តាមអ្វីដែលយើងដឹងឮ ឬអានតាមប្រព័ន្ធផ្សព្វផ្សាយទូទៅ បានធ្វើឱ្យយើងហាក់មានផ្នត់គំនិតថា រាជរដ្ឋាភិបាលកម្ពុជាពុករលួយក្រៃលែង ហើយបានបំផ្លិចបំផ្លាញគម្របព្រៃឈើទាំងមូលរបស់កម្ពុជា ដើម្បីតែផលប្រយោជន៍បុគ្គល ហើយការកាប់បំផ្លាញព្រៃឈើគឺជាបុព្វហេតុចម្បងនៃទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា។ល។ នេះគឺជាអ្វីដែលយើងតែងតែស្តាប់ឮជាទូទៅ។
ឥទ្ធិពលនៃសេចក្តីអត្ថាធិប្បាយបែបនេះបានបង្កើតនូវផ្នត់គំនិតដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន” ចំពោះរាជរដ្ឋាភិបាល ដូច្នេះហើយកិច្ចសហប្រតិបត្តិការបរិស្ថានជាមួយរាជរដ្ឋាភិបាលកម្ពុជាច្រើនតែផ្តោតលើការធ្វើរបាយការណ៍ស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មព្រៃឈើ និងបញ្ហាគណនេយ្យភាពជាជាងការស្វែងរកដំណោះស្រាយជារួម រយៈពេលវែងចំពោះបញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជាទាំងមូល។ និន្នាការបែបនេះក៏បានប្រកាន់យកនិយមន័យតូចចង្អៀតនៃ “បញ្ហាបរិស្ថាន” នៅក្នុងប្រទេសកម្ពុជាដែលហាក់បីដូចជាត្រូវបានកំណត់ត្រឹមតែ “បញ្ហាការកាប់បំផ្លាញព្រៃឈើ” តែមួយមុខ។
យើងអាចយល់ច្បាស់ពីនិន្នាការបែបនេះ ដោយគ្រាន់តែមើលទៅលើបញ្ជីអង្គការ NGO ដែលគាំទ្រដោយស្ថានទូតបរទេសទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ អ្វីដែលគួរឱ្យរំខាននោះគឺថា បុគ្គលិកភាគច្រើនរបស់អង្គការទាំងនោះ រួមទាំងបុគ្គលិក និងអ្នកជំនាញការបរទេសផង ពួកគេមិនមែនជាអ្នកបរិស្ថានវិទ្យា ឬអ្នកវិទ្យាសាស្ត្របរិស្ថានអ្វីឡើយ ប៉ុន្តែពួកគេច្រើនតែជាសកម្មជនតស៊ូមតិ និងសកម្មជនសិទ្ធិមនុស្សទៅវិញ។
បញ្ហាបរិស្ថានគួរតែជាបញ្ហាបច្ចេកទេស និងវិទ្យាសាស្ត្រ ប៉ុន្តែការងាររបស់ពួកគេគឺមើលតែមួយជ្រុងតូច និងមើលតែពីសម្បកក្រៅ ពីព្រោះថា នរណាៗក៏អាចធ្វើការងារនេះបានដែរឱ្យតែចេះប្រើបណ្តាញព័ត៌មានសង្គម ហើយដើរតួនាទីតស៊ូមតិ ដែលផ្តោតលើការទាក់ទាញការចាប់អារម្មណ៍ និងរំញោចអារម្មណ៍សាធារណជន។
វិធីសាស្ត្របែបនេះមិនមានផ្លែផ្កា និងផលិតភាពនោះទេ ពីព្រោះវាហាក់បានចេញសេចក្តីសន្និដ្ឋានជាមុនរួចទៅហើយថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីទាំងអស់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ។ វិធីសាស្ត្រនេះមិនបានជួយ ឬលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលមានសមត្ថភាព និងធនធានមានកំណត់ នៅក្នុងការដោះស្រាយបញ្ហាទាំងនេះទេ ប៉ុន្តែហាក់បីដូចជាសន្មតទុករួចជាស្រេចថា អាជ្ញាធរមូលដ្ឋានគឺជាអ្នកសមគំនិតនៃបទឧក្រិដ្ឋទាំងនេះ។
ដូចរឿងរ៉ាវនៃបញ្ហាពលកម្មកុមារ ឬការជួញដូរមនុស្សជាដើម ជំនួសឱ្យការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធដើម្បីរកដំណោះស្រាយអង្គការ NGO មួយចំនួនបែរជាជ្រើសរើសវិធីសាស្ត្រស្រែកប្រកូកប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស និងធ្វើរបាយការណ៍ដោយផ្ទាល់ទៅម្ចាស់ជំនួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចចងក្រងធ្វើជារបាយការណ៍ប្រចាំឆ្នាំ ដើម្បីបង្ហាញរូបភាពដ៏អាណោចអាធ័មទៅវិញ។
