សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន?
ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖
ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម
ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក វិនិយោគិនក្រៅប្រទេសជាមួយនឹងផលិតករក្នុងស្រុក
ទីបី គឺជាតួនាទីក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដូចជា ការដើរតួនាទីសម្របសម្រួលរវាងក្រសួងស្ថាប័នដទៃទៀតរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់នីតិវិធីរដ្ឋបាលនានាពាក់ព័ន្ធនឹងដំណើរការអនុម័តការស្នើសុំវិនិយោគ និង
ទីបួន គឺតួនាទីផ្ដល់យន្តការថែទាំវិនិយោគិនដែលមានស្រាប់ ដែលគេហៅថា Aftercare និង Advocacy ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះ និងព្យាយាមសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងផ្សេងៗ។
បើយើងមើលទៅក្នុងតំបន់អាស៊ាន ភ្នាក់ងារជំរុញវិនិយោគនេះ គឺដើរតួនាទីជាស្ថាប័នសម្របសម្រួលចម្បងតែម្ដងក្នុងកិច្ចការងារអភិវឌ្ឍការវិនិយោគ និងការវិនិយោគដែលអាចបង្កើតការងារ ហើយជាទូទៅស្ថាប័នទាំងពីរគឺមាននាយករដ្ឋមន្រ្តីជាប្រធាន។
សំណួរទី២៖ តើការសិក្សាប្រៀបធៀបនេះ បានផ្ដោតលើចំណុចសំខាន់អ្វីខ្លះនៅក្នុងវិស័យវិនិយោគក្នុងតំបន់អាស៊ាន?
ខ្ញុំបានផ្ដោតសំខាន់ទៅលើការសិក្សាប្រៀបធៀបអំពីក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌច្បាប់វិនិយោគ របស់ភ្នាក់ងារជំរុញវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះខ្ញុំបានបញ្ជាក់ថាប្រទេសអាស៊ាននីមួយៗ ដូចជា ព្រុយណេ កម្ពុជា វៀតណាម និងថៃ តើគេមានស្ថាប័នជំរុញវិនិយោគយ៉ាងម៉េចខ្លះ? ហើយតួនាទីរបស់ស្ថាប័នជំរុញវិនិយោគទាំងអស់នោះ តើមានលក្ខណៈស្រដៀងនឹងកម្ពុជាបែបណាដែរ? ក៏ដូចជាសិក្សាអំពីក្របខ័ណ្ឌលើកទឹកចិត្តរវាងស្ថាប័នវិនិយោគទាំងអស់នោះ និងដូចជាពិនិត្យមើលលើឧត្តម្មានុវត្តន៍ ដែលស្ថាប័នជំរុញវិនិយោគទាំងអស់បានដាក់ចេញជាវិធានការគោលនយោបាយល្អៗ ដែលអាចស្រោចស្រង់ និងសង្គ្រោះធុរៈកិច្ច ក៏ដូចជាវិនិយោគពីការប៉ះទង្គិចទៅនឹងវិបត្តិកូវីដ-១៩។
សំណួរទី៣៖ តើលក្ខខណ្ឌលើកទឹកចិត្តលើការវិនិយោគរបស់ប្រទេសជិតខាងយើង មានលក្ខណៈពិសេសយ៉ាងដូចមេ្តចខ្លះ? ហើយថាតើក្នុងចំណោមចំណុចពិសេសទាំងនោះអាចឲ្យកម្ពុជាយកគំរូបានក្នុងកម្រិតណាដែរ?
ពាក់ព័ន្ធជាមួយនឹងរបបលើកទឹកចិត្តវិនិយោគនៅក្នុងច្បាប់ស្ដីពីការវិនិយោគរបស់ប្រទេសនីមួយៗ គឺយើងអាចរំលេចឃើញជាលក្ខណៈប្រៀបធៀបថា តើវិនិយោគិនចូលចិត្តទៅបណ្ដាក់ទុននៅប្រទេសទាំងអស់នោះផ្អែកលើកត្តាអ្វីខ្លះ? អាចថាជាកត្តាក្របខ័ណ្ឌលើកទឹកចិត្ត ក្របខ័ណ្ឌគតិយុត្តិ រឺក៏ច្បាប់ដែលអនុគ្រោះសម្រាប់អ្នកវិនិយោគ ពីព្រោះការលើកទឹកចិត្តទាំងនេះអាចជួយសម្រួលច្រើនសម្រាប់វិនិយោគិន រួមទាំងការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ និងការការពារថែទាំវិនិយោគជាដើម។ បើយើងនិយាយអំពីការលើកទឹកចិត្តផ្នែកពន្ធ គឺការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណេញ ការមិនយកអាករផ្សេងៗលើតម្លៃបន្ថែម ការមិនយកពន្ធគយលើការនាំចូលសម្ភារៈដែលជាធាតុចូលផលិតកម្ម និងសម្ភារៈសាងសង់ជាដើមដែលអាចបម្រើដល់ការអនុវត្តគម្រោងវិនិយោគទាំងអស់នោះ។
សំណួរទី៤៖ បើយោងទៅតាមសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Conference on Trade and Development -UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០/២០២១។ ប្រសិនបើការធ្លាក់ចុះនេះនៅតែបន្តក្នុងរយៈពេលយូរ តើវាអាចនឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកទៅលើវិស័យវិនិយោគផ្ទាល់ពីបរទេស?
