ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។
សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដោយលើកថា វីរ៉ុសនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺប្រាកដជាមានអ្នកបង្កើតនេះឡើងក្នុងគោលបំណងនៃការបង្កើតសង្រ្គាមជីវសាស្ត្រ ក៏ដូចជាក្តោបក្តាប់អំណាចសកលតែម្តង។ តើអ្វីទៅជាអំណះអំណាងដែលបានលើកឡើងដំបូងដោយប្រទេសទាំងពីរនេះ? ហើយថាតើភាគីមួយណាទទួលបានការគាំទ្រច្រើនជាង?
មតិភាគច្រើនក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងវិស័យសុខាភិបាល និងនយោបាយ បានលើកឡើងថា វីរុសកូវីដ-១៩ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កឲ្យមានអស្ថិរភាពក្នុងសកលលោក ជាពិសេសរហូតដល់មានការចោទប្រកាន់ថា វាគឺជាអាវុធជីវសាស្រ្តទំនើបក្នុងការផ្តួលរលំមហាអំណាចណាមួយ ឬរដ្ឋាភិបាលប្រទេសណាមួយ ដែលប្រឆាំងនឹងនិទ្នាការនយោបាយរបស់មហាអំណាចមួយទៀត ឬក៏ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយពិភពលោកទាំងមូល។ សូមជម្រាបថា មកទល់ពេលនេះ គឺមិនទាន់មានការសន្មត់ច្បាស់ណាមួយថា វីរុសនេះមានប្រភពមកពីប្រទេសណាមួយឡើយ ហើយរយៈជិតពីរឆ្នាំមកនេះ ទាំងសហរដ្ឋអាមេរិក និងចិនបាននឹងកំពុងចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទងនឹងប្រភព និងមូលហេតុ នៅពីក្រោយការបង្កើតវីរុសនេះមក ដើម្បីផលប្រយោជន៍អ្វី? តើដើម្បីប្រយោជន៍ល្បែងអំណាចនយោបាយ និងប្រយោជន៍សេដ្ឋកិច្ចរបស់មហាអំណាចណាមួយ?
ដូចដែលយើងបានដឹងមកហើយថា អាវុធជីវសាស្រ្តត្រូវបានបង្កើតឡើងសម្រាប់ការសម្លាប់ ឬយកឈ្នះលើគូបដិបក្ខមួយទៀត ដោយការប្រើប្រាស់ឧស្ម័ន ហ្គាស ឬថ្នាំពុល ដែលបច្ចុប្បន្ននេះ អាវុធជីវសាស្រ្តនេះក៏កាន់តែទំនើបគឺ អាចប្រើប្រាស់បានដោយរ៉ុកកែត យន្តហោះ និងការចាក់បញ្ចូលវីរុសក្នុងខ្លួននរណាម្នាក់ដើម្បីចម្លងទៅអ្នកដទៃ។ តាមរយៈប្រវត្តិសាស្រ្តសង្រ្គាមពិភពលោក យើងសង្កេតឃើញថា ការប្រើប្រាស់ឧស្ម័ន ថ្នាំពុល និងហ្គាសនេះគឺបានប្រើប្រាស់រួចមកហើយ។ នៅក្នុងសង្រ្គាម Peloponnesian War ដែល Sparta បានប្រើប្រាស់ថ្នាំពុលចូលក្នុងប្រភពទឹកទីក្រុង Athens សម័យសង្រ្គាមលោកលើកទី ១ ប្រើដោយអាល្លឺម៉ង់ សង្រ្គាមវៀតណាម ដែលក្នុងនោះប្រទេសនៅជ្រោយឥណ្ឌូចិនពោលគឺ ឡាវ កម្ពុជា និងវៀតណាម សុទ្ធតែទទួលរងគ្រោះពីឧស្ម័ន “ភា្នក់ងារ ORANGE” ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក សង្រ្គាមស៊ីវិលនៅ អ៊ឺរ៉ាក់ និងស៊ីរី ដែលការប្រើប្រាស់អាវុធជីវសាស្រ្តនេះត្រូវបានអង្គការសហប្រជាជាតិធ្វើការថ្កោលទោស និងបម្រាមមិនឲ្យប្រើប្រាស់នោះឡើយ។