យើងដឹងហើយថា វិធីសាស្ត្របែបនេះមានគុណប្រយោជន៍ក្នុងការទទួលបាននូវការជឿទុកចិត្តពីម្ចាស់ជំនួយរបស់អង្គការ NGO ទាំងនោះហើយបានបង្ហាញអំពីហេតុផលដែលត្រូវផ្តល់ជំនួយ និងធានានិរន្តរភាពនៃការផ្តល់ជំនួយ ប៉ុន្តែវិធីសាស្ត្របែបនេះបានបង្កឱ្យមានការមិនទុកចិត្តគ្នាយ៉ាងខ្លាំងក្លារវាងអ្នកពាក់ព័ន្ធទាំងឡាយ ដែលតាមពិត ពួកគេគួរតែត្រូវដោះស្រាយបញ្ហារួមគ្នា សហការគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ដែលជាបញ្ហាដ៏ធំធេង មិនមែនកំណត់ត្រឹមតែលើបញ្ហាព្រៃឈើតែមួយមុខ។
គួរឱ្យដឹងដែរថា បច្ចុប្បន្នក្រសួងបរិស្ថានមានឧទ្យានុរក្សសរុបចំនួន ១ ២៦០ នាក់ និងគ្រប់គ្រងតំបន់ការពារចំនួន ៦០ លើផ្ទៃដីគម្របព្រៃឈើជាង ៧,២ លានហិកតាដែលស្មើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ បើប្រៀបធៀបជាមួយប្រទេសជិតខាងប្រទេសថៃមានផ្ទៃដីគម្របព្រៃឈើ ៣១,៦% (១៦,៣១ លានហិកតា) ប្រទេសវៀតណាមមាន ៣៩,៧% (១២,៩ លានហិកតា) និងប្រទេសឡាវមាន ៥៨% (១៦,២៨ លានហិកតា)។
បើយើងគណនាតាមបែបសាមញ្ញ យើងអាចដឹងបានថា ឧទ្យានុរក្សម្នាក់ត្រូវរ៉ាប់រងលើផ្ទៃព្រៃឈើរហូតដល់ ៥.៧១៤ ហិកតា ដែលវាមិនអាចទៅរួចនោះទេ។ ប្រសិនបើយើងមើលតែមួយជ្រុងទៅលើបញ្ហាគណនេយ្យភាព ឧទ្យានុរក្សគ្រប់រូបនឹងត្រូវជាប់ពិរុទ្ធភាព ដោយសារតែពួកគេមិនមែនជា “កំពូលមនុស្ស superman” ក្នុងការការពារព្រៃឈើរបស់កម្ពុជា។
សកម្មជន និងឧទ្យានុរក្សតែឯកឯងមិនអាចការពារព្រៃឈើកម្ពុជាទាំងមូលបានឡើយ ហើយការស្វែងរកការចាប់កំហុស និងពិរុទ្ធភាព វាបានត្រឹមតែធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់អស់សង្ឃឹម នឿយណាយ និងលែងមានការទុកចិត្តគ្នា។
យើងគួរតែមានដំណោះស្រាយជាបីកម្រិតលើបញ្ហាបរិស្ថាន។
ដំណោះស្រាយកម្រិតទី ១ គឺវិធីសាស្ត្រតស៊ូមតិដែលត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយអង្គការ NGO ដ៏ច្រើនលើសលុបដែលមិនមែនជាអ្នកវិទ្យាសាស្ត្រ ឬអ្នកបរិស្ថានវិទ្យា។ តាមពិតក្រៅពីបញ្ហាការកាប់បំផ្លាញព្រៃឈើ បញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជាមានបញ្ហាផ្សេងៗទៀតជាច្រើន ដែលគួរតែត្រូវបានលើកឡើង និងដោះស្រាយតាមលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេស។ ជាអកុសលអង្គការ NGO ភាគច្រើនបានច្របូកច្របល់បញ្ហាបច្ចេកទេសជាមួយនឹងវីរភាពនយោបាយទៅវិញ។
ពួកគេហាក់មានសិទ្ធិផ្តាច់មុខតែម្នាក់ឯង ចំពោះសេចក្តីស្រលាញ់បរិស្ថាន។
ដូច្នេះ ទាំងរាជរដ្ឋាភិបាល ទាំងអង្គការ NGO ទាំងដៃគូអភិវឌ្ឍន៍គួរតែរំកិលកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកម្រិតបន្ទាប់នៃដំណោះស្រាយឱ្យទៅខ្ពស់លើសពីកម្រិតទីមួយនេះ។
full article available at: https://www.postkhmer.com/វិភាគសង្គម/សំណើផ្លាស់ប្តូររបត់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ-លើវិស័យបរិស្ថាននៅកម្ពុជា