Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។

ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។

សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ?

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត ទស្សនៈទាន ក៏ដូចជាជំរុញនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការកសាងសមត្ថភាពខាងផ្នែកវិស័យការពារជាតិ វិស័យយោធា ដើម្បីដោះស្រាយទាំងបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី។

នៅក្នុងកិច្ចប្រជុំឆ្នាំនេះ ដែលកម្ពុជាជាម្ចាស់ផ្ទះ គឺយើងផ្តោតសំខាន់ទៅលើ តួនាទីរបស់វិស័យការពារជាតិអាស៊ាន នៅក្នុងការពង្រឹងសាមគ្គីភាពនៅក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាឲ្យមានសន្តិសុខមួយដែលមានភាពសុខដុម។ ពាក្យថា សន្តិសុខដែលមានលក្ខណៈសុខដុមនេះ គឺជាពាក្យថ្មី និយាយចំទៅនៅក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន-បូកគឺថ្មី ហើយគឺជាគំនិតផ្តួចផ្តើមមួយសំខាន់របស់កម្ពុជាដែរ ទាក់ទងទៅនឹង ទស្សនៈទៅនឹងអ្វីទៅជាសន្តិសុខប្រកបដោយភាពសុខដុមនេះ។ ដោយសារតែ បច្ចុប្បន្ននេះយើងជួបនូវវិបត្តិជាច្រើន ទាំងសន្តិសុខមិនប្រពៃណី និងសន្តិសុខប្រពៃណី។

សន្តិសុខប្រពៃណីទាក់ទងទៅនឹងការប្រកួតប្រជែងអំណាចរវាងប្រទេសមហាអំណាច ជាពិសេស នៅក្នុងតំបន់យើងនេះគឺ សហរដ្ឋអាមេរិក និងប្រទេសចិន ដោយសារតែសហរដ្ឋអាមេរិក ជាមហាអំណាចចាស់ ហើយប្រទេសចិន ជាមហាអំណាចដែលកំពុងតែងើប ជាមហាអំណាចថ្មី។ ជាទូទៅ តែងតែមានការប្រកួតប្រជែង ក៏ប៉ុន្តែយើងខំជំរុញយ៉ាងម៉េចធ្វើឲ្យការប្រកួតប្រជែងហ្នឹង កុំឲ្យវាទៅជាការឈ្លោះគ្នា ឬក៏ការប្រទូស្តសារ៉ាយដាក់គ្នាដោយកម្លាំងបាយ គឺប្រកួតប្រជែងឲ្យមានលក្ខណៈផាសុខភាព លក្ខណៈ Stable មានក្នុងកម្រិតមួយដែលមិនអាចឈានទៅដល់ សង្គ្រាម ឬ ការប្រឈមប្រដាប់អាវុធណាមួយនៅក្នុងតំបន់យើងនេះ។

នេះគឺហៅថាសន្តិសុខប្រពៃណីមួយសំខាន់នៅក្នុងតំបន់ ហើយយើងក៏មានជម្លោះច្រើនដែរនៅក្នុងតំបន់យើងនេះ តាំងពីសមុទ្រចិនខាងត្បូង មានជម្លោះរវាងចិន ជាមួយនឹងបណ្តាប្រទេសរបស់ អាស៊ានមាន ៤ ជាសមាជិក ហើយរវាងសមាជិកអាស៊ានខ្លួនឯងក៏នៅមានបញ្ហាជម្លោះផ្នែកព្រំដែនហ្នឹងដែរ ដែលមិនទាន់ដោះស្រាយហើយនោះ។ កម្ពុជាយើងហ្នឹង រឿងព្រំដែនជាមួយប្រទេសជិតខាងក៏មិនទាន់បាន គូសវាសបាន 100% នៅឡើយដែរ។​ ហើយបណ្តាប្រទេសអាស៊ានជាមួយគ្នាហ្នឹងក៏នៅមានបញ្ហាខាងសន្តិសុខប្រពៃណីហ្នឹង ដែលទាក់ទងទៅនឹងជម្លោះព្រំដែន បញ្ហាបូរណកិច្ចជាដើម។

