Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា

សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម?

គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖

  • នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍​ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។​
  • បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP ALL ក្រុមហ៊ុន Big C ក្រុមហ៊ុន SCG ដែលបានចូលរួមបច័្ចយទៅវត្តបុទុមវត្តី ផងដែរ។ ចូលមកឆ្នាំ២០២០ យើងក៏បានធ្វើសកម្មភាពជាច្រើនបន្ថែមទៀត ដែលខ្ញុំនឹងបែងចែកសកម្មភាពជា០៣ រួមមាន៖ (១) ការងារវិនិយោគ និងពាណិជ្ជកម្ម (២) ការទទួលភ្ញៀវ និងជួយប្រឹក្សាដល់វិស័យឯកជន និង (៣) ការផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍។
  • ចំពោះសកម្មភាពការងារទី១ ខ្ញុំចង់បញ្ជាក់ថាការទាក់ទាញនេះ គឺយើងបានចុះទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Big C ក្រុមហ៊ុន Seven Eleven និងក្រុមហ៊ុនជាច្រើនទៀត ហើយនេះជាការជួបលក្ខណៈស្និទ្ធស្នាលជាមួយនឹងប្រធានក្រុមហ៊ុនផ្ទាល់តែម្ដង និងមានការជួបជារឿយៗ ដើម្បីឲ្យគេមានការទុកចិត្តនិងជឿជាក់លើយើង ដោយសារស្ថានទូត គឺជាស្ពានមួយដើម្បីជួយដល់អ្នកវិនិយោគទាំងថៃ និងបរទេស អាចទៅពង្រីកការរកស៊ីនៅកម្ពុជា។
  • ចំពោះការងារទី២ គឺយើងទទួលបានគណៈប្រតិភូ និងក្រុមហ៊ុនបរទេសជាង ៥០ក្រុមហ៊ុនក្នុងការប្រឹក្សាយោបល់ ដោយនៅក្នុងការជួបប្រឹក្សានោះយើងបានលើកឡើងអំពីការទូតសេដ្ឋកិច្ច ក៏ដូចជានយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់អ្នកវិនិយោគទាំងអស់នោះ ឲ្យទៅវិនិយោគនៅកម្ពុជា។
  • រីឯការងារទី៣ គឺយើងបានប្រមូលវីដេអូពីក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីយកមកកែសម្រួលឲ្យខ្លី និងផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ជាពិសេសតាម គណនីហ្វេសបុករបស់ស្ថានទូត។ ជាលទ្ធផលយើងបានទទួលការគាំទ្រ និងការអបអរសាទរយ៉ាងច្រើន ចំពោះការទូតសេដ្ឋកិច្ចរបស់យើងពីភាគីថៃ សហគ្រិន និងអ្នករកស៊ីនានានៅប្រទេសថៃ ក៏ដូចជាស្ថានទូតផ្សេងៗប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ។

សំនួរ៖ ឆ្លងកាត់បទពិសោធន៍ក្នុងអាណិត្តការទូតរបស់ឯកឧត្តម ក៏ដូចជានៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកលដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ តើអ្វីទៅជាឧបសគ្គចំបងៗ នៅក្នុងការជំរុញ និងផ្សព្វផ្សាយនូវគោលនយោបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជា?

