Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា
វាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​ (AVI)​
អ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន

ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី  ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។ 

១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ?

វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ គឺជាការបង្ក្រាបដោយហិង្សារបស់ថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ាទៅលើអ្នកធ្វើបាតុកម្មដែលគាំទ្រទៅលើរបបដឹកនាំស៊ីវិលរបស់លោកស្រី​Aung San Suu Kyi គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ អ្វីដែលកើតឡើងមិនមែនជារឿងថ្មីសម្រាប់មីយ៉ាន់ម៉ាទេ។ បើយើងមើលពីប្រវតិ្តសម័យទំនើបរបស់មីយ៉ាន់ម៉ា យើងឃើញថាចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨ ប្រទេសនេះតែងស្ថិតក្រោមការគ្រប់គ្រងរបស់របបសឹក ពោលគឺក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅក្នុងឆ្នាំ១៩៦២ ដោយឧត្តមសេនីយ៍ Ne Win។ ក្រោយពីការធ្វើរដ្ឋប្រហារនេះ​ របបសឹកតែងតែគ្រប់គ្រងមីយ៉ាន់ម៉ា ហើយប្រជាពលរដ្ឋមីយ៉ាន់ម៉ាតែងតែរើបម្រាស់ជានិច្ច។ ជាក់ស្ដែង ការធ្វើបាតុកម្មប្រឆាំងនឹងរបបសឹកនៅឆ្នាំ១៩៨៨ ដែលមានមនុស្សស្លាប់ជាច្រើនពាន់នាក់ ដោយសារការបង្ក្រាបរបស់របបសឹក។ នៅឆ្នាំ២០០៧ ក៏មានការធ្វើបាតុកម្មយ៉ាងធំមួយទៀត ដែលគេហៅថាបដិវត្តន៍ព្រះសង្ឃ។ ប្រទេសនេះទើបតែស្គាល់នូវស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម ក្រោយការបង្កើតនូវរដ្ឋធម្មនុញ្ញស៊ីវិលថ្មីមួយនៅឆ្នាំ២០០៨ ដែលឈានទៅដល់ការបង្កើតរដ្ឋាភិបាលស៊ីវិលនៅក្នុងឆ្នាំ២០១១។ ប៉ុន្តែ​​ គួរឲ្យសោកស្ដាយដែលស្ថិរភាពនយោបាយ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ទើបតែទទួលបានសន្ទុះក្នុងរយ:ពេលមួយទសវត្សកន្លងទៅនេះ ហើយក៏ត្រូវបានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយឡើងវិញម្តងទៀត។ នេះជាបញ្ហាស្មុកស្មាញ ហើយយើងទាំងអស់គ្នាបានត្រឹមតែធ្វើការទស្សន៍ទាយ និងព្យាករណ៍នូវស្ថានភាពនយោបាយផ្ទៃក្នុងជាក់ស្ដែងរបស់
មីយ៉ាន់ម៉ាតែប៉ុណ្ណោះ។ 

ចំណាត់ការយោធារបស់ក្រុមដឹកនាំយោធា​ដោយប្រើកម្លាំងបាយរបស់មេដឹកនាំយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ហេតុផលទី១ អាចដោយសារតែជាការឆ្លើយតបទៅនឹងលទ្ធផលបោះឆ្នោតចុងក្រោយនៅមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថាគណបក្ស NLD របស់លោកស្រី Aung San Suu Kyi នៅតែមានប្រជាប្រិយខ្លាំងជាងគេបំផុត​ ព្រោះគណបក្សនេះទទួលបានជ័យជម្នះ ដោយទទួលបានការគាំទ្រជាង៨៣% នៃសម្លេងបោះឆ្នោតសរុប។ លទ្ធផលមួយនេះ អាចធ្វើឲ្យមេដឹកនាំយោធាគិតថា ខ្លួនមិនអាចយកឈ្នះគណបក្សរបស់លោកស្រី Aung San Suu Kyi នៅក្នុងវេទិកាលទ្ធិប្រជាធិបតេយ្យនោះទេ ព្រោះគណបក្សរបស់មេដឹកនាំយោធាក៏ធ្លាប់បានបរាជ័យយ៉ាងធ្ងន់ធ្ងរម្ដងហើយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦។ នេះគឺជា ការសម្រេចចិត្តស្លាប់ឬរស់របស់ថ្នាក់ដឹកនាំយោធា ដើម្បីធានាថាខ្លួននៅតែមានតួនាទីយ៉ាងសំខាន់មួយ នៅក្នុងឆាកនយោបាយរបស់ប្រទេសភូមា។