ចំពោះបញ្ហាសន្តិសុខមិនប្រពៃណីគឺ ជំងឺរាតត្បាតឆ្លងហ្នឹងតែម្តង កូវីដ-19 ហ្នឹង ហើយកម្ពុជាយើងជំរុញធ្វលយ៉ាងណាឲ្យ វិស័យយោធា កងទ័ព គាត់សហការគ្នាប្រមូលធនធានទាំងបញ្ញាញាណ ទាំងបច្ចេកវិទ្យា និងផ្សេងៗទៀត ដើម្បីដោះសន្រាយបញ្ហាកូវីដ-19 ដែលជាជំងឺរាតត្បាត ពីព្រោះថាតួនាទីរបស់កងទ័ពក៏សំខាន់ដែរ នៅក្នុងការដោះស្រាយបញ្ហាកូវីដ-19 នេះ។ ហើយយើងឃើញថា នៅកម្ពុជាយើង តួនាទីកងទ័ពសំខាន់គឺ ការចាក់វ៉ាក់សាំង ឃើញថាយន្តការកងទ័ព និង Logistic​ ផ្សេងៗ ដូចជាការដឹកជញ្ជូនវ៉ាក់សាំង ការចាក់វ៉ាក់សាំង គឺឃើញថាតួនាទីរបស់កងទ័ពសំខាន់។ ហើយបើថាប្រទេសអាស៊ានមួយចំនួនទៀត ក៏មានតួនាទីរបស់កងទ័ព​ នៅក្នុងការជួយទប់ស្កាត់នូវជំងឺរាតត្បាតហ្នឹងដែរ។ ដូច្នេះ នេះគឺជាបញ្ហាសន្តិសុខដែលយើងកំពុងតែជួបប្រទះ ហើយតួនាទីរបស់កងទ័ព នៃវិស័យការពារជាតិគឺសំខាន់ ដើម្បីរួមគ្នាដោះស្រាយ។

សំណួរទី២៖ ជារួម តើលោកបណ្ឌិតមើលឃើញថាមាននូវចំណុចដែលគួរកត់សម្គាល់អ្វីខ្លះ ទៅលើលទ្ធផលនៃកិច្ចប្រជុំ ADMM ក៏ដូចជា ADMM-Plus ផងដែរ?

យើងមើលពីលទ្ធផលជាក់ស្តែង ពិតហើយយើងមើលពី Joint-Declaration ឬ Joint-Statement ឬ Chairman Statement ជាដើម ដែលនេះគេហៅថា Outcome Documents ហើយយើងឃើញថាមានខ្លឹមសារសំខាន់ៗមួយចំនួនដែរ ព្រោះតែយើងយល់ថាឆ្នាំនេះ វាជាឆ្នាំមួយដែលស្មុគស្មាញមែនទែន ដោយសារតែមានជម្លោះសង្គា្រមនៅ អ៊ុយក្រែនផង ការប្រកួតប្រជែងស្វិតស្វាញនៅក្នុងតំបន់ឯណេះផង ដូចនេះ ពិបាកនឹងរកចំណុចរួម ចំណុចឯកច្ឆ័ន្ទរួម ក៏ប៉ុន្តែយើងអាចធ្វើបាន បានន័យថាយើងអាចសម្របសម្រួលរកពាក្យខ្លឹមសារណាដែលអាចទទួលយកបានទាំងអស់គ្នា។

ជាពិសេស វត្តមានរបស់រុស្សីនៅក្នុងកិច្ចប្រជុំហ្នឹង គឺមិនស្រួលប៉ុន្មានទេ គឺមានភាពចម្រូងចម្រាសច្រើន ដោយសារតែសង្គ្រាមនៅ អ៊ុយក្រែន ហ្នឹង។ ហើយយើងមើលពីខ្លឹមសារនេះគឺ យើងជំរុញឲ្យពង្រឹងនូវយន្តការពហុភាគីមួយដែលមាន បរិយាប័ន្ន និងបើកចំហ ដូច្នេះ នេះគឺជាអ្វីមួយដែលយើងយល់ដូចគ្នា។ ហើយទី២ គឺយើងជំរុញនូវច្បាប់អន្តរជាតិ គ្រប់ច្បាប់អន្តរជាតិ ព្រោះថាក្រោយពីសង្គ្រាមលោកលើកទី២ មកយើងមានតែអង្គការសហប្រជាជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីទប់កុំឲ្យមានសង្គ្រាមលោកលើកទី៣ អញ្ចឹងទេបើយើងអត់គោរពនូវច្បាប់អន្តរជាតិទេ វាអាចឈានទៅដល់សង្គ្រាមលោកលើកទី៣  ដូច្នេះ យើងត្រូវខ្នះខ្នែងជួយជំរុញនូវការគោរពស្មារតីនៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ គោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍របស់អង្គការសហប្រជាជាតិ។

