមនោះ គាត់មានទឹកចិត្តបន្ថែមទៀតនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាល ដោយសារតែក្រុមតាលីបង់ជាក្រុមមួយដែលប្រកាន់យកសាសនាឥស្លាមតាមលទ្ធិរឹង ហើយក្រុមដែលមាននៅឥណ្ឌូនេស៊ី និងហ្វីលីពីនក៏មានក្រុមបែបនេះដែរ។ វាជួយជំរុញឲ្យគ្រប់បែបនេះ ធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ីក៏ដូចជានៅហ្វីលីពីន ដែលជារដ្ឋាភិបាលមួយ សព្វថ្ងៃនេះ មិនមែនជារដ្ឋាភិបាលមួយដែលប្រកាន់យកលទ្ធិឥស្លាមប្រភេទរឹងឡើយ។ ដូចនេះ ជោគជ័យរបស់ក្រុមតាលីបង់បានជំរុញទឹកចិត្តក្រុមភេរវករនៅប្រទេសទាំងនោះប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលខ្លួនឯង ក៏ដូចជាពួកបច្ចឹមប្រទេសដែលមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាអាចជំរុញឲ្យក្រុមទាំងនោះ បង្កនូវវិទ្ធង្សនាផ្នែកសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចមានបច្ច័យមិនល្អមកដល់តំបន់អាស៊ីអាគ្នេយ៍យើង។ ខ្ញុំគិតថា បញ្ហាអាហ្វហ្កានីស្ថាននេះ ចង់ឬមិនចង់ វាអាចនឹងប៉ះពាល់ដល់បណ្ដាប្រទេសអាស៊ាន។ តាមអ្វីដែលខ្ញុំដឹងគឺ រហូតដល់មានក្រុមភេរវករខ្លះ ចង់បង្កើតសាខារបស់គាត់នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឬមួយក៏ហ្វីលីពីន ដោយគាត់ចង់អញ្ជើញពួកតាលីបង់មកផ្តល់មេរៀនពាក់ព័ន្ធនឹងរបៀបនៃការយកឈ្នះលើពួកលោកខាងលិចបាន ដែលធ្វើឲ្យបង្កនូវភាពលំបាក ឬភាពភ័យព្រួយបារម្ភទៅដល់ប្រទេសអាស៊ីអាគ្នេយ៍របស់យើង។ យើងឃើញថា បើសិនជាប្រទេសអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឬក៏ហ្វីលីពីន គ្មានស្ថិរភាពទេ នោះតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក៏គ្មានស្ថិរភាពដែរ។
វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំឯកសារ៖ លោក គីម ងួន