តាមពិតទៅនៅក្នុងសម័យកូវីដ-១៩នេះ គឺមានឧបសគ្គជាច្រើន។ ឧបសគ្គសំខាន់ទី១ គឺធនធានមនុស្សរបស់យើងនៅមានកម្រឹត។ បញ្ហាទី២ គឺថវិការបស់យើងក៏នៅមានកម្រិតដើម្បីអនុវត្តការងារឲ្យមានភាពទូលំទូលាយ ក៏ប៉ុន្តែកន្លងមកក៏យើងបានធ្វើការទូតសេដ្ឋកិច្ចច្រើនហើយ ទៅលើបញ្ហាទាំងអស់នេះ។ ចំពោះបញ្ហាថវិកានេះ ខ្ញុំយល់ឃើញថា ឥលូវនេះក្រសួងបានដាក់ឲ្យមានថវិកាដើម្បីធ្វើការផ្សព្វផ្សាយ ដែលយើងនឹងធ្វើការទៅលើបញ្ហានេះជាមួយក្រសួងពាក់ព័ន្ធដើម្បីអនុវត្តការងារការទូតសេដ្ឋកិច្ច នេះឲ្យបានល្អទៅមុខទៀត។ ទោះជាមានឧបសគ្គយ៉ាងណាក៏យើងនៅតែបន្តផ្សព្វផ្សាយការទូតរបស់យើងបន្តទៀត។ ស្ថានទូតកម្ពុជានៅទីក្រុងបាងកកយើង មិនមែនប្រចាំតែប្រទេសថៃនោះទេ គឺយើងទទួលបន្ទុកស្ថានទូតបរទេសចំនួន ៣៣ស្ថានទូតទៀត ដូច្នេះការចូលជួបជាមួយទូតទាំងនោះ ខ្ញុំក៏បានផ្សព្វផ្សាយពីការងារការទូតសេដ្ឋកិច្ចរបស់យើង ផងដែរ ។ យើងក៏សង្កេតឃើញថា មួយរយៈនេះអង្គទូតទាំងអស់គឺ ភាគច្រើនផ្ដោតសំខាន់ទៅលើការទូតសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩ តែប៉ុណ្ណោះ។ ដូចនេះយើងឃើញថា នេះជានិន្នាការថ្មី ក៏ដូចជាឱកាសថ្មីសម្រាប់កម្ពុជាទាំងមូល ក្នុងធ្វើការផ្សព្វផ្សាយការទូតសេដ្ឋកិច្ច ដើម្បីស្ដារសេដ្ឋកិច្ច-សង្គមយើងឡើងវិញ បន្ទាប់ពីកូវីដ-១៩ រសាត់បាត់ទៅ។

សំនួរ៖ តាមយោបល់របស់ឯកឧត្តម (ផ្ទាល់) តើកម្ពុជាគួរពង្រឹងបន្ថែមអ្វីខ្លះលើផ្នែកបច្ចេកទេសវិជ្ជាជីវៈកសិកម្មបែបទំនើប ដើម្បីប្រែក្លាយកសិករយើង ឲ្យក្លាយជាកសិករសម័យទំនើបដូចប្រទេសថៃ ដែលជាប្រទេសមួយមានការអភិវឌ្ឍខ្លាំងលើវិស័យកសិកម្ម នឹងចំណីអាហារ?

ជាយោបល់ខ្ញុំផ្ទាល់ ខ្ញុំយល់ថាកម្ពុជាយើង ជាពិសេសខាងវិស័យកសិកម្ម គួរពង្រឹងជំនាញបច្ចេកវិទ្យាថ្មីៗថែមទៀត ដើម្បីជួយធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ យើងក៏គួរតែបណ្ដុះបណ្ដាលជំនាញធុរកិច្ច និងពាណិជ្ជកម្មដល់កសិករ ជាពិសេសការអភិវឌ្ឍម៉ាកផលិតផល ការវិចខ្ចប់ ឬក៏ការស្វែងរកទីផ្សារ។ កន្លងមកនេះ ខ្ញុំបានចុះទៅជួបកសិដ្ឋាន និងកសិកម្មមួយចំនួននៅថៃ ដែលកសិករថៃ យើងអាចហៅបានថាជាកសិពាណិជ្ជករ មានន័យថា គាត់ធ្វើកសិកម្មផង គាត់ក៏មានជំនាញពាណិជ្ជកម្មផងដែរ។ ដូច្នេះគាត់យល់ដឹងពីបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងការដាំដុះ ហើយពួកគាត់ក៏ស្គាល់នូវតម្រូវការនៃទីផ្សារ និងវិធីសាស្រ្តក្នុងការអភិវឌ្ឍផលិតផលឲ្យមានការទាក់ទាញ និងមានគុណភាពស្តង់ដារ។ នេះមានន័យថា ទាំងការធ្វើពាណិជ្ជកម្ម និងការឃោសនាផ្សេងៗ ភាគច្រើនគឺ កសិករគាត់អាចជួយខ្លួនឯងបាន ដូចជាការផ្សព្វផ្សាយ និងការរកទីផ្សារ ដែលពួកគាត់មិនចាំបាច់មានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ឬក្រុមហ៊ុនផ្សេងៗឡើយ។

សំនួរ៖ តើការទូតសេដ្ឋកិច្ចមានប្រសិទ្ធិភាពកម្រិតណាចំពោះការជួយឲ្យកម្ពុជា សម្រេចបាននូវគោលដៅដើម្បីក្លាយជាប្រទេសមានចំណូលកម្រិតមធ្យមក្នុងឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ដូចដែលបានដាក់ចែងក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤?