យើងមិនអាចប្រកែកបានទេថា ការធ្លាក់ចុះនៃនិន្នាការវិនិយោគសកលនេះ គឺបណ្ដាលមកពីវិបត្តិកូវីដ-១៩ ហើយការរីករាលដាលនៃជំងឺកូវីដនេះទៀតសោត មិនថាសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍន៍នោះទេគឺប៉ះពាល់ដូចគ្នា ហើយក៏មិនត្រឹមតែប៉ះពាល់រំហូរវិនិយោគផ្ទាល់ពីរបរទេសប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចផ្សេងៗទៀតដែរ ដូចជារំហូរទេសចរណ៍ធ្លាក់ចុះ ការរឹតត្បិតជើងហោះហើរ បង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ បង្អាក់សមត្ថភាពផលិត ធ្វើឲ្យរំហូរពាណិជ្ជកម្មធ្លាក់ចុះ និងកាត់បន្ថយការងារជាដើម។ ហើយសម្រាប់ប្រទេសដែលពឹងផ្អែកលើការវិនិយោគផ្ទាល់ពីបរទេស គឺកាន់តែរងផលប៉ះពាល់ខ្លាំងពីព្រោះថាការរីករាលដាលនៃជំងឺកូវីដនេះ គឺធ្វើឲ្យប្រទេសនីមួយៗដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរតាមជើងហោះហើរទាំងអស់ ព្រមទាំងវិធានការសុខាភិបាលដ៏តឹងរឹង នេះគឺមានន័យថារាល់ការធ្វើដំណើរមកដល់របស់វិនិយោគិន គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃ ដូចជនបរទេសដទៃទៀតដែរ ដែលប្រការនេះធ្វើឲ្យការវិនិយោគក្នុងបរិបទកូវីដនេះគឺមានភាពលំបាក។ ដូច្នេះគេអាចបញ្ជាក់បានថាវិបត្តិកូវីដ-១៩ នេះបានក្លាយជាវិញ្ញាសាដ៏លំបាកមួយដែលវាស់ស្ទង់ពីសមត្ថភាព និងសមត្ថកិច្ចរបស់ភ្នាក់ងារជំរុញវិនិយោគទាំងអស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនក្នុងដំណាក់កាលនៃជំងឺរាតត្បាតនេះ។ តែទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថា ភាពរហ័សរហួន និងសមត្ថភាពនៃការដាក់ចេញនូវយន្តការនិងគោលនយោបាយស្រោចស្រង់ធុរៈកិច្ចសង្គ្រោះវិនិយោគនេះ គឺមានលក្ខណៈមិនស្មើគ្នា។ វាផ្អែកទៅលើសមត្ថភាពក្នុងការសម្របទៅនឹងបរិបទឌីជីថល និងផ្អែកលើសមត្ថភាពខាងធនធានរបស់ស្ថាប័នវិនិយោគនីមួយៗ។ គេក៏សង្កេតឃើញដែរថា ការឆ្លើយតបផ្នែកគោលនយោបាយគឺមានសភាពចម្រុះ និងខុសផ្លែកពីទៅទៀតសម្រាប់ប្រទេសនីមួយៗ ដែលរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍បានគិតគូរផ្តល់កញ្ចប់ជួយសង្គ្រោះជាច្រើន ព្រមទាំងដាក់ចេញនូវកម្មវិធីគាំទ្រផ្សេងៗដើម្បីស្វះស្វែងការពារសហគមន៍ធុរៈកិច្ច និងការពារវិស័យឯកជនពីការប៉ះទង្គិចទៅនឹងវិបត្តិកូវីដ-១៩ ដែលកម្មវិធីថវិកាគាំទ្រទាំងនេះមានជាអាទិ៍ ដូចជាគោលនយោបាយវិថារកម្ម (Stimulus Measure) ការបន្ធូរបន្ថយពន្ធ រឺក៏ការលើកលែងពន្ធសម្រាប់វិស័យណាដែលប៉ះទង្គិចខ្លាំង ហើយក៏មានដូចជាវិធានការសង្គ្រោះវិនិយោគ ការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមជាដើម។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ភ្នាក់ងារជំរុញវិនិយោគទាំងអស់គឺ គេចាប់ផ្ដើមពង្រីកវត្តមានរបស់ខ្លួនតាមថ្នាលឌីជីថលផងដែរ ដែលការពង្រីកខ្លួនតាមថ្នាល់ឌីជីថលទាំងអស់នេះ យើងឃើញឡើងតាមរយៈសកម្មភាព ដូចជាផ្តល់ព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងគោលនយោបាយវិនិយោគប្រព័ន្ធអនឡាញជូនទៅវិនិយោគិន ព្រមទាំងបង្កើតយន្តការអនុម័តគម្រោងស្នើសុំវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលគេហៅថា Single Portal។
សំណួរទី៥៖ កម្ពុជាកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា។ តើវឌ្ឍនភាពនៃសេចក្ដីព្រាងច្បាប់ថ្មីនេះបានឈានដល់កម្រិតណាហើយមកទល់នឹងពេលនេះ? តើយើងអាចរំពឹងអ្វីខ្លះពីច្បាប់វិនិយោគថ្មីនេះទៅលើការវិវត្តន៍ និងការប្រែក្លាយបរិយាកាសនៃការវិនិយោគនៅកម្ពុជា?
ដោយសារសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនេះទើបតែបានដាក់ប្រជុំឆ្លងគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចកាលពីប៉ុន្មានសប្ដាហ៍មុន ដូច្នេះគេត្រូវរង់ចាំការអនុម័តពីសភាទាំងពីរបន្តទៀត គឺរដ្ឋសភា និងព្រឹទ្ធសភានេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ហើយសេចក្ដីព្រាងច្បាប់ថ្មីនេះក៏គេរំពឹងទុកថានឹងចេញក្នុងពេលឆាប់ៗខាងមុខផងដែរ។ សេចក្ដីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនេះក៏ត្រូវបានគេរំពឹងទុកមុនដែរថានឹងប្រែក្លាយបរិយាកាសវិនិយោគកម្ពុជាឲ្យកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែងកាន់តែខ្ពស់ឡើង ពោលគឺជាងខ្ពស់ជាងច្បាប់ចាស់ឆ្នាំ១៩៩៤ និងច្បាប់ស្ដីពីវិសោធនកម្មការវិនិយោគឆ្នាំ២០០៣ ព្រោះថាច្បាប់ថ្មីនេះត្រូវបានរៀបចំតាក់តែងឡើងដោយឈរលើមូលដ្ឋានវិភាគជាក់ស្ដែង មានន័យថាឈរលើស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងស្ថានភាពរបស់មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
សំណួរទី៦៖ បើតាមទស្សនៈរបស់លោកផ្ទាល់ តើច្បាប់វិនិយោគថ្មីនេះអាចនឹងមានការលើកទឹកចិត្តអ្វីខ្លះដល់វិនិយោគិនដែលកំពុងតែមានការវិនិយោគនៅកម្ពុជាស្រាប់ និងវិនិយោគិនថ្មីដែលចាប់អារម្មណ៍មកដាក់ការវិនិយោគនៅកម្ពុជានាពេលអនាគត?ហើយថាតើវាអាចនឹងមានឧបសគ្គអ្វីដែរឬទេ ប្រសិនបើច្បាប់ថ្មីស្ដីពីការវិនិយោគនេះ ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងអំឡុងពេលនៃការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩នេះ?
ដោយសារតែសេចក្ដីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនេះកំពុងស្ថិតក្រោមការអនុម័តពីអង្គនីតិប្បញ្ញត្តិ ពោលគឺពុំទាន់ដាក់ប្រកាសឲ្យប្រើជាផ្លូវការនៅឡើយទេ ដូច្នេះក៏ពុំទាន់មានឯកសារពីព្រោះណាមួយបញ្ជាក់ច្បាស់ឡើយទេថាសេចក្ដីព្រាងច្បាប់មាន ការផ្តល់ក្របខ័ណ្ឌលើកទឹកចិត្តដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យ៉ាងដូចម្ដេចខ្លះដែរ។ ប៉ុន្តែគេអាចដឹងបានថាសេចក្តីព្រាងច្បាប់ថ្មីនេះនឹងផ្តល់របបលើកទឹកចិត្តផ្នែកពន្ធ និងការលើកទឹកចិត្តមិនមែនពន្ធកាន់តែប្រសើរជាងច្បាប់ចាស់ ជាពិសេសការលើកលែងពន្ធលើប្រាក់ចំណេញ ការលើកលែងពន្ធគយលើសម្ភារសាងសង់ បរិក្ខារផលិតកម្ម ឬក៏ធាតុចូលផលិតកម្មនានា ដែលបម្រើដល់ការអនុវត្តគម្រោងវិនិយោគទាំងអស់នោះ បូករួមទាំងការលើកទឹកចិត្តមិនមែនពន្ធផងដែរ ដូចជាការការពារនិងការធានាដល់ការវិនិយោគ ការផ្តល់សេវាថែទាំវិនិយោគដែលមានស្រាប់ ការផ្តល់កិច្ចសន្យាវិនិយោគតាមរយៈយន្តការច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។
ពាក់ព័ន្ធជាមួយឧបសគ្គ ខ្ញុំគិតថាដូចជាមិនមានទេ បើទោះបីការគ្រោងនឹងប្រកាសឲ្យប្រើច្បាប់ថ្មីនេះស្របពេលពេលនឹងការញ៉ាំញ៉ីពីវិបត្តិកូវីដ-១៩ ក៏ដោយ។ ច្បាប់នេះនឹងដើរតួនាទីកាន់តែសំខាន់ដែលអាចបង្កើតក្របខ័ណ្ឌ ដោយបើកចំហមួយកម្រិតទៀតដល់វិនិយោគិនសក្ដានុពល ជាពិសេសគឺគេគិតគូរអំពីការលើកទឹកចិត្តលើវិស័យអាទិភាពថ្មីៗដូចជាវិស័យ វិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) នវានុវត្តន៍ លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ការបណ្ដុះបណ្ដាលជំនាញ និងការបង្កើតការងារក្នុងវិស័យកសិឧស្សាហកម្ម ព្រមទាំងឧស្សាហកម្មនានាដែលប្រើប្រាស់បច្ចេកវិទ្យា និងឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់រួមចំណែកនៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល។
សំណួរទី៧៖ តើច្បាប់វិនិយោគថ្មីដែលគ្រោងនឹងដាក់ប្រកាសឱ្យប្រើនាពេលខាងមុខនេះ អាចនឹងចូលរួមក៏ដូចជាពន្លឿននូវកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងតែធ្វើឡើងជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មដូចជា សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀតយ៉ាងដូចម្ដេចខ្លះដែរ?
ខ្ញុំគិតថា ច្បាប់វិនិយោគថ្មីដែលគ្រោងនឹងប្រកាសឲ្យប្រើនាពេលខាងមុខនេះ ក៏នឹងអាចចូលរួមពន្លឿនបានមួយផ្នែកខ្លះដែរ ចំពោះកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ព្រោះគេឃើញថា នេះជាយុទ្ធសាស្ត្រព្រមគ្នាសម្រាប់កម្ពុជាយើងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចផង ធ្វើពិពិធកម្មទីផ្សារនាំចេញផង និងជំរុញការងារការទូតសេដ្ឋកិច្ច ហើយសំខាន់នោះគឺការធ្វើសមារណកម្មឧស្សាហកម្មកម្ពុជាទៅនឹងបណ្ដាញផលិតកម្មក្នុងតំបន់ និងសកល ជាពិសេសគឺការទាក់ទាញវិនិយោគដែលជាប្រភេទឧស្សាហកម្មគាំទ្រ ដូចជា (១) ឧស្សាហកម្មអនុគមន៍ (Forward Linkages) ពីព្រោះឧស្សាហកម្មទាំងអស់នេះគឺមានចរិតជាឧស្សាហកម្មដែលបម្រើឲ្យខ្សែចង្វាក់តម្លៃក្នុងតំបន់ ហើយអាចតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកលថែមទៀត ក៏រួមទាំង (២) ឧស្សាហកម្មប្រតិគមន៍ (Backward Linkages) ដែលជាឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់វត្ថុធាតុដើមទៅនឹងឧស្សាហកម្មដែលបម្រើឲ្យការនាំចេញ។ ដូច្នេះរដ្ឋាភិបាលគួរតែពន្លឿនកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ ឲ្យបានឆាប់ផងដែរ ដើម្បីយើងអាចចាប់យកឱកាស និងទិសដៅយុទ្ធសាស្ត្រទាំងអស់បានព្រមគ្នា។
វាគ្មិន៖ លោក សំអាត ច័ន្ទសុមានិត ប្រធានមជ្ឈមណ្ឌលវោហារ
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