Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

កិច្ចសន្ទនាចតុភាគី (The QUAD) នេះ គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលមានប្រទេសចំនួន 0៤ ជាសមាជិក ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ The QUAD ១.០ និង The QUAD ២.០ នេះ គោលបំណងរបស់គាត់គឺមានភាពស្រដៀងគ្នាច្រើន តែខុសត្រង់ថា The QUAD ២.០  គឺផ្តោតសំខាន់ចម្បងទៅលើថា តើប្រទេសទាំង ០៤ នេះ ត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានលើកឡើងថា The QUAD Vaccine Partnership គឺមានមហិច្ឆតាក្នុងផលិត ចែកចាយ និងបរិច្ចាក វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស ទៅដល់បណ្តាលប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក រួមទាំងកម្ពុជាផងដែរ។ លោកក៏បានធ្វើការគូសបញ្ជាក់អំពីវិស័យមិនមែនសន្តិសុខ ០៤ ដែលជាបញ្ហាប្រឈមថ្មីរវាងការប្រកួតប្រជែងរវាងមហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិក រួមមានវិស័យបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ បម្រែបម្រួលអាកាសធាតុ និង ខ្សែសង្វាក់ផ្គត់ផ្គង់សាកល (Global Supply Chain)។

សំនួរទី១៖ តើអ្វីទៅជាកិច្ចសន្ទនាសន្តិសុខចតុភាគី? ហើយតើកិច្ចសន្ទនាសន្តិសុខចតុភាគី១.០ និងកិច្ចសន្ទនាសន្តិសុខចតុភាគី២.០ មានគោលបំណងខុសគ្នាយ៉ាងដូចម្តេចខ្លះដែរ?

កិច្ចសន្ទនាចតុភាគី (The QUAD) នេះ គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដែលមានប្រទេសចំនួន 0៤ ជាសមាជិក ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ ប្រទេសទាំង ០៤ នេះ មាននូវលក្ខណៈសម្បត្តិប្រហែលគ្នាមួយចំនួន ដែលជាហេតុផលរុញច្រានឲ្យពួកគាត់បង្កើតជាកិច្ចសន្ទនាសន្តិសុខចតុភាគីនេះ៖ (១) ប្រទេសទាំង ០៤ នេះគឺសុទ្ធសឹងតែជាប្រទេសមហាអំណាចប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដូចគ្នា (២) ប្រទេសទាំង ០៤ នេះ គឺសុទ្ធសឹងតែជាប្រទេសដែលមាននូវទំនាក់ទំនងស៊ីជម្រៅផ្នែកសេដ្ឋកិច្ចជាមួយនឹងសធារណរដ្ឋប្រជាមាណិតចិនដូចគ្នា (៣) ប្រទេសទាំង ០៤ នេះ គឺគាត់មាននូវក្តីបារម្មណ៍ទៅនឹងការរីកលូតលាស់នូវឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី ក៏ដូចជាជុំវិញពិភពលោក ហើយ (៤) ប្រទេសទាំង ០៤ នេះ សុទ្ធសឹងតែជាប្រទេសដែលមាននូវជម្លោះជាមួយនឹងចិនដូចគ្នា ដែលជម្លោះនោះអាចរាប់បានថាជាជម្លោះពាណិជ្ជកម្ម ជម្លោះនយោបាយ ឬក៏ជម្លោះដែនដី។

ប្រសិនបើយើងមើលទៅលើគោលបំណងរ​បស់ The QUAD នេះឯង គឺមាននូវគោលបំណងធំៗមួយចំនួនដូចជា៖ (១) The QUAD នេះបានដាក់ចេញនូវគោលការណ៍ក្នុងការរក្សាឲ្យបាននូវសន្តិសុខលំហសមុទ្រ រក្សាឲ្យបាននូវសេរីភាពនាវាចរណ៍និងលំហអាកាស ក៏ដូចជាធ្វើយ៉ាងណាដើម្បីពង្រឹងខ្លួនរៀបចំគោលនយោបាយរួមគ្នាមួយ ឆ្លើយតបទៅនឹងការរីកលូតលាស់នៃឥទ្ធិពលរបស់ចិន ជាពិសេសនៅក្នុងវិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដទៃទៀត ដែលសុទ្ធតែជាបញ្ហាប្រឈមរបស់គាត់ទាំង ០៤ នេះឯង។ សូមបញ្ជាក់បន្តិចថា សព្វថ្ងៃនេះ The QUAD មិនមែនជាសម្ព័ន្ធមិត្តយោធានោះទេ ប៉ុន្តែចំពោះអនាគតគឺយើងមិនដឹងទេថា តើគាត់នឹងអាចក្លាយទៅជាសម្ព័ន្ធមិត្តយោធាដែរឬទេ?