ងាកមកជំងឺវិរុសកូវីដ-១៩វិញ ដែលត្រូវបានប្រកាសថាជាជំងឺរាតត្បាតសកល កាលពីខែមីនា ឆ្នាំ ២០២០ តើវាជាអាវុធជីវសាស្រ្តដែលបង្កើតឡើងដោយមហាអំណាចដែរឬទេ? ខ្ញុំសូមជម្រាបថា មិនទាន់មានសេចក្តីប្រកាសណាមួយអំពីប្រភពវីរុសកូវីដ-១៩ នេះនៅឡើយទេ បើទោះជាករណីជំងឺនេះដំបូងត្រូវបានរកឃើញនៅក្នុងទីក្រុងវូហ៊ាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ ក៏ដោយ។ ដូចនេះហើយទើបបានជាសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា បានខិតខំលាក់បាំងអំពីព័ត៌មានជំងឺនេះ មិនបានរាយការណ៍ទៅអង្គការសហប្រជាជាតិ និងមិនបានបិទជើងហោះហើរអន្តរជាតិពីប្រទេសចិន ទៅកាន់ប្រទេសនានាលើសកលលោក ដោយយកលេសថាចិនអាចគ្រប់គ្រងស្ថានការណ៍រីករាលដាលវីរុសនេះបាន និងផលប៉ះពាល់សេដ្ឋកិច្ចចិន និងពិភពលោកប្រសិនជាមានការបិទជើងយន្តហោះមែននោះ។ ថ្មីៗនេះខាងសហរដ្ឋអាមេរិកក៏បានទាមទារឲ្យចិនធ្វើការសហការណ៍ ផ្តល់ទិន្នន័យប្រកបដោយតម្លាភាព និងទាមទារឲ្យមានការសិក្សាស្រាវជ្រាវឡើងវិញផងដែរ។ ចំណែកឯភាគីចិនវិញ បានច្រានចោលការចោទប្រកាន់នេះ និងបានឆ្លើយតបថា ការចោទប្រកាន់របស់អាមេរិក គឺមិនផ្អែកទៅលើការពិត ឬមានភស្តុតាងច្បាស់លាស់ណាមួយឡើយ និងសំណូមពរឲ្យសហរដ្ឋអាមេរិករួបរួមជាមួយចិន ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺនេះ និងតាមរយៈការផ្តល់វ៉ាក់សាំង ដល់បណ្តាប្រទេសក្នុងសកលលោក ជាដើម។
ដូចនេះការទាមទារស្វែងរកប្រភពនៃជំងឺរីរុសកូវីដ-១៩ នេះនៅតែបន្ត និងកាន់តែមានភាពស្រួចស្រាលឡើងរវាងមហាអំណាចទាំងពីរនេះ ដែលទាំងចិន និងអាមេរិកព្យាយាមស្វែងរកការពិត និងយុត្តិធម៌ប្រកបដោយតម្លាភាពរៀងៗខ្លួន ហើយការប្រើប្រាស់ជំងឺនេះជាអាវុធជីវសាស្រ្តក៏កំពុងស្ថិតនៅភាពស្រពិចស្រពិលនៅឡើយ។
សំណួរទី២៖ កាលពីពេលថ្មីៗនេះ មានការបើកការស៊ើបអង្កេត ដើម្បីស្វែងរកប្រភពនៃជំងឺកូវីដ-១៩ ដែលត្រូវបានស្នើឡើង និងគាំទ្រពីប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ហើយក៏មានការយល់ព្រមពីប្រទេសចិនផងដែរ ក្នុងលក្ខខណ្ឌនៃការមិនមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន។ តើដំណើរការ ឬក៏វឌ្ឍនភាពនៃការស៊ើបអង្កេតប្រភពដើមរបស់វីរុសកូវីដ-១៩នេះ មានលក្ខណៈយ៉ាងដូចម្ដេចដែរ?