មួយទៀតគឺ ទាក់ទងទៅនឹង ការយល់រួមគ្នាមួយគឺថាយើងត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ពីព្រោះអត់មានពេលណាមួយដែលមានលទ្ធភាព សមត្ថភាព ដើម្បីដោះស្រាយបញ្ហាសកលបានទេ ដូចជា ជំងឺឆ្លងរាតត្បាតកូវីដ-19 អត់មានប្រទេសណាធ្វើបានទេតែម្នាក់ឯង វាត្រូវការរួមគ្នាទាំងអស់គ្នា នេះគឺជាស្មារតី រួបរួមគ្នាមួយដ៏សំខាន់។ ហើយនៅក្នុងហ្នឹងដែរ យើងឃើញថាកិច្ចប្រជុំទ្វេភាគីសំខាន់ៗមួយចំនួន ហើយដែលគេចាប់អារម្មណ៍ជាងគេនោះគឺកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិរវាងប្រទេសចិន​ និងសហរដ្ឋអាមេរិកនៅលើទឹកដីសៀមរាបអង្គរ របស់កម្ពុជាយើងនេះ ពីព្រោះថាក្រោយពិវិបត្តិនៅកោះតៃវ៉ាន់ ក្រោយពីដំណើរទស្សនកិច្ចប្រកបដោយភាពចម្រូងចម្រាសរបស់លោកស្រី ណានស៊ី ផូលេស៊ី នោះមក យើងឃើញថាទំនាក់ទំនង អាមេរិក-ចិន គឺដាំក្បាលចុះ។

ទន្ទឹមនឹង Channel Communication​ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបណ្តាញទាក់ទងក៏មានភាពរអាក់រអួលកាត់ផ្តាច់ដែរ។ អញ្ចឹងនេះ គឺជាលើកទី១ ដែលរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ បានជួបគ្នានៅទឹកដីអង្គរកម្ពុជាយើង ទោះបីជាមិនយល់ព្រមលើបញ្ហាអ្វីក៏ដោយ ប៉ុន្តែធ្វើយ៉ាងម៉េចឲ្យមាន Hot Line off Communication និងទំនាក់ទំនងគ្នាដើម្បីទប់ស្កាត់​នូវវិបត្តិ ឬ គារយល់ច្រឡំគ្នាមួយដែលអាចឈានទៅរកវិបត្តិធ្ងន់ធ្ងរ។​ ទំនាក់ទំនងទប់វិបត្តិ ឬ ដោះស្រាយវិបត្តិ គឺពិតជាសំខាន់ណាស់រវាងប្រទេសមហាអំណាចទាំងពីរ ដូច្នេះកម្ពុជាយើងបានផ្តល់នូវឱកាស ក៏ដូចជាវេទិកា ដើម្បីឲ្យប្រទេសធំៗហ្នឹងគាត់មកពិភាក្សាគ្នាតត្រង់ទៅត្រង់មក ទោះបីជាមិនយល់ស្របគ្នាក៏ដោយ ប៉ុន្តែវាជាយន្តការដើម្បីគ្រប់គ្រងនូវវិបត្តិនេះដែរ។