ដើម្បីស្វែងយល់ពីភាពខុសគ្នារវាង The QUAD ១.០ និង The QUAD ២.០ នេះ យើងត្រូវមើលលើប្រវត្តិដើមរបស់ The QUAD ជាមុនសិន។ The QUAD នេះគឺកើតឡើងនៅក្នុងឆ្នាំ២០០៤ និង២០០៥ នៅពេលដែលមានឧប្បត្តិហេតុគ្រោះថ្នាក់ធម្មជាតិនៅក្នុងមហាសមុទ្រឥណ្ឌា ដែលវាបណ្តាលឲ្យប្រទេសទាំង ០៤ នេះ ចូលរួមបង្កើតនូវការដោះស្រាយបញ្ហារួមមួយជួយឲ្យប្រទេសដែលប៉ះពាល់ទៅនឹងគ្រោះទឹកជំនន់សូណាម៉ិ (Tsunami) នោះ បានរួចផុតពីគ្រោះនោះផងដែរ។ ​បន្ទាប់ពីមាននូវព្រឹត្តិការណ៍សូណាម៉ិឆ្នាំ២០០៤ និង២០០៥ មក នាយករដ្ឋមន្រ្តីរបស់ជប៉ុនគឺ លោក Shinzo Abe ក្នុងឆ្នាំ២០០៧ គាត់បានជំរុញឲ្យមាននូវការរឹតចំនងមិត្តភាពរវាងប្រទេសទាំង ០៤ នេះ ហើយការដែលរុញច្រានពីលោក ស៊ីនហ៊្សូ អាបេ នេះឯង គឺវាបណ្តាលឲ្យមាននូវការគាំទ្រពីមជ្ឈដ្ឋានប្រទេស ០៣ដទៃទៀតគឺ ប្រទេសឥណ្ឌា អូស្រ្តាលី និងសហរដ្ឋអាមេរិក ប៉ុន្តែរហូតដល់ចុងឆ្នាំ២០០៧ យើងមើលឃើញថា The QUAD ១.០ នេះគឺ ចាប់ផ្តើមទទួលរងនូវសម្ពាធពីខាងក្នុង និងខាងក្រៅ ដែលវាបណ្តាលឲ្យចុងក្រោយទៅ The QUAD ១.០ នេះបាត់វត្តមានលើឆាកអន្តរជាតិ ដែលហេតុផលទាំងនោះគឺ (១) ចាប់ផ្តើមពីពេលដែលលោក Shinzo Abe ចុះចេញពីតំណែងនៅក្នុងខែកញ្ញា ឆ្នាំ២០០៧ (២) ដោយសារបាតុកម្មប្រឆាំងទៅនឹងការធ្វើសមយុទ្ធជើងទឹករបស់ឥណ្ឌា (៣) នៅឆ្នាំ២០០៨ គឺជាការដកខ្លួនចេញរបស់ប្រទេសអូស្រ្តាលីចេញពី The QUAD នេះ ដោយហេតុថា អូស្រ្តាលីមានភាពមិនទុកចិត្តទៅលើជំហមិនច្បាស់លាស់របស់ជប៉ុន និងឥណ្ឌា​ នៅក្នុងការប្តេជ្ញាចិត្តជ្រោមជ្រែងនូវសម្ព័ន្ធភាពយុទ្ធសាស្ត្រ The QUAD នេះ។ មកដល់ឆ្នាំ២០០៨ The QUAD ត្រូវបានបាត់វត្តមានទៅហើយ។ រហូតមកដល់ត្រឹមឆ្នាំ២០១៧ ទើបមានការរីកលូតលាស់ជាថ្មីម្តងទៀតនូវ The QUAD នេះ ដែលគេហៅថាជា The QUAD ២.០។ The QUAD ២.០ នេះគឺ កើតឡើងពីការជំរុញរបស់លោក Shinzo Abe ដដែល បន្ទាប់ពីគាត់បានជាប់ឆ្នោតនៅឆ្នាំ២០១៧។ ចំពោះ The QUAD ២.០ នេះគឺ ដើមកំណើតចេញពីការប្រជុំក្រៅផ្លូវការមួយនៅប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៧។ បន្ទាប់មកទៀតនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ កិច្ចប្រជុំ The QUAD នេះបានកែប្រែខ្លួនចេញពីកិច្ចប្រជុំក្រៅផ្លូវការ ទៅជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រហូតមកដល់ក្នុងខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីមានការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden របស់សហរដ្ឋអាមេរិក The QUAD បានកែប្រែខ្លួនមួយដំណាក់កាលទៀតទៅជា កិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេសទាំង ០៤ តែម្តង។ ប៉ុន្តែបញ្ហាចម្បងដែលរុញច្រានឲ្យប្រទេសទាំង ០៤ នេះ បង្កើតនូវ The QUAD ២.០  គឺជាការរីកលូតលាស់នៃវត្តមានរបស់ចិននៅលើឆាកអន្តរជាតិ ដែលប្រទេសទាំងអស់នោះបានបង្ហាញពីក្តីបារម្មណ៍ចំពោះវត្តមានរបស់ចិននេះ ក៏ដូចជាពាក់ព័ន្ធទៅនឹងឥទ្ធិពលដែលចិនមានទៅលើប្រទេសក្នុងតំបន់អាស៊ី ផងដែរ។ ប្រសិនបើយើងប្រៀបធៀបរវាងប្រទេស The QUAD ១.០ និង The QUAD ២.០ នេះ គោលបំណងរបស់គាត់គឺមានភាពស្រដៀងគ្នាច្រើន តែខុសត្រង់ថា The QUAD ២.០  គឺផ្តោតសំខាន់ចម្បងទៅលើថា តើប្រទេសទាំង ០៤ នេះ ត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិន។

សំនួរទី២៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅសហរដ្ឋអាមេរិក អូស្រ្តាលី ជប៉ុន និងឥណ្ឌា បានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនាសន្តិសុខចតុភាគី តាមរយៈប្រព័ន្ធ​វីដេអូ។ តើកិច្ចប្រជុំនេះ បានសម្រេចឯកភាព ឬអនុម័តនូវគោលនយោបាយលេចធ្លោអ្វីខ្លះដែរ?