ហេតុផលទី២ អាចថាវាជាជម្រើសមួយដែលមិនអាចគេចផុតរបស់របបយោធានៅមីយ៉ាន់ម៉ា ដើម្បីមិនត្រឹមតែថែរក្សាប្រយោជន៍នយោបាយនៅមីយ៉ាន់ម៉ាដូចដែលបានលើកនៅខាងដើមនោះទេ ថែមទាំងដើម្បីថែរក្សាផលប្រយោជន៍សេ្ឋកិច្ចរបស់ខ្លួនផងដែរ។ ប្រសិនបើរបបសឹកមិនព្យាយាមក្ដាប់អំណាចឡើងវិញទេ ផលប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនបាននិងកំពុងថែរក្សា ជាពិសេសចាប់តាំងពីការបង្កើតរដ្ឋាភិបាលស៊ីវិលនៅក្នុងឆ្នាំ២០១១ អាចនឹងបាត់បង់ទៅវិញ។ របបសឹកក៏មានការព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់របស់សហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញសំណុំរឿងមនុស្សធម៌នៅរដ្ឋ Rakhine ដែលរបបសឹកត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តនូវសកម្មភាពអមនុស្សជាតិ និងសង្គ្រាមទៅលើជនជាតិ ឬសហគមន៍អ៊ីស្លាមនៅក្នុងរដ្ឋ Rakhine ។ របបសឹកហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងរដ្ឋបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyiដោយហេតុថារដ្ឋបាលនេះមិនបានព្យាយាមការពារថ្នាក់ដឹកនាំយោធាចំពោះអ្វីដែលបានកើតឡើងនៅរដ្ឋ Rakhine នោះទេ។ 

មូលហេតុទី៣ ដោយសារកត្តាអន្តរជាតិដែលរបបសឹកគិតថានឹងមិនមាន Cost for Actions ខ្ពស់ ព្រោះការសម្រេចចិត្តនេះអាចឈរទៅលើការគិតគូរយ៉ាងម៉ត់ចត់ ដោយថាស្ថានភាពអន្តរជាតិបានវិវឌ្ឍនទៅលើការប្រកួតប្រជែងរវាងមហាអំណាច ហើយមហាអំណាចបានផ្ដោតសំខាន់ទៅលើផលប្រយោជន៍ភូមិសាស្ដ្រ នយោបាយ ជាងការលើកកម្ពស់គុណតម្លៃសង្គម និងនយោបាយ។ ការសម្រេចចិត្តរបស់របបសឹកក៏អាស្រ័យទៅលើបរិបទតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍របស់យើង ដែលគេឃើញថា មួយរយ:ចុងក្រោយលទ្ធិប្រជាធិបតេយ្យហាក់ដូចជាដើរថយក្រោយ ជាក់ស្តែងនៅប្រទេសថៃ ហ្វីលីពីន ។ល។ ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា មិនមែនជារឿងចម្លែកនៅក្នុងតំបន់ កត្តាទាំងអស់នេះហើយដែលជំរុញឲ្យរបបសឹកមានវិធានការតាំងពីខែកុម្ភៈ កន្លងមកនេះ។

២. តើជម្លោះនយោបាយផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា កើតឡើងដោយសារមូលហេតុអ្វីខ្លះ?