សំណួរទី៣៖ ចំណុចមួយដែលលោកបណ្ឌិតបានលើកឡើងមុននេះ គឺការជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក គឺលោក Lloyd James Austin ក៏ដូចជារដ្ឋមន្រ្តីការពារជាតិប្រទេសចិន គឺលោក Wei Fenghe​ នៅឯទឹកដីសៀមរាប។ លោកបណ្ឌិតបានលើកឡើងហើយថាកម្ពុជាបានផ្តល់វេទិកាមួយឥ្យប្រទេសទាំង២ បានជួប ដើម្បីពិភាក្សាគ្នាក៏ដូចជាស្វែងរកនូវដំណោះស្រាយរួមណាមួយ ទៅលើបញ្ហាដែលកំពុងតែកើតមានរវាងប្រទេសទាំង២ ប៉ុន្តែតើកម្ពុជាបានរៀបចំ ក៏ដូចជាប្រើប្រាស់យន្តការ និងវិធីសាស្រ្តយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យកិច្ចជំនួបទ្វេភាគីនេះប្រព្រឹត្តទៅដោយរលូន និងមិនមាននូវភាពឆ្គាំឆ្គង និងភាពរអាក់រអួលណាមួយនោះ?

ពិតហើយ ទី១ យើងត្រូវបង្កើតលក្ខណៈ Safe Space គឺទីតាំងមួយ ឬ លំហមួយដែលមានសុវត្ថិភាពទាំងអស់គ្នា ហើយការការពារសន្តិសុខក្តី ដោយធ្វើយ៉ាងម៉េចឲ្យបរិយាកាស វាល្អប្រសើរ មានការយល់គ្នា ទាំងនេះគឺជាតួនាទីរបស់កម្ពុជានៅក្នុងការរៀបចំវេទិកានេះ ដែលផ្តល់ឳកាស safe space និង Open Space ដើម្បីឲ្យមានកិច្ចពិភាក្សានេះ។ ដូច្នេះ វាក៏ចាការផ្តល់សញ្ញាមួយដល់តួនាទីរបស់កម្ពុជាដែរ ទាំងប្រទេសចិន​ ឬ សហរដ្ឋអាមេរិក គឺឲ្យតម្លៃកម្ពុជាដែរ ដែលបានយកប្រទេសកម្ពុជា ជាទីតាំងទៅជួបពិភាក្សាទ្វេភាគីនេះ។

ហើយបណ្តាប្រទេសអាស៊ានមួយចំនួនក៏ខំប្រឹងផ្តល់វេទិកានេះដែរ ដូចជានៅ ឥណ្ឌូនេស៊ី នៃកិច្ចប្រជុំ G20 ហ្នឹងគឺមាន កិច្ចជំនួបទ្វេភាគីរវាងលោក Xi Jinping និងលោក Joe Biden ដែលនេះក៏ចាឳកាសមួយដើម្បីមានជំនួបទ្វេភាគី ដើម្បីបន្ថយកម្តៅតានតឹងនៃភូមិសាស្រ្តនយោបាយនេះ ដែលកម្ពុជាយើងដូចគ្នា និយាយចំទៅគឺតួនាទីរបស់យើងមានការទទួលស្គាល់ ការលើកតម្កើង ពីន្រទេសមហាអំណាច ដោយយកប្រទេសកម្ពុជាជាកន្លែងមួយដើម្បីពិភាក្សា។ ដោយសារគេទុកចិត្តកម្ពុជា បើគេមិនទុកចិត្តកម្ពុជា ក៏គេប្រហែលជាមិនអាចយកទីតាំងកម្ពុជាដែរ។ ដូចនេះ ប្រទេសមហាអំណាច គឺជឿទុកចិត្តលើកម្ពុជា គេជឿទុកចិត្តទៅលើភាពដឹកនាំរបស់កម្ពុជាក្នុងការសម្របសម្រួល ដូច្នេះ គឺជាយុគសម័យថ្មីមួយនៃនយោបាយការបរទេសរបស់កម្ពុជា នៅក្នុងការដើតួនាទីសម្របសម្រួលទាំងបញ្ហាតំបន់ និងអន្តរជាតិ។

សំណួរទី៤៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាប ក៏នៅតែមិនមានវត្តមានរបស់តំណាងមីយ៉ាន់ម៉ាដូចការកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានាដដែល។ ជាលទ្ធផលទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក តើវាបានបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តអ្វីខ្លះទេដើម្បីជាយន្តការបន្ថែមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសជាដៃគូក្នុងការចូលរួមដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា លើផ្នែកសន្តិសុខ និងផ្នែកយោធានេះ?