កិច្ចប្រជុំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ គឺជាកិច្ចប្រជុំកំពូលដំបូងបង្អស់របស់កិច្ចសន្ទនាសន្តិសុខចតុភាគី ឬក៏ The QUAD នេះ។ កិច្ចប្រជុំនេះ បានដាក់ចេញនូវគោលដៅធំៗចំនួន ០៤ គឺ៖

ទី១ សំដៅទៅលើភាពជាដៃគូវ៉ាក់សាំងនៃកិច្ចសន្ទនាសន្តិសុខចតុភាគី ឬ The QUAD Vaccine Partnership។ The QUAD Vaccine Partnership នេះគឺមានមហិច្ឆតាក្នុងផលិត ចែកចាយ និងបរិច្ចាក វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូស ទៅដល់បណ្តាលប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក រួមទាំងកម្ពុជាផងដែរ។ ចំពោះគម្រោងដ៏ធំមួយនេះ ប្រទេសទាំង ០៤ រួមមាន សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា គឺបានបែងចែកនូវទំនួលខុសត្រូវរបស់ខ្លួនផ្សេងៗគ្នា ដោយ៖ ទី១ ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានទំនួលខុសត្រូវក្នុងការផលិតវ៉ាក់សាំងទាំងអស់ក្នុងគម្រោងនេះ ទី២សហរដ្ឋអាមេរិក និង ជប៉ុន បានដើរតួនាទីជាអ្នកផ្តល់នូវហិរញ្ញប្បទានទៅដល់រដ្ឋាភិបាលឥណ្ឌា ក៏ដូចជាក្រុមហ៊ុនផលិតឱសថឥណ្ឌាឈ្មោះថា Biological E ដើម្បីឲ្យក្រុមរបស់ពួកគាត់មានសមត្ថភាពក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួន ជាពិសេសគឺសង្វាក់ផលិតកម្មវ៉ាក់សាំងនេះតែម្តង ចំនែកឯប្រទេសអូស្រ្តាលីវិញ គឺគាត់ចូលនូវហិរញ្ញប្បទានចំនួន ៧៧លានដុល្លារ នៅក្នុងគម្រោង Vaccine Partnership នេះដែរ ប៉ុន្តែអូស្រ្តាលីក៏នឹងដើរតួនាទីជាអ្នកដឹកជញ្ជូនវ៉ាក់សាំង ចេញពីប្រទេសឥណ្ឌាយកទៅចែកចាយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលតែម្តង។ គម្រោង Vaccine Partnership គឺជាគម្រោងមួយដែលមានមហិច្ឆតាធំ ព្រោះថាវាមានគោលបំណងនៅក្នុងការផលិត និងចែកចាយវ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់ ១ពាន់លានដូស ឲ្យបាននៅចុងឆ្នាំ២០២២។

ទី២ គឺការបង្កើតឡើងរបស់ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ The QUAD ឬក៏ The Vaccine Expert Groups ដើម្បីជំរុញឲ្យបាននូវការសម្រេចគោលដៅគម្រោងវ៉ាក់សាំង ដូចដែលបានលើកឡើងខាងលើ។

ទី៣ គឺការបង្កើតឡើងនូវក្រុមការងារអ្នកជំនាញពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។ ក្រុមការងារថ្មីនេះមានគោលបំណងធំៗចំនួន០៣គឺ៖ (១) ជំរុញឲ្យមាននូវការគោរពឲ្យបាននូវការកាត់បន្ថយសីតុណ្ហភាពរបស់ពិភពលោក ឲ្យនៅក្រោមកម្រឹត ២អង្សារ បើធៀបទៅនឹងដំណាក់កាល Pre-Industrial Period (២) ក្រុមការងារនឹងជំរុញឲ្យមាននូវកិច្ចសហប្រតិបត្តិការរវាងប្រទេស The QUAD ទាំង ០៤ ក្នុងការផលិត ចែកចាយ ក៏ដូចជាការធ្វើនវានុវត្តនូវ Green Technology ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសដទៃទៀត ជាពិសេសគឺប្រទេសចិន (៣) គឺពាក់ព័ន្ធជំរុញឲ្យមាននូវការពង្រឹងសមត្ថភាពរបស់បណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាភាពជាដៃគូ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាសម្របខ្លួនទៅនឹងការឡើងកំដៅរបស់ផែនដី ផងដែរ និងចុងក្រោយ (៤) គឺជាការបង្កើតឡើងនូវក្រុមការងារមួយទៀតសំដៅទៅលើបច្ចេកវិទ្យាទំនើបៗថ្មីៗ ដែលទើបបង្កើតឡើង។ គោលបំណងរបស់ក្រុមការងារនេះគឺ ដើម្បីអនុម័ត ក៏ដូចជាដាក់ចេញឲ្យបាននូវស្តង់ដារ ក៏ដូចជា Certification របស់ផលិតផលបច្ចេកវិទ្យាទាំងឡាយណា ដែលកើតនៅក្នុងតំបន់ប្រទេសរបស់ The QUAD នេះ។ យើងអាចប្រមើលឃើញថា ទៅថ្ងៃអនាគត ប្រសិនបើផលិតផលបច្ចេកវិទ្យាណាមួយដែលធ្វើខុសពីស្តង់ដារ ដែលបានដាក់ចេញដោយប្រទេស The QUAD នេះ អាចនឹងមិនមានលទ្ធភាពក្នុងការនាំចូលទៅក្នុងប្រទេសរបស់ The QUAD ឬក៏ប្រទេសដៃគូរបស់ The QUAD នោះទេ។ ក្រុមការងារបច្ចេកវិទ្យានេះ ក៏មានគោលបំណងធ្វើយ៉ាងណាជំរុញឲ្យមាននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ០៤ ទៅលើវិស័យបច្ចេកវិទ្យា ក៏ដូចជាធ្វើយ៉ាងណាជំរុញពង្រឹងនូវសមត្ថភាពពាក់ព័ន្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ធាតុផ្សំបច្ចេកវិទ្យា ដែលយើងហៅថា Technology Supply Chain ។

សំនួរទី៣៖ ពាក់ព័ន្ធនឹងនយោបាយការទូតថ្មីរបស់ QUAD គឺ «ភាពជាដៃគូវ៉ាក់សាំងនៃកិច្ចសន្ទនាសន្តិសុខ ចតុភាគី (QUAD Vaccine Partnership)»តើអ្វីទៅគឺជា Scenario នៅពីក្រោយភាពជាដៃគូនេះ? តើប្រទេសទាំង៤ របស់ QUAD បានសម្រេចនូវសមិទ្ធផលអ្វីខ្លះហើយគិតត្រឹមពេលនះ ដើម្បីបំពេញឲ្យបាននូវការសន្យារបស់ខ្លួន?