វាគ្មិន៖ ចាប់តាំងពីការធ្វើរដ្ឋប្រហារនេះមក​ របបសឹកបានបង្ហាញពីភាពស្របច្បាប់នៃការរឹបអូសអំណាចរបស់ខ្លួន ដោយផ្អែកលើហេតុផលថា ការរឹបអូសអំណាចជារឿងមួយ មិនអាចជៀសផុត ដោយលើកឡើងថា នេះគឺជារឿងមិនប្រក្រតីទៅលើការបោះឆ្នោត កាលពីខែវិច្ឆិកា កន្លងទៅនេះ។ ថ្នាក់ដឹកនាំយោធាក៏បានលើកឡើងថា សន្លឹកឆ្នោតជាច្រើនលានសន្លឹកត្រូវបានគេកេងបន្លំ ហើយថ្នាក់ដឹកនាំរបបសឹកក៏បានចោទប្រកាន់គណបក្សរបស់លោកស្រី Aung San Suu Kyi និងគណ:កម្មការរៀបចំការបោះឆ្នោតថា មិនបានឆ្លើយតបដោយសមហេតុផលទៅនឹងការលើកឡើងនូវអប្រក្រតីភាពនៅក្នុងការរៀបចំបោះឆ្នោតនោះ។ ថ្នាក់ដឹកនាំរបបសឹកក៏បានលើកឡើងដែរថា នៅក្នុងការបោះឆ្នោតនោះ លោកស្រី Aung San Suu Kyi ក៏ដូចជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា មិនបានឆ្លើយតបទៅនឹងការអំពាវនាវសុំឲ្យមានការដោះស្រាយដោយស្របច្បាប់ទាក់ទងនឹង Voting Irregularity នោះទេ។ របបសឹកក៏បានលើកឡើងថា អ្វីដែលខ្លួនធ្វើនៅថ្ងៃទី០១ កុម្ភៈ មិនមែនជាការធ្វើរដ្ឋប្រហារនោះទេ តែជាការដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ន ដែលស្របទៅនឹងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាឆ្នាំ២០០៨ ជាពិសេសមាត្រាទី៤១៧។ របបសឹកក៏បានសន្យាថា State of Emergency នេះនឹងមានសុពលភាពត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ហើយខ្លួនក៏បានប្រកាសថា នឹងរៀបចំឲ្យមាននូវការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅឆ្នាំក្រោយ នេះជាអ្វីដែលរបបសឹកបានអះអាង។

ប៉ុន្តែ សហគមន៍អន្តរជាតិហាក់ដូចជាមិនយល់ស្របទៅនឹងការលើកឡើងរបស់របបសឹកនោះទេ ជាពិសេសមហាអំណាចធំៗ។ មហាអំណាចនៅបច្ចឹមលោកបានថ្កោលទោសថា ការលើកឡើងរបស់របបសឹកគ្មានមូលដ្ឋានទាល់តែសោះ។ ការកេងបន្លំសន្លឹកឆ្នោត វាគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយមហាអំណាចទាំងនោះ បានចាត់ទុកថ្ងៃទី០១ កុម្ភៈ ថាជាការធ្វើរដ្ឋប្រហារយោធា។ សហគមន៍
អាស៊ានមានការខ្វែងគំនិតគ្នាលើបញ្ហានេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ ជាពិសេសមហាអំណាចធំៗទាំងនោះ បានយល់ស្របគ្នាថា មានតែអាស៊ានទេដែលជាតួអង្គគន្លឹះ ដើម្បីស្វែងរកនូវមធ្យោបាយសន្តិវិធីជាមួយនឹងវិបត្តិប្រទេសភូមានេះ។

៣. កាលពីល្ងាចថ្ងៃទី០២ ខែមីនា កន្លងទៅនេះ ប្រ៊ុយណេដែលជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាបន្ទាន់ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ ថាតើបណ្តាប្រទេសសមាជិកអាស៊ានបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? ហើយជំនួបក្រៅផ្លូវការនេះ បានទទួលលទ្ធផលអ្វីខ្លះ?

