លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូបានចំណាយពេលជិតមួយសប្តាហ៍នៅតំបន់អឺរ៉ុប ដើម្បីចូលរួមកម្មវិធីសំខាន់ៗមួយចំនួនដូចជាចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប ចូលរួមអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អឺរ៉ុប មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំមួយចំនួនទៀត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានកត់សម្គាល់ថាទំនាក់ទំនងអាស៊ាន-អឺរ៉ុប គឺជាទំព័រថ្មីមួយដែលភាគីទាំងពីរបន្តជំរុញឲ្យក្លាយទៅជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក លោកមើលឃើញថាកម្ពុជាកន្លងទៅក៏បានប្រឹងប្រែងខ្លាំងដែរ នៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាពិសេសផ្នែកពាណិជ្ជកម្ម ក៏ប៉ុន្តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ ក៏សំខាន់ដែរនៅក្នុងក្រសែភ្នែកសហភាពអឺរ៉ុប។
ចុចស្ដាប់: https://www.rfi.fr/km/14562