គម្រោង Vaccine Partnership នេះ គឺមាននូវមហិច្ឆតាធំខ្លាំង ព្រោះថាវាត្រូវការផលិតវ៉ាក់សាំង១ពាន់លានដូស ត្រឹមឆ្នាំ២០២២ គឺមានតែរយៈពេល ១.៥ ឆ្នាំប៉ុណ្ណោះ ដើម្បីសម្រេចឲ្យបាននូវគម្រោងនេះ។ បើយើងមើលទៅលើគោលបំណងរួមរបស់ Partnership នេះ អាចនិយាយបានថា គឺវាមាននូវគោលបំណង ០៣ធំៗ គឺ៖

ទី១ ប្រទេស The QUAD មានគោលបំណងធ្វើយ៉ាងណាដើម្បីជំរុញបញ្ចប់នូវវិបត្តិជំងឺកូវីដ-១៩ នៅលើសាកលលោក ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសគាត់ គ៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសបណ្តាដៃគូ ពាណិជ្ជកម្មរបស់គាត់ អាចងើបចេញពីវិបត្តិកូវីដ-១៩ ព្រោះថាប្រទេសទាំង ០៤ នេះ នឹងជួបនូវឧបសគ្គ ក្នុងការវិលត្រលប់ទៅរកភាពដើមវិញ ប្រសិនបើប្រទេសដទៃទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែបន្តជួបទៅនឹងវិបត្តិកូវីដ-១៩។ ដូចនេះ ទើបបានជាពួកគាត់បង្កើត​នូវគម្រោងវ៉ាក់សាំងនេះឡើង ដើម្បីជំរុញឲ្យមាននូវការចាក់វ៉ាក់សាំងការពារអាយុជីវិត ក៏ដូចជាជំរុញឲ្យមានការបញ្ចប់នូវជំងឺកូវីដ-១៩ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យបានកាន់តែឆាប់។ ក្រៅពីការចង់បញ្ចប់កូវីដ-១៩នេះ ប្រទេសនីមួយៗក៏សុទ្ធសឹងមាននូវផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគម្រោងនេះ ផងដែរ។ ចំពោះសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Joe Biden ការដែរគាត់ចូលរួមនៅក្នុងគម្រោង Vaccine Partnership នេះ វាបង្ហាញឲ្យឃើញថា សហរដ្ឋ
អាមេរិក ក្រោមរដ្ឋបាលរបស់លោក Joe Biden បានវិញត្រលប់មកកាន់ឆាកពហុភាគីនិយមវិញហើយ បន្ទាប់ពីមានការបាត់វត្តមានមួយរយៈនៅក្រោមការដឹកនាំរបស់លោក Donald Trump។ ចំណែកប្រទេសអូស្រ្តាលី និងប្រទេសជប៉ុនវិញ អាចយកគម្រោងនេះធ្វើជា Platform មួយសម្រាប់បង្កើននូវកេរ្តិ៍ឈ្មោះរបស់ខ្លួន ថាជាប្រទេសជួយទៅដល់ប្រទេស​នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ចំណែកឯប្រទេសឥណ្ឌា ដែលគាត់ជាអ្នកទទួលខុសត្រូវក្នុងការផលិតវ៉ាក់សាំងនេះ ក៏មាននូវឱកាសក្នុងការបញ្ជាក់ទៅដល់ពិភពលោកទាំង មូលថា ឥណ្ឌាក៏ជាប្រទេសដែលមាននូវសមត្ថភាពគ្រប់គ្រាន់ និងពេញលេញក្នុងការផលិតវ៉ាក់សាំង និងឱសថដែលមានគុណភាពខ្ពស់សម្រាប់ផ្តល់ជូនតម្រូវការរបស់ពិភពលោក ផងដែរ។ ទាំងអស់នេះ យើងឃើញថា ប្រទេសទាំង ០៤ គឺមាននូវផលប្រយោជន៍ទាំងអស់នៅក្នុងគម្រោងវ៉ាក់សាំងនេះ ទើបបានជាគាត់ព្យាយាមធ្វើយ៉ាងណាចាក់បញ្ចូលនូវថវិការរួមគ្នា ដើម្បីរួមបញ្ចូលនូវសមត្ថភាព ក៏ដូចជាធនធានដទៃទៀត ធ្វើឲ្យគម្រោងវ៉ាក់សាំងនេះទៅមុខ ហើយនឹងអាចមានទទួលបាននូវភាពជោគជ័យទៅថ្ងៃអនាគត។

ទី២ រឿងដែលធំជាងគេនៅក្នុងគម្រោងVaccine Partnership នេះគឺពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្តការទូតវ៉ាក់សាំងរបស់ The QUAD ដើម្បីប្រកួតប្រជែងជាមួយនឹងការទូតវ៉ាក់សាំងរបស់ប្រទេសចិន ដែលបានដំណើរការអស់រយៈពេលយូរមកហើយ។ យើងឃើញថាមកដល់សព្វថ្ងៃនេះ ប្រទេសចិនបានផលិត លក់ និងបរិច្ចាកនូវវ៉ាក់សាំង ០២ប្រភេទធំៗគឺ វ៉ាក់សាំង Sinopharm និង Sinovacc មកកាន់ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជាផងដែរ។ ការដែល The QUAD បង្កើតឡើងនូវគម្រោង Vaccine Partnership នេះ វាបង្ហាញឲ្យឃើញថា ប្រទេស The QUAD ជាពិសេសសហរដ្ឋអាមេរិក បានឈានជើងចូលមកក្នុងសង្វៀនប្រកួតប្រជែងផ្នែកការទូតវ៉ាក់សាំងនេះហើយ ទោះបីការឈានជើងចូលមកនោះមានការយឺតយ៉ាវបន្តិច បើប្រៀបទៅនិងប្រទេសចិន។