វាគ្មិន៖ អាស៊ានបានតាមដានការវិវឌ្ឍនស្ថានការណ៍នៅមីយ៉ាន់ម៉ាយ៉ាងម៉ត់ចត់ ក្រោយ​ពីរដ្ឋប្រហារនេះបានកើតឡើងក្រោយថ្ងៃទី០១ កុម្ភៈ នេះ។ ក្រោយពីការធ្វើរដ្ឋប្រហារនេះផ្ទុះឡើង ប្រុយណេបានចេញនូវសេចក្ដីប្រកាសប្រធានអាស៊ានស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ា នៅក្នុងថ្ងៃដដែលនោះ ពោលគឺក្នុងថ្ងៃទី០១ ខែកុម្ភៈ។ អាស៊ានបានសង្កត់ធ្ងន់ទៅលើគោលការណ៍ទាំងឡាយដែលបានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលនោះមានដូចជា​ គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា គោរពនូវគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ល។ ប្រធានអាស៊ានក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃស្ថិរភាពនយោបាយ សន្តិសុខ ក៏ដូចជាវឌ្ឍនភាពនៅក្នុងតំបន់ ដែលរួមមានមីយ៉ាន់ម៉ាផងដែរ។ ចំពោះការកសាងសហគមន៍អាស៊ាន ប្រធានអាស៊ានក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យត្រលប់មកចរចារដោយសន្តិវិធី ធ្វើយ៉ាងណាឲ្យស្ថានភាពត្រលប់មកប្រក្រតីវិញ។ 

នៅក្នុងជំនួបនេះ ឃើញថាមានភាពតានតឹងដោយសារមន្ត្រីការបរទេសអាស៊ានមានជំហរផ្សេងៗគ្នា។ជំហរផ្សេងៗគ្នានេះ អាចមកពីគោលការណ៍បញ្ច្រាស់គ្នារបស់អាស៊ាន ពោលគឺអាស៊ានម្ខាងតែងលើកកម្ពស់នូវគោលការណ៍ផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ឯម្ខាងទៀត អាស៊ានក៏លើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស នីតិរដ្ឋ អភិបាលកិច្ចល្អ ។ល។ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ
អាស៊ាន «សន្និសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC)»។ ទោះបីជាមានការខ្វែងគំនិតគ្នា សមាជិកអាស៊ានមាននូវជំហររួមមួយ នោះគឺធ្វើយ៉ាងណាឲ្យស្ថានភាពនូវមីយ៉ាន់ម៉ាត្រលប់មកប្រក្រតីវិញ ក៏ដូចជាដើម្បីផលប្រយោជន៍របស់ពលរដ្ឋមីយ៉ាន់ម៉ាផង ដើម្បីផលប្រយោជន៍របស់សន្តិភាព ស្ថិរភាព វឌ្ឍនភាពសង្គមផង និងសម្រាប់វឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ានផង។

៤. ប្រសិនបើស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា នៅតែមិនមានភាពល្អប្រសើរទេ ថាតើវាអាចនឹងជះឥទ្ធិពលអ្វីខ្លះមកដល់អាស៊ានដែរ?

វាគ្មិន៖ ជាការពិតអ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ានឹងជះឥទ្ធិពលដល់តំបន់ទាំងមូល ជាពិសេសដល់អាស៊ាន ដែលជាអង្គការតំបន់ ហើយមីយ៉ាន់ម៉ាក៏ជាសមាជិកនៃអង្គការតំបន់មួយនេះដែរ។ មីយ៉ាន់ម៉ាធ្លាប់ជាវិញ្ញាសារយ៉ាងស្មុគស្មាញរបស់អាស៊ាន ក្រោយពីប្រទេសមួយនេះបានចូលរួមក្នុងអាស៊ាននៅឆ្នាំ១៩៩៧ ពេលដែលមានការបង្ក្រាបទៅលើបដិវត្តន៍ព្រះសង្ឈនៅក្នុងឆ្នាំ២០០៧។ អាស៊ានបានទទួលរងសម្ពាធដូចអ្វីដែលខ្លួនបានទទួលរងបច្ចុប្បន្ន ជាពិសេសពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ អាស៊ានមានដំណោះស្រាយរបស់ខ្លួន ដូចជាការចូលរួមដោះស្រាយដោយស្ថាបនា ដើម្បីស្វែងរកនូវដំណោះស្រាយសន្តិភាពមួយជូនមីយ៉ាន់ម៉ា និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ មកទល់ពេលនេះ អាស៊ានក៏ទទួលរងនូវសម្ពាធយ៉ាងខ្លាំងផងដែរ ដោយសារសហគមន៍អន្តរជាតិបានដាក់សម្ពាធដល់អាស៊ាន ក្នុងការស្វែងរកវិធានការយ៉ាងសាកសម និងតឹងរឹងចំពោះរបបសឹកនៅមីយ៉ាន់ម៉ា។ យើងនឹងចាំមើលថា តើអាស៊ានមានវិធានការយ៉ាងណាទៀតចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។ រឿងនេះជារឿងស្មុគស្មាញ ប្រសិនបើយើងមិនអាចទប់ស្កាត់អំពើហិង្សាទៅលើបាតុកម្មអហិង្សានៅមីយ៉ាន់ម៉ានោះទេ។ ចំពោះសម្ពាធពីសហគមន៍អន្តរជាតិមកលើ
អាស៊ាន ក៏ដូចជាមីយ៉ាន់ម៉ា កាន់តែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃផងដែរ។