នៅខណៈពេលដែលសេដ្ឋកិច្ចពិភពលោក និង​ប្រព័ន្ធសេរីភាវូបនីយកម្ម កំពុងតែរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរលើគោលនយោបាយគាំពារ និងឯកតោភាគីនិយម ហើយគួបផ្សំនឹងការវាយប្រហារនៃជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលទូទាំងពិភពលោក និងក្នុងតំបន់នីមួយៗ ខ្ញុំយល់ថាការទូតសេដ្ឋកិច្ចដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជាជាដើម ដែលយើងត្រូវការផ្នែកមូលធនច្រើន សម្រាប់គាំទ្រដល់ការធ្វើពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការវិនិយោគសាធារណៈ ដើម្បីសម្រេចឈានទៅចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់កម្ពុជា។ ឯកសារគោលនយោបាយការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ បានកំណត់ទិសដៅសកម្មភាព និងអាទិភាពមួយចំនួនដែលត្រូវអនុវត្តដើម្បីទប់ទល់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាក្នុងស្ថានភាពប្រឈមបច្ចុប្បន្ន ដើម្បីបង្កើតភាពធន់នៃសេដ្ឋកិច្ច និងការស្ដារឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ​(ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកបានឲ្យក្រុមការងារចងក្រងនូវឯកសារគោលនយោបាយដែលទើបតែដាក់ឲ្យប្រើប្រាស់ថ្មីៗនេះ ក៏ដូចជាគោលនយោបាយការទូតសេដ្ឋកិច្ចដែលសំខាន់សម្រាប់មន្រ្តីការទូត ដើម្បីមើលតាមគោលការណ៍ទាំងនោះ ហើយយកទៅផ្សព្វផ្សាយបន្តទៀត។)។ នាពេលឥលូវនេះ ពេលដែលយើងជួបជជែកជាមួយស្ថានទូតផ្សេងៗ គឺយើងបានផ្ដោតសំខាន់ទៅលើចំណុចគោល០២គឺ (១)​ការទូតសេដ្ឋកិច្ច និង (២) ការទប់ទល់ ក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩នេះ។ ដូចនេះ ខ្ញុំយល់ឃើញថាការងារការទូតសេដ្ឋកិច្ចនេះ ដើរតួនាទីកាន់តែសំខាន់ទាំងក្នុងតំបន់ និងពិភពលោក ពិសេសប្រទេសកំពុងតែអភិវឌ្ឍន៍។

សំនួរ៖ ដើម្បីបង្កើននូវប្រសិទ្ធភាពរបស់ការទូតសេដ្ឋកិច្ចជាតិ ថាតើកម្ពុជា គួរផ្តោតសំខាន់លើវិស័យ ឬក៏ផែនការសកម្មភាពអ្វីខ្លះ?

ដើម្បីអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព កម្ពុជាយើងចាំបាច់គួរផ្ដល់វគ្គបំប៉នចំណេះដឹង និងជំនាញផ្សេងៗដល់មន្រ្តីការទូតពាក់ព័ន្ទនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ជាពិសេសគឺមន្ត្រីខាងអនុព័ន្ធ និងពាណិជ្ជកម្ម ដែលអមស្ថានទូតកម្ពុជា នៅក្រៅប្រទេសទាំងអស់ ដើម្បីឲ្យពួកគាត់អាចចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន មន្រ្តីការទូតយើងគ្រប់រូបសុទ្ធតែជាយុទ្ធជនឈរជើងនៅសមរភូមិជួរមុខ តំណាងឲ្យក្រសួងការបរទេស ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាយើងទាំងមូល នៅក្នុងការទំនាក់ទំនងជាមួយនឹងប្រទេសម្ចាស់ផ្ទះ ស្ថានទូតដទៃទៀត និងវិស័យឯកជននានា ក្នុងគោលដៅដើម្បីស្វែងរកកាលានុវត្ដភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងដើម្បីសំដៅទាញយកប្រយោជន៍ជាអតិប្បរមាជូនប្រទេសជាតិ និងប្រជាជនរបស់យើង។ ការងារនេះ គឺតម្រូវឲ្យមានធនធានមនុស្សដែលជាមន្រ្តីការទូតរបស់យើង មានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ការទូតសេដ្ឋកិច្ចមិនមែនមានតែក្រសួងការបរទេសមួយទេ ដែលជាអ្នកសម្របសម្រួល ពោលគឺមានក្រសួងជំនាញផ្សេងៗ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ជាដើម ដែលមានតួនាទីសំខាន់ ចូលរួមសហការជាមួយស្ថានទូតរបស់យើងនៅក្រៅប្រទេស​ ផងដែរ។

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន / អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930