បើយោងទៅតាមសេចក្តីរាយការណ៍សិក្សាអំពីប្រភពវីរុសកូវីដ-១៩ នេះនៅមន្ទីរពិសោធន៍វីរុសនៅទីក្រុងអ៊ូហ៊ាន ប្រទេសចិន ដឹកនាំដោយក្រុមអ្នកសិក្សាស្រាវជ្រាវពីអង្កការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីខែមិនា ឆ្នាំ ២០២១នេះ បានបង្ហាញថាជំងឺវីរុសនេះទំនងមានការបំលែង និងចម្លងពីសត្វប្រជៀវមកមនុស្ស និងមិនទំនងមានការបែកធ្លាយចេញពីមន្ទីរពិសោធន៏វីរុសរបស់ទីក្រុងអ៊ូហ៊ាន នោះទេ។ របាយការណ៍នេះ ក៏ត្រូវបានប្រទេសមួយចំនួនដូចជាអាមេរិក អង់គ្លេស កាណាដា អូស្រ្តាលី ជាមួយនឹងប្រទេសជាង ១០ ទៀត បានធ្វើការប្រឆាំង និងតិះទៀនយ៉ាងធ្ងន់ធ្ងរលើរបាយការណ៍សិក្សាដែលចេញដោយអង្គការសហប្រជាជាតិ ដោយចោទថា ចិនមិនបានផ្តល់ព័ត៌មានប្រកបដោយតម្លាភាព និងរារាំងមិនឲ្យមានការសិក្សាទិន្នន័យស៊ីជម្រៅឡើយ។ សហរដ្ឋអាមេរិក ក៏បានទាមទារឲ្យមានការស៊ើបអង្កេតជាថ្មីដែលដឹកនាំដោយក្រុមអ្នកសិក្សាវីរុសឯករាជ្យអន្តរជាតិ និងនៅតែបន្តចោទប្រកាន់ចិនថាបានប្រើប្រាស់អំណាចរបស់ខ្លួនទៅលើរបាយការណ៍សិក្សារបស់អង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំមិនផ្លូវការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ អគ្គរដ្ឋទូតចិន ដាយ ប៊ីង ទទួលបន្ទុកកិច្ចការទូទៅនៅអង្គការសហប្រជាជាតិ បានប្រឆាំងនឹងការចោទប្រកាន់ ដោយគ្មានភស្តុតាងច្បាស់លាស់ និងបានបញ្ជាក់បន្ថែមថាការបំភ័ន្ត ឬការធ្វើនយោបាយូបនីយកម្ម លើវីរុសកូវីដ-១៩ នេះនឹងមិនបន្ធូរបន្ថយស្ថានភាពកូវីដ-១៩ នោះឡើយ។ លោកក៏បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែបន្តចោទប្រកាន់ចិនដដែលៗ និងប្រើប្រាស់ទិន្នាការបំភ័ន្តនយោបាយ ដើម្បីប្រយោជន៍ខ្លួន ដែលផ្ទុយពីគោលបំណងនៃកិច្ចប្រជុំនេះ។ លោកក៏បានបន្ថែមទៀតថា ចិនបាននឹងកំពុងយ៉ាងស្វះស្វែងជាមួយសហគមន៍អន្តរជាតិក្នុងការសិក្សាស្រាវជ្រាវ និងការស្វែងរកប្រភពនេះវីរុសនេះជាមួយនឹងក្រុមជំនាញរបស់អង្គការសហប្រជាជាតិ និងទទូចឲ្យភាគីអាមេរិកគោរពតាមគោលការណ៍វិទ្យាសាស្រ្ត ជួយសង្រ្គោះជីវិត បញ្ឈប់ការធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងជំងឺរាតត្បាតនេះ និងស្វាគមន៍អ្នកជំនាញអង្គការសហប្រជាជាតិទៅកាន់មន្ទីរពិសោធន៍ក្នុងទឹកដីរបស់ខ្លួន។ បើយើងសង្កេតមើលគេហទំព័ររបស់លោក Wang Wenbin ដែលលោកជាអ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី៣១ ខែកក្កដានេះ លោកបានសរសេរទាមទារឲ្យសហរដ្ឋអាមេរិកធ្វើការសហការជាមួយនឹងក្រុមជំនាញអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតទៅលើមន្ទីរពិសោធន៍អាមេរិក Fort Detrick នៅរដ្ឋកាលីហ្វញ៉ា និងសកលវិទ្យាល័យ North Carolina ប្រកបដោយតម្លាភាព តាមរយៈការបើកបង្ហាញទិន្នន័យសិក្សារបស់អាមេរិកទៅលើវិរុស Coronavirus ថាតើស្ថាប័នទាំងពីរនេះជាអ្នកបង្កើតវីរុស SARS-CoV-2 នេះមែនឬទេ? ហើយលោកបានស្នើសុំឲ្យអាមេរិកបញ្ចេញនូវទិន្នន័យសុខភាពអំពីក្រុមអត្តពលករអាមេរិកដែលបានឈឺ និងចូលរួមក្នុង Wuhan World Military Gameកាលពីខែតុលា ឆ្នាំ២០១៩ ដែលធ្វើឡើងសម្រាប់តែក្រុមយោធិនតែប៉ុណ្ណោះ។