សំនួរទី៤៖ តើវិបិត្ត COVID-19 នៅប្រទេសឥណ្ឌាសព្វថ្ងៃអាចមានផលប៉ះពាល់យ៉ាងណាទៅដល់ QUAD Vaccine Partnership?ហើយថាតើហេតុអ្វីបានជាឥណ្ឌាត្រូវបានគេជ្រើសរើសជាប្រទេសតែមួយគត់ដែលអាចទទួលបានអាជ្ញាបណ្ណក្នុងការផលិតវ៉ាក់សាំងរបស់ប្រទេសបស្ចឹមលោក? ហេតុអ្វីមិនជ្រើសយកជប៉ុន ឬអូស្ត្រាលី?

ខ្ញុំមើលឃើញថា វិបត្តិ COVID-19 នៅប្រទេសឥណ្ឌាសព្វថ្ងៃមានផលប៉ះពាល់ ០២ធំៗ គឺ៖

ទី១ ពាក់ព័ន្ធទៅនឹងភ័ស្តុភារ (Logistics)។ យើងដឹងថា នៅពេលដែលប្រទេសមួយមាននូវការផ្ទុះជំងឺកូវីដ-១៩ ឧទាហរណ៍នៅក្នុងប្រទេសឥណ្ឌា បើគិតត្រឹមថ្ងៃទី១៤ ខែឧសភា នេះ (យោងតាមទិន្នន័យរបស់សកលវិទ្យាល័យ John Hopkins នៅសហរដ្ឋអាមេរិក) ប្រទេសឥណ្ឌាមានអ្នកស្លាប់ចំនួន ២៦ម៉ឺននាក់ មកហើយ។ ការដែលប្រទេសឥណ្ឌាកំពុងតែឆ្លងកាត់នូវវិបត្តិកូវីដ-១៩នេះ វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំង ដែលជាគម្រោងរបស់ The QUAD នេះឯង។​

ទី២ ក្រៅពីបញ្ហាភ័ស្តុភារនេះ រដ្ឋាភិបាលឥណ្ឌាក៏កំពុងតែជួបប្រទះទៅនឹងបញ្ហានយោបាយ ផងដែរ។ បញ្ហានយោបាយ គឺត្រង់សំណួរដែលគេបានដាក់ចេញទៅលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ថា «ហេតុអ្វីបានជាឥណ្ឌាគួរតែផ្តល់អាទិភាពទៅលើការផលិតវ៉ាក់សាំង ១ពាន់លានដូស ហើយដឹកជញ្ជូនទៅដល់ប្រទេសដទៃ ខណៈពេលដែលប្រជាជនឥណ្ឌាខ្លួនឯងមិនមាន សូម្បីតែអ៊ុកស៊ីហ្សែន (Oxygen) គ្រប់គ្រាន់ ក្នុងការគេចចេញពីការស្លាប់ពីជំងឺរាតត្បាតកូវីដ-១៩នេះ?» នេះ គឺជាសំណួរដ៏ធំមួយដែលរដ្ឋាភិបាលឥណ្ឌា ជាពិសេសលោក Modi ត្រូវតែឆ្លើយជាមួយនឹងប្រជាជនខ្លួន។

ពាក់ព័ន្ធទៅនឹងសំណួរថា «ហេតុអីបានជាគេជ្រើសរើសយកឥណ្ឌា?» គឺហេតុផលដែលយើងអាចមើលឃើញ គឺ៖ ទី១ ឥណ្ឌាគឺជាប្រទេសដែលមាននូវសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតឱសថ និងវ៉ាក់សាំង និង ទី២ ប្រទេសនេះគឺមានភូមិសាស្រ្តនៅគៀកជាមួយនឹងបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។

សំនួរទី៥៖ ក្នុងកិច្ចប្រជុំនេះក៏បានផ្តោតសំខាន់ទៅលើតួនាទីស្នូលរបស់អាស៊ានក្នុងការរក្សាឲ្យបាននូវ
មជ្ឈភាពរបស់ខ្លួន 
(ASEAN Centrality)ដោយបានអនុម័តលើសេចក្តីប្រកាសរួមមួយស្តីពី “The Spirit of the QUAD។ តើប្រទេសសមាជិកQUADទាំង៤នេះ កំពុងតែចង់ផ្ញើសារអ្វីជូនអាស៊ានដែរ?