នេះគឺជាលើកទី១ ហើយដែលក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន មិនមានវត្តមាន ភូមា ដោយកម្ពុជាគឺសម្រេចអញ្ជើញអ្នកចូលរួម មិនមែននយោបាយដើម្បីចូលរួម ប៉ុន្តែ ខាងភូមា គាត់បានបដិសេធ ដោយមិនបញ្ជូ​នអ្នកតំណាងមិនមែននយោបាយចូលប្រជុំ អញ្ចឹងនេះគឺជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអាស៊ាន-បូក។

ពិតហើយបញ្ហា ភូមា នៅតែជាបញ្ហាចម្រូងចម្រាស បញ្ហាស្មុគស្មាញ នៅក្នុងក្របខណ្ឌអាស៊ាន ហើយកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះគឺខំប្រឹងអស់ពីលទ្ធភាព ដើម្បីជំរុញនូវការអនុវត្តចំណុចទាំង៥ ឯកច្ឆ័ន្ទទាំង៥ ក៏ប៉ុន្តែយើងឃើញថា ថ្មីៗនេះក៏ឃើញមានភាពវិជ្ជមានខ្លះដែរ ទាក់ទងនឹងការដោះលែងនូវជនជាប់ចោទនយោបាយជិត ៦ពាន់នាក់ ដូច្នេះ​នេះ ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែយើងនៅមានបញ្ហាច្រើនទៀតត្រូវដោះស្រាយ ជាពិសេសគឺជំនួបជាមួយនឹងថ្នាក់ដឹកនាំគណបក្សម្ខាង ឬក៏ គណបក្សផ្សេងៗ ឬក៏ អ្នកស្រី Aung San Suu Kji ជាដើម។ ជាពិសេសជំនួបរវាងប្រេសិតពិសេសរបស់អាស៊ាន ជាមួយនឹងអ្នកស្រី Aung San Suu Kji គឺមានការរំខានជាលក្ខណៈ Symbolic ដើម្បីបង្ហាញទៅអន្តរជាតិ ដោយមតិភាគច្រើនរបស់ជនជាតិភូមា ថាអាស៊ានខំជំរុញឲ្យមានលក្ខណៈ Inclusive Engagement គឺទំនាក់ទំនងដែលមានភាព បរិយាប័ន្ន គឺបានន័យថាពិភាក្សាគ្រប់ភាគីពាក់ព័ន្ធ។

យើងឃើញថាមកដល់ពេលនេះ ប្រេសិតពិសេសរបស់អាស៊ាន មិនទាន់មានឳកាសជួបនូវអ្នកស្រី Aung San Suu Kji នៅឡើយទេ។ ដែលនេះគឺជាបញ្ហាមួយនៅក្នុងក្របខណ្ឌ ADMM និង ADMM-Plus គឺយើងក៏ដាក់សម្ពាធបន្ថែមដែរទៅលើរបបសិទ្ធិជីវភាព​ របស់ភូមានេះ ដើម្បីឲ្យអនុវត្តបានមានប្រសិទ្ធិភាព នូវគោលការណ៍ទាំង៥។ ហើយឆ្នាំក្រោយជាឆ្នាំសំខាន់មួយនៅក្នុងភូមា ដែលមានការបោះឆ្នោត ប៉ុន្តែមិនដឹងជាការបោះឆ្នោតនោះ ប្រកបដោយសេរី និងយុត្តិធម៌ដល់កម្រិតណា គឺមិនទាន់ដឹងនៅឡើយទេ។ ក៏ប៉ុន្តែកម្ពុជាយើងនៅតែបន្តនូវតួនាទី ទោះបីជាយើងអស់ សុពលភាពជាប្រធានរបស់អាស៊ាន ក៏យើងនៅតែជាសមាជិកអាស៊ាន ហើយយើងនឹងបន្តជួយនូវតួនាទីរបស់ ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាននោះនៅក្នុងបញ្ហាភូមានេះ ទាំងក្របខណ្ឌកិច្ចប្រជុំផ្សេងៗ ទាំងក្របខណ្ឌ ADMM និង ADMM-Plus។