៥. ងាកមកមើលប្រទេសកម្ពុជាវិញម្តង ថាតើកម្ពុជាយើងមានគោលជំហយ៉ាងដូចម្តេចចំពោះបញ្ហាជម្លោះផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ានេះដែរ?

វាគ្មិន៖ ចាប់តាំងពីការធ្វើរដ្ឋប្រហារនេះ ប្រទេសកម្ពុជាបានបង្ហាញនូវជំហតាមរយៈការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីនោះគឺកម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ប៉ុន្តែ កម្ពុជាក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវឌ្ឍននៃស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា ដោយមីយ៉ាន់ម៉ា ក៏ជាសមាជិកមួយនៅក្នុងក្រុមគ្រួសារអាស៊ាន។ ទោះបីជា យើងគោរពនូវគោលការណ៍ មិនជ្រាតជ្រែកផ្ទៃក្នុងគ្នា ប៉ុន្តែកម្ពុជាចង់ឲ្យស្ថានភាពនៅមីយ៉ាន់ម៉ាត្រលប់មកភាពប្រក្រតី ហើយមីយ៉ាន់ម៉ាអាចចូលរួមបន្តការកសាងសហគមន៍រួមគ្នា នោះគឺសហគមន៍អាស៊ាន។ ដូចនេះ កម្ពុជាបានគាំទ្រនូវ
យន្តការរបស់អាស៊ានតាំងពីដើមឡើយមកម្លេះ។ កម្ពុជាបានគាំទ្រឲ្យមាននូវការចេញសេចក្ដីថ្លែងការណ៍របស់ប្រធាន កាលពីថ្ងៃទី០១ កុម្ភៈ កន្លងទៅនេះ ហើយកម្ពុជាក៏បានគាំទ្រឲ្យមានការប្រជុំរដ្ឋមន្ត្រីការបរទេសក្រៅផ្លូវការ ដើម្បីចូលរួមនូវការស្វែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ កម្ពុជាក៏បានសម្ដែងនូវការត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមយ៉ាងសកម្មជាមួយអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា។ 

កម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់ដែលឆ្លងកាត់ប្រវត្តិសាស្ដ្រដ៏ជូរចត់ជាងគេ ដោយសង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុង និងជម្លោះនយោបាយញាំញីមិនចេះចប់មិនចេះហើយ។ កម្ពុជាទើបតែទទួលបានសន្តិភាព និងការផ្សះផ្សាជាតិទាំងស្រុងកាលពីពេលថ្មីៗនេះទេ។ ជាពិសេស ក្រោយការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះក្រោយឆ្នាំ១៩៩៧។ ដូច្នេះ តាមរយ:បទពិសោធាន៍ដ៏ជូរចត់របស់ខ្លួន កម្ពុជាអាចផ្ដល់ជាមេរៀនចំពោះការកសាងសន្តិភាព និងការផ្សះផ្សាជាតិដល់ប្រជាជាតិដទៃ ដែលក្នុងនោះមានមីយ៉ាន់ម៉ាផងដែរ។ 

នៅក្នុងនោះ ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌ Track 1.5 ទាំង Track 2 យើងអាចចូលរួមផ្ដល់នូវបទពិសោធន៍ ក៏ដូចជាមេរៀននៃការកសាងសន្តិភាព និងលើកកម្ពស់ការផ្សះផ្សាជាតិដែលយើងទទួលបានយ៉ាងលំបាកលំបិនដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា៕

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា គី ស៊ីណា

Leave a Reply