សំណួរទី៣៖ យើងទាំងអស់គ្នាបានដឹងហើយថា ចិនបានផ្តល់ជំនួយជាវ៉ាក់សាំងទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោកចាប់តាំងពីដើមឆ្នាំ២០២១មកម៉្លេះ ហើយនៅប៉ុន្មានខែចុងក្រោយនេះប្រទេស QUAD ក៏ដូចជាបស្ចឹមប្រទេសនានា បានចាប់ផ្តើមយុទ្ធនាការផ្តល់នូវជំនួយជាវ៉ាក់សាក់មកបណ្តាប្រទេសនានាលើពិភពលោកផងដែរ។ តើសកម្មភាពទាំងនេះ អាចនិយាយបានថាជាការធ្វើនយោបាយូប-នីយកម្មលើវ៉ាក់សាំងកូវីដ-១៩ ដែរឬទេ? បើពិតមែននោះ តើនេះអាចផ្តល់ជាសញ្ញាណ ឬផលបច្ច័យអ្វីខ្លះមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៍?
ដូចដែលយើងបានសង្កេតឃើញថា ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ចិនបាននឹងកំពុងស្វះស្វែងយ៉ាងស្វាហាប់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ដែលមានចំនួនជាង ១,៤ ពាន់លាន់នាក់ និងបាននឹងកំពុងផ្តល់នូវវាក់សាំងការពារជំងឺកូវីដ-១៩ រាប់លានដូស និងបរិក្ខារពេទ្យដែលមានតម្លៃរាប់លានដុល្លារទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្នុងនោះ កម្ពុជាជាប្រទេសដំបូងគេបង្អស់ដែលទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន។ ដោយឡែក ក្រុមសម្ព័ន្ធមិត្តចតុភាគី ឬហៅកាត់ថា QUAD ដែលដឹកនាំដោយអាមេរិក ដែលមានការចូលរួមពីអូស្រ្តាលី ជប៉ុន និងឥណ្ឌាក៏បានធ្វើយុទ្ធនាការ និងសន្យាថានឹងផ្តល់ជំនួយវ៉ាក់សាំងដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងជំនួបអនឡាញកាលពីដើមខែមីនា ឆ្នាំ ២០២១ នេះ ក្នុងគោលបំណងប្រឆាំងនឹង “ការទូតវ៉ាក់សាំង” របស់ចិន។ បន្ទាប់ពីការផ្តល់ជំនួយជាវ៉ាក់សាំង បណ្តាមហាអំណាច និងអំណាចកណ្តាលទាំងនោះ ក៏បានសន្យាថានឹងផ្តល់ហិរញ្ញប្បទានក្នុងការទិញវ៉ាក់សាំង ផងដែរ។
ចំពោះផលបច្ច័យវិញ ដែលបានមកពីការផ្តល់ជំនួយជាវ៉ាក់សាំងនឹងហិរញ្ញប្បទាននេះវិញ គឺបានធ្វើឲ្យបណ្តាប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ទទួលបានការទប់ស្តាត់ និងការពារការរាតត្បាត និងអាយុជិវិតប្រជាជនទាន់ពេលវេលា បើទោះការបែកចែក និងបញ្ជូនវ៉ាក់សាំងទាំងនោះ មានភាពយឺតយ៉ាវក៏ដោយ។ បន្ថែមពីនេះទៅទៀត ការឧបត្ថម្ភនេះក៏បានរួមចំណែកជួយសម្រាលការចំណាយរបស់ប្រទេសទាំងនោះដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងកំពុងខ្វះខាតនូវបរិក្ខារពេទ្យទាំងនោះ។