សំណួរទី៥៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM-Plus) បានប្រព្រឹត្តិទៅក្រោមការផ្លាស់ប្ដូរទស្សនៈស្ដីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្រ្ត ដើម្ពីលើកកម្ពស់កិច្ចសហប្រិតប្តិការការពារជាតិក្នុងតំបន់»។ បើយើងផ្ដោតទៅលើសមិទ្ធផលនៃការផ្លាស់ប្ដូរទស្សនៈក្នុងកិច្ចប្រជុំ ADMM-Plus នេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះការប្ដេជ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានដទៃទៀតចំពោះចក្ខុវិស័យ និងគោលបំណងក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រិតបត្តិការរួមលើវិស័យការពារជាតិក្នុងតំបន់?

ទស្សនៈទានរបស់កម្ពុជាទាក់ទងនឹងសន្តិសុខប្រកបដោយភាពសុខដុម គឺជាថ្មីមួយ គឺជាការចូលរួមចំណែកកម្ពុជាមួយដ៏សំខាន់ក្នុងការកសាងទស្សនៈទាននេះ គ៏ប៉ុន្តែវានៅតែជាចំណុចចាប់ផ្តើមនៅឡើយទេ គឺត្រូវមានជំហានបន្តបន្ទាប់ ហើយតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងសុន្ទរកថាគន្លឹះនៃកិច្ចប្រជុំ ADMM-Plus លោកបានលើកឡើងអំពីចំណុច៥ ដើម្បីសម្រេចបាននូវសន្តិសុខប្រកបដោយភាពសុខដុម រួមមាន ១)ការពង្រឹងនូវការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ២)ការពង្រឹងនូវការយកប្រជាជនជាធំជាស្នូលនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ ៣)ការពង្រឹងនូវយន្តការពហុភាគីដែលមានភាពបើកចំហ និងបរិយាប័ន្ន ៤)ការគោរពនូវច្បាប់អន្តរជាតិ និង ៥)ការពង្រឹងនូវយន្តការ ASEAN Outlook on Indo-Pacific (AOIP) គឺគំនិតផ្តួចផ្តើមចក្ខុវិស័យអាស៊ានលើឥណ្ឌូប៉ាស៊ីហ្វិក ហើយស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើមទាំងឡាយនៅឥណ្ឌូប៉ាស៊ីហ្វិក ល្គឹះណាគំនិតផ្តួចផ្តើមនោះ វាជួយទៅដល់ការអភិវឌ្ឍន៍ និងស្ថេរភាពសន្តិសុខសន្តិភាពនៅក្នុងតំបន់ ហើយមិនយកប្រទេសណាជាគោលដៅនៅក្នុងយុទ្ធសាស្រ្តហ្នឹង ហើយគាំទ្រនូវមជ្ឈភាពរបស់អាស៊ាន។

នេះគឺជាគោលការណ៍មួយសំខាន់ ព្រោះយើងត្រូវពង្រឹងនូវមជ្ឈភាពរបស់អាស៊ាននៅក្នុងយន្តការសន្តិសុខនៅក្នុងតំបន់នេះ។ ហើយជំរុញនូវកិច្ចសហប្រតិបត្តិការទាក់ទងទៅនឹងបញ្ហាសន្តិសុខទូលំទូលាយ ដែលទូលំទូលាយនេះមានន័យថាបញ្ហាសន្តិសុខនេះ មិនសម្តៅទៅលើតែបញ្ហាការពារជាតិអ្វីនោះទេ គឺតួនាទីរបស់កងទ័ពនៅក្នុងការដោះស្រាយបញ្ហា ស៊ីវិលនេះដែរ ដូចជាគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ ជំងឺឆ្លងជាដើម គឺតួនាទីរបស់កងទ័ពនៅក្នុងបញ្ហានេះក៏សំខាន់ដែរ ដូច្នេះ យើងត្រូវជំរុញបន្ថែម។ មួយទៀតនោះគឺ សន្តិសុខដែលមានកិច្ចសហប្រតិបត្តិការ​(Cooperative Security) បានន័យថាវាខុសពី Collective Security ដែលជាសន្តិសុខមួយមានលក្ខណៈ Alliances System ជាពិសេសសហរដ្ឋអាមេរិក ដែលបណ្តាប្រទេសផ្សេងៗគេ Scope​ នៅក្នុងក្របខណ្ឌ Collective Security។