បន្ទាប់ពីការបញ្ចប់នូវកិច្ចប្រជុំកំពូលដំបូងរបស់ The QUAD កាលពីថ្ងៃទី១២ ខែមីនា នេះ The QUAD បានដាក់ចេញនូវសេចក្តីថ្លែងការរួមមួយ មានចំណងជើងថា “The Spirit of the QUAD”។ សេចក្តីថ្លែងការនោះមាន ០៥ចំណុច ហើយនៅក្នុងចំណុចទី២ The QUAD បានបង្ហាញអំពីការគាំទ្រយ៉ាងមុតមាំទៅដល់សាមគ្គីភាព ក៏ដូចជាមជ្ឈភាពរបស់អាស៊ាន (ASEAN Centrality)។ The QUAD នេះគាត់បានប្រើពាក្យសំដីគាំទ្រទៅលើ ASEAN Centrality នេះ មានន័យយ៉ាងណាចំពោះអាស៊ានរបស់យើង? មុននឹងទៅដល់ការបកស្រាយត្រង់ចំណុចនេះ ខ្ញុំសូមពន្យល់បន្តិចថា តើអ្វីទៅជា ASEAN Centrality?​

ASEAN Centrality គឺសំដៅទៅលើអាស៊ានខ្លួនឯងអាចធ្វើជាអ្នកដឹកនាំ សម្របសម្រួល ក៏ដូចជាមានឥទ្ធិពលទៅលើរាល់កិច្ចសន្ទនា កិច្ចពិភាក្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមហាអំណាចធំៗទាំងអស់។ គាត់មានអត្ថប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្រ្ត​នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ASEAN Centrality មាននន័យថាអាស៊ានខ្លួនឯងគឺជា អ្នកកំណត់នៅជោគវាសនារបស់ខ្លួនឯង នៅក្នុងតំបន់ ក៏ដូចជាអ្នកដឹកនាំនូវកិច្ចសន្ទនារបស់កិច្ចការទាំងឡាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដូច្នេះ នៅពេលដែល The QUAD គាំទ្រទៅលើ ASEAN Centrality នេះវាបង្កើតឲ្យមាននូវផលវិជ្ជមានផង និងផលអវិជ្ជមានផង។ ចំពោះផលវិជ្ជមាន គឺត្រង់ថា The QUAD បានបង្ហាញឲ្យឃើញអំពីការទុកចិត្ត ក៏ដូចជាការផ្តល់នូវសារៈសំខាន់ខ្ពស់ជាងមុនមកដល់អាស៊ាន ដែលវាក៏បានបញ្ជាក់ឲ្យឃើញអំពីការរីកលូតលាស់ ភាពចាស់ទុំ ក៏ដូចជាភាពបត់បែនខ្ពស់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ ផងដែរ។ មួយទៀត វាបង្ហាញពីសមត្ថភាពថ្មី ពោលសមត្ថភាពដែលកំពុងតែរីកលូតលាស់របស់អាស៊ានក្នុងការបត់បែន ក៏ដូចជាការនាំយកនូវមហាអំណាចធំៗទាំងអស់នៅក្នុងតំបន់ ឲ្យមកអង្គុយក្នុងតុជាមួយគ្នា ដើម្បីជជែកវែកញែករកនូវដំណោះស្រាយ ក៏ដូចការបង្កើននូវការទុកចិត្តគ្នាទៅវិញទៅមកបានកាន់តែច្រើនជាងមុន ព្រោះថា នៅពេលដែលប្រទេសនៅលើពិភពលោក ជាពិសេសគឺប្រទេសធំៗនោះ គាត់មាននូវការទុកចិត្តគ្នាទៅវិញទៅមក វាអាចនាំមកនូវការកាត់បន្ថយនូវជម្លោះយោធា ក៏ដូចជាជម្លោះផ្នែកយុទ្ធសាស្រ្តនៅលើពិភពលោកផងដែរ។

ការដែល The QUAD គាំទ្រទៅលើ ASEAN Centrality នេះក៏វាបង្កើតឲ្យមាននូវផលអវិជ្ជមានមួយចំនួន ពាក់ព័ន្ធទៅនឹងសម្ពាធ។ វាបង្ហាញជាសារមួយថា ពិភពលោក ជាពិសេសគឺប្រទេសមហាអំណាចទាំង ០៤ របស់ The QUAD កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតមកលើជំហាន ក៏ដូចជាជំហរបស់អាស៊ានទាំងមូល (ជំហពាក់ព័ន្ធទៅនឹងរឿងសមុទ្រចិនខាងត្បូង ជំហពាក់ព័ន្ធទៅនឹងរឿងពាណិជ្ជកម្ម ជាពិសេសជំហពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងចិននិងសហរដ្ឋអាមេរិក)។

សំនួរទី៦៖ តើការជ្រៀតជ្រែករបស់ QUADនៅតំបន់អាស៊ីអាគ្នេយ៍ អាចប៉ះពាល់អ្វីខ្លះដល់អាស៊ាន ពិសេសរដ្ឋតូចៗដូចជាកម្ពុជា?

បញ្ហាពាក់ព័ន្ធទៅនឹងឥទ្ធិពលរបស់ The QUAD នេះ គឺវា​ជាបញ្ហាមួយប្រឈមថ្មី ដែលមានសារៈសំខាន់ធំមួយ សម្រាប់រដ្ឋតូចៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា ផងដែរ។ ការលេចចេញនូវវត្តមាន The QUAD ២.០ និងការរីកលូតលាស់របស់សម្ព័ន្ធភាពយុទ្ធសាស្រ្តនេះ គឺមាននូវឥទ្ធិពលមួយចំនួនមកលើប្រទេសតំបន់អាស៊ីអាគ្នេយ៍របស់យើង។

ទី១ វាបង្ហាញឲ្យឃើញអំពីសារៈសំខាន់ដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្រ្តនៃបណ្តាប្រទេស The QUAD ទាំង ០៤ ជាពិសេស គឺយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក (Free and Open Indo-Pacific) របស់អាមេរិក។

ទី២ នៅពេលដែល The QUAD បានលេចចេញនូវវត្តមាន ហើយមាននូវការវិវឌ្ឍខ្លួនយ៉ាងលឿន គឺវាបានផ្តល់នូវធនធាន ក៏ដូចជាអត្ថប្រយោជន៍មួយចំនួនមកដល់ប្រទេសអាស៊ីអាគ្នេយ៍ ដែលក្នុងនោះពាក់ព័​ន្ធទៅនឹងបញ្ហាវ៉ាក់សាំង។ ដោយហេតុថានៅពេលណាដែលប្រទេសទាំង ០៤ បញ្ជូន ក៏ដូចជាបរិច្ចាកនូវវ៉ាក់សាំងមួយចំនួនមកដល់ប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក វាអាចនឹងជួយឲ្យប្រទេសទាំងអស់នេះងើបចេញអំពីវិបត្តិកូវីដ-១៩ បានទាំងអស់គ្នា ដើម្បីបន្តអភិវឌ្ឍខ្លួនទៅមុខទាំងអស់គ្នា។

ទី៣ ក្រៅពីបញ្ហាផលប្រយោជន៍នេះវត្តមានរបស់ The QUAD នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ក៏ បានជួយបង្កើត និងរក្សាឲ្យបាននូវតុល្យភាពអំណាចនៅក្នុងតំបន់ តុល្យភាពអំណាចនៅក្នុងតំបន់។ ចំណុចនេះគឺសំដៅទៅលើ នៅពេលដែលប្រទេសមហាអំណាចជាច្រើនមានវត្តមាននៅក្នុងតំបន់តែមួយដូចគ្នា វានឹងអនុញ្ញាតឲ្យប្រទេសទាំងអស់នេះធ្វើការជាមួយគ្នា ហើយក៏មានលទ្ធភាពនៅក្នុងការគាំពារមិនឲ្យប្រទេសមហាអំណាចណាមួយ មានអំណាចលើសគេពេក និងអាចយកអំណាចនោះមកធ្វើការរំលោភបំពានទៅលើអធិបតេយ្យភាព ក៏ដូចជាឯករាជ្យភាពរបស់ប្រទេសតូចៗនៅក្នុងតំបន់នោះឡើយ។

ទី៤ គឺវាអនុញ្ញាតឲ្យប្រទេសតូចៗ ជាពិសេសកម្ពុជាបន្តនូវយុទ្ធសាស្រ្តក្នុងការ Diversify ទំនាក់ទំនងការទូតរបស់ខ្លួន។ ដរាបណាយើងមាននូវដៃគូច្រើន គឺវាជារឿងល្អសម្រាប់ប្រទេសតូច ដូចជាកម្ពុជា ដោយសារយើងជាប្រទេសតូច គឺយើងមាននូវធនធានតិចជាងប្រទេសដែលគាត់ធំៗ។ ដូចនេះ បានជាពេលណាដែលយើងមាននូវមិត្តច្រើន គឺវាប្រសើរសម្រាប់អធិបតេយ្យភាព ក៏ដូចជាឯករាជ្យភាពនៃនយោបាយការបរទេសរបស់យើង ផងដែរ។

ប៉ុន្តែក៏សូមបញ្ជាក់ដែរថា ការលេចចេញនូវវត្តមានរបស់ The QUAD ក៏វានាំឲ្យមាននូវសម្ពាធ ក៏ដូចជាភាពតានតឹងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ក៏ដូចជាផ្នែកយោធា នៅក្នុងតំបន់មួយកម្រិតទៀត ផងដែរ ជាពិសេសគឺរវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

សំនួរទី៧៖ តើយន្តការកិច្ចសន្ទនាសន្តិសុខចតុភាគីមានអត្ថន័យយ៉ាងណាសម្រាប់ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន?

តាមការយល់ឃើញរបស់ខ្ញុំ​ កិច្ចប្រជុំកំពូលកាលពីខែមីនានេះ និងកិច្ចសន្ទនាសន្តិសុខចតុភាគីទាំងមូលនេះ គឺមានអត្ថន័យ០២ ចំបង៖

ទី១ វាបានបង្ហាញឲ្យឃើញពីការបន្តនៃការកើនឡើងកម្តៅនយោបាយរវាងសហរដ្ឋអាមេរិក និងចិន នៅក្រោមរដ្ឋបាលរបស់លោក Joe Biden។ ហេតុផលគឺនៅត្រង់ថា ប្រសិនបើយើងមើលលើបរិបទនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិកវិញ យើងឃើញថា អារម្មណ៍របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំអាមេរិកមួយភាគធំ ប្រមាណជា ៨០% គឺមាននូវអារម្មណ៍ អវិជ្ជមានចំពោះទីក្រុងប៉េកាំង ដោយសារជម្លោះនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្មមួយចំនួនដែលធ្លាប់មានកន្លងមក (ទិន្នន័យបានយកចេញមកពីការស្រង់មតិថ្មីៗរបស់ Gallup Poll កាលពីខែមីនា ឆ្នាំ២០២១​នេះ)។ ម្យ៉ាងទៀត ការដែលថ្នាក់ដឹកនាំ និងប្រជាជនអាមេរិក មានការមិនពេញចិត្តនឹងប្រទេសចិននេះ គឺជាសញ្ញា​បញ្ជូនឲ្យដឹងថា សហរដ្ឋអាមេរិក នឹងព្យាយាមប្រមែប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានសម្ព័ន្ធមិត្តយោធា និងដៃគូដទៃទៀត ធ្វើយ៉ាងណាដើម្បីដាក់សម្ពាធទៅលើប្រទេសចិន ដែលនេះបានដើរតួនាទីនៅក្នុងការបង្កើននូវភាពតានតឹងមួយកម្រិតទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទី២ វាបានបង្ហាញឲ្យឃើញថា មកដល់សព្វថ្ងៃនេះ ការប្រកួតប្រជែងបែបយុទ្ធសាស្រ្ត (Strategic Competition) រវាងសហរដ្ឋអាមេរិក និងចិន គឺបានរីកដុះដាលពីបញ្ហាសន្តិសុខ ចូលដល់បញ្ហាដែលមិនមែនជារឿងសន្តិសុខ ពិសេសគឺពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ និងខ្សែសង្វាក់ផ្គត់ផ្គង់សាកល ផងដែរ។  សូមឆ្លៀតពេលនេះ ធ្វើការគូសបញ្ជាក់អំពីបញ្ហាមិនមែនសន្តិសុខទាំង ០៤ នេះ គឺជាបញ្ហាប្រឈមថ្មីរវាងការប្រកួតប្រជែងរវាងមហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិក។