ចំពោះសំណួរដែលសួរថា ការផ្តល់ជំនួយជាវ៉ាក់សាំង និងហិរញ្ញប្បទានរបស់មហាអំណាចធំៗទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ថាជាការធ្វើនយោបាយូបនីយកម្មដែរឬទេ? ខ្ញុំបាទសូមផ្តល់ការបកស្រាយជា ពីរ Scenarios។ ទីមួយ ការធ្វើឡើងដោយមហាអំណាចទាំងនោះ ពិតជាការធ្វើនយោបាយូបនីយកម្មមែន។ ខ្ញុំលើកឡើងដូចនេះ ក៏ព្រោះយើងបានដឹងរួចមកហើយថា ចិននិងអាមេរិកមានជម្លោះក្នុងសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជិតពាក់កណ្តាលទសវត្សរ៍មកហើយ ដែលនៅក្នុងសង្រ្គាមនេះអាមេរិកបានធ្វើឲ្យចិនបានខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយសារបញ្ហាជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ ដែលបានធ្វើឲ្យសេដ្ឋកិច្ចចិនមានកំណើនយឺត ដោយសារការធ្លាក់ចុះនៃវិនិយោគបរទេស។ អត្រាអ្នកអត់ការងារធ្វើកើនឡើងដោយការរើរោងចក្របរទេសចេញពីចិន ហើយអាមេរិកធ្វើដូចនេះ គឺដោយសារការទាក់ទាញប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈការងើបឡើងប្រឆាំងនឹងចិនតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចិន ក្រោមរូបភាពនៃអតុល្យភាពជញ្ជីងដោះដូរពាណិជ្ជកម្មចិន និងអាមេរិក ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស។ ដើម្បីរក្សាលំនឹង និងឆ្លើយតបទៅនឹងសង្រ្គាមពាណិជ្ជកម្មដែលបង្កដោយអាមេរិក រដ្ឋាភិបាលចិន បាននឹងកំពុងបង្កើនទំនាក់ទំនងទ្វេភាគីជាមួយនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ដូចជា អាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្រិ្វក តាមរយៈការទូតសេដ្ឋកិច្ច ក្រោយគម្រោង “ខ្សែក្រវ៉ាត់ននិងផ្លូវ” ដែលមានដៃគូហិរញ្ញវត្ថុពី “ធនគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី” (ASIA Infrastructure Investment Bank) និង ធនាគារ BRICS Bank ដែលដឹកនាំដោយចិន ក្នុងការផ្តល់ហិរញ្ញប្បទានដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ ស្របពេលជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ បណ្តាប្រទេសទាំងនោះ បាននឹងកំពុងជួបប្រទះកង្វះខាតបរិក្ខារពេទ្យ និងហិរញ្ញវត្ថុជាខ្លាំង ដែលនេះបានធ្វើឲ្យចិនបានក្លាយខ្លួនជាប្រទេសតែមួយគត់ ដែលសន្យាថានឹងធ្វើឲ្យវ៉ាក់សាំងការពារជំងឺកូវីដ នេះជា Public Goods ឬផលិតផលសាធារណៈ ដែលមិនមែនបម្រើឲ្យនយោបាយប្រទេសណាមួយឡើយ។ ចាប់តាំងពីពេលនោះចិន បានផ្តល់នូវជំនួយហិរញ្ញប្បទាន និងបរិក្ខារពេទ្យជាច្រើនក្រោយគោលនយោបាយ ផ្លូវសូត្រសុខភាព Health Silkroad និងការទូតវ៉ាក់សាំង Vaccine Diplomacy ដែលសកម្មភាពរបស់ចិនបានបញ្ជ្រាបអំណាចទន់ Soft Power ដែលធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ ជឿទុកចិត្ត និងបន្តកិច្ចសហប្រតិបត្តិការស្អិតរមួតបន្ថែមទៀតជាមួយនឹងចិន។ ផ្ទុយពីចិន អាមេរិកបានប្រកាសដកខ្លួនពីអង្គការសុខភាពពិភពលោកក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ តែក៏ចូលមកវិញក្នុងរដ្ឋបាលលោក ចូ បៃឌិន ដែលលោកក៏ប្រកាសថាអាមេរិកនឹងបន្តគាំទ្រយន្តការ COVAX របស់អង្គការសុខភាពពិភពលោក តាមរយៈការផ្តល់ជំនួយវ៉ាក់សាំងដល់បណ្តាប្រទេសលើពិភពលោក។ អាមេរិកហាក់ដូចជាធ្វើសកម្មភាពយឺតបន្តិច ដែលការលើកឡើងរបស់លោក ចូ បៃឌិន និងការគៀងគរសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យចូលរួមយុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ នេះបានធ្វើឡើងស្របពេលដែលចិនបានបញ្ចេញវ៉ាក់សាំងរាប់លានដូសទៅកាន់ប្រទេសនានារួចមកហើយ។ ពិភពលោកហាក់ដូចជា នៅមិនទាន់មានទំនុកចិត្តលើអាមេរិកក្នុងការដឹកនាំសណ្តាប់ធ្នាប់ពិភពលោក ដែលអាមេរិកបានអោបក្រសោបយកនូវទិន្នាការការពារនិយម ឯកតោនិយម និងគោលនយោបាយ American First នៅក្នុងរដ្ឋកាលលោក ត្រាំ។ ចំពោះយន្តការវ៉ាកសាំងនេះ លោក ចូ បៃឌិន អាចមានឱកាសឲ្យប្រជាជនខ្លួន និងពិភពលោក មើលឃើញថាអាមេរិកនៅតែបន្តថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើពហុភាគីនិយម ច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយការប្រកាសផ្តល់វ៉ាកសាំងនេះ ជាយុទ្ធសាស្រ្តអាមេរិកក្នុងទប់ស្កាត់ការរីករាលដាលអំណាចចិននៅក្នុងពិភពលោក។
ចំពោះ Scenario មួយទៀតគឺ ការផ្តល់វ៉ាក់សាំងនេះមិនមែនជាការធ្វើនយោបាយូបនីយកម្មរបស់មហាអំណាចទេ តែជាការប្រកាន់ភ្ជាប់នូវសីលធម៌ទំនួលខុសត្រូវសកល ដែលផ្តោតលើប្រយោជន៍សមូហភាពសកល និងការរស់រានមានជីវិតរបស់ប្រជាជនលើសកលលោក ដោយមិនមានការរើសអើងពូជសាសន៍ ឬទិន្នាការនយោបាយឡើយ។ ក្នុងនាមជាមហាអំណាចពិភពលោក ទាំងចិន និងអាមេរិកត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនក្នុងសកលលោក ដែលទាំងចិន និងអាមេរិកមិនអាចដោះស្រាយបញ្ហាកូវីដ តែម្នាក់ឯងបានឡើយ ពោលគឺមានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះដោយផ្អែកលើស្មារតី និងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ។
សំណួរទី៤៖ នៅក្នុងខែកក្កដានេះ ប្រជាជនកម្ពុជាគឺមានសំណាងណាស់ ដែលទទួលបានជំនួយវ៉ាក់សាំងជាច្រើនមកពីប្រទេសធំៗចំនួនបី គឺ អាមេរិក ជប៉ុន និងចិន។ ប៉ុន្តែតាមអ្វីដែលនាងខ្ញុំសង្កេតឃើញនៅតាមបណ្តាញសង្គមខ្លះនោះគឺថា ប្រជាពលរដ្ឋមួយចំនួនមានចម្ងល់ថា ហេតុអ្វីបានជា សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទទួលវ៉ាក់សាំងចិន និងជប៉ុនដោយផ្ទាល់ តែបញ្ជូនឯកឧត្តម ម៉ម ប៊ុនហេង ឲ្យទទួលវ៉ាក់សាំងរបស់អាមេរិកជំនួសវិញ? តើនេះបណ្តាលមកពីភាពមិនស្អិតរមូតនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ឬយ៉ាងណា?