ក៏ប៉ុន្តែនៅក្នុង Harmonize Security Concept​ របស់កម្ពុជាដែលលើកឡើងនេះ គឺសង្កត់ធ្ងន់លើ Cooperative Security បានន័យថាជាកិច្ចសហប្រតិបត្តិការសន្តិសុខរួមជួយគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួម ដោយមិនយកបញ្ហាប្រទេសណាជាគោលដៅ មិនយកប្រទេសណាជាការគំរាមកំហែង ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការទេ ដែលនេះគឺខុសគ្នាពី Collective Security ក្នុង Cooperative Security។​ ដូច្នេះ នេះគឺជាគមនិតផ្តួចផ្តើម ជាទស្សនៈទានរបស់កម្ពុជា ចូលរួមក្នុងការផ្តល់ជាទស្សនៈវិស័យផ្នែកសន្តិសុខក្នុងតំបន់។ ទាក់ទងទៅនឹង ចំណុចមួយទៀតសំខាន់គឺការជំរុញតួនាទីរបស់ស្រ្តី នៅក្នុងបញ្ហាសន្តសុខ និងសន្តិភាព (Women Peace and Security) គឺនៅខែមិថុនាកន្លងទៅ យើងបាន អនុម័តទៅលើ Concept Paper ជំរុញទៅលើតួនាទីរបស់ស្ត្រីដែលជាកងកម្លាំងថែរក្សាសន្តិភាពស្ត្រី គឺជំរុញតួនាទីរបស់ស្ត្រីនៅក្នុងបញ្ហាសន្តិភាព។ ដូច្នេះ នេះគឺជាការចូលរួមចំណែកមួយដ៏សំខាន់របស់កម្ពុជានៅក្នុងក្របខណ្ឌ ADMM និង ADMM-Plus ក្នុងការជំរុញយន្តការ ជួយទៅដល់កងកម្លាំងថែរក្សា សន្តិភាពដែលជាស្ត្រីជួយគ្នាទៅវិញទៅមក និងការពង្រឹងលើការចូលរួមរបស់ស្រ្តីក្នុងបញ្ហាសន្តិភាព។

សំណួរទី៦៖ ជាចុងក្រោយ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះលទ្ធផលដែលសម្រេចបានក្រោយពីកិច្ចប្រជុំ ADMM លើកទី១៦ និង ADMM-Plus លើកទី៩ ត្រូវបានបញ្ចប់?

និយាយឲ្យចំវាជា ភាពជាអ្នកដឹកនាំមួយដែលមានការទទួលខុសត្រូវរបស់កម្ពុជា ក្នុងការជំរុញឥ្យមានចេញនូវសេចក្តីថ្លែងការណ៍រួម ឯកសាររួមពីADMM និង ADMM-Plus ពីព្រោះថាឆ្នាំនេះជាឆ្នាំលំបាកលំបិនមែនទែន ហើយទស្សនៈតានរបស់កម្ពុជាទាក់ទងនឹង សន្តិសុខប្រកបដោយភាពសុខដុម Harmonize Security គឺជាបញ្ហាថ្មី ទស្សនៈទានសន្តិសុខថ្មី ហើយបន្តបន្ទាប់ដំណើរទៅមុខទៀត យើងត្រូវបង្កើតជាយន្តការ ផែនការអនុវត្តផ្ទាល់ ដើម្បីសម្រេចបាននូវសន្តិសុខប្រកបដោយភាពសុខដុមនេះនៅក្នុងក្របខណ្ឌអាស៊ាន និងអាស៊ាន-បូក ដូច្នេះ នេះជាការចូលរួមចំណែករបស់កម្ពុជា ហើយបន្តបន្ទាប់ទៀតយើងត្រូវអនុវត្តឲ្យបាននូវលទ្ធផលជាក់ស្តែង ព្រោះថានិយាយគឺមួយផ្នែក ប៉ុន្តែអនុវត្តជាក់ស្តែងជារឿងមួយទៀត។​

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930