វិស័យបច្ចេកវិទ្យា៖ សព្វថ្ងៃនេះ សង្រ្គាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងចិន បានកកើតឡើងតាំងពីរដ្ឋបាលរបស់លោក Donald Trump មកម្ល៉េះ។ កាលនោះលោក Trump បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតទូរស័ព្ទចិនមួយ ហើយគាត់បានហាមប្រាមរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនឲ្យមានការលក់ ក៏ដូចជាការដំឡើងនូវប្រព័ន្ធ 5G របស់ក្រុមហ៊ុននោះនៅក្នុងស្រុករបស់ខ្លួន។ ក្រៅពីការហាមប្រាមនេះ សហរដ្ឋអាមេរិក និងប្រទេសដៃគូរបស់ The QUAD ក៏បានដឹកនាំនូវគម្រោងមួយឈ្មោះថា Blue Dot Networkដែលជាគម្រោងដែលមានវិសាលភាពធំ ហើយកំពុងតែមាននូវការវិវឌ្ឍខ្លួនយ៉ាងលឿន ផងដែរ។ គោលបំណងរបស់ Blue Dot Network នេះ គឺដើម្បីកាត់បន្ថយឥទ្ធិពលបច្ចេកវិទ្យារបស់ចិន នៅក្នុងពិភពលោក ដោយការហាមប្រាមការប្រើប្រាស់ផលិតផលចេញពីប្រទេសចិន ក៏ដូចជាឧបករណ៍ទូរគមនាគមន៍នានាដែលផលិតដោយប្រទេសចិន។

វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដៃគូ ពិសេសជប៉ុន បានដាក់ចេញ និងគាំទ្រទៅលើគម្រោងមួយឈ្មោះថា Expanded Partnership for Quality Infrastructure។ គម្រោងមួយនេះអាចនិយាយបានថា ជាដៃគូបដិបក្ខរបស់គំនិតផ្តួចផ្តើមខែ្សក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI) របស់ចិន។ ក្នុងនោះសហរដ្ឋអាមេរិក ជប៉ុន និងដៃគូរបស់ខ្លួនបានប្រើនូវហិរញ្ញប្បទាន ជួយទៅដល់ប្រទេសដែលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសដទៃទៀត ដើម្បីពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធ។

បម្រែបម្រួលអាកាសធាតុ៖ សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងព្យាយាមប្រកួតប្រជែងធ្វើយ៉ាងណាដើម្បីបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក។ ក្រៅពីនេះ ប្រទេសទាំង ០២ ក៏កំពុងតែប្រកួតប្រជែងទៅលើការផលិត ចែកចាយ និងការធ្វើនវានុវត្តលើបច្ចេកវិទ្យាបៃតង (Green Technology Innovation) ក្នុងការកាត់បន្ថយនូវឧស្ម័នពុល ក៏ដូចជាការបំផ្លាញបរិស្ថានដទៃទៀត។

ខ្សែសង្វាក់ផ្គត់ផ្គង់សាកល (Global Supply Chain)៖ ជាចំណុចសំខាន់បំផុត ដែលសហរដ្ឋអាមេរិក និងចិន កំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដោយអាមេរិកបានគាំទ្រទៅលើគម្រោងមួយដែលមានឈ្មោះថា Resilient Supply Chain Initiative ដែលជាគម្រោងរបស់ប្រទេសចំនួន ០៣ (ឥណ្ឌា ជប៉ុន និងអូស្រ្តាលី) ដើម្បីកាត់បន្ថយនូវខ្សែសង្វាក់ផ្គត់ផ្គង់សាកលចេញពីប្រទេសចិន ហើយបង្វែរទៅប្រទេសផ្សេង ដែលមិនមែនជាប្រទេសចិន។ ហេតុផលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិនផង ក៏ដូចជាធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនឲ្យបានប្រសើរជាងមុន ក្នុងករណីដែលមាននូវការកាត់ផ្តាច់ ឬការរំខានណាមួយនៃការផ្គត់ផ្គង់ធាតុផ្សំបច្ចេកវិទ្យា និងធាតុផ្សំដទៃទៀត ដែលជ្រោមជ្រែងទៅដល់ផលិតកម្មរបស់ពិភពលោក។ ម្យ៉ាងវិញទៀត ពាក់ព័ន្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ (Strategic Supply Chain) វិញ ទំនិញ ឬធាតុផ្សំមួយចំនួនដូចជា Computer-chips Conductors ឱសថ វ៉ាក់សាំង និងឧបករណ៍ទូរគមនាគមន៍ កំពុងមាននូវឥទ្ធិពល ក៏ដូចជាសារៈសំខាន់ខ្លាំងនៅក្នុងសេដ្ឋកិច្ចរបស់ពិភពលោក។ ដូចនេះ ប្រសិនបើប្រទេសណាមួយ គាត់មាននូវលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ ក៏ដូចជាការរក្សាឲ្យបាននូវស្ថិរភាព និងនិរន្តរភាពខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺវាអាចបង្កើតឲ្យមាននូវឥទ្ធិពលរបស់ប្រទេសនោះកាន់តែខ្លាំងនៅលើពិភពលោក៕

វាគ្មិន៖ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031