ជាការពិតណាស់ កាលពីខែកក្កដាទៅនេះ កម្ពុជាបានទទួលបានជំនួយជាវ៉ាក់សាំងពី ចិន អាមេរិក និងជប៉ុន ហើយថ្មីៗនេះ អង់គ្លេសក៏បានប្រកាសថានឹងផ្តល់ជំនួយវ៉ាក់សាំងរបស់ខ្លួនមកកម្ពុជា ផងដែរ។ ចំពោះមតិដែលថាហេតុអ្វីបានជា សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទទួលវ៉ាក់សាំងចិន និងជប៉ុនដោយផ្ទាល់ តែត្រឹមតែបញ្ជូនឯកឧត្តម ម៉ម ប៊ុនហេង ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ឲ្យទៅទទួលវ៉ាក់សាំងរបស់អាមេរិកជំនួសវិញ។ ទាក់ទងទៅនឹងការមិនផ្តល់កិត្តិយស ឬតម្លៃទៅលើទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងពិធីទទួលយកវ៉ាក់សាំងនេះ ពោលគឺមិនមានវត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី របស់កម្ពុជានោះឡើយ ដោយមតិប្រជាជនបានចោទថា នេះដោយសារតែកម្ពុជា និងអាមេរិកមិនមានទំនាក់ទំនងល្អនឹងគ្នាឬយ៉ាងណា? ខ្ញុំយល់ឃើញថា វាមានមូលហេតុពីរគឺ៖ ទីមួយ ទាក់ទងទៅនឹងឋានៈ ដែលខាងអាមេរិកបានបញ្ជូន គឺត្រឹមតែអនុប្រធានបេសកកម្មជំនួសមុខឲ្យឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ឲ្យមកធ្វើពីធីទទួលយកវ៉ាក់សាំងអាមេរិកនេះ កាលពីព្រឹកទី ៣០ ខែកក្កដា កន្លងមកនេះ ខុសពីចិន និងជប៉ុនដែលមានមុខឯកអគ្គរដ្ឋទូតរបស់ខ្លួនផ្ទាល់ ដែលជាតំណាងរបស់ប្រទេស ខុសពីឋានៈមន្ត្រីដែលអាមេរិកបានបញ្ជូនមក។ ចំណែកឯកតាទីពីរ គឺទាក់ទងទៅនឹងពិធីការរបស់ភាគីកម្ពុជា ដែលខាងចិន និងជប៉ុន គឺមានភាពច្បាស់លាស់ស្របតាមបទដ្ឋានគតិយុត្តិ និងពិធីការ ពោលគឺមានការកំណត់ថ្ងៃ និងពេលវេលាច្បាស់លាស់ ព្រមទាំងមានការជូនដំណឹងមកក្រសួងការបរទេសកម្ពុជា និងការស្នើសុំផ្ទាល់ពីសំណាក់ភាគីចិន និងជប៉ុន ស្នើសុំឲ្យមានវត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលជាអធិបតីក្នុងពិធីទទួលយកវ៉ាក់សាំងនេះ។ ងាកមកអាមេរិកវិញ ពោលគឺមិនមានការជូនដំណឹងរបស់វ៉ាក់សាំងអាមេរិក មកកាន់ក្រសួងការបរទេសកម្ពុជាទេ ដូចនេះក្រសួងការបរទេសមិនអាចបញ្ចូនសំណើវត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី បាននោះទេ ដោយស្ថានទូតអាមេរិកបានត្រឹមបញ្ជូនឯកសារ និងព័ត៌មានទៅកាន់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។ ជាទូទៅ នៅក្នុងបែបបទពិធីការ ក្នុងការទទួលជួប ឬសំណេះសំណាលរវាងភ្ញៀវអន្តរជាតិ ឬពិធីអន្តរជាតិផ្សេងៗ រាល់ទូតបរទេសនៅកម្ពុជាត្រូវតែបញ្ជូនព័ត៌មាន និងឯកសារពាក់ព័ន្ធមកខាងក្រសួងការបរទេស ដើម្បីឲ្យក្រសួងធ្វើការពិនិត្យ និងចាត់ចែងបន្តទៅក្រសួងពាក់ព័ន្ធដទៃទៀត ក្នុងនោះក៏មានលេខាធិការដ្ឋានពិធីការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ ដែលនេះធ្វើឲ្យប៉ះពាល់ដល់កាលវិភាគ និងកិច្ចការដទៃទៀតរបស់ថ្នាក់ដឹកនាំកម្ពុជាទាក់ទិននឹងកិច្ចការបរទេស។ បើទោះជា មតិមួយចំនួនថាកម្ពុជាមិនប្រកាន់ភ្ជាប់នូវនយោបាយ Smart Diplomacy នោះទេ ដែលកម្ពុជាជាប្រទេសតូច ហើយអាមេរិកជាមហាអំណាច ក៏ប៉ុន្តែពួកគេមិនបានគិតថានៅក្នុងសហគមន៍អន្តរជាតិ គ្រប់ប្រទេសទាំងអស់សុទ្ធសឹងតែស្មើភាពគ្នា និងមានសំលេងមួយក្នុងអង្គសន្និសីទអង្គការសហប្រជាជាតិ ដែលប្រទេសនីមួយៗ ត្រូវគោរពនូវអធិបតេយ្យភាព និងច្បាប់ទំលាប់ ឬពិធីការរបស់ប្រទេសមួយដទៃទៀត ដោយមិនសំអាងលើអំណាចសេដ្ឋកិច្ច យោធា ឬទំហំទឹកដីនេះឡើយ។
ព្រឹត្តិការណ៍សំខាន់មួយទៀត ដែលយើងអាចសង្កេត និងវិភាគទៅលើទំនាក់ទំនងកម្ពុជា-អាមេរិក គឺការធ្វើទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នាពេលកន្លងមក របស់លោកស្រី Wendy Sherman បានទទួលជួបពិភាក្សាការងារជាមួយនឹង សម្តេចតេជោនាយករដ្ឋមន្ត្រី គឺស្ថិតនៅក្នុងសំលៀកបំពាក់សាមញ្ញ ខុសពីការទទួលជួបជាមួយនឹងនាយករដ្ឋមន្រ្តីថៃ លោក ប្រ៉ាយុទ្ធ ចាន់អូចា ដែលលោកស្រីបានបន្ថែមជាមួយនឹងអាវធំមួយទៀតនៅក្នុងជំនួបនោះ។ នេះអាចសបង្ហាញថា អាមេរិក ហាក់ដូចជាមិនអើពើនឹងពិធីការ និងតម្លៃរបស់កម្ពុជា ក្នុងក្រសែភ្នែករបស់ខ្លួន ដែលការអញ្ជើញរបស់លោកស្រីក៏បានដាក់នូវគំនាបបន្ថែមទៀតមកកម្ពុជា ទាក់ទងទៅនឹងបំណុលកម្ពុជាជំពាក់អាមេរិក នៅសម័យ លន់ នល់ និងការអនុញ្ញាតឲ្យក្រុមការងារអាមេរិកចូលធ្វើការទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹកកម្ពុជា ដើម្បីជាអំណះអំណាងថា កម្ពុជាមិនមានវត្តមានយោធាចិនលើទឹកដីខ្លួននោះទេ។ បើទោះជាដូចនេះក្តី សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នៅតែប្រកាន់ភ្ជាប់នូវគោលការណ៍មិត្តភាពល្អ ស្មើរភាព និងមិនប្រកាន់ឡើយ ហើយកម្ពុជាក៏បានផលិតជាបទចំរៀងសារទរដល់ការមកដល់នៃវ៉ាក់សាំងអាមេរិក ដើម្បីអរគុណអាមេរិក ផងដែរ។
វាគ្មិន៖ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត វិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